ភាគទី១
ពីការបង្កើតរហូតដល់ជំនាន់ទឹកជំនន់
តើផ្ទៃមេឃនិងផែនដីបានកើតមកពីណា? តើសុរិយា លោកខែ និងតារាទាំងឡាយ ព្រមទាំងរបស់សព្វសារពើបានកើតមានឡើងតាមរបៀបណា? ព្រះគម្ពីរផ្ដល់ឲ្យចម្លើយដ៏ពិតប្រាកដ នៅពេលដែលចែងថា របស់ទាំងអស់ព្រះបានព្រះបង្កើតមក។ ដូច្នេះ សៀវភៅរបស់យើងចាប់ផ្ដើមឡើងពីរឿងព្រះគម្ពីរដែលស្តីអំពីការបង្កើត។
យើងរៀនដឹងថា អ្វីដែលព្រះបានបង្កើតមុនដំបូងនោះ គឺពួកបុគ្គលវិញ្ញាណដែលមានសណ្ឋានដូចទ្រង់។ ពួកគេជាពួកទេវតា។ ប៉ុន្តែផែនដីត្រូវបានបង្កើតមកសំរាប់មនុស្សលោកដូចយើង។ ដូច្នេះហើយ ព្រះក៏បានបង្កើតបុរសនិងស្ត្រីដែលមានឈ្មោះថាអ័ដាមនិងនាងអេវ៉ា ហើយទ្រង់ដាក់ពួកគេនៅក្នុងសួនច្បារដ៏ល្អបំព្រងមួយ។ ប៉ុន្តែពួកគេមិនបានគោរពតាមព្រះទេ ដូច្នេះក៏បានបាត់បង់សិទ្ធិរស់នៅតទៅទៀត។
សរុបទាំងអស់ គឺពីកាលបង្កើតអ័ដាមរហូតមកដល់ទឹកជំនន់ដ៏ធំសម្បើមនោះ មានរយៈពេល១.៦៥៦ឆ្នាំ។ នៅកំឡុងពេលនេះ មានបុគ្គលអាក្រក់ជាច្រើនបានរស់នៅ។ នៅស្ថានសួគ៌ មានបុគ្គលវិញ្ញាណដែលមើលមិនឃើញជាច្រើន ដូចជាសាតាំងនិងពួកទេវតាអាក្រក់របស់វា។ នៅលើផែនដីវិញ មានកាអ៊ីននិងបុគ្គលអាក្រក់ជាច្រើនទៀត រួមទាំងពួកបុរសខ្លះដែលមានឫទ្ធិខ្លាំងខុសពីធម្មតាផង។ ប៉ុន្តែក៏មានមនុស្សល្អនៅលើផែនដីដែរ—ដូចជាអេបិល ហេណុក និងណូអេ។ នៅក្នុងភាគទីមួយនេះ យើងនឹងអានអំពីមនុស្សទាំងអស់នេះ ហើយនិងព្រឹត្ដិការណ៍ជាច្រើនថែមទៀត។