១
ព្រះអង្គចាប់ផ្ដើមបង្កើតរបស់សព្វសារពើ
របស់សព្វសារពើដ៏ល្អទាំងអស់ដែលយើងមាន បានមកពីព្រះ។ ទ្រង់បានបង្កើតសុរិយា ដើម្បីផ្ដល់ឲ្យយើងមានពន្លឺនៅពេលថ្ងៃ ហើយលោកខែនិងផ្កាយទាំងឡាយ ដើម្បីឲ្យយើងមានពន្លឺខ្លះនៅពេលយប់។ ហើយព្រះក៏បានបង្កើតផែនដីសំរាប់ឲ្យយើងរស់នៅដែរ។
ប៉ុន្តែ សុរិយា លោកខែ ផ្កាយទាំងឡាយនិងផែនដី មិនមែនជារបស់ដំបូងដែលព្រះបានបង្កើតនោះទេ។ តើអ្នកដឹងថាព្រះបានបង្កើតអ្វីមុនដំបូងទេ? មុនដំបូងព្រះបានបង្កើតបុគ្គលជាច្រើនដូចទ្រង់។ យើងមិនអាចមើលឃើញបុគ្គលទាំងនេះទេ ក៏ដូចជាយើងមិនអាចមើលឃើញព្រះដែរ។ នៅក្នុងព្រះគម្ពីរបុគ្គលទាំងនេះ ត្រូវបានហៅជា ទេវតា។ ព្រះបានបង្កើតទេវតាទាំងឡាយ ដើម្បីឲ្យរស់នៅជាមួយនឹងទ្រង់នៅស្ថានសួគ៌។
ទេវតាទីមួយដែលព្រះបានបង្កើតនោះ គឺពិសេសណាស់។ បុគ្គលនេះជារាជបុត្រាទីមួយរបស់ព្រះ។ ហើយរាជបុត្រានេះបានធ្វើការជាមួយនឹងព្រះវរបិតារបស់ទ្រង់។ ទ្រង់បានជួយព្រះបង្កើតរបស់សព្វសារពើផ្សេងៗទៀត។ ទ្រង់បានជួយព្រះបង្កើតសុរិយា លោកខែ ផ្កាយទាំងឡាយនិងផែនដីរបស់យើងនេះដែរ។
តើផែនដីមានស្ថានភាពយ៉ាងណានៅពេលនោះ? នៅដើមដំបូង គ្មានអ្នកណាមួយអាចរស់នៅលើផែនដីបានទេ។ គឺគ្មានអ្វីសោះ មានតែមហាសមុទ្រមួយពាសពេញលើផែនដី។ ប៉ុន្តែ ព្រះមានព្រះហឫទ័យចង់ឲ្យមនុស្សរស់នៅលើផែនដីនេះ។ ដូច្នេះហើយ ទ្រង់ក៏ចាប់ផ្ដើមរៀបចំផែនដីឲ្យបានល្អសំរាប់យើង។ តើទ្រង់បានធ្វើអ្វីខ្លះ?
ជាមុនដំបូងផែនដីត្រូវការពន្លឺជាចាំបាច់។ ដូច្នេះ ព្រះបានធ្វើឲ្យមានពន្លឺពីសុរិយាដើម្បីបញ្ចាំងទៅលើផែនដី។ ទ្រង់បានធ្វើយ៉ាងនេះ ដើម្បីឲ្យអាចមានទាំងយប់ទាំងថ្ងៃ។ ក្រោយមក ព្រះបានបណ្ដាលឲ្យដីផុសលេចឡើងពីលើទឹកសមុទ្រ។
ជាបឋម គ្មានអ្វីនៅលើផែនដីទេ។ ផែនដីមានស្ថានភាពដូចរូបភាពដែលអ្នកឃើញនៅទីនេះ។ គឺគ្មានបុប្ផា ដើមឈើឬសត្វឡើយ។ សូម្បីតែត្រីនៅក្នុងសមុទ្រក៏គ្មានដែរ។ ព្រះទ្រង់មានកិច្ចការធ្វើច្រើនណាស់ ដើម្បីធ្វើឲ្យផែនដីបានល្អស្អាតសំរាប់សត្វទាំងឡាយ និងមនុស្សលោកឲ្យអាចរស់នៅបាន។
យេរេមា ១០:១២; កូល៉ុស ១:១៥-១៧; លោកុប្បត្តិ ១:១-១០