បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១២ ទំ. ២៣-២៧
  • ចូរបន្ដប្រព្រឹត្ដដូចព្រះយេស៊ូគ្រីស្ទ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបន្ដប្រព្រឹត្ដដូចព្រះយេស៊ូគ្រីស្ទ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​ព្រះ​គ្រីស្ទ​នាំ​មុខ ពួក​អ្នក​កាន់​តាម​ទ្រង់
  • ពេល​មាន​អំណាច​លើ​អ្នក​ដទៃ ចូរ​ចេះ​យោគយល់​ចុះ!
  • ចូរ​មាន​ចិត្ត​អាណិត​និង​អត់ទោស​ឲ្យ​គេ
  • ចូរ​ចាត់​ទុក​កិច្ចការ ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អាទិភាព
  • ចូរ​រក្សា​ឲ្យ​មាន​ភាព​ស្មោះត្រង់
  • ចូរ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះយេស៊ូ
  • ព្រះគ្រីស្ទនាំមុខក្រុមជំនុំរបស់ទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ហេតុអ្វីយើងគួរធ្វើតាម«គ្រិស្ដ»?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ចូរយើងរក្សាឲ្យមានចិត្ដគំនិតដូចគ្រិស្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ការដើរជាមួយនឹងព្រះ—ជំហានដំបូង
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១២ ទំ. ២៣-២៧

ចូរ​បន្ត​ប្រព្រឹត្ត​ដូច​ព្រះ​យេស៊ូ​គ្រីស្ទ

«អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់[ព្រះ] នោះ​ត្រូវតែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់[ព្រះយេស៊ូ]ដែរ»។—យ៉ូហានទី១ ២:៦

១, ២​. តើ​ការ​រំពឹង​មើល​ព្រះ​យេស៊ូ​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី?

សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «[ចូរ]រត់​ក្នុង​ទី​ប្រណាំង​ដែល​នៅ​មុខ​យើង​ដោយ​អំណត់​ទាំង​រំពឹង​មើល​ដល់​ព្រះ​យេស៊ូវ​ដ៏​ជា​មេផ្ដើម ហើយ​ជា​មេសំរេច​សេចក្ដី​ជំនឿ​របស់​យើង»។ (ហេព្រើរ ១២:១, ២) ការ​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះភក្ដី​តម្រូវ​ឲ្យ​យើង​រំពឹង​មើល​ដល់​ព្រះយេស៊ូ​គ្រីស្ទ។

២ ពាក្យ​ភាសាដើម​ដែល​បទគម្ពីរ​គ្រីស្ទាន​ភាសា​ក្រិច​បកប្រែ​ថា «រំពឹងមើល»នោះ មាន​ន័យ​ថា៖ «ការ​ប្រមូល​អារម្មណ៍​ដោយ​ឥត​ងាករេ​ឡើយ» ឬ«ការ​បែរមុខ​ចេញ​ពី​អ្វី​មួយ​ដើម្បី​មើល​អ្វី​មួយ​ទៀត» ឬ«ការ​សម្លឹង​មើល​អ្វី​មួយ»។ ឯកសារ​យោង​មួយ​ច្បាប់​ពន្យល់​ថា៖ «បើ​អ្នក​រត់​ប្រណាំង​ជនជាតិ​ក្រិច​ម្នាក់​កំពុង​តែ​រត់​ក្នុង​ស្ដាត​ក្រឡេក​មើល​ហ្វូង​មនុស្ស​មួយ​ភ្លែត​ដោយ​មិន​ប្រមូល​អារម្មណ៍​ទៅ​លើ​ផ្លូវ​រត់​និង​ទិសដៅ​ដែល​គាត់​កំពុង​រត់​ឆ្ពោះ​ទៅ​រក​នោះ ល្បឿន​គាត់​ក៏​ចុះ​ថយ​ភ្លាម​ផង​ដែរ។ ចំពោះ​ពួក​ជន​គ្រីស្ទាន​ក៏​ដូច​គ្នា​ដែរ»។ បើ​មាន​អ្វីៗ​បំបែរ​អារម្មណ៍​យើង នេះ​ក៏​អាច​រារាំង​ដល់​ជំនឿន​របស់​យើង​ខាង​វិញ្ញាណ។ យើង​ត្រូវ​រំពឹង​មើល​ដល់​ព្រះយេស៊ូ​គ្រីស្ទ។ តើ​យើង​រក​មើល​អ្វី​ពេល​រំពឹង​មើល​មេផ្ដើម​ជំនឿ​របស់​យើង? ពាក្យ​ភាសា​ក្រិច​ដែល​បកប្រែ​ថា «មេផ្ដើម»ក្នុង​ឃ្លា​នេះ មាន​ន័យ​ថា «មេនាំមុខ ពោល​គឺ​បុគ្គល​ដែល​នាំ​មុខ​ក្នុង​គ្រប់​ការ​ទាំងអស់​ព្រមទាំង​តាំង​គំរូ​ឲ្យ​ផង»។ ការ​រំពឹង​មើល​ព្រះ​យេស៊ូ​តម្រូវ​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ទ្រង់។

៣, ៤​. (ក) តើ​ការ​ប្រព្រឹត្ត​ដូច​ព្រះ​យេស៊ូ​គ្រីស្ទ​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី? (ខ) តើ​យើង​គួរ​គិត​ពិចារណា​សំណួរ​ណា​ខ្លះ?

៣ ព្រះគម្ពីរ​ចែង​ថា៖ «អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់[ព្រះ] នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់[ព្រះយេស៊ូ]ដែរ»។ (យ៉ូហានទី១ ២:៦) យើង​ត្រូវ​នៅ​ក្នុង​ព្រះ​ដោយ​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះយេស៊ូ ដូច​ជា​ទ្រង់​បាន​កាន់​តាម​បញ្ញត្ដិ​នៃ​ព្រះវរបិតា​របស់​ទ្រង់​ដែរ។—យ៉ូហាន ១៥:១០

៤ អាស្រ័យ​ហេតុនេះ​បាន​ជា​ការ​ប្រព្រឹត្ត​ដូច​ព្រះយេស៊ូ​តម្រូវ​ឲ្យ​យើង​ពិនិត្យ​មើល​យ៉ាង​ច្បាស់​នូវ​គំរូ​របស់​ទ្រង់​ដែល​ជា​មេនាំមុខ ហើយ​យកតម្រាប់តាម​ទ្រង់​យ៉ាង​ផ្ចិតផ្ចង់។ ស្តី​អំពី​រឿង​នេះ យើង​អាច​គិត​ពិចារណា​សំណួរ​សំខាន់ៗ​ថា៖ នៅ​សព្វថ្ងៃនេះ តើ​ព្រះ​គ្រីស្ទ​កំពុង​តែ​នាំ​មុខ​យើង​យ៉ាង​ដូច​ម្ដេច? តើ​ការ​យក​តម្រាប់​តាម​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេស៊ូ​គួរ​មាន​អានុភាព​អ្វី​លើ​យើង? តើ​ការ​ធ្វើ​តាម​លំអាន​ដាន​របស់​ព្រះយេស៊ូ​គ្រីស្ទ​អាច​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

របៀប​ព្រះ​គ្រីស្ទ​នាំ​មុខ ពួក​អ្នក​កាន់​តាម​ទ្រង់

៥​. មុន​ព្រះ​យេស៊ូ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​នោះ តើ​ទ្រង់​សន្យា​ធ្វើ​អ្វី​ចំពោះ​ពួក​អ្នក​កាន់តាម​ទ្រង់?

៥ មុន​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ​បាន​យាងឡើង​ទៅ​ស្ថានសួគ៌​នោះ ទ្រង់​បាន​លេចមក​ឲ្យ​ពួកសិស្ស​ឃើញ​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​ប្រគល់​កិច្ចការ​សំខាន់​ឲ្យ​ពួក​គាត់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ នៅ​គ្រានោះ មេនាំមុខ​របស់​ពួក​គាត់​បាន​សន្យា​ថា​ទ្រង់​នឹង​គង់​នៅ​ជាមួយ​ពួក​គាត់​ពេល​កំពុង​បំពេញ​កិច្ចការ​នោះ ហើយ​ទ្រង់​មាន​បន្ទូល​ថា៖ «មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»ឬ​ទីបញ្ចប់​នៃ​របបលោកីយ៍​នេះ។ (ម៉ាថាយ ២៨:១៩, ២០) នៅ​ទីបញ្ចប់​នៃ​របបលោកីយ៍​នេះ តើ​ព្រះយេស៊ូ​គ្រីស្ទ​កំពុង​តែ​គង់នៅ​ជា​មួយ​ពួក​អ្នក​កាន់តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច?

៦, ៧​. តើ​ព្រះ​យេស៊ូ​ប្រើ​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​នាំ​មុខ​យើង​បាន​យ៉ាង​ណា?

៦ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​វរបិតា​នឹង​ចាត់មក​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា​ពី​គ្រប់​សេចក្ដី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ូហាន ១៤:២៦) វិញ្ញាណ​បរិសុទ្ធ​ដែល​ត្រូវ​ចាត់​មក​ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូ​កំពុង​តែ​នាំ​មុខ​និង​ពង្រឹង​កម្លាំង​យើង​នៅ​សព្វថ្ងៃនេះ។ វិញ្ញាណ​នោះ​ជួយ​បំភ្លឺ​ផ្លូវ​របស់​យើង​ខាង​វិញ្ញាណ ហើយ​ក៏​ជួយ​យើង​ឲ្យ​យល់​នូវ«សេចក្ដី​ជ្រាលជ្រៅ​នៃ​ព្រះ​ដែរ»។ (កូរិនថូសទី១ ២:១០) ម្យ៉ាងទៀត គុណសម្បត្ដិ​របស់​ព្រះ​ដូចជា«សេចក្ដី​ស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹងខ្នាត» ជា«ផលផ្លែ​នៃ​ព្រះវិញ្ញាណ»របស់​ព្រះ។ (កាឡាទី ៥:២២, ២៣) យើង​ក៏​អាច​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ទាំង​នេះ​ផង​ដែរ ដោយ​ទទួល​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ។

៧ ពេល​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ​និង​ខំ​អនុវត្តតាម​អ្វី​ដែល​យើង​រៀន​នោះ វិញ្ញាណ​របស់​ព្រះយេហូវ៉ា​នឹង​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ប្រាជ្ញា យោបល់ តំរិះ​និង​គំនិត​វាងវៃ​កាន់តែ​ច្រើន​ទៀត។ (សុភាសិត ២:១​-​១១) វិញ្ញាណបរិសុទ្ធ​ក៏​អាច​ជួយ​យើង​ទប់ទល់​និង​សេចក្ដី​ល្បួង​និង​ការ​ល្បងល​ផ្សេងៗ។ (កូរិនថូសទី១ ១០:១៣; កូរិនថូសទី២ ៤:៧; ភីលីព ៤:១៣) បណ្ដា​គ្រីស្ទាន​បាន​ត្រូវ​ដាស់តឿន​ឲ្យ​‹សំអាត​ខ្លួន​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់ឈាម​និង​ខាង​វិញ្ញាណ​ផង ព្រមទាំង​បង្ហើយ​សេចក្ដី​បរិសុទ្ធ›ដែរ។ (កូរិនថូសទី២ ៧:១) បើ​គ្មាន​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ យើង​ក៏​គ្មាន​លទ្ធភាព​បំពេញ​តាម​តម្រូវការ​របស់​ព្រះ​ឲ្យ​មាន​ភាព​បរិសុទ្ធ​ស្អាតស្អំ​បាន​ដែរ មែន​ទេ? នៅ​សព្វថ្ងៃនេះ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​អំណាច​ឲ្យ​ព្រះយេស៊ូ​ប្រើ​វិញ្ញាណបរិសុទ្ធ​ជា​វិធី​មួយ​ដែល​ទ្រង់​អាច​នាំ​មុខ​យើង។—ម៉ាថាយ ២៨:១៨

៨, ៩​. តើ​ព្រះគ្រីស្ទ​ប្រើ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›បាន​យ៉ាង​ណា ដើម្បី​នាំ​មុខ​យើង?

៨ សូម​គិត​អំពី​វិធី​មួយ​ទៀត​ដែល​ព្រះ​យេស៊ូ​ប្រើ​ដើម្បី​នាំមុខ​ក្រុមជំនុំ​គ្រីស្ទាន​នៅ​សព្វថ្ងៃនេះ។ ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​វត្តមាន​របស់​ទ្រង់​និង​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ ទ្រង់​ក៏​មាន​បន្ទូល​ថា៖ «អ្នក​ណា​ជា​អ្នកបំរើ​ស្មោះត្រង់​មាន​មារយាទ​ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក នឹង​ឲ្យ​អាហារ​គេ​បរិភោគ​តាម​ត្រូវ​ពេល? បើ​កាល​ណា​ចៅហ្វាយ​មក​ដល់​ឃើញ​អ្នកបំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ​ហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង​ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់»។—ម៉ាថាយ ២៤:៣, ៤៥​-​៤៧

៩ ព្រះ​យេស៊ូ​គ្រីស្ទ​ជា«ចៅហ្វាយ»នោះ​ឯង។ ក្រុម​ពួក​គ្រីស្ទាន​ចាក់ប្រេងតាំង​នៅ​លើ​ផែនដី​ជា«អ្នកបំរើ»។ ក្រុម​អ្នកបំរើ​នេះ​បាន​ទទួល​បញ្ញើ ជា​ការ​ថែរក្សា​របស់​ទាំងអស់​នៅ​លើ​ផែនដី​ដែល​ទាក់ទង​នឹង​ព្រះយេស៊ូ ហើយ​ក៏​មាន​ភារកិច្ច​ប្រទាន​អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវពេល។ អ្នក​ត្រួតពិនិត្យ​មួយ​ក្រុម​តូច​ពី​ចំណោម​ក្រុម‹អ្នកបំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›នោះ ជា​គណៈអភិបាល​ដែល​តំណាង​ក្រុម​អ្នក​បំរើ​ទាំង​មូល​នោះ។ គណៈអភិបាល​នេះ​កំពុង​តែ​ដឹកនាំ​កិច្ចការ​ផ្សព្វផ្សាយ​ព្រះរាជាណាចក្រ​របស់​ព្រះ​ទូទាំង​ពិភពលោក ព្រម​ទាំង​នាំ​មុខ​ក្នុង​ការ​ប្រទាន​អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវពេល​ផង​ដែរ។ យ៉ាង​នេះ​ហើយ​ដែល​ព្រះ​គ្រីស្ទ​នាំ​មុខ​ក្រុមជំនុំ​គ្រីស្ទាន​តាម​រយៈ‹អ្នកបំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›និង​គណៈអភិបាល​នៃ​ក្រុម​អ្នកបំរើ​នោះ​ដែល​បាន​តែងតាំង​ដោយ​វិញ្ញាណ​របស់​ព្រះ។

១០​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ចាស់ទុំ? ហើយ​ហេតុ​អ្វី?

១០ វិធី​ម្យ៉ាង​ទៀត​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​កំពុង​តែ​នាំ​មុខ​យើង​គឺ​តាមរយៈ«អំណោយទាន[«ជា», ព.ថ.]មនុស្ស» ពោល​គឺ​ពួក​អ្នក​ចាស់ទុំ​គ្រីស្ទាន​ដែល​ជា​អ្នក​ត្រួតពិនិត្យ​ក្នុង​ក្រុមជំនុំ។ ព្រះ​យេស៊ូ​បាន​ប្រទាន​ពួក​អ្នក​ត្រួតពិនិត្យ​ទាំង​នេះ​មក «ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះ​គ្រីស្ទ​ឡើង»។ (អេភេសូរ ៤:៨, ១១, ១២) សៀវភៅ​ហេព្រើរ ១៣:៧ រៀបរាប់​អំពី​ពួក​អ្នក​ចាស់ទុំ​ថា៖ «ចូរ​នឹកចាំ​ពី​ពួក​អ្នក​នាំមុខ​ដែល​បាន​ផ្សាយ​ព្រះបន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវតែ​ត្រាប់តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង»។ ពួក​អ្នក​ចាស់ទុំ​នាំមុខ​ក្នុង​ក្រុមជំនុំ​នានា។ ដោយសារ​ពួក​អ្នក​ចាស់ទុំ​ធ្វើ​តាមគំរូ​របស់​ព្រះយេស៊ូ​គ្រីស្ទ នោះ​គួរ​គប្បី​ឲ្យ​យើង​ត្រាប់តាម​ជំនឿ​របស់​ពួក​គាត់។ (កូរិនថូសទី១ ១១:១) យើង​អាច​បង្ហាញ​នូវ​ចិត្ត​កតញ្ញូ​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​ពួក​អ្នក​ចាស់ទុំ​បាន ដោយ​ស្ដាប់តាម​និង​ចុះចូល​ចំពោះ​ពួក«អំណោយទាន​ជា​មនុស្ស»ទាំង​នេះ។—ហេព្រើរ ១៣:១៧

១១​. នៅ​សព្វថ្ងៃនេះ តើ​ព្រះ​យេស៊ូ​នាំ​មុខ​ពួក​អ្នក​កាន់តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច? តើ​ការ​ដើរ​ដូច​ព្រះ​យេស៊ូ​រួមបញ្ចូល​អ្វីខ្លះ?

១១ ពិតមែន​ហើយ ព្រះយេស៊ូ​គ្រីស្ទ​កំពុង​តែ​នាំមុខ​ពួក​អ្នក​កាន់តាម​ទ្រង់​តាមរយៈ​វិញ្ញាណបរិសុទ្ធ ‹អ្នកបំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›និង​ពួក​អ្នក​ចាស់ទុំ​ក្នុង​ក្រុមជំនុំ។ ការ​ប្រព្រឹត្ត​ដូច​ព្រះយេស៊ូ​តម្រូវ​ឲ្យ​យើង​យល់​អំពី​របៀប​ដែល​ទ្រង់​កំពុង​តែ​នាំមុខ​យើង ព្រមទាំង​ចុះចូល​ចំពោះ​ការ​ណែនាំ​នោះ។ នេះ​ក៏​តម្រូវ​ឲ្យ​យើង​យកតម្រាប់​តាម​ការ​ប្រព្រឹត្ត​ឬ​របៀប​ដើរ​របស់​ព្រះយេស៊ូ​ដែរ។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ «ទ្រង់​បាន​ហៅ​អ្នក​រាល់គ្នា​មក​ឯ​សេចក្ដី​នោះ​ឯង ពីព្រោះ​ព្រះគ្រីស្ទ​ក៏​បាន​រងទុក្ខ​ជំនួស​យើង​ដែរ​ទាំង​ទុក​ដំ​រាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»។ (ពេត្រុសទី១ ២:២១) តើ​ការ​ធ្វើ​តាម​តម្រាប់​ល្អ​គ្រប់ល័ក្ខណ៍​របស់​ព្រះយេស៊ូ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង?

ពេល​មាន​អំណាច​លើ​អ្នក​ដទៃ ចូរ​ចេះ​យោគយល់​ចុះ!

១២​. តើ​ពួក​អ្នក​ចាស់ទុំ​ក្នុង​ក្រុមជំនុំ​គួរ​យកចិត្ត​ទុកដាក់​ជា​ពិសេស​លើ​ផ្នែក​មួយ​ណា​នៃ​គំរូ​របស់​ព្រះ​គ្រីស្ទ?

១២ ទោះបី​ជា​ព្រះ​យេស៊ូ​បាន​ទទួល​អំណាច​ច្រើន​បំផុត​ពី​ព្រះ​វរបិតា​របស់​ទ្រង់​ក៏​ដោយ ទ្រង់​តែង​តែ​បាន​បង្ហាញ​ការ​ចេះ​យោគយល់​ក្នុង​របៀប​ប្រើ​អំណាច​នោះ។ បងប្អូន​គ្រប់​រូប​ក្នុង​ក្រុមជំនុំ ជា​ពិសេស​ពួក​អ្នក​ត្រួតពិនិត្យ គួរ«សំដែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សំឡូត[ឬ«ឃើញ​ថា​អ្នក​រាល់​គ្នា​ចេះ​យោគយល់», ព.ថ.]»។ (ភីលីព ៤:៥; ធីម៉ូថេទី១ ៣:២, ៣) ដោយសារ​ពួក​អ្នកចាស់ទុំ​មាន​អំណាច​ខ្លះ​ក្នុង​ក្រុមជំនុំ គឺ​ចាំបាច់​ណាស់​ឲ្យ​ពួក​គាត់​ដើរ​តាម​លំអានដាន​នៃ​ព្រះ​គ្រីស្ទ​ពេល​ប្រើ​អំណាច​នោះ។

១៣, ១៤​. តើ​ពួក​អ្នក​ចាស់ទុំ​អាច​យក​តម្រាប់​តាម​ព្រះ​គ្រីស្ទ​បាន​យ៉ាង​ណា​ក្នុង​ការ​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​ដទៃ​បំរើ​ព្រះ?

១៣ ព្រះ​យេស៊ូ​បាន​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​របស់​សិស្ស​ទ្រង់។ ព្រះ​យេស៊ូ​មិន​តម្រូវ​ឲ្យ​ពួក​គាត់​ធ្វើ​អ្វី​ដែល​ហួស​សមត្ថភាព​ទេ។ (យ៉ូហាន ១៦:១២) ព្រះ​យេស៊ូ​មិន​បាន​សង្កត់​លើ​ពួក​អ្នក​កាន់តាម​ទ្រង់​ទេ តែ​បាន​លើក​ទឹកចិត្ត​ពួក​គាត់​ឲ្យ​«ខំប្រឹង​យ៉ាង​អស់ពីចិត្ត»ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ។ (លូកា ១៣:២៤) ព្រះ​យេស៊ូ​បាន​លើក​ទឹកចិត្ត​ពួក​គាត់​ឲ្យ​ធ្វើ​ដូច្នេះ​ដោយ​នាំមុខ​និង​ជំរុញ​ទឹកចិត្ត​ពួក​គាត់។ ស្រដៀង​គ្នា​ដែរ អ្នក​ចាស់​ទុំ​គ្រីស្ទាន​នៅ​សព្វថ្ងៃ​នេះ​ក៏​មិន​បង្ខំ​ឬ​បំភ័យ​អ្នក​ដទៃ​ឲ្យ​បំរើ​ព្រះ​ដោយ​ព្រោះ​ខ្លាច​អាម៉ាស់មុខ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ចាស់ទុំ​លើកទឹកចិត្ត​មនុស្ស​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ព្រោះ​ស្រឡាញ់​ទ្រង់​និង​ព្រះយេស៊ូ ហើយ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​គ្នីគ្នា។—ម៉ាថាយ ២២:៣៧​-​៣៩

១៤ ព្រះ​យេស៊ូ​មិន​បាន​ប្រើ​អំណាច​ដែល​បាន​ប្រគល់​មក​ទ្រង់​ដោយ​បំពាន​សិទ្ធិ​មនុស្ស​ដទៃ​ទេ។ ព្រះ​យេស៊ូ​ក៏​មិន​បាន​បង្កើត​ច្បាប់​ច្រើន​ពេក​ឬ​រៀប​ទុក​ខ្នាតតម្រា​ដែល​មនុស្ស​មិន​អាច​បំពេញ​តាម​ឡើយ។ ព្រះ​យេស៊ូ​បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​ដោយ​លើក​បញ្ជាក់​គោលការណ៍​ក្នុង​ក្រិត្យវិន័យ​ដែល​ព្រះ​ប្រទាន​មក​តាមរយៈ​លោក​ម៉ូសេ។ (ម៉ាថាយ ៥:២៧, ២៨) ពួក​អ្នក​ចាស់ទុំ​ក៏​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ​ដោយ​មិន​បង្កើត​ច្បាប់​វិន័យ​តាម​តែ​ចិត្ត​គាត់​រៀងៗខ្លួន ហើយ​មិន​ទទូច​ទាមទារ​ឲ្យ​អ្នក​ដទៃ​ធ្វើ​តាម​ទស្សនៈ​របស់​ខ្លួន​ឡើយ។ ស្តី​អំពី​ការ​ស្លៀកពាក់​សំអិតសំអាង​ខ្លួន​និង​ការ​កំសាន្ត​លំហែ​ចិត្ត​កាយ​នោះ ពួក​អ្នក​ចាស់ទុំ​ខំ​ជំរុញ​ចិត្ត​ដោយ​ផ្អែក​គោលការណ៍​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ដូច​បាន​កត់​ទុក​នៅ​សៀវភៅ​មីកា ៦:៨ កូរិនថូសទី១ ១០:៣១​-​៣៣ និង​ធីម៉ូថេទី១ ២:៩, ១០។

ចូរ​មាន​ចិត្ត​អាណិត​និង​អត់ទោស​ឲ្យ​គេ

១៥​. តើ​ព្រះយេស៊ូ​ធ្វើ​អ្វី​ពេល​ដែល​សិស្ស​ទ្រង់​ធ្វើ​ខុស?

១៥ ព្រះ​គ្រីស្ទ​បាន​ទុក​តម្រាប់​មួយ​ទៀត​ឲ្យ​យើង​ធ្វើ​តាម​ក្នុង​របៀប​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​លើ​សិស្ស​ទ្រង់​ពេល​ដែល​ពួក​គាត់​ធ្វើ​ខុស។ សូម​ពិចារណា​ព្រឹត្ដិការណ៍​ពីរ​យ៉ាង​ដែល​បាន​កើត​ឡើង​នៅ​រាត្រី​ចុងក្រោយ​បង្អស់​ដែល​ព្រះ​យេស៊ូ​មាន​ព្រះជន្ម​ជា​មនុស្ស​នៅ​លើ​ផែនដី។ ពេល​បាន​ទៅ​ដល់​សួន​គែតសេម៉ានី​នោះ ព្រះយេស៊ូ​បាន«យក​ពេត្រុស យ៉ាកុប​នឹង​យ៉ូហាន​ទៅ​ជា​មួយ» ហើយ​មាន​បន្ទូល​ប្រាប់​ពួក​គាត់​ឲ្យ​«ចាំយាម​ចុះ!»។ រួច«កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្ដិច នោះ​ទ្រង់​ទំលាក់​ព្រះអង្គ​ផ្កាប់​ព្រះភក្ដ្រ​ចុះ​អធិស្ឋាន»។ ពេល​ដែល​ព្រះ​យេស៊ូ​ត្រឡប់​មក​ជួប​សាវ័ក​បី​នាក់​នោះ​វិញ ទ្រង់«ឃើញ​ពួក​សិស្ស​កំពុង​តែ​ដេក​លក់»។ តើ​ព្រះ​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា? ទ្រង់​មាន​បន្ទូល​ថា​៖ «វិញ្ញាណ​ប្រុង​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ (ម៉ាកុស ១៤:៣២​-​៣៨) ជាជាង​ស្តី​បន្ទោស​យ៉ាង​ខ្លាំង​ដាក់​ពេត្រុស យ៉ាកុប​និង​យ៉ូហាន​នោះ ព្រះ​យេស៊ូ​បាន​បង្ហាញ​ព្រះទ័យ​អាណិត​ដល់​ពួក​គាត់​វិញ! នៅ​រាត្រី​ដដែល​នោះ ពេត្រុស​បាន​ប្រកែក​បី​ដង​ថា​គាត់​មិន​ស្គាល់​ព្រះ​យេស៊ូ​ទេ។ (ម៉ាកុស ១៤:៦៦​-​៧២) បន្ទាប់​មក តើ​ព្រះ​យេស៊ូ​ប្រព្រឹត្ត​នឹង​ពេត្រុស​យ៉ាង​ណា? «ព្រះអម្ចាស់​ទ្រង់​មាន​ព្រះជន្ម​រស់ឡើង​វិញ​មែន ក៏​បាន​លេច​មក​ឲ្យ​ស៊ីម៉ូន[ពេត្រុស]ឃើញ»។ (លូកា ២៤:៣៤) ព្រះ​គម្ពីរ​ចែង​ថា៖ «ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​១២​នាក់​ដែរ»។ (កូរិនថូសទី១ ១៥:៥) ជាជាង​ចងគំនុំ​នោះ ព្រះ​យេស៊ូ​បាន​អត់ទោស​ឲ្យ​សាវ័ក​ពេត្រុស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ក៏​បាន​ពង្រឹង​កម្លាំង​ចិត្ត​គាត់​ឡើង​វិញ​ដែរ។ ក្រោយៗ​មក ព្រះ​យេស៊ូ​បាន​ប្រគល់​ភារកិច្ច​សំខាន់​ជាង​ទៅ​ទៀត​ដល់​ពេត្រុស។—កិច្ចការ ២:១៤; ៨:១៤​-​១៧; ១០:៤៤, ៤៥

១៦​. បើ​បងប្អូន​រួម​ជំនឿ​ធ្វើ​ខុស​នឹង​យើង​ឬ​ធ្វើ​ឲ្យ​យើង​ខកចិត្ត​នោះ តើ​យើង​អាច​ប្រព្រឹត្ត​ដូច​ព្រះ​យេស៊ូ​បាន​យ៉ាង​ដូចម្ដេច?

១៦ ដោយសារ​បងប្អូន​ដែល​រួម​ជំនឿ​មាន​ភាព​មិន​គ្រប់ល័ក្ខណ៍​ដែរ បើ​គាត់​ធ្វើ​ខុស​នឹង​យើង​ឬ​ធ្វើ​ឲ្យ​យើង​ខកចិត្ត​នោះ យើង​គួរ​តែ​បង្ហាញ​ចិត្ត​អាណិត​និង​អត់ទោស​ឲ្យ​គាត់​ដូច​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត មែនទេ? ពេត្រុស​បាន​ដាស់តឿន​អ្នក​ជឿ​គ្នីគ្នា​របស់​គាត់​ថា៖ «ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិតអាសូរ​ហើយ​ស្រឡាញ់​គ្នា​ជា​បងប្អូន នឹង​មាន​ចិត្ត​ទន់សន្ដោស​ហើយ​សុភាព ឥត​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ»។ (ពេត្រុសទី១ ៣:៨, ៩) ចុះ​យ៉ាង​ណា​ទៅ​វិញ​បើ​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​លើ​យើង​ដូច​ព្រះយេស៊ូ ដោយ​មិន​ព្រម​បង្ហាញ​ចិត្ត​អាណិត​ឬ​អត់ទោស​ឲ្យ​យើង? សូម្បី​តែ​ពេល​នោះ​ក៏​ដោយ គួរ​ឲ្យ​យើង​ខំ​យក​តម្រាប់​តាម​ព្រះយេស៊ូ​ដោយ​ប្រព្រឹត្ត​ដូច​ទ្រង់។—យ៉ូហានទី១ ៣:១៦

ចូរ​ចាត់​ទុក​កិច្ចការ ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អាទិភាព

១៧​. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេស៊ូ​បាន​ចាត់​ទុក​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អាទិ​ភាព​ក្នុង​ព្រះជន្ម​ទ្រង់?

១៧ មាន​របៀប​មួយ​ទៀត​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​ដូច​ព្រះយេស៊ូ​គ្រីស្ទ។ ព្រះ​យេស៊ូ​បាន​ចាត់​ទុក​កិច្ចការ​ប្រកាស​ផ្សាយ​ដំណឹងល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អាទិភាព​ក្នុង​ព្រះជន្ម​ទ្រង់។ ព្រះ​យេស៊ូ​បាន​ផ្សព្វផ្សាយ​ដល់​ស្ត្រី​សាសន៍​សាម៉ារី​នៅ​ជិត​ទី​ក្រុង​ស៊ូខារ​នៅ​ស្រុក​សាម៉ារី​ហើយ​ក្រោយ​មក​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​សិស្ស​ទ្រង់​ថា៖ «ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង»។ (យ៉ូហាន ៤:៣៤) ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​បាន​ពង្រឹង​កម្លាំង​ព្រះ​យេស៊ូ ដ្បិត​ទង្វើ​នោះ​បាន​បំប៉ន​និង​ចំរើន​កម្លាំង​ទ្រង់ ទាំង​សព្វ​ព្រះ​ហឫទ័យ​ទ្រង់​ដូច​ជា​អាហារ។ គ្មាន​អ្វី​សោះ​អាច​នាំ​ឲ្យ​មាន​ខ្លឹមសារ​ក្នុង​ជីវិត​ឬ​ស្កប់ស្កល់​ចិត្ត​ច្រើន​ជាង​ការ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ដោយ​ប្រមូល​អារម្មណ៍​លើ​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ មែន​ទេ?

១៨​. តើ​ការ​លើក​ទឹកចិត្ត​កូន​ឲ្យ​ចូល​ធ្វើ​កិច្ចបំរើ​ពេញពេល​អាច​នាំ​ឲ្យ​មាន​ពរ​អ្វី​ខ្លះ?

១៨ បើ​មាតា​បិតា​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ធ្វើ​កិច្ចបំរើ​ពេញ​ពេល នោះ​ពួក​គាត់​និង​កូន​ផង​នឹង​ទទួល​ពរ​ជា​ច្រើន។ បិតា​ម្នាក់​ដែល​មាន​កូន​ភ្លោះ​បាន​លើក​ទឹក​ចិត្ត​កូន​ប្រុស​ទាំង​ពីរ​នាក់​តាំង​ពី​តូច​ឲ្យ​មាន​គោល​ដៅ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ។ ពេល​ដែល​កូន​ភ្លោះ​នោះ​រៀន​ចប់​ហើយ ពួក​គេ​បាន​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ។ បិតា​របស់​កូន​ភ្លោះ​នោះ​បាន​គិត​ពិចារណា​អំពី​អំណរ​ដែល​គាត់​ទទួល​ជា​លទ្ធផល ហើយ​សរសេរ​ថា​៖ «កូន​ប្រុស​ពីរ​នាក់​នេះ​មិន​បាន​ផ្ដល់​ហេតុ​ឲ្យ​យើង​ជា​មាតា​បិតា​ខកចិត្ត​សោះ។ យើង​អាច​និយាយ​ដោយ​ចិត្ត​កតញ្ញូ​ថា៖ ‹កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា›មែន»។ (ទំនុកដំកើង ១២៧:៣) តើ​កូន​ទទួល​ប្រយោជន៍​អ្វី​ពី​កិច្ចបំរើ​ពេញពេល​នោះ? មាតា​ម្នាក់​ដែល​មាន​កូន​ប្រាំ​នាក់​បាន​មាន​ប្រសាសន៍​ថា៖ «កិច្ចការ​ត្រួសត្រាយ​បាន​ជួយ​កូន​ទាំង​ប្រាំ​នាក់​របស់​ខ្ញុំ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា បាន​ជួយ​គេ​ឲ្យ​មាន​ទំលាប់​ល្អ​ក្នុង​ការ​សិក្សា​ផ្ទាល់ខ្លួន បាន​ជួយ​បង្រៀន​គេ​ឲ្យ​ចេះ​កំណត់​និង​ប្រើ​ម៉ោង​ដោយ​ប្រមាណ ហើយ​បាន​ជួយ​គេ​រៀន​ឲ្យ​ចេះ​ចាត់​ទុក​រឿង​ខាង​វិញ្ញាណ​ជា​អាទិភាព​ក្នុង​ជីវិត​រៀងៗ​ខ្លួន។ ទោះបី​ជា​ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ច្រើន​ក្ដី គ្មាន​មួយ​ណា​សោះ​បាន​ស្ដាយ​ក្រោយ​អំពី​គន្លង​ជីវិត​ដែល​គេ​បាន​ជ្រើសរើស»។

១៩​. តើ​ប្អូនៗ​យុវវ័យ​គួរ​គិត​ឲ្យ​មាន​បំណង​ចិត្ត​ធ្វើ​អ្វី​នៅ​ពេល​អនាគត?

១៩ ប្អូនៗ​យុវជន​យុវតី​អើយ! តើ​ប្អូនៗ​មាន​បំណង​ចិត្ត​ធ្វើ​អ្វី​នៅ​ពេល​អនាគត? តើ​ប្អូនៗ​ចង់​ធ្វើ​ជា​អ្នក​ពូកែ​ជាង​គេ​ក្នុង​មុខ​របរ​ណា​មួយ​ឬ​ទេ? ឬ​ក៏​តើ​ប្អូនៗ​មាន​គោលដៅ​ចង់​ធ្វើ​កិច្ចបំរើ​ពេញ​ពេល​វិញ? ប៉ុល​បាន​ដាស់​តឿន​ថា៖ «ត្រូវ​ប្រយ័ត​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា[ឬ‹ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​ប្អូន​រស់​នៅ​អោយ​មែនទែន›, ខ.ស.] កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស[ឬ​«ចេះ​ប្រើ​ប្រាស់​ពេល​វេលា», ខ.ស.]ឲ្យ​ទាន់​ពេល​ផង ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់»។ ប៉ុល​មាន​ប្រសាសន៍​ទៀត​ថា៖ «ដូច្នេះ កុំ​ឲ្យ​ខ្លៅល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់​វិញ»។—អេភេសូរ ៥:១៥​-​១៧

ចូរ​រក្សា​ឲ្យ​មាន​ភាព​ស្មោះត្រង់

២០, ២១​. តើ​ព្រះយេស៊ូ​បង្ហាញ​ភាព​ស្មោះត្រង់​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​យក​តម្រាប់​តាម​ភាព​ស្មោះត្រង់​របស់​ព្រះយេស៊ូ​បាន​យ៉ាង​ណា?

២០ ការ​ប្រព្រឹត្ត​ដូច​ព្រះ​យេស៊ូ​តម្រូវ​ឲ្យ​យើង​យកតម្រាប់​តាម​ភាព​ស្មោះត្រង់​របស់​ទ្រង់។ ព្រះគម្ពីរ​រៀបរាប់​អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​យេស៊ូ​ថា៖ «ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ[ទ្រង់]មិន​បាន​រាប់​សេចក្ដី​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់ខ្ជាប់​ឡើយ។ គឺ​ទ្រង់​បាន​លះបង់​ព្រះ​អង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង។ ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះចូល​ស្ដាប់បង្គាប់​រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើឆ្កាង​ផង»។ ព្រះ​យេស៊ូ​បាន​បង្ហាញ​ព្រះទ័យ​ស្មោះត្រង់​ក្នុង​ការ​លើក​តម្កើង​ព្រះ​យេហូវ៉ា​ជា​អធិបតី ដោយ​យល់​ព្រម​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ទ្រង់​បំពេញ។ ព្រះ​យេស៊ូ​បាន​ស្ដាប់បង្គាប់​ព្រះយេហូវ៉ា​រហូត​ដល់​សោយទិវង្គត​លើ​បង្គោល​ទារុណកម្ម។ យើង​ក៏​ត្រូវ​តែ«មាន​គំនិត​គិត​ដូច​ជា​ព្រះ​គ្រីស្ទ​យេស៊ូវ» ហើយ​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់​ដោយ​យល់ព្រម​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។—ភីលីព ២:៥​-​៨

២១ ព្រះ​យេស៊ូ​ក៏​បាន​បង្ហាញ​ព្រះទ័យ​ស្មោះត្រង់​ចំពោះ​សាវ័ក​ទ្រង់​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី។ ទោះបី​ជា​ពួក​គាត់​មាន​ភាព​ខ្សោយ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ ព្រះ​យេស៊ូ​បាន​ស្រឡាញ់​ពួក​គាត់«ដរាប​ដល់​ចុង​បំផុត»។ (យ៉ូហាន ១៣:១) ស្រដៀង​គ្នា​ដែរ យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​ភាព​ឥត​គ្រប់ល័ក្ខណ៍​របស់​បងប្អូន​រួម​ជំនឿ​បណ្ដាល​ឲ្យ​យើង​រិះគន់​ពួក​គាត់​ទេ។

ចូរ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះយេស៊ូ

២២, ២៣​. តើ​ការ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​នឹង​នាំ​ឲ្យ​មាន​ពរ​អ្វី​ខ្លះ?

២២ យើង​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ ដូច្នេះ​យើង​មិន​អាច​ប្រព្រឹត្ត​ដូច​បេះបិទ​នឹង​ដាន​របស់​ព្រះអង្គ​ដែល​តាំង​គំរូ​ល្អ​គ្រប់​ល័ក្ខណ៍​ឲ្យ​យើង​បាន​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ព្យាយាម​ធ្វើ​តម្រាប់​តាម​ទ្រង់​យ៉ាង​ផ្ចិតផ្ចង់​បាន។ ការ​ធ្វើ​ដូច្នេះ​តម្រូវ​ឲ្យ​យើង​យល់​និង​ចុះ​ចូល​ចំពោះ​វិធី​ណា​ដែល​ព្រះ​យេស៊ូ​ប្រើ​ក្នុង​ការ​នាំ​មុខ​យើង ហើយ​ឲ្យ​យើង​កាន់ខ្ជាប់​តាម​គំរូ​របស់​ទ្រង់។

២៣ ការ​ធ្វើ​ជា​មនុស្ស​ដែល​យកតម្រាប់​តាម​ព្រះ​គ្រីស្ទ​នឹង​នាំ​ឲ្យ​មាន​ពរ​ជា​ច្រើន។ ជីវិត​នឹង​មាន​ខ្លឹមសារ​ច្រើន​ជាង​ហើយ​យើង​នឹង​មាន​ចិត្ត​ស្កប់ស្កល់​កាន់​តែ​ច្រើន​ផង​ដែរ ពីព្រោះ​យើង​ប្រមូល​អារម្មណ៍​លើ​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ​ជាជាង​ធ្វើ​តាម​បំណង​ចិត្ត​ខ្លួន​យើង។ (យ៉ូហាន ៥:៣០; ៦:៣៨) យើង​នឹង​មាន​មនសិការ​ជ្រះថ្លា។ ការ​ប្រព្រឹត្ត​របស់​យើង​ក៏​អាច​ទុក​ជា​គំរូ​ល្អ​ដែរ។ ព្រះ​យេស៊ូ​បាន​អញ្ជើញ​អស់​អ្នក​ដែល​នឿយ​ព្រួយ​និង​មាន​បន្ទុកធ្ងន់​ឲ្យ​មក​ឯ​ទ្រង់​ដើម្បី​ឲ្យ​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពោល​គឺ​ចិត្ត​ស្ងប់។ (ម៉ាថាយ ១១:២៨​-​៣០) បើ​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ យើង​ក៏​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​ចិត្ត​ស្ងប់​ដែរ​ពេល​ដែល​យើង​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​គេ។ បើ​ដូច្នេះ ចូរ​ឲ្យ​យើង​បន្ត​ប្រព្រឹត្ត​ដូច​ព្រះ​យេស៊ូ​ជានិច្ច​ចុះ!

តើ​អ្នក​ចាំ​ទេ?

• នៅ​សព្វ​ថ្ងៃ​នេះ តើ​ព្រះគ្រីស្ទ​នាំមុខ​ពួក​អ្នក​ដែល​កាន់តាម​ទ្រង់​បាន​តាម​របៀប​ណា​ខ្លះ?

• តើ​ពួក​អ្នក​ចាស់ទុំ​អាច​យក​តម្រាប់​តាម​ព្រះ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ប្រើ​អំណាច​ដែល​ព្រះ​ប្រទាន​ឲ្យ?

• ពេល​ឃើញ​កំហុស​របស់​អ្នក​ដទៃ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​បាន​យ៉ាង​ណា?

• តើ​ប្អូនៗ​យុវវ័យ​អាច​ចាត់ទុក​កិច្ចការ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អាទិភាព​បាន​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​២៥]

ពួក​អ្នក​ចាស់ទុំ​គ្រីស្ទាន​ជួយ​យើង​ឲ្យ​ធ្វើ​តាម ការ​នាំ​មុខ​របស់​ព្រះគ្រីស្ទ

[រូបភាព​នៅ​ទំព័រ​២៦]

តើ​ប្អូនៗ​មាន​បំណងចិត្ត​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​ជោគជ័យ​ក្នុង​ជីវភាព​រស់នៅ​ជា​ជន​គ្រីស្ទាន?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក