បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w06 ១/១ ទំ. ៨-ទំ. ១១ វ. ១០
  • គោលសំខាន់ៗពីសៀវភៅអែសរ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅអែសរ៉ា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះវិហារ​ត្រូវ​បាន​កសាង​ឡើង​វិញ
  • (អែសរ៉ា ១:១​–​៦:២២)
  • លោក​អែសរ៉ា​មក​ដល់​ក្រុង​យេរូសាឡិម
  • (អែសរ៉ា ៧:១​–​១០:៤៤)
  • ព្រះយេហូវ៉ា​ធ្វើ​តាម​សេចក្ដីសន្យា​របស់​ទ្រង់
  • អ្នកអាចរក្សាទំនុកចិត្តក្នុងអំឡុងគ្រាលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • អែសរ៉ាបង្រៀនច្បាប់របស់ព្រះ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះយេហូវ៉ាចង់បានអ្នកបម្រើដែលស្ម័គ្រចិត្ត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • សេចក្ដីសង្ខេបពីអែសរ៉ា
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
w06 ១/១ ទំ. ៨-ទំ. ១១ វ. ១០

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​អែសរ៉ា

សៀវភៅ​អែសរ៉ា​រៀបរាប់​ព័ត៌មាន​ជា​បន្ត​ពី​សៀវភៅ​របាក្សត្រទី២។ អែសរ៉ា​ជា​សង្ឃ​ហើយ​ជា​អ្នក​សរសេរ​សៀវភៅ​នេះ។ គាត់​ចាប់ផ្ដើម​កំណត់ហេតុ​នេះ ដោយ​រៀបរាប់​អំពី​ការចេញ​រាជក្រិត្យ​មួយ​របស់​ស្តេច​ស៊ីរូស​នៃ​ស្រុក​ពើស៊ី។ រាជក្រិត្យ​នោះ​អនុញ្ញាត​ឲ្យ​ជននិរទេស​ជាតិ​យូដា​ដែល​នៅ​សល់​នៅ​បាប៊ីឡូន​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។ កំណត់ហេតុ​នេះ​បញ្ចប់​ដោយ​ប្រាប់​ថា​លោក​អែសរ៉ា​ចាត់​វិធានការ​ដើម្បី​ធ្វើ​វិសុទ្ធកម្ម​ជនជាតិ​យូដា​ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោកគ្រោក​ដោយ​រៀបការ​ជា​មួយ​នឹង​មនុស្ស​ក្នុង​ស្រុក។ សរុប​ទៅ សៀវភៅ​នេះ​មាន​រៀបរាប់​អំពី​ព្រឹត្ដិការណ៍​ដែល​កើតឡើង​ក្នុង​រយៈ​ពេល​៧០​ឆ្នាំ ពោល​គឺ​ពី​ឆ្នាំ​៥៣៧​មុនគ.ស.​ដល់​ឆ្នាំ​៤៦៨​មុនគ.ស.។

លោក​អែសរ៉ា​សរសេរ​សៀវភៅ​នេះ​ដោយ​មាន​គោលដៅ​យ៉ាង​ច្បាស់ ពោល​គឺ ដើម្បី​បង្ហាញ​នូវ​របៀប​ព្រះយេហូវ៉ា​បំពេញ​តាម​សេចក្ដីសន្យា​របស់​ទ្រង់ ដោយ​រំដោះ​រាស្ត្រ​ទ្រង់​ចេញ​ពី​បាប៊ីឡូន និង​ស្ថាបនា​ការថ្វាយបង្គំ​ពិត​ឡើង​វិញ​នៅ​ក្រុង​យេរូសាឡិម។ ហេតុ​ដូច្នេះ​ហើយ លោក​អែសរ៉ា​ប្រមូល​អារម្មណ៍​លើ​ព្រឹត្ដិការណ៍​ដែល​ទាក់ទង​នឹង​គោលបំណង​នេះ​ប៉ុណ្ណោះ។ សៀវភៅ​អែសរ៉ា​គឺ​ជា​កំណត់ហេតុ​អំពី​កសាង​ឡើង​វិញ​នូវ​ព្រះវិហារ និង​អំពី​របៀប​ដែល​ការថ្វាយបង្គំ​ព្រះយេហូវ៉ា​ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ ទោះ​ជា​មាន​ការប្រឆាំង​និង​ភាពឥតគ្រប់លក្ខណ៍​នៃ​រាស្ត្រ​ទ្រង់​ក៏​ដោយ។ កំណត់ហេតុ​នេះ​ក៏​មាន​ប្រយោជន៍​ដល់​យើង​គ្រប់ៗ​គ្នា​ពីព្រោះ​យើង​ក៏​រស់​នៅ​គ្រា​ស្ថាបនា​ឡើង​វិញ​ដែរ។ មនុស្ស​ជា​ច្រើន​កំពុង​តែ​ឡើង​ទៅ​ឯ​«ភ្នំ​នៃ​ព្រះយេហូវ៉ា» ហើយ«មនុស្ស​នឹង​ស្គាល់​ដល់​សិរី​ល្អ​នៃ​ព្រះយេហូវ៉ា»នៅ​ពេញ​ផែនដី។—អេសាយ ២:២, ៣; ហាបាគុក ២:១៤

ព្រះវិហារ​ត្រូវ​បាន​កសាង​ឡើង​វិញ

(អែសរ៉ា ១:១​–​៦:២២)

ជននិរទេស​ជាតិ​យូដា​ប្រមាណ​៥០.០០០​នាក់​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​តាម​រាជក្រិត្យ​របស់​ស្តេច​ស៊ីរូស ដោយ​មាន​លោក​សូរ៉ូបាបិល​ឬ​សេសបាសារ​ជា​អ្នក​ដឹកនាំ។ ជននិរទេស​ជាតិ​យូដា​បាន​រៀបចំ​អាសនៈ​នៅ​កន្លែង​ដើម​យ៉ាង​ឆាប់​រហ័ស រួច​ចាប់ផ្ដើម​ថ្វាយ​តង្វាយ​ថ្វាយ​ព្រះយេហូវ៉ា។

ពួក​អ៊ីស្រាអែល​បាន​ចាក់​គ្រឹះ​នៃ​ដំណាក់​របស់​ព្រះយេហូវ៉ា​នៅ​ឆ្នាំ​បន្ទាប់។ ពួក​សត្រូវ​រំខាន​ដល់​កិច្ចការ​កសាង​នេះ​ឥត​ឈប់ឈរ ហើយ​នៅ​ទីបំផុត​ទទួល​ជោគជ័យ ដោយ​បង្ក​ឲ្យ​មាន​ក្រិត្យ​ពី​ស្តេច​ដែល​បញ្ជា​ឲ្យ​ឈប់​កិច្ចការ​កសាង​នេះ។ ព្យាការី​ហាកាយ​និង​សាការី​ជំរុញ​ទឹកចិត្ត​ប្រជាជន​ដើម្បី​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម​កិច្ចការ​កសាង​ព្រះវិហារ​ឡើង​វិញ ទោះ​ជា​មាន​បំរាម​ក៏​ដោយ។ ពួក​សត្រូវ​មិន​ហ៊ាន​រំខាន​ទៀត ដោយ​ខ្លាច​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​សាសន៍​ពើស៊ី​ដែល​ពុំ​អាច​លុប​ចោល​បាន ហើយ​ដែល​ជា​ច្បាប់​ស្តេច​ស៊ីរូស​បាន​ចេញ​ដំបូង​នោះ។ ក្រោយ​ស្តេច​បង្គាប់​ឲ្យ​ស្រាវជ្រាវ​ពី​រឿង​នេះ​ក្នុង​មន្ទីរ​លិខិត​គេ​បាន​រក​ឃើញ​នូវ​បញ្ជា​របស់​ស្តេច​ស៊ីរូស«ពី​ដំណើរ​ព្រះវិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូសាឡិម»។ (អែសរ៉ា ៦:៣) កិច្ចការ​កសាង​ព្រះវិហារ​មាន​ដំណើរ​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ​រហូត​ដល់​បាន​សង់​ចប់។

ចំឡើយ​ចំពោះ​សំណួរ​អំពី​បទគម្ពីរ:

១:៣​-​៦—តើ​ពួក​អ៊ីស្រាអែល​ដែល​មិន​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​មាន​ជំនឿ​ខ្សោយ​ឬ​ទេ? មនុស្ស​ខ្លះ​មិន​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ ពីព្រោះ​ពួក​គេ​គិត​តែ​ពី​ទ្រព្យសម្បត្ដិ ឬ​មិន​សូវ​មាន​អំណរ​ចំពោះ​ការថ្វាយបង្គំ​ពិត​ទេ។ ប៉ុន្តែ​នេះ​មិន​បាន​ន័យ​ថា​មនុស្ស​គ្រប់​គ្នា​ដូច្នេះ​ឡើយ។ ដើម្បី​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ ត្រូវ​ចំណាយ​អស់​បួន​ឬ​ប្រាំ​ខែ​ដោយ​ដើរ​១.៦០០​គីឡូម៉ែត្រ។ ម្យ៉ាង​វិញ​ទៀត ការរៀបចំ​កន្លែង​រស់​នៅ​ក្នុង​ស្រុក​ដែល​ត្រូវ​ចោល​ស្ងាត់​អស់​៧០​ឆ្នាំ ថែម​ទាំង​ធ្វើ​កិច្ចការ​កសាង​ដំរូវ​ឲ្យ​បុគ្គល​នោះ​មាន​កំឡាំង​កាយ​និង​កំឡាំង​ចិត្ត​យ៉ាង​ច្រើន។ ដូច្នេះ​ហើយ បញ្ហា​ផ្សេងៗ​ដូច​ជា​ជំងឺ​ឈឺ​ថ្កាត់ ភាពចាស់ជរា ឬ​ភារកិច្ច​ក្នុង​គ្រួសារ​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​គ្មាន​លទ្ធភាព​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ​ឡើយ។

២:៤៣—តើ​នេធីនិម​ជា​នរណា? អ្នក​ទាំង​នេះ​មិន​មែន​ជា​កូន​ចៅ​អ៊ីស្រាអែល​ទេ ហើយ​ពួក​គេ​មាន​មុខងារ​បំរើ​នៅ​ឯ​ព្រះវិហារ។ ក្នុង​ចំណោម​ពួក​នេធីនិម​គឺ​មាន​កូន​ចៅ​សាសន៍​គីបៀន​ពី​សម័យ​យ៉ូស្វេ និង​អ្នក​ឯទៀត​ដែល«ដាវីឌ នឹង​អ្នក​ជា​ប្រធាន​បាន​ថ្វាយ​សំរាប់​ជួយ​ការងារ​ពួក​លេវី»។—អែសរ៉ា ៨:២០

២:៥៥—តើ​ពួក​កូន​ចៅ​របស់​ពួក​មហាតលិក​នៃ​សាឡូម៉ូន​ជា​នរណា​ខ្លះ? អ្នក​ទាំង​នេះ​ជា​ជន​សាសន៍​ដទៃ​ដែល​បាន​ទទួល​ឯកសិទ្ធិ​ពិសេស​ក្នុង​កិច្ចបំរើ​របស់​ព្រះយេហូវ៉ា។ ពួក​គេ​ប្រហែល​ជា​មាន​មុខងារ​ជា​ពួក​ស្ក្រែប ឬ​អ្នក​ចម្លង​ឯកសារ​នៅ​ឯ​ព្រះវិហារ ឬ​ក៏​មាន​មុខតំណែង​ចាត់ចែង​កិច្ចការ​ផ្សេងៗ។

២:៦១​-​៦៣—តើ​ជននិរទេស​ជាតិ​យូដា​ដែល​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ មាន​យូរីម​និង​ធូមីម​ជាប់​ខ្លួន​ឬ​ទេ ដែល​បាន​ត្រូវ​ប្រើ​ពេល​ត្រូវការ​ចំឡើយ​ពី​ព្រះយេហូវ៉ា​នោះ? អ្នក​ដែល​អះអាង​ថា​ពួក​គេ​មក​ពី​វង្ស​ត្រកូល​ពួក​សង្ឃ តែ​រក​មិន​មាន​ភស្តុតាង​ដែល​បញ្ជាក់​វង្ស​ត្រកូល​ខ្លួន អាច​បញ្ជាក់​ថា​ពួក​គេ​និយាយ​ពិត​ត្រឹម​ត្រូវ​តាម​ច្បាប់​ដោយ​ប្រើ​យូរីម​និង​ធូមីម។ អែសរ៉ា​គ្រាន់​តែ​ចង់​បញ្ជាក់​ថា​ពួក​គេ​អាច​ធ្វើ​ដូច្នេះ​ប៉ុណ្ណោះ។ បទគម្ពីរ​មិន​រៀបរាប់​ថា​ជនជាតិ​អ៊ីស្រាអែល​បាន​ប្រើ​យូរីម​និង​ធូមីម​នៅ​ពេល​នោះ​ឬ​ក៏​ក្រោយ​គ្រា​នោះ​ឡើយ។ យោង​ទៅ​តាម​ទំនៀមទម្លាប់​យូដា យូរីម​និង​ធូមីម​បាន​បាត់បង់​ទៅ ពេល​ដែល​ព្រះវិហារ​ត្រូវ​កំទេច​ចោល​នៅ​ឆ្នាំ​៦០៧​មុនគ.ស.។

៣:១២—ហេតុ​អ្វី​ក៏«មនុស្ស​ចាស់​ដែល​ឃើញ​ព្រះវិហារ​មុន»របស់​ព្រះយេហូវ៉ា​បាន​យំ​ដូច្នេះ? បុរស​ទាំង​នេះ​អាច​ចង​ចាំ​នូវ​ភាពរុងរឿង​នៃ​ព្រះវិហារ​នេះ​ដែល​បាន​កសាង​ដោយ​ស្តេច​សាឡូម៉ូន។ គ្រឹះ​នៃ​ព្រះវិហារ​ថ្មី​នេះ​ដែល​ពួក​គេ​ឃើញ​គឺ«ដូច​ជា​ទទេ​សោះ»ចំពោះ​ពួក​គេ បើ​ប្រៀបផ្ទឹម​នឹង​ព្រះវិហារ​មុន​នោះ។ (ហាកាយ ២:២, ៣) តើ​ការខំប្រឹង​របស់​ពួក​គេ​នឹង​នាំ​ឲ្យ​ព្រះវិហារ​នេះ​មាន​ភាពរុងរឿង​ដូច​ព្រះវិហារ​មុន​ឬ​ទេ? ពួក​គេ​ច្បាស់​ជា​ធ្លាក់ទឹកចិត្ត​ហើយ​ក៏​បាន​យំ​ទៅ។

៣:៨​-​១០; ៤:២៣, ២៤; ៦:១៥, ១៦—តើ​កិច្ចការ​កសាង​ព្រះវិហារ​នេះ​ត្រូវការ​ប៉ុន្មាន​ឆ្នាំ? គ្រឹះ​នៃ​ព្រះវិហារ​នេះ​ត្រូវ​បាន​ចាក់​នៅ​ឆ្នាំ​៥៣៦​មុនគ.ស.«ក្នុង​ឆ្នាំ​ទី២ តាំង​ពី​គេ​មក​ដល់»។ កិច្ចការ​កសាង​នេះ​ត្រូវ​បាន​ឈប់​នៅ​សម័យ​នៃ​ស្តេច​អើថាស៊ើកសេស​នៅ​ឆ្នាំ​៥២២​មុនគ.ស.។ បំរាម​នេះ​បាន​បន្ត​រហូត​ដល់​ឆ្នាំ​៥២០​មុនគ.ស. ជា​ឆ្នាំ​ទីពីរ​នៃ​ស្តេច​ដារីយុស។ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​ការសោយរាជ្យ​របស់​ស្តេច​ដារីយុស នោះ​ព្រះវិហារ​បាន​ត្រូវ​កសាង​ចប់ ឬ​នៅ​ឆ្នាំ​៥១៥​មុនគ.ស. (សូម​មើល​ប្រអប់​ដែល​មាន​ចំណងជើង​ថា «បណ្ដា​ស្តេច​ពេស៊ី​ពី​ឆ្នាំ​៥៧៣​-​៤៦៨​មុនគ.ស.») ដូច្នេះ​ហើយ កិច្ចការ​កសាង​ព្រះវិហារ​ត្រូវការ​២០​ឆ្នាំ។

៤:៨​–​៦:១៨—ហេតុអ្វី​ក៏​ខ​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ជា​ភាសា​អារ៉ាម? ខ​ទាំង​ប៉ុន្មាន​នេះ​គឺ​ភាគ​ច្រើន​មាន​លិខិត​ពី​មន្ត្រី​ថ្វាយ​ស្តេច​និង​ការតបឆ្លើយ​របស់​ស្តេច​នោះ។ អែសរ៉ា​បាន​ចម្លង​ឯកសារ​ទាំង​នេះ​ដែល​ត្រូវ​សរសេរ​ជា​ភាសា​អារ៉ាម ជា​ភាសា​និយម​ប្រើ​នៅ​សម័យ​នោះ​សំរាប់​ធ្វើ​ពាណិជ្ជកម្ម​ឬ​នយោបាយ​ផង​ដែរ។ ផ្នែក​ផ្សេងៗ​ទៀត​ក្នុង​ព្រះគម្ពីរ ដូច​ជា​អែសរ៉ា ៧:១២​-​២៦ យេរេមា ១០:១១ និង​ដានីយ៉ែល ២:៤ខ​–​៧:២៨ ក៏​ត្រូវ​បាន​សរសេរ​ជា​ភាសា​អារ៉ាម​បុរាណ​នេះ​ដែរ។

មេរៀន​សំរាប់​យើង:

១:២: សេចក្ដី​ដែល​អេសាយ​បាន​ទាយ​នៅ​២០០​ឆ្នាំ​មុន បាន​កើត​ឡើង​មែន។ (អេសាយ ៤៤:២៨) ទំនាយ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះ​តែង​សំរេច​ទាំង​អស់។

១:៣​-​៦: ដូច​ជា​ជនជាតិ​អ៊ីស្រាអែល​ខ្លះ​បាន​បន្ត​រស់​នៅ​បាប៊ីឡូន នោះ​សព្វថ្ងៃ​នេះ ស្មរបន្ទាល់​ព្រះយេហូវ៉ា​ដែល​ពុំ​អាច​បំរើ​ពេញ​ពេល ឬ​បំរើ​នៅ​កន្លែង​ដែល​ត្រូវការ​អ្នក​ផ្សាយ​ច្រើន​ជាង នៅ​តែ​គាំទ្រ​និង​លើកទឹកចិត្ត​អស់​អ្នក​ដែល​អាច​ធ្វើ​បាន ហើយ​ធ្វើ​វិភាគទាន​គាំទ្រ​កិច្ចការ​ផ្សព្វផ្សាយ​ព្រះរាជាណាចក្រ​និង​ការបង្កើត​ឲ្យ​មាន​សិស្ស។

៣:១​-​៦: នៅ​ខែ​ទី​ប្រាំពីរ​នៃ​ឆ្នាំ​៥៣៧​មុនគ.ស. (ខែ​ធីជ្រី ដែល​ត្រូវ​នឹង​ខែ​កញ្ញា/តុលា) នោះ​ជននិរទេស​ដែល​ស្មោះត្រង់​បាន​ត្រឡប់​មក​វិញ​បាន​ថ្វាយ​យញ្ញបូជា​ជា​លើក​ដំបូង។ ស្តេច​នេប៊ូក្នេសា​បាន​ចូល​ក្រុង​យេរូសាឡិម​នៅ​ខែ​ទី​ប្រាំ (ខែ​អាប ដែល​ត្រូវ​នឹង​ខែ​កក្កដា/សីហា)នៅ​ឆ្នាំ​៦០៧​មុនគ.ស. ហើយ​បាន​ចាប់ផ្ដើម​ដុត​បំផ្លាញ​ទី​ក្រុង​នោះ។ (ពង្សាវតារក្សត្រទី២ ២៥:៨​-​១៧) ការហិនហោច​នៃ​ក្រុង​យេរូសាឡិម​អស់​៧០​ឆ្នាំ​ត្រូវ​បាន​ចប់​ចំ​ពេល​ដូច​បាន​ទាយ​ទុក​ជា​មុន។ (យេរេមា ២៥:១១; ២៩:១០) អ្វីៗ​ក៏​ដោយ​ដែល​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ចែង​ជា​ទំនាយ នោះ​បាន​សំរេច​គ្រប់​ទាំង​អស់។

៤:១​-​៣: ពួក​សំណល់​ដែល​មាន​ចិត្តស្មោះត្រង់​បាន​បដិសេធ​ការស្នើសុំ ដែល​ដំរូវ​ឲ្យ​ពួក​គាត់​ធ្វើ​បក្សសម្ព័ន្ធ​សាសនា​ជា​មួយ​នឹង​ពួក​អ្នក​ថ្វាយបង្គំ​ព្រះ​មិន​ពិត។ (និក្ខមនំ ២០:៥; ៣៤:១២) សព្វថ្ងៃ​នេះ អ្នក​ថ្វាយបង្គំ​របស់​ព្រះយេហូវ៉ា​ក៏​មិន​ចូល​រួម​ក្នុង​ការលាយឡំ​សាសនា​ដែរ។

៥:១​-​៧; ៦:១​-​១២: ព្រះយេហូវ៉ា​អាច​ប្រើ​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ទទួល​បាន​ជោគជ័យ។

៦:១៤, ២២: ការចូលរួម​ដោយ​ខ្នះខ្នែង​ក្នុង​កិច្ចការ​របស់​ព្រះយេហូវ៉ា នាំ​ឲ្យ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​យើង ហើយ​ប្រទាន​ពរ​ដល់​យើង​ដែរ។

៦:២១: ពួក​សាសន៍​សាម៉ារី​ដែល​រស់​នៅ​ស្រុក​យូដា និង​ជន​ដែល​បាន​ត្រឡប់​មក​វិញ​តែ​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​អានុភាព​នៃ​សាសនា​មិន​ពិត បាន​ឃើញ​ការរីកចំរើន​នៃ​កិច្ចការ​របស់​ព្រះយេហូវ៉ា។ នោះ​បាន​ជំរុញ​ទឹកចិត្ត​ពួក​គេ​ឲ្យ​កែប្រែ​ជីវិត។ យើង​ក៏​ត្រូវ​ចូលរួម​យ៉ាង​ខ្នះខ្នែង​ក្នុង​កិច្ចការ​របស់​ព្រះ រួម​បញ្ចូល​ការប្រកាស​អំពី​ព្រះរាជាណាចក្រ​ដែរ មែន​ទេ?

លោក​អែសរ៉ា​មក​ដល់​ក្រុង​យេរូសាឡិម

(អែសរ៉ា ៧:១​–​១០:៤៤)

ហាសិប​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ​តាំង​តែ​ពី​ដំណាក់​របស់​ព្រះយេហូវ៉ា​ដែល​បាន​កសាង​ឡើង​វិញ​ត្រូវ​សម្ពោធ​នោះ។ ឆ្នាំ​នោះ​គឺ​៤៦៨​មុនគ.ស.។ លោក​អែសរ៉ា​បាន​ចេញ​ពី​បាប៊ីឡូន​ទៅ​ក្រុង​យេរូសាឡិម ទាំង​មាន​ពួក​សំណល់​ដែល​រួម​ដំណើរ​ជា​មួយ​នឹង​គាត់ ហើយ​ក៏​បាន​យក​ប្រាក់​វិភាគទាន​ទៅ​ដែរ។ តើ​គាត់​នឹង​ឃើញ​អ្វី​នៅ​ក្រុង​យេរូសាឡិម?

ពួក​អ្នក​ជា​ប្រធាន​ប្រាប់​អែសរ៉ា​ថា៖ «ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម»។ ម្យ៉ាង​វិញ​ទៀត «ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ចៅហ្វាយ​ជា​លេខ​១ ក្នុង​ការ​រំលង​នេះ​ដែរ»។ (អែសរ៉ា ៩:១, ២) លោក​អែសរ៉ា​ស្រងាកចិត្ត​ណាស់។ លោក​អែសរ៉ា​ត្រូវ​គេ​លើកទឹកចិត្ត«ឲ្យ​មាន​ចិត្តក្លាហាន​ឡើង ហើយ​សំរេច​ការ​ទៅ»។ (អែសរ៉ា ១០:៤) លោក​អែសរ៉ា​ចាត់​វិធានការ​កែ​ដំរូវ ហើយ​មនុស្ស​បាន​ធ្វើ​តាម។

ចំឡើយ​ចំពោះ​សំណួរ​អំពី​បទគម្ពីរ:

៧:១, ៧, ១១—តើ​ខ​ទាំង​អស់​នេះ​សំដៅ​ទៅ​អើថាស៊ើកសេស​ដែល​បញ្ឈប់​កិច្ចការ​កសាង​ឬ​ទេ? មិន​មែន​ទេ។ អើថាស៊ើកសេស​គឺ​ជា​ឈ្មោះ​ឬ​ឋានន្តរ​នៃ​ស្តេច​ពីរ​អង្គ​នៃ​សាសន៍​ពើស៊ី។ ស្តេច​មួយ​គឺ​កោម៉ាតា​ឬ​បាឌីយ៉ា​ដែល​បាន​បញ្ជា​ឲ្យ​ឈប់​កសាង​ព្រះវិហារ​នៅ​ឆ្នាំ​៥២២​មុនគ.ស.។ អើថាស៊ើកសេស​នៅ​សម័យ​របស់​អែសរ៉ា​បាន​មក​ក្រុង​យេរូសាឡិម គឺ​ជា​អើថាស៊ើកសេស ឡុងគីម៉ានូស។

៧:២៨​–​៨:២០—ហេតុអ្វី​ក៏​ជនជាតិ​យូដា​ជា​ច្រើន​មិន​ហ៊ាន​ទៅ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​អែសរ៉ា? ទោះ​ជា​៦០​ឆ្នាំ​បាន​កន្លង​ទៅ​តាំង​ពី​ក្រុម​ដំបូង​នៃ​ជននិរទេស​ជាតិ​យូដា​បាន​ត្រឡប់​មក​ស្រុក​កំណើត​ក៏​ពិត​មែន តែ​មិន​សូវ​មាន​មនុស្ស​រស់​នៅ​ក្រុង​យេរូសាឡិម​នៅ​ឡើយ។ ការត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ បាន​ន័យ​ថា​ពួក​គេ​ត្រូវ​ស្ថាបនា​ជីវិត​ថ្មី ដែល​មាន​កាលៈទេសៈ​ដ៏​ពិបាក​និង​ដែល​មាន​គ្រោះថ្នាក់​ទៀត។ ជនជាតិ​យូដា​ដែល​មាន​ជីវិត​ធូរធារ​នៅ​បាប៊ីឡូន ឃើញ​ថា​ស្ថានភាព​នៅ​ក្រុង​យេរូសាឡិម​នៅ​សម័យ​នោះ មិន​ផ្ដល់​នូវ​ឱកាស​ដ៏​ល្អ​ឲ្យ​រក​ទ្រព្យសម្បត្ដិ​ទេ។ មិន​តែ​ប៉ុណ្ណោះ ការធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ក៏​ជា​ដំណើរ​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​ដែរ។ ជននិរទេស​ដែល​ត្រឡប់​ទៅ​វិញ​ត្រូវ​មាន​ជំនឿ​ដ៏​មាំមួន​លើ​ព្រះយេហូវ៉ា មាន​ចិត្តខ្នះខ្នែង​ចំពោះ​ការថ្វាយបង្គំ​ពិត និង​ចិត្តក្លាហាន​ដើម្បី​ផ្លាស់​លំនៅ​ទៅ​ទី​នោះ។ សូម្បី​តែ​អែសរ៉ា ក៏​ត្រូវ​បាន​ពង្រឹង​ដោយសារ​ព្រះយេហូវ៉ា​បាន​ដាក់​ព្រះហស្ត​លើ​គាត់។ ដោយសារ​ការលើកទឹកចិត្ត​ពី​លោក​អែសរ៉ា នោះ​មាន​១.៥០០​គ្រួសារ ប្រហែល​ជា​សរុប​ទៅ​មាន​ចំនួន​៦.០០០​នាក់​បាន​ទៅ​ជា​មួយ​គាត់។ ក្រោយ​ពី​លោក​អែសរ៉ា​ចាត់​វិធានការ​ផ្សេងៗ​ទៀត នោះ​មាន​ពួក​លេវី​៣៨​នាក់ និង​ពួក​នេធីនិម​២២០​នាក់​ក៏​បាន​ទៅ​ជា​មួយ​ដែរ។

៩:១, ២—តើ​ការយកគ្នា​ជា​ប្ដី​ប្រពន្ធ​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​នោះ​មាន​គ្រោះថ្នាក់​យ៉ាង​ណា? សាសន៍​ដែល​ត្រូវ​ស្ថាបនា​ឡើង​វិញ​នោះ ត្រូវ​ជា​អ្នក​ការពារ​ការថ្វាយបង្គំ​ព្រះយេហូវ៉ា​រហូត​ដល់​ព្រះមេស្ស៊ី​យាង​មក​ដល់។ ការយកគ្នា​ជា​ប្ដី​ប្រពន្ធ​ជា​មួយ​នឹង​សាសន៍​ដទៃ​ដែល​នៅ​ស្រុក​នេះ​គឺ​គំរាមកំហែង​ដល់​ការថ្វាយបង្គំ​ពិត​យ៉ាង​ខ្លាំង​ណាស់។ ដោយសារ​មនុស្ស​ខ្លះ​បាន​រៀបការ​ជា​មួយ​នឹង​មនុស្ស​ដែល​ថ្វាយបង្គំ​រូប​ព្រះ នោះ​នៅ​ទីបំផុត សាសន៍​ទាំង​មូល​អាច​ក្លាយ​ទៅ​ជា​សាសន៍​ដែល​មិន​បំរើ​ព្រះ​វិញ។ ការថ្វាយបង្គំ​បរិសុទ្ធ​អាច​សាប​សូន្យ​បាត់​ទៅ។ បើ​ដូច្នេះ តើ​ព្រះមេស្ស៊ី​នឹង​យាង​មក​តាម​វង្ស​ត្រកូល​របស់​អ្នក​ណា​ទៅ? ហេតុ​ដូច្នេះ​ហើយ បាន​ជា​លោក​អែសរ៉ា​បាន​ស្រងាកចិត្ត​ពេល​ឃើញ​នូវ​អ្វី​ដែល​បាន​កើត​ឡើង!

១០:៣, ៤៤—ហេតុអ្វី​ក៏​ត្រូវ​បោះបង់​ទាំង​ប្រពន្ធ​និង​កូន? បើ​ទុក​កូន​ឲ្យ​នៅ នោះ​ប្រពន្ធ​ដែល​ត្រូវ​បណ្ដេញ​ចេញ​ប្រហែល​ជា​នឹង​មក​វិញ​ដោយសារ​កូន។ ម្យ៉ាង​វិញ​ទៀត កូន​តូចៗ​ត្រូវការ​ឲ្យ​ម្ដាយ​មើល​ថែរក្សា។

មេរៀន​សំរាប់​យើង:

៧:១០: លោក​អែសរ៉ា​ទុក​គំរូ​ដ៏​ល្អ​សំរាប់​យើង ជា​អ្នក​ដែល​យកចិត្ត​ទុកដាក់​សិក្សា​និង​បង្រៀន​ព្រះបន្ទូល​ដោយ​ប្រសិទ្ធភាព។ គាត់​តែង​អធិស្ឋាន​តាំងចិត្ត​ស្វែងរក​ការណែនាំ​ពី​ក្នុង​ក្រិត្យវិន័យ​របស់​ព្រះយេហូវ៉ា។ កាល​ដែល​អែសរ៉ា​មើល​ក្រិត្យវិន័យ​របស់​ព្រះ នោះ​គាត់​យកចិត្តទុកដាក់​ជា​ទីបំផុត​ចំពោះ​អ្វី​ដែល​ព្រះយេហូវ៉ា​មាន​បន្ទូល។ លោក​អែសរ៉ា​បាន​អនុវត្ត​តាម​អ្វី​ដែល​គាត់​បាន​រៀន និង​បាន​ខំ​បង្រៀន​អ្នក​ដទៃ​ដែរ។

៧:១៣: ព្រះយេហូវ៉ា​ចង់​បាន​អ្នក​បំរើ​ដែល​ស្ម័គ្រ​ចិត្ត។

៧:២៧, ២៨; ៨:២១​-​២៣: អែសរ៉ា​បាន​ទុកចិត្ត​ទៅ​លើ​ព្រះយេហូវ៉ា បាន​អធិស្ឋាន​ថ្វាយ​ទ្រង់​ដោយ​ស្មោះ​មុន​នឹង​ធ្វើ​ដំណើរ​ដ៏​យូរ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ទៅ​ដល់​ក្រុង​យេរូសាឡិម។ ហើយ​គាត់​ហ៊ាន​ផ្សង​គ្រោះថ្នាក់​ដើម្បី​សិរី​រុងរឿង​របស់​ព្រះ។ ហេតុ​ដូច្នេះ​ហើយ គាត់​តាំង​ទុក​គំរូ​ដ៏​ល្អ​សំរាប់​យើង​គ្រប់​គ្នា។

៩:២: យើង​ត្រូវ​ធ្វើ​តាម​ការដាស់តឿន​ឲ្យ​រៀបការ​តែ«ក្នុង​ព្រះអម្ចាស់»។—កូរិនថូសទី១ ៧:៣៩

៩:១៤, ១៥: ការសេពគប់​មិន​ល្អ​អាច​នាំ​ឲ្យ​ព្រះយេហូវ៉ា​មិន​សព្វ​ព្រះហឫទ័យ​នឹង​យើង។

១០:២​-​១២, ៤៤: មនុស្ស​ដែល​យក​ប្រពន្ធ​ដែល​ជា​ជនជាតិ​ផ្សេង​បាន​ប្រែចិត្ត​ដោយ​ចិត្តរាបទាប ហើយ​កែ​ដំរូវ​ផ្លូវ​ខុស​របស់​ខ្លួន។ ចិត្តគំនិត​និង​ការប្រព្រឹត្ត​របស់​ពួក​គេ​គឺ​គួរ​ឲ្យ​សរសើរ​មែន។

ព្រះយេហូវ៉ា​ធ្វើ​តាម​សេចក្ដីសន្យា​របស់​ទ្រង់

សៀវភៅ​អែសរ៉ា​មាន​ប្រយោជន៍​សំរាប់​យើង​មែន! ព្រះយេហូវ៉ា​បំពេញ​តាម​សេចក្ដីសន្យា​របស់​ទ្រង់​តាម​ត្រូវ​ពេល ដើម្បី​រំដោះ​រាស្ត្រ​ទ្រង់​ពី​បាប៊ីឡូន និង​ស្ថាបនា​ការថ្វាយបង្គំ​ពិត​ឡើង​វិញ​នៅ​ក្នុង​ក្រុង​យេរូសាឡិម។ នេះ​ពង្រឹង​ជំនឿ​យើង​លើ​ព្រះយេហូវ៉ា​និង​សេចក្ដីសន្យា​របស់​ទ្រង់​មែន​ទេ?

ចូរ​គិត​នូវ​ឧទាហរណ៍​ផ្សេងៗ​ដែល​មាន​ក្នុង​សៀវភៅ​អែសរ៉ា។ ភក្ដីភាព​ដ៏​ល្អ​ប្រសើរ​ចំពោះ​ព្រះ​ត្រូវ​បាន​បង្ហាញ​ដោយ​អែសរ៉ា និង​ពួក​សំណល់​ដែល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ចូល​រួម​ក្នុង​ការស្ថាបនា​ឡើង​វិញ​នូវ​ការថ្វាយបង្គំ​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម។ សៀវភៅ​នេះ​ក៏​បញ្ជាក់​នូវ​ជំនឿ​នៃ​ពួក​សាសន៍​ដទៃ​ដែល​កោតខ្លាច​ព្រះ និង​ពួក​អ្នក​ប្រព្រឹត្ត​ខុស​ដែល​មាន​ចិត្តគំនិត​រាបទាប​ហើយ​បាន​កែប្រែ​នោះ។ ប្រាកដ​ហើយ ពាក្យ​របស់​អែសរ៉ា​ដែល​ត្រូវ​ព្រះ​បណ្ដាល​ឲ្យ​តែង ផ្ដល់​នូវ​ភស្តុតាង​យ៉ាង​ច្បាស់​ថា«ព្រះបន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង»។—ហេព្រើរ ៤:១២

[តារាង​/​រូបភាព​នៅ​ទំព័រ​៨]

បណ្ដា​ស្តេច​ពេស៊ី​ពី​ឆ្នាំ​៥៧៣​-​៤៦៨​មុនគ.ស.

ស្តេច​ស៊ីរូស (អែសរ៉ា ១:១) បាន​សោយទិវង្គត​នៅ​ឆ្នាំ​៥៣០​មុនគ.ស.

ស្តេច​កេមប៊ីសេស​ឬ​អ័ហាស៊ូរុស (អែសរ៉ា ៤:៦) ៥៣០​-​៥២២​មុនគ.ស.

ស្តេច​អើថាស៊ើកសេស កោម៉ាតា (អែសរ៉ា ៤:៧) ៥២២​មុនគ.ស. (ត្រូវ​គេ​ធ្វើ​ឃាត​ក្រោយ​បាន

ឬ​បាឌីយ៉ា សោយរាជ្យ​ត្រឹម​តែ​ប្រាំពីរ​ខែ)

ស្តេច​ដារីយុស​ទី១ (អែសរ៉ា ៤:២៤) ៥២២​-​៤៨៦​មុនគ.ស.

ស្តេច​ស៊ើកសេស​ឬ​អ័ហាស៊ូរុសa ៤៨៦​-​៤៧៥​មុនគ.ស. (បាន​សោយរាជ្យ​ជា​មួយ​ដារីយុស​ទី១

ពី​ឆ្នាំ​៤៩៦​-​៤៨៦​មុនគ.ស.

ស្តេច​អើថាស៊ើកសេស ឡុងគីម៉ានូស (អែសរ៉ា ៧:១) ៤៧៥​-​៤២៤​មុនគ.ស.

[កំណត់​សម្គាល់]

a សៀវភៅ​អែសរ៉ា​មិន​រៀបរាប់​អំពី​ស្តេច​ស៊ើកសេស​ឡើយ។ សៀវភៅ​នាងអេសធើរ​សំដៅ​លើ​ទ្រង់​ជា​អ័ហាស៊ូរុស។

[រូបភាព]

អ័ហាស៊ូរុស

[រូបភាព​នៅ​ទំព័រ​៨]

ស៊ីរូស

[រូបភាព​នៅ​ទំព័រ​៨]

សិលាចារឹក​របស់​ស៊ីរូស​បាន​ចែង អំពី​ច្បាប់​នៃ​ការ​ឲ្យ​ជននិរទេស​ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ

[អ្នក​ផ្ដល់​សិទ្ធិ]

Cylinder: Photograph taken by courtesy of the British Museum

[រូបភាព​នៅ​ទំព័រ​១១]

តើ​អ្នក​ដឹង​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​អែសរ៉ា​ទៅ​ជា​អ្នក​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក