អត្ថបទសិក្សា ៤៨
អ្នកអាចរក្សាទំនុកចិត្តក្នុងអំឡុងគ្រាលំបាក
«‹ចូររឹងមាំឡើង . . . ព្រោះខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌»។—ហាក. ២:៤
ចម្រៀងលេខ១១៨ «សូមជួយយើងឲ្យមានជំនឿថែមទៀត»
សេចក្ដីសង្ខេបa
១-២. (ក) តើមានភាពស្រដៀងគ្នាអ្វីរវាងស្ថានភាពរបស់យើងនិងស្ថានភាពរបស់ជនជាតិយូដាដែលត្រឡប់ទៅក្រុងយេរូសាឡិមវិញ? (ខ) សូមរៀបរាប់អំពីការពិបាកខ្លះរបស់ជនជាតិយូដា។ (សូមមើលប្រអប់ដែលមានចំណងជើងថា «សម័យរបស់ហាកាយ សាការី និងអែសរ៉ា»)
ជួនកាល តើអ្នកបារម្ភអំពីថ្ងៃអនាគតឬទេ? ប្រហែលជាអ្នកបាត់បង់ការងារ ហើយបារម្ភអំពីការផ្គត់ផ្គង់ក្រុមគ្រួសាររបស់អ្នក។ អ្នកប្រហែលជាព្រួយអំពីសុវត្ថិភាពរបស់ក្រុមគ្រួសារអ្នក ដោយសារភាពចលាចលក្នុងរឿងនយោបាយ ការបៀតបៀន ឬការប្រឆាំងចំពោះកិច្ចបម្រើផ្សាយ។ តើអ្នកកំពុងជួបបញ្ហាទាំងនេះឬទេ? បើដូច្នេះ អ្នកនឹងទទួលប្រយោជន៍ពីការពិចារណារអំពីរបៀបដែលព្រះយេហូវ៉ាបានជួយជនជាតិអ៊ីស្រាអែលនៅសម័យបុរាណពេលពួកគេមានបញ្ហាស្រដៀងនឹងនេះ។
២ ជនជាតិយូដាដែលរស់នៅបាប៊ីឡូនពេញមួយជីវិតរបស់ពួកគេ ត្រូវមានជំនឿរឹងមាំដើម្បីលះបង់របៀបរស់នៅដ៏សុខស្រួលរបស់ពួកគេនៅទីនោះ ហើយធ្វើដំណើរទៅស្រុកមួយដែលពួកគេភាគច្រើនមិនសូវស្គាល់។ មិនយូរក្រោយពីពួកគេបានទៅដល់ ពួកគេចាប់ផ្ដើមមានការពិបាកក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារ។ ម្យ៉ាងទៀត មានភាពចលាចលក្នុងចក្រភពពើស៊ី ព្រមទាំងការប្រឆាំងពីប្រជាជាតិនៅជុំវិញ។ ដូច្នេះ អ្នកខ្លះពិបាកផ្ដោតអារម្មណ៍ទៅលើការសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញ។ យ៉ាងនេះ ប្រហែលជានៅឆ្នាំ៥២០ មុនគ.ស. ព្រះយេហូវ៉ាបានចាត់អ្នកប្រកាសទំនាយពីរនាក់គឺហាកាយនិងសាការីឲ្យជួយបណ្ដាជនមានចិត្តខ្នះខ្នែងឡើងវិញ។ (ហាក. ១:១; សាក. ១:១) ដូចយើងនឹងឃើញ ការលើកទឹកចិត្តពីអ្នកប្រកាសទំនាយទាំងនេះមានលទ្ធផលល្អ។ ប៉ុន្តែជិត៥០ឆ្នាំក្រោយមក ជនជាតិយូដាដែលបានត្រឡប់មកវិញនោះត្រូវការការលើកទឹកចិត្តម្ដងទៀត។ យ៉ាងនេះ អែសរ៉ាដែលជាអ្នកចម្លងច្បាប់ដ៏ស្ទាត់ជំនាញបានមកពីបាប៊ីឡូនទៅក្រុងយេរូសាឡិម ដើម្បីលើកទឹកចិត្តរាស្ត្រព្រះឲ្យចាត់ទុកការគោរពប្រណិប័តន៍ពិតថាជាអ្វីសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។—អែស. ៧:១, ៦
៣. តើយើងនឹងពិចារណាសំណួរអ្វីខ្លះ? (សុភាសិត ២២:១៩)
៣ ដូចទំនាយរបស់ហាកាយនិងសាការីបានជួយរាស្ត្រព្រះនៅអតីតកាលឲ្យបន្តទុកចិត្តព្រះយេហូវ៉ាក្នុងអំឡុងការប្រឆាំង ទំនាយទាំងនោះក៏អាចជួយយើងនៅសព្វថ្ងៃនេះឲ្យរក្សាទំនុកចិត្តទៅលើការគាំទ្ររបស់ព្រះយេហូវ៉ា ទោះជាមានការពិបាកក្នុងជីវិតយ៉ាងណាក្ដី។ (សូមអាន សុភាសិត ២២:១៩) កាលដែលយើងពិចារណាអំពីដំណឹងរបស់ព្រះដែលបានត្រូវប្រកាសប្រាប់ដោយហាកាយនិងសាការី ហើយពិចារណាគំរូរបស់អែសរ៉ា យើងនឹងទទួលចម្លើយចំពោះសំណួរដូចតទៅនេះ៖ តើការពិបាកក្នុងជីវិតបានជះឥទ្ធិពលយ៉ាងណាទៅលើជនជាតិយូដាដែលបានត្រឡប់ទៅវិញ? ហេតុអ្វីយើងគួរបន្តផ្ដោតអារម្មណ៍ទៅលើការធ្វើតាមបំណងប្រាថ្នារបស់ព្រះក្នុងអំឡុងគ្រាពិបាក? តើយើងអាចពង្រឹងទំនុកចិត្តរបស់យើងលើព្រះយេហូវ៉ានៅគ្រាលំបាកយ៉ាងដូចម្ដេច?
តើការពិបាកមានឥទ្ធិពលយ៉ាងណាទៅលើជនជាតិយូដាដែលបានត្រឡប់ទៅវិញ?
៤-៥. តើអ្វីប្រហែលជាបាននាំឲ្យចិត្តខ្នះខ្នែងរបស់ជនជាតិអ៊ីស្រាអែលចំពោះកិច្ចការសង់វិហាររសាយទៅ?
៤ ពេលជនជាតិយូដាបានត្រឡប់ទៅដល់ក្រុងយេរូសាឡិមវិញ ពួកគេមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ភ្លាមៗនោះ ពួកគេសង់ទីបូជារបស់ព្រះយេហូវ៉ាឡើងវិញ និងដាក់គ្រឹះវិហារ។ (អែស. ៣:១-៣, ១០) ប៉ុន្តែមិនយូរក្រោយមក ចិត្តរំភើបរបស់ពួកគេនៅដើមដំបូងបានរសាយទៅ។ ហេតុអ្វី? ក្រៅពីកិច្ចការសាងសង់វិហារ ពួកគេត្រូវសង់ផ្ទះសម្រាប់ខ្លួនឯង ចាប់ផ្ដើមធ្វើស្រែចម្ការ និងផ្គត់ផ្គង់អាហារដល់ក្រុមគ្រួសាររបស់ពួកគេ។ (អែស. ២:៦៨, ៧០) ម្យ៉ាងទៀត ពួកគេជួបការប្រឆាំងពីពួកសត្រូវដែលរៀបគម្រោងបញ្ឈប់កិច្ចការសាងសង់វិហារនោះ។—អែស. ៤:១-៥
៥ និរទេសជនដែលបានត្រឡប់ទៅវិញក៏បានទទួលឥទ្ធិពលពីភាពចលាចលក្នុងរឿងនយោបាយនិងបញ្ហាសេដ្ឋកិច្ចដែរ។ នៅពេលនោះទឹកដីរបស់ពួកគេគឺជាផ្នែកមួយនៃចក្រភពពើស៊ី។ ក្រោយពីស្ដេចស៊ីរូសដែលជាស្ដេចស្រុកពើស៊ីបានស្លាប់នៅឆ្នាំ៥៣០ មុនគ.ស. ស្ដេចកេមប៊ីសេសដែលជាអ្នកស្នងតំណែងពីគាត់ចង់ដណ្ដើមយកស្រុកអេហ្ស៊ីប។ កាលដែលកំពុងធ្វើដំណើរទៅស្រុកអេហ្ស៊ីប ពួកទាហានរបស់គាត់ទំនងជាទាមទារអាហារ ទឹក និងជម្រកពីជនជាតិអ៊ីស្រាអែល ដែលនាំឲ្យបណ្ដាជនកាន់តែពិបាកថែមទៀត។ នៅដើមការគ្រប់គ្រងនៃស្ដេចដារីយុសទី១ដែលជាស្ដេចបន្ទាប់ នៅតែមានបញ្ហាជាច្រើនក្នុងចក្រភពពើស៊ី ដូចជាការបះបោរនិងភាពចលាចលជាដើម។ អ្វីទាំងអស់នេះច្បាស់ជាបានធ្វើឲ្យនិរទេសជនជាច្រើននាក់ដែលបានត្រឡប់ទៅវិញ មានការព្រួយបារម្ភអំពីរបៀបដែលពួកគេនឹងផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេ។ ដោយសារអស្ថិរភាពទាំងអស់ដែលពួកគេជួបប្រទះ ជនជាតិយូដាខ្លះមានអារម្មណ៍ថាគឺមិនមែនជាពេលត្រឹមត្រូវឲ្យសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញទេ។—ហាក. ១:២
៦. យោងទៅតាមសាការី ៤:៦, ៧ តើជនជាតិយូដាបានជួបការពិបាកអ្វីទៀត ហើយតើសាការីបានពង្រឹងកម្លាំងចិត្តពួកគេតាមរបៀបណា?
៦ សូមអាន សាការី ៤:៦, ៧។ ក្រៅពីជួបការពិបាកខាងសេដ្ឋកិច្ចនិងចលនានយោបាយ ជនជាតិយូដាក៏ត្រូវប្រឈមមុខនឹងការប្រឆាំងដែរ។ នៅឆ្នាំ៥២២ មុនគ.ស. ពួកសត្រូវបានបញ្ចុះបញ្ចូលរដ្ឋាភិបាលពើស៊ីឲ្យបញ្ឈប់ការសាងសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញ។ ប៉ុន្តែ សាការីបានពង្រឹងកម្លាំងចិត្តជនជាតិយូដាថា ព្រះយេហូវ៉ានឹងប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកដើម្បីដកឧបសគ្គណាក៏ដោយចេញ។ នៅឆ្នាំ៥២០ មុនគ.ស. ស្ដេចដារីយុសបានអនុញ្ញាតឲ្យពួកគេបន្ដធ្វើកិច្ចការសាងសង់វិហារ ហើយបានផ្ដល់ទ្រព្យសម្បត្តិដល់ពួកគេដើម្បីធ្វើកិច្ចការនោះ។ គាត់ក៏បានបង្គាប់អភិបាលស្រុកឲ្យជួយពួកគេផងដែរ។—អែស. ៦:១, ៦-១០
៧. ពេលជនជាតិយូដាចាត់ទុកបំណងប្រាថ្នារបស់ព្រះថាសំខាន់បំផុត តើពួកគេបានទទួលពរអ្វីខ្លះ?
៧ តាមរយៈហាកាយនិងសាការី ព្រះយេហូវ៉ាបានសន្យានឹងរាស្ត្រលោកថាពួកគេនឹងមានការគាំទ្រពីលោកបើពួកគេចាត់ទុកការសង់វិហារឡើងវិញជាអ្វីសំខាន់បំផុត។ (ហាក. ១:៨, ១៣, ១៤; សាក. ១:៣, ១៦) ដោយមានការលើកទឹកចិត្តពីអ្នកប្រកាសទំនាយទាំងនោះ ជនជាតិយូដាដែលបានត្រឡប់ទៅវិញបានចាប់ផ្ដើមធ្វើកិច្ចការសាងសង់វិហារម្ដងទៀតនៅឆ្នាំ៥២០ មុនគ.ស. ហើយបានបង្ហើយកិច្ចការនោះក្នុងរយៈពេលតិចជាង៥ឆ្នាំ។ ដោយសារជនជាតិយូដាចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់ព្រះជាអ្វីសំខាន់បំផុតទោះជាមានការពិបាកក្ដី ពួកគេបានទទួលការគាំទ្រពីព្រះយេហូវ៉ាមិនគ្រាន់តែខាងសេចក្ដីត្រូវការប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏ខាងការគោរពប្រណិប័តន៍ដែរ។ ជាលទ្ធផល ពួកគេបានគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយអំណរ។—អែស. ៦:១៤-១៦, ២២
ចូរបន្តផ្ដោតអារម្មណ៍ទៅលើការធ្វើតាមបំណងប្រាថ្នារបស់ព្រះ
៨. តើពាក្យនៅហាកាយ ២:៤អាចជួយយើងយ៉ាងដូចម្ដេចឲ្យបន្តផ្ដោតអារម្មណ៍ទៅលើការធ្វើតាមបំណងប្រាថ្នារបស់ព្រះ? (សូមមើលកំណត់សម្គាល់ផងដែរ)
៨ កាលដែលគ្រាទុក្ខវេទនាជាខ្លាំងកាន់តែខិតចូលមកដល់ យើងទទួលស្គាល់កាន់តែខ្លាំងថា គឺបន្ទាន់ដែលយើងធ្វើតាមបង្គាប់ឲ្យរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយ។ (ម៉ាក. ១៣:១០) ប៉ុន្តែ យើងប្រហែលជាពិបាកផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើរបស់យើងបើយើងមានបញ្ហាលុយកាក់ ឬបើយើងប្រឈមមុខនឹងការប្រឆាំងចំពោះកិច្ចការផ្សព្វផ្សាយរបស់យើង។ តើអ្វីអាចជួយយើងឲ្យចាត់ទុករាជាណាចក្រថាសំខាន់បំផុត? សូមបន្តមានទំនុកចិត្តថា«ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌»bគឺនៅខាងយើង។ លោកនឹងគាំទ្រយើងបើយើងបន្តចាត់ទុករាជាណាចក្រព្រះថាសំខាន់ជាងរឿងផ្ទាល់ខ្លួន។ ដូច្នេះ យើងមិនចាំបាច់ខ្លាចអ្វីឡើយ។—សូមអាន ហាកាយ ២:៤
៩-១០. តើតាមរបៀបណាប្ដីប្រពន្ធមួយគូបានឃើញថាពាក្យរបស់លោកយេស៊ូនៅម៉ាថាយ ៦:៣៣គឺជាការពិត?
៩ សូមពិចារណាអំពីគំរូរបស់បងប្រុសអូឡិសនិងបងស្រីអ៊ីរីណាc ជាគូប្ដីប្រពន្ធដែលបម្រើជាអ្នកត្រួសត្រាយ។ ក្រោយពីរើទៅជួយក្រុមជំនុំមួយនៅតំបន់ផ្សេង ពួកគាត់បានបាត់បង់ការងារដោយសារមានបញ្ហាសេដ្ឋកិច្ចនៅប្រទេសរបស់ពួកគាត់។ ទោះជាពួកគាត់មិនអាចរកការងារបានជាប់លាប់អស់រយៈពេលប្រហែលជាមួយឆ្នាំក្ដី ពួកគាត់តែងតែមានអារម្មណ៍ថាព្រះយេហូវ៉ាគាំទ្រពួកគាត់ ហើយជួនកាលទទួលជំនួយពីបងប្អូនរួមជំនឿផងដែរ។ តើអ្វីបានជួយពួកគាត់ពេលមានការពិបាកទាំងនេះ? បងអូឡិសដែលដំបូងធ្លាក់ទឹកចិត្តនិយាយថា៖ «ការបន្តជាប់រវល់ក្នុងកិច្ចបម្រើផ្សាយបានជួយយើងឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់បំផុតក្នុងជីវិត»។ កាលដែលគាត់និងប្រពន្ធគាត់បន្តស្វែងរកការងារ ពួកគាត់បន្តជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ។
១០ នៅថ្ងៃមួយពេលពួកគាត់ត្រឡប់មកផ្ទះពីកិច្ចបម្រើផ្សាយវិញ ពួកគាត់បានឃើញថាមានមិត្តជិតស្និទ្ធម្នាក់បានធ្វើដំណើរចម្ងាយប្រហែលជា១៦០គីឡូម៉ែត្រដើម្បីនាំយកអាហារពីរថង់មកទុកឲ្យពួកគាត់។ បងអូឡិសនិយាយថា៖ «នៅថ្ងៃនោះ យើងបានឃើញម្ដងទៀតអំពីរបៀបដែលព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើង ហើយយើងក៏ឃើញថាក្រុមជំនុំយកចិត្តទុកដាក់យើងយ៉ាងខ្លាំងដែរ។ យើងមានទំនុកចិត្តថាព្រះយេហូវ៉ាមិនដែលភ្លេចពួកអ្នកបម្រើរបស់លោកទេ មិនថាមើលទៅស្ថានភាពរបស់ពួកគេអស់សង្ឃឹមយ៉ាងណាក្ដី»។—ម៉ាថ. ៦:៣៣
១១. តើយើងអាចរំពឹងអ្វីបើយើងបន្តផ្ដោតអារម្មណ៍ទៅលើការធ្វើតាមបំណងប្រាថ្នារបស់ព្រះ?
១១ ព្រះយេហូវ៉ាចង់ឲ្យយើងផ្ដោតអារម្មណ៍ទៅលើកិច្ចការសង្គ្រោះជីវិតដោយបន្តបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ ដូចបានត្រូវរៀបរាប់នៅវគ្គ៧ ហាកាយបានលើកទឹកចិត្តរាស្ត្រព្រះយេហូវ៉ាឲ្យចាប់ផ្ដើមបំពេញកិច្ចបម្រើពិសិដ្ឋរបស់ពួកគេជាថ្មី ហាក់ដូចជាពួកគេដាក់គ្រឹះវិហារម្ដងទៀត។ បើពួកគេធ្វើដូច្នេះ ព្រះយេហូវ៉ាសន្យាថាលោកនឹង«ឲ្យពរជាបរិបូរ»។ (ហាក. ២:១៨, ១៩) យើងក៏អាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងឲ្យពរចំពោះការខំប្រឹងរបស់យើង បើយើងចាត់ទុកកិច្ចការដែលលោកបានប្រគល់ឲ្យយើងថាសំខាន់បំផុត។
របៀបពង្រឹងទំនុកចិត្តលើព្រះយេហូវ៉ា
១២. ហេតុអ្វីអែសរ៉ានិងនិរទេសជនឯទៀតត្រូវមានជំនឿរឹងមាំ?
១២ នៅឆ្នាំ៤៦៨ មុនគ.ស. អែសរ៉ាបានធ្វើដំណើរជាមួយជនជាតិយូដាក្រុមទី២ពីបាប៊ីឡូនទៅក្រុងយេរូសាឡិម។ អែសរ៉ានិងពួកអ្នកទៅជាមួយគាត់ត្រូវការជំនឿរឹងមាំដើម្បីធ្វើដំណើរនោះ។ ពួកគេនឹងត្រូវធ្វើដំណើរតាមផ្លូវដែលមានគ្រោះថ្នាក់ ដោយនាំយកមាសនិងប្រាក់យ៉ាងច្រើនសន្ធឹកដែលបានត្រូវជូនសម្រាប់វិហារ។ នេះអាចធ្វើឲ្យពួកគេងាយត្រូវចោរប្លន់។ (អែស. ៧:១២-១៦; ៨:៣១) ម្យ៉ាងទៀត មិនយូរក្រោយមក ពួកគេបានឃើញថាក្រុងយេរូសាឡិមមិនមានសុវត្ថិភាពទេ។ ក្រុងនោះមិនសូវមានមនុស្សរស់នៅ ហើយកំពែងនិងទ្វារក្រុងត្រូវការជួសជុល។ តើយើងអាចរៀនអ្វីពីអែសរ៉ាអំពីការពង្រឹងទំនុកចិត្តរបស់យើងលើព្រះយេហូវ៉ា?
១៣. តើអែសរ៉ាបានពង្រឹងទំនុកចិត្តរបស់គាត់លើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (សូមមើលកំណត់សម្គាល់ផងដែរ)
១៣ អែសរ៉ាបានឃើញរបៀបដែលព្រះយេហូវ៉ាគាំទ្ររាស្ត្រលោកនៅគ្រាលំបាក។ ច្រើនឆ្នាំមុន នៅឆ្នាំ៤៨៤ មុនគ.ស. អែសរ៉ាទំនងជារស់នៅបាប៊ីឡូន ពេលដែលស្ដេចអាហាស៊ូរុសបានចេញបង្គាប់ឲ្យគេសម្លាប់ជនជាតិយូដាទាំងអស់ដែលរស់នៅចក្រភពពើស៊ី។ (អេធ. ៣:៧, ១៣-១៥) អែសរ៉ានិងជនជាតិយូដាទាំងអស់ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់មែន! ពេលពួកគេឮអំពីបង្គាប់នោះ ពួកគេពិបាកចិត្តជាខ្លាំងរហូតដល់ពួកគេតមអាហារ និងអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាទាំងយំ។ (អេធ. ៤:៣) ដូច្នេះសូមស្រមៃគិតថាតើអែសរ៉ានិងជនជាតិយូដាឯទៀតមានអារម្មណ៍យ៉ាងណាទៅនៅពេលក្រោយមក ពេលពួកអ្នកដែលមានគម្រោងសម្លាប់ពួកគេត្រូវស្លាប់វិញ។ (អេធ. ៩:១, ២) អ្វីដែលកើតឡើងចំពោះអែសរ៉ាក្នុងអំឡុងគ្រាលំបាកនោះ ប្រហែលជាបានជួយគាត់ឲ្យត្រៀមខ្លួនសម្រាប់ការសាកល្បងនៅថ្ងៃខាងមុខ ហើយទំនងជាបានពង្រឹងទំនុកចិត្តគាត់ថា ព្រះយេហូវ៉ាមានសមត្ថភាពដើម្បីការពាររាស្ត្រលោក។d
១៤. តើបងស្រីម្នាក់បានរៀនអ្វីពេលគាត់បានទទួលការយកចិត្តទុកដាក់ពីព្រះយេហូវ៉ាក្នុងអំឡុងគ្រាលំបាក?
១៤ ពេលយើងទទួលការយកចិត្តទុកដាក់ពីព្រះយេហូវ៉ាក្នុងអំឡុងគ្រាលំបាក ទំនុកចិត្តរបស់យើងទៅលើលោកកាន់តែខ្លាំងឡើង។ សូមពិចារណាអំពីគំរូរបស់បងស្រីអាណាស្តាស៊ីយ៉ាដែលរស់នៅទ្វីបអឺរ៉ុបភាគខាងកើត។ គាត់បានលាឈប់ពីការងាររបស់គាត់ដើម្បីរក្សាអព្យាក្រឹតភាព។ គាត់និយាយថា៖ «នោះជាលើកដំបូងក្នុងឆាកជីវិតខ្ញុំដែលខ្ញុំដាច់លុយ»។ គាត់បន្ថែមថា៖ «ខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ា ហើយបានឃើញរបៀបដែលលោកយកចិត្តទុកដាក់យ៉ាងកក់ក្ដៅចំពោះខ្ញុំ។ បើខ្ញុំបាត់បង់ការងារម្ដងទៀត ខ្ញុំនឹងមិនភ័យខ្លាចទេ។ បើបិតារបស់ខ្ញុំនៅស្ថានសួគ៌យកចិត្តទុកដាក់ខ្ញុំនៅថ្ងៃនេះ លោកនឹងយកចិត្តទុកដាក់ខ្ញុំនៅថ្ងៃស្អែកដែរ»។
១៥. តើអ្វីបានជួយអែសរ៉ាឲ្យរក្សាទំនុកចិត្តទៅលើព្រះយេហូវ៉ា? (អែសរ៉ា ៧:២៧, ២៨)
១៥ អែសរ៉ាបានឃើញរបៀបដែលព្រះយេហូវ៉ាបានជួយគាត់ផ្ទាល់។ ការរំពឹងគិតអំពីពេលដែលព្រះយេហូវ៉ាបានជួយអែសរ៉ា ច្បាស់ជាបានជួយគាត់ឲ្យរក្សាទំនុកចិត្តរបស់គាត់លើព្រះយេហូវ៉ា។ សូមកត់សម្គាល់ឃ្លាដែលថា«ព្រះយេហូវ៉ាគាំទ្រខ្ញុំ»។ (សូមអាន អែសរ៉ា ៧:២៧, ២៨) អែសរ៉ាបានប្រើពាក្យស្រដៀងនេះ៦ដងក្នុងសៀវភៅគម្ពីរដែលគាត់បានសរសេរ។—អែស. ៧:៦, ៩; ៨:១៨, ២២, ៣១
តើយើងប្រហែលជាឃើញជំនួយពីព្រះកាន់តែច្បាស់នៅក្នុងស្ថានភាពអ្វីខ្លះនៃជីវិតយើង? (សូមមើលវគ្គ១៦)e
១៦. តើយើងប្រហែលជាឃើញជំនួយពីព្រះកាន់តែច្បាស់នៅក្នុងស្ថានភាពអ្វីខ្លះនៃជីវិតយើង? (សូមមើលរូបភាពផងដែរ)
១៦ ព្រះយេហូវ៉ាអាចជួយយើងពេលយើងជួបការពិបាក។ ជាឧទាហរណ៍ ពេលយើងសុំច្បាប់ពីថៅកែរបស់យើងដើម្បីយើងអាចចូលរួមមហាសន្និបាត ឬពេលសុំផ្លាស់ប្ដូរម៉ោងការងាររបស់យើងដើម្បីចូលរួមកិច្ចប្រជុំទាំងអស់ យើងអាចឃើញច្បាស់អំពីរបៀបដែលព្រះយេហូវ៉ាជួយយើង។ លទ្ធផលប្រហែលជាល្អជាងយើងនឹកស្មានទៅទៀត! យ៉ាងនេះ ទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាកាន់តែខ្លាំងឡើង។
អែសរ៉ាអធិដ្ឋានទាំងយំកាលដែលនៅឯវិហារ ដោយសារគាត់ពិបាកចិត្តអំពីអំពើខុសឆ្គងរបស់បណ្ដាជន។ បណ្ដាជនក៏យំដែរ។ បន្ទាប់មក សេកានៀសម្រាលទុក្ខអែសរ៉ាដោយពង្រឹងទំនុកចិត្តគាត់ថា៖ «នៅតែមានសង្ឃឹមសម្រាប់បណ្ដាជនអ៊ីស្រាអែល . . . យើងនឹងជួយគាំទ្រអ្នក»។—អែស. ១០:២, ៤ (សូមមើលវគ្គ១៧)
១៧. តើអែសរ៉ាបានបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេចក្នុងអំឡុងគ្រាលំបាក? (សូមមើលរូបភាពនៅក្រប)
១៧ អែសរ៉ាបានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាដោយចិត្តរាបទាប។ រាល់ដងដែលគាត់មានអារម្មណ៍ថាភារកិច្ចរបស់គាត់គឺហួសពីសមត្ថភាពគាត់ គាត់បានអធិដ្ឋានទៅព្រះយេហូវ៉ាដោយចិត្តរាបទាប។ (អែស. ៨:២១-២៣; ៩:៣-៥) ចិត្តគំនិតរបស់អែសរ៉ាបានជំរុញចិត្តពួកអ្នកដែលនៅជុំវិញគាត់ឲ្យគាំទ្រគាត់និងមានជំនឿដូចគាត់។ (អែស. ១០:១-៤) ពេលយើងខ្វល់ខ្វាយយ៉ាងខ្លាំងអំពីសេចក្ដីត្រូវការរបស់យើង ឬអំពីសុវត្ថិភាពរបស់ក្រុមគ្រួសារយើង យើងត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាដោយមានទំនុកចិត្ត។
១៨. តើអ្វីអាចជួយយើងឲ្យកាន់តែមានទំនុកចិត្តលើព្រះយេហូវ៉ា?
១៨ បើយើងស្វែងរកជំនួយពីព្រះយេហូវ៉ាដោយចិត្តរាបទាបនិងព្រមទទួលជំនួយពីបងប្អូនរួមជំនឿ ទំនុកចិត្តរបស់យើងទៅលើលោកនឹងកាន់តែខ្លាំងឡើង។ បងស្រីអ៊ីរីខាដែលមានកូនបីនាក់បានរក្សាទំនុកចិត្តរបស់គាត់លើព្រះយេហូវ៉ាពេលជួបរឿងដ៏ខ្លោចផ្សា។ ក្នុងរយៈពេលដ៏ខ្លី កូនក្នុងផ្ទៃរបស់គាត់បានស្លាប់ ហើយប្ដីជាទីស្រឡាញ់របស់គាត់ក៏បានស្លាប់ដែរ។ បងអ៊ីរីខានិយាយអំពីរឿងដ៏ខ្លោចផ្សាទាំងនោះថា៖ «យើងមិនអាចដឹងទុកជាមុនអំពីរបៀបដែលព្រះយេហូវ៉ានឹងជួយយើងទេ។ ជំនួយអាចមកតាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល។ ខ្ញុំបានឃើញថាសេចក្ដីអធិដ្ឋានជាច្រើនរបស់ខ្ញុំបានត្រូវតបឆ្លើយតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់មិត្តភក្ដិខ្ញុំ។ បើខ្ញុំនិយាយអស់ពីចិត្តទៅពួកគេ ពួកគេអាចងាយស្រួលជួយខ្ញុំជាង»។
ចូររក្សាទំនុកចិត្តលើព្រះយេហូវ៉ាជានិច្ច
១៩-២០. តើយើងរៀនអ្វីពីជនជាតិយូដាដែលមិនអាចត្រឡប់ទៅក្រុងយេរូសាឡិមវិញ?
១៩ យើងក៏អាចទាញមេរៀនដ៏មានតម្លៃពីជនជាតិយូដាដែលមិនអាចត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ ពួកគេខ្លះមិនអាចត្រឡប់ទៅវិញបានដោយសារពួកគេមានវ័យចាស់ ឈឺ ឬស្ថានភាពរបស់ក្រុមគ្រួសារពួកគេមិនអនុញ្ញាតឲ្យពួកគេទៅ។ ទោះជាដូច្នេះក៏ដោយ ពួកគេពេញចិត្តគាំទ្រពួកអ្នកដែលត្រឡប់ទៅវិញដោយឲ្យអ្វីៗជាច្រើនដែលនឹងត្រូវការសម្រាប់វិហារ។ (អែស. ១:៥, ៦) តាមមើលទៅប្រហែលជា១៩ឆ្នាំក្រោយពីការមកដល់របស់ក្រុមទី១ដែលបានត្រឡប់មកក្រុងយេរូសាឡិមវិញ ពួកអ្នកដែលបន្តនៅបាប៊ីឡូននៅតែផ្ញើវិភាគទានទៅក្រុងយេរូសាឡិម។—សាក. ៦:១០
២០ ទោះជាយើងមានអារម្មណ៍ថាអ្វីដែលយើងអាចធ្វើក្នុងកិច្ចបម្រើព្រះមានកម្រិតក្ដី យើងអាចប្រាកដថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះការខំប្រឹងដ៏ស្មោះរបស់យើងដើម្បីធ្វើឲ្យលោកពេញចិត្ត។ តើយើងដឹងដូច្នេះយ៉ាងដូចម្ដេច? នៅសម័យសាការី ព្រះយេហូវ៉ាបានសុំអ្នកប្រកាសទំនាយរបស់លោកឲ្យធ្វើ«មកុដដ៏រុងរឿង»មួយពីមាសនិងប្រាក់ដែលនិរទេសជននៅបាប៊ីឡូនបានផ្ញើមក។ (សាក. ៦:១១, កំ.ស.) មកុដនេះនឹងត្រូវធ្វើជា«ការនឹកចាំ»អំពីវិភាគទានដែលពួកគេបានឲ្យដោយចិត្តទូលាយ។ (សាក. ៦:១៤, កំ.ស.) យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងមិនភ្លេចការខំប្រឹងអស់ពីចិត្តរបស់យើងដើម្បីបម្រើលោកក្នុងអំឡុងគ្រាលំបាកឡើយ។—ហេ. ៦:១០
២១. តើអ្វីនឹងជួយយើងឲ្យមានទំនុកចិត្តលើព្រះយេហូវ៉ាទោះជាមានអ្វីកើតឡើងនៅថ្ងៃអនាគតក្ដី?
២១ យើងមុខជានឹងបន្តជួបការពិបាកក្នុងគ្រាចុងក្រោយបង្អស់នេះ ហើយស្ថានភាពនានាប្រហែលជាកាន់តែអាក្រក់ទៅនៅថ្ងៃអនាគត។ (២ធី. ៣:១, ១៣) ប៉ុន្តែ យើងមិនចាំបាច់ខ្វល់ខ្វាយខ្លាំងនោះទេ។ សូមចាំពាក្យរបស់ព្រះយេហូវ៉ាទៅកាន់រាស្ត្រលោកនៅសម័យហាកាយថា៖ «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាហើយ . . . កុំភ័យខ្លាចឡើយ»។ (ហាក. ២:៤, ៥) យើងក៏អាចប្រាកដថាព្រះយេហូវ៉ានឹងនៅជាមួយយើង ដរាបណាយើងខំអស់ពីសមត្ថភាពដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ ដោយធ្វើតាមមេរៀនដែលយើងបានរៀនពីទំនាយរបស់ហាកាយនិងសាការី ព្រមទាំងគំរូរបស់អែសរ៉ា យើងនឹងរក្សាទំនុកចិត្តរបស់យើងលើព្រះយេហូវ៉ា មិនថាយើងជួបការពិបាកយ៉ាងណានៅថ្ងៃអនាគតក្ដី។
ចម្រៀងលេខ១២២ ចូរពង្រឹងជំហរឲ្យមាំមួនឡើង!
a អត្ថបទនេះបានត្រូវរៀបចំឡើងដើម្បីជួយយើងឲ្យពង្រឹងទំនុកចិត្តរបស់យើងលើព្រះយេហូវ៉ាពេលមានបញ្ហាសេដ្ឋកិច្ច ភាពចលាចលក្នុងរឿងនយោបាយនៅប្រទេសយើង ឬមានការប្រឆាំងចំពោះកិច្ចបម្រើផ្សាយរបស់យើង។
b ឃ្លាដែលថា៖ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌»មាន១៤លើកក្នុងសៀវភៅហាកាយ។ នេះបានរំលឹកជនជាតិយូដា ហើយក៏រំលឹកយើងដែរថាព្រះយេហូវ៉ាមានឫទ្ធានុភាពដែលគ្មានកម្រិតនិងមានបណ្ដាកងទ័ពទេវតាជាច្រើនសន្ធឹកនៅក្រោមអំណាចរបស់លោក។—ចសព. ១០៣:២០, ២១
c ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
d អែសរ៉ាជាអ្នកចម្លងពាក្យរបស់ព្រះយេហូវ៉ាដ៏ស្ទាត់ជំនាញ។ ដោយហេតុនេះគាត់មានទំនុកចិត្តទៅលើទំនាយពីព្រះយេហូវ៉ា សូម្បីតែមុនគាត់ធ្វើដំណើរទៅក្រុងយេរូសាឡិមក្ដី។—២ប្រ. ៣៦:២២, ២៣; អែស. ៧:៦, ៩, ១០; យេ. ២៩:១៤
e ការពណ៌នាអំពីរូបភាព៖ បងប្រុសម្នាក់សុំច្បាប់ថៅកែដើម្បីចូលរួមមហាសន្និបាត ប៉ុន្តែថៅកែនោះមិនព្រម។ បងប្រុសនោះអធិដ្ឋានសុំជំនួយនិងការណែនាំកាលដែលគាត់ត្រៀមខ្លួនទៅជួបថៅកែរបស់គាត់ម្ដងទៀត។ គាត់បង្ហាញលិខិតអញ្ជើញកម្មវិធីមហាសន្និបាតដល់ថៅកែនោះ ហើយពន្យល់អំពីតម្លៃនៃការអប់រំពីគម្ពីរ។ ថៅកែនោះកោតស្ងើច ហើយផ្លាស់ប្ដូរចិត្តរបស់គាត់វិញ។