បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w06 ១/៤ ទំ. ៨-១២
  • «គ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «គ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តម្រូវ​ការ​សំខាន់​ចំ​បង​មួយ
  • តើ​យើង​នឹង​សេពគប់​មិត្ត​បែប​ណា?
  • ការ​ជ្រើសរើស​ការងារ​ធ្វើ
  • ​«ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង»
  • ចូរ​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ
  • តើ​តែង​តែ​មាន​លទ្ធផល​ល្អ​ជានិច្ច​ទេ?
  • ចូរបង្ហាញជំនឿ ហើយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • របៀបដែលអ្នកអាចធ្វើការសម្រេចចិត្តដ៏ល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរធ្វើការសម្រេចចិត្ដដែលលើកកិត្ដិយសព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • របៀបធ្វើការសម្រេចចិត្តល្អ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
w06 ១/៤ ទំ. ៨-១២

​«គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»

​«យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន»។—រ៉ូម ១៤:១២

១​. តើ​យុវជន​សាសន៍​ហេព្រើរ​បី​នាក់​បាន​ទទួល​ខុស​ត្រូវ​ដោយ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី?

យុវជន​សាសន៍​ហេព្រើរ​បី​នាក់​ដែល​រស់​នៅ​ទី​ក្រុង​បាប៊ីឡូន ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ដែល​ជា​រឿង​ស្លាប់​រស់។ ពួក​គាត់​ត្រូវ​សម្រេច​ចិត្ត​ថា តើ​គួរ​ធ្វើ​តាម​ច្បាប់​រដ្ឋ ហើយ​ក្រាប​ថ្វាយ​បង្គំ​រូប​ធំ​សម្បើម​ដែល​បាន​ត្រូវ​តាំង​ឡើង​ទេ? ឬ​ក៏​តើ​មិន​គួរ​ថ្វាយ​បង្គំ​រូប​នោះ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​វិញ? យុវជន​បី​នាក់​នោះ សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​គ្មាន​ពេល​ដើរ​សួរ​យោបល់​អ្នក​ដទៃ ហើយ​ក៏​មិន​ចាំបាច់​សួរ​យោបល់​អ្នក​ដទៃ​ដែរ ដ្បិត​ពួក​គាត់​បាន​ប្រកាស​ភ្លាមៗ​ដោយ​មិន​រួញ​រា​ថា​៖ «សូម​ឲ្យ​ទ្រង់​ព្រះ​ករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយ​បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ»។ (ដានីយ៉ែល ៣:១​-​១៨) យុវជន​សាសន៍​ហេព្រើរ​បី​នាក់​នេះ ព្រម​ទទួល​បន្ទុក​ឬ​ភារកិច្ច​ជា​របស់​ផង​ខ្លួន។

២​. តាម​ពិត​ទៅ តើ​នរណា​បាន​សម្រេច​ចិត្ត​ជំនួស​លោក​ពីឡាត់​ក្នុង​រឿង​ក្ដី​របស់​ព្រះ​យេស៊ូ​គ្រីស្ទ? តើ​នេះ​មាន​ន័យ​ថា​លោក​ពីឡាត់​រួច​ពី​ការ​ទទួល​ខុស​ត្រូវ​ទេ?

២ ប្រមាណ​៦០០​ឆ្នាំ​ក្រោយ​មក លោក​ប៉ុនទាស ពីឡាត់​ដែល​ជា​អភិបាល​រ៉ូម​បាន​ស្ដាប់​ប្រជាជន​ចោទ​ប្រកាន់​បុរស​ម្នាក់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ ក្រោយ​លោក​ពីឡាត់​បាន​ស្ដាប់​រឿង​ក្ដី​របស់​ព្រះ​យេស៊ូ​សព្វ​គ្រប់ គាត់​ជឿជាក់​ថា​ព្រះ​យេស៊ូ​គ្មាន​ទោស​កំហុស​អ្វី​ទេ។ ក៏​ប៉ុន្តែ​ហ្វូង​មនុស្ស​ទាមទារ​ឲ្យ​កាត់​ទោស​ព្រះ​យេស៊ូ​ដល់​ជីវិត។ នៅ​ដើម​ដំបូង​លោក​ពីឡាត់​មិន​ព្រម​ទេ ប៉ុន្តែ​ក្រោយ​មក​គាត់​លែង​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន ហើយ​បាន​បន្ទន់​ទៅ​តាម​សម្រែក​ទទូច​បង្ខំ​របស់​ប្រជាជន។ នៅ​មុខ​ប្រជាជន គាត់​បាន​លាង​ដៃ ជា​និមិត្តរូប​នៃ​ការ​លែង​ទទួល​ខុស​ត្រូវ រួច​គាត់​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​គ្មាន​ទោស​នឹង​ឈាម​នៃ​អ្នក​សុចរិត​នេះ​ទេ»។ បន្ទាប់​មក​គាត់​ប្រគល់​ព្រះ​យេស៊ូ​ទៅ​ឲ្យ​គេ​ធ្វើ​គុត។ ជាជាង​ទទួល​ខុស​ត្រូវ​ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​ក្ដី​របស់​ព្រះ​យេស៊ូ​គ្រីស្ទ លោក​ប៉ុន្ទាស​ពីឡាត់​បាន​ឲ្យ​អ្នក​ឯ​ទៀត​សម្រេច​ចិត្ត​ជំនួស​គាត់​វិញ។ គ្មាន​ទឹក​ឯ​ណា​អាច​លាង​ជំរះ​ទោស​កំហុស​ដែល​លោក​ពីឡាត់​មាន ពីព្រោះ​គាត់​បាន​កាត់​ទោស​ព្រះ​យេស៊ូ​ដោយ​អយុត្ដិធម៌​នោះ។—ម៉ាថាយ ២៧:១១​-​២៦; លូកា ២៣:១៣​-​២៥

៣​. ហេតុ​អ្វី​យើង​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​យើង?

៣ ចុះ​អ្នក​វិញ? នៅ​ពេល​ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត តើ​អ្នក​មាន​លក្ខណៈ​ដូច​យុវជន​សាសន៍​ហេព្រើរ​បី​នាក់​នោះ ឬ​មួយ​ក៏​តើ​អ្នក​ឲ្យ​មនុស្ស​ឯ​ទៀត​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​អ្នក​វិញ? ការ​សម្រេច​ចិត្ត​គឺ​មិន​ស្រួល​ទេ។ យើង​ត្រូវ​មាន​គំនិត​ចាស់​ទុំ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ មាតា​បិតា​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​ដើម្បី​ប្រយោជន៍​កូន​របស់​ខ្លួន​ដែល​មិន​គ្រប់​អាយុ​តាម​ផ្លូវ​ច្បាប់។ ការ​សម្រេច​ចិត្ត​គឺ​ពិបាក​ជាង​ធម្មតា បើ​មាន​បញ្ហា​ស្មុគស្មាញ​ណា​មួយ​ដែល​តម្រូវ​ឲ្យ​គិត​ថ្លឹង​ថ្លែង​អំពី​កត្ដា​ផ្សេងៗ។ ក៏​ប៉ុន្តែ​ភារកិច្ច​ធ្វើ​ការ​សម្រេច​ចិត្ត មិន​មែន​ជា​បន្ទុក​ធ្ងន់ រហូត​ដល់​នាំ​ឲ្យ​យើង​ត្រូវ​ទៅ​រក​បងប្អូន​ដែល​«ដើរ​ដោយ​ព្រះ​វិញ្ញាណ[ឬ​«មាន​លក្ខណៈ​គ្រប់គ្រាន់​ខាង​វិញ្ញាណ»​, ព.ថ.]»​ឲ្យ​មក​ជួយ​«យក​អាសា[ឬ​«ជួយ​រំលែក​ទុក្ខ​ធុរៈ»​, ខ.ស.]»​យើង​ក្នុង​រឿង​នោះ​ទេ។ (កាឡាទី ៦:១, ២) ផ្ទុយ​ទៅ​វិញ នោះ​ជា​បន្ទុក​មួយ​ដែល​«យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ ពី​ដំណើរ​របស់​ខ្លួន​យើង»។ (រ៉ូម ១៤:១២) ព្រះ​គម្ពីរ​សរសេរ​ថា​៖ «គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»។ (កាឡាទី ៦:៥) បើ​ដូច្នេះ តើ​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​ក្នុង​ជីវិត​ដោយ​ដូច​ម្ដេច? ទី​មួយ យើង​ត្រូវ​ទទួល​ស្គាល់​ថា​យើង​គ្រាន់​តែ​ជា​មនុស្ស​ជាតិ​ប៉ុណ្ណោះ ហើយ​សមត្ថភាព​របស់​យើង​មាន​កម្រិត។ យើង​ក៏​ត្រូវ​រៀន​អ្វី​ដែល​ជា​ចាំបាច់ ដើម្បី​បង្គ្រប់​នូវ​ការ​ខ្វះ​ខាត​សមត្ថភាព​នោះ។

តម្រូវ​ការ​សំខាន់​ចំ​បង​មួយ

៤​. តើ​យើង​គួរ​ទាញ​យក​មេ​រៀន​ដ៏​សំខាន់​អ្វី ពី​កំណត់​ហេតុ​អំពី​មនុស្ស​ពីរ​នាក់​ដំបូង​មិន​ស្ដាប់​បង្គាប់​នោះ?

៤ មិន​យូរ​ក្រោយ​ព្រះ​បាន​បង្កើត​មនុស្ស​ពីរ​នាក់​ដំបូង ពួក​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ដែល​មាន​លទ្ធផល​គួរ​ឲ្យ​ខ្លោចផ្សា។ ពួក​គាត់​បាន​សម្រេច​ចិត្ត​បរិភោគ​ផ្លែ​ពីដើម​ដឹង​ខុស​ត្រូវ។ (លោកុប្បត្តិ ២:​១៦, ១៧) តើ​អ្វី​បាន​ជំរុញ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​បរិភោគ​ផ្លែ​នោះ? ព្រះ​គម្ពីរ​សរសេរ​ថា​៖ «ស្ត្រី​បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទីគាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន . . . នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ដល់​ប្ដី​ដែរ គាត់​ក៏​បរិភោគ​តាម»។ (លោកុប្បត្តិ ៣:៦) ការ​សម្រេច​ចិត្ត​របស់​អេវ៉ា​បាន​ផ្ដើម​ចេញ​ពី​ចិត្ត​ដែល​ចង់​រក​តែ​ប្រយោជន៍​ខ្លួន។ អ្វី​ដែល​អេវ៉ា​ធ្វើ​ក៏​បាន​នាំ​ឲ្យ​អ័ដាម​តាម​គាត់​ដែរ។ ជា​លទ្ធផល បាប​និង​សេចក្ដី​ស្លាប់​បាន​«ឆ្លង​រាលដាល ដល់​មនុស្ស​គ្រប់​គ្នា»។ (រ៉ូម ៥:១២) កំណត់​ហេតុ​អំពី​អ័ដាម​និង​អេវ៉ា​មិន​ស្ដាប់​បង្គាប់​នោះ មាន​មេ​រៀន​ដ៏​សំខាន់​ណាស់​សម្រាប់​យើង ស្តី​អំពី​កម្រិត​សមត្ថភាព​របស់​មនុស្ស​ជាតិ។ មេ​រៀន​នោះ​គឺ ពេល​ណា​មនុស្ស​មិន​កាន់​តាម​ការ​ណែនាំ​របស់​ព្រះ ពួក​គេ​ច្រើន​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស។

៥​. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​សម្រាប់​យើង​យ៉ាង​ដូច​ម្ដេច? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ពី​ការ​ណែនាំ​នោះ?

៥ យើង​ពិត​ជា​សប្បាយ​មែន! ដ្បិត​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​សម្រាប់​យើង​ជានិច្ច។ បទ​គម្ពីរ​សរសេរ​ថា​៖ «កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ»។ (អេសាយ ៣០:២១) ព្រះ​យេហូវ៉ា​មាន​បន្ទូល​មក​យើង​តាម​រយៈ​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ យើង​ត្រូវ​តែ​សិក្សា​បទ​គម្ពីរ ហើយ​ក្រេប​ជញ្ជក់​ចំណេះ​ត្រឹម​ត្រូវ​អំពី​បទ​គម្ពីរ​ទាំង​នោះ។ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ យើង​គួរ​ទទួល​យក​«អាហារ​រឹង [ដែល]សំ​រាប់​តែ​មនុស្ស​ធំ[ឬ​«មនុស្ស​មាន​គំនិត​ចាស់​ទុំ»]»។ ម្យ៉ាង​ទៀត​យើង​«បង្ហាត់​ឥន្ទ្រីយ[ឬ​«សមត្ថភាព​វែកញែក»] ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ»។ (ហេព្រើរ ៥:១៤; ព.ថ.) យើង​អាច​បង្ហាត់​សមត្ថភាព​វែកញែក​របស់​យើង ដោយ​អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ។

៦​. តើ​យើង​ត្រូវ​ការ​អ្វី​ដើម្បី​ឲ្យ​មនសិការ​របស់​យើង​ដឹក​នាំ​យើង​ត្រឹម​ត្រូវ?

៦ បញ្ញា​ចិត្ត​ឬ​មនសិការ​របស់​យើង​ដែល​មាន​តាំង​ពី​កំណើត ជា​អ្វី​មួយ​ទៀត​ដ៏​ចាំបាច់​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត។ មនសិការ​របស់​យើង​ជួយ​សម្រេច​ឲ្យ​ដឹង​ថា​ការ​ប្រព្រឹត្ត​របស់​យើង​ខុស​ឬ​ត្រូវ ហើយ​ក៏​អាច​«ប្រកាន់​ទោស»​យើង​ឬ​«ដោះ​សារ»​ឲ្យ​យើង។ (រ៉ូម ២:១៤, ១៥) ក៏​ប៉ុន្តែ​មនសិការ​នឹង​មិន​ដឹក​នាំ​យើង​ត្រឹម​ត្រូវ​ទេ លើក​លែង​តែ​យើង​អប់រំ​មនសិការ​យើង​ដោយ​ចំណេះ​ត្រឹម​ត្រូវ​ពី​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​អនុវត្ត​តាម​ព្រះ​បន្ទូល​នោះ​ដើម្បី​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ឆាប់​ប្រតិកម្ម។ មនសិការ​ដែល​មិន​បាន​ត្រូវ​អប់រំ គឺ​ងាយ​ទទួល​ឥទ្ធិពល​ពី​ទំនៀម​ទម្លាប់​តាម​តំបន់។ ស្ថានភាព​នៅ​ជុំវិញ​យើង និង​មតិ​របស់​អ្នក​ឯ​ទៀត​ក៏​អាច​នាំ​យើង​ទៅ​តាម​ផ្លូវ​ខុស​ដែរ។ តើ​អ្វី​នឹង​កើត​ឡើង​ដល់​មនសិការ​របស់​យើង ប្រសិន​បើ​យើង​តែង​តែ​ធ្វើ​ផ្ទុយ​ពី​ការ​ដាស់​តឿន​របស់​វា ហើយ​បំពាន​គោលការណ៍​របស់​ព្រះ? នៅ​ទីបំផុត បញ្ញា​ចិត្ត​ឬ​មនសិការ​របស់​យើង​អាច​ហាក់​ទៅ​ដូច​ជា​«រលាក»​ហើយ​ទៅ​ជា​ស្ពឹក​វិញ ដូច​អវយវៈ​មាន​សម្លាក​ដែល​មក​ពី​ភ្លើង​ឆេះ​ខ្លោច​ស្បែក។ (ធីម៉ូថេទី១ ៤:២) ក៏​ប៉ុន្តែ ប្រសិន​បើ​មនសិការ​របស់​យើង​បាន​ត្រូវ​បង្ហាត់​ទៅ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​វិញ យើង​អាច​ទុក​ចិត្ត​ការ​ដឹក​នាំ​របស់​វា​បាន។

៧​. តើ​អ្វី​ជា​តម្រូវ​ការ​សំខាន់​ចំ​បង​មួយ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ?

៧ ដូច្នេះ​តម្រូវ​ការ​សំខាន់​ចំ​បង​មួយ​ក្នុង​ការ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន​ដោយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​នោះ គឺ​ត្រូវ​មាន​ចំណេះ​ត្រឹម​ត្រូវ​ពី​បទ​គម្ពីរ ហើយ​ត្រូវ​ចេះ​រិះ​គិត​យល់​ពី​របៀប​អនុវត្ត​តាម​បទ​គម្ពីរ​នោះ។ នៅ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ យើង​គួរ​ចំណាយ​ពេល​ស្វែង​រក​គោលការណ៍​ព្រះ​គម្ពីរ ហើយ​រិះ​គិត​ពី​របៀប​អនុវត្ត​តាម​គោលការណ៍​ទាំង​នោះ ជាជាង​ប្រញាប់​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មិន​គិត​ពិចារណា​ឲ្យ​បាន​ជ្រៅជ្រះ។ សូម្បី​តែ​ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាមៗ ដូច​សាដ្រាក់ មែសាក់ និង​អ័បេឌ​នេកោ យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បាន បើ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​មនសិការ​របស់​យើង​បាន​ត្រូវ​បង្ហាត់​ទៅ​តាម​ព្រះ​បន្ទូល​នោះ។ ឥឡូវ​សូម​ពិចារណា​រឿង​ពីរ​យ៉ាង​ដែល​ទាក់ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ។ ធ្វើ​ដូច្នេះ​យើង​អាច​យល់​អំពី​របៀប​ការ​ជឿន​ទៅ​មុខ​ដរាប​ដល់​មាន​គំនិត​ចាស់​ទុំ អាច​ជួយ​យើង​ដុស​ខាត់​សមត្ថភាព​ធ្វើ​ការ​សម្រេច​ចិត្ត។

តើ​យើង​នឹង​សេពគប់​មិត្ត​បែប​ណា?

៨, ៩​. (ក) តើ​គោលការណ៍​អ្វី​បញ្ជាក់​ឲ្យ​ដឹង​ថា​យើង​ត្រូវ​ជៀស​ចេញ​ពី​ពួក​ម៉ាក​អាក្រក់? (ខ) តើ​ការ​សេពគប់​ពួក​ម៉ាក​អាក្រក់​សំដៅ​លើ​តែ​ការ​ជួប​ដោយ​ផ្ទាល់​នឹង​មនុស្ស​ដែល​គ្មាន​សីលធម៌​ទេ? សូម​ពន្យល់។

៨ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «កុំ​ឲ្យ​ច្រឡំ​ឡើយ ពីព្រោះ​ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ»។ (កូរិនថូសទី១ ១៥:៣៣) ព្រះ​យេស៊ូ​គ្រីស្ទ​ធ្លាប់​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ថា​៖ «អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ»។ (យ៉ូហាន ១៥:១៩) ពេល​ដែល​រៀន​អំពី​គោលការណ៍​នេះ យើង​ស្រួល​យល់​ថា យើង​ត្រូវ​តែ​ជៀស​ចេញ​ពី​មនុស្ស​ដែល​រួម​ដំណេក​ដោយ​មិន​រៀប​អាពាហ៍ពិពាហ៍ អ្នក​ផិត​ក្បត់ ពួក​ចោរ និង​អ្នក​ប្រមឹក​ស្រា​ជា​ដើម។ (កូរិនថូសទី១ ៦:៩, ១០) ក៏​ប៉ុន្តែ​ពេល​ដែល​យើង​រីក​ចម្រើន​ខាង​ចំណេះ​ពិត​ពី​ព្រះ​គម្ពីរ យើង​យល់​ថា​ការ​ចំណាយ​ពេល​ជា​មួយ​បុគ្គល​បែប​នោះ​ដោយ​មើល​ពួក​គេ​ក្នុង​ភាពយន្ត តាម​កញ្ចក់​ទូរទស្សន៍ ឬ​តាម​កុំព្យូទ័រ ឬ​មួយ​ក៏​ដោយ​អាន​អំពី​ពួក​គេ​ក្នុង​សៀវភៅ​ផ្សេងៗ​ក៏​បង្ក​គ្រោះថ្នាក់​ដូច​គ្នា។ ការ​សេពគប់​«ជា​មួយ​នឹង​មនុស្ស​មាន​ពុត»​ដោយ​ផ្ញើ​សារ​ឆ្លើយ​ឆ្លង​គ្នា​តាម​ប្រព័ន្ធ​អ៊ី​នធឺណិ​ត​ក៏​បង្ក​គ្រោះថ្នាក់​ផង​ដែរ។—ទំនុកដំកើង ២៦:៤

៩ ចុះ​យ៉ាង​ណា​ការ​សេពគប់​មនុស្ស​ដែល​មិន​ប្រព្រឹត្ត​អំពី​អសីលធម៌ ប៉ុន្តែ​គ្មាន​ជំនឿ​លើ​ព្រះ​ដ៏​ពិត? បទ​គម្ពីរ​ចែង​ថា​៖ «លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»។ (យ៉ូហានទី១ ៥:១៩) យើង​ចាប់​ផ្ដើម​យល់​ថា​ពាក្យ​ពួក​ម៉ាក​អាក្រក់​មិន​ត្រឹម​តែ​ជា​មនុស្ស​ដែល​បណ្ដែត​បណ្ដោយ​ខ្លួន​ឬ​គ្មាន​សីលធម៌​នោះ​ទេ។ ហេតុ​នេះ​ហើយ យក​ល្អ​យើង​បណ្ដុះ​ឲ្យ​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​តែ​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។

១០​. តើ​អ្វី​ជួយ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មាន​គំនិត​ចាស់​ទុំ ស្តី​អំពី​ការ​ជួប​ទាក់ទង​មនុស្ស​លោកិយ?

១០ យើង​ពុំ​អាច​ជៀស​វាង​មនុស្ស​លោកិយ​ទាំង​ស្រុង​បាន​ឡើយ ហើយ​ក៏​គ្មាន​អ្វី​ដែល​តម្រូវ​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ។ (យ៉ូហាន ១៧:១៥) ពេល​យើង​ចូល​រួម​កិច្ច​បម្រើ​គ្រីស្ទាន​ពិត ទៅ​សាលា​រៀន ឬ​ទៅ​ធ្វើ​ការ​នោះ យើង​ត្រូវ​ជួប​ទាក់ទង​មនុស្ស​លោកិយ។ បើ​គ្រីស្ទាន​ម្នាក់​មាន​គូ​អាពាហ៍ពិពាហ៍​ដែល​មិន​មែន​ជា​អ្នក​ជឿ គាត់​ប្រហែល​ជា​ត្រូវ​ជួប​ទាក់ទង​មនុស្ស​លោកិយ​ច្រើន​ជាង​ធម្មតា។ ក៏​ប៉ុន្តែ ដោយសារ​យើង​បាន​បង្ហាត់​សមត្ថភាព​វែកញែក​នោះ យើង​យល់​ថា​ការ​ជួប​ទាក់ទង​មនុស្ស​លោកិយ​ដោយសារ​មាន​ការ​ចាំបាច់ គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ការ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ។ (យ៉ាកុប ៤:៤) យល់​យ៉ាង​នេះ​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មាន​គំនិត​ចាស់​ទុំ​ស្តី​អំពី​បញ្ហា​ថា តើ​យើង​នឹង​ចូល​រួម​សកម្មភាព​ផ្សេងៗ​នៅ​ឯ​សាលា​រៀន​ក្រៅ​ម៉ោង​សិក្សា ដូច​ជា​ការ​លេង​កីឡា​ឬ​ការ​ជប់លៀង​ឬ​ទេ? រីឯ​ការ​សេពគប់​អ្នក​ធ្វើ​ការ​ជា​មួយ​យើង​វិញ តើ​យើង​នឹង​ចូល​រួម​ពិធី​ជួបជុំ​ពិសា​អាហារ​ឬ​ពិធី​ជប់លៀង​ដែល​រៀបចំ​ឡើង​សម្រាប់​បុគ្គលិក​ឬ​ទេ?

ការ​ជ្រើសរើស​ការងារ​ធ្វើ

១១​. តើ​អ្វី​ជា​ចំណុច​ទី​មួយ​ដែល​យើង​ត្រូវ​ពិចារណា​ពេល​ដែល​ជ្រើសរើស​ការងារ​ធ្វើ?

១១ បើ​យើង​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ​ដោយ​មាន​គំនិត​ចាស់​ទុំ នោះ​នឹង​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​របៀប​បំពេញ​ភារកិច្ច​‹ផ្គត់ផ្គង់​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន›។ (ធីម៉ូថេទី១ ៥:៨) ចំណុច​ទី​មួយ​ដែល​យើង​ត្រូវ​ពិចារណា​ទាក់ទង​នឹង​ប្រភេទ​ការងារ ឬ​អ្វី​ដែល​ការងារ​នោះ​តម្រូវ​ឲ្យ​យើង​ធ្វើ។ ប្រសិន​បើ​យើង​ជ្រើសរើស​ប្រភេទ​ការងារ​ណា​មួយ​ដែល​គាំទ្រ​អ្វី​ព្រះ​គម្ពីរ​ផ្ដន្ទា​ទោស​ដោយ​ចំៗ នោះ​ពិត​ជា​ការ​ខុស​មែន។ ហេតុ​នេះ​គ្រីស្ទាន​ពិត​មិន​ព្រម​ទទួល​យក​ការងារ​ណា​ដែល​ប្រហែល​ជា​រួម​បញ្ចូល​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ការ​លួច ការ​ប្រើ​ឈាម​ខុស​គោលការណ៍​បទ​គម្ពីរ ឬ​ការ​ប្រព្រឹត្ត​ណា​ផ្សេង​ទៀត​ដែល​ខុស​គោលការណ៍​បទ​គម្ពីរ។ យើង​ក៏​មិន​ត្រូវ​ភូតភរ​ឬ​បោក​ប្រាស​អ្នក​ដទៃ ទោះ​បើ​ថៅកែ​របស់​យើង​ទាមទារ​ឲ្យ​ធ្វើ​ដូច្នេះ​ក៏​ដោយ។—កិច្ចការ ១៥:២៩; វិវរណៈ ២១:៨

១២, ១៣​. ពេល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការងារ​ធ្វើ តើ​យើង​ត្រូវ​ពិចារណា​ចំណុច​សំខាន់ៗ​អ្វី​ទៀត ក្រៅ​ពី​ប្រភេទ​ការងារ​នោះ?

១២ ចុះ​យ៉ាង​ណា​វិញ​បើ​ប្រភេទ​ការងារ​ណា​មួយ​មិន​បណ្ដាល​ឲ្យ​ធ្វើ​ខុស​នឹង​គោលការណ៍​ព្រះ​គម្ពីរ​ដោយ​ចំៗ​នោះ? ពេល​ដែល​យើង​មាន​ចំណេះ​កាន់​តែ​ច្រើន​អំពី​សេចក្ដី​ពិត ហើយ​មាន​សមត្ថភាព​វែកញែក​កាន់​តែ​ល្អ​ប្រសើរ​នោះ យើង​ចាប់​ផ្ដើម​យល់​ចំណុច​ផ្សេង​ទៀត​ដែល​ត្រូវ​យក​មក​ពិចារណា។ ចុះ​យ៉ាង​ណា​បើ​ការងារ​នោះ​នាំ​ឲ្យ​យើង​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ណា​មួយ​ដែល​ខុស​គោលការណ៍​បទ​គម្ពីរ ដូច​ជា​ការងារ​ទទួល​ទូរស័ព្ទ​នៅ​កាស៊ីណូ? យើង​ក៏​ត្រូវ​គិត​ពិចារណា​ពី​សំណួរ​ថា តើ​ប្រាក់​ខែ​របស់​យើង​នឹង​មក​ពី​ណា? ហើយ​តើ​ទី​តាំង​កន្លែង​ធ្វើ​ការ​នៅ​ឯ​ណា​ដែរ? ជា​ឧទាហរណ៍ ប្រសិន​បើ​គ្រីស្ទាន​ពិត​ម្នាក់​ធ្វើ​ម៉ៅ​ការ​ខាង​លាប​អគារ តើ​យើង​សុខ​ចិត្ត​ទទួល​ការងារ​លាប​ព្រះ​វិហារ​ពិភព​គ្រីស្ទ​សាសនា​មួយ ហើយ​ដូច្នេះ​គាំទ្រ​សាសនា​មិន​ពិត​ទេ?—កូរិនថូសទី២ ៦:១៤​-​១៦

១៣ ចុះ​យាង​ណា​វិញ​ប្រសិន​បើ​មាន​គ្រា​មួយ​ដែល​ប្រធាន​របស់​យើង ព្រម​ទទួល​ការងារ​ជួសជុល​តុបតែង​កន្លែង​ថ្វាយ​បង្គំ​ណា​មួយ​របស់​សាសនា​មិន​ពិត? ក្នុង​ករណី​បែប​នេះ យើង​ត្រូវ​តែ​គិត​ពិចារណា​ពី​ចំណុច​ផ្សេងៗ​ដូច​ជា​សំណួរ​ថា តើ​យើង​មាន​សិទ្ធិ​សុំ​មិន​ចូល​រួម​ធ្វើ​ការងារ​នោះ​ទេ? ហើយ​តើ​យើង​ត្រូវ​ចូល​រួម​ក្នុង​ការងារ​នោះ​ច្រើន​ប៉ុណ្ណា​ទៅ? ចុះ​យ៉ាង​ណា​វិញ​ការ​បំពេញ​សេវ៉ា​ណា​មួយ​ដែល​មិន​ខុស​គោលការណ៍​ព្រះ​គម្ពីរ ដូច​ជា​ការងារ​រត់​សំបុត្រ​ទៅ​កន្លែង​ទាំង​អស់​នៅ​ក្នុង​សហគមន៍ រួម​ទាំង​កន្លែង​ដែល​ជាប់​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ដ៏​មិន​ត្រឹម​ត្រូវ​នោះ? ក្នុង​ករណី​នេះ​គោលការណ៍​នៅ​ម៉ាថាយ ៥:៤៥ គួរ​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​យើង មែន​ទេ? យើង​ក៏​មិន​ត្រូវ​ភ្លេច​គិត​អំពី​ឥទ្ធិពល​ដែល​ការងារ​នោះ​នឹង​មាន​លើ​មនសិការ​របស់​យើង បើ​យើង​ត្រូវ​ធ្វើ​ការ​នោះ​រៀង​រាល់​ថ្ងៃ។ (ហេព្រើរ ១៣:១៨) ការ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន​ដោយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​បង្ហាញ​គំនិត​ចាស់​ទុំ​ស្តី​អំពី​ការងារ ពិត​ជា​តម្រូវ​ឲ្យ​ដុស​ខាត់​សមត្ថភាព​វែកញែក ហើយ​បង្ហាត់​មនសិការ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង។

​«ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង»

១៤​. ពេល​ណា​ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ?

១៤ ចុះ​យ៉ាង​ណា​វិញ​ការ​សម្រេច​ចិត្ត​របស់​យើង​ស្តី​អំពី​រឿង​ឯ​ទៀត ដូច​ជា​ការ​អប់រំ ឬ​មួយ​ក៏​ការ​ទទួល​ឬ​បដិសេធ​វិធី​ព្យាបាល​ណា​មួយ? នៅ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ជា​ការ​ចាំបាច់​ឲ្យ​យើង​ស្វែង​រក​គោលការណ៍​ព្រះ​គម្ពីរ​ដែល​ទាក់ទង​នឹង​រឿង​នោះ ហើយ​ប្រើ​សមត្ថភាព​រិះ​គិត​ពិចារណា​ដើម្បី​អនុវត្ត​តាម​គោលការណ៍​ទាំង​នោះ។ ស្តេច​សាឡូម៉ូន​ដែល​ជា​អ្នកប្រាជ្ញ​មួយ​អង្គ​នៅ​អ៊ីស្រាអែល​ពី​បុរាណ ធ្លាប់​សរសេរ​ថា​៖ «ចូរ​ទីពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។—សុភាសិត ៣:៥, ៦

១៥​. តើ​យើង​រៀន​អ្វី​ពី​បណ្ដា​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ​ស្តី​អំពី​ការ​សម្រេច​ចិត្ត?

១៥ ជា​ច្រើន​ដង ការ​សម្រេច​ចិត្ត​របស់​យើង​ប៉ះ​ពាល់​ដល់​អ្នក​ឯ​ទៀត ហើយ​ហេតុ​នោះ​យើង​ត្រូវ​តែ​គិត​ពិចារណា​ពី​ចំណុច​នោះ​ដែរ។ ជា​ឧទាហរណ៍ បណ្ដា​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ​មិន​ចាំបាច់​ធ្វើ​តាម​បំរាម​ជា​ច្រើន​ស្តី​អំពី​ម្ហូបអាហារ ដែល​មាន​ក្នុង​ក្រឹត្យ​វិន័យ​ម៉ូសេ​ត​ទៅ​ទៀត​ទេ។ ពួក​គាត់​អាច​បរិភោគ​អាហារ​ខ្លះៗ​ដែល​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​ធ្លាប់​ចាត់​ទុក​ថា​មិន​ស្អាត ឲ្យ​តែ​អាហារ​នោះ​គ្មាន​លក្ខណៈ​ណា​ផ្សេង​ទៀត​ដែល​គួរ​ឲ្យ​ជំទាស់។ ក៏​ប៉ុន្តែ​សាវ័ក​ប៉ុល​ធ្លាប់​សរសេរ​អំពី​សាច់​សត្វ​ដែល​ប្រហែល​ជា​ជាប់​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។ គាត់​សរសេរ​ថា​៖ «បើសិន​ជា​ចំណី​អាហារ​អ្វី នាំ​ឲ្យ​បងប្អូន​ខ្ញុំ​ជំពប់​ដួល នោះ​ខ្ញុំ​មិន​ព្រម​ទទួល​ទាន​ចំណី​អាហារ​នោះ​ជា​ដរាប​ត​ទៅ ក្រែង​បងប្អូន​ខ្ញុំ​ជំពប់​ដួល»។ (កូរិនថូសទី១ ៨:១១​-​១៣) គ្រីស្ទាន​សម័យ​ដើម​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ចេះ​គិត​ពី​បញ្ញា​ចិត្ត​ឬ​មនសិការ​របស់​អ្នក​ឯ​ទៀត ដើម្បី​កុំ​ធ្វើ​ឲ្យ​ពួក​គាត់​ជំពប់​ដួល។ ការ​សម្រេច​ចិត្ត​របស់​យើង​ក៏​មិន​គួរ​ទៅ​ជា​«ទី​បង្អាក់​ចិត្ត»។—កូរិនថូសទី១ ១០:២៩, ៣២

ចូរ​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ

១៦​. តើ​សេចក្ដី​អធិស្ឋាន​ជួយ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៦ ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ជំនួយ​ដ៏​អស្ចារ្យ​កាត់​ថ្លៃ​ពុំ​បាន​មួយ គឺ​ជា​សេចក្ដី​អធិស្ឋាន។ យ៉ាកុប ដែល​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​ធ្លាប់​សរសេរ​ថា​៖ «បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ»។ (យ៉ាកុប ១:៥) ដោយ​មាន​ទំនុក​ចិត្ត យើង​អាច​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ហើយ​សុំ​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។ ពេល​ដែល​យើង​ទូល​ព្រះ​ពិត​អំពី​កង្វល់​របស់​យើង ហើយ​ស្វែង​រក​ការ​ណែនាំ​ពី​ទ្រង់ នោះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ឲ្យ​យើង​យល់​បទ​គម្ពីរ​ដែល​កំពុង​តែ​ពិចារណា​ឲ្យ​បាន​ច្បាស់​ជាង ហើយ​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​បទ​គម្ពីរ​ឯ​ទៀត​ដែល​ប្រហែល​ជា​ពុំ​ទាន់​បាន​គិត។

១៧​. តើ​អ្នក​ឯ​ទៀត​អាច​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៧ តើ​អ្នក​ឯ​ទៀត​អាច​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ឬ​ទេ? ពិត​ជា​អាច​ជួយ​មែន។ ក្នុង​ក្រុមជំនុំ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​បុគ្គល​ដែល​មាន​គំនិត​ចាស់​ទុំ។ (អេភេសូរ ៤:១១, ១២) យើង​អាច​សុំ​យោបល់​ពើ​ពួក​គាត់ ប្រសិន​បើ​ការ​សម្រេច​ចិត្ត​នោះ​ជា​រឿង​ធំ។ បុគ្គល​ដែល​មាន​ការ​យល់​ធ្លុះ​ជ្រៅ​ខាង​វិញ្ញាណ ហើយ​មាន​បទពិសោធន៍​ក្នុង​ជីវិត អាច​ជួយ​ឲ្យ​យើង​គិត​អំពី​គោលការណ៍​ព្រះ​គម្ពីរ​ឯ​ទៀត ដែល​ប្រហែល​ជា​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​យើង ហើយ​ក៏​អាច​ជួយ​ឲ្យ​យើង​«ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង»។ (ភីលីព ១:៩, ១០, ខ.ស.) ក៏​ប៉ុន្តែ ចូរ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​យើង​ឡើយ។ យើង​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន។

តើ​តែង​តែ​មាន​លទ្ធផល​ល្អ​ជានិច្ច​ទេ?

១៨​. តើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​អាច​មាន​លទ្ធផល​យ៉ាង​ណា?

១៨ ប្រសិន​បើ​ការ​សម្រេច​ចិត្ត​របស់​យើង​មាន​មូលដ្ឋាន​រឹង​មាំ​លើ​គោលការណ៍​ព្រះ​គម្ពីរ និង​មនសិការ​របស់​យើង តើ​តែង​តែ​មាន​លទ្ធផល​ល្អ​ជានិច្ច​ទេ? នៅ​ទីបំផុត តែង​តែ​មាន​លទ្ធផល​ល្អ​ជានិច្ច​មែន។ ក៏​ប៉ុន្តែ​ជួន​កាល​អ្វី​ដែល​ទទួល​មក​វិញ​ភ្លាមៗ​ជា​ការ​លំបាក។ សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​ដឹង​ថា ពួក​គាត់​ប្រហែល​ជា​ត្រូវ​ស្លាប់ ដោយសារ​បាន​សម្រេច​ចិត្ត​មិន​ថ្វាយ​បង្គំ​រូប​ធំ​សម្បើម​នោះ។ (ដានីយ៉ែល ៣:១៦​-​១៩) ស្រដៀង​គ្នា​ដែរ ក្រោយ​ពួក​សាវ័ក​ប្រាប់​សាលា​ជាន់​ខ្ពស់​សាសន៍​យូដា​ថា ពួក​គាត់​នឹង​ស្ដាប់​បង្គាប់​ព្រះ​ជាជាង​មនុស្ស ពួក​គាត់​បាន​ត្រូវ​វាយ​នឹង​រំពាត់​មុន​ដោះ​លែង។ (កិច្ចការ ៥:២៧​-​២៩, ៤០) ម្យ៉ាង​ទៀត ទោះ​ជា​ការ​សម្រេច​ចិត្ត​ល្អ​ក៏​ដោយ «ពេល​វេលា​នឹង​ឱកាស»​អាច​ធ្វើ​ឲ្យ​ទទួល​លទ្ធផល​អាក្រក់​មក​វិញ។ (សាស្ដា ៩:១១) ប្រសិន​បើ​យើង​ជួប​ទុក្ខ​លំបាក​ដោយសារ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ ព្រះ​យេហូវ៉ា​នឹង​ជួយ​ឲ្យ​យើង​ស៊ូទ្រាំ​និង​ប្រទាន​ពរ​យើង​នៅ​ទីបំផុត​ជាក់​ជា​ពុំ​ខាន។—កូរិនថូសទី២ ៤:៧

១៩​. ពេល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត តើ​យើង​អាច​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន​ដោយ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

១៩ ដូច្នេះ នៅ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត យើង​ត្រូវ​តែ​ស្វែង​រក​គោលការណ៍​ក្នុង​បទ​គម្ពីរ ហើយ​ប្រើ​សមត្ថភាព​រិះ​គិត​ពិចារណា​ដើម្បី​អនុវត្ត​តាម​គោលការណ៍​ទាំង​នោះ។ យើង​មាន​ចិត្ត​កតញ្ញូ​មែន! ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយ​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ និង​បងប្អូន​ក្នុង​ក្រុមជំនុំ​ដែល​មាន​គំនិត​ចាស់​ទុំ។ ដោយសារ​យើង​មាន​ការ​ណែនាំ​និង​ជំនួយ​ទាំង​នេះ ចូរ​យើង​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន​ដោយ​ចិត្ត​ក្លាហាន ពេល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• តើ​អ្វី​ជា​តម្រូវ​ការ​សំខាន់​ចំ​បង​មួយ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ?

• តើ​ការ​ជឿន​ទៅ​មុខ​ដរាប​ដល់​មាន​គំនិត​ចាស់​ទុំ មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​ស្តី​អំពី​ការ​ជ្រើសរើស​មិត្តភក្ដិ?

• តើ​មាន​ចំណុច​សំខាន់​អ្វី​ខ្លះ​ដែល​យើង​គួរ​ពិចារណា​ពេល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការងារ?

• តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត?

[រូបភាព​នៅ​ទំព័រ​៩]

យើង​អាច​ទាញ​យក​មេ​រៀន​សំខាន់​ណាស់ ពី​ការ​មិន​ស្ដាប់​បង្គាប់​របស់​អ័ដាម​និង​អេវ៉ា

[រូបភាព​នៅ​ទំព័រ​១០]

មុន​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ ចូរ​ស្វែង​រក​គោលការណ៍​ក្នុង​ព្រះ​គម្ពីរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក