ចូរបង្ហាញជំនឿ ហើយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ!
«[ចូរ]បន្តសុំដោយមានជំនឿ ហើយដោយមិនសង្ស័យសោះ»។—យ៉ាកុប ១:៦
១. ហេតុអ្វីកាអ៊ីនបានធ្វើការសម្រេចចិត្តខុស ហើយតើនេះនាំឲ្យមានលទ្ធផលអ្វី?
កាអ៊ីនត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ បើគាត់សម្រេចចិត្តគ្រប់គ្រងអារម្មណ៍របស់គាត់ដែលមកពីភាពខុសឆ្គង នោះនឹងនាំឲ្យគាត់ទទួលលទ្ធផលល្អ។ តែបើគាត់អនុញ្ញាតឲ្យអារម្មណ៍របស់គាត់មានឥទ្ធិពលទៅលើការប្រព្រឹត្ត នោះនឹងនាំឲ្យគាត់ទទួលលទ្ធផលមិនល្អ។ គម្ពីរប្រាប់យើងថាកាអ៊ីនបានធ្វើការសម្រេចចិត្តខុស។ ការសម្រេចចិត្តរបស់គាត់បាននាំឲ្យអេបិលដែលជាប្អូនប្រុសរបស់គាត់ស្លាប់ ហើយបានបង្ខូចចំណងមិត្តភាពរបស់កាអ៊ីនជាមួយនឹងអ្នកបង្កើត។—លោកុប្បត្តិ ៤:៣-១៦
២. ហេតុអ្វីគឺសំខាន់ឲ្យយើងធ្វើការសម្រេចចិត្តល្អ?
២ ស្រដៀងគ្នាដែរ យើងទាំងអស់គ្នាត្រូវធ្វើការសម្រេចចិត្តក្នុងជីវិត ហើយជ្រើសរើសអ្វីផ្សេងៗ។ ការសម្រេចចិត្តខ្លះគឺជារឿងសំខាន់ណាស់ ហើយខ្លះទៀតមិនមែនដូច្នេះទេ។ តែការសម្រេចចិត្តជាច្រើនរបស់យើងអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់យើង។ ពេលយើងធ្វើការសម្រេចចិត្តល្អ យើងប្រហែលជាមានបញ្ហាតិចជាងនិងមានសេចក្ដីសុខសាន្តច្រើនជាងក្នុងជីវិត។ ប៉ុន្តែ ពេលយើងធ្វើការសម្រេចចិត្តមិនល្អ ជីវិតរបស់យើងប្រហែលជាពេញទៅដោយបញ្ហានិងការខកចិត្ត។—សុភាសិត ១៤:៨
៣. (ក) ដើម្បីធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ តើយើងគួរមានជំនឿលើអ្វីខ្លះ? (ខ) តើយើងនឹងពិចារណាសំនួរអ្វីខ្លះ?
៣ តើអ្វីនឹងជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ? យើងត្រូវមានជំនឿលើព្រះ និងទុកចិត្តថាលោកចង់ជួយយើង ហើយថាលោកនឹងផ្ដល់ប្រាជ្ញាដែលយើងត្រូវការដើម្បីធ្វើការសម្រេចចិត្តល្អ។ យើងក៏ត្រូវមានជំនឿលើបណ្ដាំរបស់លោក ហើយទុកចិត្តឱវាទរបស់លោក។ (សូមអាន យ៉ាកុប ១:៥-៨) កាលដែលយើងកាន់តែចូលទៅជិតព្រះយេហូវ៉ានិងកាន់តែស្រឡាញ់បណ្ដាំរបស់លោក នេះនឹងជួយយើងឲ្យមានទំនុកចិត្តថាលោកតែងតែណែនាំយើងឲ្យទទួលប្រយោជន៍ច្រើនបំផុត។ យ៉ាងនេះ យើងនឹងពិនិត្យពិចារណាបណ្ដាំរបស់លោកមុនយើងធ្វើការសម្រេចចិត្ត។ ប៉ុន្តែ តើតាមរបៀបណាយើងអាចបង្កើនសមត្ថភាពរបស់យើងដើម្បីធ្វើការសម្រេចចិត្តល្អ? ម្យ៉ាងទៀត តើយើងគួរផ្លាស់ប្ដូរការសម្រេចចិត្តខ្លះឬទេ?
យើងទាំងអស់គ្នាត្រូវធ្វើការសម្រេចចិត្ត
៤. តើអាដាមត្រូវធ្វើការសម្រេចចិត្តអ្វី ហើយតើនេះនាំឲ្យមានលទ្ធផលបែបណា?
៤ ចាប់តាំងពីមនុស្សដំបូងបានត្រូវបង្កើត មនុស្សត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ៗ។ អាដាមដែលជាបុរសដំបូងត្រូវធ្វើការសម្រេចចិត្តថាគាត់នឹងស្ដាប់ព្រះយេហូវ៉ាដែលជាអ្នកបង្កើត ឬក៏ស្ដាប់អេវ៉ាដែលជាប្រពន្ធរបស់គាត់។ អាដាមបានសម្រេចចិត្តស្ដាប់អេវ៉ា ហើយនាងបាននាំឲ្យគាត់ធ្វើការសម្រេចចិត្តដែលខុសធ្ងន់ធ្ងរ។ ជាលទ្ធផល ព្រះយេហូវ៉ាបានបណ្ដេញអាដាមចេញពីសួនអេដែន ហើយក្រោយមកគាត់បានស្លាប់។ នៅសព្វថ្ងៃនេះ យើងក៏រងទុក្ខវេទនាដែរដោយសារការសម្រេចចិត្តមិនល្អរបស់អាដាម។
ព្រះយេហូវ៉ាបានឲ្យយើងនូវបណ្ដាំរបស់លោកដែលបង្រៀនយើងអំពីរបៀបធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ
៥. តើយើងគួរមានទស្សនៈបែបណាចំពោះភារកិច្ចធ្វើការសម្រេចចិត្ត?
៥ អ្នកខ្លះប្រហែលជាគិតថាជីវិតនឹងងាយស្រួលជាង បើពួកគេមិនចាំបាច់ធ្វើការសម្រេចចិត្តទាល់តែសោះ។ ប្រហែលជាអ្នកក៏មានអារម្មណ៍ដូច្នេះដែរ។ ប៉ុន្តែ ជាការល្អឲ្យយើងចាំថា ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យចេះគិតពិចារណាឬធ្វើការសម្រេចចិត្ត មិនដូចជាមនុស្សយន្តទេ។ លោកបានឲ្យយើងនូវបណ្ដាំរបស់លោកដែលបង្រៀនយើងអំពីរបៀបធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ព្រះយេហូវ៉ាចង់ឲ្យយើងធ្វើការសម្រេចចិត្ត ហើយភារកិច្ចនេះអាចជួយយើង។ សូមពិចារណាឧទាហរណ៍ខ្លះ។
៦, ៧. តើជនជាតិអ៊ីស្រាអែលត្រូវធ្វើការសម្រេចចិត្តអ្វី ហើយហេតុអ្វីការសម្រេចចិត្តនោះគឺពិបាកចំពោះពួកគេ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៦ ពេលដែលជនជាតិអ៊ីស្រាអែលបានរស់នៅស្រុកដែលព្រះបានសន្យា ពួកគេត្រូវសម្រេចចិត្តថាពួកគេនឹងគោរពប្រណិប័តន៍ព្រះយេហូវ៉ាឬក៏ព្រះឯទៀត។ (សូមអាន យ៉ូស្វេ ២៤:១៥) នោះប្រហែលជាមើលទៅដូចជាការសម្រេចចិត្តដ៏ងាយស្រួល។ ប៉ុន្តែ ការសម្រេចចិត្តរបស់ពួកគេនឹងនាំឲ្យពួកគេបានជីវិតឬនាំឲ្យពួកគេស្លាប់។ នៅសម័យពួកចៅហ្វាយ ជនជាតិអ៊ីស្រាអែលបានបន្តធ្វើការសម្រេចចិត្តមិនល្អ។ ពួកគេឈប់គោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយបានចាប់ផ្ដើមគោរពបូជាព្រះមិនពិតវិញ។ (ពួកចៅហ្វាយ ២:៣, ១១-២៣) ក្រោយមក នៅសម័យអេលីយ៉ាដែលជាអ្នកប្រកាសទំនាយ រាស្ត្ររបស់ព្រះត្រូវសម្រេចចិត្តថាពួកគេនឹងបម្រើព្រះយេហូវ៉ា ឬក៏បម្រើព្រះបាលដែលជាព្រះមិនពិត។ (ពង្សាវតារក្សត្រទី១ ១៨:២១) នេះប្រហែលជាមើលទៅដូចជាការសម្រេចចិត្តដ៏ងាយស្រួល ដោយសារការបម្រើព្រះយេហូវ៉ាតែងតែជាអ្វីដែលល្អបំផុត។ មនុស្សដែលមានគំនិតឈ្លាសវៃនឹងមិនចង់បម្រើព្រះដែលគ្មានជីវិតទេ។ ប៉ុន្តែ គម្ពីរចែងថាជនជាតិអ៊ីស្រាអែលបាន«ស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំង២នេះ»។ ដោយប្រាជ្ញា អេលីយ៉ាបានលើកទឹកចិត្តបណ្ដាជនឲ្យជ្រើសរើសគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែលជាព្រះពិត។
៧ ហេតុអ្វីជនជាតិអ៊ីស្រាអែលទាំងនោះពិបាកធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ? ទី១ ពួកគេមិនមានជំនឿលើព្រះយេហូវ៉ា ហើយពួកគេមិនព្រមស្ដាប់លោក។ ពួកគេមិនបានទុកចិត្តលើព្រះយេហូវ៉ា ហើយពួកគេមិនចំណាយពេលដើម្បីរៀនអំពីលោក ឬអំពីប្រាជ្ញារបស់លោក។ បើពួកគេបានធ្វើដូច្នេះ អ្វីដែលពួកគេបានរៀននឹងជួយពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ (ទំនុកតម្កើង ២៥:១២) ទី២ ជនជាតិអ៊ីស្រាអែលបានទទួលឥទ្ធិពលពីជនជាតិដ៏ទៃ។ ជនជាតិដ៏ទៃទាំងនោះមានឥទ្ធិពលទៅលើរបៀបគិតគូររបស់ជនជាតិអ៊ីស្រាអែល ហើយថែមទាំងបានធ្វើការសម្រេចចិត្តឲ្យពួកគេទៀតផង។ ជាលទ្ធផល ជនជាតិអ៊ីស្រាអែលបានចាប់ផ្ដើមធ្វើតាមជនជាតិដ៏ទៃទាំងនោះ ហើយបានគោរពបូជាព្រះមិនពិតរបស់ពួកគេ។ អស់ជាច្រើនឆ្នាំមុននោះ ព្រះយេហូវ៉ាបានព្រមានជនជាតិអ៊ីស្រាអែលអំពីរឿងនេះ។—និក្ខមនំ ២៣:២
តើអ្នកឯទៀតគួរធ្វើការសម្រេចចិត្តឲ្យយើងឬទេ?
៨. តើយើងទាញមេរៀនដ៏សំខាន់អ្វីពីគំរូរបស់ជនជាតិអ៊ីស្រាអែល?
៨ គំរូរបស់ជនជាតិអ៊ីស្រាអែលបង្រៀនយើងថា បើយើងចង់ធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ យើងគួរតែពឹងផ្អែកលើបណ្ដាំរបស់ព្រះ។ កាឡាទី ៦:៥ រំលឹកយើងថាមនុស្សម្នាក់ៗត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន។ យើងឃើញច្បាស់ថា យើងមិនគួរឲ្យអ្នកឯទៀតធ្វើការសម្រេចចិត្តឲ្យយើងទេ ព្រោះនេះជាភារកិច្ចរបស់យើង។ ផ្ទុយទៅវិញ យើងម្នាក់ៗគួររៀនឲ្យដឹងអំពីអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះ ហើយយើងត្រូវសម្រេចចិត្តធ្វើតាមអ្វីដែលយើងបានរៀននោះ។
បើយើងបណ្ដោយឲ្យអ្នកឯទៀតធ្វើការសម្រេចចិត្តឲ្យយើង នោះតាមពិតយើងបានសម្រេចចិត្តធ្វើតាមពួកគេ
៩. ហេតុអ្វីការបណ្ដោយឲ្យអ្នកឯទៀតធ្វើការសម្រេចចិត្តឲ្យយើងគឺនាំឲ្យមានគ្រោះថ្នាក់?
៩ តើតាមរបៀបណាយើងប្រហែលជាបណ្ដោយឲ្យអ្នកឯទៀតធ្វើការសម្រេចចិត្តឲ្យយើង? គឺដោយធ្វើការសម្រេចចិត្តមិនល្អតាមការបង្ខិតបង្ខំរបស់ពួកគេ។ (សុភាសិត ១:១០, ១៥) នេះនាំឲ្យមានគ្រោះថ្នាក់។ យើងមានភារកិច្ចធ្វើតាមសមត្ថភាពវិនិច្ឆ័យរបស់យើងដែលបានត្រូវអប់រំតាមគម្ពីរ។ បើយើងបណ្ដោយឲ្យអ្នកឯទៀតធ្វើការសម្រេចចិត្តឲ្យយើង នោះតាមពិតយើងបានសម្រេចចិត្តធ្វើតាមពួកគេ។ ការសម្រេចចិត្តនោះអាចនាំឲ្យមានអន្តរាយ។
១០. តើប៉ូលបានផ្ដល់ការព្រមានអ្វីដល់គ្រិស្តសាសនិកនៅខេត្តកាឡាទី?
១០ សាវ័កប៉ូលបានព្រមានគ្រិស្តសាសនិកនៅខេត្តកាឡាទីមិនឲ្យអ្នកឯទៀតធ្វើការសម្រេចចិត្តឲ្យពួកគេស្តីអំពីរឿងផ្ទាល់ខ្លួន។ (សូមអាន កាឡាទី ៤:១៧) បងប្អូនខ្លះនៅខេត្តកាឡាទីបានព្យាយាមធ្វើការសម្រេចចិត្តឲ្យអ្នកឯទៀតនៅក្នុងក្រុមជំនុំ។ តើពួកគេមានបំណងចិត្តបែបណា? អ្នកទាំងនោះដែលបានគិតតែប្រយោជន៍ផ្ទាល់ខ្លួនចង់ឲ្យបងប្អូនរបស់ពួកគេធ្វើតាមពួកគេជាជាងធ្វើតាមពួកសាវ័ក។ ពួកគេមិនមានចិត្តរាបទាប ហើយពួកគេក៏មិនគោរពសិទ្ធិសម្រេចចិត្តក្នុងរឿងផ្ទាល់ខ្លួនរបស់បងប្អូនឯទៀតដែរ។
១១. តើតាមរបៀបណាយើងអាចជួយអ្នកឯទៀតពេលពួកគេត្រូវធ្វើការសម្រេចចិត្ត?
១១ យើងទាំងអស់គ្នាអាចរៀនពីគំរូដ៏ល្អរបស់សាវ័កប៉ូល។ គាត់ដឹងថាបងប្អូនរបស់គាត់មានសិទ្ធិសម្រេចចិត្តផ្ទាល់ខ្លួន ហើយគាត់គោរពសិទ្ធិសម្រេចចិត្តរបស់ពួកគេ។ (សូមអាន កូរិនថូសទី២ ១:២៤) សព្វថ្ងៃនេះ ពួកអ្នកចាស់ទុំអាចធ្វើតាមគំរូនេះពេលដែលពួកគាត់ផ្ដល់ការណែនាំអំពីរឿងដែលទាក់ទងនឹងការសម្រេចចិត្តផ្ទាល់ខ្លួន។ ពួកគាត់សប្បាយចិត្តប្រាប់បងប្អូនអំពីព័ត៌មានដែលមានមូលដ្ឋានលើបណ្ដាំរបស់ព្រះ។ ប៉ុន្តែ ពួកអ្នកចាស់ទុំទុកឲ្យគ្រិស្តសាសនិកម្នាក់ៗធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ពីព្រោះបុគ្គលនោះនឹងត្រូវទទួលលទ្ធផលដែលមកពីការសម្រេចចិត្តនោះ។ យើងអាចរៀនថាយើងអាចជួយអ្នកឯទៀតឲ្យយល់ឱវាទពីគម្ពីរដែលជាប់ទាក់ទងនឹងស្ថានភាពរបស់ពួកគេ។ ប៉ុន្តែ បងប្អូនរបស់យើងមានសិទ្ធិនិងមានភារកិច្ចធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន។ ពេលដែលពួកគេធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដោយខ្លួនឯង ពួកគេទទួលប្រយោជន៍។ យើងឃើញច្បាស់ថា យើងមិនគួរគិតថាយើងមានសិទ្ធិសម្រេចចិត្តអំពីអ្វីដែលបងប្អូនឯទៀតគួរធ្វើនោះទេ។
ដោយមានសេចក្ដីស្រឡាញ់ អ្នកចាស់ទុំជួយអ្នកឯទៀតឲ្យរៀនធ្វើការសម្រេចចិត្តដោយខ្លួនឯង (សូមមើលវគ្គ១១)
កុំឲ្យអារម្មណ៍របស់អ្នកមានឥទ្ធិពលទៅលើការសម្រេចចិត្ត
១២, ១៣. ហេតុអ្វីការធ្វើការសម្រេចចិត្តនៅពេលដែលយើងខឹងឬធ្លាក់ទឹកចិត្តអាចនាំឲ្យមានគ្រោះថ្នាក់?
១២ សព្វថ្ងៃនេះ មនុស្សជាច្រើនធ្វើតាមចិត្តរបស់ពួកគេពេលដែលពួកគេធ្វើការសម្រេចចិត្ត។ ប៉ុន្តែ នោះអាចនាំឲ្យមានគ្រោះថ្នាក់។ គម្ពីរព្រមានយើងមិនឲ្យធ្វើការសម្រេចចិត្តតាមចិត្តមិនល្អឥតខ្ចោះរបស់យើងឬតាមអារម្មណ៍របស់យើងឡើយ។ (សុភាសិត ២៨:២៦) យើងមិនអាចទុកចិត្តលើចិត្តរបស់យើងបានទេ ដោយសារ«ចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង»។ (យេរេមា ១៧:៩) មានគំរូជាច្រើននៅក្នុងគម្ពីរដែលបង្ហាញអំពីផលវិបាកដែលមកពីការពឹងផ្អែកលើចិត្តមិនល្អឥតខ្ចោះ។ (ពង្សាវតារក្សត្រទី១ ១១:៩; យេរេមា ៣:១៧; ១៣:១០) ដូច្នេះ តើអ្វីអាចកើតឡើងបើយើងធ្វើតាមចិត្តរបស់យើងពេលដែលយើងធ្វើការសម្រេចចិត្ត?
១៣ ព្រះយេហូវ៉ាបានបង្គាប់យើងឲ្យស្រឡាញ់លោកឲ្យអស់ពីដួងចិត្ត ហើយស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនយើង។ (ម៉ាថាយ ២២:៣៧-៣៩) ប៉ុន្តែ យើងត្រូវប្រុងប្រយ័ត្ន។ បទគម្ពីរនៅក្នុងវគ្គមុនបង្ហាញថាការអនុញ្ញាតឲ្យអារម្មណ៍របស់យើងគ្រប់គ្រងទៅលើគំនិតនិងការប្រព្រឹត្តរបស់យើង នោះនាំឲ្យមានគ្រោះថ្នាក់។ ជាឧទាហរណ៍ ពេលយើងខឹង យើងពិបាកធ្វើការសម្រេចចិត្តល្អ។ (សុភាសិត ១៤:១៧; ២៩:២២) ម្យ៉ាងទៀត ពេលយើងធ្លាក់ទឹកចិត្តយើងក៏ពិបាកធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែរ។ (ជនគណនា ៣២:៦-១២; សុភាសិត ២៤:១០) យើងគួរឲ្យច្បាប់របស់ព្រះណែនាំគំនិតរបស់យើង។ (រ៉ូម ៧:២៥) ពេលយើងធ្វើការសម្រេចចិត្តដ៏សំខាន់ៗ យើងមិនគួរអនុញ្ញាតឲ្យអារម្មណ៍របស់យើងមានឥទ្ធិពលទៅលើអ្វីដែលយើងធ្វើទេ។
ពេលដែលអ្នកគួរផ្លាស់ប្ដូរការសម្រេចចិត្តរបស់អ្នក
១៤. តើតាមរបៀបណាយើងដឹងថាគឺជាការត្រឹមត្រូវឲ្យយើងផ្លាស់ប្ដូរការសម្រេចចិត្តខ្លះរបស់យើង?
១៤ យើងត្រូវធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ មនុស្សដែលមានគំនិតឈ្លាសវៃដឹងថាពេលខ្លះគាត់ត្រូវពិចារណាម្ដងទៀតអំពីអ្វីដែលគាត់បានសម្រេចចិត្តរួចហើយ ហើយប្រហែលជាត្រូវផ្លាស់ប្ដូរការសម្រេចចិត្តនោះ។ ព្រះយេហូវ៉ាបានទុកគំរូដ៏ល្អឥតខ្ចោះសម្រាប់យើង។ សូមកត់សម្គាល់អំពីអ្វីដែលលោកបានធ្វើចំពោះអ្នកក្រុងនីនីវេនៅសម័យយ៉ូណាស។ «ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះក៏ប្រែគំនិតពីការអាក្រក់ដែលទ្រង់បានគំរាមថានឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ»។ (យ៉ូណាស ៣:១០) ពេលដែលព្រះយេហូវ៉ាឃើញថាអ្នកក្រុងនីនីវេបានកែប្រែ ហើយបានឈប់ធ្វើអ្វីដែលអាក្រក់ លោកបានផ្លាស់ប្ដូរការសម្រេចចិត្តរបស់លោក។ នេះបង្ហាញថាលោកមានចិត្តរាបទាប សមហេតុផល និងមេត្ដាករុណា។ ព្រះយេហូវ៉ាខុសគ្នាពីមនុស្សជាច្រើន លោកមិនធ្វើការសម្រេចចិត្តដោយមិនពិចារណាទេ សូម្បីតែពេលដែលលោកខឹងក៏ដោយ។
ពេលដែលព្រះយេហូវ៉ាឃើញថាអ្នកក្រុងនីនីវេបានកែប្រែ ហើយបានឈប់ធ្វើអ្វីដែលអាក្រក់ លោកបានផ្លាស់ប្ដូរការសម្រេចចិត្តរបស់លោក
១៥. ហេតុអ្វីយើងប្រហែលជាត្រូវផ្លាស់ប្ដូរការសម្រេចចិត្ត?
១៥ ប្រហែលជានឹងមានពេលខ្លះដែលជាការល្អឲ្យយើងពិចារណាការសម្រេចចិត្តរបស់យើងឡើងវិញ ដូចជាពេលដែលស្ថានភាពផ្លាស់ប្ដូរ។ សូមចាំថាពេលខ្លះព្រះយេហូវ៉ាបានផ្លាស់ប្ដូរការសម្រេចចិត្តរបស់លោក។ (ពង្សាវតារក្សត្រទី១ ២១:២០, ២១, ២៧-២៩; ពង្សាវតារក្សត្រទី២ ២០:១-៥) យើងក៏ប្រហែលជាត្រូវផ្លាស់ប្ដូរការសម្រេចចិត្តពេលដែលយើងទទួលព័ត៌មានថ្មី។ សូមពិចារណាអំពីគំរូរបស់ស្តេចដាវីឌ។ គាត់បានធ្វើការសម្រេចចិត្តមួយអំពីមភីបូសែតដែលជាចៅរបស់ស្តេចសុលដោយផ្អែកទៅលើព័ត៌មានមិនត្រឹមត្រូវ។ ក្រោយមក ពេលដែលដាវីឌបានទទួលព័ត៌មានត្រឹមត្រូវ គាត់បានផ្លាស់ប្ដូរការសម្រេចចិត្តរបស់គាត់។ (សាំយូអែលទី២ ១៩:២៤-២៩) នៅពេលខ្លះ ប្រហែលជាការល្អឲ្យយើងធ្វើដូច្នេះដែរ។
១៦. (ក) ពេលយើងធ្វើការសម្រេចចិត្ត តើយោបល់អ្វីនឹងជួយយើង? (ខ) ហេតុអ្វីយើងគួរពិចារណាឡើងវិញអំពីការសម្រេចចិត្តដែលយើងបានធ្វើរួចហើយ? តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
១៦ ពេលដែលយើងត្រូវធ្វើការសម្រេចចិត្តសំខាន់ៗ គម្ពីរចែងថាយើងមិនគួរប្រញាប់ធ្វើការសម្រេចចិត្តនោះទេ។ (សុភាសិត ២១:៥) យើងគួរចំណាយពេលដើម្បីគិតយ៉ាងយកចិត្តដាក់អំពីព័ត៌មានទាំងអស់ដែលទាក់ទងនឹងរឿងនោះ យ៉ាងនេះយើងអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ (ថែស្សាឡូនិចទី១ ៥:២១) មុនពេលសម្រេចចិត្តធ្វើអ្វីមួយ ប្រមុខគ្រួសារគួរតែចំណាយពេលដើម្បីស្រាវជ្រាវបទគម្ពីរនិងសៀវភៅផ្សេងៗរបស់យើង។ ជាការល្អផងដែរឲ្យយើងស្ដាប់មតិឬទស្សនៈរបស់សមាជិកឯទៀតក្នុងក្រុមគ្រួសារ។ សូមចាំថាព្រះបានលើកទឹកចិត្តអាប្រាហាំឲ្យស្ដាប់ប្រពន្ធរបស់គាត់។ (លោកុប្បត្តិ ២១:៩-១២) អ្នកចាស់ទុំក៏គួរចំណាយពេលសម្រាប់ធ្វើការស្រាវជ្រាវផងដែរ។ ពេលមានព័ត៌មានថ្មីដែលបង្ហាញថាពួកគាត់ត្រូវផ្លាស់ប្ដូរការសម្រេចចិត្តដែលពួកគាត់បានធ្វើរួចហើយ ពួកគាត់មិនខ្លាចថាពួកគាត់នឹងលែងទទួលការគោរពពីអ្នកឯទៀតទេ។ អ្នកចាស់ទុំដែលមានចិត្តសុភាពនិងសមហេតុផលគួរតែត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្ដូរគំនិតនិងការសម្រេចចិត្តនៅពេលដែលចាំបាច់។ ម្យ៉ាងទៀត ជាការល្អឲ្យយើងទាំងអស់គ្នាធ្វើតាមគំរូរបស់ពួកគាត់។ នេះអាចជួយក្រុមជំនុំឲ្យមានសេចក្ដីសុខសាន្តនិងរក្សាសាមគ្គីភាព។—សកម្មភាព ៦:១-៤
ចូរធ្វើតាមអ្វីដែលអ្នកបានសម្រេចចិត្ត
១៧. តើអ្វីនឹងជួយយើងឲ្យធ្វើការសម្រេចចិត្តល្អ?
១៧ ការសម្រេចចិត្តខ្លះគឺសំខាន់ជាងការសម្រេចចិត្តឯទៀត។ ជាឧទាហរណ៍ ការសម្រេចចិត្តថាគួររៀបការឬមិនរៀបការ ហើយគួររៀបការជាមួយអ្នកណាគឺជាការសម្រេចចិត្តដ៏សំខាន់ណាស់។ ការសម្រេចចិត្តសំខាន់មួយទៀតគឺអំពីពេលណាគួរចាប់ផ្ដើមកិច្ចបម្រើពេញពេល។ មុនធ្វើការសម្រេចចិត្តសំខាន់ៗបែបនេះ យើងត្រូវគិតយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពរបស់យើង ហើយអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ នេះប្រហែលជាតម្រូវឲ្យយើងគិតឲ្យបានដិតដល់។ ប៉ុន្តែបើយើងចង់ធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ យើងត្រូវទុកចិត្តលើព្រះយេហូវ៉ា ស្ដាប់និងធ្វើតាមការណែនាំរបស់លោក។ (សុភាសិត ១:៥) ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវឱវាទដ៏ល្អបំផុតក្នុងបណ្ដាំរបស់លោក។ ដូច្នេះ គឺសំខាន់ណាស់ឲ្យយើងធ្វើការស្រាវជ្រាវនិងអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ា។ លោកអាចជួយយើងឲ្យមានគុណសម្បត្ដិដែលយើងត្រូវការដើម្បីធ្វើការសម្រេចចិត្តដែលសមស្របនឹងបំណងប្រាថ្នារបស់លោក។ មុនយើងធ្វើការសម្រេចចិត្តសំខាន់ៗ រាល់ដងយើងគួរតែសួរខ្លួនថា ‹តើការសម្រេចចិត្តនេះនឹងបង្ហាញថាខ្ញុំស្រឡាញ់ព្រះយេហូវ៉ាឬទេ? តើការសម្រេចចិត្តនេះនឹងនាំឲ្យក្រុមគ្រួសារខ្ញុំមានអំណរនិងសេចក្ដីសុខសាន្តឬទេ? ម្យ៉ាងទៀត តើនេះនឹងបង្ហាញថាខ្ញុំមានចិត្តអត់ធ្មត់និងសប្បុរសឬទេ?›។
១៨. ហេតុអ្វីព្រះយេហូវ៉ាចង់ឲ្យយើងធ្វើការសម្រេចចិត្តដោយខ្លួនឯង?
១៨ ព្រះយេហូវ៉ាមិនបង្ខំយើងឲ្យស្រឡាញ់និងបម្រើលោកទេ។ ផ្ទុយទៅវិញ លោកបានផ្ដល់សេរីភាពឲ្យយើងធ្វើការសម្រេចចិត្តនោះ។ លោកគោរពសិទ្ធិនិងភារកិច្ចរបស់យើងក្នុងការជ្រើសរើសថាយើងនឹងបម្រើលោកឬយ៉ាងណា។ (យ៉ូស្វេ ២៤:១៥; សាស្ដា ៥:៤) ប៉ុន្តែ លោកតម្រូវឲ្យយើងធ្វើតាមការសម្រេចចិត្តរបស់យើងដែលមានមូលដ្ឋានលើបណ្ដាំរបស់លោក។ ពេលដែលយើងមានទំនុកចិត្តទៅលើការណែនាំរបស់ព្រះយេហូវ៉ា ហើយធ្វើតាមគោលការណ៍ដែលលោកបានផ្ដល់ឲ្យយើង នោះយើងអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ម្យ៉ាងទៀត យើងនឹងបង្ហាញថាយើងជាមនុស្សនឹងនរក្នុងគ្រប់ការទាំងអស់។—យ៉ាកុប ១:៥-៨; ៤:៨