ចូរធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដ៏ឈ្លាសវៃ
«ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។—សុភ. ៣:៥
១, ២. តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការធ្វើការសម្រេចចិត្ត ហើយតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការសម្រេចចិត្តខ្លះដែលអ្នកធ្លាប់ធ្វើរួចហើយ?
ការសម្រេចចិត្ត! ការសម្រេចចិត្ត! ជារៀងរាល់ថ្ងៃយើងប្រឈមមុខនឹងការសម្រេចចិត្តជាច្រើន។ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការសម្រេចចិត្តដែលអ្នកប្រឈមមុខ? មនុស្សខ្លះចង់សម្រេចចិត្តអំពីរឿងអ្វីៗទាំងអស់ដោយខ្លួនឯង។ ពួកគេទាមទារសិទ្ធិសម្រេចចិត្តដោយខ្លួនឯង ហើយខឹងប្រសិនបើអ្នកណាម្នាក់ចង់សម្រេចចិត្តសម្រាប់ពួកគេ។ ប៉ុន្តែ មានមនុស្សខ្លះខ្លាចមិនហ៊ានធ្វើការសម្រេចចិត្តដែលលើសពីការសម្រេចចិត្តសម្រាប់ជីវិតប្រចាំថ្ងៃទេ។ អ្នកខ្លះស្វែងរកឱវាទពីសៀវភៅណែនាំឬពីអ្នកផ្ដល់ឱវាទ ហើយពួកគេប្រហែលជាចំណាយលុយច្រើនដើម្បីទទួលបានឱវាទដែលពួកគេគិតថាខ្លួនគេត្រូវការ។
២ យើងជាច្រើននាក់ដឹងថា ទោះជាមានការសម្រេចចិត្តខ្លះដែលយើងគ្មានសិទ្ធិធ្វើក៏ដោយ មានការសម្រេចចិត្តផ្ទាល់ខ្លួនជាច្រើនដែលយើងអាចធ្វើក្នុងជីវិត។ (កាឡ. ៦:៥) ទោះជាយ៉ាងនេះក្ដី យើងទំនងជាទទួលស្គាល់ថា មិនមែនការសម្រេចចិត្តទាំងអស់ដែលយើងធ្វើគឺជាការសម្រេចចិត្តដែលឈ្លាសវៃឬដែលនាំឲ្យយើងទទួលប្រយោជន៍ឡើយ។
៣. តើអ្វីខ្លះជាការណែនាំដែលយើងមានពេលធ្វើការសម្រេចចិត្ត ប៉ុន្តែតើនៅតែមានការពិបាកអ្វីស្តីអំពីរឿងនេះ?
៣ ក្នុងនាមជាអ្នកបម្រើរបស់ព្រះយេហូវ៉ា យើងអាចសប្បាយដោយសារលោកបានផ្ដល់នូវការណែនាំច្បាស់លាស់ស្តីអំពីរឿងសំខាន់ជាច្រើនក្នុងជីវិតរបស់យើង។ យើងដឹងថា ប្រសិនបើយើងធ្វើតាមការណែនាំបែបនេះ យើងអាចធ្វើការសម្រេចចិត្តដែលនឹងនាំឲ្យព្រះយេហូវ៉ាពេញចិត្តផង ហើយនាំឲ្យខ្លួនយើងទទួលប្រយោជន៍ផងដែរ។ ប៉ុន្តែ យើងប្រហែលជាជួបនឹងបញ្ហានិងស្ថានភាពដែលមិនបានបញ្ជាក់ច្បាស់លាស់ក្នុងបណ្ដាំរបស់ព្រះទេ។ ដូច្នេះ តើតាមរបៀបណាយើងអាចសម្រេចចិត្តអំពីអ្វីដែលយើងគួរធ្វើ? ជាឧទាហរណ៍ យើងដឹងថាយើងមិនគួរលួចឡើយ។ (អេភ. ៤:២៨) ប៉ុន្តែបើនិយាយឲ្យចំទៅ តើការលួចជាអ្វី? តើនេះគឺអាស្រ័យលើតម្លៃនៃរបស់ដែលគេលួច បំណងចិត្តរបស់អ្នកដែលលួច ឬកត្ដាផ្សេងទៀតឬ? តើយើងអាចសម្រេចចិត្តយ៉ាងណាពេលមនុស្សខ្លះនិយាយថាគ្មានការណែនាំច្បាស់លាស់អំពីអ្វីដែលយើងត្រូវធ្វើ? តើអ្វីអាចណែនាំយើង?
គំនិតសមហេតុសមផល
៤. តើយើងទំនងជាបានទទួលយោបល់អ្វី ពេលយើងប្រឈមមុខនឹងការសម្រេចចិត្តណាមួយ?
៤ ពេលយើងនិយាយថាយើងហៀបនឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយ បងប្អូនរួមជំនឿម្នាក់ប្រហែលជាឲ្យយោបល់ថា យើងត្រូវធ្វើការសម្រេចចិត្តនោះដោយមានគំនិតសមហេតុសមផល។ នេះប្រាកដជាយោបល់ដ៏ល្អមែន។ គម្ពីរផ្ដល់ការព្រមានស្តីអំពីការប្រញាប់ធ្វើការសម្រេចចិត្ត ដោយចែងថា៖ «អស់អ្នកណាដែលមានចិត្តរលះរលាំងនោះនឹងបានតែសេចក្ដីខ្វះខាតវិញ»។ (សុភ. ២១:៥) ប៉ុន្តែតើការប្រើគំនិតសមហេតុសមផលមានន័យយ៉ាងណា? តើនេះគ្រាន់តែមានន័យថាយើងចំណាយពេលពិចារណាយ៉ាងហ្មត់ចត់អំពីរឿងនោះ ដោយមានគំនិតសមហេតុសមផល ហើយបង្ហាញការវិនិច្ឆ័យត្រឹមត្រូវឬ? កត្ដាទាំងអស់នេះគឺមានប្រយោជន៍ដើម្បីធ្វើការសម្រេចចិត្តដែលត្រឹមត្រូវ ប៉ុន្តែដើម្បីបង្ហាញចិត្តគំនិតសមហេតុសមផល នោះយើងត្រូវធ្វើអ្វីច្រើនជាងនេះទៅទៀត។—រ៉ូម ១២:៣; ១ពេ. ៤:៧
៥. ហេតុអ្វីដោយសារលក្ខណៈធម្មជាតិរបស់យើង នោះយើងមិនមានគំនិតសមហេតុសមផលទាំងស្រុង?
៥ យើងត្រូវទទួលស្គាល់ថា គ្មានយើងណាម្នាក់ដែលកើតមកដោយមានចិត្តគំនិតសមហេតុសមផលទាំងស្រុងឡើយ។ ហេតុអ្វីដូច្នេះ? ដោយសារយើងទាំងអស់គ្នាកើតមកដោយមានភាពខុសឆ្គង និងមិនល្អឥតខ្ចោះ នោះគំនិតឬរូបកាយរបស់យើងគឺមិនគ្រប់លក្ខណៈឡើយ។ (ទំនុក. ៥១:៥; រ៉ូម ៣:២៣) បន្ថែមទៅទៀត យើងជាច្រើននាក់ធ្លាប់នៅក្នុងចំណោមមនុស្សដែលបានត្រូវសាថានធ្វើឲ្យគំនិតរបស់ពួកគេទៅជា«ងងឹត» យើងធ្លាប់មិនអើពើនឹងព្រះយេហូវ៉ានិងខ្នាតតម្រាដ៏សុចរិតរបស់លោក។ (២កូ. ៤:៤; ទីត. ៣:៣) ដូច្នេះ បើយើងធ្វើការសម្រេចចិត្តដោយគ្រាន់តែផ្អែកលើអ្វីដែលយើងគិតថាល្អ ហើយសមហេតុសមផល នោះយើងប្រហែលជាបញ្ឆោតខ្លួនយើង ទោះជាយើងពិចារណាច្រើនយ៉ាងណាមុនពេលធ្វើការសម្រេចចិត្តក៏ដោយ។—សុភ. ១៤:១២
៦. តើអ្វីអាចជួយយើងអប់រំខ្លួនឲ្យមានគំនិតសមហេតុសមផល?
៦ ទោះជាយើងមិនមានចិត្តគំនិតនិងរូបកាយដែលគ្រប់លក្ខណៈក៏ដោយ ព្រះយេហូវ៉ាដែលជាបិតារបស់យើងដែលនៅស្ថានសួគ៌ គឺគ្រប់លក្ខណៈក្នុងគ្រប់ការទាំងអស់។ (ចោ. ៣២:៤) យើងរីករាយ ដោយសារលោកបានផ្ដល់លទ្ធភាពឲ្យយើងអាចកែប្រែចិត្តគំនិត ហើយអប់រំខ្លួនឲ្យដឹងខុសត្រូវ។ (សូមអាន ធីម៉ូថេទី២ ១:៧) ក្នុងនាមជាគ្រិស្តសាសនិក យើងចង់គិតនិងវែកញែកត្រឹមត្រូវ ហើយប្រព្រឹត្តស្របតាមអ្វីទាំងនេះ។ យើងត្រូវចេះទប់អារម្មណ៍និងគំនិតរបស់យើង ហើយធ្វើតាមរបៀបគិតគូរ អារម្មណ៍ និងការប្រព្រឹត្តរបស់ព្រះយេហូវ៉ា។
៧, ៨. សូមរៀបរាប់អំពីបទពិសោធន៍មួយដែលបង្ហាញអំពីរបៀបដែលការសម្រេចចិត្តសមហេតុសមផលអាចធ្វើឡើង ទោះជាជួបនឹងការបង្ខិតបង្ខំឬការលំបាកក៏ដោយ។
៧ សូមពិចារណាអំពីឧទាហរណ៍មួយ។ ជនអន្ដោប្រវេសន៍ច្រើនតែផ្ញើទារកដែលទើបនឹងកើតទៅសាច់ញាតិរបស់ពួកគេឲ្យមើលថែរក្សា ដើម្បីឪពុកម្ដាយរបស់ក្មេងនោះអាចបន្តធ្វើការរកប្រាក់។a ស្ត្រីម្នាក់ដែលរស់នៅបរទេសបានកើតកូនប្រុសដែលគួរឲ្យស្រឡាញ់ម្នាក់។ នៅពេលនោះ នាងបានចាប់ផ្ដើមរៀនគម្ពីរ ហើយបានរីកចម្រើនក្នុងសេចក្ដីពិត។ មិត្តភក្ដិនិងសាច់ញាតិរបស់នាងបានចាប់ផ្ដើមបង្ខំនាងនិងប្ដីរបស់នាងឲ្យផ្ញើកូននោះទៅជីដូនជីតារបស់ក្មេងនោះនៅស្រុកកំណើត។ ប៉ុន្តែ តាមរយៈការសិក្សាគម្ពីរ ជាពិសេសស្ត្រីនេះដែលជាប្រពន្ធបានដឹងថា ក្នុងនាមជាឪពុកម្ដាយ ព្រះផ្ដល់ឲ្យនាងនូវភារកិច្ចចិញ្ចឹមអប់រំកូនរបស់នាង។ (ទំនុក. ១២៧:៣; អេភ. ៦:៤) តើនាងគួរធ្វើតាមទម្លាប់ដែលតាមមើលទៅមនុស្សជាច្រើនគិតថាជាការសម្រេចចិត្តដែលសមហេតុសមផលឬ? ឬតើនាងគួរធ្វើតាមអ្វីដែលនាងបានរៀនពីគម្ពីរ ហើយនាងប្រហែលជាត្រូវប្រឈមមុខនឹងការខ្វះខាតខាងលុយកាក់ ព្រមទាំងត្រូវមនុស្សខ្លះមើលងាយ? ប្រសិនបើអ្នកជាស្ត្រីនេះវិញ តើអ្នកនឹងធ្វើអ្វី?
៨ ដោយមានការបង្ខិតបង្ខំនិងដោយមានការតានតឹងចិត្ត ស្ត្រីវ័យក្មេងនេះបានអធិដ្ឋានយ៉ាងអស់ពីចិត្តដល់ព្រះយេហូវ៉ា ហើយស្វែងរកការណែនាំពីលោក។ នាងបាននិយាយជាមួយបងស្រីដែលបង្រៀនគម្ពីរដល់នាង និងអ្នកឯទៀតក្នុងក្រុមជំនុំអំពីស្ថានភាពរបស់នាង រួចមកនាងបានចាប់ផ្ដើមយល់អំពីគំនិតរបស់ព្រះយេហូវ៉ាស្តីអំពីរឿងនោះ។ នាងក៏បានពិចារណាថាកូនតូចរបស់នាងអាចឈឺចាប់ខាងផ្លូវចិត្តយ៉ាងណាក្នុងអំឡុងពេលជាច្រើនឆ្នាំដែលកូនតូចនោះកំពុងធំលូតលាស់ បែកពីឪពុកម្ដាយ។ ក្រោយពីបានពិចារណាអំពីបញ្ហានេះដោយផ្អែកលើបទគម្ពីរ នាងបានសន្និដ្ឋានថា ការផ្ញើកូនទៅឆ្ងាយគឺមិនត្រឹមត្រូវទេ។ ប្ដីរបស់នាងបានឃើញថាសមាជិកក្នុងក្រុមជំនុំរួមគ្នាដើម្បីជួយ ហើយឃើញថាទារកនោះសប្បាយព្រមទាំងមានសុខភាពល្អ។ គាត់បានយល់ព្រមសិក្សាគម្ពីរ ហើយបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំជាមួយប្រពន្ធរបស់គាត់។
៩, ១០. តើការប្រើគំនិតសមហេតុសមផលមានន័យយ៉ាងណា ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
៩ នេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ ប៉ុន្តែនេះបង្ហាញថាការប្រើគំនិតដែលសមហេតុសមផល មិនគ្រាន់តែមានន័យថាការធ្វើតាមអ្វីដែលយើងឬអ្នកឯទៀតគិតថាសមហេតុសមផលឬស្រួលធ្វើនោះទេ។ ចិត្តនិងគំនិតដែលមិនល្អឥតខ្ចោះរបស់យើងអាចដូចជានាឡិកាដែលដើរលឿនពេកឬដើរយឺតពេក។ ការឲ្យចិត្តនិងគំនិតរបស់យើងដឹកនាំយើងអាចនាំឲ្យយើងជួបនឹងបញ្ហាធ្ងន់ធ្ងរ។ (យេ. ១៧:៩) យើងត្រូវកែតម្រូវចិត្តនិងគំនិតរបស់យើងស្របតាមខ្នាតតម្រារបស់ព្រះដែលអាចទុកចិត្តបាន។—សូមអាន អេសាយ ៥៥:៨, ៩
១០ គម្ពីរដាស់តឿនយើងដោយមានមូលហេតុត្រឹមត្រូវថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ (សុភ. ៣:៥,៦) សូមកត់សម្គាល់នូវឃ្លាដែលចែងថា៖ «កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។ ឃ្លាបន្ទាប់ចែងថា៖ «ទទួលស្គាល់[ព្រះយេហូវ៉ា]»។ លោកជាព្រះដែលមានគំនិតសមហេតុសមផលពិតប្រាកដ។ ហេតុនេះ ពេលណាយើងត្រូវប្រឈមមុខនឹងការសម្រេចចិត្តណាមួយ យើងត្រូវស្វែងរកការណែនាំក្នុងគម្ពីរដើម្បីដឹងអំពីទស្សនៈរបស់ព្រះ។ បន្ទាប់មក យើងគួរសម្រេចចិត្តស្របតាមទស្សនៈរបស់លោក។ នេះគឺជាការប្រើគំនិតសមហេតុសមផលដោយធ្វើតាមគំនិតរបស់ព្រះយេហូវ៉ា។
ចូរបង្វឹកបង្ហាត់សមត្ថភាពយល់ដឹងរបស់អ្នក
១១. តើអ្វីជារបៀបមួយដើម្បីរៀនអំពីវិធីធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ?
១១ ការរៀនសម្រេចចិត្តឲ្យបានឈ្លាសវៃនិងការធ្វើតាមការសម្រេចចិត្តនោះ គឺមិនមែនជាការងាយស្រួលទេ។ នេះអាចជាការពិបាកយ៉ាងខ្លាំងសម្រាប់អ្នកថ្មីក្នុងសេចក្ដីពិត ឬសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមរីកចម្រើនទៅរកភាពចាស់ទុំក្នុងការគោរពប្រណិប័តន៍ព្រះ។ ប៉ុន្តែ ដូចគម្ពីរហៅពួកគេថាក្មេងខ្ចីក្នុងសេចក្ដីពិត បុគ្គលនោះអាចរីកចម្រើនពិតប្រាកដបាន។ សូមពិចារណាអំពីរបៀបដែលទារកម្នាក់រៀនដើរដោយមិនឲ្យដួល។ របៀបមួយដើម្បីអាចធ្វើដូច្នេះបានគឺគាត់បោះជំហានខ្លីៗ ហើយធ្វើដូច្នេះម្ដងហើយម្ដងទៀត។ បុគ្គលដែលក្មេងខ្ចីក្នុងសេចក្ដីពិតក៏អាចធ្វើដូច្នេះដែរ ពេលពួកគេត្រូវធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ សូមចាំថា សាវ័កប៉ូលបានរៀបរាប់អំពីមនុស្សពេញវ័យថាបាន«ប្រើប្រាស់សមត្ថភាពយល់ដឹង ហើយហេតុនេះសមត្ថភាពនោះបានត្រូវបង្វឹកបង្ហាត់ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។ ពាក្យដែលថា«ប្រើប្រាស់»និងពាក្យ«បង្វឹកបង្ហាត់»បង្កប់អត្ថន័យថា ខំព្យាយាមឥតឈប់ម្ដងហើយម្ដងទៀត ហើយនេះជាអ្វីដែលអ្នកថ្មីត្រូវធ្វើ។—សូមអាន ហេប្រឺ ៥:១៣, ១៤
១២. តើយើងអាចអប់រំខ្លួនឲ្យមានសមត្ថភាពធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃយ៉ាងដូចម្ដេច?
១២ ដូចបានរៀបរាប់ខាងលើ ជារៀងរាល់ថ្ងៃយើងត្រូវធ្វើការសម្រេចចិត្តជាច្រើន ទាំងធំទាំងតូច។ យោងទៅតាមការស្រាវជ្រាវមួយ ការប្រព្រឹត្តរបស់យើងជាង៤០ភាគរយគឺមិនផ្អែកលើការពិចារណាឲ្យបានដិតដល់ជាមុនទេ ប៉ុន្តែលើទម្លាប់ដែលពិបាកនឹងកែប្រែ។ ជាឧទាហរណ៍ រាល់ព្រឹកអ្នកទំនងជាត្រូវសម្រេចចិត្តថាអ្នកត្រូវស្លៀកពាក់អ្វី។ អ្នកប្រហែលជាចាត់ទុករឿងនេះជារឿងតូចតាច ហើយអ្នកជ្រើសរើសសម្លៀកបំពាក់ដោយមិនបានពិចារណាឲ្យបានដិតដល់ជាមុនឡើយ ជាពិសេសពេលអ្នកប្រញាប់។ ប៉ុន្តែ ជាការសំខាន់ដែលអ្នកគិតថាអ្វីដែលអ្នកពាក់គឺសមនឹងតួនាទីរបស់អ្នកជាអ្នកបម្រើម្នាក់របស់ព្រះយេហូវ៉ាឬមិនសម។ (២កូ. ៦:៣, ៤) ពេលអ្នកទៅផ្សារដើម្បីទិញសម្លៀកបំពាក់ អ្នកប្រហែលជាគិតអំពីម៉ូតនិងអ្វីៗដែលពេញនិយម ប៉ុន្តែចុះយ៉ាងចំពោះភាពរមទមនិងតម្លៃរបស់វា? ការសម្រេចចិត្តត្រឹមត្រូវក្នុងរឿងនេះនឹងជួយយើងបង្វឹកបង្ហាត់សមត្ថភាពយល់ដឹងរបស់យើង ដែលអាចជួយយើងឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងរឿងសំខាន់ជាងនេះ។—លូក. ១៦:១០; ១កូ. ១០:៣១
ចូរបណ្ដុះឲ្យមានបំណងប្រាថ្នាធ្វើអ្វីដែលត្រឹមត្រូវ
១៣. តើយើងត្រូវការអ្វីដើម្បីប្រាកដថាយើងនឹងធ្វើតាមការសម្រេចចិត្តដែលយើងបានធ្វើ?
១៣ យើងទាំងអស់គ្នាដឹងថា ការប្រកាន់ខ្ជាប់នូវអ្វីដែលយើងបានសម្រេច រួចធ្វើតាម គឺពិបាកជាងការធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ជាឧទាហរណ៍ មនុស្សខ្លះដែលចង់ឈប់ជក់បារីបានបរាជ័យ ដោយសារពួកគេមិនសូវមានអ្វីដែលជំរុញចិត្តពួកគេឲ្យធ្វើដូច្នេះ។ អ្វីដែលយើងត្រូវការគឺការតាំងចិត្តធ្វើតាមអ្វីដែលយើងបានសម្រេចរួចហើយ។ អ្នកខ្លះជឿថា ការប្ដេជ្ញាចិត្តគឺស្រដៀងគ្នានឹងសាច់ដុំរបស់យើង។ កាលណាយើងកាន់តែប្រើវា ឬបង្វឹកបង្វឺនវា នោះវាកាន់តែរឹងមាំ។ ប្រសិនបើយើងមិនសូវប្រើវា វានឹងខ្សោយឬស្វិត។ តើអ្វីអាចជួយយើងពង្រឹងបំណងប្រាថ្នារបស់យើងឲ្យធ្វើតាមអ្វីដែលយើងបានសម្រេចចិត្តថានឹងធ្វើ? ការសុំជំនួយពីព្រះយេហូវ៉ាអាចជួយយើង។—សូមអាន ភីលីព ២:១៣
១៤. តើហេតុអ្វីប៉ូលមានកម្លាំងធ្វើអ្វីដែលគាត់បានដឹងថាគាត់គួរធ្វើ?
១៤ ប៉ូលបានដឹងអំពីរឿងនេះតាមរយៈបទពិសោធន៍របស់គាត់ផ្ទាល់។ មានម្ដងនោះគាត់បានត្អូញត្អែរថា៖ «ខ្ញុំមានសមត្ថភាពប៉ងប្រាថ្នា ប៉ុន្តែគ្មានសមត្ថភាពធ្វើការល្អប្រសើរឡើយ»។ គាត់បានដឹងអំពីអ្វីដែលគាត់ចង់ធ្វើ ឬអ្វីដែលគាត់គួរធ្វើ ប៉ុន្តែជួនកាលមានអ្វីមួយបានរារាំងគាត់មិនឲ្យធ្វើដូច្នេះ។ គាត់បានសារភាពថា៖ «ក្នុងចិត្តខ្ញុំ ខ្ញុំពិតជាត្រេកអរនឹងច្បាប់របស់ព្រះ ប៉ុន្តែខ្ញុំសង្កេតឃើញថា មានច្បាប់មួយទៀតក្នុងអវយវៈរបស់ខ្ញុំ ដែលកំពុងច្បាំងនឹងច្បាប់ដែលនៅក្នុងគំនិតខ្ញុំ ហើយកំពុងនាំខ្ញុំទៅជាឈ្លើយក្រោមអំណាចច្បាប់នៃភាពខុសឆ្គង ដែលនៅក្នុងអវយវៈរបស់ខ្ញុំ»។ តើស្ថានភាពរបស់គាត់គួរឲ្យអស់សង្ឃឹមឬ? មិនមែនដូច្នេះឡើយ។ គាត់បានប្រកាសថា៖ «ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង!»។ (រ៉ូម ៧:១៨, ២២-២៥) នៅកន្លែងផ្សេងទៀត គាត់បានសរសេរថា៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។—ភី. ៤:១៣
១៥. តើការចាត់វិធានការឲ្យបានជាក់លាក់មានឥទ្ធិពលយ៉ាងណាទៅលើពួកអ្នកដែលពាក់ព័ន្ធនឹងរឿងនោះ ហើយតើការមិនធ្វើដូច្នេះនាំឲ្យមានលទ្ធផលអ្វី?
១៥ ច្បាស់ណាស់ ដើម្បីធ្វើឲ្យព្រះយេហូវ៉ារីករាយ នោះយើងត្រូវចាត់វិធានការឲ្យបានជាក់លាក់។ សូមចាំអំពីពាក្យរបស់អេលីយ៉ាចំពោះអ្នកគោរពបូជាព្រះបាល និងអ្នកក្បត់ជំនឿដែលជាជនជាតិអ៊ីស្រាអែលនៅភ្នំកើមែលថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំង២នេះដល់កាលណាទៀត បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្ដិតាមចុះ»។ (១ព. ១៨:២១) ពួកកូនចៅអ៊ីស្រាអែលបានដឹងថាពួកគេត្រូវធ្វើអ្វី ប៉ុន្តែពួកគេបាន«ស្ទាក់ស្ទើរ»ក្នុងការសម្រេចចិត្ត។ ផ្ទុយស្រឡះពីបុគ្គលទាំងនោះ ប៉ុន្មានឆ្នាំមុននេះយ៉ូស្វេបានធ្វើជាគំរូដ៏ល្អសម្រាប់យើងពេលគាត់ប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «បើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្ដិតាមនៅថ្ងៃនេះចុះ . . . ឯអញនឹងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ»។ (យ៉ូស. ២៤:១៥) តើការតាំងចិត្តរបស់គាត់នាំឲ្យមានលទ្ធផលអ្វី? យ៉ូស្វេនិងពួកអ្នកដែលនៅជាមួយគាត់បានទទួលពរដោយបានរស់នៅក្នុងស្រុកដែលព្រះបានសន្យា ជាស្រុកដែលមាន«ទឹកដោះនឹងទឹកឃ្មុំហូរហៀរ»។—យ៉ូស. ៥:៦
ចូរធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ហើយទទួលពរ
១៦, ១៧. សូមលើកឧទាហរណ៍មួយដែលបង្ហាញពីប្រយោជន៍ដែលមកពីការធ្វើការសម្រេចចិត្តដែលស្របតាមបំណងប្រាថ្នារបស់ព្រះ។
១៦ សូមពិចារណាអំពីស្ថានភាពមួយនៅសម័យយើងនេះ។ បងប្រុសម្នាក់ដែលបានរៀបការហើយ ទើបតែបានទទួលការជ្រមុជទឹក គាត់និងប្រពន្ធរបស់គាត់មានកូនតូចៗបីនាក់។ ថ្ងៃមួយ អ្នកធ្វើការជាមួយគាត់បានឲ្យយោបល់ថា គាត់និងបងប្រុសយើងគួររើទៅក្រុមហ៊ុនផ្សេងដែលឲ្យប្រាក់ខែច្រើនជាង ហើយផ្ដល់ប្រយោជន៍ច្រើនជាង។ បងប្រុសរបស់យើងបានគិត ហើយអធិដ្ឋានអំពីរឿងនេះ។ មូលហេតុដែលគាត់ជ្រើសរើសការងារសព្វថ្ងៃនេះ ដែលមិនសូវបានប្រាក់ខែច្រើន មុនដំបូងគឺដោយសារគាត់អាចសម្រាកនៅចុងសប្ដាហ៍ នេះអាចឲ្យគាត់ចូលរួមប្រជុំនិងទៅផ្សព្វផ្សាយជាមួយក្រុមគ្រួសាររបស់គាត់។ គាត់បានរំពឹងគិតអំពីការពិតដែលថា ប្រសិនបើគាត់ជ្រើសរើសយកការងារថ្មីនោះ យ៉ាងហោចណាស់អស់មួយរយៈពេលគាត់នឹងមិនអាចសម្រាកនៅចុងសប្ដាហ៍ទេ។ ប្រសិនបើអ្នកជាគាត់វិញ តើអ្នកនឹងធ្វើយ៉ាងណា?
១៧ ក្រោយពីបានពិចារណាអំពីរបៀបដែលការសម្រេចចិត្តរបស់គាត់អាចប៉ះពាល់ដល់ចំណងមិត្តភាពរវាងគាត់នឹងព្រះយេហូវ៉ា គាត់មិនបានទទួលយកការងារដែលមានប្រាក់ខែច្រើនជាងនោះទេ។ តើអ្នកគិតថាគាត់បានស្ដាយក្រោយចំពោះការសម្រេចចិត្តរបស់គាត់ឬទេ? មិនមែនទាល់តែសោះ។ គាត់បានមានអារម្មណ៍ថា ពរដែលគាត់នឹងទទួលគឺមានប្រយោជន៍សម្រាប់គាត់និងក្រុមគ្រួសាររបស់គាត់ច្រើនជាងប្រាក់ខែខ្ពស់ឆ្ងាយណាស់។ គាត់និងប្រពន្ធរបស់គាត់បានសប្បាយរីករាយយ៉ាងខ្លាំងពេលដែលកូនស្រីច្បងរបស់ពួកគាត់ដែលមានអាយុ១០ឆ្នាំ បានប្រាប់ពួកគាត់ថានាងស្រឡាញ់ឪពុកម្ដាយរបស់នាង ស្រឡាញ់បងប្អូនប្រុសស្រីក្នុងក្រុមជំនុំ ហើយស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់។ នាងបាននិយាយថានាងចង់ប្រគល់ជីវិតរបស់នាងជូនព្រះយេហូវ៉ា ហើយទទួលការជ្រមុជទឹក។ នាងច្បាស់ជាបានដឹងគុណឪពុកនាងដែលបានធ្វើជាគំរូយ៉ាងល្អ ដោយបានចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់គាត់!
១៨. ហេតុអ្វីជាការសំខាន់ដែលយើងធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃជារៀងរាល់ថ្ងៃ?
១៨ លោកយេស៊ូគ្រិស្តដែលឧត្តមជាងម៉ូសេបានដឹកនាំការគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ាអស់ជាច្រើនទសវត្សរ៍ ឆ្លងកាត់ពិភពលោករបស់សាថានដែលប្រៀបដូចជាតំបន់ស្ងាត់ជ្រងំ។ ឥឡូវនេះលោកយេស៊ូដែលឧត្តមជាងយ៉ូស្វេត្រៀមខ្លួនដើម្បីបញ្ចប់របៀបរបបពិភពលោកដ៏ពុករលួយនេះ ហើយដឹកនាំអ្នកកាន់តាមលោកទៅកាន់ពិភពលោកថ្មីដ៏សុចរិតដែលព្រះបានសន្យា។ (២ពេ. ៣:១៣) ហេតុនេះ ឥឡូវនេះមិនមែនជាពេលដែលយើងត្រឡប់ទៅរករបៀបគិតគូរ ទម្លាប់ចាស់ ខ្នាតតម្រាសីលធម៌និងគោលដៅរបស់យើងពីមុនឡើយ។ ឥឡូវនេះជាពេលដែលយើងត្រូវយល់ឲ្យបានច្បាស់ជាងមុនទៅទៀត អំពីបំណងប្រាថ្នារបស់ព្រះសម្រាប់យើង។ (រ៉ូម ១២:២; ២កូ. ១៣:៥) សូមឲ្យការសម្រេចចិត្តនិងជម្រើសរបស់អ្នកជារៀងរាល់ថ្ងៃបង្ហាញថាអ្នកជាមនុស្សដែលសមនឹងទទួលពររបស់ព្រះដែលស្ថិតស្ថេរជារៀងរហូត។—សូមអាន ហេប្រឺ ១០:៣៨, ៣៩
a មូលហេតុផ្សេងទៀតដែលគេធ្វើដូច្នេះ គឺដោយសារជីដូនជីតារបស់ក្មេងនោះអាចបង្អួតក្មេងនោះចំពោះមិត្តភក្ដិនិងសាច់ញាតិ។