ការរក្សាឲ្យមានភាពថ្លៃថ្នូរនិងអំណរនៅថ្ងៃមង្គលការ
«ថ្ងៃការជាថ្ងៃពិសេសណាស់ក្នុងជីវិតខ្ញុំ ក៏ជាថ្ងៃដែលនាំឲ្យមានអំណរយ៉ាងក្រៃលែង»។ នេះជាទស្សនៈរបស់បងប្រុសឈ្មោះហ្គូឌិន ដែលបានរៀបការជិត៦០ឆ្នាំហើយ។ ហេតុអ្វីបានជាគ្រិស្តសាសនិកពិតចាត់ទុកថ្ងៃមង្គលការជាថ្ងៃពិសេសដូច្នេះ? គឺពីព្រោះថ្ងៃមង្គលការជាពេលស្បថនៅចំពោះមុខមនុស្សជាទីស្រឡាញ់ ហើយចំពោះព្រះយេហូវ៉ាដែលជាទីស្រឡាញ់របស់កូនកំលោះកូនក្រមុំដែរ។ (ម៉ាថាយ ២២:៣៧; អេភេសូរ ៥:២២-២៩) សាមីខ្លួនកូនប្រុសកូនស្រីដែលមានបំណងរៀបការជាមួយគ្នាពិតជាចង់ឲ្យថ្ងៃនោះពោរពេញទៅដោយអំណរមែន ហើយក៏ចង់លើកតម្កើងព្រះដែលជាអ្នកផ្ដើមគំនិតឲ្យមនុស្សជាតិរៀបអាពាហ៍ពិពាហ៍ជាស្វាមីភរិយា។—លោកុប្បត្តិ ២:១៨-២៤; ម៉ាថាយ ១៩:៥, ៦
តើកូនកំលោះអាចធ្វើយ៉ាងណាដើម្បីឲ្យថ្ងៃមង្គលការមានភាពថ្លៃថ្នូរ? តើកូនក្រមុំអាចធ្វើយ៉ាងណាដើម្បីបង្ហាញការគោរពចំពោះកូនកំលោះនិងព្រះយេហូវ៉ា? តើបងប្អូនញាតិមិត្តទាំងឡាយអាចធ្វើយ៉ាងណាដើម្បីឲ្យមានអំណរនៅថ្ងៃមង្គលការនោះ? ការពិចារណាគោលការណ៍ខ្លះៗក្នុងព្រះគម្ពីរនឹងជួយយើងឆ្លើយសំណួរទាំងនេះ ហើយការធ្វើតាមគោលការណ៍ទាំងនោះនឹងជួយជៀសវាងបញ្ហានៅថ្ងៃមង្គលការដែលជាថ្ងៃពិសេស។
តើអ្នកណាមានភារកិច្ចទទួលខុសត្រូវ?
នៅប្រទេសជាច្រើន អ្នកចាស់ទុំខ្លះក្នុងចំណោមពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានសិទ្ធអំណាចចុះហត្ថលេខាលើសំបុត្រអាពាហ៍ពិពាហ៍ដើម្បីឲ្យសំបុត្រនោះមានសុពលភាព។ សូម្បីតែនៅប្រទេសដែលច្បាប់រដ្ឋតម្រូវឲ្យអាជ្ញាធរម្នាក់ចុះឈ្មោះសាមីខ្លួនអ្នកការក្នុងបញ្ជីអាពាហ៍ពិពាហ៍ក្ដី នោះពួកគេប្រហែលជាចង់រៀបចំឲ្យមានអ្នកចាស់ទុំថ្លែងសុន្ទរកថាដែលមានមូលដ្ឋានលើគោលការណ៍ព្រះគម្ពីរ។ ក្នុងសុន្ទរកថានោះ ធម្មតាគេលើកទឹកចិត្តឲ្យកូនកំលោះគិតអំពីភារកិច្ចដែលព្រះយេហូវ៉ាប្រគល់ឲ្យគាត់ជាមេគ្រួសារ។ (កូរិនថូសទី១ ១១:៣) ដូច្នេះ កូនកំលោះមានភារកិច្ចទទួលខុសត្រូវចំពោះអ្វីៗដែលកើតឡើងក្នុងពិធីមង្គលការនោះ។ ធម្មតាសាមីខ្លួនកូនប្រុសរៀបចំកម្មវិធីនៅសាលប្រជុំនិងពិធីមង្គលការច្រើនខែមុន។ ហេតុអ្វីក៏ជួនកាលមានការពិបាកក្នុងការរៀបចំមង្គលការ?
មូលហេតុមួយគឺដោយសារញាតិសន្ដានរបស់កូនកំលោះឬកូនក្រមុំចង់បង្ខិតបង្ខំឲ្យសាមីខ្លួនអ្នកការរៀបមង្គលការបែបនេះឬបែបនោះ។ បងប្រុសឈ្មោះរដូលហ្វោ បានថ្លែងសុន្ទរកថាអាពាហ៍ពិពាហ៍ជាច្រើន ហើយគាត់កត់សម្គាល់ថា៖ «ជួនកាលញាតិសន្ដានបង្ខំឲ្យកូនកំលោះធ្វើតាមគំនិតពួកគាត់ ជាពិសេសបើពួកគាត់ជាអ្នកចេញថ្លៃការ។ ពួកគាត់ប្រហែលជាចង់ឲ្យសាមីខ្លួនអ្នកការធ្វើតាមទស្សនៈពួកគាត់ស្តីអំពីអ្វីដែលគួររៀបចំនៅសាលប្រជុំនិងពេលបរិភោគការ។ ទង្វើបែបនេះអាចបំពានសិទ្ធិកូនកំលោះដែលគួរតែជាអ្នកទទួលខុសត្រូវចំពោះមង្គលការស្របទៅតាមព្រះគម្ពីរ»។
ជាង៣៥ឆ្នាំហើយ បងប្រុសម៉ាកបានថ្លែងសុន្ទរកថាអាពាហ៍ពិពាហ៍ ហើយគាត់មានប្រសាសន៍ថា៖ «ខ្ញុំឃើញថា ក្នុងករណីភាគច្រើនកូនក្រមុំជាអ្នកដែលសម្រេចចិត្តអំពីអ្វីដែលគេនឹងធ្វើក្នុងសាលប្រជុំហើយពេលបរិភោគការដែរ។ ធម្មតាកូនកំលោះមិនសូវគិតអំពីរឿងនោះទេ»។ បងប្រុសដាវីឌ ក៏បានថ្លែងសុន្ទរកថាអាពាហ៍ពិពាហ៍ជាច្រើនដែរ ហើយគាត់ប្រាប់ថា៖ «កូនកំលោះប្រហែលជាមិនធ្លាប់ធ្វើការសម្រេចចិត្តអំពីរឿងនេះទេ ហើយគាត់ក៏មិនសូវបានរួមចំណែកក្នុងការរៀបចំពិធីមង្គលការផងដែរ»។ តើសាមីខ្លួនកូនប្រុសអាចធ្វើយ៉ាងណាដើម្បីបំពេញភារកិច្ចរបស់គាត់ជាអ្នកទទួលខុសត្រូវ?
ការពិភាក្សាគ្នានាំឲ្យមានអំណរ
បើកូនកំលោះចង់បំពេញភារកិច្ចរបស់គាត់ឲ្យបានជោគជ័យក្នុងការទទួលខុសត្រូវចំពោះពិធីមង្គលការ នោះគាត់ត្រូវពិភាក្សាជាមួយអ្នកដទៃដែរ។ ព្រះគម្ពីរចែងយ៉ាងចំៗថា៖ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ»។ (សុភាសិត ១៥:២២) ដូច្នេះ សាមីខ្លួនអ្នកការអាចរៀបពិធីមង្គលការបានតាមចិត្ត ឲ្យតែកូនកំលោះពិភាក្សាជាមួយកូនក្រមុំ ឪពុកម្ដាយ ញាតិសន្ដាននិងអ្នកឯទៀតជាមុនសិន ដើម្បីទទួលយោបល់ដែលមានមូលដ្ឋានលើព្រះគម្ពីរ។
ត្រូវមែន ជាការចាំបាច់ណាស់ឲ្យសាមីខ្លួនអ្នកការពិភាក្សាជាមួយគ្នាអំពីអ្វីដែលពួកគេចង់ធ្វើនិងលទ្ធភាពដែលអាចធ្វើបាន។ ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យពួកគេពិភាក្សាគ្នា? សូមមើលយោបល់របស់បងប្រុសអាយវិននិងភរិយាគាត់ឈ្មោះដេលវិន។ ទោះជាពួកគាត់មកពីក្រុមគ្រួសារដែលមានវប្បធម៌ខុសគ្នាក្ដី ពួកគាត់នៅតែមានសុភមង្គលហើយបានរៀបការច្រើនឆ្នាំដែរ។ បងប្រុសអាយវិនរៀបរាប់អំពីការរៀបចំមង្គលការរបស់ពួកគាត់ថា៖ «ស្តីអំពីពិធីមង្គលការរបស់យើង ខ្ញុំដឹងច្បាស់ថាខ្ញុំចង់អញ្ជើញមិត្តភក្ដិទាំងអស់ឲ្យមកញ៉ាំការ ទាំងមាននំពិសេស ហើយឲ្យកូនក្រមុំស្លៀករ៉ូបពណ៌ស។ រីឯដេលវិនវិញ គាត់ចង់អញ្ជើញតែបងប្អូនជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះ ទាំងរៀបចំពិធីមង្គលការមិនធំដុំ ហើយក៏មិនចង់មាននំអាពាហ៍ពិពាហ៍ទេ។ តាមពិត នាងក៏មិនចង់ស្លៀកពាក់តាមប្រពៃណីដែរ!»។
តើទាំងពីរនាក់បានដោះស្រាយរឿងនេះយ៉ាងណា? គឺដោយពិភាក្សាគ្នាអស់ពីចិត្តទាំងបង្ហាញចិត្តសុភាព។ (សុភាសិត ១២:១៨) បងអាយវិនពន្យល់ទៀតថា៖ «យើងបានពិនិត្យមើលអត្ថបទផ្សេងៗដែលមានមូលដ្ឋានលើព្រះគម្ពីរ ដូចជាអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៨៤។a ព័ត៌មាននោះបានជួយយើងឲ្យមានទស្សនៈដូចព្រះចំពោះពិធីមង្គលការ។ ដោយសារយើងមកពីក្រុមគ្រួសារដែលមានវប្បធម៌ផ្សេង យើងក៏ត្រូវចេះសម្របសម្រួលគ្នាក្នុងរឿងខ្លះៗដែរ»។
បងប្រុសអារេតនិងបងស្រីផេននីក៏បានធ្វើដូច្នេះដែរ។ បងប្រុសអារេតរៀបរាប់អំពីថ្ងៃមង្គលការរបស់ពួកគាត់ថា៖ «ខ្ញុំនិងផេននីបានពិភាក្សាអំពីអ្វីដែលយើងចង់ធ្វើនៅថ្ងៃមង្គលការ ហើយយើងក៏បានឯកភាពគ្នាដែរ។ យើងបានអធិស្ឋានសូមព្រះយេហូវ៉ាជូនពរចំពោះថ្ងៃពិសេសនោះ ហើយខ្ញុំក៏បានសុំយោបល់ពីឪពុកម្ដាយយើង ព្រមទាំងនិយាយជាមួយគូស្វាមីភរិយាឯទៀតក្នុងក្រុមជំនុំដែលមានគំនិតចាស់ទុំ។ យោបល់របស់ពួកគាត់បានជួយយើងច្រើនណាស់! ជាលទ្ធផល ថ្ងៃមង្គលការនោះជាថ្ងៃដ៏សប្បាយមែន»។
ការស្លៀកពាក់សម្អិតសម្អាងខ្លួនដោយថ្លៃថ្នូរ
ជាការធម្មតាដែលកូនកំលោះកូនក្រមុំចង់ស្លៀកពាក់ឲ្យស្អាតនៅថ្ងៃមង្គលការ។ (ទំនុកដំកើង ៤៥:៨-១៥) ពួកគាត់ចំណាយពេល កម្លាំងនិងលុយជាច្រើនដើម្បីឲ្យបានសម្លៀកបំពាក់ស្អាត។ តើគោលការណ៍អ្វីខ្លះក្នុងព្រះគម្ពីរដែលអាចជួយសាមីខ្លួនអ្នកការឲ្យជ្រើសរើសសម្លៀកបំពាក់ដែលស្អាតហើយថ្លៃថ្នូរ?
សូមគិតអំពីសម្លៀកបំពាក់របស់កូនក្រមុំ។ សូម្បីតែមនុស្សមានចំណង់ចំណូលចិត្តផ្សេងពីគ្នាហើយខុសគ្នាទៅតាមប្រទេសនីមួយៗក៏ដោយ យោបល់ក្នុងព្រះគម្ពីរអាចប្រើបាននៅគ្រប់កន្លែង។ មនុស្សស្រីត្រូវ«តែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន»។ ស្ត្រីគ្រិស្តសាសនិកគួរធ្វើតាមយោបល់នេះរាល់ថ្ងៃ រួមទាំងថ្ងៃរៀបការផងដែរ។ តាមពិត យើងមិនចាំបាច់មាន‹សំលៀកបំពាក់ថ្លៃពេក›ដើម្បីឲ្យថ្ងៃមង្គលការនោះបានសប្បាយឡើយ។ (ធីម៉ូថេទី១ ២:៩; ពេត្រុសទី១ ៣:៣, ៤) ពេលធ្វើតាមយោបល់នេះ សាមីខ្លួនអ្នកការពិតជាគាប់ចិត្តណាស់!
បងប្រុសដាវីឌដែលមានប្រសាសន៍ខាងលើនេះ គាត់ប្រាប់ទៀតថា៖ «គួរឲ្យសរសើរមែន ថាសាមីខ្លួនអ្នកការភាគច្រើនខំធ្វើតាមគោលការណ៍ព្រះគម្ពីរ។ ប៉ុន្តែក្នុងករណីខ្លះ រ៉ូបរបស់កូនក្រមុំនិងអ្នកកំដរមិនសមរម្យទេ ដូចជាលិចលើឬក៏រ៉ូបនោះស្តើង»។ អ្នកចាស់ទុំគ្រិស្តសាសនិកម្នាក់តែងជួបជាមួយសាមីខ្លួនអ្នកការមុនពួកគេរៀបការ ដើម្បីជួយឲ្យពួកគេគិតពីទស្សនៈរបស់ព្រះយេហូវ៉ា។ តើគាត់ជួយពួកគេធ្វើដូច្នេះបានយ៉ាងណា? គឺដោយសួរកូនកំលោះកូនក្រមុំថា តើពួកគេគិតថាសម្លៀកបំពាក់នោះសមរម្យនឹងពាក់ទៅកិច្ចប្រជុំឬទេ? មិនថាម៉ូដសម្លៀកបំពាក់នោះតាមប្រពៃណី ឬម៉ូដដែលធម្មតាយើងមិនពាក់ទៅកិច្ចប្រជុំក្ដី ម៉ូដនោះគួរសមរម្យស្របទៅតាមគោលការណ៍ព្រះគម្ពីរ។ ទោះបីជាមនុស្សខ្លះក្នុងសង្គមចាត់ទុកសីលធម៌ក្នុងព្រះគម្ពីរថាតឹងរ៉ឹងក្ដី គ្រិស្តសាសនិកពិតទប់ទល់នឹងការបង្ខំរបស់មនុស្សដែលចង់ឲ្យយើងមានទស្សនៈដូចពួកគេ។—រ៉ូម ១២:២; ពេត្រុសទី១ ៤:៤
បងស្រីផេននីមានប្រសាសន៍ថា៖ «ពីរនាក់អារេតនិងខ្ញុំមិនបានចាត់ទុកសម្លៀកបំពាក់ឬការបរិភោគការជាអ្វីដែលសំខាន់បំផុតទេ តែបានផ្ដោតអារម្មណ៍លើសុន្ទរកថាដែលសំដៅទៅលើទស្សនៈរបស់ព្រះ។ គឺកម្មវិធីនោះហើយដែលសំខាន់ជាងគេ។ អ្វីៗដ៏ពិសេសដែលខ្ញុំនឹកចាំ មិនមែនរ៉ូបដែលខ្ញុំស្លៀកឬម្ហូបដែលខ្ញុំញ៉ាំនោះទេ តែខ្ញុំចាំមនុស្សទាំងឡាយដែលបានចូលរួមពិធីនោះ ហើយខ្ញុំក៏នឹកចាំអារម្មណ៍សប្បាយដែលខ្ញុំមានដោយព្រោះបានរៀបការជាមួយបុរសដែលខ្ញុំស្រឡាញ់»។ ពេលគ្រិស្តសាសនិកដែលជាសាមីខ្លួនអ្នកការកំពុងតែរៀបចំមង្គលការ ពួកគេក៏គួរគិតពីចំណុចទាំងនេះដែរ។
ភាពថ្លៃថ្នូរនៅសាលព្រះរាជាណាចក្រ
គ្រិស្តសាសនិកភាគច្រើនចង់រៀបការក្នុងសាលព្រះរាជាណាចក្របើអាចធ្វើទៅបាន។ ហេតុអ្វី? ស្វាមីភរិយាមួយគូប្រាប់ពីមូលហេតុដែលពួកគេធ្វើដូច្នេះដោយពន្យល់ថា៖ «យើងចាត់ទុកការរៀបអាពាហ៍ពិពាហ៍ជាអ្វីដែលពិសិដ្ឋនៅចំពោះព្រះយេហូវ៉ា។ សាលព្រះរាជាណាចក្រជាកន្លែងថ្វាយបង្គំព្រះ ដូច្នេះការរៀបអាពាហ៍ពិពាហ៍នៅទីនោះបានជួយបញ្ជាក់ថា តាំងពីថ្ងៃរៀបការនោះតទៅ ព្រះយេហូវ៉ាត្រូវរួមចំណែកក្នុងចំណងអាពាហ៍ពិពាហ៍របស់យើង។ ការរៀបចំឲ្យមានសុន្ទរកថានៅសាលប្រជុំជាជាងនៅកន្លែងផ្សេងក៏មានប្រយោជន៍ផ្សេងទៀតដែរ គឺបង្ហាញដល់ញាតិសន្ដានយើងដែលមិនជឿលើព្រះយេហូវ៉ាថាការថ្វាយបង្គំទ្រង់គឺសំខាន់ប៉ុណ្ណាចំពោះយើង»។
បើពួកអ្នកចាស់ទុំដែលទទួលខុសត្រូវខាងសាលព្រះរាជាណាចក្រអនុញ្ញាតឲ្យមានសុន្ទរកថាអាពាហ៍ពិពាហ៍នៅទីនោះ គប្បីឲ្យសាមីខ្លួនអ្នកការប្រាប់ពួកគាត់អំពីអ្វីដែលពួកគេចង់រៀបចំក្នុងសាលប្រជុំ។ របៀបមួយដែលកូនកំលោះកូនក្រមុំចេះគិតដល់អារម្មណ៍ភ្ញៀវដែលចូលរួមពិធីមង្គលការ គឺដោយខំមកឲ្យទាន់ម៉ោងកំណត់។ នៅឯសាលប្រជុំ សាមីខ្លួនអ្នកការច្បាស់ជាចង់រៀបចំឲ្យអ្វីៗទាំងអស់ប្រព្រឹត្តទៅមានភាពថ្លៃថ្នូរ។b (កូរិនថូសទី១ ១៤:៤០) បើដូច្នេះ ពួកគាត់នឹងជៀសវាងទង្វើមិនគួរគប្បីដែលមនុស្សជាច្រើននៅសម័យនេះចេះតែធ្វើនៅថ្ងៃមង្គលការ។—យ៉ូហានទី១ ២:១៥, ១៦
ភ្ញៀវដែលចូលរួមពិធីមង្គលការក៏អាចបង្ហាញថាពួកគាត់មានទស្សនៈដូចព្រះយេហូវ៉ាចំពោះអាពាហ៍ពិពាហ៍ដែរ។ ជាឧទាហរណ៍ ពួកគាត់មិនគួរគិតថាពិធីមង្គលការនឹងមានភាពអធិកអធមជាងមង្គលការឯទៀតទេ ហាក់ដូចជាពួកគាត់ចង់ប្រកួតប្រជែងគ្នាថា តើពិធីមង្គលការណាធំជាងគេ? មួយទៀត ពួកគ្រិស្តសាសនិកដែលមានភាពចាស់ទុំទទួលស្គាល់ថា ការចូលសាលព្រះរាជាណាចក្រដើម្បីស្ដាប់សុន្ទរថាដែលមានមូលដ្ឋានលើព្រះគម្ពីរ នោះសំខាន់ជាងហើយមានប្រយោជន៍ច្រើនជាងការបរិភោគភោជនាហារឬចូលរួមជប់លៀងណាដែលមានក្រោយកម្មវិធីសុន្ទរកថា។ បើភ្ញៀវមិនអាចចូលរួមកម្មវិធីទាំងពីរដោយសារកាលៈទេសៈណាមួយ គឺល្អជាងឲ្យគាត់ចូលស្ដាប់សុន្ទរកថានៅឯសាលប្រជុំជាជាងចូលបរិភោគភោជនាហារ។ អ្នកចាស់ទុំម្នាក់ឈ្មោះវីល្លៀមមានប្រសាសន៍ថា៖ «បើភ្ញៀវមិនចូលរួមកម្មវិធីក្នុងសាលព្រះរាជាណាចក្រតែទៅបរិភោគភោជនាហារ នេះសឲ្យឃើញថាពួកគេមិនចាត់ទុកការរៀបអាពាហ៍ពិពាហ៍ជាអ្វីពិសិដ្ឋទេ។ ទោះបើយើងមិនបានអញ្ជើញឲ្យទៅបរិភោគភោជនាហារក្ដី យើងអាចជួយអបអរសាទរចំពោះកូនកំលោះកូនក្រមុំដោយចូលរួមកម្មវិធីនៅឯសាលព្រះរាជាណាចក្រ។ នេះក៏ជាគំរូល្អចំពោះញាតិសន្ដានដែលមានសាសនាខុសគ្នាពីសាមីខ្លួនអ្នកការ»។
អំណរដែលស្ថិតស្ថេរក្រោយថ្ងៃមង្គលការ
ពួកពាណិជ្ជកម្មក្នុងពិភពលោកនេះឆ្លៀតយកឱកាសពេលមានពិធីមង្គលការនោះ ប្រើជាមធ្យោបាយដើម្បីទទួលផលចំណេញ។ របាយការណ៍មួយបង្ហាញថា ពិធីមង្គលការនៅសហរដ្ឋអាម៉េរិកមានតម្លៃជាមធ្យមគឺ«២២.០០០$[ដុល្លារអាម៉េរិក] ដែលស្មើនឹងពាក់កណ្ដាលប្រាក់ខែជាមធ្យម[សម្រាប់មួយឆ្នាំ]របស់ពលរដ្ឋអាម៉េរិក»។ ដោយសារពួកពាណិជ្ជកម្មជះឥទ្ធិពលខ្លាំងលើប្រជាជន នោះសាមីខ្លួនអ្នកការឬមាតាបិតារបស់ពួកគាត់មានបំណុលយ៉ាងច្រើនដែលត្រូវសងអស់ជាច្រើនឆ្នាំ ដោយព្រោះតែពិធីមង្គលការមួយថ្ងៃប៉ុណ្ណោះ។ តើជាការមានប្រាជ្ញាទេ បើស្វាមីភរិយាចាប់ផ្ដើមរួមរស់ជាមួយគ្នាដោយមានបន្ទុកធ្ងន់យ៉ាងនេះ? ចំពោះមនុស្សមិនដែលរៀនព្រះគម្ពីរនិងពួកអ្នកដែលខ្ជិលធ្វើតាមគោលការណ៍ព្រះគម្ពីរ ពួកគេប្រហែលជាចូលចិត្តរៀបចំពិធីមង្គលការឲ្យអ៊ឹកអធឹក ប៉ុន្តែចំពោះពួកគ្រិស្តសាសនិកពិតមិនគួរធ្វើដូច្នេះឡើយ!
គូស្វាមីភរិយាជាច្រើនដែលជាគ្រិស្តសាសនិកបានកំណត់ចំនួនភ្ញៀវដែលចូលរួមពិធីមង្គលការហើយចាត់ទុកកម្មវិធីនៅសាលប្រជុំជាអ្វីដែលសំខាន់បំផុត។ យ៉ាងនេះពួកគេអាចប្រើពេលនិងធនធានសមស្របទៅតាមការឧទ្ទិសថ្វាយខ្លួនរបស់គេចំពោះព្រះ។ (ម៉ាថាយ ៦:៣៣) សូមគិតអំពីគំរូរបស់បងប្រុសលុយនិងបងស្រីអាលិចសាន់ត្រា ដែលបន្តធ្វើកិច្ចបម្រើផ្សាយពេញពេលជាង១៧ឆ្នាំក្រោយបានរៀបការ។ បងប្រុសលុយបានប្រាប់ថា៖ «បងប្អូនខ្លះគិតថាពិធីមង្គលការរបស់យើងតូចតាច តែពីរនាក់អាលិចសាន់ត្រានិងខ្ញុំពេញចិត្តណាស់! យើងមានគំនិតថា ការរៀបចំពិធីមង្គលការមិនគួរថ្លៃពេកដល់ម្ល៉េះបានជាក្លាយជាបន្ទុកធ្ងន់នោះទេ តែជាឱកាសដ៏រីករាយចំពោះការរៀបចំរបស់ព្រះយេហូវ៉ាឲ្យមនុស្សពីរនាក់មានសុភមង្គលជាមួយគ្នា»។
បងស្រីអាលិចសាន់ត្រាក៏ប្រាប់ថា៖ «មុនយើងបានរៀបការ ខ្ញុំជាអ្នកត្រួសត្រាយហើយខ្ញុំមិនចង់បោះបង់ចោលឯកសិទ្ធិនោះទេដោយព្រោះតែពិធីមង្គលការអ៊ឹកអធឹកនោះ។ ថ្ងៃមង្គលការរបស់យើងគឺពិសេសណាស់ តែគ្រាន់តែជាថ្ងៃទីមួយក្នុងការរួមរស់ជាមួយគ្នាអស់មួយជីវិត។ យើងបានធ្វើតាមយោបល់ដែលថា កុំឲ្យគិតច្រើនពេកពីថ្ងៃរៀបអាពាហ៍ពិពាហ៍ តែយើងបានស្វែងរកការណែនាំពីព្រះយេហូវ៉ាក្នុងជីវិតយើងជាគូអាពាហ៍ពិពាហ៍វិញ។ នេះពិតជាបាននាំឲ្យយើងទទួលពរពីព្រះយេហូវ៉ាមែន»។c
ពិតណាស់ ថ្ងៃមង្គលការជាថ្ងៃពិសេសមែន។ ទស្សនៈផ្សេងៗដែលសឲ្យឃើញនូវកិរិយាប្រព្រឹត្តនៅថ្ងៃមង្គលការនោះ អាចបង្ហាញពីអ្វីដែលអ្នកនឹងធ្វើអស់មួយជីវិតជាស្វាមីភរិយា។ ដូច្នេះ ចូរពឹងផ្អែកលើការណែនាំពីព្រះយេហូវ៉ាចុះ! (សុភាសិត ៣:៥, ៦) ចូរចងចាំជានិច្ចនូវទស្សនៈរបស់ព្រះចំពោះពិធីមង្គលការ។ ចូរជួយគ្នាទៅវិញទៅមកដោយបំពេញភារកិច្ចដែលព្រះយេហូវ៉ាប្រគល់ឲ្យ។ បើធ្វើដូច្នេះ អ្នកនឹងមានចំណងអាពាហ៍ពិពាហ៍ដែលមានគ្រឹះមូលដ្ឋានរឹងមាំ ហើយក៏នឹងទទួលពរពីព្រះយេហូវ៉ាព្រមទាំងមានអំណរដែលស្ថិតស្ថេរយូរឆ្នាំក្រោយថ្ងៃមង្គលការ។—សុភាសិត ១៨:២២
[កំណត់សម្គាល់]
a អត្ថបទនោះជាភាសាអង់គ្លេស តែមានព័ត៌មានជាភាសាខ្មែរក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៦ ទំព័រ១៤-២៣ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
b បើសាមីខ្លួនអ្នកការរៀបចំឲ្យមានអ្នកថតរូបឬថតវីដេអូនៅឯសាលប្រជុំ ពួកគាត់ត្រូវប្រាកដថានឹងមិនមានអ្វីមករំខានដល់កម្មវិធីនោះដែលធ្វើឲ្យលែងមានភាពថ្លៃថ្នូរ។
c សូមមើលសៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ ទំព័រ២៦ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៩]
កូនកំលោះកូនក្រមុំគួរពិភាក្សាគ្នាអំពីថ្ងៃមង្គលការ ដោយឥតលាក់លៀមហើយដោយគោរពសិទ្ធិគ្នាទៅវិញទៅមក
[រូបភាពនៅទំព័រ១០]
ចូរចងចាំជានិច្ចទស្សនៈរបស់ព្រះចំពោះពិធីមង្គលការ