បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/២ ទំ. ២២-២៧
  • ព្រះយេហូវ៉ារមែងសងគុណរាស្ដ្រទ្រង់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ារមែងសងគុណរាស្ដ្រទ្រង់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​សង​គុណ​អ្នក​កោត​ខ្លាច​ទ្រង់
  • ‹ព្រះ​វរបិតា​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក›
  • ‹សំដេច​សង្ឃ​ដែល​មាន​ចិត្ត​មេត្ដា​ហើយ​ស្មោះ​ត្រង់›
  • ចូរ​សង​គុណ​ជានិច្ច!
  • មូលហេតុបង្ហាញអំណរគុណ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ចូរឲ្យកតញ្ញុតាធម៌របស់យើងកើនឡើងជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/២ ទំ. ២២-២៧

ព្រះ​យេហូវ៉ា​រមែង​សង​គុណ​រាស្ត្រ​ទ្រង់

​«ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិលគុណ​ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់»។—ហេព្រើរ ៦:១០

១​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​ទ្រង់​ឲ្យ​តម្លៃ​ចំពោះ​នាងរស់?

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​អស់​អ្នក​ដែល​ខំ​ធ្វើ​តាម​បំណង​ចិត្ត​ទ្រង់​ដោយ​ស្មោះ​ត្រង់ ហើយ​ទ្រង់​ក៏​ប្រទាន​រង្វាន់​យ៉ាង​វិសេស​ដល់​ពួក​គេ​ដែរ។ (ហេព្រើរ ១១:៦) លោក​បូអូស​ជា​បុរស​ស្មោះ​ត្រង់​ម្នាក់​ដែល​ស្គាល់​គុណសម្បត្ដិ​ល្អ​នេះ​របស់​ព្រះ​យេហូវ៉ា ដ្បិត​គាត់​និយាយ​ទៅ​កាន់​នាងរស់​ដែល​ជា​ស្ត្រី​សាសន៍​ម៉ូអាប់​ថា​៖ «សូម​ព្រះ​យេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរពេញ​ពី​ព្រះ​យេហូវ៉ា»។ (នាងរស់ ២:១២) បូអូស​ទំនង​ជា​មាន​ទស្សនៈ​នេះ​ពីព្រោះ​គាត់​ដឹង​ថា​នាងរស់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក្នុង​ការ​ថែរក្សា​ម្ដាយ​ក្មេក​ដែល​ជា​ស្រី​មេម៉ាយ។ តើ​នាងរស់​បាន​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​មែន​ឬ? នាង​ពិត​ជា​បាន​ទទួល​ពរ​មែន! ដ្បិត​អ្វី​ដែល​នាង​បាន​ធ្វើ​នោះ​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ! ម្យ៉ាង​ទៀត នាងរស់​បាន​រៀប​ការ​ជា​មួយ​បូអូស​ហើយ​បាន​ក្លាយ​ជា​ជីដូន​របស់​ស្តេច​ដាវីឌ​និង​ព្រះ​យេស៊ូ​គ្រិស្ត។ (នាងរស់ ៤:១៣, ១៧; ម៉ាថាយ ១:៥, ៦, ១៦) តាម​ពិត មាន​ឧទាហរណ៍​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​រមែង​សង​គុណ​អ្នក​បម្រើ​ទ្រង់។

២, ៣​. (ក) ហេតុ​អ្វី​ក៏​អស្ចារ្យ​ម្ល៉េះ​ដែល​ព្រះ​យេហូវ៉ា​សង​គុណ​មនុស្ស? (ខ) តើ​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​យើង​ដោយ​ដឹង​អ្វី​ខ្លះ? សូម​ប្រាប់​ឧទាហរណ៍​មួយ។

២ សៀវភៅ​ហេព្រើរ ៦:១០ រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​៖ «ទ្រង់​មិន​មែន​ជា​អ្នក​រមិលគុណ​ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ​ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ»។ នេះ​គឺ​អស្ចារ្យ​មែន ពីព្រោះ​មនុស្ស​ដែល​បម្រើ​ព្រះ​យេហូវ៉ា​សុទ្ធតែ​មាន​បាប​ហើយ​មិន​មាន​ភាព​រុងរឿង​ដូច​ទ្រង់ ប៉ុន្តែ​ទ្រង់​នៅ​តែ​សង​គុណ​ពួក​គេ។—រ៉ូម ៣:២៣

៣ ដោយសារ​យើង​ជា​មនុស្ស​មិន​គ្រប់​លក្ខណ៍ យើង​ប្រហែល​ជា​គិត​ថា​ព្រះ​យេហូវ៉ា​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​ក្នុង​កិច្ច​បម្រើ​ទ្រង់ ហើយ​គិត​ថា​យើង​មិន​គួរ​នឹង​ទទួល​ពរ​ពី​ទ្រង់​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​ពី​បំណង​ចិត្ត​យើង ហើយ​ទ្រង់​ក៏​យល់​អំពី​ស្ថានភាព​ក្នុង​ជីវិត​យើង​ដែរ ដូច្នេះ​ទ្រង់​ពិត​ជា​ចាត់​ទុក​កិច្ច​បម្រើ​អស់​ពី​ចិត្ត​របស់​យើង​ជា​អ្វី​ដែល​មាន​តម្លៃ។ (ម៉ាថាយ ២២:៣៧) ដើម្បី​ជួយ​យើង​យល់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា សូម​គិត​ពី​ឧទាហរណ៍​នេះ។ ម្ដាយ​ចូល​បន្ទប់​ឃើញ​កាដូ​មួយ​ដែល​បាន​ទុក​ឲ្យ​គាត់ គឺ​ខ្សែ​ក​ដែល​គាត់​ដឹង​ថា​មាន​តម្លៃ​ថោក​ណាស់។ ដោយសារ​គាត់​ដឹង​ថា​ខ្សែ​ក​នោះ​គ្មាន​តម្លៃ​ទេ គាត់​ប្រហែល​ជា​គិត​ថា​ចង់​ទុក​ចោល។ ប៉ុន្តែ ពេល​មើល​សំបុត្រ​ដែល​ជាប់​ជា​មួយ​នឹង​កាដូ​នោះ គាត់​ជ្រាប​ថា​កូន​ស្រី​ជា​អ្នក​ទិញ​ឲ្យ ហើយ​ដឹង​ថា​កូន​ចំណាយ​លុយ​ទាំង​អស់​ដែល​នាង​បាន​សន្សំ​ទុក​យូរ​ហើយ​ដើម្បី​ទិញ​កាដូ​នោះ។ នេះ​ធ្វើ​ឲ្យ​ម្ដាយ​មាន​ទស្សនៈ​ផ្សេង​ចំពោះ​កាដូ​នោះ ដូច្នេះ​គាត់​ឱប​កូន​ទាំង​ស្រក់​ទឹក​ភ្នែក​ពេល​អរគុណ​កូន។

៤, ៥​. តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​ទ្រង់​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ក្នុង​ការ​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស?

៤ ដោយសារ​ព្រះ​យេហូវ៉ា​ជ្រាប​ពី​បំណង​ចិត្ត​និង​កម្រិត​សមត្ថភាព​របស់​យើង ទ្រង់​ពេញ​ចិត្ត​ពេល​យើង​បម្រើ​ទ្រង់​អស់​ពី​សមត្ថភាព មិន​ថា​យើង​មាន​សកម្មភាព​ច្រើន​ឬ​តិច​ក្ដី។ ក្នុង​ករណី​នេះ ព្រះ​យេស៊ូ​ក៏​មាន​ទស្សនៈ​ដូច​បិតា​ទ្រង់​បេះបិទ។ សូម​គិត​អំពី​រឿង​មួយ​ក្នុង​ព្រះ​គម្ពីរ ទាក់ទង​នឹង​ស្រី​មេម៉ាយ​ម្នាក់​ដែល​បាន​ថ្វាយ​តង្វាយ​តិច​តួច។ ព្រះ​យេស៊ូ​បាន​«ឃើញ​ពួក​អ្នក​មាន​កំពុង​តែ​ដាក់​ប្រាក់​ដង្វាយ​ក្នុង​ឃ្លាំង។ ទ្រង់​ក៏​ឃើញ​ស្រី​មេម៉ាយ​ក្រ​ម្នាក់​ដាក់​ថ្វាយ​តែ​២​ស្លឹង​គត់។ រួច​ទ្រង់​មាន​បន្ទូល​ថា​៖ ‹ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ទ័ល​ក្រ​នេះ​បាន​ដាក់​ដង្វាយ​លើស​ជាង​គេ​ទាំង​អស់ ដ្បិត​អ្នក​ទាំង​នោះ​សុទ្ធតែ​យក​ពី​របស់​សំណល់​ខ្លួន​មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្ដី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន​ដែល​មាន​សំរាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង›»។—លូកា ២១:១​-​៤

៥ ត្រូវ​ហើយ ព្រះ​យេស៊ូ​ជ្រាប​ថា​ស្ត្រី​នោះ​ជា​ស្រី​មេម៉ាយ​ក្រ​ម្នាក់ ដូច្នេះ​នេះ​ក៏​ជួយ​ឲ្យ​ទ្រង់​យល់​ថា​តង្វាយ​របស់​គាត់​ពិត​ជា​មាន​តម្លៃ​មែន។ ជា​លទ្ធផល ព្រះ​យេស៊ូ​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​គាត់​ធ្វើ ហើយ​ព្រះ​យេហូវ៉ា​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ។ (យ៉ូហាន ១៤:​៩) តើ​នេះ​លើក​ទឹក​ចិត្ត​អ្នក​ដែរ​ឬ​ទេ? ដ្បិត​មិន​ថា​យើង​មាន​កាលៈទេសៈ​ណា​ក្នុង​ជីវិត​ក្ដី យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​និង​រាជ​បុត្រ​ទ្រង់​ពេញ​ចិត្ត​ចំពោះ​យើង ពីព្រោះ​ទ្រង់​ទាំង​ពីរ​អង្គ​មិន​រមិលគុណ​ទេ។

ព្រះ​យេហូវ៉ា​សង​គុណ​អ្នក​កោត​ខ្លាច​ទ្រង់

៦, ៧​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​សង​គុណ​អេបេឌ​មេលេក? តើ​ព្រះ​យេហូវ៉ា​សង​គុណ​គាត់​ដោយ​របៀប​ណា?

៦ ព្រះ​គម្ពីរ​បង្ហាញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ព្រះ​យេហូវ៉ា​សង​គុណ​អស់​អ្នក​ដែល​ធ្វើ​តាម​បំណង​ចិត្ត​ទ្រង់។ សូម​គិត​អំពី​របៀប​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​លើ​បុរស​ជនជាតិ​អេចូពី​ម្នាក់​ដែល​ជា​អ្នក​កោត​ខ្លាច​ទ្រង់។ បុរស​នោះ​ឈ្មោះ​អេបេឌ​មេលេក​បាន​រស់​នៅ​សម័យ​ព្យាការី​យេរេមា។ អេបេឌ​មេលេក​ជា​អ្នក​បម្រើ​ការ​ក្នុង​រាជ​វាំង​ពេល​ស្តេច​សេដេគា​គ្រប់គ្រង​លើ​រាជាណាចក្រ​យូដា ហើយ​ទ្រង់​ជា​ស្តេច​ដែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ នៅ​គ្រា​នោះ អេបេឌ​មេលេក​ឮ​ថា​ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​បាន​ចោទ​ព្យាការី​យេរេមា​ថា គាត់​ជា​អ្នក​ក្បត់​ជាតិ ហើយ​ក្រោយ​មក​ពួក​គេ​បាន​ទម្លាក់​យេរេមា​ទៅ​ក្នុង​អណ្ដូង​មួយ​ដែល​អត់​មាន​ទឹក ដោយ​សង្ឃឹម​ថា​គាត់​នឹង​ស្លាប់​ដោយសារ​អត់​អាហារ​នៅ​ក្នុង​គុក​ងងឹត​នោះ។ (យេរេមា ៣៨:១​-​៧) អេបេឌ​មេលេក​ដឹង​ថា​ពួក​អ្នក​ទាំង​នោះ​ស្អប់​យេរេមា​ដោយ​ព្រោះ​គាត់​បាន​ប្រកាស​សារ​ដែល​គេ​មិន​ចូល​ចិត្ត។ ដូច្នេះ អេបេឌ​មេលេក​បាន​ចូល​ទៅ​និយាយ​ជា​មួយ​ស្តេច​សេដេគា ទោះ​ជា​ទ្រង់​មាន​អំណាច​បញ្ជា​ឲ្យ​ពេជ្ឈឃាត​សម្លាប់​គាត់​ដោយ​ព្រោះ​ហ៊ាន​ធ្វើ​ដូច្នេះ​ក៏​ដោយ។ អេបេឌ​មេលេក​ជា​សាសន៍​អេចូពី​បាន​និយាយ​ដោយ​ក្លាហាន​ថា​៖ «ឱ​ព្រះ​ករុណា​ជា​ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ​អើយ! ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ហោរា​យេរេមា គឺ​ដែល​គេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត នោះ​ជា​ការ​អាក្រក់​ណាស់ ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ​ដោយ​ព្រោះ​អំណត់​ជា​មិន​ខាន»។ តាម​បទ​បញ្ជា​របស់​ស្តេច អេបេឌ​មេលេក​បាន​នាំ​យក​បុរស​៣០​នាក់​ទៅ​ស្រង់​ព្យាការី​របស់​ព្រះ​ចេញ​ពី​អណ្ដូង​នោះ។—យេរេមា ៣៨:៨​-​១៣

៧ ព្រះ​យេហូវ៉ា​ឃើញ​ថា អេបេឌ​មេលេក​បាន​ប្រព្រឹត្ត​ស្រប​ទៅ​តាម​ជំនឿ​របស់​គាត់ ហើយ​នេះ​បាន​ជួយ​ឲ្យ​គាត់​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​មនុស្ស។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​សង​គុណ​អេបេឌ​មេលេក​ដោយ​និយាយ​តាម​រយៈ​យេរេមា​ថា​៖ «មើល! អញ​នឹង​នាំ​អស់​ទាំង​ពាក្យ​របស់​អញ​មក​លើ​ក្រុង​នេះ​ឲ្យ​បាន​សេចក្ដី​អាក្រក់​មិន​មែន​ជា​សេចក្ដី​ល្អ​ទេ . . . អញ​នឹង​ជួយ​ឯង​ឲ្យ​រួច​នៅ​ថ្ងៃ​នោះ ហើយ​ឯង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​មនុស្ស​នោះ​ដែល​ឯង​ខ្លាច​ឡើយ។ ដ្បិត​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​ជា​ពិត ឯង . . . នឹង​បាន​ជីវិត​ទុក​ដូច​ជា​របឹប​វិញ ពីព្រោះ​ឯង​បាន​យក​អញ​ជា​ទី​ទុក​ចិត្ត»។ (យេរេមា ៣៩:១៦​-​១៨) ត្រូវ​មែន ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​អេបេឌ​មេលេក​និង​យេរេមា​ពី​ពួក​ចៅហ្វាយ​អាក្រក់​នៅ​ស្រុក​យូដា ហើយ​ក្រោយ​មក​ក៏​សង្គ្រោះ​ពួក​គេ​ពី​ពួក​បាប៊ីឡូន​ដែល​បាន​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម។ ទំនុកដំកើង ៩៧:១០ ចែង​ថា​៖ «[ព្រះ​យេហូវ៉ា]​ទំនុក​បំរុង​ព្រលឹង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ ក៏​ជួយ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​មនុស្ស​អាក្រក់»។

‹ព្រះ​វរបិតា​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក›

៨, ៩​. ស្រប​ទៅ​តាម​គំរូ​របស់​ព្រះ​យេស៊ូ តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​អធិស្ឋាន​បែប​ណា?

៨ អ្វី​ដែល​ចែង​ទុក​ក្នុង​ព្រះ​គម្ពីរ​អំពី​ការ​អធិស្ឋាន​ក៏​បង្ហាញ​ថែម​ទៀត​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស​ដែល​គោរព​ទ្រង់។ ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​លើស​លប់​នោះ​មាន​ប្រសាសន៍​ថា​៖ «សេចក្ដី​អធិស្ឋាន​នៃ​មនុស្ស​ទៀងត្រង់​ជា​ទីគាប់​ព្រះ​ហឫទ័យ​ដល់​[ព្រះ​យេហូវ៉ា]»។ (សុភាសិត ១៥:៨) នៅ​សម័យ​ព្រះ​យេស៊ូ មេ​ដឹក​នាំ​សាសនា​ច្រើន​នាក់​បាន​អធិស្ឋាន​នៅ​មុខ​មនុស្ស មិន​មែន​ដោយ​ស្រឡាញ់​ព្រះ​អស់​ពី​ចិត្ត​ទេ តែ​ដោយ​មាន​បំណង​ឲ្យ​មនុស្ស​កោត​ស្ងើច​ចំពោះ​ពួក​គេ​វិញ។ ព្រះ​យេស៊ូ​បញ្ជាក់​ថា ពួក​គេ​«បាន​រង្វាន់​គេ​ហើយ» រួច​មក​បង្គាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះ​វរបិតា​នៃ​អ្នក​ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ! នោះ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក»។—ម៉ាថាយ ៦:៥, ៦

៩ ព្រះ​យេស៊ូ​មិន​បង្រៀន​ថា​ការ​អធិស្ឋាន​នៅ​មុខ​មនុស្ស​ជា​អំពើ​អាក្រក់​ទេ ដ្បិត​ម្ដងម្កាល​ទ្រង់​ក៏​បាន​អធិស្ឋាន​នៅ​មុខ​បណ្ដាជន​ដែរ។ (លូកា ៩:១៦) ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​អធិស្ឋាន​អស់​ពី​ចិត្ត​ដោយ​គ្មាន​បំណង​ឲ្យ​អ្នក​ដទៃ​កោត​ស្ងើច។ តាម​ពិត ការ​អធិស្ឋាន​ម្នាក់​ឯង​ពេល​គ្មាន​នរណា​ឮ នោះ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ជ្រាល​ជ្រៅ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ក៏​បង្ហាញ​ថា​យើង​ទុក​ចិត្ត​លើ​ទ្រង់។ ដូច្នេះ មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​ព្រះ​យេស៊ូ​បាន​រក​ឱកាស​អធិស្ឋាន​ម្នាក់​ឯង​ជានិច្ច​ជា​កាល​ដែរ។ ម្ដង​នោះ​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ម្នាក់​ឯង​«កាល​នៅ​ងងឹត​មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ»។ មួយ​លើក​ទៀត​ទ្រង់​បាន​«ឡើង​លើ​ភ្នំ​ដោយ​ឡែក​ដើម្បី​នឹង​អធិស្ឋាន»។ ហើយ​មុន​ព្រះ​យេស៊ូ​ជ្រើសរើស​សាវ័ក​១២​នាក់​របស់​ទ្រង់ ទ្រង់​ក៏​បាន​អធិស្ឋាន​ម្នាក់​ឯង​ដរាប​ទាល់​ភ្លឺ គឺ​អស់​មួយ​យប់​តែ​ម្ដង!—ម៉ាកុស ១:​៣៥; ម៉ាថាយ ១៤:២៣; លូកា ៦:១២, ១៣

១០​. ពេល​យើង​អធិស្ឋាន​អស់​ពី​ចិត្ត​ហើយ​ប្រាប់​អារម្មណ៍​ពិត​ក្នុង​ចិត្ត តើ​យើង​អាច​ជឿជាក់​អំពី​អ្វី?

១០ ពេល​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​នោះ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ស្ដាប់​បុត្រ​ទ្រង់​ដោយ​យក​ចិត្ត​ទុក​ដាក់​មែន ដ្បិត​ម្ដងម្កាល​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​«ដោយ​សំឡេង​ជា​ខ្លាំង​ទាំង​ទឹក​ភ្នែក​ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ទ្រង់​រួច​ពី​ស្លាប់។ ហើយ​ដោយ​ព្រោះ​ទ្រង់​កោត​ខ្លាច​បាន​ជា​ព្រះ​ព្រម»​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​ទ្រង់។ (ហេព្រើរ ៥:៧; លូកា ២២:៤១​-​៤៤) ពេល​យើង​អធិស្ឋាន​អស់​ពី​ចិត្ត​ហើយ​ប្រាប់​អារម្មណ៍​ពិត​ក្នុង​ចិត្ត នោះ​បិតា​របស់​យើង​នៅ​ស្ថានសួគ៌​ក៏​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​មែន ហើយ​ទ្រង់​ក៏​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​អធិស្ឋាន​នោះ។ ត្រូវ​មែន «ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក . . . ដែល​អំពាវនាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់»។—ទំនុកដំកើង ១៤៥:១៨

១១​. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​កាល​នៅ​ម្នាក់​ឯង?

១១ បើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​យើង​អធិស្ឋាន​ពេល​គ្មាន​នរណា​ឮ ទ្រង់​ក៏​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​ពេល​គ្មាន​នរណា​ឃើញ! ត្រូវ​ហើយ ព្រះ​យេហូវ៉ា​តែង​តែ​ឃើញ​អ្វី​ដែល​យើង​ធ្វើ ទោះ​ជា​យើង​នៅ​ម្នាក់​ឯង​ក៏​ដោយ។ (ពេត្រុសទី១ ៣:១២) តាម​ពិត បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​ប្រព្រឹត្ត​ដោយ​ស្មោះ​ត្រង់​ពេល​យើង​នៅ​ម្នាក់​ឯង នេះ​បង្ហាញ​ថា​យើង​ស្រឡាញ់​ទ្រង់​«អស់​ពី​ចិត្ត»​ហើយ​មាន​បំណង​ចិត្ត​ល្អ​ដោយ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (របាក្សត្រទី១ ២៨:៩) ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ចិត្ត​រីករាយ​ពេល​ឃើញ​យើង​ប្រព្រឹត្ត​បែប​នោះ!—សុភាសិត ២៧:១១; យ៉ូហានទី១ ៣:២២

១២, ១៣​. តើ​យើង​អាច​ការពារ​ចិត្ត​គំនិត​របស់​យើង​បាន​យ៉ាង​ណា? បើ​ធ្វើ​ដូច្នេះ តើ​យើង​នឹង​មាន​លក្ខណៈ​អ្វី​ដូច​ណាថាណែល?

១២ ជា​លទ្ធផល គ្រិស្ត​សា​សនិក​ស្មោះ​ត្រង់​តែង​តែ​ឃាត់​ចិត្ត​មិន​បណ្ដោយ​ខ្លួន​ឲ្យ​ធ្វើ​អំពើ​បាប​ដោយ​លាក់​កំបាំង ដូច​ជា​ការ​មើល​រូប​អាសអាភាស​និង​ទស្សនា​រឿង​ឃោរឃៅ​ជា​ដើម។ អំពើ​បាប​បែប​នេះ​អាច​បង្ខូច​ចិត្ត​គំនិត​យើង​បាន។ យើង​ប្រហែល​ជា​អាច​លាក់​អំពើ​បាប​ខ្លះ​កុំ​ឲ្យ​មនុស្ស​ដទៃ​ដឹង ប៉ុន្តែ​យើង​គួរ​ទទួល​ស្គាល់​ថា «គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត​ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់»។ (ហេព្រើរ ៤:​១៣; លូកា ៨:១៧) បើ​យើង​ខំ​ជៀស​វាង​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ចូល​ចិត្ត នោះ​យើង​នឹង​មិន​មាន​វិប្បដិសារី​ទេ តែ​នឹង​មាន​ចិត្ត​សប្បាយ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​យើង។ ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស​ដែល​«ដើរ​ដោយ​ទៀងត្រង់​ហើយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត ព្រម​ទាំង​ពោល​សេចក្ដី​ពិត​ពី​ក្នុង​ចិត្ត​ផង»។—ទំនុកដំកើង ១៥:១, ២

១៣ ប៉ុន្តែ ពេល​យើង​រស់​នៅ​ក្នុង​ពិភព​លោក​នេះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​ជា​ច្រើន​នោះ តើ​យើង​អាច​ការពារ​ចិត្ត​និង​គំនិត​របស់​យើង​បាន​យ៉ាង​ណា? (សុភាសិត ៤:២៣; អេភេសូរ ២:២) មុន​ដំបូង យើង​ត្រូវ​ឆ្លៀត​យក​ប្រយោជន៍​ពី​វិធានការ​ផ្សេងៗ​ដែល​ព្រះ​យេហូវ៉ា​រៀបចំ​ដើម្បី​ជួយ​ពង្រឹង​ជំនឿ​របស់​យើង។ បន្ទាប់​មក យើង​ត្រូវ​ខ្ពើម​អ្វី​ដែល​អាក្រក់​ហើយ​ធ្វើ​អំពើ​ល្អ​វិញ ព្រម​ទាំង​ចាត់​វិធានការ​ភ្លាមៗ​កុំ​ឲ្យ​ក្ដី​ប៉ង​ប្រាថ្នា​មិន​ល្អ​ជាប់​មាន​ជា​ផ្ទៃ​ឬ​ចាក់​ឫស​ក្នុង​ចិត្ត ដែល​អាច​សម្រាល​ចេញ​មក​ជា​អំពើ​បាប។ (យ៉ាកុប ១:១៤, ១៥) សូម​គិត​ទៅ​មើល បើ​ព្រះ​យេស៊ូ​ហៅ​អ្នក​ថា​ជា​មនុស្ស​ដែល​«ឥត​មាន​ចិត្ត​ឧបាយ»​ដូច​លោក​ណាថាណែល​នោះ អ្នក​ពិត​ជា​ពេញ​ចិត្ត​ណាស់​មែន​ទេ? (យ៉ូហាន ១:៤៧) រីឯ​ណាថាណែល​ដែល​មាន​ឈ្មោះ​ថា​បារថូល៉ូមេ​ដែរ ក្រោយៗ​មក​គាត់​មាន​ឯកសិទ្ធិ​ក្លាយ​ជា​សាវ័ក​ម្នាក់​ក្នុង​ចំណោម​សាវ័ក​១២​នាក់​របស់​ព្រះ​យេស៊ូ។—ម៉ាកុស ៣:១៦​-​១៩

‹សំដេច​សង្ឃ​ដែល​មាន​ចិត្ត​មេត្ដា​ហើយ​ស្មោះ​ត្រង់›

១៤​. ពេល​នាង​ម៉ារា​សង​គុណ​ព្រះ​យេស៊ូ តើ​ទ្រង់​មាន​ទស្សនៈ​ខុស​គ្នា​យ៉ាង​ណា​ពី​មនុស្ស​ដទៃ?

១៤ ព្រះ​យេស៊ូ​ជា​«រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ» ដែល​មាន​ន័យ​ថា​ទ្រង់​មាន​លក្ខណៈ​ដូច​ព្រះ​យេហូវ៉ា​បេះបិទ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​តែង​តែ​ធ្វើ​តាម​គំរូ​បិតា​ទ្រង់​ដោយ​សង​គុណ​មនុស្ស​ដែល​បម្រើ​ទ្រង់​ដោយ​ចិត្ត​បរិសុទ្ធ។ (កូល៉ុស ១:១៥) ជា​ឧទាហរណ៍ ប្រាំ​ថ្ងៃ​មុន​ព្រះ​យេស៊ូ​បូជា​ជីវិត​ទ្រង់ លោក​ស៊ីម៉ូន​នៅ​ភូមិ​បេថានី​បាន​ហៅ​ទ្រង់​និង​សិស្ស​ខ្លះ​មក​លេង​ផ្ទះ​គាត់។ ក្នុង​អំឡុង​កម្មវិធី​នោះ នាង​ម៉ារា​ដែល​មាន​ឡាសារ​និង​ម៉ាថា​ជា​បងប្អូន​បង្កើត នាង​បាន​«យក​ប្រេង​ក្រអូប​ទេព្វិរូ​សុទ្ធ​១​នាលិ​មាន​ដំឡៃ​ណាស់»​(ប្រហែល​ជា​ស្មើ​ប្រាក់​ខែ​មួយ​ឆ្នាំ) ហើយ​នាង​បាន​ចាក់​ប្រេង​នោះ​លើ​ក្បាល​និង​ជើង​ព្រះ​យេស៊ូ។ (យ៉ូហាន ១២:៣) អ្នក​ខ្លះ​បាន​ប្រកែក​ថា​៖ «ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?»។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​ទស្សនៈ​ផ្សេង​ចំពោះ​អ្វី​ដែល​ម៉ារា​បាន​ធ្វើ​នោះ។ ព្រះ​យេស៊ូ​ទទួល​ស្គាល់​ថា​ទង្វើ​នោះ​ជា​ការ​ដែល​បង្ហាញ​ពី​ចិត្ត​សទ្ធា​ហើយ​មាន​ន័យ​ជ្រាល​ជ្រៅ​ផង​ដោយ​យល់​ថា​បន្ដិច​ទៀត​ទ្រង់​នឹង​ទទួល​មរណភាព​ហើយ​មាន​គេ​រៀប​ដាក់​សព​ទ្រង់​ក្នុង​ផ្នូរ។ អាស្រ័យ​ហេតុ​នេះ ព្រះ​យេស៊ូ​បាន​លើក​កិត្ដិយស​នាង​ម៉ារា​ជា​ជាង​រិះគន់​គាត់។ ព្រះ​យេស៊ូ​ប្រាប់​អ្នក​ទាំង​នោះ​ថា​៖ «កន្លែង​ណា​ដែល​គេ​នឹង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ​នៅ​គ្រប់​ក្នុង​លោកីយ​ទាំង​មូល នោះ​គេ​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ»។—ម៉ាថាយ ២៦:៦​-​១៣

១៥, ១៦​. ដោយសារ​ព្រះ​យេស៊ូ​បាន​បម្រើ​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​នេះ តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

១៥ យើង​គួរ​ត្រេកអរ​ណាស់​ចំពោះ​ព្រះ​យេស៊ូ​ជា​មេ​នាំ​មុខ​ដែល​ចេះ​សង​គុណ! តាម​ពិត អ្វី​ដែល​ព្រះ​យេស៊ូ​បាន​រៀន​ពេល​រស់​នៅ​លើ​ផែនដី​បាន​ជួយ​ទ្រង់​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​ល្អ​ដើម្បី​បំពេញ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ ពោល​គឺ ឲ្យ​ព្រះ​យេស៊ូ​ធ្វើ​ជា​សម្ដេច​សង្ឃ​និង​ស្តេច។ មុន​ដំបូង ព្រះ​យេស៊ូ​បាន​ធ្វើ​ជា​សម្ដេច​សង្ឃ​និង​ស្តេច​លើ​ពួក​អ្នក​ដែល​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ប៉ុណ្ណោះ តែ​ក្រោយៗ​មក​ទ្រង់​នឹង​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល​ដែរ។—កូល៉ុស ១:១៣; ហេព្រើរ ៧:២៦; វិវរណៈ ១១:១៥

១៦ សូម្បី​តែ​មុន​ព្រះ​យេស៊ូ​បាន​ចុះ​មក​ផែនដី ទ្រង់​មាន​អំណរ​ចំពោះ​មនុស្ស​លោក ដែល​មាន​ន័យ​ថា​ទ្រង់​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ជាតិ។ (សុភាសិត ៨:៣១) ពេល​ព្រះ​យេស៊ូ​រស់​ជា​មួយ​មនុស្ស​នៅ​លើ​ផែនដី ទ្រង់​យល់​កាន់​តែ​ច្បាស់​អំពី​ទុក្ខ​លំបាក​ដែល​យើង​មាន​ពេល​ខិតខំ​បម្រើ​ព្រះ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា ព្រះ​យេស៊ូ​ត្រូវ​ពិសោធ​អ្វីៗ​«ដូច​បងប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ​ដែល​មាន​ព្រះ​ទ័យ​មេត្ដាករុណា​ហើយ​ក៏​ស្មោះ​ត្រង់ . . . ដ្បិត​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក​ទាំង​ត្រូវ​សេចក្ដី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក​ដែល​ត្រូវ​សេចក្ដី​ល្បួង​បាន​ដែរ»។ ព្រះ​យេស៊ូ​ចេះ «អាណិតអាសូរ​ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា»​ពីព្រោះ​ទ្រង់​បាន​ត្រូវ​«ល្បួង​គ្រប់​យ៉ាង​ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​[ទ្រង់]​ឥត​ធ្វើ​បាប​ឡើយ»។—ហេព្រើរ ២:១៧, ១៨; ៤:​១៥, ១៦

១៧, ១៨​. (ក) តើ​សំបុត្រ​នានា​ដែល​ផ្ញើ​ជូន​ទៅ​ក្រុមជំនុំ​ទាំង​៧​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេស៊ូ​ឲ្យ​តម្លៃ​ចំពោះ​ពួក​គេ? (ខ) តើ​ពួក​អ្នក​ដែល​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​កំពុង​តែ​ត្រៀម​លក្ខណៈ​ដើម្បី​បំពេញ​ភារកិច្ច​សំខាន់​អ្វី?

១៧ ក្រោយ​ព្រះ​យេស៊ូ​បាន​រស់​ឡើង​វិញ ទ្រង់​បង្ហាញ​ថា​ទ្រង់​យល់​កាន់​តែ​ច្រើន​នូវ​ទុក្ខ​សោក​របស់​ពួក​អ្នក​កាន់​តាម​ទ្រង់។ សូម​គិត​អំពី​សំបុត្រ​នានា​ដែល​ព្រះ​យេស៊ូ​ឲ្យ​សាវ័ក​យ៉ូហាន​សរសេរ​ទៅ​ក្រុមជំនុំ​ទាំង​៧។ ព្រះ​យេស៊ូ​បាន​ប្រាប់​ក្រុមជំនុំ​នៅ​ទី​ក្រុង​ស្មឺន៉ា​ថា​៖ «អញ​ស្គាល់​សេចក្ដី​ទុក្ខ​លំបាក​នឹង​សេចក្ដី​កំសត់​របស់​ឯង​ហើយ»។ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​យល់​ច្បាស់​អំពី​ការ​ពិបាក​ដែល​អ្នក​កំពុង​តែ​រង​ទុក្ខ›។ រួច​មក ព្រះ​យេស៊ូ​បង្ហាញ​ក្ដី​អាណិតអាសូរ​ហើយ​យល់​អារម្មណ៍​ពួក​គេ​ពីព្រោះ​ទ្រង់​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ដែរ គឺ​រហូត​ដល់​ស្លាប់​ផង ដូច្នេះ​ទ្រង់​លើក​ទឹក​ចិត្ត​ពួក​គេ​ដោយ​និយាយ​ថា​៖ «ចូរ​នៅ​ជា​ស្មោះ​ត្រង់​ដរាប​ដល់​ស្លាប់​ចុះ! នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង»។—វិវរណៈ ២:៨​-​១០

១៨ សំបុត្រ​របស់​ព្រះ​យេស៊ូ​ចំពោះ​ក្រុមជំនុំ​ទាំង​៧​នោះ ពេញ​ទៅ​ដោយ​ពាក្យ​ដែល​បង្ហាញ​ថា​ទ្រង់​យល់​អំពី​ការ​ពិបាក​ដែល​សិស្ស​ទ្រង់​កំពុង​តែ​រង​ទុក្ខ ហើយ​ពាក្យ​ទាំង​នោះ​ក៏​បង្ហាញ​ថា​ទ្រង់​ឲ្យ​តម្លៃ​ចំពោះ​ពួក​គេ​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី។ (វិវរណៈ ២:១​–​៣:២២) សូម​នឹក​ចាំ​ថា ក្រុមជំនុំ​នានា​ដែល​បាន​ទទួល​សំបុត្រ​ទាំង​នោះ​ពី​ព្រះ​យេស៊ូ សុទ្ធតែ​ជា​ពួក​អ្នក​ដែល​មាន​ក្ដី​សង្ឃឹម​គ្រប់គ្រង​ជា​មួយ​ទ្រង់​នៅ​ស្ថានសួគ៌។ អ្នក​ទាំង​នោះ​បាន​រង​ទុក្ខ​ដូច​លោក​ម្ចាស់​របស់​ពួក​គេ ហើយ​នេះ​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បំពេញ​ភារកិច្ច​សំខាន់​ក្នុង​ការ​បង្ហាញ​ចិត្ត​អាណិតអាសូរ​ពេល​ជួយ​មនុស្ស​លោក​ដែល​រង​ទុក្ខ​វេទនា​ឲ្យ​ទទួល​ប្រយោជន៍​ពី​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រិស្ត។—វិវរណៈ ៥:៩, ១០; ២២:១​-​៥

១៩, ២០​. តើ​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​សង​គុណ​ព្រះ​យេហូវ៉ា​និង​បុត្រ​ទ្រង់​យ៉ាង​ណា?

១៩ តាម​ពិត ព្រះ​យេស៊ូ​ស្រឡាញ់​ពួក​«ចៀម​ឯ​ទៀត»​ដូច​ទ្រង់​ស្រឡាញ់​ពួក​អ្នក​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ មនុស្ស​ស្មោះ​ត្រង់​រាប់​លាន​នាក់​ក្នុង​ចំណោម​ពួក​«ចៀម​ឯ​ទៀត»​នោះ សង្ឃឹម​ថា​អាច​រួម​ចំណែក​ក្នុង​ចំណោម​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ . . . ពី​គ្រប់​ទាំង​សាសន៍»​ដែល​នឹង​រួច​រស់​ជីវិត​ពី​«គ្រា​វេទនា​យ៉ាង​ធំ»​ដែល​ជិត​មក​ដល់។ (យ៉ូហាន ១០:១៦; វិវរណៈ ៧:៩, ១៤) ពួក​អ្នក​ទាំង​នោះ​កាន់​តាម​ព្រះ​យេស៊ូ​ពីព្រោះ​ពួក​គេ​មាន​កតញ្ញុតា​ធម៌​ចំពោះ​យញ្ញបូជា​លោះ​របស់​ទ្រង់​ដែល​ផ្ដល់​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ជា​រៀង​រហូត។ តើ​ពួក​គេ​សង​គុណ​យ៉ាង​ណា? គឺ​ដោយ​«បំរើ​[ព្រះ​យេហូវ៉ា]​ទាំង​យប់​ទាំង​ថ្ងៃ»។—វិវរណៈ ៧:១៥​-​១៧

២០ ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០០៦ ពួក​ចៀម​ឯ​ទៀត​រួម​ជា​មួយ​ក្រុម​តូច​នៃ​ពួក​គ្រិស្ត​សា​សនិក​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ បាន​ចំណាយ​ជាង​១​.​៣៣៣​.​៩៦៦​.​១៩៩​ម៉ោង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ ដែល​ស្មើ​នឹង​ជាង​១៥០​.​០០០​ឆ្នាំ! របាយ​ការណ៍​នេះ​ពី​កិច្ចការ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​ផ្ដល់​ទី​សំអាង​ដែល​បញ្ជាក់​ច្បាស់​ថា ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​នេះ​កំពុង​តែ‹បំរើ​ព្រះ​យេហូវ៉ា​ទាំង​យប់​ទាំង​ថ្ងៃ›មែន!

ចូរ​សង​គុណ​ជានិច្ច!

២១, ២២​. (ក) ស្តី​អំពី​ការ​សង​គុណ ហេតុ​អ្វី​ក៏​ពួក​គ្រិស្ត​សា​សនិក​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​នៅ​សព្វ​ថ្ងៃ​នេះ? (ខ) តើ​យើង​នឹង​ពិចារណា​មើល​ចំណុច​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២១ របៀប​ព្រះ​យេហូវ៉ា​និង​បុត្រ​ទ្រង់​បាន​សង​គុណ​មនុស្ស គឺ​អស្ចា​រ្យ​ណាស់! ដ្បិត​ទ្រង់​ទាំង​ពីរ​អង្គ​បាន​សង​គុណ​មនុស្ស​ដែល​មិន​គ្រប់​លក្ខណ៍។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ថា មនុស្ស​ភាគ​ច្រើន​មិន​គិត​សោះ​អំពី​ព្រះ តែ​ចេះ​តែ​គិត​ពី​រឿង​ផ្ទាល់​ខ្លួន​វិញ។ ប៉ុល​បាន​ពណ៌នា​អំពី​លក្ខណៈ​នៃ​មនុស្ស​ដែល​រស់​នៅ​គ្រា​«ជាន់​ក្រោយ​បង្អស់»​នេះ​ពេល​គាត់​សរសេរ​ថា​៖ «មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់​[ហើយ]​រមិលគុណ»។ (ធីម៉ូថេទី២ ៣:១​-​៥) រីឯ​ពួក​គ្រិស្ត​សា​សនិក​ពិត​វិញ ពួក​គេ​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ពី​មនុស្ស​នៅ​សម័យ​នេះ​ពីព្រោះ​ពួក​គេ​តែង​តែ​សង​គុណ​ព្រះ​យេហូវ៉ា​ពេល​បម្រើ​ទ្រង់​ដោយ​ស្ដាប់​បង្គាប់​និង​អធិស្ឋាន​អស់​ពី​ចិត្ត!—ទំនុកដំកើង ៦២:​៨; ម៉ាកុស ១២:​៣០; យ៉ូហានទី១ ៥:៣

២២ ក្នុង​អត្ថបទ​បន្ទាប់​យើង​នឹង​ពិចារណា​មើល​វិធានការ​ផ្សេងៗ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​សម្រាប់​យើង​ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​យើង។ ពេល​យើង​ពិនិត្យ​មើល​វិធានការ​ទាំង​នេះ​ដែល​ជា‹អំណោយ​ទាន​ដ៏​ល្អ›ពី​ទ្រង់ ចូរ​ឲ្យ​កតញ្ញុតា​ធម៌​របស់​យើង​កើន​ឡើង​ជានិច្ច!—យ៉ាកុប ១:១៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស​និង​សង​គុណ​ពួក​គេ​តាម​របៀប​ណា​ខ្លះ?

• ពេល​នៅ​ម្នាក់​ឯង តើ​យើង​គួរ​ធ្វើ​អ្វី​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីករាយ?

• តើ​ព្រះ​យេស៊ូ​បាន​ឲ្យ​តម្លៃ​និង​សង​គុណ​មនុស្ស​តាម​វិធី​ណា​ខ្លះ?

• តើ​ជីវិត​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​បាន​ជួយ​ទ្រង់​យ៉ាង​ណា ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ដែល​ចេះ​អាណិតអាសូរ​និង​ឲ្យ​តម្លៃ​ចំពោះ​រាស្ត្រ​ទ្រង់?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក