បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/២ ទំ. ២៧-៣២
  • ចូរឲ្យកតញ្ញុតាធម៌របស់យើងកើនឡើងជានិច្ច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរឲ្យកតញ្ញុតាធម៌របស់យើងកើនឡើងជានិច្ច
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​មាន​កតញ្ញុតា​ធម៌ ដោយសារ​ស្គាល់​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ
  • មនុស្ស​កតញ្ញូ​នាំ​គ្នា​មក​ថ្វាយ​បង្គំ​ព្រះ
  • ចូរ​មាន​កតញ្ញុតា​ធម៌ ដោយសារ​មាន​«ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ»
  • ចូរ​ឧស្សាហ៍​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន
  • ចូរ​មាន​កតញ្ញុតា​ធម៌​កាន់​តែ​ច្រើន​ឡើង
  • មូលហេតុបង្ហាញអំណរគុណ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ព្រះយេហូវ៉ារមែងសងគុណរាស្ដ្រទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរឲ្យគ្រប់គ្នាលើកដំកើងព្រះយេហូវ៉ា!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/២ ទំ. ២៧-៣២

ចូរ​ឲ្យ​កតញ្ញុតា​ធម៌​របស់​យើង​កើន​ឡើង​ជានិច្ច

​«ឱ​ព្រះ​អង្គ​អើយ! ព្រះ​ដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេស​ដល់​ទូល​បង្គំ​ណាស់​ហ្ន៎! ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង»។—ទំនុកដំកើង ១៣៩:១៧

១, ២​. ដោយសារ​យើង​មាន​ព្រះ​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ ហេតុ​អ្វី​ក៏​យើង​គួរ​មាន​កតញ្ញុតា​ធម៌? តើ​អ្នក​តែង​បទ​ទំនុកដំកើង​បាន​បង្ហាញ​កតញ្ញុតា​ធម៌​ដោយ​មាន​ប្រសាសន៍​យ៉ាង​ណា?

អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ​ពេល​ជួសជុល​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ទី​ក្រុង​យេរូសាឡិម​នោះ គឺ​អស្ចារ្យ​មែន! ដ្បិត​សម្ដេច​សង្ឃ​ឈ្មោះ​ហ៊ីលគីយ៉ា​បាន​រក​ឃើញ​«គម្ពីរ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ប្រទាន​មក​ដោយសារ​លោក​ម៉ូ​សេ»។ គម្ពីរ​ក្រឹត្យ​វិន័យ​នោះ​ច្បាស់​ជា​ឯកសារ​ដើម​ដែល​ម៉ូសេ​បាន​សរសេរ​ប្រមាណ​៨០០​ឆ្នាំ​មុន​សម័យ​ហ៊ីលគីយ៉ា​ទៅ​ទៀត! សូម​នឹក​គិត​អំពី​អារម្មណ៍​របស់​ស្តេច​យ៉ូសៀស​ដែល​ជា​អ្នក​កោត​ខ្លាច​ព្រះ ពេល​គេ​យក​គម្ពីរ​ក្រឹត្យ​វិន័យ​នោះ​មក​ដាក់​នៅ​ចំពោះ​មុខ​ទ្រង់។ យ៉ូសៀស​ប្រាកដ​ជា​ឲ្យ​តម្លៃ​ចំពោះ​ឯកសារ​នោះ​ហើយ​បង្គាប់​ឲ្យ​លេខាធិការ​ឈ្មោះ​សាផាន​អាន​គម្ពីរ​នោះ​ឲ្យ​ឮ​ភ្លាមៗ។—របាក្សត្រទី២ ៣៤:១៤​-​១៨

២ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​អាច​ទទួល​ព្រះ​គម្ពីរ​ទាំង​មូល​ឬ​សៀវភៅ​ខ្លះៗ​ពី​ព្រះ​គម្ពីរ​ដើម្បី​ទុក​អាន។ ដោយសារ​មាន​ព្រះ​គម្ពីរ​ច្រើន​សន្ធឹក​ម្ល៉េះ តើ​នេះ​មាន​ន័យ​ថា​ព្រះ​គម្ពីរ​មិន​សូវ​មាន​តម្លៃ​ដូច​នៅ​សម័យ​បុរាណ​ឬ? មិន​មែន​ទេ! ដ្បិត​គំនិត​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ព្រះ​ចេស្ដា​បំផុត​បាន​ត្រូវ​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍។ (ធីម៉ូថេទី២ ៣:១៦) ដាវីឌ​បាន​តែង​ទំនុកដំកើង​មួយ​បទ​ដែល​បញ្ជាក់​ពី​អារម្មណ៍​របស់​គាត់​ចំពោះ​ព្រះ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ថា​៖ «ឱ​ព្រះ​អង្គ​អើយ! ព្រះ​ដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេស​ដល់​ទូល​បង្គំ​ណាស់​ហ្ន៎! ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង»។—ទំនុកដំកើង ១៣៩:១៧

៣​. តើ​អ្វី​បង្ហាញ​ថា​ដាវីឌ​ជា​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា?

៣ សេចក្ដី​ស្រឡាញ់​របស់​ដាវីឌ​ចំពោះ​ព្រះ​យេហូវ៉ា បណ្ដាំ​របស់​ទ្រង់​និង​ការ​ថ្វាយ​បង្គំ​ពិត​មិន​បាន​រសាយ​សោះ​ឡើយ។ បទ​ទំនុកដំកើង​ជា​ច្រើន​ដែល​ដាវីឌ​សរសេរ​នោះ ជា​បទ​ពីរោះ​ណាស់​ដែល​បញ្ជាក់​ពី​អារម្មណ៍​របស់​គាត់។ ជា​ឧទាហរណ៍ ដាវីឌ​បាន​សរសេរ​បទ​ទំនុក​ទី២៧:៤ ដែល​ចែង​ថា​៖ «ខ្ញុំ​បាន​សូម​សេចក្ដី​តែ​១​ពី​ព្រះ​យេហូវ៉ា​ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា​រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្ញុំ ដើម្បី​នឹង​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ​យេហូវ៉ា ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់»។ ឃ្លា​ភាសា​ហេព្រើរ​សំដៅ​ទៅ​លើ​ការ​បង្ហាញ​កតញ្ញុតា​ធម៌​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​«ពិនិត្យ​ពិចារណា»​អំពី​ព្រះ​វិហារ​ទ្រង់ ដោយសារ​ពេញ​ចិត្ត កោត​ស្ងើច​និង​មាន​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​វិហារ​នោះ។ ដាវីឌ​ច្បាស់​ជា​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​គាត់​ក៏​មាន​កតញ្ញុតា​ធម៌​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ប្រទាន​អ្វីៗ​ដើម្បី​ពង្រឹង​ជំនឿ​របស់​គាត់។ ម្យ៉ាង​ទៀត ដាវីឌ​ពេញ​ចិត្ត​ណាស់​ចំពោះ​សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​ព្រះ​យេហូវ៉ា​ជួយ​ឲ្យ​គាត់​យល់។ ដាវីឌ​បាន​តាំង​គំរូ​ល្អ​ជា​បុរស​កតញ្ញូ ដូច្នេះ​គប្បី​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​គាត់។—ទំនុកដំកើង ១៩:៧​-​១១

ចូរ​មាន​កតញ្ញុតា​ធម៌ ដោយសារ​ស្គាល់​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ

៤​. ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​ចិត្ត​«រីករាយដោយ​ព្រះ​វិញ្ញាណ»?

៤ យើង​មិន​ចាំបាច់​ជា​មនុស្ស​ឆ្លៀវឆ្លាត​ដែល​មាន​ចំណេះ​ខ្ពង់​ខ្ពស់​ដើម្បី​យល់​ច្បាស់​នូវ​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​ទេ។ តាម​ពិត មនុស្ស​ឆ្លាត​ដែល​ជា​អ្នក​ចេះ​ដឹង​ច្រើន​តែ​មាន​អំណួត​វិញ។ ប៉ុន្តែ មាន​តែ​មនុស្ស​រាប​ទាប​ហើយ​ស្មោះ​ត្រង់​ដែល​អាច​យល់​នូវ​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ។ ដោយសារ​មនុស្ស​បែប​នោះ​ទទួល​ស្គាល់​ថា ពួក​គេ​ជា​មនុស្ស​កម្សត់​ខាង​វិញ្ញាណ​ឬ​ជា​អ្នក​ត្រូវ​ការ​ជំនួយ​ពី​ព្រះ នោះ​ព្រះ​យេហូវ៉ា​បង្ហាញ​ក្ដី​សប្បុរស​ដ៏​លើស​លប់​ចំពោះ​ពួក​គេ។ (ម៉ាថាយ ៥:៣; យ៉ូហានទី១ ៥:២០) ពេល​ព្រះ​យេស៊ូ​គិត​ថា​មនុស្ស​មិន​គ្រប់​លក្ខណ៍​ខ្លះ​អាច​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថានសួគ៌ នោះ​ទ្រង់​«រីករាយ»។ រួច​មក ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ឱ​ព្រះ​វរបិតា​ជា​ព្រះ​អម្ចាស់​នៃ​ស្ថានសួគ៌​នឹង​ផែនដី​អើយ! ទូល​បង្គំ​សរសើរ​ដល់​ទ្រង់​ពីព្រោះ​ទ្រង់​បាន​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នកប្រាជ្ញ​ហើយ​នឹង​ពួក​ឈ្លាស​វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ»។—លូកា ១០:​១៧​-​២១

៥​. ហេតុ​អ្វី​ក៏​សិស្ស​របស់​ព្រះ​យេស៊ូ​មិន​គួរ​ចាត់​ទុក​សេចក្ដី​បង្រៀន​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​រឿង​បន្ទាប់បន្សំ?

៥ ក្រោយ​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត​នោះ ទ្រង់​បែរ​ជា​ប្រាប់​សិស្ស​ទ្រង់​ថា​៖ «មាន​ពរ​ហើយ ភ្នែក​ណា​ដែល​ឃើញ​អស់​ទាំង​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ ពីព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ហោរា​នឹង​ស្តេច​ជា​ច្រើន​បាន​ប្រាថ្នា​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​ដែរ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​សោះ»។ ត្រូវ​ហើយ ព្រះ​យេស៊ូ​ដាស់​តឿន​ពួក​អ្នក​ស្មោះ​ត្រង់​នឹង​ទ្រង់​ថា កុំ​ឲ្យ​ពួក​គេ​ចាត់​ទុក​សេចក្ដី​បង្រៀន​ពិសេស​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​រឿង​បន្ទាប់បន្សំ​ទេ ដ្បិត​ពួក​អ្នក​បម្រើ​ព្រះ​នៅ​សម័យ​មុនៗ​មិន​បាន​រៀន​នូវ​សេចក្ដី​ពិត​ទាំង​នេះ​ទេ។ ណា​មួយ​ទៀត ព្រះ​យេស៊ូ​គ្មាន​បំណង​ប្រាប់​ឲ្យ‹ពួក​អ្នកប្រាជ្ញ​នឹង​ពួក​ឈ្លាស​វៃ›នៅ​សម័យ​ទ្រង់​ដឹង​ទេ!—លូកា ១០:២៣, ២៤

៦, ៧​. (ក) តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ឲ្យ​យើង​មាន​កតញ្ញុតា​ធម៌​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ប្រទាន​សេចក្ដី​ពិត​ដល់​យើង? (ខ) នៅ​សព្វ​ថ្ងៃ​នេះ តើ​សាសនា​ពិត​និង​សាសនា​មិន​ពិត​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ណា?

៦ សព្វ​ថ្ងៃ​នេះ​យើង​មាន​មូលហេតុ​ច្រើន​ជាង​នោះ​ទៅ​ទៀត​ឲ្យ​មាន​កតញ្ញុតា​ធម៌​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ប្រទាន​សេចក្ដី​ពិត​ដល់​យើង។ ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​ទ្រង់​ឲ្យ​យល់​បណ្ដាំ​ក្នុង​ព្រះ​គម្ពីរ​កាន់​តែ​ច្រើន​តាម​រយៈ​ការ​ពន្យល់​ពី‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥; ដានីយ៉ែល ១២:១០) ហើយ​ព្យាការី​ដានីយ៉ែល​បាន​សរសេរ​ថា នៅ​គ្រា​ចុង​បំផុត​«មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង»។ (ដានីយ៉ែល ១២:៤) នៅ​សម័យ​នេះ «មនុស្ស​ជា​ច្រើន»​មាន​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​មែន ហើយ​អ្នក​បម្រើ​ទ្រង់​កំពុង​តែ​ទទួល​ការ​ណែនាំ​ល្អ​ដែល​ពង្រឹង​ជំនឿ។

៧ បើ​ប្រៀបធៀប​ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​និង​មនុស្ស​ដែល​កាន់​សាសនា​ឯ​ទៀត យើង​ឃើញ​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ណាស់ ដ្បិត​រាស្ត្រ​របស់​ព្រះ​មាន​ចំណេះ​ច្រើន តែ​មនុស្ស​ក្នុង​បាប៊ីឡូន​ដ៏​ធំ​ចេះ​តែ​ភាន់​ច្រឡំ​វិញ! ជា​លទ្ធផល មនុស្ស​ជា​ច្រើន​ដែល​អស់​សង្ឃឹម​និង​លែង​ពេញ​ចិត្ត​ចំពោះ​សាសនា​មិន​ពិត​កំពុង​តែ​បែរ​មក​រក​សាសនា​ពិត​វិញ។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម ហើយ​ពួក​គេ​មិន​ចង់​«មាន​ចំណែក​ក្នុង​អំពើ​បាប»​របស់​បាប៊ីឡូន​ដ៏​ធំ និង​មិន​ចង់​រង​ទុក្ខ​«វេទនា​ដូច​ជា​វា»​ទេ។ ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​បម្រើ​ទ្រង់​កំពុង​តែ​អញ្ជើញ​អ្នក​ទាំង​នោះ​ឲ្យ​ចូល​មក​ក្នុង​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ពិត។—វិវរណៈ ១៨:២​-​៤; ២២:១៧

មនុស្ស​កតញ្ញូ​នាំ​គ្នា​មក​ថ្វាយ​បង្គំ​ព្រះ

៨, ៩​. នៅ​សម័យ​យើង​នេះ តើ​ពាក្យ​នៅ​ហាកាយ ២:៧ កំពុង​តែ​សម្រេច​យ៉ាង​ណា?

៨ ព្រះ​យេហូវ៉ា​ប្រៀបធៀប​ការ​ថ្វាយ​បង្គំ​ពិត​ទៅ​នឹង​វិហារ​មួយ ហើយ​ទាយ​ថា​ទ្រង់​«នឹង​អង្រួន​អស់​ទាំង​សាសន៍» ហើយ​«ទីគាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​នឹង​មក​ដល់» ហើយ​ទ្រង់​នឹង‹បំពេញ​វិហារ​នោះ​ដោយ​សិរី​ល្អ›។ (ហាកាយ ២:៧) នៅ​សម័យ​ហាកាយ​ទំនាយ​ដ៏​អស្ចារ្យ​នេះ​បាន​សម្រេច​មួយ​ដង​ហើយ ពេល​រាស្ត្រ​ខ្លះ​របស់​ព្រះ​បាន​កសាង​ព្រះ​វិហារ​ឡើង​វិញ​នៅ​ទី​ក្រុង​យេរូសាឡិម។ ពាក្យ​របស់​ហាកាយ​ដែល​ប្រៀបធៀប​ការ​ថ្វាយ​បង្គំ​ពិត​ទៅ​នឹង​ព្រះ​វិហារ​ដ៏​ឧត្តម​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​សម្រេច​មួយ​លើក​ទៀត​នៅ​សម័យ​យើង​នេះ។

៩ មនុស្ស​រាប់​លាន​នាក់​បាន​ចូល​មក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​«ដោយ​វិញ្ញាណ​នឹង​សេចក្ដី​ពិត» ហាក់​ដូច​ជា​ពួក​គេ​បាន​ចូល​មក​ឯ​ព្រះ​វិហារ​របស់​ទ្រង់។ រៀង​រាល់​ឆ្នាំ មនុស្ស​រាប់​សែន​នាក់​ដែល​ជា​«ទីគាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍»​កំពុង​តែ​ចូល​មក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ (យ៉ូហាន ៤:២៣, ២៤) ជាក់​ស្តែង​ដូច​បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​២០០៦ ដែល​បង្ហាញ​ថា​បងប្អូន​២៤៨​.​៣២៧​នាក់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ថា​ពួក​គេ​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ បើ​និយាយ​ជា​មធ្យម នេះ​បាន​ន័យ​ថា​រៀង​រាល់​ថ្ងៃ​មាន​បងប្អូន​ប្រមាណ​៦៨០​នាក់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក! ពួក​គេ​ស្រឡាញ់​សេចក្ដី​ពិត​និង​ប្រាថ្នា​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់ ដូច្នេះ​នេះ​ជា​ទី​សំអាង​ដែល​បង្ហាញ​ច្បាស់​ថា ទ្រង់​ពិត​ជា​បាន​ទាញ​នាំ​ពួក​គេ​ឲ្យ​មក​ថ្វាយ​បង្គំ​ទ្រង់​មែន។—យ៉ូហាន ៦:៤៤, ៦៥

១០, ១១​. សូម​ប្រាប់​បទពិសោធន៍​មួយ​ដែល​បញ្ជាក់​មូលហេតុ​ដែល​មនុស្ស​ខ្លះ​មាន​កតញ្ញុតា​ធម៌​ចំពោះ​ព្រះ​ដែល​ប្រទាន​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ។

១០ មនុស្ស​ស្មោះ​ត្រង់​ជា​ច្រើន​ទាំង​នេះ​មាន​ចិត្ត​ចង់​រៀន​សេចក្ដី​ពិត​ពីព្រោះ​ពួក​គេ​«ចេះ​ញែក​សេចក្ដី​សុចរិត​នឹង​សេចក្ដី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ​នឹង​មនុស្ស​ដែល​មិន​គោរព​ផង»។ (ម៉ាឡាគី ៣:១៨) សូម​គិត​អំពី​បទពិសោធន៍​របស់​បង​ប្រុស​ឈ្មោះ​វេន និង​បង​ស្រី​ឈ្មោះ​វើជីញ៉ា ជា​ស្វាមី​ភរិយា​ដែល​ពី​មុន​បាន​កាន់​សាសនា​ប្រូតេស្តង់។ កាល​នោះ ពួក​គាត់​ឆ្ងល់​អំពី​រឿង​ផ្សេងៗ​តែ​គ្មាន​អ្នក​ណា​អាច​ឆ្លើយ​សំណួរ​របស់​ពួក​គាត់​បាន​ទេ។ ពួក​គាត់​ស្អប់​សង្គ្រាម​ហើយ​ពិបាក​ចិត្ត​ណាស់​ពេល​ឃើញ​បព្វជិត​សាសនា​ជូន​ពរ​ចំពោះ​ទាហាន​និង​អាវុធ​របស់​គេ។ ទោះ​ជា​បង​ស្រី​វើជីញ៉ា​បាន​បង្រៀន​ក្មេងៗ​ក្នុង​វិហារ​រាល់​ថ្ងៃ​អាទិត្យ​យូរ​ឆ្នាំ​មក​ហើយ​ក្ដី ពេល​បង​ប្រុស​បង​ស្រី​មាន​អាយុ​ច្រើន​ទៅៗ ពួក​គាត់​ក៏​មាន​អារម្មណ៍​ឯកោ​ដោយ​ព្រោះ​មើល​ទៅ​ដូច​ជា​អ្នក​ឯ​ទៀត​ក្នុង​វិហារ​មិន​រវីរវល់​នឹង​ពួក​គាត់​សោះ។ គាត់​ប្រាប់​ថា​៖ «គ្មាន​អ្នក​ណា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ថា​យើង​មាន​ជំនឿ​មុត​មាំ​ឬ​ក៏​អត់។ ក្នុង​សាសនា​នោះ គេ​ចង់​បាន​តែ​លុយ​របស់​យើង ដូច្នេះ​យើង​មិន​ដឹង​ធ្វើ​អ្វី​ទេ»។ បង​ប្រុស​បង​ស្រី​រឹតតែ​ទើស​ចិត្ត​ពេល​សាសនា​នោះ​លែង​ថ្កោល​ទោស​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា។

១១ ដំណាល​គ្នា​នោះ កូន​ស្រី​និង​ចៅ​របស់​បង​ប្រុស​វេន និង​បង​ស្រី​វើជីញ៉ា​បាន​ចូល​សាសនា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ មុន​ដំបូង ពួក​គាត់​មិន​ពេញ​ចិត្ត​សោះ តែ​ក្រោយៗ​មក ពួក​គាត់​យល់​ព្រម​រៀន​ព្រះ​គម្ពីរ​ដែរ។ បង​ប្រុស​រៀប​រាប់​ថា​៖ «ក្នុង​រយៈ​ពេល​តែ​បី​ខែ យើង​បាន​រៀន​ច្រើន​ពី​ព្រះ​គម្ពីរ គឺ​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​រៀន​ក្នុង​អំឡុង​៧០​ឆ្នាំ​មុន​នេះ​ទៅ​ទៀត! ពី​មុន យើង​អត់​ដឹង​ទេ​ថា​ព្រះ​មាន​ឈ្មោះ​យេហូវ៉ា ហើយ​យើង​ក៏​មិន​ដឹង​សោះ​អំពី​រាជាណាចក្រ​របស់​ទ្រង់ ក៏​មិន​ដឹង​ថា​ផែនដី​នឹង​ក្លាយ​ទៅ​ជា​សួន​មនោរម្យ​ដែរ»។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក បង​ប្រុស​បង​ស្រី​ដែល​មាន​ចិត្ត​ល្អ​នេះ​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សា​សនិក​ពិត ហើយ​ចាប់​ផ្ដើម​រួម​ចំណែក​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ផង​ដែរ។ បង​ស្រី​មាន​ប្រសាសន៍​ថា​៖ «យើង​ចង់​ប្រាប់​មនុស្ស​ទាំង​អស់​អំពី​សេចក្ដី​ពិត​នេះ»។ បង​ប្រុស​បង​ស្រី​ទាំង​ពីរ​នាក់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២០០៥ ពេល​ពួក​គាត់​មាន​អាយុ​៨០​ឆ្នាំ​ជាង។ ពួក​គាត់​មាន​ប្រសាសន៍​ថា​៖ «ឥឡូវ​យើង​បាន​រក​ឃើញ​ហើយ​នូវ​បងប្អូន​គ្រិស្ត​សា​សនិក​ពិត»។

ចូរ​មាន​កតញ្ញុតា​ធម៌ ដោយសារ​មាន​«ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ»

១២​. តើ​ព្រះ​យេហូវ៉ា​តែង​តែ​ប្រទាន​អ្វី​ដល់​អ្នក​បម្រើ​ទ្រង់? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បំពេញ​ភារកិច្ច​យើង?

១២ ព្រះ​យេហូវ៉ា​តែង​តែ​ជួយ​រាស្ត្រ​ទ្រង់​ឲ្យ​ធ្វើ​តាម​បំណង​ចិត្ត​ទ្រង់។ ជា​ឧទាហរណ៍ លោក​ណូអេ​បាន​ទទួល​ការ​ណែនាំ​ជាក់លាក់​អំពី​របៀប​កសាង​ទូក​ធំ ហើយ​ជា​ការ​ចាំបាច់​ឲ្យ​គាត់​ធ្វើ​យ៉ាង​លម្អិ​ត​តាម​ការ​ណែនាំ​នោះ! តើ​ណូអេ​ធ្វើ​យ៉ាង​ណា? គាត់​បាន​«ធ្វើ​ដូច្នោះ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់។ គាត់​ធ្វើ​ការ​នោះ​សំ​រេ​ច​ទាំង​អស់»។ (លោកុប្បត្តិ ៦:១៤​-​២២) សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​ផ្ដល់​អ្វី​ដែល​អ្នក​បម្រើ​ទ្រង់​ត្រូវ​ការ​ដែរ ដើម្បី​ធ្វើ​តាម​បំណង​ចិត្ត​ទ្រង់។ ចំពោះ​យើង ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​បាន​ស្ថាបនា​ហើយ និង​ការ​ជួយ​មនុស្ស​ល្អ​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រិស្ត​ជា​កិច្ចការ​សំខាន់​ចម្បង។ ដូច​ក្នុង​ករណី​ណូអេ យើង​ត្រូវ​តែ​ស្ដាប់​បង្គាប់​ព្រះ​ទើប​អាច​បំពេញ​ភារកិច្ច​នេះ​បាន។ យើង​ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​តាម​រយៈ​ព្រះ​គម្ពីរ​និង​អង្គការ​របស់​ទ្រង់។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

១៣​. តើ​ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​យើង​តាម​របៀប​ណា?

១៣ បើ​យើង​ចង់​បំពេញ​ភារកិច្ច​នេះ យើង​ក៏​ត្រូវ​រៀន​ឲ្យ​ចេះ‹កាត់​ស្រាយ​ព្រះ​បន្ទូល​យ៉ាង​ត្រឹម​ត្រូវ› ដែល​មាន​ន័យ​ថា​យើង​ត្រូវ​ប្រើ​ព្រះ​គម្ពីរ​ជា​ឧបករណ៍​សំខាន់​ចម្បង​ដែល​មាន​«ប្រយោជន៍​សំ​រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំ​រង់​នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍​ហើយ​មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។ (ធីម៉ូថេទី២ ២:​១៥; ៣:១៦, ១៧) ដូច​នៅ​សតវត្សរ៍​ទី​មួយ​នោះ ព្រះ​យេហូវ៉ា​កំពុង​តែ​បង្ហាត់​បង្រៀន​យើង​តាម​រយៈ​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក។ នៅ​សម័យ​យើង​នេះ រៀង​រាល់​សប្ដាហ៍​ក្រុមជំនុំ​៩៩​.​៧៧០​ទូទាំង​ពិភពលោក​មាន​កម្ម​វិធី​សាលា​កិច្ច​បម្រើ​ផ្សាយ​និង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ដើម្បី​ជួយ​យើង​បំពេញ​ភារកិច្ច​នេះ។ តើ​អ្នក​បង្ហាញ​កតញ្ញុតា​ធម៌​ចំពោះ​ព្រះ​ដែល​រៀបចំ​ឲ្យ​មាន​កម្ម​វិធី​ប្រជុំ​សំខាន់ៗ​ទាំង​នេះ ដោយ​ចូល​រួម​ជា​រឿយៗ​និង​អនុវត្ត​តាម​អ្វី​ដែល​អ្នក​រៀន​នៅ​ទី​នោះ​ទេ?—ហេព្រើរ ១០:២៤, ២៥

១៤​. ដោយ​មាន​ឯកសិទ្ធិ​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា តើ​រាស្ត្រ​ទ្រង់​បង្ហាញ​កតញ្ញុតា​ធម៌​យ៉ាង​ណា?

១៤ ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​រាស្ត្រ​ទ្រង់​រាប់​លាន​នាក់​ទូទាំង​ពិភពលោក ហើយ​ពួក​គេ​បង្ហាញ​កតញ្ញុតា​ធម៌​ចំពោះ​ទ្រង់​ដោយ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០០៦ អ្នក​ផ្សាយ​៦​.​៧៤១​.​៤៤៤​នាក់​បាន​ចំណាយ​១​.​៣៣៣​.​៩៦៦​.​១៩៩​ម៉ោង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ នេះ​ក៏​រួម​បញ្ចូល​កម្មវិធី​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​មនុស្ស​នៅ​ឯ​ផ្ទះ​របស់​ពួក​គេ​រៀងៗ​ខ្លួន​ដែល​មាន​ចំនួន​សិស្ស​ជាង​៦​.​២៨៦​.​៦១៨​នាក់។ នេះ​គ្រាន់​តែ​ជា​សេចក្ដី​រាយ​ការណ៍​សង្ខេប​ប៉ុណ្ណោះ​ស្តី​អំពី​កិច្ចការ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក ហើយ​នេះ​ច្បាស់​ជា​លើក​ទឹក​ចិត្ត​យើង​ដូច​ជា​បងប្អូន​របស់​យើង​នៅ​សតវត្សរ៍​ទី​មួយ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ដែរ ពេល​ពួក​គេ​ឮ​អំពី​ការ​រីក​ចម្រើន​នៃ​កិច្ចការ​ផ្សព្វផ្សាយ​នៅ​សម័យ​នោះ។—កិច្ចការ ១:១៥; ២:៥​-​១១, ៤១, ៤៧; ៤:៤; ៦:៧

១៥​. បើ​យើង​កំពុង​តែ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត តើ​យើង​មិន​គួរ​ខ្វល់ខ្វាយ​អំពី​អ្វី?

១៥ ការ​សរសើរ​ព្រះ​យេហូវ៉ា​យ៉ាង​ច្រើន​រៀង​រាល់​ឆ្នាំ​បង្ហាញ​ថា អ្នក​បម្រើ​ព្រះ​ពិត​ជា​មាន​កតញ្ញុតា​ធម៌​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ទ្រង់​ដែល​ផ្ដល់​ឲ្យ​ពួក​គេ​មាន​ឯកសិទ្ធិ​ស្គាល់​ទ្រង់​និង​អាច​ប្រាប់​អ្នក​ដទៃ​អំពី​ទ្រង់។ (អេសាយ ៤៣:១០) ដូច​ស្រី​មេម៉ាយ​ដែល​ដាក់​លុយ​តិច​ក្នុង​ឃ្លាំង​នោះ បងប្អូន​ខ្លះ​មាន​កម្លាំង​សរសើរ​ព្រះ​យេហូវ៉ា​តែ​បន្ដិច​បន្តួច​ទេ ពីព្រោះ​ជា​ជន​ពិការ មាន​វ័យ​ចំណាស់​ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​និង​បុត្រ​ទ្រង់​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​អស់​អ្នក​ដែល​បម្រើ​ទ្រង់​អស់​ពី​ចិត្ត​អស់​ពី​កម្លាំង។—លូកា ២១:១​-​៤; កាឡាទី ៦:៤

១៦​. ពេល​ថ្មីៗ​នេះ តើ​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​មាន​ឧបករណ៍​អ្វី​ខ្លះ​សម្រាប់​បង្រៀន​អ្នក​ឯ​ទៀត?

១៦ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បង្ហាត់​បង្រៀន​យើង​ឲ្យ​ចេះ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​ទេ តែ​តាម​រយៈ​អង្គការ​ទ្រង់ ទ្រង់​ក៏​ប្រទាន​ឧបករណ៍​ល្អៗ​ឲ្យ​យើង​ប្រើ​ក្នុង​ការ​បង្រៀន​សិស្ស។ កាល​ពី​មុន ឧបករណ៍​ទាំង​នោះ​រួម​បញ្ចូល​សៀវភៅ​ផ្សេងៗ​ដូច​ជា​សៀវភៅ​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច (The Truth That Leads to Eternal Life) និង​សៀវភៅ​ភាសា​ខ្មែរ​ប៉ុន្មាន​ក្បាល​ដែល​មាន​ចំណង​ជើង​ថា អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច ហើយ​ពេល​ថ្មីៗ​នេះ​ក៏​មាន​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? បងប្អូន​ដែល​ពិត​ជា​មាន​កតញ្ញុតា​ធម៌​ដោយ​ព្រោះ​មាន​វិធានការ​នោះ តែង​តែ​ប្រើ​សៀវភៅ​ទាំង​នេះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

ចូរ​ឧស្សាហ៍​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន

១៧, ១៨​. (ក) ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក តើ​អ្នក​ចូល​ចិត្ត​ប្រើ​ចំណុច​ណា​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន? (ខ) តើ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ម្នាក់​ឃើញ​ថា​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១៧ សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? មាន​១៩​ជំពូក​និង​ការ​ពន្យល់​បន្ថែម​ដែល​បាន​សរសេរ​យ៉ាង​ស្រួល​យល់​ហើយ​ច្បាស់​លាស់ ដូច្នេះ​ពិត​ជា​ជំនួយ​មួយ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​របស់​យើង។ ជា​ឧទាហរណ៍ ជំពូក​ទី១២ មាន​ប្រធាន​ថា «របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ»។ ព័ត៌មាន​នេះ​ពន្យល់​ឲ្យ​សិស្ស​យល់​នូវ​របៀប​ដែល​គាត់​អាច​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ។ មនុស្ស​ជា​ច្រើន​មិន​ដែល​គិត​ពី​លទ្ធភាព​ដែល​អាច​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ព្រះ។ (យ៉ាកុប ២:២៣) តើ​មនុស្ស​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មើល​សៀវភៅ​នេះ?

១៨ បង​ប្រុស​ម្នាក់​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​មួយ​នៅ​ប្រទេស​អូស្ដ្រាលី​ប្រាប់​ថា ពេល​គាត់​បង្ហាញ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដល់​មនុស្ស «ភ្លាមៗ​នោះ ម្ចាស់​ផ្ទះ​ចូល​ចិត្ត​មើល​ហើយ​ចង់​ពិភាក្សា»​រឿង​ក្នុង​សៀវភៅ​នោះ។ បង​ប្រុស​មាន​ប្រសាសន៍​ទៀត​ថា ដោយសារ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ជា​សៀវភៅ​ស្រួល​ប្រើ​នោះ «អ្នក​ផ្សាយ​ជា​ច្រើន​មាន​ទំនុក​ចិត្ត​សា​ជា​ថ្មី​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ក៏​មាន​អំណរ​ផង​ដែរ។ ដូច្នេះ​មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​បងប្អូន​ខ្លះ​និយាយ​ថា សៀវភៅ​នេះ​ប្រៀប​ដូច​ជា​មាស​សុទ្ធ!»។

១៩​-​២១​. សូម​រៀប​រាប់​បទពិសោធន៍​ខ្លះ​ដែល​បង្ហាញ​ថា​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ពិត​ជា​មាន​ប្រសិទ្ធភាព។

១៩ ស្ត្រី​ម្នាក់​នៅ​ប្រទេស​គុយយ៉ាន (នៅ​ទ្វីប​អា​ម៉េរិក​ខាង​ត្បូង) បាន​ប្រាប់​អ្នក​ត្រួសត្រាយ​ដែល​ផ្សព្វផ្សាយ​នៅ​ឯ​ផ្ទះ​គាត់​ថា​៖ «ព្រះ​ច្បាស់​ជា​បាន​ចាត់​ឲ្យ​លោក​មក​ជួប​ខ្ញុំ​មែន!»។ ប្ដី​របស់​ស្ត្រី​នោះ​ទើប​តែ​បាន​ចាក​ចោល​គាត់​និង​កូន​តូច​ពីរ​នាក់។ ដូច្នេះ អ្នក​ត្រួសត្រាយ​នេះ​បាន​បើក​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​នៅ​ជំពូក​ទី១ វគ្គ​១១ ហើយ​គាត់​អាន​ឲ្យ​បង​ស្រី​ស្ដាប់​ព័ត៌មាន​ក្រោម​ចំណង​ជើង​ថា «តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​ជួប​នឹង​អំពើ​អយុត្ដិធម៌?»។ អ្នក​ត្រួសត្រាយ​ប្រាប់​ថា​៖ «ចំណុច​ទាំង​នោះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​បង​ស្រី ដ្បិត​គាត់​ក្រោក​ឡើង​ហើយ​ចូល​ទៅ​យំ​នៅ​ក្នុង​ផ្ទះ»។ ក្រោយ​មក ស្ត្រី​នោះ​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​បង​ស្រី​ម្នាក់​ក្នុង​ក្រុមជំនុំ ហើយ​ឥឡូវ​ជា​សិស្ស​ដែល​ខំ​ធ្វើ​តាម​អ្វី​ដែល​គាត់​រៀន។

២០ មាន​បុរស​ម្នាក់​ឈ្មោះ​ហូសេ នៅ​ប្រទេស​អេស្ប៉ាញ ហើយ​ភរិយា​របស់​គាត់​បាន​ស្លាប់​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។ ហូសេ​ចាប់​ផ្ដើម​ប្រើ​គ្រឿង​ញៀន​ដើម្បី​បន្ធូរ​អារម្មណ៍ ហើយ​គាត់​ក៏​បាន​រក​គ្រូ​ពេទ្យ​ជួយ​ដែរ។ ប៉ុន្តែ គ្រូ​ពេទ្យ​ផ្នែក​ចិត្ត​វិទ្យា​មិន​អាច​ឆ្លើយ​សំណួរ​ដែល​ធ្វើ​ឲ្យ​ហូសេ​ពិបាក​ចិត្ត​ជាង​គេ​ទេ ពោល​គឺ «ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​ប្រពន្ធ​ខ្ញុំ​ស្លាប់​ដូច្នេះ?»។ នៅ​ថ្ងៃ​មួយ ហូសេ​បាន​ជួប​បង​ប្រុស​ឈ្មោះ​ហ្វ្រេនឆិស​ដែល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ជា​មួយ​គ្នា។ ហ្វ្រេនឆិស​ជូន​យោបល់​ឲ្យ​ហូសេ​មើល​ព័ត៌មាន​ជា​មួយ​គាត់​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ជំពូក​ទី១១ ដែល​មាន​ចំណង​ជើង​ថា «ហេតុ​អ្វី​ព្រះ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា?»។ ហូសេ​ចូល​ចិត្ត​ណាស់​នូវ​ការ​ពន្យល់​ក្នុង​ព្រះ​គម្ពីរ​និង​ឧទាហរណ៍​អំពី​គ្រូ​បង្រៀន​និង​កូន​សិស្ស។ ហូសេ​ព្យាយាម​សិក្សា​ព្រះ​គម្ពីរ​និង​ចូល​រួម​សន្និបាត​ប្រចាំ​មណ្ឌល​បាន​ម្ដង ហើយ​ឥឡូវ​នេះ​ក៏​ទៅ​ប្រជុំ​ជា​ទៀងទាត់​នៅ​សាល​ព្រះ​រាជាណាចក្រ។

២១ បង​ប្រុស​ឈ្មោះ​រូម៉ាន ជា​អ្នក​ជំនួញ​អាយុ​៤០​ឆ្នាំ​នៅ​ប្រទេស​ប៉ូឡូញ ហើយ​តាំង​ពី​តូច​មក គាត់​ស្រឡាញ់​ព្រះ​គម្ពីរ។ គាត់​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តែ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​និង​ធ្វើ​តាម​អ្វី​ដែល​គាត់​រៀន​ទេ ដោយសារ​គាត់​ធ្វើ​ការ​ច្រើន​ពេក។ យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ចូល​រួម​ស្ដាប់​កម្មវិធី​មហា​សន្និបាត​ប្រចាំ​តំបន់ ហើយ​នៅ​ទី​នោះ​គាត់​បាន​ទទួល​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​មួយ​ក្បាល។ តាំង​ពី​នោះ​មក គាត់​មាន​ទស្សនៈ​ល្អ​ជាង​មុន។ គាត់​មាន​ប្រសាសន៍​ថា​៖ «ពេល​ខ្ញុំ​អាន​សៀវភៅ​នេះ ខ្ញុំ​យល់​សេចក្ដី​បង្រៀន​បឋម​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរ​ច្បាស់​ជាង»។ ឥឡូវ បង​ប្រុស​រូម៉ាន​រៀន​ព្រះ​គម្ពីរ​ទៀងទាត់​ហើយ​កំពុង​តែ​អនុវត្ត​តាម​អ្វី​ដែល​គាត់​រៀន​ដែរ។

ចូរ​មាន​កតញ្ញុតា​ធម៌​កាន់​តែ​ច្រើន​ឡើង

២២, ២៣​. ដោយសារ​សេចក្ដី​សង្ឃឹម​ដែល​យើង​មាន តើ​យើង​អាច​បន្ត​បង្ហាញ​កតញ្ញុតា​ធម៌​ចំពោះ​ព្រះ​បាន​យ៉ាង​ណា?

២២ កម្មវិធី​មហា​សន្និបាត​ប្រចាំ​តំបន់​ដែល​មាន​ប្រធាន​ថា «សេចក្ដី​សង្គ្រោះ​ជិត​ណាស់​ហើយ»​បាន​ពន្យល់​ថា ពួក​គ្រិស្ត​សា​សនិក​ពិត​ចេះ​តែ​រង់ចាំ​«សេចក្ដី​ប្រោស​លោះ​នៅ​អស់កល្ប​ជានិច្ច»​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​មក។ យើង​អាច​ទទួល​សេចក្ដី​ប្រោស​លោះ​នោះ​បាន ដោយសារ​ព្រះ​យេស៊ូ​គ្រិស្ត​បាន​បូជា​ជីវិត​ទ្រង់។ ប្រាកដ​ហើយ ការ​សម្អាត​ខ្លួន​ពី​«អស់​ទាំង​ការ​ស្លាប់ . . . ដើម្បី​ឲ្យ​បាន​បំរើ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់» គឺ​ជា​វិធី​ល្អ​បំផុត​ដែល​យើង​អាច​បង្ហាញ​ថា យើង​មាន​កតញ្ញុតា​ធម៌​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​ដែល​ប្រទាន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ។—ហេព្រើរ ៩:១២, ១៤

២៣ សម័យ​នេះ​មាន​ការ​បង្ខិត​បង្ខំ​ច្រើន​ឲ្យ​មនុស្ស​រក​តែ​ប្រយោជន៍​ខ្លួន​ឯង ដូច្នេះ​ពេល​ឃើញ​មនុស្ស​ជាង​៦​លាន​នាក់​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដោយ​ឥត​ឈប់ឈរ នេះ​ប្រៀប​ដូច​ជា​អព្ភូតហេតុ​មែន។ នេះ​ក៏​ជា​ភ័ស្តុតាង​បង្ហាញ​ថា រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​កតញ្ញុតា​ធម៌​ចំពោះ​ទ្រង់​ដោយ​ព្រោះ​ពួក​គេ​មាន​កិត្ដិយស​ជា​អ្នក​បម្រើ​ទ្រង់ ហើយ​ដឹង​ថា​ការ​ដែល​ពួក​គេ​«ធ្វើ​ក្នុង​ព្រះ​អម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ»។ ដូច្នេះ ចូរ​ឲ្យ​កតញ្ញុតា​ធម៌​របស់​យើង​កើន​ឡើង​ជានិច្ច​ចុះ!—កូរិនថូសទី១ ១៥:៥៨; ទំនុកដំកើង ១១០:៣

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​អ្នក​តែង​បទ​ទំនុកដំកើង​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការ​បង្ហាញ​កតញ្ញុតា​ធម៌​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​អ្វី​ដែល​ទ្រង់​ប្រទាន​ដើម្បី​ពង្រឹង​ជំនឿ​យើង?

• នៅ​សម័យ​យើង​នេះ តើ​ពាក្យ​នៅ​ហាកាយ ២:៧ កំពុង​តែ​សម្រេច​យ៉ាង​ណា?

• តើ​ព្រះ​យេហូវ៉ា​ប្រទាន​ចំណេះ​ដោយ​របៀប​ណា​ឲ្យ​រាស្ត្រ​ទ្រង់​ធ្វើ​ការ​ល្អ​ក្នុង​កិច្ច​បម្រើ​ទ្រង់?

• ដោយសារ​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​យ៉ាង​ល្អ​ចំពោះ​រាស្ត្រ​ទ្រង់ តើ​អ្នក​អាច​បង្ហាញ​កតញ្ញុតា​ធម៌​ចំពោះ​ទ្រង់​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​៣២]

ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​យើង​មាន​គ្រប់​ទាំង​ចំណេះ ដើម្បី​ធ្វើ​តាម​បំណង​ចិត្ត​ទ្រង់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក