«ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់មាតាបិតាខ្លួន»
«ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ»។—អេភេសូរ ៦:១
១. តើការធ្វើតាមអ្វីដែលយើងឃើញនិងឮអាចការពារយើងបានយ៉ាងណា?
ពេលមានខ្យល់បក់បោកយ៉ាងខ្លាំង ហើយយើងឃើញពពកខ្មៅនិងផ្លេកបន្ទោរព្រមទាំងឮផ្គរលាន់ នោះយើងច្បាស់ជារត់ទៅពួនកុំឲ្យមានគ្រោះថ្នាក់ ពីព្រោះយើងធ្លាប់ឮថាមានមនុស្សស្លាប់ដោយសាររន្ទះបាញ់ ឬមានទឹកកកធំៗធ្លាក់ពីលើមេឃ។ ត្រូវហើយ យើងប្រហែលជារស់ដល់សព្វថ្ងៃពីព្រោះយើងបានយកចិត្តទុកដាក់ចំពោះអ្វីដែលយើងឃើញនិងឮ។ ចំពោះអ្នកឯទៀត ពួកគេប្រហែលជាបានបាត់បង់ជីវិតដោយព្រោះមិនបានស្ដាប់តាមការព្រមាន។
២. ហេតុអ្វីបានជាក្មេងៗត្រូវការការព្រមាន? ហេតុអ្វីបានជាកូនគួរស្ដាប់បង្គាប់មាតាបិតាខ្លួន?
២ ប្អូនៗទាំងឡាយក៏ត្រូវការការព្រមានអំពីអ្វីដែលអាចនាំឲ្យមានគ្រោះថ្នាក់ ហើយមាតាបិតារបស់ប្អូនមានភារកិច្ចផ្ដល់ការព្រមាននោះ។ ប្អូនៗប្រហែលជាចាំពេលឪពុកម្ដាយបានព្រមានថា៖ «កុំឲ្យប៉ះចង្ក្រាន ប្រយ័ត្នរលាក» «កុំលេងទឹក ប្រយ័ត្នលង់ទឹក» «មុនឆ្លងថ្នល់ត្រូវមើលឆ្វេងមើលស្ដាំ»។ តែគួរឲ្យស្ដាយណាស់ ដែលក្មេងៗជាច្រើនបានរងរបួសធ្ងន់ឬរហូតដល់ស្លាប់ផង ដោយព្រោះមិនបានស្ដាប់តាមការព្រមានដូចនេះ។ ព្រះគម្ពីរចែងថា ក្មេងៗគួរស្ដាប់បង្គាប់មាតាបិតាខ្លួនពីព្រោះនេះជាអ្វីដែល«ត្រឹមត្រូវ»។ ណាមួយទៀត ការស្ដាប់បង្គាប់មាតាបិតាខ្លួនក៏នាំឲ្យមានប្រាជ្ញាផងដែរ។ (អេភេសូ ៦:១, ខ.ស.; សុភាសិត ៨:៣៣) បទគម្ពីរមួយទៀតបញ្ជាក់ថា ព្រះយេស៊ូគ្រិស្តដែលជាលោកម្ចាស់របស់យើងក៏«សព្វព្រះហឫទ័យ»ឬពេញចិត្តពេលកូនស្ដាប់បង្គាប់មាតាបិតា។ គឺច្បាស់ណាស់ថា ព្រះយេហូវ៉ាបង្គាប់ឲ្យប្អូនៗស្ដាប់បង្គាប់មាតាបិតាខ្លួន។—កូល៉ុស ៣:២០; កូរិនថូសទី១ ៨:៦
ការស្ដាប់បង្គាប់នាំឲ្យមានប្រយោជន៍ជាយូរអង្វែង
៣. តើយើងភាគច្រើនសង្ឃឹមនឹងទទួល«ជីវិត»បែបណា? តើប្អូនៗត្រូវធ្វើអ្វីដើម្បីរស់ជារៀងរហូត?
៣ ការស្ដាប់បង្គាប់មាតាបិតាខ្លួននឹងជួយការពារ«ជីវិត[ប្អូនៗ]នៅជាន់ឥឡូវនេះ» ហើយក៏អាចបើកឱកាសឲ្យប្អូនៗទទួលជីវិត«ទៅខាងនាយផង»ដែរ ដែលព្រះគម្ពីរហៅថា «ជីវិតអស់កល្បជានិច្ច»។ (ធីម៉ូថេទី១ ៤:៨; ៦:១៩) យើងភាគច្រើនមានក្ដីសង្ឃឹមទទួល«ជីវិតអស់កល្បជានិច្ច»ឬមានជីវិតជារៀងរហូតនោះនៅលើផែនដីក្នុងពិភពលោកថ្មីរបស់ព្រះ។ ទ្រង់សន្យាថា មានតែពួកអ្នកដែលធ្វើតាមច្បាប់ទ្រង់ដោយស្មោះត្រង់ដែលអាចទទួលរង្វាន់នេះបាន។ ច្បាប់សំខាន់មួយរបស់ព្រះថា៖ «‹ចូរគោរពប្រតិបត្ដិដល់មាតាបិតាខ្លួន› នេះជាបញ្ញត្តមុនដំបូងដែលជាប់មានទាំងសេចក្ដីសន្យាផង ‹ដើម្បីឲ្យ[ប្អូន]រាល់គ្នាបានសេចក្ដីសុខហើយរស់នៅផែនដីជាយូរអង្វែងទៅ›»។ ដូច្នេះ បើប្អូនៗស្ដាប់បង្គាប់មាតាបិតា នេះនឹងនាំឲ្យមានសុភមង្គល ហើយប្អូនៗក៏នឹងមានអនាគតល្អដោយមានក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីជាសួនមនោរម្យ!—អេភេសូរ ៦:២, ៣
៤. តើក្មេងៗគួរគោរពព្រះយេហូវ៉ាដោយធ្វើអ្វី? តើនេះនាំឲ្យក្មេងៗទទួលប្រយោជន៍អ្វីខ្លះ?
៤ ពេលប្អូនៗគោរពមាតាបិតាដោយធ្វើតាមបង្គាប់របស់គាត់ ប្អូនក៏គោរពព្រះយេហូវ៉ាដែរ ពីព្រោះទ្រង់បានបង្គាប់ឲ្យកូនស្ដាប់បង្គាប់មាតាបិតា។ ពេលប្អូនធ្វើដូច្នេះ នោះក៏ទទួលប្រយោជន៍ដែរ ដ្បិតព្រះគម្ពីរចែងថា៖ «អញនេះ គឺយេហូវ៉ាជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍»។ (អេសាយ ៤៨:១៧; យ៉ូហានទី១ ៥:៣) តើប្អូនៗទទួលប្រយោជន៍អ្វីខ្លះពីការស្ដាប់បង្គាប់ឪពុកម្ដាយ? មុនដំបូង ប្អូនធ្វើឲ្យគាត់សប្បាយ ហើយដោយសារគាត់ពេញចិត្តចំពោះប្អូន នោះគាត់ច្បាស់ជានឹងធ្វើអ្វីដែលនាំឲ្យប្អូនបានសប្បាយដែរ។ (សុភាសិត ២៣:២២-២៥) ប៉ុន្តែសំខាន់បំផុត ការស្ដាប់បង្គាប់ឪពុកម្ដាយធ្វើឲ្យបិតារបស់យើងនៅស្ថានសួគ៌មានចិត្តសប្បាយ ហើយទ្រង់នឹងប្រទានរង្វាន់យ៉ាងអស្ចារ្យដល់ប្អូន! ព្រះយេស៊ូបានមានប្រសាសន៍អំពីខ្លួនទ្រង់ថា៖ «ខ្ញុំចេះតែធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប»។ (យ៉ូហាន ៨:២៩) ឥឡូវយើងសូមមើលរបៀបដែលព្រះយេហូវ៉ាបានការពារនិងប្រទានពរលើព្រះយេស៊ូ។
ព្រះយេស៊ូជាអ្នកឧស្សាហ៍ធ្វើការ
៥. ហេតុអ្វីក៏យើងដឹងថា ព្រះយេស៊ូឧស្សាហ៍ធ្វើការ?
៥ ព្រះយេស៊ូជាកូនច្បងរបស់នាងម៉ារា។ ឪពុកចិញ្ចឹមរបស់ព្រះយេស៊ូឈ្មោះយ៉ូសែប ជាជាងឈើ។ ព្រះយេស៊ូបានរៀនធ្វើជាជាងឈើដែរ ហើយតាមមើលទៅយ៉ូសែបជាអ្នកបង្រៀន។ (ម៉ាថាយ ១៣:៥៥; ម៉ាកុស ៦:៣; លូកា ១:២៦-៣១) តើអ្នកគិតថាព្រះយេស៊ូពូកែខាងជាងឈើទេ? សូមគិតអំពីគ្រាមុនព្រះយេស៊ូបានចាប់កំណើតដោយអព្ភូតហេតុក្នុងផ្ទៃម៉ារា គឺពេលទ្រង់នៅស្ថានសួគ៌។ ព្រះគម្ពីរហៅទ្រង់ថាប្រាជ្ញា ពីព្រោះទ្រង់មានប្រាជ្ញាដ៏ច្រើនមហិមា។ ព្រះយេស៊ូពន្យល់ថា ទ្រង់«បាននៅជិត[ព្រះយេហូវ៉ា]ដូចជាមេជាង ហើយ . . . ជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ ព្រមទាំងមានសេចក្ដីរីករាយនៅចំពោះទ្រង់ជានិច្ច»។ ព្រះយេហូវ៉ាពេញចិត្តណាស់ចំពោះព្រះយេស៊ូជាជាងដែលឧស្សាហ៍ធ្វើការនៅស្ថានសួគ៌។ ដូច្នេះ ពេលព្រះយេស៊ូជាយុវជននៅលើផែនដីវិញ ទ្រង់ច្បាស់ជាឧស្សាហ៍ធ្វើការណាស់ហើយជាជាងឈើល្អទៀត មែនទេ?—សុភាសិត ៨:៣០; កូល៉ុស ១:១៥, ១៦
៦. (ក) ហេតុអ្វីក៏យើងអាចយល់ថាព្រះយេស៊ូបានធ្វើកិច្ចការផ្ទះពេលនៅក្មេង? (ខ) តើក្មេងៗអាចធ្វើតាមគំរូរបស់ព្រះយេស៊ូបានយ៉ាងណា?
៦ ព្រះគម្ពីររៀបរាប់ថាក្មេងៗនៅសម័យបុរាណបានប្រឡែងលេងជាមួយគ្នា ដូច្នេះពេលព្រះយេស៊ូនៅតូច ទ្រង់ប្រាកដជាបានលេងជាមួយក្មេងឯទៀតដែរ។ (សាការី ៨:៥; ម៉ាថាយ ១១:១៦, ១៧) ប៉ុន្តែ ដោយសារព្រះយេស៊ូជាកូនច្បងក្នុងក្រុមគ្រួសារក្រីក្រនោះ ក្រៅពីការរៀនធ្វើជាជាងឈើជាមួយយ៉ូសែប ទ្រង់ច្បាស់ជាបានជួយធ្វើកិច្ចការផ្ទះខ្លះដែរ។ ក្រោយៗមក ព្រះយេស៊ូក្លាយជាអ្នកផ្សព្វផ្សាយដែលប្រមូលអារម្មណ៍លើកិច្ចការនោះដល់ម្ល៉េះបានជាទ្រង់គ្មានបំណងចង់បានជីវិតស្រណុកស្រួល។ (លូកា ៩:៥៨; យ៉ូហាន ៥:១៧) តើប្អូនៗអាចកត់សម្គាល់របៀបផ្សេងៗដែលប្អូនអាចធ្វើតាមគំរូព្រះយេស៊ូទេ? តើឪពុកម្ដាយមានសូមប្អូនឲ្យជួយបោសសម្អាតបន្ទប់ឬធ្វើកិច្ចការផ្ទះទេ? តើឪពុកម្ដាយលើកទឹកចិត្តឲ្យប្អូនថ្វាយបង្គំព្រះយេហូវ៉ាដោយចូលរួមកម្មវិធីប្រជុំនិងប្រាប់អ្នកដទៃអំពីជំនឿរបស់ប្អូនឬទេ? សូមគិតទៅមើល ពេលមាតាបិតារបស់ព្រះយេស៊ូបានសូមទ្រង់ឲ្យធ្វើកិច្ចការទាំងនោះ តើទ្រង់មានអារម្មណ៍យ៉ាងណា?
ព្រះយេស៊ូយកចិត្តទុកដាក់សិក្សាគម្ពីរនិងជាគ្រូបង្រៀនល្អ
៧. (ក) តើព្រះយេស៊ូប្រហែលជាបានធ្វើដំណើរជាមួយអ្នកណាពេលទៅបុណ្យរំលង? (ខ) ពេលមាតាបិតានិងញាតិសន្ដានឯទៀតចាប់ផ្ដើមធ្វើដំណើរទៅផ្ទះវិញ តើព្រះយេស៊ូនៅឯណា? តើទ្រង់ធ្វើអ្វីនៅទីនោះ?
៧ ប្រជាជនយូដាមានពិធីបុណ្យបីដែលគេធ្វើប្រចាំឆ្នាំ ហើយព្រះយេហូវ៉ាបង្គាប់បុរសទាំងឡាយក្នុងរង្វង់គ្រួសារអ៊ីស្រាអែលឲ្យទៅថ្វាយបង្គំទ្រង់នៅឯព្រះវិហារទាំងបីដង។ (ចោទិយកថា ១៦:១៦) ពេលព្រះយេស៊ូមានអាយុតែ១២ឆ្នាំ ប្រហែលជាក្រុមគ្រួសារទាំងមូលរបស់ទ្រង់បានឡើងទៅទីក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលង។ ក្រុមគ្រួសារនោះប្រហែលជារួមបញ្ចូលកូនប្រុសស្រីឯទៀតរបស់យ៉ូសែបនិងម៉ារា។ ពួកអ្នកដែលធ្វើដំណើរជាមួយក្រុមគ្រួសាររបស់ព្រះយេស៊ូប្រហែលជារួមបញ្ចូលនាងសាឡូមេដែលមើលទៅជាបងឬប្អូនបង្កើតរបស់ម៉ារា ហើយសេបេដេជាស្វាមីសាឡូមេ ព្រមទាំងយ៉ាកុបនិងយ៉ូហានជាកូនគាត់ដែលក្រោយៗមកបានក្លាយជាសាវ័ករបស់ព្រះយេស៊ូ។a (ម៉ាថាយ ៤:២០, ២១; ១៣:៥៤-៥៦; ២៧:៥៦; ម៉ាកុស ១៥:៤១; យ៉ូហាន ១៩:២៥) ពេលយ៉ូសែបនិងម៉ារាកំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ពួកគាត់ច្បាស់ជាស្មានថាព្រះយេស៊ូកំពុងតែនៅជាមួយញាតិសន្ដានទាំងនោះ។ ដូច្នេះ មួយរយៈនោះពួកគាត់មិនបានចាប់អារម្មណ៍ថាព្រះយេស៊ូអវត្តមានទេ។ បីថ្ងៃក្រោយមក ពេលយ៉ូសែបនិងម៉ារារកឃើញព្រះយេស៊ូ ទ្រង់អង្គុយជាមួយ«ពួកអាចារ្យក្នុងព្រះវិហារ កំពុងតែស្ដាប់ហើយនឹងសួរ»ពួកគាត់។—លូកា ២:៤៤-៤៦
៨. តើព្រះយេស៊ូបានធ្វើអ្វីក្នុងព្រះវិហារ? ហេតុអ្វីក៏មនុស្សនៅទីនោះមានអារម្មណ៍អស្ចារ្យក្នុងចិត្តចំពោះព្រះយេស៊ូ?
៨ តើព្រះយេស៊ូបាន«សួរ»ពួកអាចារ្យសំណួរបែបណា? គឺមើលទៅដូចជាទ្រង់មិនបានសួរលេងៗដោយគ្រាន់តែចង់ដឹងចង់ឮប៉ុណ្ណោះទេ ដ្បិតពាក្យភាសាក្រិចដែលគេប្រើនោះអាចសំដៅទៅលើសំណួរដែលគេសួរពេលវិនិច្ឆ័យទោស ដែលអាចរួមបញ្ចូលការសួរចម្លើយ។ ត្រូវមែន សូម្បីតែពេលព្រះយេស៊ូនៅក្មេង ទ្រង់បានសិក្សាព្រះគម្ពីរដោយយកចិត្តទុកដាក់ដល់ម្ល៉េះបានជាគ្រូបង្រៀនផ្នែកសាសនាយូដាបានភ្ញាក់ផ្អើលណាស់! ព្រះគម្ពីរចែងថា៖ «អស់អ្នកដែលឮទ្រង់ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញាហើយនឹងពាក្យចំឡើយរបស់ទ្រង់»។—លូកា ២:៤៧
៩. តើប្អូនៗអាចធ្វើតាមគំរូរបស់ព្រះយេស៊ូបានយ៉ាងណាស្តីអំពីការសិក្សាព្រះគម្ពីរ?
៩ សូមគិតពិចារណាពីពេលព្រះយេស៊ូនៅក្មេងនោះ ហេតុអ្វីបានជាទ្រង់មានចំណេះពីព្រះគម្ពីរល្មមនឹងធ្វើឲ្យគ្រូភ្ញាក់ផ្អើល? មូលហេតុមួយគឺដោយសារព្រះយេស៊ូមានមាតាបិតាល្អដែលកោតខ្លាចព្រះយេហូវ៉ា ហើយពួកគាត់បានអប់រំកូនតាំងពីតូច ស្របទៅតាមការណែនាំរបស់ព្រះ។ (និក្ខមនំ ១២:២៤-២៧; ចោទិយកថា ៦:៦-៩; ម៉ាថាយ ១:១៨-២០) យើងក៏អាចសន្មតថា តាំងពីព្រះយេស៊ូនៅក្មេង យ៉ូសែបប្រាកដជាបានយកទ្រង់ទៅឯសាលាប្រជុំក្នុងភូមិរបស់ពួកគេ ដើម្បីស្ដាប់អ្នកទាំងនោះអានព្រះគម្ពីរនិងពិភាក្សាពីអត្ថន័យបទគម្ពីរ។ តើឪពុកម្ដាយរបស់ប្អូនសិក្សាព្រះគម្ពីរជាមួយប្អូន ព្រមទាំងយកប្អូនទៅចូលរួមកិច្ចប្រជុំជាមួយគ្រិស្តសាសនិកឯទៀតឬទេ? តើប្អូនឲ្យតម្លៃចំពោះឪពុកម្ដាយទេ ដែលខំជួយអប់រំប្អូនយ៉ាងនេះ ដូចព្រះយេស៊ូបានដឹងគុណមាតាបិតារបស់ទ្រង់នោះ? តើប្អូនប្រាប់អ្នកដទៃអំពីអ្វីដែលប្អូនកំពុងតែរៀន ដូចព្រះយេស៊ូបានធ្វើដែរទេ?
ព្រះយេស៊ូបានចុះចូលដែរ
១០. (ក) ហេតុអ្វីក៏មាតាបិតារបស់ព្រះយេស៊ូគួរដឹងថាទ្រង់នៅក្នុងព្រះវិហារ? (ខ) តើព្រះយេស៊ូតាំងគំរូល្អអ្វីសម្រាប់ក្មេងៗទាំងឡាយ?
១០ សូមគិតអំពីអារម្មណ៍របស់យ៉ូសែបនិងម៉ារាពេលពួកគាត់បានរកឃើញព្រះយេស៊ូក្នុងព្រះវិហារក្រោយបានបាត់ខ្លួនអស់បីថ្ងៃ។ ពួកគាត់ច្បាស់ជាបានធូរទ្រូងមែន! ប៉ុន្តែ ព្រះយេស៊ូបង្ហាញថាទ្រង់ឆ្ងល់ពីមូលហេតុដែលពួកគាត់មិនដឹងរកទ្រង់នៅឯណា ដ្បិតពួកគាត់ទាំងពីរនាក់ដឹងថាទ្រង់កើតមកដោយសារអព្ភូតហេតុ។ ម្យ៉ាងទៀត ទោះជាយ៉ូសែបនិងម៉ារាប្រហែលជាមិនដឹងព័ត៌មានល្អិតល្អន់ក្ដី ពួកគាត់ពិតជាមានការយល់ដឹងខ្លះៗថា នៅពេលអនាគតទ្រង់នឹងមានមុខនាទីជាអ្នកសង្គ្រោះនិងអ្នកគ្រប់គ្រងក្នុងព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ១:២១; លូកា ១:៣២-៣៥; ២:១១) ហេតុនេះហើយបានជាព្រះយេស៊ូសួរពួកគាត់ថា៖ «អ្នកម្ដាយរកខ្ញុំធ្វើអី? តើមិនជ្រាបថាគួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី?»។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូបានស្ដាប់បង្គាប់មាតាបិតាទ្រង់ ហើយបានត្រឡប់ទៅភូមិណាសារ៉ែតជាមួយពួកគាត់។ ព្រះគម្ពីរពន្យល់ថា ព្រះយេស៊ូ«បាននៅក្នុង[ឬបាន«ធ្វើតាម»]ឱវាទរបស់គាត់»តទៅទៀត។ ណាមួយទៀត «មាតាទ្រង់បានកំណត់រឿងទាំងនោះទុកនៅតែក្នុងចិត្ត»។—លូកា ២:៤៨-៥១; ខ.ស.
១១. តើប្អូនៗអាចទាញមេរៀនអ្វីពីព្រះយេស៊ូស្តីអំពីការស្ដាប់បង្គាប់ឪពុកម្ដាយ?
១១ តើប្អូនៗគិតថា ការស្ដាប់បង្គាប់ឪពុកម្ដាយតាមគំរូរបស់ព្រះយេស៊ូតែងតែងាយស្រួលទេ? តើប្អូនធ្លាប់គិតថាប្អូនចេះច្រើនជាងឪពុកម្ដាយពីព្រោះគាត់មិនយល់អំពីអ្វីៗក្នុងសម័យទំនើបនេះឬ? តាមពិត ប្រហែលជាប្អូនចេះច្រើនជាងឪពុកម្ដាយមែន ស្តីអំពីការប្រើរបស់ទំនើបៗដូចជាទូរស័ព្ទដៃនិងកុំព្យូទ័រជាដើម។ ប៉ុន្តែ សូមគិតអំពីព្រះយេស៊ូដែលធ្វើឲ្យគ្រូទាំងនោះភ្ញាក់ផ្អើលចំពោះ«ប្រាជ្ញាហើយនឹងពាក្យចំឡើយរបស់ទ្រង់»។ ប្អូនៗប្រហែលជាឯកភាពថា បើប្រៀបធៀបចំណេះរបស់ប្អូនជាមួយចំណេះរបស់ព្រះយេស៊ូ ប្អូនច្បាស់ជាចេះតិចជាងទ្រង់ មែនទេ? យ៉ាងណាក៏ដោយ ព្រះយេស៊ូបានចុះចូលចំពោះមាតាបិតាទ្រង់។ នេះមិនមានន័យថា ព្រះយេស៊ូតែងតែពេញចិត្តចំពោះការសម្រេចចិត្តទាំងអស់របស់មាតាបិតាទ្រង់ឡើយ។ យ៉ាងណាក្ដី ព្រះយេស៊ូ‹បានធ្វើតាមឱវាទរបស់ពួកគាត់›សូម្បីតែពេលទ្រង់នៅវ័យជំទង់។ តើប្អូនៗគិតថាប្អូនអាចទាញយកមេរៀនអ្វីពីគំរូនេះរបស់ព្រះយេស៊ូ?—ចោទិយកថា ៥:១៦, ២៩
ការស្ដាប់បង្គាប់ជាអ្វីដ៏ពិបាក
១២. តើការស្ដាប់បង្គាប់អាចជួយសង្គ្រោះជីវិតប្អូនៗបានយ៉ាងណា?
១២ ការស្ដាប់បង្គាប់ឪពុកម្ដាយមិនតែងតែស្រួលទេ ដូចបានបញ្ជាក់ក្នុងរឿងតទៅនេះ។ ប៉ុន្មានឆ្នាំមុននេះ នារីពីរនាក់បានត្រៀមឆ្លងមហាវិថីដែលរថយន្តបើកបរយ៉ាងលឿន តែតាមពិតពួកគេគួរឆ្លងមហាវិថីនោះតាមស្ពានវិញ។ រីឯយុវជនម្នាក់ដែលកំពុងតែដើរជាមួយនារីទាំងពីរនោះ គាត់ដើរឆ្ពោះទៅស្ពានវិញ ស្រាប់តែនារីទាំងពីរបបួលថា៖ «ចនអើយ! មកឆ្លងថ្នល់ជាមួយយើង!»។ ពេលចនស្ទាក់ស្ទើរនោះ នារីម្នាក់ចំអកដាក់គាត់ថា៖ «ឯងអីក៏កំសាកម្ល៉េះ!»។ តាមពិត ចនមិនកំសាកទេ តែគាត់បានឆ្លើយថា៖ «ខ្ញុំត្រូវស្ដាប់ម្ដាយ»។ ប៉ុន្មាននាទីក្រោយមក ពេលចនកំពុងតែដើរលើស្ពានខាងលើផ្លូវនោះ គាត់ឮសូររថយន្តចាប់ហ្វ្រាំងយ៉ាងខ្លាំង ហើយពេលគាត់អើតមើលទៅក្រោម គាត់ឃើញរថយន្តបុកនារីទាំងពីរនាក់។ នារីម្នាក់បានស្លាប់ ហើយម្នាក់ទៀតបានរងរបួសធ្ងន់ដល់ម្ល៉េះបានជាគ្រូពេទ្យត្រូវកាត់ជើងម្ខាងចោល។ មាតារបស់នារីទាំងពីរនាក់បានប្រាប់កូនស្រីហើយ ថាពួកគេគួរឆ្លងថ្នល់តាមស្ពាន ដូច្នេះក្រោយៗមក គាត់ក៏និយាយទៅកាន់ម្ដាយចនថា៖ «ខ្ញុំស្ដាយណាស់ ដែលកូនខ្ញុំមិនស្ដាប់បង្គាប់ម្ដាយដូចកូនអ្នក»។—អេភេសូរ ៦:១
១៣. (ក) ហេតុអ្វីក៏ប្អូនៗត្រូវស្ដាប់បង្គាប់មាតាបិតា? (ខ) តើកូនមិនគួរធ្វើតាមបង្គាប់របស់មាតាបិតាក្នុងករណីណា?
១៣ ហេតុអ្វីក៏ព្រះយេហូវ៉ាបង្គាប់កូនក្មេងថា៖ «ចូរស្ដាប់បង្គាប់មាតាបិតាខ្លួន»? ទ្រង់បង្គាប់ឲ្យកូនស្ដាប់បង្គាប់ឪពុកម្ដាយពីព្រោះពេលប្អូនៗធ្វើដូច្នេះ នេះមានន័យថាប្អូនកំពុងតែស្ដាប់បង្គាប់ព្រះយេហូវ៉ាដែរ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាបង្គាប់ឲ្យកូនស្ដាប់បង្គាប់មាតាបិតាពីព្រោះពួកគាត់មានបទពិសោធន៍ក្នុងជីវិតច្រើនជាងប្អូនទៅទៀត។ ជាឧទាហរណ៍ គ្រាន់តែប្រាំឆ្នាំមុនគ្រោះថ្នាក់នោះបានកើតឡើង (ដែលបានរៀបរាប់ខាងលើ) ម្ដាយចនមានពួកម៉ាកម្នាក់ដែលកូនរបស់គាត់ធ្លាប់បានស្លាប់ពេលឆ្លងមហាវិថីដដែលនោះ! ត្រូវមែន ការស្ដាប់បង្គាប់មាតាបិតាមិនតែងតែស្រួលទេ ប៉ុន្តែព្រះយេហូវ៉ាបង្គាប់ឲ្យប្អូនៗធ្វើដូច្នេះ។ ផ្ទុយទៅវិញ បើមាតាបិតារបស់ប្អូនឬអ្នកដទៃបង្គាប់ឲ្យប្អូនភូតកុហក លួចអីវ៉ាន់ឬធ្វើអ្វីទៀតដែលមិនគាប់ចិត្តព្រះ នោះប្អូនត្រូវ‹ស្ដាប់បង្គាប់ព្រះជាជាងមនុស្ស›។ ហេតុនេះហើយបានជាព្រះគម្ពីរចែងថា៖ «ចូរស្ដាប់បង្គាប់មាតាបិតាខ្លួន» និងក្រោយមកបញ្ជាក់ថា តែ«ក្នុងព្រះអម្ចាស់»ប៉ុណ្ណោះ។ នេះបានន័យថា កូនត្រូវស្ដាប់បង្គាប់មាតាបិតាជានិច្ច លើកលែងតែតម្រូវការរបស់ពួកគាត់ប្រាសចាកពីច្បាប់របស់ព្រះយេហូវ៉ា។—កិច្ចការ ៥:២៩
១៤. ហេតុអ្វីក៏ការស្ដាប់បង្គាប់ជាអ្វីដែលស្រួលធ្វើសម្រាប់មនុស្សគ្រប់លក្ខណ៍? ហេតុអ្វីក៏មនុស្សគ្រប់លក្ខណ៍គួររៀនឲ្យចេះស្ដាប់បង្គាប់ដែរ?
១៤ បើប្អូនមានភាពគ្រប់លក្ខណ៍ដូចព្រះយេស៊ូដែល‹ឥតសៅហ្មងហើយបានញែកចេញពីមនុស្សបាប›នោះ តើប្អូនគិតថាការស្ដាប់បង្គាប់មាតាបិតាតែងតែងាយស្រួលឬ? (ហេព្រើរ ៧:២៦) តាមពិត បើប្អូនៗមានភាពគ្រប់លក្ខណ៍ ប្អូនពិតជាអត់មានទំនោរចិត្តចង់ធ្វើខុសដូចប្អូនមាននៅឥឡូវនេះទេ។ (លោកុប្បត្តិ ៨:២១; ទំនុកដំកើង ៥១:៥) យ៉ាងណាក៏ដោយ ព្រះយេស៊ូក៏បានរៀនឲ្យចេះស្ដាប់បង្គាប់ដែរ។ ព្រះគម្ពីរចែងថា៖ «ទោះបើ[ព្រះយេស៊ូ]ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្ដាប់បង្គាប់ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ»។ (ហេព្រើរ ៥:៨) តើការរងទុក្ខលំបាកបានជួយព្រះយេស៊ូឲ្យរៀនចេះស្ដាប់បង្គាប់បានយ៉ាងណា? តាមពិត នេះជាមេរៀនមួយដែលព្រះយេស៊ូមិនបានរៀនពេលទ្រង់នៅឯស្ថានសួគ៌។
១៥, ១៦. តើព្រះយេស៊ូបានរៀនស្ដាប់បង្គាប់យ៉ាងដូចម្ដេច?
១៥ ពេលព្រះយេស៊ូនៅតូច ព្រះយេហូវ៉ាបានផ្ដល់ការណែនាំដល់យ៉ូសែបនិងម៉ារាដើម្បីការពារកូនពីគ្រោះថ្នាក់។ (ម៉ាថាយ ២:៧-២៣) ប៉ុន្តែនៅទីបំផុត ព្រះយេហូវ៉ាលែងការពារព្រះយេស៊ូទៀត។ ព្រះគម្ពីរបញ្ជាក់ថានៅទីបំផុតព្រះយេស៊ូបានព្រួយចិត្តនិងរងទុក្ខយ៉ាងខ្លាំងដល់ម្ល៉េះបានជាទ្រង់«ពោលពាក្យអធិស្ឋាននឹងពាក្យទូលអង្វរដោយសំឡេងជាខ្លាំងទាំងទឹកភ្នែក»។ (ហេព្រើរ ៥:៧) តើនេះបានកើតឡើងនៅពេលណា?
១៦ ជាពិសេស នេះបានកើតឡើងក្នុងអំឡុងពេលប៉ុន្មានម៉ោងមុនព្រះយេស៊ូបានទទួលមរណភាព ជាពេលដែលសាតាំងព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យព្រះយេស៊ូលះបង់ចិត្តស្មោះគ្រប់លក្ខណ៍ចំពោះព្រះ។ តាមមើលទៅ មិនយូរប៉ុន្មានមុនព្រះយេស៊ូទទួលមរណភាពនោះ ទ្រង់បានខ្វល់ខ្វាយយ៉ាងខ្លាំងអំពីការបង្ខូចកេរ្ដិ៍ឈ្មោះបិតាទ្រង់ ដោយសារវិធីដែលគេធ្វើគុតព្រះយេស៊ូដូចជាឧក្រិដ្ឋជនម្នាក់។ ព្រះយេស៊ូព្រួយចិត្តដល់ម្ល៉េះបានជាពេល«ទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង»ក្នុងសួនច្បារគែតសេម៉ានី នោះ«ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី»។ ប៉ុន្មានម៉ោងក្រោយមក ពេលព្រះយេស៊ូនៅលើបង្គោលទារុណកម្ម ទ្រង់កើតទុក្ខជាពន់ពេកដល់ម្ល៉េះបានជាទ្រង់ស្រែក«ដោយសំឡេងជាខ្លាំងទាំងទឹកភ្នែក»ផង។ (លូកា ២២:៤២-៤៤; ម៉ាកុស ១៥:៣៤) យ៉ាងនេះ ព្រះយេស៊ូ«បានរៀនស្ដាប់បង្គាប់ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាន» ហើយការស្ដាប់បង្គាប់នោះបានធ្វើឲ្យបិតាទ្រង់មានចិត្តរីករាយណាស់។ ឥឡូវ ពេលព្រះយេស៊ូនៅស្ថានសួគ៌ ទ្រង់ក៏ឃើញការព្យាយាមរបស់យើងក្នុងការស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយទ្រង់ក៏យល់អំពីការឈឺចាប់របស់យើងផងដែរ។—សុភាសិត ២៧:១១; ហេព្រើរ ២:១៨; ៤:១៥
ការរៀនឲ្យចេះស្ដាប់បង្គាប់
១៧. តើយើងគួរមានទស្សនៈយ៉ាងណាពេលទទួលការប្រៀនប្រដៅ?
១៧ ពេលមាតាបិតាប្រៀនប្រដៅកូន នេះបង្ហាញថាពួកគាត់ស្រឡាញ់កូនហើយគិតពីប្រយោជន៍កូន។ ក្នុងព្រះគម្ពីរមានសំណួរសួរថា៖ «តើមានកូនឯណាដែលឪពុកមិនវាយផ្ចាល[ឬ«វាយប្រដៅ»]នោះ?»។ ចុះយ៉ាងណាបើឪពុកម្ដាយខ្ជិលប្រៀនប្រដៅកូន? នេះច្បាស់ជាបង្ហាញថាគាត់មិនស្រឡាញ់កូន មែនទេ? ហេតុនេះហើយបានជាព្រះយេហូវ៉ាកែតម្រង់ប្អូនៗ គឺដោយព្រោះទ្រង់ស្រឡាញ់ប្អូនណាស់! តាមធម្មតា «ការវាយប្រដៅតែងតែធ្វើអោយមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើអោយសប្បាយទេ»។ ប៉ុន្តែ ក្រោយមក«ការវាយប្រដៅផ្ដល់អោយអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះ មានសេចក្ដីសុខសាន្តនិងសេចក្ដីសុចរិតទុកជាផល»។—ហេព្រើរ ១២:៧-១១; ខ.ស.
១៨. (ក) ពេលមាតាបិតាប្រៀនប្រដៅកូនដោយសេចក្ដីស្រឡាញ់ តើនេះបញ្ជាក់អំពីអ្វី? (ខ) តើអ្នកធ្លាប់ឃើញលទ្ធផលល្អអ្វីខ្លះពីការប្រៀនប្រដៅដោយសេចក្ដីស្រឡាញ់?
១៨ សាឡូម៉ូនជាស្តេចមួយអង្គរបស់សាសន៍អ៊ីស្រាអែលនៅសម័យបុរាណដែលព្រះយេស៊ូទទួលស្គាល់ថាជាអ្នកមានប្រាជ្ញា ហើយសាឡូម៉ូនបានពន្យល់អំពីសារៈសំខាន់នៃការប្រៀនប្រដៅកូនដោយសេចក្ដីស្រឡាញ់។ សាឡូម៉ូនបានសរសេរថា៖ «អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថាស្អប់កូន តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយផ្ចាល»ឬ«វាយប្រដៅ»កូន។ សាឡូម៉ូនក៏បានបញ្ជាក់ថា ពេលមនុស្សទទួលការប្រៀនប្រដៅពីអ្នកដែលស្រឡាញ់គាត់ នេះប្រហែលជានឹងជួយគាត់ឲ្យរួចពីសេចក្ដីស្លាប់។ (សុភាសិត ១៣:២៤; ខ.ស.; ២៣:១៣, ១៤; ម៉ាថាយ ១២:៤២) បងស្រីគ្រិស្តសាសនិកម្នាក់ក៏នឹកចាំពេលដែលគាត់នៅក្មេង ថាពេលគាត់រពឹសនៅឯកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក នោះឪពុកបានប្រាប់នាងថា គាត់នឹងប្រៀនប្រដៅកូនពេលទៅផ្ទះវិញ។ ឥឡូវបងស្រីនៅតែដឹងគុណឪពុកដែលបានបង្ហាញសេចក្ដីស្រឡាញ់ដោយប្រៀនប្រដៅកូនឲ្យក្លាយជាមនុស្សល្អ។
១៩. តើអ្វីជាមូលហេតុសំខាន់បំផុតដែលប្អូនៗគួរស្ដាប់បង្គាប់ឪពុកម្ដាយ?
១៩ ប្រសិនបើមាតាបិតាស្រឡាញ់ប្អូនដល់ម្ល៉េះបានជាគាត់ព្យាយាមរកឱកាសប្រៀនប្រដៅប្អូនដោយសេចក្ដីស្រឡាញ់នោះ ចូរដឹងគុណចំពោះមាតាបិតាចុះ! ចូរធ្វើតាមគំរូរបស់ព្រះយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដោយស្ដាប់បង្គាប់ឪពុកម្ដាយដូចទ្រង់បានស្ដាប់បង្គាប់យ៉ូសែបនិងម៉ារាជាមាតាបិតារបស់ទ្រង់។ សំខាន់បំផុត ចូរស្ដាប់បង្គាប់ឪពុកម្ដាយដោយព្រោះព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌ ទ្រង់បង្គាប់ឲ្យប្អូនៗធ្វើដូច្នេះ។ យ៉ាងនេះ ប្អូនៗនឹងទទួលប្រយោជន៍ដោយខ្លួនឯង ព្រមទាំងមាន«សេចក្ដីសុខហើយរស់នៅផែនដីជាយូរអង្វែងទៅ»។—អេភេសូរ ៦:២, ៣
[កំណត់សម្គាល់]
a មានព័ត៌មានបន្ថែមជាភាសាអង់គ្លេសក្នុងសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ (Insight on the Scriptures) ក្បាលទី២ ទំព័រ៨៤១ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើកូនអាចទទួលប្រយោជន៍អ្វីខ្លះពេលស្ដាប់បង្គាប់ឪពុកម្ដាយ?
• ពេលព្រះយេស៊ូនៅក្មេងនោះ តើទ្រង់តាំងគំរូល្អអ្វីស្តីអំពីការស្ដាប់បង្គាប់មាតាបិតា?
• តើព្រះយេស៊ូបានរៀនឲ្យចេះស្ដាប់បង្គាប់យ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២០]
ពេលព្រះយេស៊ូមានអាយុតែ១២ឆ្នាំ ទ្រង់ចេះច្រើនអំពីព្រះគម្ពីរ
[រូបភាពនៅទំព័រ២២]
តើការរងទុក្ខលំបាកបានជួយព្រះយេស៊ូយ៉ាងណាឲ្យរៀនចេះស្ដាប់បង្គាប់?