‹គួរឲ្យអស្ចារ្យ›ណាស់! របៀបដែលយើង‹បានបង្កើតមក›
«ទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ!»។—ទំនុកដំកើង ១៣៩:១៤
១. ហេតុអ្វីក៏មនុស្សជាច្រើនទទួលស្គាល់ថាមានព្រះដែលជាអ្នកបង្កើតរបស់ដ៏អស្ចារ្យនៅផែនដីនេះ?
ធម្មជាតិពេញទៅដោយអ្វីៗដ៏គួរឲ្យអស្ចារ្យណាស់! តើរបស់សព្វសារពើទាំងនោះកើតមកពីណា? មនុស្សខ្លះគិតថា មិនចាំបាច់ឲ្យជឿថាមានព្រះដែលប្រកបដោយប្រាជ្ញាមួយអង្គជាអ្នកបង្កើតទេ។ ផ្ទុយទៅវិញ អ្នកឯទៀតយល់ថា បើយើងបដិសេធភ្លាមៗថាគ្មាននរណាបានបង្កើតរបស់ទាំងអស់នោះ យើងមិនអាចយល់ច្បាស់លាស់អំពីអ្វីៗក្នុងធម្មជាតិឡើយ។ ដោយសារសត្វលោកទាំងឡាយសុទ្ធតែមានភាពស្មុគស្មាញនិងមានច្រើនប្រភេទហួសនឹងរាប់បាន ដូច្នេះពួកគេយល់ថា របស់ដ៏គួរឲ្យអស្ចារ្យទាំងនោះ មិនអាចកើតដោយឯកឯងបានឡើយ។ ពេលឃើញភ័ស្តុតាងច្រើនយ៉ាងនេះ មនុស្សរាប់លាននាក់ រួមទាំងអ្នកវិទ្យាសាស្ត្រប៉ុន្មាននាក់ថែមទៀត សន្និដ្ឋានថាសកលលោកនេះពិតជាមានអ្នកបង្កើតដែលប្រកបដោយប្រាជ្ញានិងអំណាចខ្លាំងក្លា ដែលយកចិត្តទុកដាក់ចំពោះយើង។a
២. តើអ្វីបានជំរុញដាវីឌឲ្យសរសើរព្រះយេហូវ៉ា?
២ ស្តេចដាវីឌនៅប្រទេសអ៊ីស្រាអែលនាសម័យបុរាណបានជឿជាក់ថា គប្បីឲ្យយើងសរសើរព្រះដែលបានបង្កើតរបស់ដ៏គួរឲ្យអស្ចារ្យទាំងអស់នេះ។ ទោះជាដាវីឌរស់មុនសម័យដែលមានភាពជឿនលឿនខាងវិទ្យាសាស្ត្រក្ដី គាត់នៅតែទទួលស្គាល់ស្នាដៃដ៏អស្ចារ្យរបស់ព្រះក្នុងធម្មជាតិនៅជុំវិញខ្លួន។ ពេលដាវីឌគិតពិចារណាអំពីរូបកាយរបស់ខ្លួន នេះធ្វើឲ្យគាត់កោតស្ងើចចំពោះព្រះដែលបានបង្កើតមនុស្សជាតិ។ គាត់បានសរសេរថា៖ «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ»។—ទំនុកដំកើង ១៣៩:១៤
៣, ៤. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងម្នាក់ៗគិតឲ្យបានវែងឆ្ងាយអំពីស្នាដៃរបស់ព្រះយេហូវ៉ា?
៣ ដាវីឌមានជំនឿជឿជាក់ថាមានព្រះមែន ដោយព្រោះគាត់បានរំពឹងគិតដោយយកចិត្តទុកដាក់។ នៅសព្វថ្ងៃនេះ ទ្រឹស្តីដែលគេបង្រៀននៅឯសាលា ព្រមទាំងទស្សនៈដែលគេផ្សាយតាមកម្មវិធីផ្សេងៗ សុទ្ធតែមានបំណងបង្ខូចជំនឿថា មានព្រះមួយអង្គជាអ្នកបង្កើតរបស់សព្វសារពើ។ បើយើងចង់មានជំនឿជឿជាក់ដូចដាវីឌ យើងក៏ត្រូវតែគិតឲ្យបានវែងឆ្ងាយដោយប្រុងប្រយ័ត្ន។ មិនគប្បីឲ្យយើងឆាប់ជឿតាមទស្សនៈដែលគេនិយម ជាពិសេសទស្សនៈដែលទាក់ទងនឹងរឿងសំខាន់ៗ ដូចជាសំណួរថា តើមានព្រះដែលជាអ្នកបង្កើតឬ? ហើយតើទ្រង់គួរមានអានុភាពទៅលើជីវិតរបស់យើងឬយ៉ាងណា?
៤ ម្យ៉ាងទៀត ពេលយើងរំពឹងគិតអំពីអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត នេះនឹងផ្ដល់ហេតុឲ្យយើងចង់ធ្វើជាកូនកតញ្ញូដែលស្រឡាញ់ទ្រង់ ថែមទាំងមានទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ទ្រង់ចំពោះពេលអនាគតផង។ ជាលទ្ធផល នេះជំរុញចិត្តយើងឲ្យចង់ស្គាល់ទ្រង់កាន់តែច្បាស់ថែមទៀត ព្រមទាំងចង់បម្រើទ្រង់។ ដូច្នេះ សូមឲ្យយើងពិនិត្យមើលចំណុចផ្សេងៗស្របទៅតាមចំណេះរបស់ពួកវិទ្យាសាស្ត្រនាបច្ចុប្បន្ននេះ ដែលបញ្ជាក់ពីសច្ចភាពនៃទស្សនៈរបស់ដាវីឌដែលថា យើងពិតជា‹បានបង្កើតមកយ៉ាងគួរឲ្យអស្ចារ្យ›មែន!
ការលូតលាស់ដ៏អស្ចារ្យក្នុងផ្ទៃម្ដាយ
៥, ៦. (ក) ដំបូងមក តើជីវិតយើងម្នាក់ៗក្នុងផ្ទៃម្ដាយចាប់ផ្ដើមពីអ្វី? (ខ) តើតម្រងនោមធ្វើអ្វីខ្លះ?
៥ «គឺទ្រង់ដែលបានបង្កើត[«តម្រងនោម»]នៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្ដាយ»។ (ទំនុកដំកើង ១៣៩:១៣; ព.ថ.) នៅក្នុងផ្ទៃម្ដាយ ជីវិតយើងម្នាក់ៗចាប់ផ្ដើមពីកោសិកាដែលតូចជាងល្អងធូលីដ៏ល្អិតបំផុតតែមួយគត់។ តាមពិត កោសិកាតូចល្អិតនោះដែលយើងមើលមិនឃើញដោយភ្នែកទទេ ប្រៀបដូចជារោងចក្រតូចមួយ! កោសិកានោះបំបែកខ្លួនបន្តបន្ទាប់គ្នាច្រើនដងយ៉ាងរហ័ស។ ពេលគម្រប់ពីរខែ កូនក្នុងផ្ទៃម្ដាយមានសរីរាង្គសំខាន់ៗរួចហើយ រួមទាំងតម្រងនោមផង។ ពេលម្ដាយសម្រាលកូនមក តម្រងនោមរបស់កូនចាប់ផ្ដើមត្រងឈាមភ្លាមៗ ដោយយកទឹកនិងកាកសំណល់ដែលអាចបំពុលខ្លួនចេញ ហើយទុកអ្វីៗដែលសំខាន់ក្នុងឈាមវិញ។ បើមានសុខភាពល្អ តម្រងនោមទាំងពីរអាចត្រងទឹកចេញពីឈាមចំនួនប្រាំលីត្រក្នុងរយៈពេល៤៥នាទី!
៦ តម្រងនោមក៏ជួយធ្វើឲ្យឈាមមានអាស៊ីតនិងធាតុឯទៀតល្មមគ្រប់គ្រាន់ ព្រមទាំងទប់ទល់កុំឲ្យមានបញ្ហាលើសឬខ្វះឈាម។ តម្រងនោមធ្វើអ្វីៗផ្សេងទៀតដែរ ដូចជាកែវីតាមីនដេឲ្យក្លាយជាធាតុមួយដែលជួយឲ្យឆ្អឹងលូតលាស់ ព្រមទាំងផលិតអ័រម៉ូនឈ្មោះអេរីត្រូបូអ៊ីយេទីនដែលជំរុញឲ្យខួរឆ្អឹងផលិតគោលិកាក្រហម។ ហេតុនេះហើយបានជាមនុស្សកោតស្ងើចចំពោះដំណើរការដ៏អស្ចារ្យនៃតម្រងនោម។b
៧, ៨. (ក) សូមរៀបរាប់អំពីការលូតលាស់នៃកូនក្នុងផ្ទៃម្ដាយ។ (ខ) តើកូនបាន‹សូនធ្វើនៅទីទាបនៃផែនដី›ក្នុងន័យអ្វី?
៧ «កាល[«ឆ្អឹង»]ទូលបង្គំកើតមាននៅទីកំបាំង ហើយបានសូនធ្វើបែបចំឡែកៗនៅទីទាបនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំមិនកំបាំងនឹងទ្រង់ទេ»។ (ទំនុកដំកើង ១៣៩:១៥; ព.ថ.) នៅក្នុងផ្ទៃម្ដាយ កោសិកាដំបូងបានបំបែកខ្លួនបន្តបន្ទាប់គ្នាច្រើនដង។ កោសិកាទាំងនោះបំបែកជាកោសិកាប្រភេទផ្សេងៗគ្នា ដូចជាកោសិកាសរសៃប្រសាទ កោសិកាសាច់ដុំនិងកោសិកាស្បែកជាដើម។ កោសិកាប្រភេទដូចគ្នាបានផ្សាភ្ជាប់គ្នាដើម្បីក្លាយជាសរីរាង្គនីមួយៗ។ ជាឧទាហរណ៍ ពេលដែលកូនក្នុងផ្ទៃម្ដាយមានអាយុតែបីអាទិត្យប៉ុណ្ណោះ កូនចាប់ផ្ដើមមានគម្រោងឆ្អឹង។ ពេលបាន៧អាទិត្យ កូនមានប្រវែងពីរសង់ទីម៉ែត្រកន្លះប៉ុណ្ណោះ តែមានឆ្អឹងគ្រប់ទាំង២០៦ដែលរួមគ្នាជាប្រព័ន្ធឆ្អឹងមនុស្សធំ។ ទោះជាគ្រប់ចំនួនក៏ដោយ ឆ្អឹងទាំងនោះមិនទាន់រឹងមាំនៅឡើយទេ។
៨ ការបណ្ដុះឲ្យមានគម្រោងឆ្អឹងបានកើតឡើងក្នុងផ្ទៃម្ដាយ គឺនៅទីកំបាំងដែលមនុស្សមើលមិនឃើញ ហាក់ដូចជានៅក្រោមផ្ទៃផែនដី។ ប្រាកដណាស់ មនុស្សជាតិមិនទាន់យល់អស់ពីរបៀបដែលកូនលូតលាស់នៅក្នុងផ្ទៃម្ដាយនៅឡើយ។ រហូតមកដល់សព្វថ្ងៃនេះ ពួកគេមិនយល់ពីមូលហេតុដែលបណ្ដាលឲ្យកោសិកាដំបូងចាប់ផ្ដើមបំបែកគ្នាហើយក្លាយជាកោសិកាប្រភេទផ្សេងៗទៀត។ ប៉ុន្តែនៅទីបំផុត អ្នកវិទ្យាសាស្ត្រប្រហែលជាអាចរកឃើញចម្លើយបាន។ យ៉ាងណាក៏ដោយ សំណេររបស់ដាវីឌបង្ហាញឲ្យដឹងថា ព្រះយេហូវ៉ាដែលជាអ្នកបង្កើតមនុស្ស ទ្រង់ជ្រាបពីដំណើរការទាំងអស់នោះតាំងពីដើមមក។
៩, ១០. តើព័ត៌មានក្នុងកោសិកាដំបូងប្រៀបដូចជាកំណត់ដែល«កត់ទុកក្នុងបញ្ជី»របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៩ «ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ»។ (ទំនុកដំកើង ១៣៩:១៦) កោសិកាដំបូងមានគម្រោងការណ៍សម្រាប់រូបកាយទាំងមូល។ អស់៩ខែនៅក្នុងផ្ទៃម្ដាយ កូនធំលូតលាស់ឡើងស្របទៅតាមគម្រោងការណ៍នោះ។ ក្រោយកូនកើតមក កូននៅតែធំលូតលាស់ឡើងស្របទៅតាមគម្រោងការណ៍ដដែលអស់ជាង២០ឆ្នាំទៀត។ ក្នុងអំឡុងពេលនោះ រូបកាយរបស់កូនបានកែប្រែច្រើនណាស់ ប៉ុន្តែទាំងអស់មានលក្ខណៈស្របទៅតាមព័ត៌មានដែលមាននៅក្នុងកោសិកាដំបូង។
១០ ដាវីឌអត់មានមីក្រូទស្សន៍ ដូច្នេះគាត់ក៏គ្មានចំណេះអំពីកោសិកានិងហ្សែនទេ។ យ៉ាងណាក្ដី គាត់យល់យ៉ាងត្រឹមត្រូវថា រូបកាយរបស់ខ្លួនបានធំលូតលាស់ឡើងស្របទៅតាមអ្វីដែលបានគ្រោងទុក។ ដាវីឌប្រហែលជាមានចំណេះខ្លះៗអំពីរបៀបដែលកូនធំលូតលាស់នៅក្នុងផ្ទៃម្ដាយ ដូច្នេះគាត់អាចវែកញែកពីដំណើរការនោះថា កើតឡើងស្របទៅតាមផែនការនិងកំណត់ពេល។ គាត់សរសេរជាកំណាព្យពីដំណើរការណ៍នោះថា ព្រះយេហូវ៉ាបានដាក់ព័ត៌មានក្នុងកោសិកាដំបូង ហាក់ដូចជា«កត់ទុកក្នុងបញ្ជីរបស់ទ្រង់»។
១១. ហេតុអ្វីក៏មានរូបរាងនិងលក្ខណៈសម្បត្ដិកាត់តាមមាតាបិតារបស់យើង?
១១ សព្វថ្ងៃនេះយើងយល់ថា ស្របទៅតាមហ្សែនក្នុងកោសិកាដំបូងរបស់យើង យើងច្រើនមានរូបសម្បត្ដិនិងលក្ខណៈកាត់តាមមាតាបិតានិងជីដូនជីតារបស់យើង ដូចជាមាឌ ពណ៌ភ្នែក ទម្រង់មុខ ពណ៌សក់ ហើយលក្ខណៈសម្បត្ដិជាច្រើនឯទៀតដែរ។ នៅក្នុងកោសិកានីមួយៗ មានហ្សែនរាប់ម៉ឺន ហើយហ្សែននីមួយៗផ្សាភ្ជាប់គ្នាជាច្រវាក់ក្នុងអាស៊ីតម្យ៉ាង (អាស៊ីតដេអុកស៊ីរីបូនុយក្លេអ៊ិច ដែលភាសាបារាំងសរសេរជាអក្សរកាត់ថា ADN ហើយភាសាអង់គ្លេសសរសេរថា DNA)។ កូនក្នុងផ្ទៃម្ដាយធំលូតលាស់ឡើងស្របទៅតាមគម្រោងការណ៍ដែលហាក់ដូចជាកត់ទុកក្នុងអាស៊ីតពិសេសនេះ។ កោសិការបស់យើងតែងតែបំបែកខ្លួនដើម្បីបង្កើតកោសិកាថ្មីឬផ្លាស់ជំនួសកោសិកាដែលងាប់ ហើយព័ត៌មានក្នុងអាស៊ីតពិសេសនេះចម្លងដល់កោសិកាថ្មីនោះតៗគ្នា។ គឺតាមរបៀបនេះហើយដែលយើងអាចរស់បាន និងមានរូបរាងដែលមានលក្ខណៈដដែលរហូត។ នេះពិតជាបញ្ជាក់ពីប្រាជ្ញានិងអំណាចដ៏ខ្លាំងក្លារបស់ព្រះនៅស្ថានសួគ៌ ដែលបានបង្កើតមនុស្សយើងយ៉ាងអស្ចារ្យមែន!
ខួរក្បាលដ៏អស្ចារ្យរបស់យើង
១២. តើមនុស្សមានលក្ខណៈអ្វីខុសប្លែកពីសត្វ?
១២ «ឱព្រះអង្គអើយ! ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ ក៏មានចំនួនច្រើនណាស់ផង។ បើសិនជាទូលបង្គំនឹងខំរាប់ចំនួន នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត»។ (ទំនុកដំកើង ១៣៩:១៧, ១៨ក) សត្វក៏បានត្រូវបង្កើតមកយ៉ាងអស្ចារ្យដែរ ហើយសត្វប្រភេទខ្លះៗក៏មានលក្ខណៈពិសេសនិងសមត្ថភាពប្លែកៗដែលពូកែជាងមនុស្សទៅទៀត។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានសមត្ថភាពគិតគូរពិចារណាវែងឆ្ងាយជាងសត្វទាំងអស់។ សៀវភៅវិទ្យាសាស្ត្រមួយរៀបរាប់ថា៖ «ទោះជាសត្វប្រភេទខ្លះៗមានលក្ខណៈស្រដៀងនឹងមនុស្សក្ដី ក៏យើងនៅតែមានលក្ខណៈដែលប្រៀបផ្ទឹមពុំបាន ដោយសារមនុស្សមានសមត្ថភាពនិយាយនិងត្រិះរិះ។ . . . យើងមានលក្ខណៈខុសប្លែកពីសត្វដោយព្រោះយើងតែងតែឆ្ងល់អំពីខ្លួនឯង ហើយចង់ស្រាវជ្រាវថា ហេតុអ្វីបានជាមានរូបរាងបែបនេះ? និងតើយើងកើតមកយ៉ាងដូចម្ដេច?»។ ដាវីឌក៏មានចម្ងល់ដូចគ្នាដែរ។
១៣. (ក) តើដាវីឌអាចយល់អំពីគំនិតរបស់ព្រះយេហូវ៉ាដោយរបៀបណា? (ខ) តើយើងអាចធ្វើតាមគំរូរបស់ដាវីឌបានយ៉ាងណា?
១៣ លក្ខណៈសំខាន់ជាងគេដែលយើងមានខុសប្លែកពីសត្វ គឺថាយើងមានសមត្ថភាពយល់អំពីព្រះតម្រិះឬគំនិតរបស់ព្រះ។c យ៉ាងនេះ យើងមានលក្ខណៈ«ដូចរូបអង្គទ្រង់» ទុកជាអំណោយវិសេសមួយ។ (លោកុប្បត្តិ ១:២៧) ដាវីឌបានឆ្លៀតយកប្រយោជន៍ពីអំណោយនេះ។ គាត់បានរំពឹងគិតពីទីសំអាងផ្សេងៗក្នុងធម្មជាតិដែលបញ្ជាក់ថាមានព្រះមែន។ ការពិចារណានោះបានជួយគាត់ឲ្យយល់អំពីគុណសម្បត្ដិល្អៗរបស់ព្រះដែលបានបង្កើតផែនដី។ ដាវីឌក៏មានសៀវភៅខ្លះៗដែលសព្វថ្ងៃនេះជាផ្នែកនៃគម្ពីរព្រះ ដែលរៀបរាប់អំពីព្រះយេហូវ៉ានិងទង្វើរបស់ទ្រង់។ សំណេរទាំងនោះដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យមនុស្សសរសេរ បានជួយដាវីឌឲ្យយល់ច្បាស់នូវគំនិត លក្ខណៈនិងគោលបំណងរបស់ទ្រង់។ ពេលដាវីឌបានពិចារណាមើលព័ត៌មានក្នុងបទគម្ពីរទាំងនោះ ព្រមទាំងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានទាក់ទងនឹងមនុស្សជាតិ ហើយរំពឹងគិតពីអ្វីៗដែលទ្រង់បានបង្កើតមក នេះបានជំរុញគាត់ឲ្យសរសើរព្រះដែលជាអ្នកបង្កើត។
គុណសម្បត្ដិដែលបេះមិនដាច់ពីជំនឿ
១៤. ហេតុអ្វីក៏មិនចាំបាច់យល់អ្វីៗទាំងអស់អំពីព្រះយេហូវ៉ាដើម្បីឲ្យយើងជឿទៅលើទ្រង់?
១៤ ពេលដាវីឌរំពឹងគិតកាន់តែច្រើនអំពីរបស់ក្នុងធម្មជាតិនិងបទគម្ពីរនានា គាត់ក៏ទទួលស្គាល់កាន់តែច្បាស់ថា គាត់គ្មានលទ្ធភាពយល់អ្វីៗទាំងអស់អំពីគំនិតនិងសមត្ថភាពរបស់ព្រះយេហូវ៉ាបានឡើយ។ (ទំនុកដំកើង ១៣៩:៦) យើងក៏គ្មានលទ្ធភាពយល់ទាំងអស់ដែរ ជាពិសេសអំពីអ្វីៗដែលទ្រង់បានបង្កើតមក។ (សាស្ដា ៣:១១; ៨:១៧) យ៉ាងណាក្ដី ព្រះយេហូវ៉ាបាន‹សំដែងឲ្យឃើញ›ភ័ស្តុតាងល្មមគ្រប់គ្រាន់ថា មានព្រះមែន។ មិនថាមនុស្សបានរស់នៅសម័យណាក៏ដោយ ពួកគេមានហេតុដែលនាំឲ្យជឿទៅលើទ្រង់ដោយពិនិត្យមើលភ័ស្តុតាងក្នុងធម្មជាតិ និងព័ត៌មានក្នុងគម្ពីរទ្រង់។—រ៉ូម ១:១៩, ២០; ហេព្រើរ ១១:១, ៣
១៥. សូមរៀបរាប់ឧទាហរណ៍មួយដែលបង្ហាញថា ជំនឿទៅលើព្រះនិងចំណងមិត្តភាពរបស់យើងជាមួយនឹងទ្រង់តែងតែជាប់ទាក់ទងគ្នា។
១៥ គឺមិនគ្រប់គ្រាន់ទេ ឲ្យយើងគ្រាន់តែជឿថា មានព្រះមួយអង្គដែលមានប្រាជ្ញាហើយជាអ្នកបង្កើតជីវិតក្នុងសកលលោកនេះ។ យើងក៏ត្រូវទុកចិត្តទៅលើព្រះយេហូវ៉ា ថាទ្រង់ចង់ឲ្យយើងស្គាល់ទ្រង់និងមានទំនាក់ទំនងល្អជាមួយនឹងទ្រង់។ (យ៉ាកុប ៤:៨) យើងប្រហែលជាអាចគិតពីកូនដែលមានជំនឿនិងទំនុកចិត្តទៅលើឪពុកដែលស្រឡាញ់កូន។ ឧបមាថា អ្នកដទៃមកចោទថា ឪពុកនឹងមិនជួយកូនពេលមានលំបាកទេ។ ភ្លាមៗនោះ ប្រហែលជាពិបាករកទីសំអាងដើម្បីបញ្ជាក់ពីហេតុដែលយើងទុកចិត្តថាឪពុកនឹងជួយយើង។ ប៉ុន្តែ បើយើងធ្លាប់ឆ្លងកាត់គ្រាលំបាកហើយឪពុកបានជួយយើងមែន នេះអាចពង្រឹងទំនុកចិត្តថា គាត់នឹងមិនបោះបង់ចោលយើងទេ។ ស្រដៀងគ្នាដែរ យើងក៏នឹងទុកចិត្តទៅលើព្រះយេហូវ៉ាកាន់តែច្រើន ពេលយើងស្គាល់ទ្រង់កាន់តែច្បាស់ ដោយសិក្សាគម្ពីរ រំពឹងគិតពីអ្វីៗក្នុងធម្មជាតិ និងមានជំនួយពីទ្រង់ពេលយើងអធិស្ឋានសូមជំនួយនោះ។ ជាលទ្ធផល យើងចង់រៀនច្រើនថែមទៀតអំពីព្រះយេហូវ៉ា ហើយចង់សរសើរទ្រង់ជារៀងរហូត។ ចំណង់ចំណូលចិត្តនេះផុសចេញពីចិត្តស្មោះត្រង់ដែលស្រឡាញ់ទ្រង់ដោយគ្មានចេតនារកប្រយោជន៍ផ្ទាល់ខ្លួន។ បើយើងមានចិត្តចង់រៀនអំពីព្រះយេហូវ៉ាជារៀងរហូត នេះជាគោលដៅដែលមានប្រយោជន៍ច្រើនបំផុត។—អេភេសូរ ៥:១, ២
ចូរស្វែងរកការណែនាំ ពីព្រះដែលបានបង្កើតរបស់សព្វសារពើ!
១៦. តើយើងអាចទាញយកមេរៀនអ្វីពីចំណងមិត្តភាពជិតស្និទ្ធដែលដាវីឌមានជាមួយព្រះយេហូវ៉ា?
១៦ «ឱព្រះអង្គអើយ! សូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ! សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច»។ (ទំនុកដំកើង ១៣៩:២៣, ២៤) ដាវីឌដឹងថា ព្រះយេហូវ៉ាជ្រាបអ្វីៗទាំងអស់អំពីគាត់រួចហើយ។ ព្រះដែលបានបង្កើតរបស់សព្វសារពើ អាចឮពាក្យសម្ដី ឃើញទង្វើ និងជ្រាបពីគំនិតទាំងអស់របស់ដាវីឌបាន។ (ទំនុកដំកើង ១៣៩:១-១២; ហេព្រើរ ៤:១៣) ជាលទ្ធផល ដាវីឌមានអារម្មណ៍សុខសាន្តដោយដឹងថាព្រះយេហូវ៉ាស្គាល់គាត់យ៉ាងច្បាស់ ដូចជាអារម្មណ៍ដែលកូនតូចមានពេលឪពុកម្ដាយដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ឱបកូនយ៉ាងជាប់។ ដាវីឌចាត់ទុកចំណងមិត្តភាពដែលគាត់មានជាមួយព្រះយេហូវ៉ាថាមានតម្លៃណាស់ ហើយគាត់ក៏ខំថែរក្សាភាពស្និទ្ធស្នាលនោះដោយគិតឲ្យបានដិតដល់អំពីអ្វីដែលទ្រង់បានបង្កើតមក ទាំងអធិស្ឋានចំពោះទ្រង់ផង។ តាមការពិត បើនិយាយឲ្យចំទៅ ទំនុកដំកើងភាគច្រើនដែលដាវីឌតែងនោះ រួមទាំងបទទំនុកទី១៣៩ ជាសេចក្ដីអធិស្ឋានដែលគាត់ច្រៀងថ្វាយព្រះយេហូវ៉ា។ ដូចគ្នាដែរ ការរំពឹងគិតនិងការអធិស្ឋានអាចជួយយើងឲ្យចូលកាន់តែជិតនឹងព្រះយេហូវ៉ាបាន។
១៧. (ក) ហេតុអ្វីបានជាដាវីឌសូមព្រះយេហូវ៉ាឲ្យពិនិត្យមើលចិត្តរបស់គាត់? (ខ) តើការសម្រេចចិត្តដោយសេរីអាចនាំឲ្យមានលទ្ធផលយ៉ាងណា?
១៧ ដោយសារព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានលក្ខណៈដូចទ្រង់ នោះយើងក៏មានចិត្តសេរីដែរ។ យើងអាចសម្រេចចិត្តធ្វើល្អ ឬធ្វើអាក្រក់។ ប៉ុន្តែ ដោយសារយើងមានចិត្តសេរីនោះ យើងក៏ត្រូវទទួលខុសត្រូវចំពោះអ្វីដែលយើងធ្វើដែរ។ ដាវីឌមិនចង់ឲ្យមានលក្ខណៈដូចមនុស្សអាក្រក់ទេ។ (ទំនុកដំកើង ១៣៩:១៩-២២) គាត់ចង់ជៀសវាងពីទង្វើខុសឆ្គងដែលបណ្ដាលឲ្យមានការឈឺចាប់។ ហេតុនេះហើយ ពេលដាវីឌបានរំពឹងគិតពីចំណេះគ្រប់សព្វរបស់ព្រះយេហូវ៉ា គាត់ក៏បង្ហាញចិត្តរាបទាបដោយសូមទ្រង់ពិនិត្យមើលចិត្តរបស់គាត់ ហើយសូមទ្រង់ជួយណែនាំគាត់ទៅតាមផ្លូវដែលនាំឲ្យបានជីវិត។ ខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ាសុទ្ធតែសុចរិត ហើយទ្រង់តម្រូវឲ្យមនុស្សទាំងអស់រស់នៅស្របទៅតាមខ្នាតតម្រាទាំងនោះ។ ដូច្នេះ ជាការចាំបាច់ណាស់ឲ្យយើងធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ។ ព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យស្ដាប់បង្គាប់ទ្រង់ ហើយពេលយើងធ្វើដូច្នេះមែន ទ្រង់ស្រឡាញ់យើង ហើយយើងក៏ទទួលប្រយោជន៍ច្រើនថែមទៀតដែរ។ (យ៉ូហាន ១២:៥០; ធីម៉ូថេទី១ ៤:៨) ពេលយើងស្ដាប់តាមព្រះយេហូវ៉ា ហាក់ដូចជាយើងដើរជាមួយនឹងទ្រង់ជារៀងរាល់ថ្ងៃ យើងក៏អាចមានអារម្មណ៍សុខសាន្ត សូម្បីតែពេលដែលមានបញ្ហាធ្វើទុក្ខក្ដី។—ភីលីព ៤:៦, ៧
ចូរស្ដាប់តាមអ្នកបង្កើតដ៏អស្ចារ្យ!
១៨. ពេលដាវីឌរំពឹងគិតពីរបស់សព្វសារពើក្នុងធម្មជាតិ តើគាត់ទទួលស្គាល់អ្វី?
១៨ ពេលនៅក្មេង ដាវីឌបានចំណាយពេលច្រើនក្នុងការឃ្វាលហ្វូងចៀមនៅឯវាល។ ពេលសត្វចៀមទាំងនោះបានឱនក្បាលស៊ីស្មៅ ដាវីឌបានងើយមើលមេឃ។ នៅពេលយប់ ដាវីឌបានទាញយកមេរៀនសំខាន់ៗពីការរំពឹងគិតទៅលើសកលលោកដ៏ធំធេងនោះ។ គាត់សរសេរថា៖ «ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ។ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ»។ (ទំនុកដំកើង ១៩:១, ២) ដាវីឌទទួលស្គាល់ថា គាត់ត្រូវតែស្វែងរកព្រះដែលជាអ្នកបង្កើតរបស់ដ៏អស្ចារ្យទាំងនោះ ហើយគាត់ក៏យល់ពីសារៈសំខាន់នៃការស្ដាប់តាមទ្រង់ផង។ យើងក៏គួរធ្វើដូច្នោះដែរ។
១៩. ពេលទទួលស្គាល់ថា យើង‹បានបង្កើតមកយ៉ាងគួរឲ្យអស្ចារ្យ›នោះ តើយើងទាំងចាស់ទាំងក្មេងគួរតែធ្វើអ្វី?
១៩ យូរឆ្នាំក្រោយមក បុត្ររបស់ដាវីឌ ឈ្មោះសាឡូម៉ូន បានជូនយោបល់ចំពោះពួកយុវជនយុវតីថា៖ «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង . . . ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ! ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។ (សាស្ដា ១២:១, ១៣) ដាវីឌជាគំរូល្អក្នុងការធ្វើដូច្នេះ ពីព្រោះតាំងពីតូចមក គាត់ទទួលស្គាល់ថា គាត់‹បានបង្កើតមកយ៉ាងគួរឲ្យអស្ចារ្យ›ណាស់! ដាវីឌបានទទួលប្រយោជន៍ជាច្រើនដោយសារគាត់ធ្វើតាមចំណេះដែលគាត់មាននោះ។ បើយើងទាំងចាស់ទាំងក្មេង សរសើរនិងបម្រើព្រះដែលបានបង្កើតរបស់សព្វសារពើមក នោះយើងអាចសប្បាយនឹងជីវិតឥឡូវ ហើយនៅពេលអនាគតផង។ ចំពោះអស់អ្នកដែលរក្សាឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ព្រមទាំងរស់សមស្របទៅតាមខ្នាតតម្រាសុចរិតរបស់ទ្រង់ នោះមានសេចក្ដីសន្យាក្នុងគម្ពីរថា៖ ‹កាលណាចាស់ហើយ ពួកគាត់នឹងនៅតែកើតផល . . . ដើម្បីសំដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់›។ (ទំនុកដំកើង ៩២:១៤, ១៥) យើងរាល់គ្នាអាចសង្ឃឹមដោយរីករាយថា នឹងមានអំណរជារៀងរហូតពេលយើងត្រេកអរចំពោះអ្វីៗដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើត។
[កំណត់សម្គាល់]
a សូមប្រៀបមើលទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៤ ទំព័រ៨-៩ វគ្គ៣-៥។
b បើចង់មើលព័ត៌មានបន្ថែមអំពីដំណើរការនៃតម្រងនោម សូមមើលទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ជាភាសាអង់គ្លេស ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៩៧ មានចំណងជើងថា “Your Kidneys—A Filter for Life” បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
c តាមមើលទៅ ពាក្យរបស់ដាវីឌនៅបទទំនុកទី១៣៩:១៨ខ មានន័យថា បើគាត់រាប់គំនិតរបស់ព្រះយេហូវ៉ាអស់មួយថ្ងៃរហូតដល់ពេលយប់ចូលគេង នោះថ្ងៃស្អែកភ្ញាក់ពីដំណេកគាត់ក៏ត្រូវរាប់បន្តទៅទៀត។
តើអ្នកអាចពន្យល់បានទេ?
• តើការលូតលាស់របស់កូនក្នុងផ្ទៃម្ដាយបង្ហាញយ៉ាងណា ថាយើង‹បានបង្កើតមកយ៉ាងគួរឲ្យអស្ចារ្យ›?
• ហេតុអ្វីក៏គប្បីឲ្យយើងរំពឹងគិតអំពីគំនិតរបស់ព្រះយេហូវ៉ា?
• តើជំនឿទៅលើព្រះមានទំនាក់ទំនងយ៉ាងណានឹងចំណងមិត្តភាពរបស់យើងជាមួយទ្រង់?
[រូបភាពនៅទំព័រ១៣]
កូនក្នុងផ្ទៃម្ដាយចេះតែធំលូតលាស់ឡើង ស្របទៅតាមគម្រោងការណ៍មួយ
ADN/DNA
[អ្នកផ្ដល់សិទ្ធិ]
Unborn fetus: Lennart Nilsson
[រូបភាពនៅទំព័រ១៤]
យើងទុកចិត្តទៅលើព្រះយេហូវ៉ា ដូចកូនដែលមានជំនឿនិងទំនុកចិត្តទៅលើឪពុកដែលស្រឡាញ់កូន
[រូបភាពនៅទំព័រ១៥]
ការរំពឹងគិតពីស្នាដៃរបស់ព្រះយេហូវ៉ាបានជំរុញដាវីឌឲ្យសរសើរទ្រង់