«កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ»
«កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អនៅចំពោះមុខមនុស្សទាំងអស់វិញ»។—រ៉ូម ១២:១៧
១. តើមនុស្សប្រព្រឹត្តយ៉ាងណាជាធម្មតា?
ចំពោះកូនក្មេង មិនជាការចម្លែកអ្វីឡើយ ពេលម្នាក់ប្រតាយទៅ ម្នាក់ទៀតក៏ប្រតប់មកវិញ។ គួរឲ្យស្ដាយថា មិនមែនតែក្មេងៗប៉ុណ្ណោះទេ ដែលចូលចិត្តប្រទាញប្រទង់ឬប្រតាយប្រតប់គ្នា។ មនុស្សធំពេញវ័យក៏ធ្វើដូចគ្នាដែរ។ ពេលគេបង្អាប់ខ្លួន នោះពួកគាត់មិនព្រមនៅស្ងៀមទេ។ ប្រហែលជាមនុស្សពេញវ័យមិនប្រទាញប្រទង់គ្នាដូចក្មេងមែន តែពួកគេច្បាស់ជារកល្បិចផ្សេងៗដើម្បីស្នងទៅវិញ។ ប្រហែលជាពួកគេនិយាយអាក្រក់ពីក្រោយខ្នងអ្នកនោះដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះគាត់។ មិនថាគេប្រើល្បិចណាក៏ដោយ មនុស្សបែបនោះមានបំណងតែមួយ ពោលគឺ ចង់តបតនិងសងសឹក។
២. (ក) ហេតុអ្វីក៏ពួកគ្រិស្តសាសនិកពិតមិនចុះញ៉មនឹងទំនោរចិត្តចង់តបតនិងសងសឹក? (ខ) តទៅនេះ តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ? ហើយតើយើងនឹងពិនិត្យមើលជំពូកមួយណាក្នុងគម្ពីរ?
២ ទោះជាមនុស្សលោកមានទំនោរចិត្តចង់តបតនិងសងសឹកក្ដី ពួកគ្រិស្តសាសនិកពិតមិនចុះញ៉មនឹងចំណង់ចំណូលចិត្តមិនល្អបែបនេះទេ។ ផ្ទុយទៅវិញ ពួកគេខំធ្វើតាមដំបូន្មានរបស់សាវ័កប៉ុលដែលដាស់តឿនថា៖ «កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ»។ (រ៉ូម ១២:១៧) តើអ្វីអាចជំរុញចិត្តយើងឲ្យចង់ធ្វើតាមគោលការណ៍ល្អនេះ? តើយើងមិនគួរធ្វើការអាក្រក់ជាពិសេសស្នងនឹងអ្នកណា? បើយើងមិនតបតឬសងសឹក តើយើងនឹងទទួលប្រយោជន៍អ្វីខ្លះ? ដើម្បីឆ្លើយសំណួរទាំងនេះ យើងសូមពិនិត្យមើលអ្វីដែលប៉ុលបានសរសេរ ដែលរួមបញ្ចូលយោបល់ក្នុងសៀវភៅរ៉ូមជំពូកទី១២។ យោបល់នោះបង្ហាញថា ការមិនតបតនឹងមនុស្សដទៃ ជាការប្រព្រឹត្តដ៏ត្រឹមត្រូវ ប្រកបទៅដោយសេចក្ដីស្រឡាញ់ ហើយបង្ហាញថាយើងមានចិត្តរាបទាប។ យើងនឹងពិនិត្យមើលលក្ខណៈទាំងបីនេះម្ដងមួយៗ។
«ដូច្នេះបងប្អូនអើយ! ខ្ញុំទូន្មានអ្នករាល់គ្នា»
៣, ៤. (ក) ចាប់ពីជំពូកទី១២ក្នុងសៀវភៅរ៉ូម តើប៉ុលរៀបរាប់អំពីអ្វី? ពេលគាត់ប្រើពាក្យ«ដូច្នេះ» តើនេះបង្កប់អត្ថន័យអ្វី? (ខ) តើពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូមគួរមានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីមេត្ដាករុណានៃព្រះ?
៣ ក្នុងសៀវភៅរ៉ូម ចាប់ពីជំពូកទី១២ ប៉ុលរៀបរាប់ពីចំណុចបួនយ៉ាងដែលមានអានុភាពទៅលើជីវិតរបស់ពួកគ្រិស្តសាសនិក។ ប៉ុលពិពណ៌នាអំពីចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា ពួកអ្នករួមជំនឿ មនុស្សដែលមិនជឿទៅលើព្រះយេហូវ៉ា ហើយពួករាជការ។ ប៉ុលបញ្ជាក់ថាមានមូលហេតុសំខាន់ចម្បងមួយឲ្យយើងមិនចុះញ៉មនឹងទំនោរចិត្តដែលចង់ធ្វើតែអំពើអាក្រក់ រួមទាំងចំណង់ចំណូលចិត្តចង់តបតនិងសងសឹក។ ប៉ុលមានប្រសាសន៍ថា៖ ‹ដូច្នេះបងប្អូនអើយ! ខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្ដីមេត្ដាករុណានៃព្រះ›។ (រ៉ូម ១២:១) សូមកត់សម្គាល់ពាក្យ«ដូច្នេះ» ដែលមានន័យថា «យ៉ាងនេះ»។ បើនិយាយឲ្យចំទៅ ប៉ុលចង់មានប្រសាសន៍ថា ‹អាស្រ័យលើអ្វីដែលខ្ញុំទើបតែបានពន្យល់ដល់បងប្អូនអម្បាញ់មិញនោះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យធ្វើតាមអ្វីដែលខ្ញុំប្រាប់ដូចតទៅនេះ›។ ក្នុងជំពូកមុនៗ តើប៉ុលបានពន្យល់អ្វីខ្លះដល់ពួកគ្រិស្តសាសនិកទាំងនោះនៅទីក្រុងរ៉ូម?
៤ ក្នុងជំពូក១ដល់១១នៃសំបុត្រដែលប៉ុលសរសេរចំពោះពួកគេនោះ គាត់បានពន្យល់អំពីឯកសិទ្ធិដ៏អស្ចារ្យដែលមនុស្សជនជាតិយូដានិងជនជាតិឯទៀតមាន ពោលគឺ ឯកសិទ្ធិធ្វើជាអ្នកគ្រប់គ្រងជាមួយនឹងព្រះគ្រិស្តក្នុងរាជាណាចក្ររបស់ព្រះ។ នេះជាឯកសិទ្ធិដែលបណ្ដាជនអ៊ីស្រាអែលមិនបានចាប់យកទេ។ (រ៉ូម ១១:១៣-៣៦) មូលហេតុដែលមនុស្សជនជាតិយូដានិងជនជាតិឯទៀតអាចទទួលឯកសិទ្ធិនោះបាន គឺដោយសារ«សេចក្ដីមេត្ដាករុណានៃព្រះ»តែប៉ុណ្ណោះ។ បើដូច្នេះ តើពួកគ្រិស្តសាសនិកគួរមានអារម្មណ៍យ៉ាងណាចំពោះព្រះដែលបានបង្ហាញគុណដ៏វិសេសលើសលប់នោះ? ចិត្តរបស់ពួកគេគួរពេញទៅដោយកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅដល់ម្ល៉េះ បានជាពួកគេនឹងធ្វើតាមដំបូន្មានដែលប៉ុលជូនតទៅទៀត។ គាត់ដាស់តឿនពួកគេថា៖ «[ចូរ]ថ្វាយរូបកាយទុកជាយញ្ញបូជារស់ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នាដែលមានទំនង»។ (រ៉ូម ១២:១) តើពួកគ្រិស្តសាសនិកទាំងនោះអាចថ្វាយរូបកាយខ្លួនចំពោះព្រះទុកជា«យញ្ញបូជា»យ៉ាងដូចម្ដេច?
៥. (ក) តើមនុស្សអាចថ្វាយរូបកាយរបស់ខ្លួនចំពោះព្រះទុកជា«យញ្ញបូជា»យ៉ាងដូចម្ដេច? (ខ) តើគោលការណ៍អ្វីដែលគួរមានឥទ្ធិពលទៅលើអាកប្បកិរិយារបស់ពួកគ្រិស្តសាសនិក?
៥ ប៉ុលក៏ពន្យល់ទៀតថា៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ (រ៉ូម ១២:២) ជាជាងអនុញ្ញាតឲ្យចិត្តគំនិតរបស់មនុស្សក្នុងពិភពលោកនោះមានឥទ្ធិពលទៅលើពួកគ្រិស្តសាសនិក ពួកគេគួរតែបណ្ដុះឲ្យមានចិត្តគំនិតដូចព្រះគ្រិស្តវិញ។ (កូរិនថូសទី១ ២:១៦; ភីលីព ២:៥) គោលការណ៍នោះគួរមានឥទ្ធិពលទៅលើអាកប្បកិរិយារបស់គ្រិស្តសាសនិកពិតទាំងឡាយ រួមទាំងយើងរាល់គ្នានាបច្ចុប្បន្ននេះដែរ។
៦. ស្របទៅតាមការពន្យល់របស់ប៉ុលនៅសៀវភៅរ៉ូម ១២:១, ២ តើអ្វីដែលអាចជួយយើងទប់ចិត្តកុំឲ្យតបតនឹងអ្នកដទៃ?
៦ តើការពន្យល់របស់ប៉ុលនៅសៀវភៅរ៉ូម ១២:១, ២ អាចជួយយើងបានយ៉ាងណា? តាមពិត យើងក៏មានកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅដែរ ដូចពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូមដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ យើងដឹងគុណចំពោះព្រះយេហូវ៉ាដែលបង្ហាញសេចក្ដីមេត្ដាករុណាច្រើនបែបច្រើនយ៉ាងចំពោះយើងរៀងរាល់ថ្ងៃជានិច្ច។ ដូច្នេះ ឬអាស្រ័យហេតុនេះហើយ បានជាចិត្តយើងពេញទៅដោយកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ា និងជំរុញយើងឲ្យប្រើធនធានរបស់ខ្លួនក្នុងកិច្ចបម្រើទ្រង់ ព្រមទាំងបម្រើទ្រង់យ៉ាងអស់ពីកម្លាំងនិងអស់ពីសមត្ថភាពផង។ សេចក្ដីប៉ងប្រាថ្នានោះក៏ជំរុញយើងឲ្យព្យាយាមបណ្ដុះឲ្យមានចិត្តគំនិតដូចព្រះគ្រិស្ត មិនមែនដូចមនុស្សនៅសម័យនេះឡើយ។ ពេលយើងមានចិត្តគំនិតដូចព្រះគ្រិស្ត នេះក៏មានអានុភាពទៅលើរបៀបដែលយើងប្រព្រឹត្តទៅលើពួកអ្នកជឿគ្នីគ្នា និងពួកអ្នកដែលមិនរួមជំនឿជាមួយយើងដែរ។ (កាឡាទី ៥:២៥) ចិត្តគំនិតដូចព្រះគ្រិស្តនឹងជួយយើងយកឈ្នះទំនោរចិត្តចង់តបតនិងសងសឹកជាដើម។—ពេត្រុសទី១ ២:២១-២៣
«ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា»
៧. ក្នុងសៀវភៅរ៉ូមជំពូកទី១២ តើប៉ុលរៀបរាប់អំពីសេចក្ដីស្រឡាញ់បែបណា?
៧ យើងមិនធ្វើការអាក្រក់ស្នងនឹងការអាក្រក់ពីព្រោះនេះជាការប្រព្រឹត្តដ៏ត្រឹមត្រូវ។ ប៉ុន្តែ មូលហេតុមួយទៀតដែលយើងមិនសងសឹក គឺដោយសារនេះជាការដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ សូមកត់សម្គាល់អ្វីដែលសាវ័កប៉ុលសរសេរទៀត ស្តីអំពីសេចក្ដីស្រឡាញ់ដែលជំរុញចិត្តយើង។ ក្នុងសៀវភៅរ៉ូម ប៉ុលប្រើពាក្យ«សេចក្ដីស្រឡាញ់» (ភាសាក្រិច អាហ្កាប៉េ) ច្រើនដង ពេលសំដៅទៅលើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ានិងព្រះគ្រិស្ត។ (រ៉ូម ៥:៥, ៨; ៨:៣៥, ៣៩) ប៉ុន្តែ មកដល់ជំពូកទី១២វិញ ប៉ុលប្រើពាក្យអាហ្កាប៉េដោយរបៀបផ្សេងទៀត គឺដោយសំដៅទៅលើសេចក្ដីស្រឡាញ់ដែលមនុស្សបង្ហាញចំពោះគ្នាទៅវិញទៅមក។ មុនដំបូង ប៉ុលរៀបរាប់អំពីអំណោយទានឬសមត្ថភាពពិសេសដែលអ្នកជឿខ្លះមាន ហើយថាអ្នកទាំងនោះមានសមត្ថភាពផ្សេងៗពីគ្នាដែរ។ បន្ទាប់មក គាត់ពន្យល់អំពីគុណសម្បត្ដិមួយដែលគ្រិស្តសាសនិកទាំងឡាយគួរបណ្ដុះឲ្យមាន ដោយគាត់មានប្រសាសន៍ថា៖ «ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា»។ (រ៉ូម ១២:៤-៩) ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ ជាអត្តសញ្ញាណសំខាន់ចម្បងនៃគ្រិស្តសាសនិកពិត។ (ម៉ាកុស ១២:២៨-៣១) ប៉ុលដាស់តឿនថា ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ក្នុងនាមជាគ្រិស្តសាសនិក សេចក្ដីស្រឡាញ់នោះត្រូវផុសចេញពីចិត្តស្មោះតែម្ដង។
៨. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដ៏ឥតពុតមាយាដោយរបៀបណា?
៨ បន្ទាប់មក ប៉ុលរៀបរាប់អំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដ៏ឥតពុតមាយានោះបាន។ គាត់មានប្រសាសន៍ថា៖ «[ចូរ]ខ្ពើមសេចក្ដីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្ដីល្អវិញ»។ (រ៉ូម ១២:៩) ពាក្យ«ខ្ពើម»និង«កាន់ខ្ជាប់»ជាពាក្យធ្ងន់ៗ។ គេក៏អាចបកប្រែពាក្យ«ខ្ពើម»ថា «ស្អប់យ៉ាងខ្លាំង»។ យើងមិនគ្រាន់តែស្អប់លទ្ធផលអាក្រក់ដែលមកពីអំពើអាក្រក់ តែក៏ស្អប់នូវអំពើអាក្រក់នោះឯងតែម្ដង។ (ទំនុកដំកើង ៩៧:១០) ពាក្យ«កាន់ខ្ជាប់»មកពីកិរិយាសព្ទភាសាក្រិចដែលមានន័យចំៗថា «បិទភ្ជាប់»។ ដូច្នេះ ពេលគ្រិស្តសាសនិកបង្ហាញសេចក្ដីស្រឡាញ់ពិត នេះគឺហាក់ដូចជាគាត់មានសេចក្ដីល្អបិទភ្ជាប់នឹងខ្លួន ដោយសារគាត់មានលក្ខណៈចេះតែចង់ធ្វើអំពើល្អរហូត។
៩. តើប៉ុលដាស់តឿនម្ដងហើយម្ដងទៀតឲ្យយើងធ្វើអ្វី?
៩ ម្ដងហើយម្ដងទៀតប៉ុលសំដៅទៅលើរបៀបមួយដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់បាន។ គាត់មានប្រសាសន៍ថា៖ «ចូរសូមពរឲ្យ[ឬ«ជូនពរ»]ដល់អ្នកណាដែលបៀតបៀនអ្នក។ ចូរសូមពរចុះ! កុំឲ្យប្រទេចផ្ដាសាឡើយ»។ «កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ»។ «ឱពួកស្ងួនភ្ងាអើយ! កុំឲ្យសងសឹកឡើយ»។ «កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ [តែ]ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អវិញ»។ (រ៉ូម ១២:១៤, ១៧-១៩, ២១; ខ.ស.) ពាក្យទាំងនេះរបស់ប៉ុលបង្ហាញយ៉ាងច្បាស់នូវរបៀបដែលយើងត្រូវប្រព្រឹត្តនឹងមនុស្សដែលមិនជឿទៅលើព្រះយេហូវ៉ា រួមទាំងពួកអ្នកដែលប្រឆាំងនឹងយើងផង។
‹ចូរជូនពរដល់អ្នកដែលបៀតបៀនយើង›
១០. តើយើងអាចជូនពរដល់អ្នកដែលបៀតបៀនយើងដោយរបៀបណា?
១០ តើយើងអាចធ្វើតាមដំបូន្មានរបស់ប៉ុលហើយ‹សូមពរឲ្យ[ឬ«ជូនពរ»]ដល់អ្នកដែលបៀតបៀនយើង›យ៉ាងដូចម្ដេច? (រ៉ូម ១២:១៤; ខ.ស.) ព្រះយេស៊ូបានប្រាប់ពួកអ្នកដែលកាន់តាមទ្រង់ថា៖ «[ចូរ]ស្រឡាញ់ពួកខ្មាំងសត្រូវ[ហើយ]អធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នា»។ (ម៉ាថាយ ៥:៤៤; លូកា ៦:២៧, ២៨) យ៉ាងនេះ របៀបមួយដែលយើងអាចជូនពរដល់អ្នកដែលបៀតបៀនយើង គឺដោយអធិស្ឋានឲ្យពួកគេ។ យើងអង្វរព្រះយេហូវ៉ាថា បើពួកគេកំពុងបៀតបៀនយើងដោយព្រោះមានគំនិតមោហ៍បាំង នោះយើងសូមទ្រង់ជួយឲ្យពួកគេមានឱកាសរៀនអំពីព្រះ ហាក់ដូចជាបើកភ្នែកឲ្យពួកគេឃើញនូវសេចក្ដីពិតវិញ។ (កូរិនថូសទី២ ៤:៤) ការសូមព្រះយេហូវ៉ាឲ្យជូនពរដល់អ្នកដែលបៀតបៀនយើង ពិតជាចម្លែកមែន។ យ៉ាងណាក្ដី ពេលយើងមានចិត្តគំនិតដូចបេះបិទនឹងព្រះគ្រិស្ត នេះនឹងជួយយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់កាន់តែច្រើនចំពោះខ្មាំងសត្រូវរបស់យើងដែរ។ (លូកា ២៣:៣៤) តើការបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដែលធ្វើទុក្ខដល់យើងអាចនាំឲ្យមានប្រយោជន៍អ្វីខ្លះ?
១១. (ក) តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់ស្ទេផាន? (ខ) ដូចប៉ុល តើអ្នកបៀតបៀនខ្លះអាចក្លាយទៅជាមនុស្សបែបណា?
១១ លោកស្ទេផានជាមនុស្សម្នាក់ដែលបានអធិស្ឋានឲ្យពួកអ្នកដែលបៀតបៀនគាត់ ហើយទង្វើនោះមានប្រយោជន៍មែន។ មិនយូរប៉ុន្មានក្រោយបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. ពួកអ្នកដែលប្រឆាំងនឹងក្រុមជំនុំនៃពួកគ្រិស្តសាសនិកបានចាប់ស្ទេផាន អូសចេញទៅខាងក្រៅទីក្រុងយេរូសាឡិម ហើយសម្លាប់គាត់នឹងថ្ម។ មុនស្ទេផានផុតដង្ហើមនោះ គាត់លាន់មាត់ថា៖ «ឱព្រះអម្ចាស់អើយ! សូមកុំរាប់បាបនេះដល់គេឡើយ»។ (កិច្ចការ ៧:៥៨–៨:១) ក្នុងចំណោមអ្នកទាំងនោះមានបុរសម្នាក់ឈ្មោះសូលដែលឃើញហើយពេញចិត្តនឹងការសម្លាប់ស្ទេផាន។ ដូច្នេះ សេចក្ដីអធិស្ឋានរបស់ស្ទេផាននៅថ្ងៃនោះ ក៏រួមបញ្ចូលសូលដែរ ពីព្រោះក្រោយៗមក ព្រះយេស៊ូដែលបានរស់ឡើងវិញ បានជួបជាមួយនឹងសូល។ សូលដែលធ្លាប់ជាអ្នកបៀតបៀនពួកគ្រិស្តសាសនិក បានក្លាយទៅជាអ្នកកាន់តាមព្រះគ្រិស្តវិញ ហើយគាត់ជាសាវ័កប៉ុលដែលបានសរសេរសំបុត្រនោះចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូម។ (កិច្ចការ ២៦:១២-១៨) តាមមើលទៅ ព្រះយេហូវ៉ាបានធ្វើតាមការអធិស្ឋានរបស់ស្ទេផាន ហើយបានអត់ទោសឲ្យប៉ុលដែលជាអ្នកបៀតបៀនពួកគ្រិស្តសាសនិក។ (ធីម៉ូថេទី១ ១:១២-១៦) ហេតុដូច្នេះ មិនជាការចម្លែកអ្វីឡើយដែលប៉ុលដាស់តឿនពួកគ្រិស្តសាសនិកថា៖ ‹ចូរជូនពរដល់អ្នកដែលបៀតបៀនអ្នកចុះ!›។ ប៉ុលបានពិសោធផ្ទាល់ខ្លួនថា មនុស្សខ្លះដែលបៀតបៀនរាស្ត្ររបស់ព្រះយេហូវ៉ា ក៏អាចក្លាយទៅជាអ្នកបម្រើទ្រង់ដែរ។ នៅសម័យយើងនេះក៏ធ្លាប់មានអ្នកបៀតបៀនខ្លះបានក្លាយទៅជាអ្នកជឿដែរ ដោយព្រោះអ្នកបម្រើរបស់ព្រះយេហូវ៉ាបានខំបង្ហាញមេត្រីភាពនិងភាពសុខសាន្ត។
‹ចូរខំរស់នៅដោយសុខសាន្ត ជាមួយនឹងមនុស្សទាំងអស់ចុះ!›
១២. តើដំបូន្មានក្នុងសៀវភៅរ៉ូម ១២:៩, ១៧ ទាក់ទងគ្នាយ៉ាងណា?
១២ ប៉ុលទូន្មានតទៅទៀតអំពីរបៀបដែលយើងគួរប្រព្រឹត្តទៅលើបងប្អូនរួមជំនឿនិងមនុស្សដែលមិនជឿទៅលើព្រះយេហូវ៉ា។ គាត់មានប្រសាសន៍ថា៖ «កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ»។ ពាក្យនេះគឺសមស្របនឹងអ្វីដែលគាត់បានប្រាប់ពីមុន ពេលគាត់ដាស់តឿនថា៖ ‹ចូរខ្ពើមសេចក្ដីអាក្រក់ចុះ!› ពីព្រោះបើយើងសងសឹកនឹងមនុស្សដទៃដោយធ្វើអំពើអាក្រក់ តើយើងពិតជាអាចនិយាយថាយើងខ្ពើមអ្វីដែលអាក្រក់ទេ? តាមពិត មនុស្សដែលធ្វើដូច្នេះ មិនបង្ហាញសេចក្ដីស្រឡាញ់ដ៏«ឥតពុតមាយា»ទេ។ រួចមក ប៉ុលមានប្រសាសន៍ថា៖«[យើង]ត្រូវតែខំសំដែងកិរិយាល្អនៅចំពោះមុខមនុស្សទាំងអស់វិញ»។ (រ៉ូម ១២:៩, ១៧) តើយើងអាចអនុវត្តតាមពាក្យទាំងនេះដោយធ្វើអ្វីខ្លះ?
១៣. ពេល«នៅចំពោះមុខមនុស្សទាំងអស់» តើយើងគួរប្រព្រឹត្តយ៉ាងណា?
១៣ មុនប៉ុលសរសេរសំបុត្រទៅកាន់ពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូម គាត់បានសរសេរសំបុត្រមួយច្បាប់ជូនចំពោះក្រុមជំនុំនៅទីក្រុងកូរិនថូស ស្តីអំពីការបៀតបៀនដែលពួកសាវ័កបានរងទុក្ខ។ ប៉ុលសរសេរថា៖ «យើងខ្ញុំបានត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតានឹងពួកមនុស្សផង។ . . . កាលណាគេជេរ នោះយើងខ្ញុំឲ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ»។ (កូរិនថូសទី១ ៤:៩-១៣) ស្រដៀងគ្នាដែរ មនុស្សនៅសម័យនេះតែងតែមើលការប្រព្រឹត្តរបស់ពួកគ្រិស្តសាសនិកពិត។ ពេលមនុស្សនៅជុំវិញយើងឃើញការល្អដែលយើងធ្វើ សូម្បីតែពេលដែលយើងរងអំពើដ៏អយុត្ដិធម៌ក្ដី នេះប្រហែលជាអាចជំរុញចិត្តពួកគេឲ្យស្ដាប់សារដែលយើងផ្សាយក្នុងឋានៈជាគ្រិស្តសាសនិក។—ពេត្រុសទី១ ២:១២
១៤. តើយើងគួរធ្វើប៉ុណ្ណាដើម្បីរក្សាឲ្យមានភាពសុខសាន្ត?
១៤ ប៉ុន្តែ តើយើងគួរធ្វើប៉ុណ្ណាដើម្បីរក្សាឲ្យមានភាពសុខសាន្ត? យើងគួរធ្វើអ្វីក៏ដោយតាមតែយើងមានលទ្ធភាព! ប៉ុលបានប្រាប់ពួកគ្រិស្តសាសនិកគ្នីគ្នារបស់គាត់ថា៖ «ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រី[ឬ«រស់នៅដោយសុខសាន្តជាមួយ»]នឹងមនុស្សទាំងអស់ចុះ! បើសិនជាបាន»។ (រ៉ូម ១២:១៨; ខ.ស.) ពាក្យ«បើសិនជាបាន» ជាពាក្យដែលបញ្ជាក់ថា ជួនកាលយើងមិនអាចរក្សាឲ្យមានមេត្រីភាពឬភាពសុខសាន្តជាមួយនឹងមនុស្សឯទៀតទេ។ ជាឧទាហរណ៍ ទោះបីជាយើងមានបំណងរក្សាឲ្យមានមេត្រីភាពនិងភាពសុខសាន្តជាមួយនឹងមនុស្សទាំងអស់ក្ដី យើងមិនព្រមធ្វើអ្វីដែលបំពានច្បាប់របស់ព្រះយេហូវ៉ាឡើយ។ (ម៉ាថាយ ១០:៣៤-៣៦; ហេព្រើរ ១២:១៤) ក៏ប៉ុន្តែ បើកាលៈទេសៈមិនតម្រូវឲ្យយើងលះចោលគោលការណ៍សុចរិត នោះយើងធ្វើអ្វីៗតាមលទ្ធភាពដើម្បីរក្សាឲ្យមានមេត្រីភាពនិងភាពសុខសាន្តជាមួយនឹង«មនុស្សទាំងអស់»មែន។
«កុំឲ្យសងសឹកឡើយ»
១៥. តើសៀវភៅរ៉ូម ១២:១៩ ផ្ដល់មូលហេតុអ្វីឲ្យយើងមិនតបតនឹងគេ?
១៥ ប៉ុលផ្ដល់មូលហេតុមួយទៀតដែលយើងមិនគួរតបតនិងសងសឹក គឺដោយសារនេះជាវិធីបង្ហាញថាយើងមានចិត្តរាបទាប។ គាត់មានប្រសាសន៍ថា៖ «ឱពួកស្ងួនភ្ងាអើយ! កុំឲ្យសងសឹកឡើយ។ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិតមានសេចក្ដីចែងទុកមកថា៖ ‹ព្រះអម្ចាស់ទ្រង់មានបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ›»។ (រ៉ូម ១២:១៩) បើគ្រិស្តសាសនិកតបតនឹងអ្នកដទៃ នេះជាការដែលបំពានសិទ្ធិព្រះយេហូវ៉ា ពីព្រោះមានតែទ្រង់ទេ ដែលមានមុខតំណែងជាអ្នកសងសឹក។ (ម៉ាថាយ ៧:១) ម្យ៉ាងទៀត បើគ្រិស្តសាសនិកខំដោះស្រាយរឿងដោយតបតនឹងគេដោយខ្លួនឯង នេះសឲ្យឃើញថាគាត់ខ្វះជំនឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលស្បថថា៖ «[ទ្រង់]នឹងសងដល់គេ»។ ផ្ទុយទៅវិញ ពួកគ្រិស្តសាសនិកពិតតែងតែទុកចិត្តថា ព្រះយេហូវ៉ានឹង‹សងសឹកជំនួសពួករើសតាំងរបស់ទ្រង់›។ (លូកា ១៨:៧, ៨; ថែស្សាឡូនីចទី២ ១:៦-៨) ពួកគេមានចិត្តរាបទាប ដូច្នេះពួកគេទុកឲ្យព្រះយេហូវ៉ាតបតនឹងមនុស្សដែលធ្វើអំពើអាក្រក់។—យេរេមា ៣០:២៣, ២៤; រ៉ូម ១:១៨
១៦, ១៧. (ក) តើការ«ប្រមូលរងើកភ្លើង»ទៅដាក់លើក្បាលនរណាម្នាក់មានន័យអ្វី? (ខ) តើអ្នកធ្លាប់ឃើញកាលៈទេសៈណាដែលសេចក្ដីសប្បុរសរបស់អ្នកបម្រើព្រះបានបន្ទន់ចិត្តអ្នកដែលមិនជឿទៅលើទ្រង់ទេ? បើធ្លាប់ សូមរៀបរាប់ឧទាហរណ៍មួយ។
១៦ បើយើងតបតនឹងខ្មាំងសត្រូវ គាត់មុខជានឹងមានទឹកចិត្តចង់ធ្វើបាបដល់យើងរឹតតែខ្លាំងថែមទៀត។ ប៉ុន្តែ បើយើងប្រព្រឹត្តដោយសប្បុរសទៅលើគាត់វិញ នេះប្រហែលជាអាចបន្ទន់ចិត្តគាត់បាន។ ហេតុអ្វី? សូមកត់សម្គាល់ពាក្យដែលប៉ុលសរសេរចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូម។ គាត់មានប្រសាសន៍ថា៖ «បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ! បើគេស្រេក ចូរឲ្យផឹកទៅ។ បើប្រព្រឹត្តដូច្នោះ នោះដូចជាអ្នកបានប្រមូលរងើកភ្លើងដាក់លើក្បាលគេវិញ»។ (រ៉ូម ១២:២០; សុភាសិត ២៥:២១, ២២) តើនេះមានន័យអ្វី?
១៧ ការ«ប្រមូលរងើកភ្លើងដាក់លើក្បាលគេ»ជាការប្រៀបប្រដូចដែលទាក់ទងនឹងវិធីរម្លាយដែកនៅសម័យបុរាណ។ នៅគ្រានោះ គេបានដាក់រ៉ែក្នុងភ្លើងដោយមានរងើកភ្លើងនៅក្រោមហើយនៅលើផង។ ពេលគេដាក់រងើកភ្លើងនៅលើរ៉ែនោះ នេះធ្វើឲ្យមានកម្ដៅកាន់តែក្ដៅដល់ម្ល៉េះបានជាជាតិដែកនិងកាកសំណល់រលាយចេញពីគ្នា។ ស្រដៀងគ្នាដែរ បើយើងប្រព្រឹត្តដោយសប្បុរសទៅលើមនុស្សដែលប្រឆាំងនឹងយើង នេះអាចមានឥទ្ធិពលទៅលើគាត់ ប្រហាក់ប្រហែលនឹងការរម្លាយដែកដ៏រឹងនៅក្នុងភ្លើង ហើយគាត់ប្រហែលជានឹងបង្ហាញគុណសម្បត្ដិល្អៗមកវិញ។ (ពង្សាវតារក្សត្រទី២ ៦:១៤-២៣) តាមការពិត បងប្អូនជាច្រើនក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិកបានចាប់អារម្មណ៍ចំពោះការថ្វាយបង្គំពិតជាដំបូងនោះ ពីព្រោះរាស្ត្ររបស់ព្រះយេហូវ៉ាបានប្រព្រឹត្តដោយសប្បុរសទៅលើពួកគេ។
មូលហេតុដែលយើងមិនតបត
១៨. តើការមិនតបតនឹងគេជាការប្រព្រឹត្តដ៏ត្រឹមត្រូវ ហើយជាការដែលបង្ហាញចិត្តរាបទាបនិងសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច?
១៨ ការពិនិត្យមើលជាសង្ខេបនូវដំបូន្មានក្នុងសៀវភៅរ៉ូមជំពូកទី១២ បង្ហាញពីមូលហេតុមួយចំនួនដែលយើងមិន«ធ្វើការអាក្រក់ស្នងនឹងការអាក្រក់»។ មូលហេតុទីមួយ គឺដោយសារការទប់ចិត្តមិនតបតនឹងគេ ជាការប្រព្រឹត្តដ៏ត្រឹមត្រូវ។ បើយើងគិតពីសេចក្ដីមេត្ដាករុណាដែលព្រះយេហូវ៉ាបង្ហាញចំពោះយើង នោះជាការត្រឹមត្រូវមែន ឲ្យយើងថ្វាយខ្លួនចំពោះទ្រង់។ ណាមួយទៀត គួរគប្បីឲ្យយើងធ្វើតាមបង្គាប់របស់ទ្រង់យ៉ាងអស់ពីចិត្ត រួមបញ្ចូលច្បាប់ស្តីអំពីការស្រឡាញ់ពួកខ្មាំងសត្រូវ។ មូលហេតុទីពីរដែលយើងមិនសងសឹកដល់គេ គឺដោយសារនេះជាការដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ យើងបង្ហាញសេចក្ដីស្រឡាញ់ដោយទប់ចិត្តមិនតបតនឹងគេ ហើយខំបង្កើតឲ្យមានមេត្រីភាពនិងភាពសុខសាន្ត។ នេះក៏បញ្ជាក់ថា យើងសង្ឃឹមថាអ្នកដែលប្រឆាំងនឹងរាស្ត្ររបស់ព្រះយេហូវ៉ា អាចក្លាយទៅជាអ្នកថ្វាយបង្គំទ្រង់ សូម្បីតែអ្នកនោះប្រឆាំងយ៉ាងខ្លាំងក្ដី។ មូលហេតុទីបីដែលយើងមិនធ្វើអាក្រក់ដោយតបតនឹងគេ គឺដោយសារនេះបង្ហាញថាយើងមានចិត្តរាបទាប។ ការសងសឹកនឹងគេជាការដែលបំពានសិទ្ធិព្រះយេហូវ៉ា ពីព្រោះទ្រង់សន្យាថា៖ «ការសងសឹក នោះស្រេចនឹង[ទ្រង់]»។ បណ្ដាំរបស់ព្រះក៏មានការព្រមានថា៖ «កាលណាកើតមានសេចក្ដីអំនួត[ដោយព្រោះហ៊ានបំពានសិទ្ធិព្រះយេហូវ៉ា] នោះក៏កើតមានសេចក្ដីខ្មាសដែរ។ តែប្រាជ្ញាតែងនៅនឹងមនុស្សសុភាព»ដែលមានចិត្តរាបទាប។ (សុភាសិត ១១:២) ពេលយើងទុកឲ្យព្រះយេហូវ៉ាតបតនឹងមនុស្សដែលធ្វើអំពើអាក្រក់ នេះបង្ហាញថាយើងមានប្រាជ្ញានិងចិត្តរាបទាបមែន។
១៩. តើយើងនឹងពិនិត្យមើលអ្វីក្នុងអត្ថបទបន្ទាប់?
១៩ ប៉ុលបានសរុបសេចក្ដីស្តីអំពីរបៀបដែលយើងគួរប្រព្រឹត្តទៅលើមនុស្សដទៃ ពេលគាត់ដាស់តឿនពួកគ្រិស្តសាសនិកថា៖ «កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អវិញ»។ (រ៉ូម ១២:២១) នៅសព្វថ្ងៃនេះ តើយើងជួបប្រទះនឹងឥទ្ធិពលអាក្រក់អ្វីខ្លះ? តើយើងអាចយកឈ្នះឥទ្ធិពលទាំងនោះដោយរបៀបណា? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរទាំងនេះនិងសំណួរឯទៀតដែលទាក់ទងនឹងរឿងនេះដែរ។
តើអ្នកអាចពន្យល់បានទេ?
• តើដំបូន្មានអ្វីដែលលេចធ្លោម្ដងហើយម្ដងទៀតនៅក្នុងសៀវភៅរ៉ូមជំពូកទី១២?
• តើអ្វីនឹងជួយយើងឲ្យទប់ចិត្តមិនតបតនឹងគេ?
• បើយើងមិន«ធ្វើការអាក្រក់ស្នងនឹងការអាក្រក់» តើយើងព្រមទាំងអ្នកដទៃនឹងទទួលប្រយោជន៍អ្វីខ្លះ?
[ប្រអប់នៅទំព័រ២២]
សៀវភៅរ៉ូមជំពូកទី១២ រៀបរាប់ពីទំនាក់ទំនងដែលពួកគ្រិស្តសាសនិកមានជាមួយនឹង
• ព្រះយេហូវ៉ា
• ពួកអ្នករួមជំនឿ
• ពួកអ្នកដែលមិនជឿទៅលើព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៣]
សំបុត្រដែលប៉ុលសរសេរចំពោះក្រុមជំនុំនៅទីក្រុងរ៉ូមមានដំបូន្មានល្អៗសម្រាប់ពួកគ្រិស្តសាសនិក
[រូបភាពនៅទំព័រ២៥]
តើយើងអាចទាញយកមេរៀនអ្វី ពីគំរូរបស់លោកស្ទេផាន?