បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៨ ទំ. ២៤-២៨
  • ចូរ«ខំចៀសពីសេចក្ដីលោភ»ចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ«ខំចៀសពីសេចក្ដីលោភ»ចុះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សំណូម​ពរ​មួយ​ដែល​មិន​សម​គួរ
  • ចូរ​ប្រយ័ត្ន​នឹង​ការ​លោភ​លន់
  • ជីវិត​និង​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ
  • អនាគត​ល្អ​មិន​មាន​កង្វល់
  • តើអ្នកអាចរក្សាទស្សនៈដ៏ថ្លឹងថ្លែងអំពីរឿងលុយបានយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • តើអ្នក‹មានទ្រព្យសម្បត្ដិខាងឯព្រះ›ឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើអ្នកទុកចិត្ដនិងពឹងផ្អែកលើព្រះខ្លាំងប៉ុនណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៨ ទំ. ២៤-២៨

ចូរ​«ខំ​ចៀស​ពី​សេចក្ដី​លោភ»​ចុះ!

​«ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​ទេ»។—លូកា ១២:១៥

១, ២​. (ក) តើ​អ្នក​បាន​កត់​សម្គាល់​ថា មនុស្ស​ច្រើន​តែ​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី? និង​ដេញ​តាម​អ្វី? (ខ) តើ​ទស្សនៈ​ទាំង​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

មនុស្ស​ជា​ច្រើន​ចាត់​ទុក​លុយ មុខ​មាត់​ធំ ការងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន និង​អចលនវត្ថុ​ផ្សេងៗ​ជា​អ្វី​ដែល​បង្ហាញ​ថា​ខ្លួន​បាន​ជោគជ័យ​ក្នុង​ជីវិត។ ពួក​គេ​ក៏​ទុក​ចិត្ត​ទៅ​លើ​របស់​ទាំង​នេះ​ជា​អ្វី​ដែល​ធានា​ឲ្យ​ពួក​គេ​មាន​អនាគត​ល្អ មិន​មាន​កង្វល់​នៅ​ពេល​ចាស់។ មិន​ថា​នៅ​ប្រទេស​ជឿនលឿន​ឬ​ប្រទេស​ក្រីក្រ​ក៏​ដោយ មនុស្ស​ច្រើន​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ និង​ចេះ​តែ​ខិតខំ​ឲ្យ​មាន​ភាព​ចម្រុងចម្រើន​ថែម​ទៀត។ ម្យ៉ាង​ទៀត មនុស្ស​បែប​នេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គោរព​ព្រះ​កាន់​តែ​តិច​ទៅៗ។

២ ស្ថានភាព​នេះ​គឺ​សម​ស្រប​នឹង​អ្វី​ដែល​បាន​ទាយ​ទុក​ក្នុង​គម្ពីរ។ ទំនាយ​នោះ​ចែង​ថា​៖ «នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់! ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ . . . ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជាជាង​ព្រះ គេ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ចេស្ដា​ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្ដិ​នោះ​ទេ»។ (ធីម៉ូថេទី២ ៣:១​-​៥) ដោយសារ​គ្រិស្ត​សាសនិក​ពិត​រស់​នៅ​ក្នុង​សង្គម​មនុស្ស​ដែល​សុទ្ធតែ​មាន​លក្ខណៈ​បែប​នេះ នោះ​ក៏​មាន​ការ​បង្ខិត​បង្ខំ​រៀង​រាល់​ថ្ងៃ​ឲ្យ​ពួក​គេ​មាន​ទស្សនៈ​និង​របៀប​រស់​នៅ​ដូច​អ្នក​ដទៃ។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​សម័យ​នេះ​ដែល‹បង្ខិត​បង្ខំ​យើង​ឲ្យ​ធ្វើ​តាម​ពួក​គេ›?—រ៉ូម ១២:២, The New Testament in Modern English របស់​លោក J. B. Phillips

៣​. ត​ទៅ​នេះ តើ​យើង​នឹង​ពិនិត្យ​មើល​ឱវាទ​អ្វី​ខ្លះ​របស់​ព្រះ​យេស៊ូ?

៣ ព្រះ​យេស៊ូ​គ្រិស្ត​ជា​«មេ​សំ​រេច​សេចក្ដី​ជំនឿ​របស់​យើង» ហើយ​ទ្រង់​បាន​ផ្ដល់​មេ​រៀន​ល្អៗ​អំពី​របៀប​ទប់ទល់​នឹង​ឥទ្ធិពល​របស់​សម័យ​នេះ។ (ហេព្រើរ ១២:២) មាន​គ្រា​មួយ​ដែល​បុរស​ម្នាក់​បាន​កាត់​ប្រសាសន៍​ព្រះ​យេស៊ូ នៅ​ពេល​ដែល​ទ្រង់​កំពុង​និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស​អំពី​ការ​ថ្វាយ​បង្គំ​ពិត។ អ្នក​នោះ​អង្វរ​សូម​ព្រះ​យេស៊ូ​ដោយ​ពាក្យ​ថា​៖ «លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ​ឲ្យ​គាត់​ចែក​មរ​ដក​មក​ខ្ញុំ​ផង»។ ពេល​តប​ឆ្លើយ ព្រះ​យេស៊ូ​ជូន​ឱវាទ​សំខាន់ៗ​ចំពោះ​បុរស​នោះ​និង​អ្នក​ឯ​ទៀត​ដែល​បាន​ស្ដាប់។ ព្រះ​យេស៊ូ​ព្រមាន​ពួក​គេ​យ៉ាង​ខ្លាំង​អំពី​គ្រោះថ្នាក់​ដែល​មក​ពី​ការ​លោភ​លន់។ រួច​មក ព្រះ​យេស៊ូ​ប្រាប់​រឿង​ប្រៀបប្រដូច​មួយ​ដែល​ជួយ​ពួក​គេ​ឲ្យ​គិត​វែង​ឆ្ងាយ​អំពី​ការ​ព្រមាន​របស់​ទ្រង់។ គួរ​គប្បី​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ដែរ ចំពោះ​អ្វី​ដែល​ព្រះ​យេស៊ូ​បង្រៀន​នៅ​ពេល​នោះ ហើយ​គិត​ពិចារណា​អំពី​អត្ថ​ប្រយោជន៍​ដែល​យើង​អាច​ទទួល​ពេល​ធ្វើ​តាម​យោបល់​នោះ។—លូកា ១២:១៣​-​២១

សំណូម​ពរ​មួយ​ដែល​មិន​សម​គួរ

៤​. ហេតុ​អ្វី​ក៏​មិន​សម​គួរ​ឲ្យ​បុរស​នោះ​កាត់​ប្រសាសន៍​ព្រះ​យេស៊ូ​ដូច្នេះ?

៤ ពេល​ដែល​បុរស​ម្នាក់​នោះ​បាន​កាត់​ប្រសាសន៍​ព្រះ​យេស៊ូ ទ្រង់​កំពុង​និយាយ​ទៅ​កាន់​សិស្ស​ទ្រង់​និង​មនុស្ស​ឯ​ទៀត ឲ្យ​ពួក​គេ​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី​កំពុត​ឬ​អំពើ​ពុត​ត្បុត។ ព្រះ​យេស៊ូ​ក៏​បាន​និយាយ​អំពី​សារៈ​សំខាន់​នៃ​ចិត្ត​ក្លាហាន ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​ជា​កូន​មនុស្ស​នៅ​មុខ​អ្នក​ដទៃ ហើយ​ទ្រង់​ក៏​បាន​ពន្យល់​អំពី​របៀប​ដែល​ពួក​គេ​អាច​ទទួល​ជំនួយ​ពី​សកម្ម​ពល​របស់​ព្រះ។ (លូកា ១២:១​-​១២) ព័ត៌មាន​នោះ​ច្បាស់​ជា​សំខាន់​ណាស់ ហើយ​គប្បី​ឲ្យ​សិស្ស​ទ្រង់​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​មែន។ ប៉ុន្តែ ពេល​ដែល​ព្រះ​យេស៊ូ​កំពុង​ជម្រាប​ជូន​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ត្រិះរិះ​ពិចារណា​នោះ បុរស​ម្នាក់​បាន​កាត់​ប្រសាសន៍​ព្រះ​យេស៊ូ ដើម្បី​សូម​ឲ្យ​ទ្រង់​ជួយ​ដោះស្រាយ​អ្វី​ដែល​មើល​ទៅ​ជា​រឿង​ជម្លោះ​រវាង​សមាជិក​គ្រួសារ ស្តី​អំពី​ការ​ចែក​ទ្រព្យ​សម្បត្ដិ។ យ៉ាង​ណា​ក៏​ដោយ យើង​អាច​ទាញ​យក​មេ​រៀន​សំខាន់​មួយ​ពី​ព្រឹត្ដិការណ៍​ទាំង​នោះ។

៥​. តើ​សំណូម​ពរ​របស់​បុរស​នោះ​ស​ឲ្យ​ឃើញ​ថា​គាត់​មាន​លក្ខណៈ​បែប​ណា?

៥ ធ្លាប់​មាន​គេ​សរសេរ​ថា​៖ «សមត្ថភាព​ប្រមូល​អារម្មណ៍​ឬ​មិន​ប្រមូល​អារម្មណ៍​ពេល​ស្ដាប់​កម្មវិធី​សាសនា នោះ​តែង​តែ​ស​ឲ្យ​ឃើញ​នូវ​ធាតុ​ពិត​នៃ​លក្ខណៈ​របស់​មនុស្ស»។ ពេល​ព្រះ​យេស៊ូ​កំពុង​ពន្យល់​ចំណុច​សំខាន់ៗ​ដែល​អាច​ជួយ​អ្នក​ស្ដាប់​ឲ្យ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ តាម​មើល​ទៅ​បុរស​ម្នាក់​នោះ​បាន​គិត​អំពី​របៀប​រក​លុយ​វិញ។ កំណត់​ហេតុ​ក្នុង​គម្ពីរ​មិន​បញ្ជាក់​ថា បុរស​នោះ​បាន​រង​ការ​អយុត្ដិធម៌​ស្តី​អំពី​មត៌ក​នោះ​ឬ​យ៉ាង​ណា​ទេ។ ប្រហែល​ជា​គាត់​គ្រាន់​តែ​ចង់​កេង​ចំណេញ​ពី​សិទ្ធិ​អំណាច​របស់​ព្រះ​យេស៊ូ ដោយ​ព្រោះ​គាត់​ដឹង​ថា​ទ្រង់​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ដែល​ជំនុំ​ជម្រះ​រឿងរ៉ាវ​របស់​មនុស្ស​ដោយ​ប្រាជ្ញា។ (អេសាយ ១១:៣, ៤; ម៉ាថាយ ២២:១៦) មិន​ថា​មាន​ហេតុ​អ្វី​ក៏​ដោយ​ដែល​ជំរុញ​ឲ្យ​គាត់​សូម​ជំនួយ​នោះ សំណូម​ពរ​របស់​គាត់​ស​ឲ្យ​ឃើញ​ថា គាត់​មាន​លក្ខណៈ​ខ្សោយ​ម្យ៉ាង ពោល​គឺ មិន​ឲ្យ​តម្លៃ​ចំពោះ​រឿង​ដែល​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ។ អាស្រ័យ​ហេតុ​នេះ យើង​ក៏​គួរ​ពិនិត្យ​មើល​ទស្សនៈ​របស់​យើង​ផ្ទាល់​ដែរ មែន​ទេ? ជា​ឧទាហរណ៍ ពេល​នៅ​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សាសនិក ជា​ការ​ងាយ​ស្រួល​ឲ្យ​អារម្មណ៍​របស់​យើង​ហោះ​ពី​នេះ​ទៅ​នោះ ទាំង​គិត​ពី​អ្វី​ដែល​យើង​នឹង​ធ្វើ​ក្រោយ​ប្រជុំ​ចប់។ ផ្ទុយ​ទៅ​វិញ យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្វី​ដែល​ថ្លែង​ជូន​ក្នុង​កម្មវិធី​ប្រជុំ ហើយ​គិត​ពី​របៀប​ដែល​យើង​អាច​អនុវត្ត​តាម​ព័ត៌មាន​នោះ។ នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ជា​បិតា​របស់​យើង​នៅ​ស្ថានសួគ៌ និង​ជា​មួយ​គ្រិស្ត​សាសនិក​គ្នីគ្នា​ផង​ដែរ។—ទំនុកដំកើង ២២:២២; ម៉ាកុស ៤:២៤

៦​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មិន​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​បុរស​នោះ?

៦ មិន​ថា​មាន​ហេតុ​អ្វី​ក៏​ដោយ​ដែល​ជំរុញ​ឲ្យ​អ្នក​នោះ​សូម​ជំនួយ​ពី​ព្រះ​យេស៊ូ ទ្រង់​មិន​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​ប្រាប់​គាត់​ថា​៖ «ឱ​អ្នក​អើយ! តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅក្រម​សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា?»។ (លូកា ១២:​១៤) ពេល​ព្រះ​យេស៊ូ​និយាយ​ដូច្នេះ ទ្រង់​សំដៅ​ទៅ​លើ​អ្វី​ដែល​គ្រប់​ទាំង​បណ្ដាជន​ដឹង​រួច​ហើយ។ ពួក​គេ​បាន​ដឹង​ថា ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​តម្រូវ​ឲ្យ​គ្រប់​ទាំង​ទី​ក្រុង​មាន​ពួក​ចៅក្រម ដើម្បី​កាត់​ក្ដី​ក្នុង​រឿង​បែប​នោះ។ (ចោទិយកថា ១៦:១៨​-​២០; ២១:១៥​-​១៧; នាង​រស់ ៤:១, ២) រីឯ​ព្រះ​យេស៊ូ​វិញ ទ្រង់​តែង​តែ​គិត​ពី​រឿង​សំខាន់​ជាង​នោះ​ទៅ​ទៀត ពោល​គឺ ការ​ធ្វើ​បន្ទាល់​ឬ​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​តាម​បំណង​ចិត្ត​ទ្រង់។ (យ៉ូហាន ១៨:៣៧) យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ដែរ ដោយ​មិន​អនុញ្ញាត​ឲ្យ​រឿង​បន្ទាប់បន្សំ​បង្វែរ​ចិត្ត​បំបែរ​អារម្មណ៍​របស់​យើង​ចេញ​ពី​ការ​ចំណាយ​ពេល​និង​កម្លាំង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​ការ​«បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។—ម៉ាថាយ ២៤:១៤; ២៨:១៩

ចូរ​ប្រយ័ត្ន​នឹង​ការ​លោភ​លន់

៧​. តើ​ព្រះ​យេស៊ូ​បាន​យល់​ធ្លុះ​ជ្រៅ​អំពី​អ្វី?

៧ ព្រះ​យេស៊ូ​មាន​សមត្ថភាព​យល់​ជម្រៅ​ចិត្ត​នៃ​មនុស្ស ដូច្នេះ​ទ្រង់​ជ្រាប​ថា ពេល​បុរស​នោះ​សូម​ទ្រង់​ជួយ​ឲ្យ​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​ក្រុម​គ្រួសារ សំណូម​ពរ​នោះ​បង្ហាញ​ថា​គាត់​មាន​បំណង​ចិត្ត​មិន​ល្អ។ ជា​លទ្ធផល ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​អត់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់​ប៉ុណ្ណោះ តែ​ក៏​និយាយ​បញ្ជាក់​ពី​សន្ដាន​ចិត្ត​ដែល​ជំរុញ​ឲ្យ​បុរស​នោះ​សូម​ជំនួយ។ ព្រះ​យេស៊ូ​ព្រមាន​ថា​៖ «ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​[«គ្រប់​បែប​យ៉ាង»]​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​ទេ»។—លូកា ១២:១៥; ព.ថ.

៨​. តើ​ការ​លោភ​លន់​រួម​បញ្ចូល​គំនិត​បែប​ណា? តើ​ការ​លោភ​លន់​អាច​នាំ​មនុស្ស​ឲ្យ​ធ្វើ​អ្វី?

៨ ការ​ប្រាថ្នា​ចង់​បាន​លុយ​និង​របស់​ឯ​ទៀត​ដែល​យើង​ត្រូវ​ការ​ក្នុង​ជីវិត ប្រហែល​មិន​មែន​ជា​ការ​លោភ​ចង់​បាន​ទេ។ ក៏​ប៉ុន្តែ ស្រប​ទៅ​តាម​វចនានុក្រម​មួយ ការ​«លោភ​លន់»​ជា​ការ‹ចង់​បាន​ច្រើន​ហួស​ពេក› ហើយ​ក៏​អាច​សំដៅ​ទៅ​លើ​ការ​ចង់​បាន​កម្មសិទ្ធិ​របស់​អ្នក​ឯ​ទៀត​ដែរ។ នេះ​ក៏​រួម​បញ្ចូល​ចំណង់​ចំណូល​ចិត្ត​ដែល​ចេះ​តែ​ចង់​បាន​របស់​ទ្រព្យ​ដោយ​ឥត​ចេះ​ឆ្អែត រួម​ទាំង​ការ​ចង់​បាន​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​ផង។ ទោះ​ជា​ខ្លួន​ត្រូវ​ការ​របស់​ទាំង​នោះ​ឬ​អត់​ក្ដី ធម្មតា​មនុស្ស​លោភ​ខំ​បំពេញ​ចិត្ត​ប្រាថ្នា​ដោយ​មិន​គិត​ពី​លទ្ធផល​ដល់​អ្នក​ដទៃ។ ការ​លោភ​លន់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​ល្មោភ ដល់​ម្ល៉េះ​បាន​ជា​អ្វី​ដែល​គាត់​លោភ​ចង់​បាន​នោះ ប្រៀប​ដូច​ជា​ព្រះ​ដែល​គាត់​គោរព។ សូម​នឹក​ចាំ​ថា សាវ័ក​ប៉ុល​ហៅ​មនុស្ស​លោភ​ជា​អ្នក​ដែល​មាន​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​មនុស្ស​បែប​នោះ​មិន​អាច​រួម​ចំណែក​ក្នុង​នគរ​ដែល​ជា​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ។—អេភេសូរ ៥:៥; កូល៉ុស ៣:៥

៩​. តើ​អំពើ​ណា​ខ្លះ​ដែល​ស​ឲ្យ​ឃើញ​នូវ​ចិត្ត​លោភ​លន់? សូម​រៀប​រាប់​ឧទាហរណ៍​ខ្លះ។

៩ គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា ព្រះ​យេស៊ូ​បាន​ព្រមាន​អំពី‹សេចក្ដី​លោភ​គ្រប់​បែប​យ៉ាង›។ ការ​លោភ​លន់​មាន​ច្រើន​បែប​ច្រើន​យ៉ាង។ ក្រឹត្យ​ទី១០​ក្នុង​ចំណោម​វិន័យ​ទាំង​១០​ប្រការ​របស់​ព្រះ​ចែង​ថា​៖ «កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្ដី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ»។ (និក្ខមនំ ២០:១៧) មាន​គំរូ​ជា​ច្រើន​ក្នុង​គម្ពីរ ស្តី​អំពី​មនុស្ស​ដែល​បាន​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ​ដោយ​ព្រោះ​មាន​ចិត្ត​លោភ​លន់​ម្យ៉ាង។ សាតាំង​ជា​អ្នក​មុន​គេ​បង្អស់​ដែល​លោភ​ចង់​បាន​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ដទៃ។ វា​ចង់​បាន​សិរី​រុងរឿង កិត្ដិនាម​និង​អំណាច​ដែល​ជា​របស់​ផង​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ (វិវរណៈ ៤:​១១) នាង​អេវ៉ា​មាន​ចិត្ត​លោភ​ចង់​បាន​សិទ្ធិ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ពេល​នាង​ចាញ់​បញ្ឆោត​សាតាំង នេះ​បាន​នាំ​ឲ្យ​មនុស្ស​ជាតិ​ទទួល​បាប​និង​សេចក្ដី​ស្លាប់។ (លោកុប្បត្តិ ៣:៤​-​៧) ពួក​ទេវតា​ដែល​កាន់​ជើង​សាតាំង​«មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន គឺ​ជា​ទេវតា​ដែល​បោះបង់​ចោល​ទីលំនៅ​ចេញ» ដោយ​ព្រោះ​តែ​ចង់​បាន​អ្វី​ដែល​គេ​គ្មាន​សិទ្ធិ​ទទួល។ (យូដាស ៦; លោកុប្បត្តិ ៦:២) សូម​គិត​ដែរ អំពី​បុរស​ឈ្មោះ​បាឡាម អេកាន កេហាស៊ី​និង​យូដាស។ ជា​ជាង​មាន​ចិត្ត​ស្កប់ស្កល់ ពួក​គេ​អនុញ្ញាត​ឲ្យ​ចិត្ត​លោភ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ហួស​ហេតុ​ពេក ជំរុញ​ឲ្យ​ពួក​គេ​បំពាន​សិទ្ធិ​អំណាច​របស់​ខ្លួន ដែល​នាំ​ឲ្យ​រលំ​ដួល​ទាំង​វិនាស​ទៅ​ផង។

១០​. ស្រប​ទៅ​តាម​ដំបូន្មាន​របស់​ព្រះ​យេស៊ូ តើ​យើង​ត្រូវ​តែ​«ប្រយ័ត»​ដោយ​ធ្វើ​អ្វី?

១០ គប្បី​ណាស់​ដែល​មុន​ព្រះ​យេស៊ូ​ព្រមាន​អំពី​ការ​លោភ​លន់ ទ្រង់​លាន់​មាត់​ថា​៖ «ចូរ​ប្រយ័ត!»។ ហេតុ​អ្វី​ក៏​គប្បី​ឲ្យ​ទ្រង់​និយាយ​ដូច្នេះ? គឺ​ពីព្រោះ​ជា​ការ​ងាយ​ស្រួល​ឲ្យ​មនុស្ស​កត់​សម្គាល់​អំពើ​របស់​អ្នក​ដទៃ​ដែល​បង្ហាញ​ពី​ចិត្ត​លោភ តែ​កម្រ​ណាស់​ដែល​មនុស្ស​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ចិត្ត​លោភ​វិញ។ សាវ័ក​ប៉ុល​បញ្ជាក់​ថា​៖ «ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង»។ (ធីម៉ូថេទី១ ៦:៩, ១០) លោក​យ៉ាកុប​ក៏​ពន្យល់​ថា កាល​ណា​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ល្អ​«ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប»។ (យ៉ាកុប ១:១៥) ដូច្នេះ ស្រប​ទៅ​តាម​ដំបូន្មាន​របស់​ព្រះ​យេស៊ូ យើង​ត្រូវ​តែ​«ប្រយ័ត»​ខ្លួន​ឯង មិន​មែន​ពិនិត្យ​មើល​អ្នក​ដទៃ​ដោយ​ចង់​ដឹង​ថា តើ​គាត់​មាន​ចិត្ត​លោភ​ឬ​ទេ? តែ​គប្បី​ឲ្យ​យើង​ពិនិត្យ​មើល​ចិត្ត​របស់​ខ្លួន​យើង​ផ្ទាល់ ដើម្បី​ឲ្យ​ដឹង​ថា​តើ​យើង‹ខំ​ចៀស​ពី​សេចក្ដី​លោភ​គ្រប់​បែប​យ៉ាង›ឬ​យ៉ាង​ណា?

ជីវិត​និង​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ

១១, ១២​. (ក) តើ​ព្រះ​យេស៊ូ​ព្រមាន​យ៉ាង​ណា​អំពី​ការ​លោភ​លន់? (ខ) ហេតុ​អ្វី​ក៏​ចាំបាច់​ឲ្យ​យើង​ធ្វើ​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ?

១១ មាន​មូលហេតុ​មួយ​ទៀត​ដែល​យើង​ត្រូវ​តែ​ប្រយ័ត្ន​នឹង​ការ​លោភ​លន់។ សូម​កត់​សម្គាល់​អ្វី​ដែល​ព្រះ​យេស៊ូ​ប្រាប់​ត​ទៅ​ទៀត​ថា​៖ «ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​ទេ»។ (លូកា ១២:​១៥) ដោយ​គិត​ពី​វត្ថុ​និយម​នា​សម័យ​នេះ និង​ទស្សនៈ​និយម​ដែល​ថា សុភមង្គល​និង​ជោគជ័យ​ក្នុង​ជីវិត​តែង​ទាក់ទិន​នឹង​ភាព​ចម្រុងចម្រើន ហើយ​ភាព​សម្បូរ​ហូរ​ហៀរ នោះ​គប្បី​ឲ្យ​យើង​យក​ពាក្យ​របស់​ព្រះ​យេស៊ូ​មក​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ។ ពេល​និយាយ​ដូច្នេះ ព្រះ​យេស៊ូ​ចង់​បញ្ជាក់​ថា ជីវភាព​រស់​នៅ​ដែល​មាន​ខ្លឹមសារ​ហើយ​នាំ​ឲ្យ​មាន​ចិត្ត​ស្កប់ស្កល់ នោះ​មិន​មក​ពី​វត្ថុ​ទ្រព្យ ឬ​ពឹងផ្អែក​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​សោះ​ឡើយ។

១២ មនុស្ស​ខ្លះ​មិន​ឯកភាព​ទេ។ ពួក​គេ​លើក​ហេតុ​ផល​ថា បើ​យើង​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន យើង​ក៏​អាច​សប្បាយ​នឹង​ជីវិត​ស្រណុក​ស្រួល ដូច្នេះ​ជីវិត​ក៏​មាន​ខ្លឹមសារ​ច្រើន​ជាង​ដែរ។ ជា​លទ្ធផល ពួក​គេ​ខំ​រក​អាជីព​ដែល​ហុច​ឱកាស​ឲ្យ​ពួក​គេ​ទិញ​របស់​សព្វសារពើ​តាម​តែ​ចិត្ត​ប្រាថ្នា។ ពួក​គេ​គិត​ថា នេះ​នឹង​នាំ​ឲ្យ​បាន​ជីវិត​សប្បាយ។ ប៉ុន្តែ ពេល​គិតគូរ​បែប​នេះ ពួក​គេ​មិន​អាច​យល់​នូវ​អត្ថន័យ​ពិត​នៃ​ពាក្យ​របស់​ព្រះ​យេស៊ូ​ឡើយ។

១៣​. ដើម្បី​ស​ឲ្យ​ឃើញ​នូវ​គំនិត​នឹង​ធឹង តើ​យើង​គួរ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​ជីវិត​និង​កម្មសិទ្ធិ?

១៣ ព្រះ​យេស៊ូ​និយាយ​ពាក្យ​ទាំង​នោះ មិន​មែន​ដោយ​មាន​បំណង​វិនិច្ឆ័យ​ថា មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ច្រើន​ជា​អ្វី​ដែល​ខុស ឬ​មិន​ជា​ការ​ខុស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​ចង់​បញ្ជាក់​ថា ជីវិត​របស់​មនុស្ស​មិន​ពឹងផ្អែក​ទៅ​លើ​«ទ្រព្យ​សម្បត្ដិ»​ដែល​ពួក​គេ​មាន។ យើង​រាល់​គ្នា​ដឹង​ថា យើង​មិន​ត្រូវ​ការ​ច្រើន​ប៉ុន្មាន​ទេ ដើម្បី​ចិញ្ចឹម​ជីវិត។ យើង​ត្រូវ​ការ​តែ​ម្ហូប​បន្ដិច​បន្តួច សម្លៀក​បំពាក់​និង​កន្លែង​សម្រាក​ប៉ុណ្ណោះ។ មនុស្ស​ដែល​មាន​សម្បូរ​ហូរ​ហៀរ មាន​របស់​ទាំង​នោះ​យ៉ាង​បរិបូរ ហើយ​មនុស្ស​ក្រីក្រ​ត្រូវ​ព្យាយាម​ទាំង​លំបាក​ដើម្បី​ឲ្យ​បាន​របស់​តិច​តួច។ ប៉ុន្តែ មិន​ថា​មនុស្ស​មាន​ច្រើន​ឬ​ខ្វះ​ខាត​ក្ដី ពួក​គេ​ស្មើ​ភាព​គ្នា​នៅ​ពេល​ស្លាប់ ពីព្រោះ​ពេល​នោះ​ពួក​គេ​ទាំង​អស់​គ្នា​ទៅ​ជា​សូន្យ​វិញ។ (សាស្ដា ៩:៥, ៦) ដូច្នេះ ជីវិត​ដែល​មាន​ខ្លឹមសារ​និង​តម្លៃ មិន​អាច ហើយ​ក៏​មិន​គួរ​អាស្រ័យ​ទៅ​លើ​របស់​របរ​ដែល​យើង​ប្រមូល​ទុក​ជា​កម្មសិទ្ធិ​ឡើយ។ យើង​អាច​យល់​ចំណុច​នេះ​យ៉ាង​ច្បាស់​បាន ពេល​យើង​ពិនិត្យ​មើល​ថា តើ​ព្រះ​យេស៊ូ​បាន​និយាយ​អំពី​ជីវិត​ក្នុង​ន័យ​អ្វី?

១៤​. ពេល​ដឹង​អត្ថន័យ​ពិត​នៃ​ពាក្យ​ភាសា​ដើម​ក្នុង​គម្ពីរ​ដែល​បកប្រែ​ថា «ជីវិត» តើ​យើង​អាច​យល់​យ៉ាង​ណា?

១៤ ពេល​ដែល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​ទេ» ពាក្យ​ភាសា​ក្រិច (ហ្សូអេ) ក្នុង​សៀវភៅ​លូកា​ដែល​បកប្រែ​ថា «ជីវិត»​នោះ មិន​សំដៅ​ទៅ​លើ​របៀប​រស់​នៅ​ឬ​គន្លង​ជីវិត​ទេ តែ​សំដៅ​ទៅ​លើ​ជីវិត​ឬ​ការ​រស់​នៅ​តែ​ម្ដង។a ព្រះ​យេស៊ូ​ចង់​បញ្ជាក់​ថា មិន​ថា​យើង​មាន​របៀប​រស់​នៅ​ដ៏​សប្បាយ​ហ៊ឺហា ឬ​ចេះ​តែ​ខំ​រក​ស៊ី​ទាំង​លំបាក​ក្ដី យើង​មិន​អាច​កំណត់​ដោយ​ខ្លួន​ឯង​ថា យើង​នឹង​រស់​ច្រើន​ឆ្នាំ​ទៀត ឬ​ផុត​ដង្ហើម​ទៅ​នៅ​ថ្ងៃ​ស្អែក​នោះ​ទេ។ ក្នុង​ធម្មទាន​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​នៅ​លើ​ភ្នំ ទ្រង់​មាន​ប្រសាសន៍​ថា​៖ «តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​[«បង្កើន​អាយុ​របស់»]​ខ្លួន​១​ហត្ថ ដោយសារ​សេចក្ដី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?»។ (ម៉ាថាយ ៦:​២៧; ខ.ស.) គម្ពីរ​បង្ហាញ​ថា មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ជា​«ជ្រោះ​[ឬ​«ប្រភព»]​នៃ​ជីវិត»។ មាន​តែ​ព្រះ​យេហូវ៉ា​ទេ ដែល​អាច​ប្រទាន​ឲ្យ​មនុស្ស​ស្មោះ​ត្រង់​នូវ​«ជីវិត​អស់កល្ប​ជានិច្ច»​ដែល​គ្មាន​ទីបញ្ចប់ មិន​ថា​នៅ​ឯ​ស្ថានសួគ៌​ឬ​នៅ​ផែនដី​ក្ដី។—ទំនុកដំកើង ៣៦:​៩; ៣៦:​១០, ខ.ស.; ធីម៉ូថេទី១ ៦:១២, ១៩

១៥​. ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​ទុក​ចិត្ត​ទៅ​លើ​ទ្រព្យ​សម្បត្ដិ?

១៥ ពាក្យ​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា ជា​ការ​ងាយ​ស្រួល​ណាស់ ឲ្យ​មនុស្ស​មាន​ទស្សនៈ​ខុស​ឆ្គង​ស្តី​អំពី​ជីវិត។ មិន​ថា​ជា​អ្នក​មាន​ឬ​ក្រ​ក្ដី គ្មាន​មនុស្ស​ណា​សោះ​មាន​ភាព​ល្អ​ឥតខ្ចោះ ដូច្នេះ​នៅ​ទីបំផុត យើង​រាល់​គ្នា​ទៅ​កន្លែង​ដដែល។ លោក​ម៉ូសេ​ពី​សម័យ​បុរាណ​បាន​កត់​សម្គាល់​ថា​៖ «កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ គង់​តែ​អ្វីៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធតែ​ជា​ការ​នឿយ​លំបាក​នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់»។ (ទំនុកដំកើង ៩០:១០; យ៉ូប ១៤:១, ២; ពេត្រុសទី១ ១:២៤) អាស្រ័យ​ហេតុ​នេះ បើ​មនុស្ស​មិន​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ ពួក​គេ​ច្រើន​តែ​មាន​ចិត្ត​គំនិត​ស្រប​ទៅ​តាម​អ្វី​ដែល​សាវ័ក​ប៉ុល​សរសេរ​ថា​៖ «ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ! ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ»។ (កូរិនថូសទី១ ១៥:៣២) ចំពោះ​មនុស្ស​ឯ​ទៀត ពេល​ដែល​ពួក​គេ​យល់​ថា អាយុ​ជីវិត​មិន​តែង​តែ​ប្រាកដប្រជា ហើយ​ក៏​អាច​ឆាប់​បាត់​ទៅ​ផង​ដែរ​នោះ ពួក​គេ​រក​ទ្រព្យ​សម្បត្ដិ​ជា​ទីពឹង​ដើម្បី​ឲ្យ​បាន​សេចក្ដី​សុខ​និង​ស្ថិរភាព។ ពួក​គេ​មាន​អារម្មណ៍​ថា របស់​ទ្រព្យ​នឹង​ជួយ​បំបាត់​កង្វល់។ ជា​លទ្ធផល ពួក​គេ​ខិតខំ​ប្រមូល​ទ្រព្យ​ធន​ឲ្យ​បាន​បរិបូរ ដោយ​មាន​គំនិត​ឆ្គង​ថា របស់​ទាំង​នោះ​នាំ​ឲ្យ​មាន​សុភមង្គល​និង​ភាព​សុខសាន្ត។—ទំនុកដំកើង ៤៩:៦, ១១, ១២

អនាគត​ល្អ​មិន​មាន​កង្វល់

១៦​. តើ​ជីវិត​ដែល​ពិត​ជា​មាន​តម្លៃ​មិន​អាស្រ័យ​ទៅ​លើ​អ្វី?

១៦ បើ​យើង​មាន​ម្ហូបអាហារ​ជា​បរិបូរ សម្លៀក​បំពាក់​ស្អាតៗ ផ្ទះ​សំបែង​ធំ​ទូលាយ​និង​ឧបករណ៍​ទំនើបៗ​ជា​ច្រើន នេះ​ច្បាស់​ជា​នាំ​ឲ្យ​មាន​ជីវិត​ស្រណុក​ស្រួល​មែន។ ណា​មួយ​ទៀត បើ​មាន​លុយ​ច្រើន យើង​ក៏​អាច​រក​គ្រូ​ពេទ្យ​ល្អ​ដើម្បី​ទទួល​ការ​ព្យាបាល​យ៉ាង​ប្រណី​ត​បាន ហើយ​នេះ​ប្រហែល​ជា​អាច​ចម្រើន​អាយុ​ឲ្យ​យើង​មែន។ ប៉ុន្តែ តើ​ជីវិត​បែប​នោះ​ពិត​ជា​មាន​ខ្លឹមសារ​ច្រើន​ជាង ឬ​បំបាត់​កង្វល់​ឲ្យ​អស់​មែន​ទេ? តាម​ពិត ជីវិត​ដែល​ពិត​ជា​មាន​តម្លៃ មិន​ស្រេច​ទៅ​លើ​អាយុ​យឺន​យូរ​និង​របស់​របរ​ជា​ច្រើន​ដែល​នាំ​ឲ្យ​បាន​សប្បាយ​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​ព្រមាន​អំពី​ការ​ទុក​ចិត្ត​ហួស​ហេតុ​ពេក​ទៅ​លើ​របស់​ទាំង​នោះ។ គាត់​សរសេរ​ជូន​ចំពោះ​ប្អូន​ប្រុស​ឈ្មោះ​ធីម៉ូថេ​ថា​៖ «ចូរ​ហាមប្រាម​ដល់​ពួក​អ្នក​មាន​នៅ​លោកីយ​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ»។—ធីម៉ូថេទី១ ៦:១៧

១៧, ១៨​. (ក) ស្តី​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​ទ្រព្យ​សម្បត្ដិ តើ​យើង​គួរ​ធ្វើ​តាម​គំរូ​ល្អ​របស់​អ្នក​ណា​ខ្លះ? (ខ) ក្នុង​អត្ថបទ​បន្ទាប់ តើ​យើង​នឹង​ពិនិត្យ​មើល​ពាក្យ​ប្រៀប​ប្រដូច​មួយ​ណា​របស់​ព្រះ​យេស៊ូ?

១៧ ការ​ទុក​ចិត្ត​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​មិន​តែង​តែ​មាន​ប្រយោជន៍ ពីព្រោះ​របស់​ទាំង​នោះ​សុទ្ធតែ​«មិន​ទៀង»។ លោក​យ៉ូប​ពី​សម័យ​បុរាណ​ជា​អ្នក​មាន​ស្តុកស្តម្ភ ប៉ុន្តែ ក្នុង​មួយ​រំពេច ពេល​មាន​គ្រោះ​មហន្តរាយ គាត់​បាត់បង់​អស់​របស់​ទាំង​នោះ។ ទ្រព្យ​សម្បត្ដិ​ទាំង​ឡាយ​មិន​បាន​ជួយ​គាត់​ទាល់តែ​សោះ។ មាន​តែ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ដែល​គាត់​មាន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដែល​ជួយ​គាត់​ឲ្យ​ស៊ូទ្រាំ​នឹង​ទុក្ខ​វេទនា​ទាំង​ឡាយ។ (យ៉ូប ១:១, ៣, ២០​-​២២) ពេល​ដែល​ព្រះ​យេហូវ៉ា​សូម​ឲ្យ​លោក​អ័ប្រាហាំ​នៅ​សម័យ​បុរាណ​ធ្វើ​ការ​ដ៏​ពិបាក​មួយ គាត់​មិន​អនុញ្ញាត​ឲ្យ​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​រំខាន​គាត់​ទេ។ ជា​លទ្ធផល គាត់​ទទួល​ឯកសិទ្ធិ​ក្លាយ​ជា​«ឪពុក​នៃ​សាសន៍​ជា​ច្រើន»។ (លោកុប្បត្តិ ១២:១, ៤; ១៧:៤​-​៦) បុរស​ទាំង​នេះ​និង​អ្នក​ឯ​ទៀត​ផង​ដែរ បាន​តាំង​គំរូ​ល្អ​សម្រាប់​យើង។ មិន​ថា​យើង​មាន​វ័យ​ចាស់​ឬ​នៅ​ក្មេង​នៅ​ឡើយ យើង​ត្រូវ​តែ​ពិនិត្យ​មើល​ទស្សនៈ​របស់​ខ្លួន​យើង​ថា តើ​អ្វី​មាន​អាទិ​ភាព​ក្នុង​ជីវិត? ហើយ​តើ​យើង​ទុក​ចិត្ត​ទៅ​លើ​អ្វី?—អេភេសូរ ៥:១០; ភីលីព ១:១០

១៨ ព្រះ​យេស៊ូ​មិន​បាន​និយាយ​វែង​ឆ្ងាយ​អំពី​ការ​លោភ​លន់​ទេ តែ​អ្វី​ដែល​ទ្រង់​បង្រៀន​ពិត​ជា​មាន​ខ្លឹមសារ​និង​ប្រយោជន៍​មែន ស្តី​អំពី​ទស្សនៈ​ត្រឹម​ត្រូវ​ដែល​យើង​គួរ​មាន​ចំពោះ​ជីវិត។ យ៉ាង​ណា​ក្ដី ព្រះ​យេស៊ូ​នៅ​តែ​មាន​ការ​ណែនាំ​ថែម​ទៀត ហើយ​ត​ទៅ​ទៀត​ទ្រង់​បាន​រៀប​រាប់​រឿង​ប្រៀបប្រដូច​មួយ​អំពី​បុរស​អ្នក​មាន​ម្នាក់ ដែល​ទ្រង់​ហៅ​ថា ជា​មនុស្ស​ល្ងីល្ងើ​វិញ។ តើ​រឿង​ប្រៀបប្រដូច​នោះ​ទាក់ទង​យ៉ាង​ណា​ទៅ​នឹង​ជីវិត​យើង​នៅ​សព្វ​ថ្ងៃ​នេះ? តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​រឿង​នោះ? អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។

[កំណត់​សម្គាល់]

a វចនានុក្រម​មួយ​ដែល​បកស្រាយ​អត្ថន័យ​ពាក្យ​ក្នុង​គម្ពីរ​ពន្យល់​ថា ភាសា​ក្រិច​មាន​ពាក្យ​មួយ​ទៀត គឺ​ប៊ីអូស ដែល​មិន​បកប្រែ​ថា «ជីវិត»​ប៉ុណ្ណោះ​ទេ តែ​អាច​សំដៅ​ទៅ​លើ​«អំឡុង​ជីវិត» «របៀប​រស់​នៅ»​និង​«ការ​ផ្គត់ផ្គង់​ជីវិត»​ដែរ (Vine’s Expository Dictionary of Old and New Testament Words)។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ចម្លើយ​របស់​ព្រះ​យេស៊ូ ពេល​ទ្រង់​មិន​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​បុរស​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស?

• ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ខំ​ជៀស​ពី​សេចក្ដី​លោភ? តើ​យើង​អាច​ជៀស​ពី​សេចក្ដី​លោភ​យ៉ាង​ដូច​ម្ដេច?

• ហេតុ​អ្វី​ក៏​ជីវិត​មិន​ស្រេច​នឹង​ទ្រព្យ​សម្បត្ដិ?

• តើ​អ្វី​អាច​នាំ​ឲ្យ​បាន​ជីវិត​ដែល​ពិត​ជា​មាន​ខ្លឹមសារ​ហើយ​អស់​កង្វល់?

[រូបភាព​នៅ​ទំព័រ​២៦]

តើ​លោក​អ័ប្រាហាំ​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា គាត់​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទ្រព្យ​សម្បត្ដិ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក