បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៨ ទំ. ២៩-៣២
  • តើអ្នក‹មានទ្រព្យសម្បត្ដិខាងឯព្រះ›ឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នក‹មានទ្រព្យសម្បត្ដិខាងឯព្រះ›ឬ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​សម្រេច​ចិត្ត​របស់​អ្នក​មាន​ម្នាក់
  • ម្ដេច​ក៏​«ល្ងីល្ងើ»​ទៅ​វិញ?
  • របៀប​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ
  • មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ជា​អ្នក​មាន
  • តើអ្វីពិតជាសំខាន់?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • បុរសអ្នកមាននិងឡាសារ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូឆ្លើយតបនឹងអ្នកគ្រប់គ្រងដែលជាអ្នកមានម្នាក់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៨ ទំ. ២៩-៣២

តើ​អ្នក‹មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ›ឬ?

​«អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។—លូកា ១២:២១

១, ២​. (ក) តើ​មនុស្ស​សុខ​ចិត្ត​លះបង់​ប្រយោជន៍​ខ្លួន​ដើម្បី​ឲ្យ​បាន​អ្វី​ខ្លះ? (ខ) តើ​គ្រិស្ត​សាសនិក​នឹង​មាន​ការ​ពិបាក​ព្រម​ទាំង​គ្រោះថ្នាក់​អ្វី?

មិន​ថា​នៅ​សម័យ​ណា ឬ​ប្រទេស​ណា​ក្ដី មនុស្ស​បាន​ខំ​ពុះពារ នឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ពីព្រោះ​ពួក​គេ​ចង់​បាន​ទ្រព្យ​សម្បត្ដិ។ ជា​ឧទាហរណ៍ នៅ​សតវត្សរ៍​ទី១៩ មនុស្ស​បាន​ធ្វើ​ដំណើរ​ពី​គ្រប់​ទិស​ទី​ដើម្បី​ទៅ​ជីក​រក​មាស​នៅ​ប្រទេស​អូស្ដ្រាលី អាហ្វ្រិក​ខាង​ត្បូង កាណាដា​និង​សហរដ្ឋ​អាម៉េរិក។ អ្នក​ទាំង​នោះ​សុខ​ចិត្ត​ចាក​ចេញ​ពី​ស្រុក​កំណើត ទាំង​លះ​ចោល​គ្រួសារ​បងប្អូន​ជា​ទី​ស្រឡាញ់ ដើម្បី​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​ឯ​ប្រទេស​ដែល​មាន​ស្ថានភាព​ប្លែក​ពី​ប្រទេស​របស់​ខ្លួន​និង​អាច​មាន​គ្រោះថ្នាក់​ផង ដោយ​មាន​បំណង​ចង់​តែ​រក​កំណប់​ទ្រព្យ​ប៉ុណ្ណោះ។ ត្រូវ​មែន មនុស្ស​ជា​ច្រើន​សុខ​ចិត្ត​លះបង់​ប្រយោជន៍​ខ្លួន និង​ប្រថុយ​ជីវិត​ដើម្បី​ទទួល​ទ្រព្យ​សម្បត្ដិ​ដែល​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន។

២ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ភាគ​ច្រើន​មិន​ជីក​រក​មាស​ទេ តែ​ពួក​គេ​នៅ​តែ​ខំ​រក​លុយ​យ៉ាង​នឿយ​ហត់​ដើម្បី​ចិញ្ចឹម​ជីវិត។ នៅ​សម័យ​នេះ ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​តែង​តែ​ពិបាក ជា​បន្ទុក​ធ្ងន់ ហើយ​នាំ​ឲ្យ​មាន​ទុក្ខ​ផង។ បើ​មិន​ប្រយ័ត្ន យើង​អាច​ខ្វល់ខ្វាយ​អំពី​រឿង​ម្ហូប សម្លៀកបំពាក់​និង​ទី​ជម្រក​ដល់​ម្ល៉េះ​បាន​ជា​យើង​ភ្លេច ឬ​ធ្វេសប្រហែស​នឹង​រឿង​ដែល​សំខាន់​ជាង។ (រ៉ូម ១៤:១៧) ព្រះ​យេស៊ូ​បាន​ប្រាប់​រឿង​ប្រៀបប្រដូច​មួយ​ដែល​ពណ៌នា​យ៉ាង​ច្បាស់​ពី​ទំនោរ​ចិត្ត​របស់​មនុស្ស​បែប​នេះ។ រឿង​នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​លូកា ១២:១៦​-​២១។

៣​. សូម​រៀប​រាប់​ជា​សង្ខេប​នូវ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​ក្នុង​សៀវភៅ​លូកា ១២:១៦​-​២១។

៣ ព្រះ​យេស៊ូ​បាន​ប្រាប់​រឿង​ប្រៀបប្រដូច​នោះ​ពេល​ដែល​ទ្រង់​និយាយ​អំពី​សារៈ​សំខាន់​នៃ​ការ​ជៀស​ពី​សេចក្ដី​លោភ ដែល​បាន​ពិភាក្សា​ក្នុង​អត្ថបទ​មុន​នេះ។ ក្រោយ​ព្រះ​យេស៊ូ​បាន​ព្រមាន​អំពី​ការ​លោភ​លន់ ទ្រង់​រៀប​រាប់​អំពី​អ្នក​មាន​ម្នាក់​ដែល​មិន​ស្កប់​ចិត្ត​នឹង​ជង្រុក​ដែល​ពេញ​ជា​បរិបូរ​រួច​ហើយ តែ​គាត់​រុះ​ជង្រុក​ទាំង​នោះ​ចោល ហើយ​ធ្វើ​ជង្រុក​ធំ​ជាង​សម្រាប់​ទុក​ទ្រព្យ​សម្បត្ដិ​ច្រើន​ថែម​ទៀត។ នេះ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ស្រួល​ហើយ​សប្បាយ​នឹង​ជីវិត ស្រាប់​តែ​ព្រះ​ប្រាប់​គាត់​ថា គាត់​ហៀប​នឹង​ស្លាប់ ហើយ​របស់​ជា​ច្រើន​ដែល​គាត់​បាន​ប្រមូល​ទុក​នោះ ត្រូវ​ផ្ទេរ​ដល់​អ្នក​ផ្សេង​វិញ។ ពេល​បញ្ចប់​រឿង ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។ (លូកា ១២:២១) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​រឿង​ប្រៀបប្រដូច​នោះ? តើ​យើង​អាច​ធ្វើ​តាម​មេ​រៀន​នេះ​ក្នុង​ជីវិត​យើង​យ៉ាង​ដូច​ម្ដេច?

ការ​សម្រេច​ចិត្ត​របស់​អ្នក​មាន​ម្នាក់

៤​. ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ តើ​អ្នក​មាន​ម្នាក់​នោះ​អាច​តំណាង​មនុស្ស​បែប​ណា?

៤ មនុស្ស​ជា​ច្រើន​ធ្លាប់​ឮ​រឿង​មួយ​នេះ​របស់​ព្រះ​យេស៊ូ។ យើង​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​ចាប់​ផ្ដើម​រឿង​នេះ​ដោយ​និយាយ​ថា​៖ «ស្រែ​ចំ​ការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចំរើន​ជា​បរិបូរ»។ ព្រះ​យេស៊ូ​មិន​ថា អ្នក​នោះ​បាន​ប្រមូល​ទ្រព្យ​សម្បត្ដិ​ដោយ​បោក​ប្រាស​អ្នក​ដទៃ​ឬ​ដោយ​វិធី​ខុស​ច្បាប់​ទេ។ នេះ​បាន​ន័យ​ថា ព្រះ​យេស៊ូ​មិន​សំដៅ​ទៅ​លើ​អ្នក​មាន​ម្នាក់​នោះ ជា​មនុស្ស​អាក្រក់​ឡើយ។ តាម​ការ​ពិត ពាក្យ​របស់​ព្រះ​យេស៊ូ​បង្កប់​អត្ថន័យ​ថា អ្នក​នោះ​បាន​ធ្វើ​ការ​ដោយ​ប្រឹងប្រែង​វិញ។ យើង​អាច​សន្និដ្ឋាន​ថា អ្នក​នោះ​មាន​ផែនការ​សន្សំ​ទុក​ផល​ចម្រូត​សម្រាប់​ថ្ងៃ​ក្រោយ ដោយ​ប្រហែល​ជា​គិត​ដល់​អនាគត​របស់​ភរិយា​និង​កូន។ បើ​គិត​ពី​ទស្សនៈ​របស់​មនុស្ស​ធម្មតា អ្នក​មាន​ម្នាក់​នោះ​អាច​តំណាង​មនុស្ស​នានា​ដែល​ខំ​ធ្វើ​ការ​ដោយ​មាន​បំណង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។

៥​. ក្នុង​រឿង​របស់​ព្រះ​យេស៊ូ តើ​កាលៈទេសៈ​បែប​ណា​តម្រូវ​ឲ្យ​អ្នក​មាន​នោះ​ធ្វើ​ការ​សម្រេច​ចិត្ត?

៥ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​បាន​ហៅ​បុរស​នោះ​ជា​អ្នក​មាន ដែល​បញ្ជាក់​ថា គាត់​មាន​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​រួច​ទៅ​ហើយ។ ប៉ុន្តែ ព្រះ​យេស៊ូ​បង្ហាញ​ថា អ្នក​មាន​នោះ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ ពីព្រោះ​ស្រែ​ចម្ការ​របស់​គាត់​កើត​ផល​ច្រើន​លើស​ជាង​គាត់​បាន​នឹក​ស្មាន ហើយ​ច្រើន​ជាង​អ្វី​ដែល​គាត់​ត្រូវ​ការ​ឬ​អាច​ប្រមូល​ទុក​បាន។ តើ​គាត់​គួរ​តែ​ធ្វើ​អ្វី?

៦​. នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​បម្រើ​ព្រះ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ខ្លះ?

៦ នៅ​សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​ក៏​ជួបប្រទះ​កាលៈទេសៈ​ប្រហាក់​ប្រហែល​នឹង​អ្នក​មាន​នោះ​ដែរ។ ពេល​ធ្វើ​ការ ពួក​គ្រិស្ត​សាសនិក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​របស់​ខ្លួន ព្រម​ទាំង​ប្រព្រឹត្ត​ដោយ​ទៀងត្រង់​ហើយ​ខ្នះខ្នែង​ផង។ (កូល៉ុស ៣:២២, ២៣) មិន​ថា​ពួក​គេ​ទទួល​ប្រាក់​ខែ​ឬ​រក​ស៊ី​ដោយ​ខ្លួន​ឯង​ក្ដី ពួក​គេ​ធ្វើ​ការ​យ៉ាង​ល្អ ហើយ​ធម្មតា​ក៏​ប៉ិនប្រសប់​ធ្វើ​ការ​របស់​ខ្លួន​ផង។ ប៉ុន្តែ ពេល​ថៅកែ​ចង់​តែងតាំង​ពួក​គេ​ឲ្យ​មាន​មុខ​ងារ​ថែម​ទៀត ឬ​ពួក​គេ​មាន​ឱកាស​ធ្វើ​ការ​រក​ស៊ី​ដែល​នាំ​ឲ្យ​បាន​ចំណេញ​ច្រើន​ជាង ពួក​គេ​ក៏​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែរ។ តើ​ពួក​គេ​គួរ​ទទួល​មុខ​ងារ​បន្ថែម ឬ​រក​ស៊ី​ថែម​ទៀត​នោះ​ឬ​ទេ? គឺ​ដូច​គ្នា​ដែរ ចំពោះ​យុវជន​យុវតី​ជា​ច្រើន​ដែល​ជា​ស្មរបន្ទាល់​ឬ​សាក្សី​របស់​ព្រះ​យេហូវ៉ា។ ដោយសារ​ពួក​គេ​ខំ​រៀន​ឲ្យ​បាន​ល្អ​នៅ​ឯ​សាលា ពួក​គេ​អាច​ទទួល​អាហារ​រូប​ករ​ណ៍​និង​ឱកាស​រៀន​ថែម​ទៀត​នៅ​ស្ថាប័ន​ផ្សេងៗ​ដែល​មាន​ឈ្មោះ​ល្បី។ តើ​ពួក​គេ​គួរ​ធ្វើ​ដូច​មនុស្ស​នា​សម័យ​នេះ​ដោយ​យល់​ព្រម​ភ្លាម ហើយ​ចូល​រៀន​ថែម​ទៀត​ឬ?

៧​. តើ​បុរស​ក្នុង​រឿង​របស់​ព្រះ​យេស៊ូ​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី?

៧ សូម​គិត​អំពី​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​ម្ដង​ទៀត។ ពេល​ស្រែ​ចម្ការ​របស់​អ្នក​មាន​នោះ បាន​បង្កើត​ផល​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​គាត់​គ្មាន​កន្លែង​ប្រមូល​ទុក​បាន តើ​គាត់​ធ្វើ​អ្វី? គាត់​សម្រេច​ចិត្ត​រុះ​ជង្រុក​ចោល ហើយ​ធ្វើ​ជង្រុក​ថ្មី​ដែល​ធំ​ជាង ដើម្បី​ប្រមូល​ទុក​ផល​និង​ទ្រព្យ​សម្បត្ដិ​របស់​គាត់។ តាម​មើល​ទៅ គាត់​ស្កប់​ចិត្ត​ចំពោះ​ផែនការ​នោះ​ដល់​ម្ល៉េះ​បាន​ជា​គាត់​អស់​កង្វល់ ហើយ​មាន​គំនិត​ថា​៖ «អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ‹ចិត្ត​អើយ! ឯង​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ។ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ!›»។—លូកា ១២:១៩

ម្ដេច​ក៏​«ល្ងីល្ងើ»​ទៅ​វិញ?

៨​. តើ​អ្នក​មាន​ក្នុង​រឿង​របស់​ព្រះ​យេស៊ូ​ភ្លេច​គិត​ពី​ចំណុច​សំខាន់​មួយ​ណា?

៨ ស្រប​ទៅ​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​រៀប​រាប់​នោះ ផែនការ​របស់​បុរស​អ្នក​មាន​បាន​ធ្វើ​ឲ្យ​គាត់​អស់​កង្វល់​មួយ​រយៈ​មែន។ ប៉ុន្តែ ទោះ​ជា​គាត់​មាន​គំនិត​និង​បំណង​ចិត្ត​ល្អ​ក៏​ដោយ គាត់​ភ្លេច​គិត​ពី​ចំណុច​សំខាន់​មួយ ពោល​គឺ គោល​បំណង​របស់​ព្រះ។ បុរស​នោះ​ចេះ​តែ​គិត​ពី​ខ្លួន​គាត់ ថា​គាត់​អាច​ឈប់​សម្រាក​ហើយ​ស៊ី​ផឹក​សប្បាយ។ គាត់​គិត​ថា ដោយសារ​គាត់​មាន​«ទ្រព្យ​សម្បត្ដិ​ជា​ច្រើន» គាត់​ក៏​អាច​រស់​នៅ​«យូរ​ឆ្នាំ»​ទៀត​បាន។ ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់! គាត់​មិន​មាន​អនាគត​យ៉ាង​នោះ​ឡើយ។ ដូច​ព្រះ​យេស៊ូ​បាន​មាន​ប្រសាសន៍​ពី​មុន «ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​ទេ»។ (លូកា ១២:១៥) នៅ​យប់​នោះ​ឯង បុរស​អ្នក​មាន​បាត់បង់​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ប្រមូល​ទុក ពីព្រោះ​ព្រះ​និយាយ​ទៅ​កាន់​គាត់​ថា​៖ «ឱ​មនុស្ស​ល្ងីល្ងើ​អើយ! នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ។ ដូច្នេះ តើ​ទ្រព្យ​សម្បត្ដិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?»។—លូកា ១២:២០

៩​. ហេតុ​អ្វី​ក៏​ព្រះ​ហៅ​អ្នក​មាន​ក្នុង​រឿង​នោះ​ថា ជា​មនុស្ស​ល្ងីល្ងើ?

៩ នេះ​ហើយ​ជា​គោល​ចំណុច​នៃ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ។ ព្រះ​បាន​ហៅ​អ្នក​មាន​នោះ​ថា ជា​មនុស្ស​ល្ងីល្ងើ។ វចនានុក្រម​មួយ​អំពី​ពាក្យ​ក្នុង​សញ្ញា​ថ្មី​ពន្យល់​ថា ពាក្យ​ភាសា​ក្រិច​ដែល​បកប្រែ​ថា ល្ងីល្ងើ​នោះ «តែង​តែ​សំដៅ​ទៅ​លើ​អ្នក​ដែល​ខ្វះ​ការ​យល់​ដឹង»។ វចនានុក្រម​នោះ​ក៏​ពន្យល់​ទៀត​ថា ក្នុង​រឿង​ប្រៀបប្រដូច​នេះ ព្រះ​ហៅ​បុរស​នោះ​ថា ជា​មនុស្ស​ល្ងីល្ងើ ដើម្បី​បង្ហាញ​ថា «ផែនការ​របស់​ពួក​អ្នក​មាន​សុទ្ធតែ​អសារ​ឥត​ការ»។ ពាក្យ​នោះ​មិន​សំដៅ​ទៅ​លើ​មនុស្ស​ល្ងង់​ទេ តែ​ចំពោះ​«អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ថា ខ្លួន​ត្រូវ​ការ​ព្រះ​ជា​ទីពឹង»។ (Exegetical Dictionary of the New Testament) របៀប​ដែល​ព្រះ​យេស៊ូ​ពិពណ៌នា​អំពី​បុរស​អ្នក​មាន​នោះ នាំ​ឲ្យ​យើង​គិត​ពី​អ្វី​ដែល​ទ្រង់​បាន​និយាយ​យូរ​ឆ្នាំ​ក្រោយ​មក​ទៅ​កាន់​គ្រិស្ត​សាសនិក​នា​សតវត្សរ៍​ទី​មួយ នៅ​ទី​ក្រុង​ឡៅឌីសេ។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ឯង​អួត​ថា ឯង​ជា​អ្នក​មាន​បាន​កាន់​តែ​ស្តុកស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័ល​ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ»។—វិវរណៈ ៣:១៧

១០​. ទោះ​បើ​យើង​មាន​«ទ្រព្យ​សម្បត្ដិ​ជា​ច្រើន»​ក្ដី ហេតុ​អ្វី​ក៏​នេះ​មិន​ជា​ការ​ដែល​ធានា​ថា​យើង​នឹង​រស់​បាន​«យូរ​ឆ្នាំ»​ទៀត?

១០ យក​ល្អ​ឲ្យ​យើង​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​អំពី​មេ​រៀន​នេះ។ តើ​យើង​មាន​លក្ខណៈ​ដូច​អ្នក​មាន​ក្នុង​រឿង​នោះ ដោយ​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​ឲ្យ​មាន​«ទ្រព្យ​សម្បត្ដិ​ជា​ច្រើន» តែ​ខាន​ធ្វើ​អ្វី​ដែល​ជា​ចាំបាច់​ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​រស់​«យូរ​ឆ្នាំ»​ឬ​ទេ? (យ៉ូហាន ៣:១៦; ១៧:៣) គម្ពីរ​ចែង​ថា​៖ «ទ្រព្យ​សម្បត្ដិ​គ្មាន​ប្រយោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ» ហើយ​«អ្នក​ណា​ដែល​ទីពឹង​ចំពោះ​ទ្រព្យ​សម្បត្ដិ​ខ្លួន នោះ​នឹង​ត្រូវ​ដួល​ចុះ»។ (សុភាសិត ១១:៤, ២៨) អាស្រ័យ​ហេតុ​នេះ ព្រះ​យេស៊ូ​បន្ថែម​ការ​ដាស់​តឿន​ក្នុង​សេចក្ដី​បញ្ចប់​នៃ​រឿង​នោះ​ថា​៖ «អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​[ទ្រព្យ​សម្បត្ដិ]​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។—លូកា ១២:២១

១១​. ហេតុ​អ្វី​ក៏​ការ​ពឹងផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ដើម្បី​ឲ្យ​បាន​អនាគត​ល្អ​ដែល​អស់​កង្វល់​សុទ្ធតែ​អសារ​ឥត​ការ?

១១ ពេល​ដែល​ព្រះ​យេស៊ូ​និយាយ​ថា​៖ «នោះ​ក៏​ដូច្នោះ​ដែរ» ទ្រង់​បញ្ជាក់​ថា មនុស្ស​ដែល​ពឹងផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ដើម្បី​ឲ្យ​បាន​អនាគត​ល្អ​ដែល​អស់​កង្វល់ នោះ​នឹង​ជួបប្រទះ​កាលៈទេសៈ​ដូច​បុរស​អ្នក​មាន​ក្នុង​រឿង​ប្រៀបប្រដូច។ តាម​ពិត ការ​«ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​បំរុង​តែ​ខ្លួន​ឯង»​មិន​ជា​អ្វី​ដែល​ខុស​ទេ តែ​បើ​យើង​មិន‹មាន​ទ្រព្យសម្បត្ដិ​ខាង​ឯ​ព្រះ› នោះ​ជា​កំហុស​ធ្ងន់​វិញ។ លោក​យ៉ាកុប​បាន​ព្រមាន​ដូច​គ្នា​ដែរ​ថា​៖ «ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ‹ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​នឹង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ​ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ› អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ»។ តើ​ពួក​គេ​គួរ​តែ​ធ្វើ​អ្វី? ពួក​គេ​«គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា​៖ ‹បើ​យើង​រស់​នៅ ហើយ​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ​ឬ​ការ​នោះ›»។ (យ៉ាកុប ៤:១៣​-​១៥) មិន​ថា​មនុស្ស​ជា​អ្នក​មាន​ស្តុកស្តម្ភ ហើយ​មាន​ភោគផល​សម្បូរ​ហូរ​ហៀរ​ក្ដី ទាំង​អស់​នោះ​សុទ្ធតែ​អសារ​ឥត​ការ បើ​គាត់​មិន​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ​វិញ។ បើ​ដូច្នេះ តើ​យើង​អាច​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ​ក្នុង​ន័យ​អ្វី?

របៀប​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ

១២​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ?

១២ ព្រះ​យេស៊ូ​បញ្ជាក់​ថា ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន​ឯង​និង​ការ​រក្សា​ឲ្យ​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ​មាន​លក្ខណៈ​ទីទៃ​ពី​គ្នា។ ដូច្នេះ ព្រះ​យេស៊ូ​មិន​ចង់​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ ឬ​ឲ្យ​បាន​សប្បាយ​នឹង​របស់​របរ​ទាំង​នោះ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​តែ​ប្រើ​ធនធាន​របស់​យើង​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​នឹង​ទ្រង់។ បើ​ដូច្នេះ នេះ​ប្រៀប​ដូច​ជា​យើង​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ។ ហេតុ​អ្វី? ពីព្រោះ​ទង្វើ​បែប​នោះ​ផ្ដល់​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​យ៉ាង​ច្រើន​មក​លើ​យើង។ គម្ពីរ​ចែង​ថា​៖ «អំណោយ​ពរ​នៃ​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ»។—សុភាសិត ១០:២២

១៣​. តើ​អំណោយ​ពរ​ពី​ព្រះ​យេហូវ៉ា‹ធ្វើ​ឲ្យ​យើង​ទៅ​ជា​មាន›យ៉ាង​ដូច​ម្ដេច?

១៣ ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ទៅ​លើ​រាស្ត្រ​ទ្រង់ ទ្រង់​តែង​តែ​ប្រទាន​អ្វី​ដែល​ល្អ​បំផុត។ (យ៉ាកុប ១:១៧) ជា​ឧទាហរណ៍ ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​បណ្ដាជន​អ៊ីស្រាអែល​ទុក​ជា​លំនៅ​ស្ថាន​នោះ ជា​«ស្រុក​ដែល​មាន​ទឹក​ដោះ​នឹង​ទឹក​ឃ្មុំ​ហូរ​ហៀរ​មក»។ ទោះ​ជា​ស្រុក​អេស៊ីប​ធ្លាប់​គេ​ពណ៌នា​យ៉ាង​ដូច្នោះ​ដែរ ស្រុក​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ដល់​បណ្ដាជន​អ៊ីស្រាអែល មាន​លក្ខណៈ​ខុស​គ្នា​ត្រង់​ចំណុច​សំខាន់​មួយ។ លោក​ម៉ូសេ​ប្រាប់​ពួក​អ៊ីស្រាអែល​ថា ទឹក​ដី​របស់​ពួក​គេ​«ជា​ស្រុក​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​[ពួក​គេ​បាន]​ថែរក្សា»។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​មាន​ភាព​ចម្រុងចម្រើន ពីព្រោះ​ព្រះ​យេហូវ៉ា​ថែរក្សា​ពួក​គេ។ ដរាប​ណា​ដែល​បណ្ដាជន​អ៊ីស្រាអែល​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ដរាប​នោះ​ឯង​ពួក​គេ​ទទួល​ពរ​យ៉ាង​វិសេស​ពី​ទ្រង់ ហើយ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​ជនជាតិ​ឯ​ទៀត​នៅ​ជុំវិញ​ស្រុក​នោះ។ ត្រូវ​ណាស់ អំណោយ​ពរ​ពី​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​«ធ្វើ​ឲ្យ​ទៅ​ជា​មាន»​មែន!—ជនគណនា ១៦:១៣; ចោទិយកថា ៤:៥​-​៨; ១១:៨​-​១៥

១៤​. តើ​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

១៤ ឃ្លា​ថា «មាន​ខាង​ឯ​ព្រះ» ក៏​បាន​បកប្រែ​ថា «ជា​អ្នក​មាន​ស្រប​តាម​ទស្សនៈ​របស់​ព្រះ» ឬ​«ព្រះ​ចាត់​ទុក​ជា​អ្នក​មាន»។ (Today’s English Version; The New Testament in Modern English របស់​លោក J. B. Phillips) តាម​ធម្មតា មនុស្ស​ដែល​ជា​អ្នក​មាន​ចេះ​តែ​ខ្វល់ខ្វាយ​ថា តើ​មនុស្ស​ដទៃ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​គេ? ហើយ​របៀប​រស់​នៅ​របស់​ពួក​គេ​ស​ឲ្យ​ឃើញ​នូវ​កង្វល់​នេះ។ ពួក​គេ​ចង់​ឲ្យ​អ្នក​ដទៃ​កោត​ស្ងើច​ចំពោះ​ពួក​គេ ដែល​គម្ពីរ​ហៅ​ថា «សេចក្ដី​អំនួត​របស់​ជីវិត»។ (យ៉ូហានទី១ ២:១៦) ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់ ហើយ​ទ្រង់​ផ្គាប់​ចិត្ត​និង​ស្រឡាញ់​ពួក​គេ ព្រម​ទាំង​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​ពួក​គេ​ផង។ ប្រយោជន៍​ទាំង​នេះ​ច្បាស់​ជា​នាំ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​សប្បាយ​និង​អស់​កង្វល់ ច្រើន​ជាង​ភាព​សុខសាន្ត​ដែល​បាន​មក​ពី​ការ​ប្រមូល​វត្ថុ​ទ្រព្យ។ (អេសាយ ៤០:១១) ប៉ុន្តែ នៅ​តែ​មាន​សំណួរ​សំខាន់​មួយ​ថា តើ​យើង​អាច​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ​ដោយ​របៀប​ណា?

មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ជា​អ្នក​មាន

១៥​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ?

១៥ ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ អ្នក​មាន​នោះ​បាន​ធ្វើ​ការ​នឿយ​ហត់​តាម​ផែនការ​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។ ជា​លទ្ធផល ព្រះ​ហៅ​គាត់​ថា ជា​មនុស្ស​ល្ងីល្ងើ​វិញ។ ដូច្នេះ បើ​យើង​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ យើង​ត្រូវ​តែ​រួម​ចំណែក​យ៉ាង​ពេញលេញ​ដោយ​ខ្នះខ្នែង​ក្នុង​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា មាន​តម្លៃ​និង​មាន​ប្រយោជន៍។ ការ​ទាំង​នោះ​រួម​បញ្ចូល​កិច្ចការ​ដែល​ព្រះ​យេស៊ូ​បង្គាប់​យើង​ឲ្យ​ធ្វើ​ថា​៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ (ម៉ាថាយ ២៨:១៩) កាល​ដែល​យើង​ចំណាយ​ពេល កម្លាំង​និង​លក្ខណៈ​ប៉ិនប្រសប់​របស់​យើង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សារ​រាជាណាចក្រ​របស់​ព្រះ និង​ធ្វើ​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ជា​ជាង​រក​ភាព​ចម្រុងចម្រើន​សម្រាប់​តែ​ខ្លួន​ឯង នេះ​ប្រៀប​ដូច​ជា​វិនិយោគទុន​ម្យ៉ាង។ អស់​អ្នក​ដែល​ធ្វើ​ដូច្នេះ នឹង​បាន​ផល​ចំណេញ​ជា​មិន​ខាន ដូច​ដែល​បាន​បញ្ជាក់​ក្នុង​បទពិសោធន៍​ទាំង​ប៉ុន្មាន​ដូច​ត​ទៅ​នេះ។—សុភាសិត ១៩:១៧

១៦, ១៧​. សូម​រៀប​រាប់​បទពិសោធន៍​ដែល​បង្ហាញ​ពី​របៀប​រស់​នៅ​ដែល​នាំ​ឲ្យ​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ។

១៦ សូម​គិត​អំពី​គ្រិស្ត​សាសនិក​ម្នាក់​នៅ​ប្រទេស​មួយ​នា​ទ្វីប​អាស៊ី។ គាត់​ធ្វើ​ការ​ជា​អ្នក​បច្ចេកទេស​ខាង​កុំព្យូទ័រ ហើយ​បាន​ប្រាក់​ខែ​ច្រើន។ ប៉ុន្តែ គាត់​ធ្វើ​ការ​ឥត​ទំនេរ​សោះ ដែល​នាំ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា គាត់​មាន​ចំណង​មិត្តភាព​ខ្សោយ​ជា​មួយ​នឹង​ព្រះ។ ជា​ជាង​រក​មុខ​ងារ​ថែម​ទៀត​នៅ​កន្លែង​ធ្វើ​ការ គាត់​ឈប់​ធ្វើ​ការ​នៅ​ទី​នោះ ហើយ​ចាប់​ផ្ដើម​ធ្វើ​និង​លក់​ការ៉េម​តាម​ផ្លូវ ដើម្បី​ឲ្យ​មាន​ពេល​ច្រើន​ជាង​សម្រាប់​ការ​ថ្វាយ​បង្គំ​ព្រះ និង​ភារកិច្ច​ដែល​ទាក់ទង​នោះ។ ជា​លទ្ធផល អ្នក​រួម​ការងារ​ពី​មុន​ក៏​ចំអក​ដាក់​គាត់។ ប៉ុន្តែ តើ​មាន​លទ្ធផល​អ្វី? គាត់​មាន​ប្រសាសន៍​ថា​៖ «តាម​ការ​ពិត ខ្ញុំ​មាន​លុយ​ច្រើន​ជាង​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ខាង​កុំព្យូទ័រ។ ខ្ញុំ​សប្បាយ​ជាង​មុន ពីព្រោះ​ខ្ញុំ​លែង​មាន​កង្វល់​និង​ចិត្ត​តានតឹង​ដែល​ធ្លាប់​មាន​នៅ​កន្លែង​ធ្វើ​ការ។ សំខាន់​បំផុត ឥឡូវ​នេះ​ខ្ញុំ​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​មុន​ទៅ​ទៀត»។ ដោយសារ​គ្រិស្ត​សាសនិក​ម្នាក់​នេះ​បាន​ផ្លាស់​ប្ដូរ​ការងារ​នោះ គាត់​មាន​ឱកាស​ផ្សព្វផ្សាយ​ពេញ​ពេល ហើយ​ឥឡូវ​ក៏​ជួយ​បម្រើ​ការ​នៅ​ឯ​ការិយាល័យ​សាខា​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​គាត់។ អំណោយ​ពរ​ពី​ព្រះ​យេហូវ៉ា​ពិត​ជា​«ធ្វើ​ឲ្យ​គាត់​មាន»​មែន!

១៧ មាន​ឧទាហរណ៍​មួយ​ទៀត។ ស្ត្រី​ម្នាក់​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​ចាត់​ទុក​ការ​អប់រំ​ខ្ពស់​ជា​អ្វី​ដែល​មាន​តម្លៃ​ជាង​គេ។ គាត់​បាន​ចូល​រៀន​នៅ​ឯ​សកល​វិទ្យាល័យ​ផ្សេងៗ​នា​ប្រទេស​បារាំង ម៉ិកស៊ិក​និង​ស្វីស ហើយ​គាត់​សង្ឃឹម​រក​អាជីព​ល្អ​ផង​ដែរ។ អ្នក​ស្រី​ប្រាប់​ថា​៖ «ខ្ញុំ​បាន​ជោគជ័យ​ហើយ។ ខ្ញុំ​ក៏​មាន​មុខ​មាត់​ធំ​និង​ឯកសិទ្ធិ​ផ្សេងៗ​ដែរ។ ប៉ុន្តែ ខ្ញុំ​មិន​ស្កប់​ចិត្ត​ទេ ហាក់​ដូច​ជា​អ្វីៗ​ទាំង​អស់​សុទ្ធតែ​ជា​មោឃ»។ ក្រោយ​មក អ្នក​ស្រី​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា។ គាត់​ពន្យល់​ថា​៖ «ពេល​ដែល​ខ្ញុំ​យល់​គម្ពីរ​កាន់​តែ​ច្រើន ហើយ​មាន​ឆន្ទៈ​ចង់​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា​និង​សង​គុណ​ចំពោះ​ទ្រង់ នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី ពោល​គឺ ត្រូវ​តែ​បម្រើ​ទ្រង់​ពេញ​ពេល»។ បង​ស្រី​លា​លែង​ការងារ​ដែល​គាត់​ធ្លាប់​ធ្វើ ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​បាន​ជ្រមុជ​ទឹក​ថ្វាយ​ព្រះ។ អស់​រយៈ​ពេល​២០​ឆ្នាំ​ហើយ បង​ស្រី​មាន​ចិត្ត​សប្បាយ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ពេញ​ពេល។ គាត់​មាន​ប្រសាសន៍​ទៀត​ថា​៖ «ទោះ​ជា​មនុស្ស​ខ្លះ​ស្ដាយ​ដែល​ខ្ញុំ​មិន​ធ្វើ​ការ​ដែល​ពួក​គាត់​គិត​ថា​ខ្ញុំ​ប៉ិន​ធ្វើ​ក៏​ដោយ ពួក​គាត់​នៅ​តែ​ទទួល​ស្គាល់​ថា ខ្ញុំ​មាន​សុភមង្គល ហើយ​ពួក​គាត់​ក៏​ឲ្យ​តម្លៃ​ចំពោះ​គោលការណ៍​ដែល​ណែនាំ​ជីវិត​ខ្ញុំ។ រៀង​រាល់​ថ្ងៃ​ខ្ញុំ​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​រក្សា​ឲ្យ​មាន​ចិត្ត​រាប​ទាប​ដើម្បី​ផ្គាប់​ចិត្ត​ទ្រង់»។

១៨​. ដូច​ប៉ុល តើ​យើង​អាច​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៨ បុរស​ឈ្មោះ​សូល​ដែល​ក្រោយ​មក​បាន​ហៅ​ថា​សាវ័ក​ប៉ុល ដំបូង​គាត់​មាន​ឱកាស​ទទួល​អាជីព​មួយ​ដ៏​ល្អ​ដែរ។ ប៉ុន្តែ​ក្រោយ​មក គាត់​សរសេរ​ថា​៖ «ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ជា​ព្រះ​អម្ចាស់​នៃ​ខ្ញុំ»។ (ភីលីព ៣:៧, ៨) ប៉ុល​ចាត់​ទុក​ផល​ប្រយោជន៍​ដែល​គាត់​ទទួល​ពី​ព្រះ​គ្រិស្ត ជា​ទ្រព្យ​សម្បត្ដិ​ដែល​មាន​តម្លៃ​លើស​ជាង​អ្វីៗ​ដែល​គាត់​អាច​ទទួល​នា​សម័យ​នោះ។ ដូច​គ្នា​ដែរ បើ​យើង​លះបង់​មហិច្ឆតា​ដែល​រក​តែ​ប្រយោជន៍​ខ្លួន​ឯង ហើយ​ខំ​បម្រើ​ព្រះ​យ៉ាង​អស់​ពី​សមត្ថភាព នោះ​យើង​អាច​សប្បាយ​នឹង​ជីវិត​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ជា​អ្នក​មាន។ បណ្ដាំ​របស់​ព្រះ​ធានា​ថា​៖ «ផល​នៃ​សេចក្ដី​សុភាព​នឹង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្ដិ កិត្ដិសព្ទ នឹង​ជីវិត»។—សុភាសិត ២២:៤

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ តើ​អ្នក​មាន​នោះ​បាន​ជួប​ប្រទះ​កាលៈទេសៈ​បែប​ណា​ដែល​តម្រូវ​ឲ្យ​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត?

• ហេតុ​អ្វី​ក៏​ព្រះ​ហៅ​អ្នក​មាន​ក្នុង​រឿង​នោះ​ថា ជា​មនុស្ស​ល្ងីល្ងើ?

• តើ​យើង​អាច​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ​ក្នុង​ន័យ​អ្វី?

• តើ​យើង​អាច​មាន​ទ្រព្យ​សម្បត្ដិ​ខាង​ឯ​ព្រះ​ដោយ​របៀប​ណា?

[រូបភាព​នៅ​ទំព័រ​៣១]

ពេល​មាន​ឱកាស​រៀន​និង​ធ្វើ​ការ​ច្រើន​ថែម​ទៀត តើ​នេះ​អាច​ល្បួង​យើង​យ៉ាង​ណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក