បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៩៦ ទំ. ២២៤-ទំ. ២២៥ វ. ៧
  • លោកយេស៊ូឆ្លើយតបនឹងអ្នកគ្រប់គ្រងដែលជាអ្នកមានម្នាក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូឆ្លើយតបនឹងអ្នកគ្រប់គ្រងដែលជាអ្នកមានម្នាក់
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេស៊ូនិងនាម៉ឺនវ័យក្មេងម្នាក់ដែលជាអ្នកមាន
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ជីវិតដែលគ្មានទីបញ្ចប់នៅផែនដី តើគ្រិស្ដបានបង្រៀនអំពីក្ដីសង្ឃឹមនេះទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • តើអ្នក‹មានទ្រព្យសម្បត្ដិខាងឯព្រះ›ឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ការមិនរស់សំរាប់តែខ្លួនឯងទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៩៦ ទំ. ២២៤-ទំ. ២២៥ វ. ៧
អ្នកគ្រប់គ្រងវ័យក្មេងដែលជាអ្នកមានកំពុងលុតជង្គង់កាលដែលគាត់និយាយទៅកាន់លោកយេស៊ូ

ជំពូក​ទី​៩៦

លោក​យេស៊ូ​ឆ្លើយ​តប​នឹង​អ្នក​គ្រប់​គ្រង​ដែល​ជា​អ្នក​មាន​ម្នាក់

ម៉ាថាយ ១៩:១៦​-​៣០ ម៉ាកុស ១០:១៧​-​៣១ លូកា ១៨:១៨​-​៣០

  • បុរស​អ្នក​មាន​ម្នាក់​សួរ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់

លោក​យេស៊ូ​បន្ត​ធ្វើ​ដំណើរ​កាត់​តំបន់​ភេរៀ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។ នៅ​ពេល​នោះ បុរស​អ្នក​មាន​វ័យ​ក្មេង​ម្នាក់​បាន​រត់​ទៅ​លុត​ជង្គង់​នៅ​មុខ​លោក។ បុរស​នេះ​គឺ​ជា​«​អ្នក​គ្រប់​គ្រង​ម្នាក់​»​ ដែល​ប្រហែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ក្នុង​សាលា​ប្រជុំ ឬ​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ គាត់​សួរ​លោក​យេស៊ូ​ថា​៖ ​«​លោក​គ្រូ​ល្អ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក?​»។—លូកា ៨:៤១; ១៨:១៨; ២៤:២០

លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ថា​ខ្ញុំ​ល្អ​ដូច្នេះ? ក្រៅ​ពី​ព្រះ គ្មាន​អ្នក​ណា​ល្អ​ឡើយ​»។ បុរស​វ័យ​ក្មេង​នោះ​ទំនង​ជា​ប្រើ​ពាក្យ​«​ល្អ​»​ដើម្បី​បង្ហាញ​ការ​គោរព ពី​ព្រោះ​នេះ​ជា​ងារ​ដែល​ពួក​រ៉ាប៊ី​ប្រើ​ដែរ។ ទោះ​បី​ជា​លោក​យេស៊ូ​ពូកែ​ក្នុង​ការ​បង្រៀន​ក៏​ដោយ លោក​ប្រាប់​បុរស​នោះ​ឲ្យ​ដឹង​ថា​គឺ​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​មាន​ឋានៈ​«​ល្អ​»​នេះ។

លោក​យេស៊ូ​ឲ្យ​ឱវាទ​គាត់​ថា​៖ ​«​ប៉ុន្តែ ប្រសិន​បើ​អ្នក​ចង់​ទទួល​ជីវិត ចូរ​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទាំង​ប៉ុន្មាន​ជា​ដរាប​ចុះ​»។ ដូច្នេះ គាត់​សួរ​លោក​ថា​៖ ​«​តើ​បញ្ញត្ដិ​អ្វី​ខ្លះ​លោក?​»។ លោក​យេស៊ូ​លើក​ឡើង​បញ្ញត្ដិ​៥​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​១០​ស្តី​អំពី​ការ​មិន​ត្រូវ​ធ្វើ​ឃាតកម្ម មិន​ត្រូវ​ផិត​ក្បត់ មិន​ត្រូវ​លួច មិន​ត្រូវ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ និង​ការ​គោរព​ឪ​ពុក​ម្ដាយ។ បន្ទាប់​មក លោក​បន្ថែម​បញ្ញត្ដិ​មួយ​ដែល​សំខាន់​ជាង​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។—ម៉ាថាយ ១៩:១៧​-​១៩

បុរស​វ័យ​ក្មេង​នោះ​ជម្រាប​លោក​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​ហើយ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?​»។ (​ម៉ាថាយ ១៩:២០​) គាត់​សួរ​ដូច្នេះ ប្រហែល​ជា​ដោយ​សារ​គាត់​មាន​អារម្មណ៍​ថា​គាត់​ខ្វះ​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ណា​មួយ​ដែល​មិន​អាច​ឲ្យ​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់ ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ពេល​លោក​យេស៊ូ​សង្កេត​ឃើញ​ថា​បុរស​នោះ​សួរ​ដោយ​ចិត្ត​ស្មោះ លោក​«​មាន​ចិត្ត​ស្រឡាញ់​គាត់​»។ (​ម៉ាកុស ១០:២១​) ក៏​ប៉ុន្តែ បុរស​នោះ​មាន​ឧបសគ្គ​មួយ​ដែល​រា​រាំង​គាត់។

បុរស​នោះ​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន។ ហេតុ​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​មាន​អ្វី​មួយ​ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ។ ចូរ​ទៅ​លក់​អ្វី​ៗ​ដែល​អ្នក​មាន ហើយ​ឲ្យ​ដល់​អ្នក​ក្រ នោះ​អ្នក​នឹង​មាន​ទ្រព្យ​វិសេស​នៅ​ស្ថាន​សួគ៌ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ!​»។ ត្រូវ​មែន បុរស​នោះ​អាច​ចែក​ប្រាក់​របស់​គាត់​ទៅ​អ្នក​ក្រី​ក្រ​ដែល​មិន​អាច​សង​គាត់​វិញ ហើយ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ លោកយេស៊ូ​ទំនង​ជា​អាណិត​បុរស​នោះ ពេល​លោក​ឃើញ​គាត់​ក្រោក​ឡើង ហើយ​បាន​ចេញ​ទៅ​ដោយ​មាន​ក្ដី​ទុក្ខ។ ដោយ​សារ​បុរស​នោះ​ស្រឡាញ់​«​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​»​របស់​គាត់ នោះ​ធ្វើ​ឲ្យ​គាត់​មិន​អាច​ឃើញ​ទ្រព្យ​សម្បត្ដិ​ដ៏​ពិត​ឡើយ។ (​ម៉ាកុស ១០:២១, ២២​) លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ដែល​មាន​ប្រាក់​ច្រើន​នឹង​ពិបាក​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​ណាស់!​»។—លូកា ១៨:២៤

ពួក​អ្នក​កាន់​តាម​នឹក​ភ្ញាក់​ផ្អើល​ក្នុង​ចិត្ត​ចំពោះ​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ និង​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ជា​បន្ទាប់​ថា​៖ ​«​តាម​ការ​ពិត សត្វ​អូដ្ឋ​អាច​ចូល​តាម​រន្ធ​ម្ជុល​ដេរ​ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​»។ នេះ​នាំ​ឲ្យ​ពួក​អ្នក​កាន់​តាម​សួរ​ថា​៖ ​«​តើ​អ្នក​ណា​ទៅ​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?​»។ ពួក​គាត់​ឆ្ងល់​ថា តើ​ការ​ទទួល​សេចក្ដី​សង្គ្រោះ​គឺ​ពិបាក​ដល់​ម្ល៉េះ​ដែល​ហួស​ពី​សមត្ថភាព​មនុស្ស​ឬ? លោក​យេស៊ូ​មើល​ទៅ​ពួក​គាត់ ហើយ​ឆ្លើយ​តប​ថា​៖ ​«​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត ព្រះ​អាច​ធ្វើ​បាន​»។—លូកា ១៨:២៥​-​២៧

ពេត្រុស​បង្ហាញ​ថា​ពួក​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ពី​បុរស​អ្នក​មាន​នោះ ដោយ​និយាយ​ថា​៖ ​«​មើល! យើង​ខ្ញុំ​បាន​ចាក​ចេញ​ពី​អ្វី​ៗ​ទាំង​អស់ ហើយ​បាន​តាម​លោក តើ​នឹង​មាន​ផល​ប្រយោជន៍​អ្វី​សម្រាប់​យើង?​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​របស់​ពួក​គាត់​ថា​៖ ​«​ក្នុង​គ្រា​បង្កើត​សា​ជា​ថ្មី ពេល​ដែល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​រុង​រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​កាន់​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​វិនិច្ឆ័យ​សេចក្ដី​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ​»។—ម៉ាថាយ ១៩:២៧, ២៨

ពិត​ណាស់ លោក​យេស៊ូ​សំដៅ​ទៅ​លើ​ផែន​ដី​នា​អនាគត។ នៅ​ពេល​នោះ​ស្ថានភាព​នៅ​ផែន​ដី​នឹង​ត្រូវ​បង្កើត​សា​ជា​ថ្មី ឬ​កែ​ប្រែ​ឲ្យ​មាន​ស្ថានភាព​ដូច​សួន​អេដែន​ម្ដង​ទៀត។ ពេត្រុស​និង​អ្នក​កាន់​តាម​ឯ​ទៀត​នឹង​ទទួល​រង្វាន់​ដោយ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​មក​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ នេះ​ពិត​ជា​រង្វាន់​ដែល​សម​នឹង​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​ពួក​គាត់​បាន​ធ្វើ!

ក៏​ប៉ុន្តែ រង្វាន់​មិន​គ្រាន់​តែ​សម្រាប់​គ្រា​អនាគត​ប៉ុណ្ណោះ​ទេ តែ​អ្នក​កាន់​តាម​លោក​ក៏​អាច​ទទួល​រង្វាន់​ខ្លះ​នៅ​គ្រា​ឥឡូវ​នេះ​ដែរ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អស់​អ្នក​ណា​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ ឬ​ប្រពន្ធ ឬ​កូន ឬ​បង​ប្អូន​ប្រុស ឬ​ឪ​ពុក​ម្ដាយ ដើម្បី​រាជាណាចក្រ​របស់​ព្រះ អ្នក​ទាំង​នោះ​ប្រាកដ​ជា​នឹង​ទទួល​អ្វី​ៗ​ទាំង​នោះ​ច្រើន​ដង​លើស​មុន​ទៅ​ទៀត​ក្នុង​គ្រា​ឥឡូវ​នេះ ហើយ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់​»។—លូកា ១៨:២៩, ៣០

ពិត​មែន ទោះ​ជា​ពួក​អ្នក​កាន់​តាម​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ ពួក​គាត់​អាច​មាន​បង​ប្អូន​ដែល​ជា​អ្នក​រួម​ជំនឿ ហើយ​ចំណង​មិត្តភាព​របស់​ពួក​គាត់​គឺ​ជិត​ស្និទ្ធ​ជាង និង​មាន​តម្លៃ​ជាង​ចំណង​មិត្តភាព​រវាង​សមាជិក​គ្រួសារ​ទៅ​ទៀត។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ តាម​មើល​ទៅ បុរស​អ្នក​មាន​វ័យ​ក្មេង​ដែល​ជា​អ្នក​គ្រប់​គ្រង​នោះ​ប្រហែល​ជា​បាត់​បង់​ឱកាស​ទទួល​ពរ​នេះ ថែម​ទាំង​បាត់​បង់​រង្វាន់​ដែល​ជា​ជីវិត​ក្នុង​រាជាណាចក្រ​ព្រះ​នៅ​ស្ថាន​សួគ៌។

លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន​គេ នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ ហើយ​អ្នក​ដែល​ក្រោយ​គេ នឹង​ទៅ​ជា​អ្នក​មុន​គេ​វិញ​»។ (​ម៉ាថាយ ១៩:៣០​) តើ​លោក​ចង់​មាន​ន័យ​អ្វី?

អ្នក​គ្រប់​គ្រង​វ័យ​ក្មេង​ដែល​ជា​អ្នក​មាន​នោះ​នៅ​ក្នុង​ចំណោម​«​អ្នក​មុន​គេ​»​ ពោល​គឺ​ក្នុង​ចំណោម​ពួក​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា។ ដោយ​សារ​គាត់​ស្គាល់​ហើយ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ នោះ​គាត់​អាច​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ ហើយ​ធ្វើ​កិច្ច​ការ​ល្អ​ជា​ច្រើន​ក្នុង​ចំណោម​អ្នក​កាន់​តាម​មេស្ស៊ី​ពិត។ ប៉ុន្តែ គាត់​កំពុង​ចាត់​ទុក​ទ្រព្យ​សម្បត្ដិ​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ ផ្ទុយ​ទៅ​វិញ មនុស្ស​សាមញ្ញ​ដែល​ជា​ពួក​អ្នក​ស្រុក​បាន​ឃើញ​សេចក្ដី​ពិត ហើយ​ឃើញ​ផ្លូវ​ដែល​នាំ​ទៅ​ជីវិត​ក្នុង​ការ​បង្រៀន​របស់​លោក​យេស៊ូ។ ពួក​គេ​ហាក់​ដូច​ជា​«​អ្នក​ក្រោយ​គេ​»​ តែ​ឥឡូវ​ពួក​គេ​នឹង​ទៅ​ជា​«​អ្នក​មុន​គេ​»​វិញ។ ហេតុ​នេះ ពួក​គេ​អាច​រង់​ចាំ​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​លោក​យេស៊ូ ហើយ​គ្រប់​គ្រង​មក​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។

  • តើ​បុរស​បែប​ណា​បាន​មក​ជួប​លោក​យេស៊ូ?

  • ហេតុ​អ្វី​លោក​យេស៊ូ​មិន​ឲ្យ​គេ​ហៅ​លោក​ថា​«​ល្អ​»​?

  • តើ​លោក​យេស៊ូ​សន្យា​ថា​ពួក​អ្នក​កាន់​តាម​លោក​នឹង​ទទួល​រង្វាន់​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណា​«​អ្នក​មុន​គេ​»​ទៅ​ជា​«​អ្នក​ក្រោយ​គេ​»​ ហើយ​«​អ្នក​ក្រោយ​គេ​»​ទៅ​ជា​«​អ្នក​មុន​គេ​»​?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក