បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៦ ទំ. ១៩-២៣
  • ការមិនរស់សំរាប់តែខ្លួនឯងទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការមិនរស់សំរាប់តែខ្លួនឯងទៀត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • វិធី​ទប់ទល់​យ៉ាង​ល្អ!
  • យើង​មិន​អាច​បំរើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ
  • តើ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ណា​បង្ខំ​យើង?
  • ចូរកាន់តាមព្រះយេស៊ូជានិច្ច
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើអ្នកសុខចិត្ដលះបង់អ្វីខ្លះ ដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • អញ្ជើញ«មកតាមខ្ញុំចុះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ត្រូវបានអប់រំឲ្យធ្វើបន្ទាល់យ៉ាងសព្វគ្រប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៦ ទំ. ១៩-២៣

ការ​មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត

​«[ព្រះ​គ្រីស្ទ]បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត»។—កូរិនថូសទី២ ៥:១៥

១, ២​. តើ​បទ​បញ្ជា​អ្វី​ក្នុង​ព្រះ​គម្ពីរ​បាន​ជំរុញ​ចិត្ត​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នៅ​សតវត្សរ៍​ទី​មួយ​ឲ្យ​យក​ឈ្នះ​អត្តទត្ថភាព?

នៅ​រាត្រី​ចុង​ក្រោយ​បង្អស់​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី ពេល​ដែល​នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​មុន​ទ្រង់​ត្រូវ​ថ្វាយ​ព្រះ​ជន្ម​ជំនួស​អស់​អ្នក​ដែល​ជឿ​ទៅ​លើ​ទ្រង់​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​សាវ័ក​ស្មោះ​ភក្ដី​របស់​ទ្រង់​នូវ​រឿង​សំខាន់ៗ​ជា​ច្រើន។ រឿង​សំខាន់ៗ​នោះ​បាន​រួម​បញ្ចូល​បទ​បញ្ជា​មួយ​ស្តី​អំពី​គុណសម្បត្ដិ​ដែល​ត្រូវ​ជា​សញ្ញា​សម្គាល់​អ្នក​កាន់​តាម​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា​៖​«ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។—យ៉ូហាន ១៣:៣៤, ៣៥

២ បណ្ដា​គ្រីស្ទាន​ពិត​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សុខ​ចិត្ត​លះបង់​ប្រយោជន៍​ខ្លួន ហើយ​ដោយ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បងប្អូន​ដែល​រួម​ជំនឿ​ជាជាង​គិត​ពី​ខ្លួន​ឯង។ ជន​គ្រីស្ទាន​ពិត​ទាំង​នេះ​ក៏​មិន​គួរ​មាន​ចិត្ត​ញញើត​ចំពោះ​ការ​«ប្ដូរ​ជីវិត​ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន»​ដែរ។ (យ៉ូហាន ១៥:១៣) តើ​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ធ្វើ​តាម​បង្គាប់​នេះ​យ៉ាង​ណា? លោក​ធើធូលាន ជា​អ្នក​និពន្ធ​នៅ​សតវត្សរ៍​ទីពីរ​ដែល​បាន​សរសេរ​សៀវភៅ​ដ៏​ល្បី​មួយ​មាន​ចំណង​ជើង​ថា ការ​សុំ​អភ័យទោស ហើយ​ក្នុង​សៀវភៅ​នោះ​គាត់​បាន​ដក​ស្រង់​សំដី​របស់​មនុស្ស​ដទៃ​ដែល​បាន​និយាយ​អំពី​ពួក​គ្រីស្ទាន​ថា​៖ ‹ឃើញ​ទេ? នូវ​របៀប​ដែល​គេ​ស្រឡាញ់​គ្នា​នោះ ពោល​គឺ សុខ​ចិត្ត​ស្លាប់​ជំនួស​គ្នា​ទៅ​វិញ​ទៅ​មក›។

៣, ៤​. (ក) ហេតុ​អ្វី​បាន​ជា​យើង​គួរ​ខំ​ទប់ទល់​នឹង​អត្តទត្ថភាព? (ខ) ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី?

៣ យើង​រាល់​គ្នា​ក៏​ត្រូវ​បន្ត​«យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»។ (កាឡាទី ៦:២) ក៏​ប៉ុន្តែ អត្តទត្ថភាព​ជា​ឧបសគ្គ​ធំ​ជាង​គេ​ក្នុង​ការ​ខិតខំ​ធ្វើ​តាម​បទ​បញ្ជា​របស់​ព្រះ​គ្រីស្ទ ហើយ​ក្នុង​ការ‹ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​យើង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត ហើយ​ការ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួន​ឯង›។ (ម៉ាថាយ ២២:៣៧​-​៣៩) ដោយសារ​យើង​ជា​មនុស្ស​មាន​ភាព​មិន​គ្រប់​ល័ក្ខណ៍ នោះ​យើង​មាន​ភាព​ទោរ​ទន់​ទៅ​រក​អាត្មានិយម។ ពេល​ដែល​ទំនោរ​ចិត្ត​នេះ​គួប​ផ្សំ​ជា​មួយ​ការ​តានតឹង​ដែល​មក​ពី​កង្វាយ​កង្វល់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ការ​ប្រកួត​ប្រជែង​គ្នា​នៅ​ឯ​សាលា​រៀន​ឬ​កន្លែង​ធ្វើ​ការ ហើយ​ការ​ព្យាយាម​ទាំង​លំបាក​ក្នុង​ការ​ចិញ្ចឹម​ជីវិត នោះ​ធ្វើ​ឲ្យ​មាន​ទំនោរ​ចិត្ត​ចំពោះ​អត្តទត្ថភាព​កាន់​តែ​ខ្លាំង​ឡើងៗ។ ទំនោរ​ចិត្ត​ទន់​ទោរ​ទៅ​រក​អត្តទត្ថភាព​នេះ មិន​ចុះ​ខ្សោយ​សោះ។ សាវ័ក​ប៉ុល​បាន​ព្រមាន​ថា​៖ «នៅ​ពេល​ចុង​ក្រោយ​បង្អស់ . . . មនុស្ស​ម្នា​នឹង​មាន​ចិត្ត​អាត្មានិយម»។—ធីម៉ូថេទី២ ៣:១, ២, ខ.ស.

៤ នៅ​ជិត​ដំណាច់​កិច្ចបំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​សិស្ស​ទ្រង់​អំពី​ជំហាន​បី​ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​យក​ឈ្នះ​អត្តទត្ថភាព។ តើ​មាន​ជំហាន​អ្វី​ខ្លះ? ហើយ​តើ​យើង​អាច​ទទួល​ប្រយោជន៍​បាន​យ៉ាង​ណា ពី​ការ​ណែនាំ​របស់​ព្រះ​យេស៊ូ?

វិធី​ទប់ទល់​យ៉ាង​ល្អ!

៥​. ពេល​ដែល​ព្រះ​យេស៊ូ​បាន​ផ្សព្វផ្សាយ​នៅ​ស្រុក​កាលីឡេ​ប៉ែក​ខាង​ជើង​នោះ តើ​ទ្រង់​ពន្យល់​ឲ្យ​សិស្ស​ទ្រង់​ដឹង​អ្វី? ហេតុ​អ្វី​បាន​ជា​ដំណឹង​នោះ​គួរ​ឲ្យ​រន្ធត់​សំរាប់​ពួក​សិស្ស?

៥ ព្រះ​យេស៊ូ​បាន​ផ្សព្វផ្សាយ​នៅ​ក្បែរ​ទី​ក្រុង​សេសារា​ភីលីព នៅ​ឯ​ស្រុក​កាលីឡេ​ប៉ែក​ខាង​ជើង។ តំបន់​ដ៏​សុខសាន្ត​ហើយ​ស្អាត​នោះ​មើល​ទៅ​សម​ជា​កន្លែង​ដើរ​លេង ជាជាង​កន្លែង​រៀន​អំពី​ពលិកម្ម។ យ៉ាង​ណា​ក៏​ដោយ នៅ​ទី​នោះ​ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​ពន្យល់​ឲ្យ​សិស្ស​ទ្រង់​ដឹង​ថា​«ទ្រង់​ត្រូវ​តែ​យាង​ទៅ​ឯ​ក្រុង​យេរូសាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​នៅ​ដៃ​នៃ​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង តែ​ក្រោយ​៣​ថ្ងៃ​មក ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ»។ (ម៉ាថាយ ១៦:២១) ការ​ពន្យល់​នោះ​ច្បាស់​ជា​គួរ​ឲ្យ​រន្ធត់​សំរាប់​សិស្ស​ទ្រង់ ដ្បិត​រហូត​មក​ដល់​ពេល​នោះ​ពួក​គេ​បាន​សង្ឃឹម​ថា មគ្គុទ្ទេសក៍​របស់​ពួក​គេ​នឹង​ស្ថាបនា​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​នៅ​លើ​ផែនដី!—លូកា ១៩:១១; កិច្ចការ ១:៦

៦​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ស្តី​បន្ទោស​ពេត្រុស​យ៉ាង​ខ្លាំង​ដូច្នេះ?

៦ ភ្លាមៗ​នោះ ពេត្រុស​បាន​«នាំ[ព្រះ​យេស៊ូ]មក​ជិត ចាប់​តាំង​ទូល​ចំទាស់​ថា​៖ ‹ឱ​ព្រះ​អម្ចាស់​អើយ! សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ។ ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ›»។ តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​តប​វិញ​យ៉ាង​ណា? «ទ្រង់​បែរ​ទៅ​មាន​បន្ទូល​នឹង​គាត់​ថា​៖ ‹សាតាំង​អើយ! ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ! ឯង​ជា​សេចក្ដី​បង្អាក់​ដល់​ចិត្ត​អញ ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ›»។ កំណត់​ហេតុ​នេះ​បង្ហាញ​នូវ​ភាព​ខុស​គ្នា​យ៉ាង​ឆ្ងាយ​រវាង​ទស្សនៈ​ទាំង​ពីរ​នោះ! ព្រះ​យេស៊ូ​សព្វ​ព្រះ​ហឫទ័យ​លះបង់​ព្រះ​ជន្ម​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ដែល​មាន​ន័យ​ថា​ប៉ុន្មាន​ខែ​ក្រោយ​មក​ទៀត​ទ្រង់​ត្រូវ​សោយទិវង្គត​នៅ​លើ​បង្គោល​ទារុណកម្ម។ តែ​ពេត្រុស​លើក​ទឹក​ចិត្ត​ឲ្យ​ទ្រង់​មាន​របៀប​រស់​នៅ​សុខ​ស្រួល​វិញ។ គាត់​និយាយ​ថា​៖ «សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់»។ ពេត្រុស​ច្បាស់​ជា​មាន​ចេតនា​ល្អ តែ​ព្រះ​យេស៊ូ​បាន​ស្តី​បន្ទោស​គាត់ ពីព្រោះ​ពេល​នោះ​ពេត្រុស​បាន​អនុញ្ញាត​ឲ្យ​សាតាំង​មាន​ឥទ្ធិពល​លើ​គាត់។ ពេត្រុស​«មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ»។—ម៉ាថាយ ១៦:២២, ២៣

៧​. ស្រប​ទៅ​តាម​កំណត់​នៅ​ម៉ាថាយ ១៦:២៤ តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ឲ្យ​អ្នក​កាន់​តាម​ទ្រង់​រស់​នៅ​បែប​យ៉ាង​ណា?

៧ ពាក្យ​ដែល​ពេត្រុស​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូ​នោះ ក៏​មាន​ដូច​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ។ លោកីយ៍​នេះ​តែង​តែ​និយាយ​ថា ‹កុំ​ឲ្យ​ពិបាក​ខ្លួន​ពេក› ឬ​ថា​គួរ​ឲ្យ​យើង‹ចូល​ស្ទឹង​តាម​បទ›។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​ប្រទាន​យោបល់​ឲ្យ​យើង​មាន​ចិត្ត​គំនិត​មួយ​ផ្សេង​ទាំង​ស្រុង​ទៅ​វិញ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ថា​៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​[ឬ​«បង្គោល​ទារុណកម្ម»​, ព.ថ.]ខ្លួន​មក​តាម​ខ្ញុំ[«ជា​ដរាប»​, ព.ថ.]​ចុះ!»។ (ម៉ាថាយ ១៦:២៤) មាន​ការ​ពន្យល់​ក្នុង​ការ​បកប្រែ​ព្រះ​គម្ពីរ​មួយ​ថា​៖ «បន្ទូល​នេះ​មិន​មែន​ជា​ការ​អញ្ជើញ​ឲ្យ​អ្នក​ថ្មី​មក​ធ្វើ​ជា​សិស្ស​ទេ តែ​ជា​ការ​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ​រួច​ហើយ ឲ្យ​រំពឹង​គិត​អំពី​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​សិស្ស»។ (The New Interpreter’s Bible) ជំហាន​បី​ដែល​ព្រះ​យេស៊ូ​បាន​រៀប​រាប់ ដែល​បាន​កត់​ទុក​ក្នុង​ខ​នោះ គឺ​ជា​ជំហាន​ដែល​អ្នក​ជឿ​ត្រូវ​ធ្វើ​តាម។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ជំហាន​ម្ដង​មួយៗ។

៨​. សូម​ពន្យល់​ថា ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​មាន​ន័យ​អ្វី?

៨ ទី​មួយ យើង​ត្រូវ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ។ ពាក្យ​ភាសា​ក្រិច​ដែល​បកប្រែ​ថា «លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ» បង្កប់​អត្ថន័យ​ថា សុខ​ចិត្ត​បដិសេធ​ចិត្ត​ប្រាថ្នា​ដ៏​អត្តទត្ថ​និង​ការ​រក​ប្រយោជន៍​របស់​ខ្លួន​ឯង។ ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​មិន​មែន​ជា​ការ​សុខ​ចិត្ត​លះបង់​ភាព​សុខ​ស្រួល​របស់​ខ្លួន​ម្ដងម្កាល​ប៉ុណ្ណោះ​ទេ ហើយ​ក៏​មិន​មាន​ន័យ​ថា​យើង​គួរ​ក្លាយ​ជា​តាបស​ឬ​ធ្វើ​ទុក្ខ​ដល់​ខ្លួន​ឡើយ។ យើង​«មិន​មែន​ជា​របស់​ផង​ខ្លួន»​ក្នុង​ន័យ​ថា យើង​ស្ម័គ្រ​ចិត្ត​លះបង់​ជីវិត​ទាំង​មូល​និង​អ្វីៗ​ក្នុង​ជីវិត​នោះ​ថ្វាយ​ព្រះ​យេហូវ៉ា។ (កូរិនថូសទី១ ៦:១៩, ២០) ជាជាង​ផ្ដោត​អារម្មណ៍​លើ​ខ្លួន​ឯង​នោះ យើង​ផ្ដោត​អារម្មណ៍​លើ​ព្រះ​វិញ។ ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ក៏​មាន​ន័យ​ថា យើង​ប្ដេជ្ញា​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ទោះ​បើ​ទង្វើ​នោះ​ប្រឆាំង​នឹង​ទំនោរ​ចិត្ត​មិន​គ្រប់​ល័ក្ខណ៍​របស់​យើង​ក៏​ដោយ។ ពេល​ដែល​យើង​ឧទ្ទិស​ថ្វាយ​ខ្លួន​ដល់​ព្រះ​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​យើង​បង្ហាញ​ថា​យើង​ប្រគល់​ខ្លួន​ទាំង​ស្រុង​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ។ បន្ទាប់​មក យើង​ខំ​ធ្វើ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​អស់​មួយ​ជីវិត។

៩​. (ក) កាល​ដែល​ព្រះ​យេស៊ូ​រស់​នៅ​លើ​ផែនដី តើ​បង្គោល​ទារុណកម្ម​តំណាង​អ្វី? (ខ) តើ​យើង​ផ្ទុក​បង្គោល​ទារុណកម្ម​ក្នុង​ន័យ​អ្វី?

៩ ជំហាន​ទីពីរ គឺ​យើង​ត្រូវ​ផ្ទុក​បង្គោល​ទារុណកម្ម។ នៅ​សតវត្សរ៍​ទី​មួយ បង្គោល​ទារុណកម្ម​តំណាង​ការ​រង​ទុក្ខ ការ​អាម៉ាស់​មុខ និង​សេចក្ដី​ស្លាប់។ តាម​ធម្មតា មាន​តែ​ឧក្រិដ្ឋ​ជន​ទេ ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​លើ​បង្គោល​ទារុណកម្ម ឬ​ត្រូវ​គេ​ព្យួរ​សាក​សព​នៅ​លើ​បង្គោល។ ពេល​ព្រះ​យេស៊ូ​ប្រើ​ពាក្យ​នេះ ទ្រង់​បង្ហាញ​ថា ជន​គ្រីស្ទាន​ត្រូវ​សុខ​ចិត្ត​ទទួល​ទុក្ខ​បៀតបៀន សំអប់ ឬ​រហូត​ដល់​ស្លាប់ ដោយសារ​យើង​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទេ។ (យ៉ូហាន ១៥:១៨​-​២០) ខ្នាត​តម្រា​គ្រីស្ទាន​ធ្វើ​ឲ្យ​យើង​ខុស​ប្លែក​ពី​លោកីយ៍ ហេតុ​នេះ​លោកីយ៍​នឹង‹ប្រមាថ​ដល់​យើង›វិញ។ (ពេត្រុសទី១ ៤:៤) នេះ​អាច​កើត​ឡើង​នៅ​ឯ​សាលា នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​ក្នុង​រង្វង់​គ្រួសារ​ក៏​មាន​ដែរ។ (លូកា ៩:២៣) យ៉ាង​ណា​ក្ដី យើង​សុខ​ចិត្ត​ស៊ូទ្រាំ​សំអប់​ពី​លោកីយ៍​នេះ​ពីព្រោះ​យើង​លែង​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ។ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ! ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌»។ (ម៉ាថាយ ៥:១១, ១២) ប្រាកដ​ហើយ ការ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អ្វីដែល​សំខាន់​បំផុត។

១០​. តើ​ការ​កាន់​តាម​ព្រះ​យេស៊ូ​ជា​ដរាប រួម​បញ្ចូល​អ្វី​ខ្លះ?

១០ ទី​បី ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា យើង​ត្រូវ​តាម​ទ្រង់​ជា​ដរាប។ យោង​ទៅ​តាម​វចនានុក្រម​ពិពណ៌នា​ពាក្យ​ពី​សញ្ញា​ថ្មី របស់​លោក​វ៉ែន ពាក្យ តាម មាន​ន័យ​ថា ធ្វើ​ជា​គូកន ឬ​«អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ទិស​ដូច​គ្នា»។ យ៉ូហានទី១ ២:៦ ចែង​ថា​៖ «អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង[ព្រះ] នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​[ព្រះ​គ្រីស្ទ]​ដែរ»។ តើ​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា? សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ​ចំពោះ​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​និង​ចំពោះ​សិស្ស​របស់​ទ្រង់ មិន​អនុញ្ញាត​ឲ្យ​ទ្រង់​បង្ហាញ​នូវ​អត្តទត្ថភាព​សោះ​ឡើយ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ព្រះ​គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ​ហឫទ័យ​ទ្រង់»។ (រ៉ូម ១៥:៣) សូម្បី​តែ​ពេល​ដែល​ព្រះ​យេស៊ូ​អស់​ព្រះ​កាយ​ពល​ឬ​ឃ្លាន​ក្ដី ទ្រង់​តែង​តែ​ចង់​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ដទៃ​មុន​នឹង​បំពេញ​ព្រះ​ហឫទ័យ​របស់​អង្គ​ទ្រង់​ផ្ទាល់។ (ម៉ាកុស ៦:៣១​-​៣៤) ព្រះ​យេស៊ូ​ក៏​បាន​ព្យាយាម​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​និង​បង្រៀន​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ យើង​គួរ​តែ​យក​តម្រាប់​តាម​ទ្រង់​ដែរ ពេល​បំពេញ​កិច្ចការ​ដែល​យើង​បាន​ទទួល​ក្នុង​ការ‹បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់› មែន​ទេ? (ម៉ាថាយ ២៨:១៩, ២០) ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ព្រះ​ជន្ម​ព្រះ​គ្រីស្ទ ទ្រង់​បាន​ទុក​ដំ​រាប់​ឬ​គំរូ​ឲ្យ​យើង ហើយ​យើង​ត្រូវ​«ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»​ដែរ។—ពេត្រុសទី១ ២:២១

១១​. ហេតុ​អ្វី​បាន​ជា​សំខាន់​ណាស់​ឲ្យ​យើង​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ផ្ទុក​បង្គោល​ទារុណកម្ម​ខ្លួន និង​ធ្វើ​តាម​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ដរាប?

១១ ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ការ​ផ្ទុក​បង្គោល​ទារុណកម្ម​ខ្លួន និង​ការ​ធ្វើ​តាម​ជា​ដរាប​នូវ​បុគ្គល​ដែល​បាន​ទុក​គំរូ​ដ៏​ឧត្តម​ឲ្យ​យើង គឺ​ជា​ការ​ចាំបាច់​ណាស់! ទង្វើ​នេះ​អាច​ទប់ទល់​នឹង​អត្តទត្ថភាព​ដែល​ជា​ឧបសគ្គ​ពិត​ក្នុង​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ត​លះបង់​ប្រយោជន៍​ខ្លួន។ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ?»។—ម៉ាថាយ ១៦:២៥, ២៦

យើង​មិន​អាច​បំរើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ

១២, ១៣​. (ក) នាម៉ឺន​វ័យ​ក្មេង​ដែល​បាន​សុំ​យោបល់​ពី​ព្រះ​យេស៊ូ តើ​គាត់​ខ្វល់ខ្វាយ​អំពី​អ្វី? (ខ) តើ​ព្រះ​យេស៊ូ​ជូន​យោបល់​អ្វី​ដល់​យុវ​បុរស​នោះ? ហើយ​ហេតុ​អ្វី?

១២ ប៉ុន្មាន​ខែ​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ដៅ​បញ្ជាក់​ដល់​សិស្ស​ទ្រង់​នូវ​សារៈ​សំខាន់​នៃ​ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​នោះ នាម៉ឺន​វ័យ​ក្មេង​ម្នាក់​ដែល​ជា​អ្នក​មាន​បាន​មក​ឯ​ទ្រង់​ទូល​ថា​៖ «លោក​គ្រូ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់កល្ប​ជានិច្ច?»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​គាត់​ថា​៖ «ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ!» ហើយ​ក្រោយ​មក​ទ្រង់​បាន​លើក​បញ្ជាក់​ពី​បញ្ញត្ត​ខ្លះ​នោះ។ យុវ​បុរស​នោះ​បាន​ទូល​ទ្រង់​ថា​៖ «ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្ដី​ទាំង​នោះ»។ បុរស​នោះ​ទំនង​ជា​បាន​ព្យាយាម​ធ្វើ​តាម​បញ្ញត្ត​ក្នុង​ក្រិត្យ​វិន័យ​ដោយ​ចិត្ត​ស្មោះ ដូច្នេះ​គាត់​សួរ​ថា​៖ «តើ​នៅ​ខ្វះ​អ្វី​ទៀត?»។ ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ដោយ​ប្រទាន​ការ​អញ្ជើញ​ដ៏​ល្អ​ឯក​ដល់​យុវ​បុរស​នោះ​ដោយ​មាន​បន្ទូល​ថា​៖ «បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍​[ឬ​«ពេញ​លក្ខណៈ»​, New American Standard Bible] ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្ដិ នៅ​ឯ​ស្ថានសួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ!»។—ម៉ាថាយ ១៩:១៦​-​២១

១៣ ព្រះ​យេស៊ូ​ជ្រាប​ថា បើ​យុវ​បុរស​នោះ​ចង់​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ព្រលឹង គាត់​ត្រូវ​តែ​ដក​ចេញ​នូវ​អ្វី​ដែល​អាច​រាំង​ស្ទាក់​ផ្លូវ​បាន ពោល​គឺ ទ្រព្យ​សម្បត្ដិ។ សិស្ស​ពិត​របស់​ព្រះ​គ្រីស្ទ​មិន​អាច​បំរើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ។ សិស្ស​ទ្រង់​«ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ»។ (ម៉ាថាយ ៦:២៤) សិស្ស​របស់​ព្រះ​យេស៊ូ​ត្រូវ​ការ​នូវ‹ភ្នែក​ល្អ›ដែល​ផ្ចង់​អារម្មណ៍​ទៅ​លើ​រឿង​ខាង​វិញ្ញាណ។ (ម៉ាថាយ ៦:២២) ការ​បោះបង់​ចោល​វត្ថុ​ទ្រព្យ​របស់​ខ្លួន​ដោយ​យក​ទៅ​ឲ្យ​អ្នក​ក្រ គឺ​ជា​ការ​លះបង់​ប្រយោជន៍​ខ្លួន​ឯង។ បើ​នាម៉ឺន​វ័យ​ក្មេង​នោះ​សុខ​ចិត្ត​លះ​ចោល​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដូច្នេះ ព្រះ​យេស៊ូ​នឹង​អញ្ជើញ​ឲ្យ​គាត់​ទទួល​ឯកសិទ្ធិ​ដ៏​ប្រៀបផ្ទឹម​ពុំ​បាន គឺ​ការ​ប្រមូល​ទ្រព្យ​នៅ​ឯ​ស្ថានសួគ៌​វិញ។ ទ្រព្យ​សម្បត្ដិ​បែប​នោះ​អាច​នាំ​ឲ្យ​គាត់​ទទួល​ជីវិត​ជា​រៀង​រហូត និង​សេចក្ដី​សង្ឃឹម​គ្រប់គ្រង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​នៅ​ឯ​ស្ថានសួគ៌។ យុវ​បុរស​នោះ​មិន​ទាន់​សុខ​ចិត្ត​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ទេ។ «កាល​មនុស្ស​កំឡោះ​បាន​ឮ​ព្រះ​បន្ទូល​នោះ​ហើយ នោះ​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន»។ (ម៉ាថាយ ១៩:​២២) ក៏​ប៉ុន្តែ អ្នក​ឯ​ទៀត​ដែល​បាន​កាន់​តាម​ព្រះ​យេស៊ូ បាន​ប្រព្រឹត្ត​ខុស​គ្នា​ពី​នាម៉ឺន​នោះ។

១៤​. តើ​អ្នក​នេសាទ​បួន​នាក់​បាន​ធ្វើ​អ្វី ពេល​ទទួល​ការ​អញ្ជើញ​ឲ្យ​ដើរ​តាម​ព្រះ​យេស៊ូ?

១៤ ប្រមាណ​ពីរ​ឆ្នាំ​មុន​នោះ ព្រះ​យេស៊ូ​បាន​ប្រទាន​ការ​អញ្ជើញ​ស្រដៀង​គ្នា​ដល់​អ្នក​នេសាទ​បួន​នាក់​ឈ្មោះ​ពេត្រុស អនទ្រេ យ៉ាកុប​និង​យ៉ូហាន។ ពេល​នោះ ពីរ​នាក់​កំពុង​តែ​នេសាទ​ត្រី ហើយ​ពីរ​នាក់​កំពុង​តែ​ជួសជុល​សំណាញ់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​ពួក​គាត់​ថា​៖ ​«ចូរ​មក​តាម​ខ្ញុំៗ​នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។ នៅ​ទីបំផុត បួន​នាក់​នោះ​បាន​លះបង់​មុខ​របរ​នេសាទ ហើយ​បាន​ដើរ​តាម​ព្រះ​យេស៊ូ​អស់​មួយ​ជីវិត។—ម៉ាថាយ ៤:១៨​-​២២

១៥​. តើ​ស្មរបន្ទាល់​ម្នាក់​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​យើង​នេះ​បាន​លះបង់​អ្វី​ខ្លះ​ដើម្បី​កាន់​តាម​ព្រះ​យេស៊ូ?

១៥ ជន​គ្រីស្ទាន​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​បាន​ធ្វើ​តាម​គំរូ​របស់​អ្នក​នេសាទ​បួន​នាក់​នោះ ជាជាង​ធ្វើ​តាម​នាម៉ឺន​វ័យ​ក្មេង​ម្នាក់​ដែល​ជា​អ្នក​មាន។ ពួក​គេ​បាន​លះបង់​ទ្រព្យ​សម្បត្ដិ​និង​ឱកាស​មាន​មុខ​មាត់​ធំដុំ​ក្នុង​លោកីយ៍​នេះ ដើម្បី​បំរើ​ព្រះ​យេហូវ៉ា។ បង​ស្រី​ដេបូរ៉ា មាន​ប្រសាសន៍​ថា​៖ «ពេល​ដែល​ខ្ញុំ​មាន​អាយុ​២២​ឆ្នាំ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ធំ»។ ដេបូរ៉ា​ពន្យល់​ទៀត​ថា​៖ «ខ្ញុំ​បាន​សិក្សា​ព្រះ​គម្ពីរ​អស់​ប្រមាណ​ប្រាំ​មួយ​ខែ ហើយ​ខ្ញុំ​មាន​ចិត្ត​ចង់​ឧទ្ទិស​ថ្វាយ​ជីវិត​ខ្ញុំ​ដល់​ព្រះ​យេហូវ៉ា ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ប្រឆាំង​ខ្ញុំ​យ៉ាង​ខ្លាំង។ ពួក​គាត់​ជា​មហា​សេដ្ឋី​ហើយ​មាន​អារម្មណ៍​ថា បើ​ខ្ញុំ​ក្លាយ​ជា​ស្មរបន្ទាល់​ម្នាក់ នេះ​នឹង​នាំ​ឲ្យ​ពួក​គាត់​អាម៉ាស់​ខ្មាស​ក្នុង​សង្គម។ ពួក​គាត់​ទុក​ពេល​ឲ្យ​ខ្ញុំ​២៤​ម៉ោង​ដើម្បី​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើសរើស​ថា តើ​ខ្ញុំ​ចង់​បាន​ជីវិត​សុខ​ស្រួល ឬ​ចង់​ស្រឡាញ់​នូវ​សេចក្ដី​ពិត​វិញ? បើ​ខ្ញុំ​មិន​ឈប់​ទាក់ទង​ទាំង​ស្រុង​ជា​មួយ​នឹង​ពួក​ស្មរបន្ទាល់ ក្រុម​គ្រួសារ​ខ្ញុំ​នឹង​កាត់កាល់​ខ្ញុំ ហើយ​ផ្ដាច់​មត៌ក។ ព្រះ​យេហូវ៉ា​បាន​ជួយ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ហើយ​បាន​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​នោះ។ អស់​៤២​ឆ្នាំ​តាំង​ពី​នោះ​មក​ខ្ញុំ​បាន​ចូល​រួម​កិច្ចបំរើ​ពេញ​ពេល​ហើយ​មិន​ស្ដាយ​អ្វី​សោះ​ឡើយ។ ដោយសារ​ខ្ញុំ​បាន​បែរ​ខ្នង​បដិសេធ​នឹង​គន្លង​ជីវិត​ដែល​គិត​តែ​ពី​ប្រយោជន៍​និង​ការ​សប្បាយ​របស់​ខ្លួន​ប៉ុណ្ណោះ នោះ​ខ្ញុំ​បាន​រួច​ខ្លួន​ពី​ជីវភាព​រស់​នៅ​របស់​ក្រុម​គ្រួសារ​របស់​ខ្ញុំ ដែល​ចេះ​តែ​អសារ​ឥត​ការ​ហើយ​ដែល​ស្គាល់​តែ​ការ​មិន​សប្បាយ​ចិត្ត។ ជា​មួយ​ស្វាមី​ខ្ញុំៗ​បាន​ជួយ​មនុស្ស​ជាង​មួយ​រយ​នាក់​ឲ្យ​រៀន​នូវ​សេចក្ដី​ពិត។ ខ្ញុំ​ចាត់​ទុក​កូន​ចៅ​ខាង​វិញ្ញាណ​ទាំង​នេះ​ជា​អ្វី​ដែល​មាន​តម្លៃ​ច្រើន​ជាង​ទ្រព្យ​សម្បត្ដិ​ទៅ​ទៀត»។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​ទៀត​មាន​គំនិត​ដូច​បង​ស្រី​ដេបូរ៉ា​ដែរ។ ចុះ​អ្នក​វិញ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ?

១៦​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា ថា​យើង​មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត?

១៦ ចិត្ត​ប្រាថ្នា​មិន​ចង់​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត បាន​ជំរុញ​ចិត្ត​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រាប់​ពាន់​នាក់​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ដែល​ជា​អ្នក​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​ពេញ​ពេល។ ស្មរបន្ទាល់​ឯ​ទៀត​ដែល​កាលៈទេសៈ​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​កិច្ចបំរើ​ពេញ​ពេល​នោះ ក៏​ខំ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ជា​អ្នក​ត្រួសត្រាយ​ហើយ​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​អស់​ពី​សមត្ថភាព​ដែរ។ មាតា​បិតា​ផ្សេងៗ​ក៏​បង្ហាញ​ចិត្ត​គំនិត​ដូច​គ្នា​ដែរ ពេល​ដែល​គាត់​ចំណាយ​ពេល​ច្រើន​និង​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​បង្ហាត់​បង្រៀន​កូន​អំពី​រឿង​ខាង​វិញ្ញាណ។ មិន​ថា​តាម​របៀប​ណា​ក្ដី យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ​ថា កិច្ចការ​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​តែង​មាន​អាទិ​ភាព​ក្នុង​ជីវិត​របស់​យើង។—ម៉ាថាយ ៦:៣៣

តើ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ណា​បង្ខំ​យើង?

១៧​. តើ​អ្វី​ជំរុញ​ឲ្យ​យើង​លះបង់​ប្រយោជន៍​ខ្លួន?

១៧ ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ត​លះបង់​ប្រយោជន៍​ខ្លួន​ឯង​មិន​តែង​តែ​ជា​ផ្លូវ​ដែល​ស្រួល​ជាង​គេ​នោះ​ទេ។ ប៉ុន្តែ សូម​គិត​ទៅ​មើល តើ​អ្វី​បង្ខំ​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ? ប៉ុល​បាន​សរសេរ​ថា​៖ «សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំ​យើង​ខ្ញុំ ដោយ​យើង​ខ្ញុំ​ពិចារណា​ឃើញ​ថា បើ​ម្នាក់​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់ . . . ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះ​អង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ»។ (កូរិនថូសទី២ ៥:១៤, ១៥) សេចក្ដី​ស្រឡាញ់​របស់​គ្រីស្ទ​ជា​អ្វី​ដែល​បង្ខំ​ឲ្យ​យើង​រស់​មិន​មែន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត។ នេះ​ជា​មូលហេតុ​ខ្លាំង​ណាស់ ឲ្យ​យើង​ធ្វើ​ដូច្នេះ! ដោយសារ​ព្រះ​គ្រីស្ទ​បាន​សោយទិវង្គត​ជំនួស​យើង តើ​យើង​ទទួល​ស្គាល់​នូវ​កាតព្វកិច្ច​ឲ្យ​រស់​សំរាប់​ទ្រង់​វិញ​ឬ​ទេ? យ៉ាង​ណា​មិញ ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ​បាន​បង្ហាញ​ដល់​យើង បាន​បង្ខំ​ឲ្យ​យើង​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ហើយ​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ។—យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:១០, ១១

១៨​. ហេតុ​អ្វី​ក៏​ការ​រស់​នៅ​ដោយ​លះបង់​ប្រយោជន៍​ខ្លួន​ឯង​តែង​តែ​មាន​ប្រយោជន៍?

១៨ តើ​ការ​រស់​នៅ​មិន​មែន​សំរាប់​តែ​ខ្លួន​ឯង​ទៀត ពិត​ជា​មាន​ប្រយោជន៍​មែន​ឬ? ក្រោយ​ពី​នាម៉ឺន​វ័យ​ក្មេង​ដែល​ជា​អ្នក​មាន​មិន​ព្រម​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​របស់​ព្រះ​គ្រីស្ទ ហើយ​បាន​ដើរ​ចេញ​ទៅ​វិញ​នោះ ពេត្រុស​បាន​ទូល​ព្រះ​យេស៊ូ​ថា​៖ «មើល! យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ខ្លះ?»។ (ម៉ាថាយ ១៩:២៧) ពេត្រុស​និង​សាវ័ក​ឯ​ទៀត​ពិត​ជា​បាន​លះបង់​ប្រយោជន៍​ខ្លួន​ឯង​មែន។ តើ​ពួក​គាត់​ត្រូវ​ទទួល​រង្វាន់​អ្វី? មុន​ដំបូង ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ឯកសិទ្ធិ​ដែល​ពួក​គាត់​នឹង​ទទួល​ជា​អ្នក​គ្រប់គ្រង​ជា​មួយ​នឹង​ទ្រង់​នៅ​ឯ​ស្ថានសួគ៌។ (ម៉ាថាយ ១៩:២៨) ដំណាល​គ្នា​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​សំដៅ​ទៅ​លើ​ពរ​ដែល​អ្នក​ទាំង​ឡាយ​ដែល​កាន់​តាម​ទ្រង់​អាច​ទទួល​បាន។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «មិន​ដែល​មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ ឥត​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ . . . ហើយ​ដល់​បរលោក​នាយ នឹង​បាន​ជីវិត​រស់​អស់កល្ប​ជានិច្ច​ផង»។ (ម៉ាកុស ១០:២៩, ៣០) អ្វី​ដែល​យើង​ទទួល​គឺ​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​លះបង់។ មាតា​បិតា បងប្អូន និង​កូន​ខាង​វិញ្ញាណ ពិត​ជា​មាន​តម្លៃ​ច្រើន​ជាង​អ្វីៗ​ទាំង​អស់​ដែល​យើង​បាន​លះ​ចោល​ដើម្បី​ប្រយោជន៍​ដល់​ព្រះ​រាជាណាចក្រ​របស់​ព្រះ មែន​ទេ? តើ​អ្នក​ណា​មាន​ជីវភាព​រស់​នៅ​ដែល​ប្រកប​ដោយ​សុភមង្គល​ច្រើន​ជាង ពេត្រុស​ឬ​នាម៉ឺន​វ័យ​ក្មេង​ដែល​ជា​អ្នក​មាន​នោះ?

១៩​. (ក) តើ​សុភមង្គល​ពិត​មក​ពី​អ្វី? (ខ) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

១៩ ព្រះ​យេស៊ូ​បាន​បង្ហាញ​ដោយ​បន្ទូល​និង​ការ​ប្រព្រឹត្ត​របស់​ទ្រង់​ថា សុភមង្គល​តែង​មក​ពី​ការ​ឲ្យ​និង​ការ​បំរើ​អ្នក​ដទៃ មិន​មែន​ពី​អត្តទត្ថភាព​ទេ។ (ម៉ាថាយ ២០:២៨; កិច្ចការ ២០:៣៥) ពេល​ដែល​យើង​រស់​នៅ​មិន​មែន​សំរាប់​តែ​ខ្លួន​ឯង​ទៀត តែ​ធ្វើ​តាម​ព្រះ​គ្រីស្ទ​ជា​ដរាប នោះ​យើង​នឹង​ស្កប់ស្កល់​ចិត្ត​ពេល​ឥឡូវ​នេះ ហើយ​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ពេល​អនាគត​ផង​ដែរ។ ពិត​មែន ពេល​ដែល​យើង​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ​ឬ​លែង​ធ្វើ​ជា​ម្ចាស់​របស់​ខ្លួន នោះ​ព្រះ​យេហូវ៉ា​ក្លាយ​ជា​ម្ចាស់​របស់​យើង​វិញ។ យ៉ាង​នេះ យើង​ក្លាយ​ជា​បាវ​បំរើ​នៃ​ព្រះ។ ហេតុ​អ្វី​បាន​ជា​ការ​ធ្វើ​ជា​បាវ​បំរើ​នៃ​ព្រះ​មាន​ប្រយោជន៍? តើ​ការ​ធ្វើ​ជា​បាវ​បំរើ​នៃ​ព្រះ​មាន​អានុភាព​អ្វី​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច? អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​សំនួរ​ទាំង​នេះ។

តើ​អ្នក​នៅ​ចាំ​ទេ?

• ហេតុ​អ្វី​បាន​ជា​យើង​គួរ​ទប់ទល់​នឹង​ទំនោរ​ចិត្ត​ទោរ​ទន់​ទៅ​រក​អត្តទត្ថភាព?

• តើ​ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ការ​ផ្ទុក​បង្គោល​ទារុណកម្ម​ខ្លួន និង​ការ​ធ្វើ​តាម​ព្រះ​យេស៊ូ​ជា​ដរាប មាន​ន័យ​អ្វី?

• តើ​អ្វី​ជំរុញ​ឲ្យ​យើង​រស់​មិន​មែន​សំរាប់​តែ​ខ្លួន​ឯង​ទៀត?

• ហេតុ​អ្វី​ក៏​ការ​រស់​នៅ​ដោយ​លះបង់​ប្រយោជន៍​ខ្លួន​ឯង​តែង​តែ​មាន​ប្រយោជន៍?

[រូបភាព​នៅ​ទំព័រ​២២]

តើ​អ្វី​បាន​រាំង​ស្ទាក់​ផ្លូវ​របស់​នាម៉ឺន​វ័យ​ក្មេង​ម្នាក់​ក្នុង​ការ​កាន់​តាម​ព្រះ​យេស៊ូ?

[រូបភាព​នៅ​ទំព័រ​២៣]

សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​យ៉ាង​ខ្នះខ្នែង​នូវ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក