បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៤ ទំ. ១២-១៧
  • ត្រូវបានអប់រំឲ្យធ្វើបន្ទាល់យ៉ាងសព្វគ្រប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ត្រូវបានអប់រំឲ្យធ្វើបន្ទាល់យ៉ាងសព្វគ្រប់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ត្រូវ​បាន​អប់រំ​ជិត​អស់​បី​ឆ្នាំ
  • ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស
  • ត្រូវ​បាន​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់
  • ចូរ​បន្ត​ប្រមូល​អារម្មណ៍​លើ​កិច្ចការ​ដ៏​សំខាន់​បំផុត
  • មិន​បាន​ខ្លាច​នឹង​ការ​ប្រឆាំង​ឡើយ
  • ព្រះ​រាជាណាចក្រ​នឹង​នាំ​ឲ្យ​មាន​ប្រយោជន៍​ដែល​នៅ​ស្ថិត​ស្ថេរ
  • ចូរ​រៀន​ពី​គំរូ​របស់​ព្រះ​យេស៊ូ
  • «អ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះគ្រីស្ទ គោលដៅសំខាន់បំផុតនៃទំនាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ពួកស្មរបន្ទាល់គ្រីស្ទានសំរាប់អធិបតេយ្យភាពរបស់ព្រះ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៤ ទំ. ១២-១៧

ត្រូវ​បាន​អប់រំ​ឲ្យ​ធ្វើ​បន្ទាល់​យ៉ាង​សព្វ​គ្រប់

«អ្នក​រាល់​គ្នា . . . នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។—កិច្ចការ ១:៨

១, ២​. តើ​ពេត្រុស​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​អ្វី? តើ​អ្នក​ណា​ដែល​បាន​ឲ្យ​កិច្ចការ​នេះ​ដល់​គាត់?

«ព្រះ​យេស៊ូវ​ពី​ស្រុក​ណាសារ៉ែត . . . ទ្រង់​ក៏​ផ្ដាំ​មក​យើង​រាល់​គ្នា​ឲ្យ​ប្រកាស​ប្រាប់​ដល់​បណ្ដាជន​ទាំង​ឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ថា គឺ​ព្រះ​អង្គ​នេះ​ហើយ​ដែល​ព្រះ​បាន​តាំង​ឡើង​ឲ្យ​ជំនុំជំរះ​ដល់​ទាំង​មនុស្ស​រស់​នឹង​មនុស្ស​ស្លាប់​ផង»។ (កិច្ចការ ១០:៣៨, ៤២) សាវ័ក​ពេត្រុស​បាន​ពោល​ពាក្យ​ខាង​លើ​នេះ​ដើម្បី​ពន្យល់​កូនេលាស​និង​ក្រុម​គ្រួសារ​គាត់​អំពី​បង្គាប់​ដែល​ពេត្រុស​បាន​ទទួល​ឲ្យ​បំរើ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ។

២ តើ​ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​នោះ​នៅ​ពេល​ណា? ប្រហែល​ជា​ពេត្រុស​ចង់​សំដៅ​ចំពោះ​បន្ទូល​របស់​ព្រះ​យេស៊ូ​ក្រោយ​ពី​ទ្រង់​បាន​រស់​ឡើង​វិញ​មុន​នឹង​ទ្រង់​យាង​ទៅ​ស្ថានសួគ៌។ នៅ​ពេល​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ស្មោះ​ត្រង់​របស់​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា​នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ (កិច្ចការ ១:៨) ក៏​ប៉ុន្តែ សូម្បី​តែ​ច្រើន​ឆ្នាំ​មុន​នោះ ពេត្រុស​បាន​ដឹង​ថា ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ តម្រូវ​ឲ្យ​គាត់​ប្រាប់​អ្នក​ដទៃ​អំពី​ជំនឿ​ដែល​គាត់​មាន​លើ​ព្រះ​យេស៊ូ។

ត្រូវ​បាន​អប់រំ​ជិត​អស់​បី​ឆ្នាំ

៣​. តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​អ្វី? ហើយ​តើ​ព្រះ​យេស៊ូ​បាន​អញ្ជើញ​ពេត្រុស​និង​អនទ្រេ​ឲ្យ​ធ្វើ?

៣ បី​បួន​ខែ​បន្ទាប់​ពី​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នា​ឆ្នាំ​២៩ ស.យ. នោះ​ទ្រង់បាន​ផ្សព្វផ្សាយ​នៅ​ឯ​សមុទ្រ​កាលីឡេ​ត្រង់​កន្លែង​ដែល​ពេត្រុស​និង​អនទ្រេ​ប្រកប​ការងារ​ជា​អ្នក​នេសាទ​ត្រី។ ពេត្រុស​និង​អនទ្រេ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ តែ​អត់​បាន​ត្រី​សោះ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គាត់​ថា៖ «[ចូរ]ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទំលាក់​អួន​ចាប់​ត្រី​ចុះ!»។ នៅ​ពេល​ដែល​ពួក​គាត់​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ «នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក ដល់​ម្ល៉េះ​បាន​ជា​អួន​ចាប់​តាំង​ធ្លាយ»។ នៅ​ពេល​ដែល​ពេត្រុស​ឃើញ​អព្ភូតហេតុ​នេះ គាត់​ភ័យ​ស្ញប់ស្ញែង​ជា​ខ្លាំង ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ស្រួល ដោយ​មាន​បន្ទូល​ថា៖ «កុំ​ខ្លាច​អី! ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ»។—លូកា ៥:៤​-​១០

៤​. (ក) តើ​ព្រះ​យេស៊ូ​បាន​ជួយ​សិស្ស​ទ្រង់​ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​ធ្វើ​បន្ទាល់​យ៉ាង​ដូច​ម្ដេច? (ខ) បើ​ប្រៀបធៀប​កិច្ច​ផ្សព្វផ្សាយ​របស់​ព្រះ​យេស៊ូ​ជា​មួយ​នឹង​សិស្ស តើ​ខុស​គ្នា​យ៉ាង​ណា?

៤ ភ្លាម​នោះ​ពេត្រុស​និង​អនទ្រេ ព្រម​ទាំង​យ៉ាកុប​និង​យ៉ូហាន​ដែល​ជា​កូន​របស់​សេបេដេ​ទុក​ទូក​ចោល ហើយ​បាន​ដើរ​តាម​ព្រះ​យេស៊ូ។ ជិត​អស់​បី​ឆ្នាំ ពួក​គាត់​បាន​ទៅ​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​កិច្ចការ​ប្រកាស​ផ្សាយ ហើយ​ទទួល​ការ​អប់រំ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ (ម៉ាថាយ ១០:៧; ម៉ាកុស ១:១៦, ១៨, ២០, ៣៨; លូកា ៤:៤៣; ១០:៩) នៅ​ទីបញ្ចប់​នៃ​ការ​អប់រំ​នោះ​នា​ថ្ងៃ​ទី១៤ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ. ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គាត់​ថា៖ «អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត»។ (យ៉ូហាន ១៤:១២) សិស្ស​របស់​ព្រះ​យេស៊ូ​នឹង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ដូច​ព្រះ​យេស៊ូ​ដែរ ប៉ុន្តែ សិស្ស​របស់​ទ្រង់​នឹង​ធ្វើ​ការ​នោះ​ក្នុង​កំរិត​មួយ​ដ៏​ធំ​ជាង។ ពួក​គេ​និង​មនុស្ស​ឯ​ទៀត​ដែល​បំរើ​ជា​សិស្ស​របស់​ទ្រង់​នៅ​ថ្ងៃ​មុខ​នឹង​ធ្វើ​បន្ទាល់«នៅ​គ្រប់​ទាំង​សាសន៍» រហូត​ដល់​«បំផុត​កល្ប»។—ម៉ាថាយ ២៨:១៩, ២០

៥​. តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់​ដោយ​ដូច​ម្ដេច​ខ្លះ?

៥ យើង​កំពុង​តែ​រស់​នៅ«អវសាន​កាល​នៃ​ពិភពលោក»។ (ម៉ាថាយ ២៤:៣, ខ.ស.) យើង​មិន​អាច​ដើរ​ផ្សព្វផ្សាយ​ជា​មួយ​នឹង​ព្រះ​យេស៊ូ ហើយ​មើល​របៀប​ដែល​ទ្រង់​ផ្សព្វផ្សាយ​ដល់​មនុស្ស​ដូច​ពួក​សិស្ស​ដំបូង​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​របស់​ទ្រង់ ដោយ​អាន​ក្នុង​ព្រះ​គម្ពីរ​នូវ​របៀប​ដែល​ទ្រង់​បាន​ផ្សព្វផ្សាយ និង​ការ​បង្ហាត់​បង្រៀន​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់។ (លូកា ១០:១​-​១១) ក៏​ប៉ុន្តែ អត្ថបទ​នេះ​នឹង​ពិគ្រោះ​នូវ​អ្វី​មួយ​ដ៏​សំខាន់​ណាស់ ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​ដល់​សិស្ស ពោល​គឺ​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ។

ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស

៦, ៧​. តើ​ព្រះ​យេស៊ូ​មាន​គុណសម្បត្ដិ​អ្វី​ដែល​ធ្វើ​ឲ្យ​ទ្រង់​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចបំរើ​ផ្សាយ? តើ​យើង​អាច​យក​តម្រាប់​តាម​ទ្រង់​ចំពោះ​រឿង​នេះ​យ៉ាង​ដូច​ម្ដេច?

៦ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ធ្វើ​បន្ទាល់​ដោយ​ប្រសិទ្ធភាព? មូលហេតុ​មួយ​គឺ ព្រះ​យេស៊ូ​ចាប់​អារម្មណ៍​ហើយ​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​មនុស្ស។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ទាយ​ថា​ព្រះ​យេស៊ូ​នឹង«មាន​សេចក្ដី​អាណិត​មេត្ដា ដល់​មនុស្ស​រហេមរហាម​នឹង​មនុស្ស​ទុគ៌ត»។ (ទំនុកដំកើង ៧២:១៣) ព្រះ​យេស៊ូ​បាន​បំពេញ​ទំនាយ​នោះ​ពិត​មែន។ ព្រះ​គម្ពីរ​ចែង​អំពី​គ្រា​មួយ​ថា៖ «កាល​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ហើយ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម​ដែល​ឥត​អ្នក​គង្វាល»។ (ម៉ាថាយ ៩:៣៦) សូម្បី​តែ​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​ក៏​ដឹង​ថា​ព្រះ​យេស៊ូ យក​ព្រះទ័យ​ទុក​ដាក់ ហើយ​ពួក​គេ​មាន​ចិត្ត​ចង់​ទៅ​ជិត​ទ្រង់​ដែរ។—ម៉ាថាយ ៩:៩​-​១៣; លូកា ៧:៣៦​-​៣៨; ១៩:១​-​១០

៧ សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​ធ្វើ​បន្ទាល់​ដោយ​ប្រសិទ្ធភាព​ដែរ ប្រសិន​បើ​យើង​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដូច​ព្រះ​យេស៊ូ។ មុន​នឹង​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ សូម​ចំណាយ​ពេល​គិត​ថា​តើ​មនុស្ស​ត្រូវ​ការ​ដំណឹង​នេះ​ជា​បន្ទាន់​យ៉ាង​ណា? ចូរ​គិត​អំពី​បញ្ហា​ផ្សេងៗរបស់​មនុស្ស ដែល​មាន​តែ​ព្រះ​រាជាណាចក្រ​នឹង​ដោះស្រាយ​បាន។ ចូរ​ប្ដេជ្ញា​មាន​ទស្សនៈ​ល្អ​ចំពោះ​មនុស្ស​គ្រប់​គ្នា ដោយសារ​យើង​ពុំ​ដឹង​ថា​អ្នក​ណា​នឹង​ស្ដាប់​តាម​សារ​ព្រះ​រាជាណាចក្រ។ ប្រហែល​ជា​បុគ្គល​ដែល​យើង​ទៅ​ជួប​បាន​អធិស្ឋាន​ឲ្យ​មាន​អ្នក​ណា​ម្នាក់​ដូច​យើង​ផ្ទាល់​ឲ្យ​មក​ជួយ​គាត់​ក៏​មិន​ដឹង!

ត្រូវ​បាន​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់

៨​. ក្នុង​ការ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ តើ​អ្វី​ជំរុញ​ចិត្ត​សិស្ស​របស់​ទ្រង់​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ល្អ?

៨ ព្រះ​យេស៊ូ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដែល​ទាក់ទង​នឹង​ការ​សម្រេច​នៃ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បរិសុទ្ធ និង​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតីភាព​របស់​ទ្រង់ ហើយ​រឿង​ទាំង​នេះ​ជា​រឿង​ដ៏​សំខាន់​បំផុត​ដែល​មនុស្ស​ជាតិ​ត្រូវ​ប្រឈម​មុខ។ (ម៉ាថាយ ៦:៩, ១០) ព្រះ​យេស៊ូ​ស្រឡាញ់​ព្រះ​វរបិតា​របស់​ទ្រង់ ហើយ​នេះ​បាន​ជំរុញ​ទ្រង់​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​រហូត​ដល់​ទីបញ្ចប់ និង​ឲ្យ​ធ្វើ​បន្ទាល់​បាន​សព្វ​គ្រប់​អំពី​ព្រះ​រាជាណាចក្រ​ដែល​នឹង​ដោះស្រាយ​រឿង​ដ៏​សំខាន់ៗទាំង​នោះ។ (យ៉ូហាន ១៤:៣១) អ្វី​ដូច​គ្នា​ក៏​ជំរុញ​ចិត្ត​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​សព្វ​ថ្ងៃ​នេះ​ដែរ ហើយ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ក្នុង​កាល​ដែល​ចូល​រួម​ក្នុង​កិច្ចបំរើ​ផ្សាយ។ សាវ័ក​យ៉ូហាន​បាន​មានប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់»។ នេះ​រួម​បញ្ចូល​បញ្ញត្ត​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។—យ៉ូហានទី១ ៥:៣; ម៉ាថាយ ២៨:១៩, ២០

៩, ១០​. ក្រៅ​ពី​ការ​ស្រឡាញ់​ព្រះ តើ​យើង​ស្រឡាញ់​អ្នក​ណា​ទៀត​ដែល​ជំរុញ​ឲ្យ​យើង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​នោះ?

៩ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា៖ «បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ! អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ»។ (យ៉ូហាន ១៤:១៥, ២១) ហេតុ​ដូច្នេះ​ហើយ ការ​ស្រឡាញ់​ព្រះ​យេស៊ូ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​និង​ស្ដាប់​តាម​អ្វីៗដែល​ព្រះ​យេស៊ូ​បាន​បង្គាប់។ នៅ​កំឡុង​គ្រា​មួយ​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​លេច​ខ្លួន​ឲ្យ​សិស្ស​ឃើញ​ក្រោយ​ពី​ទ្រង់​បាន​រស់​ឡើង​វិញ នោះ​ទ្រង់​បាន​ដាស់​តឿន​ពេត្រុស​ថា៖ «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង . . . ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ! . . . ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង»។ តើ​អ្វី​ដែល​គួរ​ជំរុញ​ចិត្ត​ពេត្រុស​ឲ្យ​ធ្វើ​ដូច្នេះ? ព្រះ​យេស៊ូ​បាន​បញ្ជាក់​នូវ​ចម្លើយ​ក្នុង​កាល​ដែល​ទ្រង់​បាន​សួរ​ពេត្រុស​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាជាង​របស់​ទាំង​នេះ​ឬ​អី? . . . តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី? . . . តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី?»។ មែន​ហើយ អ្វី​ដែល​ជំរុញ​ចិត្ត​ពេត្រុស​ឲ្យ​ធ្វើ​បន្ទាល់​យ៉ាង​សព្វ​គ្រប់ គឺ​ដោយសារ​ពេត្រុស​ស្រឡាញ់​ព្រះ​យេស៊ូ ដែល​នាំ​ឲ្យ​គាត់​រក«កូន​ចៀម»របស់​ព្រះ​យេស៊ូ ហើយ​ក្រោយ​មក​ធ្វើ​ជា​អ្នក​គង្វាល​ខាង​វិញ្ញាណ​ដល់​ពួក​គេ។—យ៉ូហាន ២១:១៥​-​១៧

១០ សព្វ​ថ្ងៃ​នេះ យើង​មិន​ស្គាល់​ព្រះ​យេស៊ូ​ដូច​ពេត្រុស​នោះ​ទេ។ ក៏​ប៉ុន្តែ យើង​យល់​នូវ​សារៈ​សំខាន់​នៃ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​សំរាប់​យើង​ដែរ។ ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​ដ៏​ឧត្តម​របស់​ទ្រង់ នេះ​បាន​ជំរុញ​ទ្រង់​ឲ្យ​«ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់» ហើយ​ទង្វើ​នេះ​មាន​អានុភាព​លើ​ចិត្ត​យើង​យ៉ាង​ខ្លាំង។ (ហេព្រើរ ២:៩; យ៉ូហាន ១៥:១៣) យើង​មាន​អារម្មណ៍​ដូច​ប៉ុល នៅ​ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំ​យើង​ខ្ញុំ . . . ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះ​អង្គ»។ (កូរិនថូសទី២ ៥:១៤, ១៥) យើង​បង្ហាញ​ថា​យើង​ពិត​ជា​អបអរ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ ហើយ​យើង​ក៏​ស្រឡាញ់​ទ្រង់​វិញ ដោយ​ខំ​ព្យាយាម​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សព្វ​គ្រប់។ (យ៉ូហានទី១ ២:៣​-​៥) យើង​មិន​ត្រូវ​មើល​ស្រាល​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ ហាក់​ដូច​ជា​យើង​ចាត់​ទុក​យញ្ញបូជា​របស់​ព្រះ​យេស៊ូ​ឥត​មាន​តម្លៃ​នោះ​ឡើយ។—ហេព្រើរ ១០:២៩

ចូរ​បន្ត​ប្រមូល​អារម្មណ៍​លើ​កិច្ចការ​ដ៏​សំខាន់​បំផុត

១១, ១២​. តើ​ព្រះ​យេស៊ូ​បាន​មក​ផែនដី​ដើម្បី​ធ្វើ​អ្វី? តើ​ទ្រង់​បាន​ប្រមូល​អារម្មណ៍​លើ​កិច្ចការ​នោះ​យ៉ាង​ដូច​ម្ដេច?

១១ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​នៅ​ពី​មុខ​លោក​ប៉ុនទាស​ពីឡាត់ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត»។ (យ៉ូហាន ១៨:៣៧) ព្រះ​យេស៊ូ​មិន​អនុញ្ញាត​ឲ្យ​អ្វី​មក​បង្វែរ​អារម្មណ៍​ទ្រង់​ពី​ការ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​ឡើយ។ បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ព្រះ​យេស៊ូ គឺ​ឲ្យ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត។

១២ សាតាំង​បាន​សាកល្បង​ព្រះ​យេស៊ូ​ស្តី​អំពី​រឿង​នេះ​មែន។ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បន្ដិច​មក សាតាំង​បាន​ស្នើ​ធ្វើ​ឲ្យ​ទ្រង់​មាន​ឋានៈ​ធំដុំ​នៅ​ក្នុង​ពិភពលោក ទាំង​ប្រគល់​ឲ្យ​ទ្រង់«អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ»។ (ម៉ាថាយ ៤:៨, ៩) ក្រោយ​មក សាសន៍​យូដា​ចង់​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជា​ស្តេច។ (យ៉ូហាន ៦:១៥) សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​ប្រហែល​ជា​គិត​ថា ប្រសិន​បើ​ព្រះ​យេស៊ូ​ទទួល​យក​នូវ​ការ​ស្នើ​ផ្ដល់​ទាំង​នោះៗមាន​ប្រយោជន៍​ជាង​ចំពោះ​មនុស្ស​ជាតិ។ ពួក​គេ​គិត​ថា​ព្រះ​យេស៊ូ​ជា​ស្តេច​អាច​សម្រេច​ការ​ល្អៗបាន​ច្រើន​សំរាប់​មនុស្ស​ជាតិ។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​បដិសេធ​នូវ​គំនិត​បែប​នោះ។ ទ្រង់​ប្រមូល​អារម្មណ៍​លើ​ការ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត។

១៣, ១៤​. (ក) តើ​អ្វី​ដែល​ពុំ​បាន​បង្វែរ​អារម្មណ៍​របស់​ព្រះ​យេស៊ូ​ពី​កិច្ចការ​ដ៏​សំខាន់​របស់​ទ្រង់? (ខ) ទោះ​ជា​ព្រះ​យេស៊ូ​ជា​អ្នក​ក្រ​ក៏​ពិត​មែន តើ​ទ្រង់​បាន​សម្រេច​អ្វី​ខ្លះ?

១៣ ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​មិន​បាន​ឲ្យ​ការ​ដេញ​តាម​ទ្រព្យ​សម្បត្ដិ​បង្វែរ​អារម្មណ៍​ទ្រង់​ពី​កិច្ចការ​ដ៏​សំខាន់​របស់​ទ្រង់​ឡើយ។ ជា​លទ្ធផល ទ្រង់​មិន​មែន​ជា​បុរស​អ្នក​មាន​ទេ សូម្បី​តែ​ផ្ទះ​ក៏​ទ្រង់​គ្មាន​ដែរ។ នៅ​គ្រា​មួយ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ (ម៉ាថាយ ៨:២០) យោង​ទៅ​តាម​ព្រះ​គម្ពីរ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​សោយទិវង្គត​នោះ របស់​ដែល​តម្លៃ​ដែល​ទ្រង់​មាន​គឺ​មាន​តែ​សំលៀកបំពាក់​របស់​ទ្រង់ ដែល​ពួក​ទាហាន​រ៉ូម​យក​ដោយ​ចាប់​ឆ្នោត។ (យ៉ូហាន ១៩:២៣, ២៤) ដូច្នេះ តើ​នេះ​បាន​ន័យ​ថា ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​ទទួល​បរាជ័យ​ឬ​ទេ? មិន​មែន​ទាល់តែ​សោះ!

១៤ ព្រះ​យេស៊ូ​បាន​សម្រេច​កិច្ចការ​ច្រើន​ជាង​សប្បុរស​ជន​ណា​ម្នាក់​ឆ្ងាយ​ណាស់។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ​គុណ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្ដី​កម្រ​របស់ទ្រង់»។ (កូរិនថូសទី២ ៨:៩; ភីលីព ២:៥​-​៨) ទោះ​ជា​ព្រះ​យេស៊ូ​ជា​អ្នក​ក្រ​ក៏​ពិត​មែន តែ​ទ្រង់​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប​ទាប​មាន​លទ្ធភាព​ទទួល​នូវ​ជីវិត​គ្រប់​ល័ក្ខណ៍ រស់​នៅ​ជា​រៀង​រហូត​បាន។ យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ទ្រង់​ណាស់ មែន​ទេ! យើង​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែល​ទ្រង់​បាន​ទទួល​រង្វាន់​ពីព្រោះ​ទ្រង់​បាន​ប្រមូល​អារម្មណ៍​លើ​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ!—ទំនុកដំកើង ៤០:៨; កិច្ចការ ២:៣២,៣៣, ៣៦

១៥​. តើ​អ្វី​ដែល​មាន​តម្លៃ​ជាង​ទ្រព្យ​សម្បត្ដិ?

១៥ សព្វ​ថ្ងៃ​នេះ ជន​គ្រីស្ទាន​ដែល​ខំ​ព្យាយាម​យក​តម្រាប់​តាម​ព្រះ​យេស៊ូ ក៏​មិន​អនុញ្ញាត​ឲ្យ​ការ​ដេញ​តាម​ទ្រព្យ​សម្បត្ដិ​បង្វែរ​អារម្មណ៍​របស់​ពួក​គេ​ឡើយ។ (ធីម៉ូថេទី១ ៦:៩, ១០) ពួក​គេ​ទទួល​ស្គាល់​ថា​ទ្រព្យ​សម្បត្ដិ​អាច​ធ្វើ​ឲ្យ​ជីវិត​បាន​ស្រួល​មែន តែ​ពួក​គេ​ក៏​ដឹង​ថា​ជីវិត​ជា​រៀង​រហូត​នា​ពេល​អនាគត​មិន​ពឹងផ្អែក​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ឡើយ។ នៅ​ពេល​ដែល​ជន​គ្រីស្ទាន​ម្នាក់​ទទួល​មរណភាព​នោះ ទ្រព្យ​សម្បត្ដិ​របស់​គាត់​គ្មាន​តម្លៃ​ចំពោះ​គាត់​ទេ ក៏​ដូច​ជា​សំលៀកបំពាក់​របស់​ព្រះ​យេស៊ូ​គ្មាន​តម្លៃ​ចំពោះ​ទ្រង់​ដែរ​ពេល​ដែល​ទ្រង់​សោយទិវង្គត។ (សាស្ដា ២:១០, ១១, ១៧​-​១៩; ៧:១២) នៅ​ពេល​ដែល​ជន​គ្រីស្ទាន​ស្លាប់​ទៅ នោះ​របស់​ដែល​មាន​តម្លៃ​ចំពោះ​គាត់ គឺ​ចំណង​មេត្រីភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ហើយ​ព្រះ​យេស៊ូ​គ្រីស្ទ។—ម៉ាថាយ ៦:១៩​-​២១; លូកា ១៦:៩

មិន​បាន​ខ្លាច​នឹង​ការ​ប្រឆាំង​ឡើយ

១៦​. តើ​ព្រះ​យេស៊ូ​បាន​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​យ៉ាង​ដូច​ម្ដេច?

១៦ ការ​ប្រឆាំង​ពុំ​បាន​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​លែង​ប្រមូល​អារម្មណ៍​លើ​ការ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​ឡើយ។ ទោះ​ជា​ព្រះ​យេស៊ូ​ជ្រាប​ថា​កិច្ចបំរើ​របស់​ទ្រង់​នៅ​ផែនដី​នឹង​ត្រូវ​មក​ដល់​ទីបញ្ចប់​នៅ​ពេល​ដែល​ទ្រង់​សោយទិវង្គត​ជា​យញ្ញបូជា​ក្ដី ក៏​នោះ​មិន​បាន​ធ្វើ​ឲ្យ​ទ្រង់​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សាវ័ក​ប៉ុល​បាន​ពោល​អំពី​ព្រះ​យេស៊ូ​ថា៖ «ទ្រង់​បាន​រងទ្រាំ​នៅ​ឈើ​ឆ្កាង[ឬ«បង្គោល​ឈើ​ទារុណកម្ម», ព.ថ.] ទាំង​មើលងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ»។ (ហេព្រើរ ១២:២) ចូរ​កត់​សម្គាល់​ថា ព្រះ​យេស៊ូ«មើលងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស»។ ទ្រង់​មិន​ខ្វល់ខ្វាយ​នឹង​ពួក​អ្នក​ប្រឆាំង​គិត​យ៉ាង​ណា​ចំពោះ​ទ្រង់​ឡើយ។ ទ្រង់​បាន​ប្រមូល​អារម្មណ៍​លើ​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វិញ។

១៧​. តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ស៊ូទ្រាំ​របស់​ព្រះ​យេស៊ូ?

១៧ ដោយ​ទាញ​មេ​រៀន​ពី​ការ​ស៊ូទ្រាំ​របស់​ព្រះ​យេស៊ូ ប៉ុល​លើក​ទឹក​ចិត្ត​ជន​គ្រីស្ទាន​ថា៖ «ចូរ​ពិចារណា​មើល​ទ្រង់​ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹង​ទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម្ល៉េះ ក្រែងលោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ»។ (ហេព្រើរ ១២:៣) ពិត​មែន ការ​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ឬ​ការ​សើច​ចំអក​ដោយ​មិន​ឈប់ឈរ​អាច​ធ្វើ​ឲ្យ​យើង​នឿយ​ហត់​ឬ​បាក់​កម្លាំង​ចិត្ត។ ការ​ទប់ទល់​នឹង​សេចក្ដី​ល្បួង​ផ្សេងៗក្នុង​លោកីយ៍​ក៏​អាច​ធ្វើ​ឲ្យ​នឿយ​ហត់​ឬ​បាក់​កម្លាំង​ចិត្ត​ដែរ ហើយ​នាំ​ឲ្យ​បងប្អូន​សាច់​ញាតិ​រិះគន់​យើង ដែល​ពួក​គេ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ខំ​ធ្វើ​ជា​បុគ្គល​ដែល​មាន​មុខ​មាត់​ធំ។ យ៉ាង​ណា​ក៏​ដោយ ដូច​ព្រះ​យេស៊ូ យើង​ក៏​ពឹង​ព្រះ​យេហូវ៉ា​ឲ្យ​គាំទ្រ​យើង ក្នុង​កាល​ដែល​យើង​ប្ដេជ្ញា​ចាត់​ទុក​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ​ជា​អាទិ​ភាព​ក្នុង​ជីវិត​របស់​យើង។—ម៉ាថាយ ៦:៣៣; រ៉ូម ១៥:១៣; កូរិនថូសទី១ ២:៤

១៨​. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​បន្ទូល​របស់​ព្រះ​យេស៊ូ​ដល់​ពេត្រុស?

១៨ ពេល​ដែល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​ប្រាប់​ពួក​សិស្ស​អំពី​ការ​សោយទិវង្គត​របស់​ទ្រង់​នៅ​នា​អនាគត នោះ​អាច​ឃើញ​ច្បាស់​ថា ព្រះ​យេស៊ូ​មិន​បាន​ឲ្យ​អ្វី​មក​បង្វែរ​អារម្មណ៍​របស់​ទ្រង់​ឡើយ។ ពេត្រុស​បាន​លើក​ទឹក​ចិត្តព្រះ​យេស៊ូ​ឲ្យ​«ប្រណី​អង្គ​ទ្រង់​វិញ» ហើយ​ថា«ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ»។ ព្រះ​យេស៊ូ​មិន​ព្រម​ស្ដាប់​យោបល់​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ការ​ប្ដេជ្ញា​របស់​ទ្រង់​ទៅ​ជា​ខ្សោយ​ក្នុង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ ទ្រង់​បែរ​ទៅ​មាន​បន្ទូល​នឹង​ពេត្រុស​ថា៖ «សាតាំង​អើយ! ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ! ឯង​ជា​សេចក្ដី​បង្អាក់​ដល់​ចិត្ត​អញ ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ»។ (ម៉ាថាយ ១៦:២១​-​២៣) សូម​ឲ្យ​យើង​តែង​តែ​ប្ដេជ្ញា​ដូច​ព្រះ​យេស៊ូ​ដែរ​ក្នុង​ការ​បដិសេធ​គំនិត​របស់​មនុស្ស។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​គំនិត​របស់​ព្រះ​តែង​តែ​ណែនាំ​យើង​ជានិច្ច។

ព្រះ​រាជាណាចក្រ​នឹង​នាំ​ឲ្យ​មាន​ប្រយោជន៍​ដែល​នៅ​ស្ថិត​ស្ថេរ

១៩​. ទោះ​ជា​ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​ក៏​ដោយ តើ​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​កិច្ចបំរើ​របស់​ព្រះ​យេស៊ូ​ជា​អ្វី?

១៩ ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​ដើម្បី​បង្ហាញ​ថា​ទ្រង់​ជា​ព្រះមេស្ស៊ី។ ទ្រង់​ក៏​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ដែរ។ កិច្ចការ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បណ្ដាជន​ចាប់​អារម្មណ៍ ប៉ុន្តែ ព្រះ​យេស៊ូ​មិន​បាន​មក​ផែនដី​គ្រាន់​តែ​ធ្វើ​កិច្ចការ​ខាង​សង្គម​នោះ​ទេ។ ទ្រង់​បាន​មក​ផែនដី​ដើម្បី​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត។ ទ្រង់​បាន​ជ្រាប​ថា ប្រយោជន៍​ពី​អព្ភូតហេតុ​ទាំង​នោះ​គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ សូម្បី​តែ​បុគ្គល​ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក៏​បាន​ស្លាប់​ម្ដង​ទៀត​ដែរ។ មាន​តែ​ការ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​ប៉ុណ្ណោះ​ដែល​អាច​ជួយ​មនុស្ស​ខ្លះ​ឲ្យ​ទទួល​ជីវិត​ជា​រៀង​រហូត​បាន។—លូកា ១៨:២៨​-​៣០

២០, ២១​. តើ​ជន​គ្រីស្ទាន​ពិត​រក្សា​គំនិត​ដែល​ប្រកប​ដោយ​តុល្យភាព​យ៉ាង​ណា​ស្តី​អំពី​ការ​ធ្វើ​ល្អ?

២០ សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​បាន​ខំ​ធ្វើ​តាម​ការ​ល្អ​របស់​ព្រះ​យេស៊ូ ដោយ​សាង​សង់​មន្ទីរពេទ្យ​ឬ​ធ្វើ​កិច្ចការ​ឯ​ទៀត​សំរាប់​មនុស្ស​ក្រីក្រ​ក្នុង​ពិភពលោក។ ក្នុង​ករណី​ខ្លះ ពួក​គេ​ធ្វើ​កិច្ចការ​នេះ​ដោយ​ធ្វើ​ពលិកម្ម​យ៉ាង​ច្រើន​មែន ហើយ​ចិត្ត​ស្មោះសរ​របស់​ពួក​គេ​គឺ​គួរ​ឲ្យ​សរសើរ​ណាស់។ ប៉ុន្តែ កិច្ចការ​ដែល​ពួក​គេ​ធ្វើ ទោះ​ជា​នាំ​ឲ្យ​មាន​ប្រយោជន៍​យ៉ាង​ណា​ក្ដី គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ មាន​តែ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទេ​ដែល​នឹង​នាំ​ឲ្យ​មាន​ការ​ធូរ​ស្រាល​ជា​អចិន្ត្រៃយ៍។ ហេតុ​ដូច្នេះ​ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ប្រឹង​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​នោះ​ដែរ។

២១ ប្រាកដ​ហើយ ជន​គ្រីស្ទាន​ពិត​ធ្វើ​កិច្ចការ​ល្អ។ ប៉ុល​បាន​សរសេរ​ថា៖ «ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម»។ (កាឡាទី ៦:១០) នៅ​ពេល​ដែល​មាន​ស្ថានការណ៍​ដ៏​ពិបាក ឬ​នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​ត្រូវ​ការ​ជំនួយ យើង​មិន​ស្ទាក់ស្ទើរ«ធ្វើ​ល្អ»ដល់​អ្នកជិតខាង​ឬ​បងប្អូន​គ្រីស្ទាន​ខាង​វិញ្ញាណ​របស់​យើង​ឡើយ។ យ៉ាង​ណា​ក៏​ដោយ យើង​បន្ត​ប្រមូល​អារម្មណ៍​លើ​កិច្ចការ​ដ៏​សំខាន់​បំផុត​របស់​យើង ពោល​គឺ​ការ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត។

ចូរ​រៀន​ពី​គំរូ​របស់​ព្រះ​យេស៊ូ

២២​. ហេតុ​អ្វី​បាន​ជា​ជន​គ្រីស្ទាន​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​អ្នកជិតខាង​ខ្លួន?

២២ ប៉ុល​បាន​សរសេរ​ថា៖ «បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ!»។ (កូរិនថូសទី១ ៩:១៦) ប៉ុល​មិន​បាន​មើល​ស្រាល​នឹងកិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទេ ពីព្រោះ​ដោយ​ផ្សព្វផ្សាយ​ដំណឹង​ល្អ នោះ​គាត់​នឹង​សង្គ្រោះ​ខ្លួន​គាត់ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​គាត់​ផង​ដែរ។ (ធីម៉ូថេទី១ ៤:១៦) យើង​ចាត់​ទុក​កិច្ចបំរើ​ផ្សាយ​របស់​យើង​ដូច​នោះ​ដែរ។ យើង​ចង់​ជួយ​អ្នកជិតខាង​របស់​យើង។ យើង​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​ចង់​ស​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេស៊ូ និង​បង្ហាញ​ការ​អបអរ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ឧត្តម​របស់​ទ្រង់​សំរាប់​យើង។ ហេតុ​ដូច្នេះ​ហើយ យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ ហើយ​មិន​រស់​នៅ«តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ទៀត​ឡើយ គឺ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វិញ»។—ពេត្រុសទី១ ៤:១, ២

២៣, ២៤​. (ក) តើ​យើង​បាន​ទាញ​យក​មេ​រៀន​អ្វី​ពី​អព្ភូតហេតុ​នៃ​ការ​នេសាទ​ត្រី? (ខ) តើ​អ្នក​ណា​ដែល​កំពុង​តែ​ធ្វើ​បន្ទាល់​យ៉ាង​សព្វ​គ្រប់​សព្វ​ថ្ងៃ​នេះ?

២៣ ដូច​ព្រះ​យេស៊ូ យើង​មិន​បាត់បង់​នូវ​ការ​ប្រមូល​អារម្មណ៍​លើ​កិច្ចការ​ដ៏​សំខាន់​របស់​យើង​ទេ នៅ​ពេល​ដែល​អ្នក​ដទៃ​សើច​ចំអក​ឬ​បដិសេធ​សារ​យើង​ដោយ​កំហឹង​នោះ។ យើង​បាន​ទាញ​យក​មេ​រៀន​ពី​អព្ភូតហេតុ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​នៅ​ពេល​ដែល​ទ្រង់​ហៅ​ពេត្រុស​និង​អនទ្រេ​ឲ្យ​ធ្វើ​តាម​ទ្រង់។ យើង​យល់​ថា​ប្រសិន​បើ​យើង​ស្ដាប់​តាម​ព្រះ​យេស៊ូ ហើយ​បើ​និយាយ​ជា​អត្ថបដិរូប យើង​ទម្លាក់​អួន​របស់​យើង​នៅ​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​គ្មាន​លទ្ធផល​ក៏​ដោយ នោះ​ប្រហែល​ជា​ការ​នេសាទ​របស់​យើង​នឹង​ទទួល​បាន​លទ្ធផល។ ជន​គ្រីស្ទាន​ជា​ច្រើន​បាន​ទទួល​ផល​បាន​ច្រើន​ក្រោយ​ពី​បាន​ខំ​ផ្សព្វផ្សាយ​នៅ​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ពុំ​មាន​ប្រយោជន៍​នោះ។ ជន​គ្រីស្ទាន​ពិត​ឯ​ទៀត​អាច​ទៅ​កន្លែង​ដែល​បង្កើត​ផល​បាន​ល្អ​ជាង ហើយ​ទទួល​បាន​ផល​ច្រើន​នៅ​ទី​នោះ។ ទោះ​ជា​យើង​ធ្វើ​អ្វី​ក៏​ដោយ គឺ​យើង​នឹង​មិន​ឈប់​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​ឡើយ។ យើង​ដឹង​ថា​ព្រះ​យេស៊ូ​មិន​ទាន់​ប្រកាស​ថា​កិច្ចការ​ផ្សព្វផ្សាយ​ត្រូវ​ចប់​នៅ​កន្លែង​ណា​លើ​ផែនដី​នេះ​ទេ។—ម៉ាថាយ ២៤:១៤

២៤ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជាង​ប្រាំ​មួយ​លាន​នាក់​កំពុង​តែ​រវល់​ធ្វើ​បន្ទាល់​ជាង​២៣០​ប្រទេស។ របាយ​ការណ៍​ប្រចាំ​ឆ្នាំ​កិច្ចបំរើ​២០០៤ បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​យ៉ាង​វិសេស​ដល់​កិច្ចការ​ផ្សព្វផ្សាយ។ ក្នុង​ពេល​វេលា​ដែល​នៅ​សល់​សំរាប់​របប​លោកីយ៍​នេះ សូម​ឲ្យ​យើង​បន្ត​ស្ដាប់​តាម​ពាក្យ​របស់​ប៉ុល​ដែល​ជំរុញ​ទឹក​ចិត្ត​យើង​ថា៖ «ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ​បន្ទូល​ចុះ! ហើយ​ទទូច​ជំរុញ​ផង»។ (ធីម៉ូថេទី២ ៤:២) សូម​ឲ្យ​យើង​បន្ត​ធ្វើ​បន្ទាល់​យ៉ាង​សព្វ​គ្រប់​រហូត​ដល់​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា កិច្ចការ​ផ្សព្វផ្សាយ​គឺ​ចប់​ហើយ។

តើ​អ្នក​អាច​ឆ្លើយ​ឬ​ទេ?

• តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ដែល​ព្រះ​យេស៊ូ​បង្រៀន​សិស្ស​ទ្រង់​យ៉ាង​ដូច​ម្ដេច?

• តើ​ព្រះ​យេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​ទ្រង់​ផ្សព្វផ្សាយ​ដល់​នោះ?

• តើ​អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​បន្ទាល់​យ៉ាង​សព្វ​គ្រប់?

• តើ​តាម​របៀប​ណា​ដែល​យើង​អាច​បន្ត​ប្រមូល​អារម្មណ៍​លើ​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ដូច​ព្រះ​យេស៊ូ?

[រូបភាព​នៅ​ទំព័រ​១៥]

យើង​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចបំរើ​យើង ប្រសិន​បើ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដូច​ព្រះ​យេស៊ូ​ដែរ

[រូបភាព​នៅ​ទំព័រ​១៦]

ជា​សំខាន់​បំផុត ព្រះ​យេស៊ូ​បាន​មក​ផែនដី​ដើម្បី​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត

[រូបភាព​នៅ​ទំព័រ​១៧]

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ប្រឹង​ធ្វើ​បន្ទាល់​យ៉ាង​សព្វ​គ្រប់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក