«អ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់»
«អ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ដោយសេចក្ដីអំណរដ៏ប្រសើរ»។—ពេត្រុសទី១ ១:៨
១. ទោះបីគ្មានមនុស្សណានៅលើផែនដីសព្វថ្ងៃនេះបានឃើញព្រះយេស៊ូក៏ដោយ តើតាមរបៀបណាដែលមនុស្សកាន់សាសនាខ្លះខំខ្នះខ្នែងបង្ហាញសេចក្ដីស្រឡាញ់ដល់ទ្រង់?
គ្មានអ្នកណាម្នាក់ដែលរស់នៅសព្វថ្ងៃនេះ ធ្លាប់ឃើញព្រះយេស៊ូគ្រីស្ទឡើយ។ ប៉ុន្តែ មនុស្សរាប់លាននាក់បានអះអាងថាគេស្រឡាញ់ទ្រង់។ រៀងរាល់ឆ្នាំនៅខែមករា ទី៩ ក្នុងក្រុងម៉ានីឡា ប្រទេសហ្វីលីពីន គេទាញដង្ហែរូបព្រះយេស៊ូគ្រីស្ទកាន់ឈើឆ្កាងដែលមានទំហំប៉ិនមនុស្សនៅតាមផ្លូវ។ ហើយគេបានរៀបរាប់ថានេះជាពិធីដ៏ធំអស្ចារ្យបំផុត នៃការសម្ដែងសាសនាប្រជាប្រិយក្នុងប្រទេសនោះ។ ពួកមនុស្សដ៏រំជួលចិត្តនោះ បានរុញច្រានគ្នា។ មនុស្សខ្លះថែមទាំងឡើងលើគ្នា តាមបែបបទដ៏វីវក់ ដើម្បីទៅប៉ះរូបនោះ។ មនុស្សជាច្រើនដែលបានមកមើលព្រឹត្ដិការណ៍នេះ ត្រូវបានទាក់ទាញចិត្តដោយក្បួនហែដ៏សប្បាយអ៊ឹកធឹកនោះ។ ប៉ុន្តែ មនុស្សខ្លះទៀតគឺច្បាស់ជាមនុស្ស ដែលមានចិត្តស្រឡាញ់យ៉ាងស្មោះត្រង់ដល់ព្រះយេស៊ូ។ ជាទីសំអាងនៃរឿងនេះ ពួកគេប្រហែលជាពាក់រូបចម្លាក់ព្រះយេស៊ូដាក់ឆ្កាង ឬក៏ទៅព្រះវិហារជារឿយៗ។ ប៉ុន្តែ តើការថ្វាយបង្គំរូបចម្លាក់បែបនេះ អាចចាត់ទុកជាការថ្វាយបង្គំពិតបានទេ?
២, ៣. (ក) តើពួកណាក្នុងចំណោមពួកកាន់តាមព្រះយេស៊ូដែលបានឃើញហើយឮទ្រង់? (ខ) តើមានពួកណាទៀតក្នុងសតវត្សទីមួយដែលបានស្រឡាញ់ព្រះយេស៊ូ ហើយបានដាក់ជំនឿលើទ្រង់ ទោះបីពួកគេមិនបានឃើញទ្រង់ផ្ទាល់ខ្លួនផង?
២ ក្នុងសតវត្សទីមួយ មានមនុស្សរាប់ពាន់នាក់ក្នុងខេត្តរ៉ូម៉ាំងដូចជា យូដា សាម៉ារី ពើរី និងកាលីឡេ ដែលបានឃើញនិងឮព្រះយេស៊ូគ្រីស្ទផ្ទាល់ខ្លួន។ ពួកគេបានស្ដាប់ កាលដែលទ្រង់ពន្យល់អំពីសេចក្ដីពិតដ៏កក់ក្ដៅអំពីព្រះរាជាណាចក្រនៃព្រះ។ ពួកគេជាពួកសាក្សីនៃអព្ភូតហេតុជាច្រើនដែលទ្រង់បានធ្វើ។ ពួកមនុស្សទាំងនេះខ្លះបានក្លាយទៅជាសិស្សដ៏ស្មោះរបស់ទ្រង់ ដោយជឿជាក់ថា «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់»។ (ម៉ាថាយ ១៦:១៦) ប៉ុន្តែ ចំពោះអស់អ្នកដែលសាវ័កពេត្រុសបានសរសេរសំបុត្រទីមួយរបស់គាត់ទៅនោះ គឺមិនមែនជាពួកដែលនៅក្នុងចំណោមពួកនេះទេ។
៣ ពួកអ្នកដែលពេត្រុសសរសេរសំបុត្រជូននោះ គឺរស់នៅក្នុងស្រុករ៉ូម៉ាំង គឺមានស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ីនិងស្រុកប៊ីធូនា—នៅសម័យទំនើបនេះ ស្រុកទាំងនេះគឺនៅក្នុងប្រទេសទួរគី។ ពេត្រុសបានសរសេរជូនពួកគេថា៖ «អ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ដោយសេចក្ដីអំណរដ៏ប្រសើរដែលរកថ្លែងមិនបាន»។ (ពេត្រុសទី១ ១:១, ៨) តើតាមរបៀបណាដែលគេបានស្គាល់ព្រះយេស៊ូគ្រីស្ទ រហូតដល់ថ្នាក់ស្រឡាញ់ទ្រង់ និងដាក់ជំនឿលើទ្រង់នោះ?
៤, ៥. តើតាមរបៀបណាដែលពួកមនុស្សដែលមិនដែលឃើញទ្រង់សោះ បានរៀនដឹងគ្រប់គ្រាន់អំពីព្រះយេស៊ូ ដែលគេអាចស្រឡាញ់ហើយដាក់ជំនឿលើទ្រង់នោះ?
៤ យ៉ាងច្បាស់ណាស់ មានមនុស្សខ្លះបាននៅក្នុងក្រុងយេរូសាឡិម កាលដែលសាវ័កពេត្រុសបានធ្វើបន្ទាល់ដល់ហ្វូងមនុស្សដែលបានមកពិធីបុណ្យភិន្ដាកុស ក្នុងឆ្នាំ៣៣ ស.យ.។ ក្រោយពីពិធីបុណ្យនោះ មានពួកសិស្សជាច្រើនបាននៅក្នុងក្រុងយេរូសាឡិម ដើម្បីទទួលការណែនាំថែមទៀតពីពួកសាវ័ក។ (កិច្ចការ ២:៩, ៤១, ៤២; ប្រៀបធៀប ពេត្រុសទី១ ១:១) ក្នុងដំណើរសាសនទូតជារឿយៗរបស់គាត់ សាវ័កប៉ុលបានធ្វើកិច្ចការផ្សាយយ៉ាងខ្នះខ្នែងដល់ពួកមនុស្សទាំងឡាយ ដែលក្រោយមក ពេត្រុសបានផ្ញើសំបុត្រទីមួយរបស់គាត់នោះ។—កិច្ចការ ១៨:២៣; ១៩:១០; កាឡាទី ១:១, ២
៥ ហេតុអ្វីក៏មនុស្សទាំងនោះ មានចិត្តស្រឡាញ់ទ្រង់ម្ល៉េះ ទោះបីពុំបានឃើញព្រះយេស៊ូផង? ក្នុងសម័យយើងនេះ ហេតុអ្វីក៏មានមនុស្សរាប់លាននាក់នៅជុំវិញផែនដី ស្រឡាញ់ទ្រង់យ៉ាងជ្រាលជ្រៅម្ល៉េះ?
អ្វីដែលពួកគេបានឮ
៦. (ក) បើសិនជាអ្នកបានឮពេត្រុសធ្វើបន្ទាល់អំពីព្រះយេស៊ូក្នុងបុណ្យភិន្ដាកុសនៃឆ្នាំ ៣៣ស.យ. តើអ្នកនឹងបានរៀនអ្វីខ្លះ? (ខ) តើនេះមានឥទ្ធិពលយ៉ាងណាទៅលើពួកមនុស្សប្រមាណ៣០០០នាក់ដែលនៅទីនោះ?
៦ បើសិនជាអ្នកបាននៅក្នុងក្រុងយេរូសាឡិម កាលដែលពេត្រុសបាននិយាយប្រាប់ពួកមនុស្សដែលមកធ្វើបុណ្យនៅឆ្នាំ ៣៣ស.យ. តើអ្នកនឹងបានរៀនអ្វីខ្លះអំពីព្រះយេស៊ូ? យ៉ាងច្បាស់ណាស់ អព្ភូតហេតុដែលទ្រង់បានធ្វើនោះ បានបង្ហាញថា ព្រះបានបញ្ជូនទ្រង់មក។ ហើយទោះបីមនុស្សមានបាបធ្វើគុតដល់ទ្រង់ក៏ដោយ ទ្រង់លែងនៅក្នុងផ្នូរទៀតហើយ តែត្រូវបានប្រោសឲ្យរស់ឡើងវិញ ហើយរួចមកត្រូវបានដំកើងនៅស្ថានសួគ៌ឲ្យនៅខាងស្ដាំដៃរបស់ព្រះ។ ប្រាកដហើយ អ្នកនឹងដឹងថា ព្រះយេស៊ូគឺពិតជាព្រះគ្រីស្ទ ជាព្រះមេស្ស៊ីដែលពួកព្យាការីទាំងឡាយបានសរសេរប្រាប់មកនោះ។ ហើយតាមរយៈព្រះយេស៊ូគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានចាក់មកលើពួកអ្នកកាន់តាមរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចធ្វើបន្ទាល់ដល់មនុស្សពីគ្រប់សាសន៍ជាច្រើន អំពីកិច្ចការដ៏អស្ចារ្យដែលព្រះបានធ្វើតាមរយៈរាជបុត្រារបស់ទ្រង់។ មនុស្សជាច្រើនដែលបានឮពេត្រុសនិយាយនៅគ្រានោះ ត្រូវបានរំជួលចិត្តយ៉ាងជ្រាលជ្រៅ ហើយមនុស្សប្រមាណ៣០០០នាក់ បានធ្វើបុណ្យជ្រមុជទឹកជាសិស្សគ្រីស្ទាន។ (កិច្ចការ ២:១៤-៤២) បើសិនជាអ្នកនៅទីនោះ តើអ្នកនឹងបានសម្រេចចិត្តធ្វើដូច្នេះដែរទេ?
៧. (ក) បើសិនជាអ្នកបាននៅក្រុងអាន់ទីយ៉ូក កាលដែលប៉ុលបានផ្សាយនៅទីនោះ តើអ្នកប្រហែលជាបានរៀនអ្វីខ្លះ? (ខ) ហេតុអ្វីក៏មនុស្សខ្លះក្នុងហ្វូងមនុស្សបានក្លាយទៅជាអ្នកជឿ ហើយបានចូលរួមផ្សាយដំណឹងល្អប្រាប់អ្នកដទៃ?
៧ បើសិនជាអ្នកនៅក្នុងចំណោមហ្វូងមនុស្សនោះ កាលដែលសាវ័កប៉ុលបានបង្រៀនក្នុងអាន់ទីយ៉ូក ក្នុងស្រុកកាឡាទី តើមានអ្វីទៀតដែលអ្នកប្រហែលជាបានរៀនអំពីព្រះយេស៊ូ? អ្នកនឹងបានឮប៉ុលពន្យល់អំពីការកាត់ទោសប្រហារជីវិតព្រះយេស៊ូ ដោយពួកអ្នកគ្រប់គ្រងក្រុងយេរូសាឡិម ដែលបានទាយទុកមកដោយពួកព្យាការីទាំងឡាយ។ អ្នកក៏ប្រហែលជាបានឮអំពីទីសំអាងនៃដំណើររស់ឡើងវិញរបស់ព្រះយេស៊ូដែរ។ អ្នកច្បាស់ជាបានរំភើបចិត្តនឹងការពន្យល់របស់ប៉ុល ដែលថា ដោយសារការប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ព្រះយេហូវ៉ាបានគូសបញ្ជាក់ថាបុគ្គលម្នាក់នេះជាបុត្រារបស់ព្រះ។ តើអ្នកនឹងមិនមានចិត្តកក់ក្ដៅទេឬ កាលដែលអ្នកបានរៀនអំពីការអត់ឱនទោសនៃបាប ដោយមានជំនឿលើព្រះយេស៊ូ ដែលអាចនាំទៅដល់ជីវិតអស់កល្បជានិច្ច? (កិច្ចការ ១៣:១៦-៤១, ៤៦, ៤៧; រ៉ូម ១:៤) ដោយទទួលស្គាល់នូវសារៈសំខាន់ចំពោះអ្វីដែលគេបានឮ មនុស្សខ្លះក្នុងក្រុងអាន់ទីយ៉ូកបានក្លាយទៅជាសិស្ស បានចូលរួមផ្សាយដំណឹងល្អយ៉ាងសកម្ម ទោះបីគេដឹងថា ការធ្វើយ៉ាងនេះនឹងជួបការបៀតបៀនយ៉ាងខ្លាំងក៏ដោយ។—កិច្ចការ ១៣:៤២, ៤៣, ៤៨-៥២; ១៤:១-៧, ២១-២៣
៨. បើសិនជាអ្នកបាននៅឯកិច្ចប្រជុំនៃក្រុមជំនុំអេភេសូរ កាលដែលពួកគេទទួលសំបុត្ររបស់ប៉ុល តើអ្នកប្រហែលជាបានរៀនអ្វីខ្លះ?
៨ ចុះយ៉ាងណាវិញ បើសិនជាអ្នកបានចូលរួមជាមួយក្រុមជំនុំក្នុងក្រុងអេភេសូរ ក្នុងខេត្តអាស៊ីនៃពួករ៉ូម៉ាំង កាលដែលពួកសិស្សនៅទីនោះបានទទួលសំបុត្ររបស់ប៉ុល? តើអ្នកនឹងរៀនអ្វីខ្លះ អំពីមុខនាទីរបស់ព្រះយេស៊ូក្នុងគោលបំណងរបស់ព្រះ? ក្នុងសំបុត្រនោះ ប៉ុលបានពន្យល់ថា តាមរយៈព្រះគ្រីស្ទ របស់សព្វសារពើទាំងអស់ក្នុងស្ថានសួគ៌និងនៅលើផែនដី នឹងត្រូវយកមកសម្រុះសម្រួលជាមួយព្រះវិញ។ ហើយថារង្វាន់របស់ព្រះ តាមរយៈព្រះគ្រីស្ទ នឹងផ្ដល់ដល់មនុស្សគ្រប់ទាំងសាសន៍ និងថាបុគ្គលណាដែលស្លាប់ក្នុងព្រះនេត្ររបស់ព្រះ ដោយសារអំពើរំលងរបស់មនុស្ស ត្រូវបានធ្វើឲ្យរស់ឡើងវិញដោយសារជំនឿក្នុងព្រះគ្រីស្ទ។ ជាលទ្ធផលនៃសំវិធានការនេះ មនុស្សក៏អាចក្លាយទៅជាកូនដ៏ជាទីស្រឡាញ់របស់ព្រះបានដែរ។—អេភេសូរ ១:១, ៥-១០; ២:៤, ៥, ១១-១៣
៩. (ក) តើអ្វីដែលអាចជួយអ្នកឲ្យយល់ថាតើអ្នកបានយល់នូវសារៈសំខាន់នៃអ្វីដែលប៉ុលបានសរសេរទៅពួកអេភេសូរ? (ខ) តើតាមរបៀបណាដែលសេចក្ដីបង្រៀនអំពីព្រះយេស៊ូមានឥទ្ធិពលលើបងប្អូនក្នុងខេត្តអាស៊ីនៃពួករ៉ូម៉ាំងដែលពេត្រុសបានប្រាប់នោះ?
៩ តើការអបអរចំពោះរបស់ទាំងនេះ នឹងធ្វើឲ្យអ្នកមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបុត្រារបស់ព្រះទេ? តើសេចក្ដីស្រឡាញ់នោះនឹងមានឥទ្ធិពលលើជីវភាពរបស់អ្នកប្រចាំថ្ងៃ ដូចសាវ័កប៉ុលបានលើកទឹកចិត្តក្នុងជំពូកទី៤ទៅ៦នៃសៀវភៅអេភេសូរទេ? តើការអបអរបែបនេះនឹងជំរុញអ្នកឲ្យពិនិត្យមើលអាទិភាពក្នុងជីវិតរបស់អ្នកដោយប្រយ័ត្នប្រយែងទេ? ដោយមានសេចក្ដីស្រឡាញ់ដល់ព្រះនិងការដឹងគុណដល់បុត្រារបស់ទ្រង់ តើអ្នកនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះ ជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់អ្នកទេ? (អេភេសូរ ៥:១៥-១៧) ចំពោះរបៀបដែលសេចក្ដីទាំងនេះមានឥទ្ធិពលលើពួកគ្រីស្ទានក្នុងស្រុកអាស៊ី កាឡាទី និងស្រុករ៉ូម៉ាំងផ្សេងទៀត សាវ័កពេត្រុសបានសរសេរទៅពួកគេថា៖ «អ្នករាល់គ្នាមិនបានឃើញទ្រង់[ព្រះយេស៊ូគ្រីស្ទ]ទេ តែបានស្រឡាញ់ទ្រង់។ . . . មានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរដែលរកថ្លែងមិនបាន»។—ពេត្រុសទី១ ១:៨
១០. (ក) តើអ្វីដែលប្រាកដជាបណ្ដាលឲ្យពួកគ្រីស្ទានពីដើមស្រឡាញ់ព្រះយេស៊ូ? (ខ) តើយើងអាចទទួលបានប្រយោជន៍យ៉ាងដូចម្ដេច?
១០ គឺមានអ្វីមួយទៀត ដែលច្បាស់ជាបណ្ដាលឲ្យពួកគ្រីស្ទានពីដើមមានសេចក្ដីស្រឡាញ់ដល់បុត្រារបស់ព្រះ ដែលពេត្រុសផ្ញើសំបុត្រជូននោះ។ តើនោះជាអ្វី? ទំរាំដល់ពេត្រុសបានសរសេរសំបុត្រទីមួយរបស់គាត់ យ៉ាងហោចណាស់មានសិក្ខាបទពីរគឺ—ម៉ាថាយនិងលូកា—ដែលត្រូវបានចែកចាយទៅហើយ។ ពួកគ្រីស្ទានសតវត្សទីមួយដែលពុំដែលឃើញព្រះយេស៊ូ អាចអានដំណើររឿងក្នុងសិក្ខាបទទាំងនេះ។ យើងក៏អាចធ្វើដែរ។ សិក្ខាបទទាំងនេះមិនមែនជារឿងដែលប្រកបដោយមនោវិក័តទេ តែមានលក្ខណៈនៃប្រវត្ដិសាស្ត្រដ៏ទុកចិត្តបានបំផុត។ ក្នុងសេចក្ដីសរសេរដែលព្រះបានបណ្ដាលឲ្យតែងនោះ យើងរកឃើញនូវរបស់ជាច្រើនដែលធ្វើឲ្យយើងមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះរាជបុត្រារបស់ព្រះ។
អារម្មណ៍ដែលទ្រង់បានបង្ហាញ
១១, ១២. តើព្រះយេស៊ូបានបង្ហាញអារម្មណ៍យ៉ាងណាចំពោះមនុស្សជាតិ ដែលធ្វើឲ្យអ្នកស្រឡាញ់ទ្រង់នោះ?
១១ នៅក្នុងឯកសារសរសេរអំពីព្រះជន្មរបស់ព្រះយេស៊ូ យើងរៀននូវរបៀបដែលទ្រង់បានប្រស្រ័យទាក់ទងជាមួយមនុស្សឯទៀត។ អារម្មណ៍ដែលទ្រង់បានបង្ហាញ បានធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្ត សូម្បីតែនៅសព្វថ្ងៃនេះ ជាង១៩៦០ឆ្នាំក្រោយពីទ្រង់បានសោយទិវង្គតក៏ដោយ។ មនុស្សគ្រប់គ្នាដែលនៅរស់ត្រូវតែមានបន្ទុកដោយសារឥទ្ធិពលនៃអំពើបាប។ មនុស្សរាប់លាននាក់ទៀតជាអ្នករងទុក្ខនៃអយុត្ដិធម៌ ខំពុះពារនឹងជម្ងឺ ឬហេតុផ្សេងៗទៀត ទៅជាមានអារម្មណ៍តូចចិត្តយ៉ាងខ្លាំង។ ចំពោះមនុស្សទាំងនេះ ព្រះយេស៊ូមានបន្ទូលថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល»។—ម៉ាថាយ ១១:២៨-៣០
១២ ព្រះយេស៊ូបានបង្ហាញនូវចិត្តខ្វល់ខ្វាយចំពោះមនុស្សក្រីក្រ ពួកអត់ឃ្លាន និងពួកអ្នកដែលសោកទុក្ខទាំងឡាយ។ ទ្រង់ព្រមទាំងបានធ្វើអព្ភូតហេតុឲ្យមានអាហារសំរាប់មនុស្សទាំងហ្វូង កាលដែលកាលៈទេសៈហុចឲ្យធ្វើនោះ។ (លូកា ៩:១២-១៧) ទ្រង់បានដោះលែងពួកគេពីការជាប់ឃុំឃាំងក្នុងប្រពៃណី។ ទ្រង់ក៏បានពង្រឹងជំនឿគេក្នុងសំវិធានការរបស់ព្រះ ក្នុងការបញ្ចប់ការជិះជាន់ខាងនយោបាយនិងសេដ្ឋកិច្ច។ ព្រះយេស៊ូមិនបានបំបាក់អារម្មណ៍នៃពួកអ្នកដែលបានរងទុក្ខការជិះជាន់នេះទេ។ ទ្រង់បានលើកទឹកចិត្តមនុស្សរាបសាដោយថ្នាក់ថ្នមនិងស្រឡាញ់។ ចំពោះមនុស្សដែលបាក់ទឹកចិត្តដូចដើមត្រែង និងពួកអ្នកដែលដូចភ្លើងដែលហៀបនឹងរលត់នោះ ទ្រង់បានធ្វើឲ្យពួកគេមានចិត្តត្រជាក់ត្រជុំឡើងវិញ។ តាំងពីគ្រានោះមកដល់ឥឡូវនេះ ព្រះនាមទ្រង់បណ្ដាលឲ្យមានសេចក្ដីសង្ឃឹម សូម្បីនៅក្នុងចិត្តនៃអស់អ្នកដែលមិនដែលឃើញទ្រង់ផង។—ម៉ាថាយ ១២:១៥-២១; ១៥:៣-១០
១៣. ហេតុអ្វីក៏របៀបដែលព្រះយេស៊ូប្រស្រ័យទាក់ទងជាមួយមនុស្សបាប ទាក់ទាញចិត្តមនុស្ស?
១៣ ព្រះយេស៊ូមិនអបអរនឹងអំពើខុសទំនងទេ តែទ្រង់បានបង្ហាញចិត្តអធ្យាស្រ័យដល់មនុស្សណាដែលបានប្រព្រឹត្តខុសក្នុងជីវិត ដែលបានសម្ដែងការប្រែចិត្តហើយបានបែរមករកទ្រង់ឲ្យជួយ។ (លូកា ៧:៣៦-៥០) ទ្រង់តែងតែអង្គុយនិងសោយអាហារជាមួយមនុស្ស ដែលបណ្ដាមនុស្សបានស្អប់ខ្ពើម បើសិនជាទ្រង់មានអារម្មណ៍ថា ការធ្វើនេះនឹងផ្ដល់ឱកាសដើម្បីជួយគេខាងវិញ្ញាណ។ (ម៉ាថាយ ៩:៩-១៣) ជាលទ្ធផលនៃអារម្មណ៍ដែលទ្រង់បានបង្ហាញនោះ មនុស្សរាប់លាននាក់ដែលមានកាលៈទេសៈដូចនេះ ដែលមិនដែលឃើញព្រះយេស៊ូសោះ បានមានចិត្តរំជួលចង់ដឹងអំពីទ្រង់ ហើយបានដាក់ជំនឿលើទ្រង់។
១៤. តើអ្វីដែលធ្វើឲ្យអ្នកចាប់ចិត្តពីរបៀបដែលព្រះយេស៊ូបានជួយមនុស្សជម្ងឺ ពិការ និងពួកអ្នកដែលកាន់ទុក្ខនោះ?
១៤ របៀបដែលព្រះយេស៊ូបានប្រស្រ័យទាក់ទងជាមួយមនុស្សដែលមានជម្ងឺ ឬពិការ បង្ហាញជាភស្តុតាងនូវភាពកក់ក្ដៅនិងសេចក្ដីមេត្ដាករុណារបស់ទ្រង់ ព្រមទាំងសមត្ថភាពរបស់ទ្រង់ក្នុងការផ្ដល់ការធូរស្រាលដល់គេ។ ដូច្នេះ នៅពេលមួយកាលមនុស្សឃ្លង់ម្នាក់បានមកឯទ្រង់ ហើយអង្វរទ្រង់ឲ្យជួយ នោះព្រះយេស៊ូមិនបានរាដោយខ្ពើមខ្លាចទេ។ ថ្វីបើទ្រង់មានព្រះទ័យក្ដួលអាណិតគាត់ក៏ដោយ ទ្រង់មិនបានប្រាប់បុរសនោះ ថាឃ្លង់គាត់បានរីកធំណាស់ ហើយគ្មានអ្វីដែលទ្រង់អាចជួយបាននោះទេ។ បុរសនោះបានអង្វរទ្រង់ថា៖ «ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។ ដោយឥតមានចិត្តស្ទាក់ស្ទើរ ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ដោយបន្ទូលថា «ខ្ញុំចង់ដែរ ចូរឲ្យជាស្អាតចុះ»។ (ម៉ាថាយ ៨:២, ៣) នៅគ្រាមួយទៀត ស្ត្រីម្នាក់ចង់បានឲ្យជា បានពាល់ជាយអាវរបស់ទ្រង់ដោយមិនឲ្យគេឃើញ។ ព្រះយេស៊ូបានប្រព្រឹត្តលើនាងយ៉ាងសប្បុរស និងតាមបែបបទដែលធ្វើឲ្យទុកចិត្ត។ (លូកា ៨:៤៣-៤៨) ហើយនៅពេលដែលទ្រង់បានមកជួបបុណ្យហែខ្មោច ទ្រង់មានព្រះទ័យក្ដួលអាណិតដល់ស្ត្រីមេម៉ាយដែលកាន់ទុក្ខ លើកូនប្រុសតែមួយដែលបានស្លាប់ទៅ។ ថ្វីបើព្រះយេស៊ូមិនបានប្រើអំណាចដែលព្រះប្រទានឲ្យ ដើម្បីផ្ដល់អាហារសំរាប់អង្គទ្រង់ផ្ទាល់ តែទ្រង់បានប្រើអំណាចដោយសេរីក្នុងការប្រោសមនុស្សស្លាប់នោះឲ្យទៅម្ដាយគាត់វិញ។—លូកា ៤:២-៤; ៧:១១-១៦
១៥. តើការអានដំណើររឿងអំពីព្រះយេស៊ូ ហើយរំពឹងគិតទៅលើរឿងនោះ មានឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេច?
១៥ កាលដែលយើងអានដំណើររឿងទាំងនេះ ហើយរំពឹងគិតលើអារម្មណ៍ដែលព្រះយេស៊ូបានបង្ហាញនោះ យើងមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះទ្រង់ ដែលទ្រង់បានបោះបង់ជីវិតជាមនុស្សរបស់ទ្រង់ ដើម្បីឲ្យយើងអាចរស់នៅជារហូត។ ថ្វីបើយើងមិនដែលឃើញទ្រង់ក៏ដោយ យើងមានចិត្តស្រឡាញ់ទ្រង់ ហើយយើងចង់កាន់តាមជំហានរបស់ទ្រង់។—ពេត្រុសទី១ ២:២១
ការទុកចិត្តដ៏រាបទាបរបស់ទ្រង់លើព្រះ
១៦. តើព្រះយេស៊ូបានយកចិត្តទុកដាក់លើអ្នកណាបំផុត ហើយតើទ្រង់បានលើកទឹកចិត្តយើងឲ្យធ្វើអ្វី?
១៦ អ្វីដែលសំខាន់ជាងគេបំផុត ព្រះយេស៊ូបានយកចិត្តទុកដាក់លើព្រះយេហូវ៉ា ជាព្រះវរបិតានៅស្ថានសួគ៌របស់ទ្រង់។ ទ្រង់បានសម្គាល់បញ្ញត្តដ៏ឧត្តមក្នុងច្បាប់ ដោយមានបន្ទូលថា៖ «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង»។ (ម៉ាថាយ ២២:៣៦, ៣៧) ទ្រង់បានដាស់តឿនពួកសិស្សទ្រង់ថា៖ «ចូរមានសេចក្ដីជំនឿដល់ព្រះចុះ»។ (ម៉ាកុស ១១:២២) នៅពេលដែលពួកគេបានប្រឈមមុខនឹងការសាកល្បងជំនឿ ទ្រង់បានដាស់តឿនពួកគេថា៖ ‹ចូរខំអធិស្ឋានជានិច្ចចុះ›។—ម៉ាថាយ ២៦:៤១
១៧, ១៨. (ក) តើតាមរបៀបណាដែលព្រះយេស៊ូសម្ដែងការទុកចិត្តដ៏រាបទាបលើព្រះវរបិតារបស់ទ្រង់? (ខ) ហេតុអ្វីក៏របស់ដែលទ្រង់បានធ្វើ ជាការសំខាន់ម្ល៉េះចំពោះយើង?
១៧ ព្រះយេស៊ូអង្គទ្រង់បានធ្វើជាគំរូ។ ការអធិស្ឋានជាអ្វីដ៏សំខាន់ណាស់ក្នុងជីវិតរបស់ទ្រង់។ (ម៉ាថាយ ១៤:២៣; លូកា ៩:២៨; ១៨:១) នៅពេលដែលទ្រង់ចាប់ផ្ដើមជ្រើសរើសយកពួកសាវ័ក ព្រះយេស៊ូមិនទុកចិត្តលើការវិនិច្ឆ័យរបស់ទ្រង់ទេ ថ្វីបើនៅពីមុន ពួកទេវតាដែលនៅស្ថានសួគ៌ គឺនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់បានចំណាយពេលអស់មួយយប់ក្នុងការអធិស្ឋានដល់ព្រះវរបិតាទ្រង់ ដោយចិត្តរាបទាប។ (លូកា ៦:១២, ១៣) នៅពេលដែលគេចាប់ទ្រង់ ហើយបានរងសេចក្ដីស្លាប់ដ៏វេទនា ម្ដងនេះទៀត ព្រះយេស៊ូបានបែរទៅឯព្រះវរបិតា ដោយអធិស្ឋានយ៉ាងខ្នះខ្នែង។ ទ្រង់មិនមានទស្សនៈថា ទ្រង់ស្គាល់សាតាំងហើយថាអាចដោះស្រាយនឹងអ្វីៗ ដែលបុគ្គលអាក្រក់នេះអាចប្រើ។ ព្រះយេស៊ូបានដឹងនូវសារៈសំខាន់ដែលទ្រង់មិនត្រូវបរាជ័យឡើយ។ ការមានបរាជ័យនេះជាការគួរឲ្យចំអកដល់ព្រះវរបិតារបស់ទ្រង់! ហើយជាការបាត់បង់ចំពោះមនុស្សលោក ដែលជីវិតរបស់គេពឹងទៅលើយញ្ញបូជាដែលព្រះយេស៊ូនឹងថ្វាយ!
១៨ ព្រះយេស៊ូបានអធិស្ឋានម្ដងហើយម្ដងទៀត—ពេលទ្រង់នៅជាមួយសាវ័កទ្រង់ក្នុងបន្ទប់ខាងលើក្នុងក្រុងយេរូសាឡិម និងក្នុងសួនគែតសេម៉ានីក៏ទ្រង់អធិស្ឋានជាច្រើនទៀត។ (ម៉ាថាយ ២៦:៣៦-៤៤; យ៉ូហាន ១៧:១-២៦; ហេព្រើរ ៥:៧) នៅពេលរងទុក្ខលើបង្គោលឈើ ទ្រង់មិនបានប្រមាថពួកអ្នកដែលបានចំអកមើលងាយទ្រង់នោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានអធិស្ឋានឲ្យពួកអ្នកដែលប្រព្រឹត្តដោយល្ងង់ខ្លៅនោះថា៖ «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ»។ (លូកា ២៣:៣៤) ទ្រង់បានរក្សាគំនិតទ្រង់លើព្រះវរបិតា «គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះដែលជំនុំជំរះដោយសុចរិតវិញ»។ ពាក្យចុងបញ្ចប់ដែលទ្រង់បានមានបន្ទូលលើបង្គោលឈើ ជាការអធិស្ឋានទៅព្រះវរបិតារបស់ទ្រង់។ (ពេត្រុសទី១ ២:២៣; លូកា ២៣:៤៦) យើងមានអំណរគុណណាស់ ដែលព្រះយេស៊ូបានបញ្ចប់កិច្ចការរបស់ទ្រង់ទាំងអស់ ដែលព្រះវរបិតាបានប្រគល់ឲ្យទ្រង់ធ្វើនោះ ដោយទុកចិត្តលើព្រះយេហូវ៉ាទាំងស្រុង! ទោះបីជាយើងមិនដែលឃើញព្រះយេស៊ូគ្រីស្ទក៏ដោយ យើងមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅដល់ទ្រង់ណាស់ ចំពោះអ្វីដែលទ្រង់បានធ្វើ!
បង្ហាញសេចក្ដីស្រឡាញ់របស់យើងដល់ទ្រង់
១៩. ក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដល់ព្រះយេស៊ូ តើការប្រព្រឹត្តមិនសមរម្យអ្វីដែលយើងត្រូវជៀសវាង?
១៩ តើតាមរបៀបណាដែលយើងអាចឲ្យភស្តុតាងថា សេចក្ដីស្រឡាញ់របស់យើងមិនមែនគ្រាន់តែតាមសំដីប៉ុណ្ណោះ? ដោយសារព្រះវរបិតារបស់ទ្រង់ ដែលព្រះយេស៊ូស្រឡាញ់នោះ ហាមមិនឲ្យធ្វើរូបចម្លាក់ ហើយចាត់ទុករបស់ទាំងនេះជាអ្វីសំរាប់ការថ្វាយបង្គំនោះ យើងក៏មិនផ្ដល់កិត្ដិយសដល់ព្រះយេស៊ូទេ ដោយពាក់រូបចម្លាក់បែបនេះនៅនឹងករបស់យើង ឬដោយកាន់រូបបែបនេះនៅតាមថ្នល់នោះ។ (និក្ខមនំ ២០:៤, ៥; យ៉ូហាន ៤:២៤) គឺច្បាស់ជាមិនផ្ដល់កិត្ដិយសដល់ព្រះយេស៊ូទេ បើយើងទៅឯកន្លែងធ្វើបុណ្យសាសនា ដោយទៅបីបួនដងក្នុងមួយអាទិត្យ បើសិនជាយើងមិនប្រកបជីវិតតាមការបង្រៀនក្នុងថ្ងៃផ្សេងៗទៀតនៃសប្ដាហ៍។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ»។—យ៉ូហាន ១៤:២១, ២៣; ១៥:១០
២០. តើអ្វីខ្លះបង្ហាញថាយើងពិតជាស្រឡាញ់ព្រះយេស៊ូនោះ?
២០ តើទ្រង់ប្រទានឲ្យយើងនូវបញ្ញត្តអ្វី? អ្វីដែលសំខាន់បំផុត គឺដើម្បីថ្វាយបង្គំព្រះពិត ព្រះយេហូវ៉ា តែព្រះមួយអង្គប៉ុណ្ណោះ។ (ម៉ាថាយ ៤:១០; យ៉ូហាន ១៧:៣) ដោយសារទ្រង់មានមុខនាទីក្នុងគោលបំណងរបស់ព្រះ ព្រះយេស៊ូក៏បានបង្រៀនយើងឲ្យអនុវត្តជំនឿលើទ្រង់ ជារាជបុត្រារបស់ព្រះ ហើយយើងត្រូវបង្ហាញ ដោយបោះបង់ចោលរបស់អាក្រក់ៗ និងដោយដើរតាមពន្លឺ។ (យ៉ូហាន ៣:១៦-២១) ទ្រង់បានដាស់តឿនយើងឲ្យយកព្រះរាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះទុកជាទីមួយ ដោយដាក់របស់ទាំងនេះលើសេចក្ដីត្រូវការខាងសាច់ឈាម។ (ម៉ាថាយ ៦:៣១-៣៣) ទ្រង់ដាស់តឿនយើងឲ្យស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់ស្រឡាញ់យើងដែរ។ (យ៉ូហាន ១៣:៣៤; ពេត្រុសទី១ ១:២២) ហើយទ្រង់បានចាត់យើងឲ្យធ្វើបន្ទាល់ប្រាប់អំពីគោលបំណងរបស់ទ្រង់ ដូចជាទ្រង់បានធ្វើពីមុនដែរ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; វិវរណៈ ៣:១៤) ទោះបីជាពួកគេមិនដែលឃើញព្រះយេស៊ូក៏ដោយ តែពួកស្មរបន្ទាល់ព្រះយេហូវ៉ាប្រមាណប្រាំលាននាក់នៅសព្វថ្ងៃនេះ ត្រូវបានរំជួលចិត្តដោយសេចក្ដីស្រឡាញ់ស្មោះចំពោះទ្រង់ ដោយធ្វើតាមបញ្ញត្តរបស់ទ្រង់ទាំងនោះ។ ហេតុដែលគេមិនបានឃើញព្រះយេស៊ូផ្ទាល់ខ្លួន នោះមិនធ្វើឲ្យគេមានចិត្តទន់ខ្សោយក្នុងការគោរពតាមទ្រង់នោះឡើយ។ ពួកគេបានចាំព្រះអម្ចាស់ដែលបានមានបន្ទូលទៅសាវ័កថូម៉ាសថា៖ «អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ»។—យ៉ូហាន ២០:២៩
២១. តើយើងនឹងមានប្រយោជន៍អ្វីពីការទៅធ្វើបុណ្យរំឭកនៃការសោយទិវង្គតរបស់ព្រះយេស៊ូ?
២១ នៅពិធីនាអានាគត យើងសង្ឃឹមថា អ្នកនឹងនៅក្នុងចំណោមពួកមនុស្សពាសពេញពិភពលោក ដែលនឹងមកជួបជុំគ្នានៅឯសាលព្រះរាជាណាចក្រនៃព្រះយេហូវ៉ា ដើម្បីរំឭកនៃសេចក្ដីស្រឡាញ់ដ៏ឧត្តមរបស់ព្រះដល់មនុស្សជាតិ ហើយនិងធ្វើបុណ្យរំឭកការសោយទិវង្គតរបស់រាជបុត្រាដ៏ស្មោះទ្រង់ គឺព្រះយេស៊ូគ្រីស្ទ។ អ្វីដែលបាននិយាយនិងធ្វើក្នុងគ្រានោះ នឹងធ្វើឲ្យយើងមានសេចក្ដីស្រឡាញ់ជ្រៅទៀតដល់ព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់ ហើយនិងពង្រីកសេចក្ដីប្រាថ្នាក្នុងការរក្សាបញ្ញត្តរបស់ព្រះ។—យ៉ូហានទី១ ៥:៣
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើតាមរបៀបណាដែលសៀវភៅពេត្រុសទី១ បានសរសេរទៅពួកមនុស្សដែលបានស្គាល់ហើយស្រឡាញ់ព្រះយេស៊ូ?
◻ តើមានអ្វីខ្លះដែលពួកគ្រីស្ទានពីដើមបានឮ ដែលធ្វើឲ្យអ្នករំភើបចិត្ត?
◻ តើអ្វីជាអារម្មណ៍ដែលព្រះយេស៊ូបានបង្ហាញ ដែលធ្វើឲ្យអ្នកមានសេចក្ដីស្រឡាញ់ចំពោះទ្រង់?
◻ ហេតុអ្វីក៏ការទុកចិត្តដ៏រាបទាបរបស់ព្រះយេស៊ូ ជាការសំខាន់ម្ល៉េះចំពោះយើង?
◻ តើតាមរបៀបណាដែលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូគ្រីស្ទ?
[រូបភាពនៅទំព័រ១៦, ១៧]
យើងមានចិត្តស្រឡាញ់ព្រះយេស៊ូដោយសារអារម្មណ៍ដែលទ្រង់បានបង្ហាញ