បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៩ ទំ. ១២-១៧
  • ព្រះយេហូវ៉ាស្រឡាញ់យុត្ដិធម៌

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាស្រឡាញ់យុត្ដិធម៌
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពិភព​លោក​ដ៏​អយុត្ដិធម៌
  • កង្វល់​ដែល​មាន​មូលហេតុ
  • ពិភព​លោក​ថ្មី​ដ៏​យុត្ដិធម៌
  • សាតាំង​ពាធា តែ​ព្រះ​នឹង​ឈ្នះ
  • «អស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • «តើព្រះអយុត្ដិធម៌ឬ?»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះយេស៊ូ«តាំងសេចក្ដីយុត្ដិធម៌ឡើងនៅផែនដី»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះយេហូវ៉ា—ជាប្រភពនៃយុត្ដិធម៌ពិតនិងសេចក្ដីសុចរិត
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៩ ទំ. ១២-១៧

ព្រះ​យេហូវ៉ា​ស្រឡាញ់​យុត្ដិធម៌

​«អញ​គឺ​ព្រះ​យេហូវ៉ា អញ​ស្រឡាញ់​សេចក្ដី​យុត្ដិធម៌»។—អេសាយ ៦១:៨

១, ២​. (ក) តើ​ពាក្យ​«យុត្ដិធម៌»​និង​«អយុត្ដិធម៌»​មាន​ន័យ​អ្វី? (ខ) តើ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​ភាព​យុត្ដិធម៌​របស់​ទ្រង់?

យុត្ដិធម៌​បាន​បកស្រាយ​ជា‹ការ​គួរ​តាម​ច្បាប់ សេចក្ដី​ទៀងត្រង់​និង​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ›។ ការ​ប្រព្រឹត្ត​ដ៏​អយុត្ដិធម៌​ជា​ការ​អាក្រក់​ដែល​រួម​បញ្ចូល​ចិត្ត​ល្អៀង ការ​រើស​មុខ​និង​ការ​ធ្វើ​បាប​អ្នក​ដទៃ​ដែល​គ្មាន​កំហុស។

២ ជិត​៣.៥០០​ឆ្នាំ​មុន លោក​ម៉ូសេ​បាន​សរសេរ​អំពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​មហាក្សត្រ​នៃ​សកលលោក​ថា​៖ «អស់​ទាំង​ផ្លូវ​ទ្រង់​សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌។ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ»។ (ចោទិយកថា ៣២:៤) ជាង​៧០០​ឆ្នាំ​ក្រោយ​នោះ​មក ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​លោក​អេសាយ​សរសេរ​ពាក្យ​ទាំង​នេះ​ថា​៖ «អញ​គឺ​ព្រះ​យេហូវ៉ា អញ​ស្រឡាញ់​សេចក្ដី​យុត្ដិធម៌»។ (អេសាយ ៦១:៨) រួច​មក នៅ​សតវត្សរ៍​ទី​មួយ​សាវ័ក​ប៉ុល​បាន​លាន់​មាត់​ថា​៖ «តើ​ព្រះ​មាន​សេចក្ដី​ទុច្ចរិត​[ឬ​«អយុត្ដិធម៌»]​ឬ​អី? ទេ គ្មាន​សោះ!»។ (រ៉ូម ៩:១៤; ខ.ស.) នៅ​សម័យ​ដដែល​នោះ សាវ័ក​ពេត្រុស​ក៏​ប្រកាស​ថា​៖ «ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) ត្រូវ​ហើយ «ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះទ័យ​នឹង​សេចក្ដី​យុត្ដិធម៌»​មែន!—ទំនុកដំកើង ៣៧:២៨; ម៉ាឡាគី ៣:៦

ពិភព​លោក​ដ៏​អយុត្ដិធម៌

៣​. តើ​អំពើ​អយុត្ដិធម៌​មាន​ការ​ផ្ដើម​យ៉ាង​ណា?

៣ ក្នុង​ពិភព​លោក​នេះ យុត្ដិធម៌​មាន​តិច​ណាស់! យើង​អាច​រង​អំពើ​អយុត្ដិធម៌​ក្នុង​គ្រប់​មជ្ឈដ្ឋាន​គ្រប់​ស្រទាប់​នៃ​វណ្ណៈ។ មិន​ថា​នៅ​កន្លែង​ធ្វើ​ការ នៅ​ឯ​សាលា​រៀន ពេល​មាន​ទំនាក់ទំនង​ជា​មួយ​ពួក​រាជការ ហើយ​សូម្បី​តែ​ក្នុង​រង្វង់​គ្រួសារ​ក៏​មាន​អយុត្ដិធម៌​ដែរ។ តាម​ការ​ពិត ពិភពលោក​មាន​អំពើ​អយុត្ដិធម៌​យូរ​យារ​មក​ហើយ។ ទេវតា​បះបោរ​មួយ​រូប​ដែល​ហៅ​ថា សាតាំង​ដ៏​ជា​មេ​កំណាច បាន​ញុះញង់​មនុស្ស​ពីរ​នាក់​ដំបូង ដែល​ជា​មាតា​បិតា​នៃ​មនុស្ស​ជាតិ ឲ្យ​បះបោរ​ប្រឆាំង​នឹង​ព្រះ​ដោយ​បំពាន​ច្បាប់​ទ្រង់។ តាំង​ពី​នោះ​មក អំពើ​អយុត្ដិធម៌​ចេះ​តែ​មាន​រហូត។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ទេវតា​និង​មនុស្ស​នូវ​អំណោយ​ដ៏​អស្ចារ្យ​មួយ គឺ​ចិត្ត​សេរី។ ដូច្នេះ ពេល​អ័ដាម អេវ៉ា​និង​សាតាំង​បំពាន​សិទ្ធិ​ព្រះ នោះ​ហើយ​ជា​អំពើ​ប្រាស​ចាក​យុត្ដិធម៌។ កំហុស​របស់​ពួក​គេ​នាំ​ឲ្យ​មនុស្ស​ទាំង​ឡាយ​រង​ការ​ឈឺ​ចាប់​ជា​ខ្លាំង ហើយ​បណ្ដាល​ឲ្យ​ពួក​គេ​ស្លាប់​បាត់បង់​ជីវិត​ផង។—លោកុប្បត្តិ ៣:១​-​៦; រ៉ូម ៥:១២; ហេព្រើរ ២:១៤

៤​. តើ​មនុស្ស​ជាតិ​បាន​រង​អំពើ​អយុត្ដិធម៌​យូរ​ប៉ុណ្ណា?

៤ តាំង​ពី​ការ​បះបោរ​ដំបូង​ក្នុង​សួនច្បារ​អេដែន​នោះ សង្គម​មនុស្ស​បាន​ពេញ​ទៅ​ដោយ​អយុត្ដិធម៌ អស់​ប្រមាណ​៦.០០០​ឆ្នាំ​ហើយ។ នេះ​មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ ពីព្រោះ​សាតាំង​ជា​ព្រះ​នៃ​ពិភព​លោក​នេះ។ (កូរិនថូសទី២ ៤:៤) សាតាំង​ជា​អ្នក​កុហក ហើយ​ក៏​ជា​ឪពុក​ឬ​មេ​ផ្ដើម​ពាក្យ​កំភូត។ វា​ប្រឆាំង​តទល់​នឹង​ព្រះ​យេហូវ៉ា ហើយ​បាន​និយាយ​បង្កាច់​បង្ខូច​ទ្រង់​ដែរ។ (យ៉ូហាន ៨:៤៤) សាតាំង​ចេះ​តែ​ធ្វើ​អំពើ​អយុត្ដិធម៌​ហួស​ល្បត់។ ជា​ឧទាហរណ៍ មុន​ទឹក​ជន់​លិច​ផែនដី​នា​សម័យ​លោក​ណូអេ ព្រះ​យេហូវ៉ា​កត់​សម្គាល់​ថា​៖ «ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធតែ​អាក្រក់​ជានិច្ច»។ (លោកុប្បត្តិ ៦:៥) មូលហេតុ​មួយ​ដែល​ពិភព​លោក​នោះ​មាន​សភាព​ការណ៍​អាក្រក់ គឺ​ដោយសារ​ឥទ្ធិពល​របស់​សាតាំង។ មក​ដល់​សម័យ​ព្រះ​យេស៊ូ ពិភពលោក​ក៏​មាន​ស្ថានការណ៍​ដូច​គ្នា​ដែរ។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «សេចក្ដី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ» ដែល​បាន​សេចក្ដី​ថា មនុស្ស​មិន​អាច​ជៀស​រួច​ពី​ទុក្ខ​លំបាក​ដូច​ជា​ការ​អយុត្ដិធម៌​ឡើយ។ (ម៉ាថាយ ៦:៣៤) អ្វី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ គឺ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​ថា​៖ «ជីវិត​ទាំង​ឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ»។—រ៉ូម ៨:២២

៥​. នៅ​សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​ក៏​មាន​អំពើ​អយុត្ដិធម៌​ច្រើន​ជាង​សម័យ​មុនៗ?

៥ គឺ​ច្បាស់​ហើយ​ថា ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​ជាតិ​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​ដ៏​អយុត្ដិធម៌។ ប៉ុន្តែ ស្ថានភាព​នា​សម័យ​នេះ គឺ​រឹតតែ​អាក្រក់​ជាង​មុនៗ​ទៅ​ទៀត។ ហេតុ​អ្វី? ពីព្រោះ​ជិត​១០០​ឆ្នាំ​ហើយ របៀប​របប​ពិភព​លោក​នេះ​ដែល​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មិន​គោរព​ព្រះ បាន​ចូល​គ្រា​«ជាន់​ក្រោយ​បង្អស់»​ជា​«គ្រា​លំបាក​ណាស់»​ដែល​ជិត​ផុត​កំណត់។ មាន​ទំនាយ​ក្នុង​គម្ពីរ​ថា នា​សម័យ​នេះ​មនុស្ស​នឹង‹ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួតអាង មាន​ឫក​ខ្ពស់ ប្រមាថ​មើលងាយ រមិលគុណ មាន​ចិត្ត​មិន​បរិសុទ្ធ មិន​ស្រឡាញ់​គ្នា​តាម​ធម្មតា គ្មាន​[«អធ្យាស្រ័យ»] និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ ក្បត់​គេ ឥត​បើ​គិត​និង​មាន​ចិត្ត​ធំ›។ (ធីម៉ូថេទី២ ៣:១​-​៥; ខ.ស.) លក្ខណៈ​អាក្រក់​បែប​នេះ រមែង​នាំ​ឲ្យ​មាន​អំពើ​អយុត្ដិធម៌។

៦, ៧​. តើ​មនុស្ស​ជាតិ​នា​សម័យ​នេះ​បាន​រង​អំពើ​អយុត្ដិធម៌​ដ៏​ហួស​ប្រមាណ​អ្វី​ខ្លះ?

៦ ក្នុង​រយៈ​ពេល​១០០​ឆ្នាំ​កន្លង​ទៅ​នេះ មនុស្ស​បាន​ឆ្លង​កាត់​អំពើ​អយុត្ដិធម៌​ហួស​ប្រមាណ ដែល​មាន​ច្រើន​ជាង​សម័យ​មុនៗ​ទៅ​ទៀត។ មូលហេតុ​មួយ គឺ​ដោយសារ​មាន​សង្គ្រាម​ច្រើន​ជាង​គេ​ក្នុង​អំឡុង​ពេល​នោះ។ ជា​ឧទាហរណ៍ អ្នក​ប្រវត្ដិវិទូ​ខ្លះ​ប៉ាន់​ស្មាន​ថា មនុស្ស​ប្រមាណ​៥០​លាន​ដល់​៦០​លាន​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ។ ពួក​គេ​ភាគ​ច្រើន​ក៏​មិន​មែន​ជា​ទាហាន​ផង តែ​ជា​មនុស្ស​ប្រុស​ស្រី​និង​កូន​ក្មេង​ដែល​មិន​ធ្វើ​សង្គ្រាម​ទេ។ តាំង​ពី​សង្គ្រាម​នោះ​ចប់ មនុស្ស​រាប់​លាន​នាក់​ទៀត​បាន​ស្លាប់​ក្នុង​សង្គ្រាម​ផ្សេងៗ ហើយ​ពួក​គេ​ភាគ​ច្រើន​ក៏​មិន​មែន​ជា​ទាហាន​ដែរ។ សាតាំង​ញុះញង់​ឲ្យ​មាន​ការ​អយុត្ដិធម៌​បែប​នេះ ពីព្រោះ​វា​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​បន្ដិច​ទៀត​ព្រះ​យេហូវ៉ា​នឹង​ឈ្នះ​លើ​វា​ទាំង​ស្រុង។ ទំនាយ​ក្នុង​គម្ពីរ​រៀប​រាប់​ថា មេ​កំណាច​«បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។—វិវរណៈ ១២:១២

៧ នៅ​សព្វ​ថ្ងៃ​នេះ បើ​គិត​ជា​សរុប​អំពី​ប្រាក់​ចំណាយ​ខាង​យោធា​នៅ​ទូទាំង​ពិភព​លោក នោះ​គេ​ចាយ​អស់​ប្រមាណ​មួយ​លាន​លាន​ដុល្លារ​អាម៉េរិក​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ មនុស្ស​រាប់​រយ​លាន​នាក់​ខ្វះ​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ក្នុង​ជីវិត។ ដូច្នេះ សូម​គិត​អំពី​ប្រយោជន៍​ដែល​មនុស្ស​ជា​ច្រើន​អាច​ទទួល​បាន បើ​គេ​យក​លុយ​នោះ​ទៅ​ចាយ​ក្នុង​ការ​ដ៏​ល្អ​វិញ។ មនុស្ស​ប្រមាណ​មួយ​ពាន់​លាន​នាក់​ខ្វះ​អាហារ តែ​មនុស្ស​ឯ​ទៀត​មាន​ច្រើន​ហួស​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ទៀត។ យោង​ទៅ​តាម​ព័ត៌មាន​ពី​ផ្នែក​មួយ​នៃ​អង្គការ​សហប្រជាជាតិ កូន​ក្មេង​ប្រមាណ​ប្រាំ​លាន​នាក់​ស្លាប់​រៀង​រាល់​ឆ្នាំ ដោយ​ព្រោះ​តែ​ការ​អត់​ឃ្លាន។ នេះ​ពិត​ជា​អយុត្ដិធម៌​មែន! ណា​មួយ​ទៀត សូម​គិត​អំពី​កូន​ជា​ច្រើន​ដែល​ម្ដាយ​ពន្លូត​ចោល។ គេ​ប៉ាន់​ស្មាន​ថា រៀង​រាល់​ឆ្នាំ​ទូទាំង​ពិភព​លោក ចំនួន​កូន​ដែល​ម្ដាយ​ពន្លូត​ចោល​នោះ គឺ​មាន​រវាង​៤០​លាន​ដល់​៦០​លាន​នាក់! នេះ​ជា​អំពើ​អយុត្ដិធម៌​ដ៏​អាក្រក់​ហួស​ប្រមាណ!

៨​. មនុស្ស​ជាតិ​អាច​មាន​យុត្ដិធម៌​ពិត​ប្រាកដ​តាម​របៀប​តែ​មួយ​គត់ តើ​តាម​របៀប​ណា?

៨ ពួក​អ្នក​គ្រប់គ្រង​នៅ​សព្វ​ថ្ងៃ​នេះ មិន​បាន​រាវ​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ទាំង​ឡាយ​ដែល​យាយី​មនុស្ស​ជាតិ​ទេ។ ហើយ​ទោះ​បើ​ពួក​គេ​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ នេះ​ក៏​មិន​អាច​នាំ​ឲ្យ​មាន​ស្ថានភាព​ប្រសើរ​ឡើង​បាន​ឡើយ។ មាន​ទំនាយ​ក្នុង​បណ្ដាំ​ព្រះ​អំពី​សម័យ​នេះ​ថា​៖ «ពួក​អាក្រក់​នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង»។ (ធីម៉ូថេទី២ ៣:១៣) អំពើ​អយុត្ដិធម៌​ទៅ​ជា​ការ​ធម្មតា​ក្នុង​សង្គម​មនុស្ស ដល់​ម្ល៉េះ​បាន​ជា​មិន​អាច​ទប់​ស្កាត់​បាន​ឡើយ។ មាន​តែ​ព្រះ​ដែល​ស្រឡាញ់​យុត្ដិធម៌​ប៉ុណ្ណោះ អាច​បំបាត់​ចោល​ការ​ដ៏​អយុត្ដិធម៌​វិញ។ មាន​តែ​ព្រះ​យេហូវ៉ា​ទេ ដែល​អាច​ដក​សាតាំង ពួក​វិញ្ញាណ​កំណាច​និង​មនុស្ស​អាក្រក់​ចេញ។—យេរេមា ១០:២៣, ២៤

កង្វល់​ដែល​មាន​មូលហេតុ

៩, ១០​. ហេតុ​អ្វី​បាន​ជា​អេសាភ​ធ្លាក់​ទឹក​ចិត្ត?

៩ នៅ​សម័យ​បុរាណ សូម្បី​តែ​អ្នក​ដែល​រួម​ដៃ​ក្នុង​ការ​សរសេរ​គម្ពីរ ក៏​បាន​ឆ្ងល់​អំពី​មូលហេតុ​ដែល​ព្រះ​មិន​ចាត់​វិធានការ​ភ្លាម​ដើម្បី​ជួយ​មនុស្ស ព្រម​ទាំង​នាំ​ឲ្យ​មាន​យុត្ដិធម៌​ពិត​និង​សេចក្ដី​សុចរិត។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បុរស​ម្នាក់​ដែល​បាន​រស់​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ។ ក្នុង​ពាក្យ​ផ្ដើម​សម្រាប់​បទ​ទំនុកដំកើង​ទី​៧៣ យើង​ឃើញ​ឈ្មោះ​អេសាភ ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​លេវី ដែល​បាន​លេង​ភ្លេង​ក្នុង​អំឡុង​ការ​សោយ​រាជ្យ​របស់​ស្តេច​ដាវីឌ។ បើ​មិន​ដូច្នេះ ឈ្មោះ​នោះ​អាច​សំដៅ​ទៅ​លើ​ក្រុម​អ្នក​លេង​ភ្លេង​ដែល​ជា​កូន​ចៅ​របស់​អេសាភ​វិញ។ អេសាភ​និង​កូន​ចៅ​របស់​គាត់​បាន​តែង​បទ​ចម្រៀង​ជា​ច្រើន ដែល​បាន​ច្រៀង​ពេល​បណ្ដាជន​ជួបជុំ​គ្នា​សម្រាប់​ការ​ថ្វាយ​បង្គំ។ ប៉ុន្តែ មាន​គ្រា​មួយ​ដែល​អ្នក​តែង​បទ​ទំនុក​នោះ​បាន​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ការ​ថ្វាយ​បង្គំ។ គាត់​មើល​ភាព​ចម្រុងចម្រើន​របស់​មនុស្ស​អាក្រក់ ហើយ​កត់​សម្គាល់​ថា ពួក​គេ​ច្រើន​តែ​ស្កប់​ចិត្ត​នឹង​ជីវិត ហើយ​មិន​សូវ​កើត​ទុក្ខ​ប៉ុន្មាន​ទេ។

១០ យើង​អាន​ថា​៖ «ទូល​បង្គំ​មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួត ដោយ​ឃើញ​សេចក្ដី​ចំរើន​របស់​មនុស្ស​អាក្រក់​នោះ។ ពីព្រោះ​[«ក្នុង​មួយ​ជីវិត​របស់​ពួក​គេ»] នោះ​គ្មាន​ឈឺ​ចាប់​អ្វី​សោះ គឺ​កំឡាំង​គេ​នៅ​តែ​មាំមួន​ដដែល។ គេ​មិន​មាន​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​វេទនា​ដូច​មនុស្ស​ដទៃ​ដែរ»។ (ទំនុកដំកើង ៧៣:២​-​៨; ខ.ស.) ប៉ុន្តែ​ក្រោយ​មក អ្នក​តែង​បទ​គម្ពីរ​នោះ​បាន​ទទួល​ស្គាល់​ថា របៀប​គិត​គូរ​បែប​នោះ​មិន​ជា​ការ​ត្រឹម​ត្រូវ​ទេ ហើយ​ក៏​គ្មាន​ប្រយោជន៍​សោះ។ (ទំនុកដំកើង ៧៣:១៥, ១៦) ទោះ​ជា​អ្នក​តែង​បទ​ទំនុក​នោះ​ខំ​កែ​ប្រែ​គំនិត​របស់​ខ្លួន​ក៏​ដោយ គាត់​នៅ​តែ​ពិបាក​យល់​ហេតុ​ដែល​មើល​ទៅ​មនុស្ស​អាក្រក់​រួច​ខ្លួន​រហូត​ពេល​ធ្វើ​ខុស តែ​មនុស្ស​ល្អ​តែង​តែ​រង​ទុក្ខ​លំបាក​វិញ?

១១​. នៅ​ទីបំផុត តើ​អេសាភ​ដែល​ជា​អ្នក​តែង​បទ​ទំនុក​នោះ​បាន​យល់​យ៉ាង​ណា?

១១ អេសាភ​ជា​មនុស្ស​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ ដូច្នេះ​នៅ​ទីបំផុត​គាត់​ក៏​យល់​ច្បាស់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​មនុស្ស​អាក្រក់ ពោល​គឺ ព្រះ​យេហូវ៉ា​នឹង​កាត់​ក្ដី​ឲ្យ​ពួក​គេ​ដោយ​យុត្ដិធម៌។ (ទំនុកដំកើង ៧៣:១៧​-​១៩) ដាវីឌ​ជា​អ្នក​តែង​បទ​ទំនុក​ខ្លះ​ដែរ ហើយ​គាត់​សរសេរ​ថា​៖ «ចូរ​រង់ចាំ​ព្រះ​យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​ទ្រង់​ចុះ! នោះ​ទ្រង់​នឹង​ដំកើង​អ្នក​ឲ្យ​បាន​ផែនដី​ជា​មរដក។ នៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ នោះ​អ្នក​នឹង​បាន​ឃើញ​ហើយ»។—ទំនុកដំកើង ៣៧:៩, ១១, ៣៤

១២​. (ក) តើ​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​អ្វី​ស្តី​អំពី​ការ​អាក្រក់​និង​អំពើ​អយុត្ដិធម៌? (ខ) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ស្តី​អំពី​វិធី​ទប់​ស្កាត់​អំពើ​អយុត្ដិធម៌?

១២ គ្មាន​ហេតុ​សង្ស័យ​អ្វី​ឡើយ​ថា ស្រប​ទៅ​តាម​កំណត់​ពេល​របស់​ព្រះ​យេហូវ៉ា ទ្រង់​មាន​គោល​បំណង​បំបាត់​ចោល​ពី​ផែនដី នូវ​អំពើ​អាក្រក់​និង​ការ​អយុត្ដិធម៌​ដែល​តែង​តែ​ដើរ​ទន្ទឹម​គ្នា​ជានិច្ច។ សូម្បី​តែ​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ក៏​គួរ​រំលឹក​ខ្លួន​ម្ដង​ម្កាល​ពី​គោល​បំណង​នោះ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​នឹង​ដក​ចេញ​អស់​អ្នក​ដែល​ធ្វើ​ខុស​ពី​ឆន្ទៈ​ទ្រង់ ហើយ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ធ្វើ​តាម​ឆន្ទៈ​ទ្រង់​វិញ។ «ព្រះ​នេត្រ​ទ្រង់​ទត​មើល ត្របក​ព្រះ​នេត្រ​ទ្រង់​ពិចារណា​មើល​មនុស្ស​ជាតិ​ទាំង​ឡាយ។ ព្រះ​យេហូវ៉ា​ទ្រង់​ល្បងល​មនុស្ស​សុចរិត តែ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្អប់​ដល់​មនុស្ស​អាក្រក់ នឹង​ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត​វិញ។ ទ្រង់​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ជា​អន្ទាក់​មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ​នឹង​ស្ពាន់ធ័រ ហើយ​ខ្យល់​ក្ដៅ​ក្រហាយ . . . ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​សុចរិត ទ្រង់​ក៏​ស្រឡាញ់​សេចក្ដី​សុចរិត​ដែរ»។—ទំនុកដំកើង ១១:៤​-​៧

ពិភព​លោក​ថ្មី​ដ៏​យុត្ដិធម៌

១៣, ១៤​. ហេតុ​អ្វី​បាន​ជា​ពិភពលោក​ថ្មី​នឹង​ពោរ​ពេញ​ទៅ​ដោយ​ភាព​សុចរិត​និង​យុត្ដិធម៌?

១៣ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ចោល​របៀប​របប​នៃ​ពិភព​លោក​ដ៏​អយុត្ដិធម៌​នេះ​ដែល​ស្ថិត​ក្រោម​អំណាច​សាតាំង ហើយ​ក្រោយ​មក​ទ្រង់​នឹង​រៀបចំ​ឲ្យ​មាន​ពិភព​លោក​ថ្មី​ដ៏​អស្ចារ្យ។ ព្រះ​យេស៊ូ​បាន​បង្រៀន​ដល់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​សូម​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ឆាប់​មក​ដល់ ហើយ​រាជាណាចក្រ​នោះ​ឯង​ដែល​នឹង​គ្រប់គ្រង​នៅ​លើ​ពិភពលោក​ថ្មី។ ភាព​សុចរិត​និង​យុត្ដិធម៌​ត្រូវ​ជំនួស​អំពើ​អាក្រក់​និង​ការ​ដ៏​អយុត្ដិធម៌​វិញ។ នៅ​គ្រា​នោះ ការ​អធិស្ឋាន​«សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់» និង​«សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំ​រេច​នៅ​ផែនដី​ដូច​នៅ​ស្ថានសួគ៌» នឹង​សម្រេច​យ៉ាង​ពេញលេញ។—ម៉ាថាយ ៦:១០

១៤ គម្ពីរ​ពណ៌នា​អំពី​ការ​គ្រប់គ្រង​ដែល​នឹង​មាន​នៅ​សម័យ​នោះ ថា​មាន​លក្ខណៈ​ស្រប​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​សុចរិត​នា​សម័យ​នេះ។ នៅ​គ្រា​នោះ បទ​ទំនុក​ទី​១៤៥:១៦ នឹង​សម្រេច​យ៉ាង​ពេញលេញ។ ទំនាយ​នោះ​ចែង​ថា​៖ «[ព្រះ​យេហូវ៉ា​នឹង]​លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»។ ម្យ៉ាង​ទៀត សៀវភៅ​អេសាយ ៣២:១ ចែង​ថា​៖ «មើល! នឹង​មាន​ស្តេច​១​អង្គ​[គឺ​ព្រះ​គ្រិស្ត​យេស៊ូ​នៅ​ឯ​ស្ថានសួគ៌ ដែល​នឹង]​សោយ​រាជ្យ​ដោយ​សុចរិត។ ពួក​ចៅហ្វាយ​[ជា​ពួក​អ្នក​នៅ​ផែនដី​ដែល​ជា​អ្នក​តាង​ព្រះ​គ្រិស្ត] នឹង​គ្រប់គ្រង​ដោយ​យុត្ដិធម៌»។ ស្តី​អំពី​ព្រះ​យេស៊ូ​គ្រិស្ត​ជា​ស្តេច សៀវភៅ​អេសាយ ៩:៧ ទាយ​ថា​៖ «ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋបាល​ទ្រង់​នឹង​សេចក្ដី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ​នឹង​ព្រះ​រាជាណាចក្រ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង​ហើយ​ទប់ទល់​ដោយ​សេចក្ដី​យុត្ដិធម៌​នឹង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ​ជា​រៀង​ដរាប​ទៅ។ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ នឹង​សម្រេច​ការ​នេះ»។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ខ្លួន​អ្នក​កំពុង​តែ​អរ​សប្បាយ​ក្រោម​ការ​គ្រប់គ្រង​នោះ​ទេ?

១៥​. នៅ​ក្នុង​ពិភព​លោក​ថ្មី តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​សម្រាប់​មនុស្ស​ជាតិ?

១៥ នៅ​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ​យេហូវ៉ា យើង​នឹង​លែង​ពោល​ពាក្យ​ដូច​បាន​កត់​ទុក​ក្នុង​សៀវភៅ​សាស្ដា ៤:១ ដែល​ចែង​ថា​៖ «យើង​បាន​វិល​មក​ពិចារណា​មើល​អស់​ទាំង​ការ​សង្កត់​សង្កិន​ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ ក៏​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ឃើញ​ថា​គេ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ។ គេ​ត្រូវ​រឹប​ជាន់​ដោយ​ពួក​អ្នក​មាន​អំណាច ឥត​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ទេ»។ ដោយសារ​យើង​មិន​ទាន់​មាន​ភាព​ល្អ​ឥតខ្ចោះ គឺ​ពិបាក​បន្ដិច​ឲ្យ​យើង​ឃើញ​ទិដ្ឋភាព​ច្បាស់​លាស់ ពី​សភាព​ការណ៍​អស្ចារ្យ​ដែល​នឹង​មាន​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​នោះ។ អំពើ​អាក្រក់​នឹង​លែង​មាន​ទៀត ហើយ​មួយ​ថ្ងៃៗ​នឹង​មាន​ពេញ​ទៅ​ដោយ​តែ​ការ​ល្អ​ជានិច្ច។ អ្វីៗ​ក៏​ដោយ​ដែល​មិន​ល្អ ព្រះ​យេហូវ៉ា​នឹង​កែ​ប្រែ​ឲ្យ​បាន​ល្អ​ឡើង​វិញ ហើយ​ទ្រង់​នឹង​សម្រេច​ការ​នោះ​ហួស​ពី​អ្វី​ដែល​យើង​អាច​នឹក​ស្មាន​ទៅ​ទៀត។ គប្បី​ណាស់​ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សាវ័ក​ពេត្រុស​សរសេរ​ថា​៖ «តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត!»។—ពេត្រុសទី២ ៣:១៣

១៦​. តើ​«ផ្ទៃ​មេឃ​ថ្មី»​បាន​ស្ថាបនា​រួច​ហើយ​ក្នុង​ន័យ​អ្វី? នៅ​សព្វ​ថ្ងៃ​នេះ តើ​«ផែនដី​ថ្មី»​កំពុង​រៀបចំ​ឡើង​យ៉ាង​ណា?

១៦ តាម​ការ​ពិត «ផ្ទៃ​មេឃ​ថ្មី»​ដែល​តំណាង​រាជ​រដ្ឋាភិបាល​របស់​ព្រះ​ក្រោម​អំណាច​ព្រះ​គ្រិស្ត​នៅ​ឯ​ស្ថានសួគ៌ បាន​ស្ថាបនា​ឡើង​រួច​ហើយ។ «ផែនដី​ថ្មី»​តំណាង​សង្គម​មនុស្ស​ថ្មី​ដែល​សុទ្ធតែ​មាន​លក្ខណៈ​ល្អ។ ពួក​អ្នក​ដែល​ជា​មូលដ្ឋាន​សម្រាប់​សង្គម​ថ្មី​នោះ​កំពុង​ប្រមូល​មក​ក្នុង​អំឡុង​គ្រា​ជាន់​ក្រោយ​បង្អស់​នេះ។ ក្រុម​អ្នក​ទាំង​នោះ​មាន​ចំនួន​ជិត​៧​លាន​នាក់​ហើយ ដែល​រួម​គ្នា​ក្នុង​ក្រុមជំនុំ​ចំនួន​ប្រមាណ​មួយ​សែន​ក្រុម​នៅ​នា​ប្រទេស​ផ្សេងៗ​ប្រមាណ​២៣៥​ប្រទេស។ មនុស្ស​រាប់​លាន​នាក់​ទាំង​នេះ​បាន​រៀន​ឲ្យ​ចេះ​ប្រព្រឹត្ត​ដោយ​សុចរិត​និង​យុត្ដិធម៌ ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា ហើយ​ជា​លទ្ធផល​ពួក​គេ​ជា​គ្រិស្ត​សាសនិក​ដែល​ស្រឡាញ់​គ្នា​និង​មាន​សាមគ្គីភាព​នៅ​ទូទាំង​ពិភពលោក។ ក្នុង​ប្រវត្ដិសាស្ត្រ​ពិភពលោក សាមគ្គីភាព​របស់​អ្នក​បម្រើ​ព្រះ​បាន​ស្ថិតស្ថេរ​យ៉ាង​យូរ ហើយ​ក៏​លេច​ធ្លោ​ច្បាស់​ជាង​គេ​ផង។ ពួក​អ្នក​ដែល​ចុះ​ចូល​ក្រោម​អំណាច​សាតាំង មិន​ដែល​មាន​សាមគ្គីភាព​ដូច​នេះ​ទាល់តែ​សោះ។ សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ឥឡូវ​នេះ បង្ហាញ​អំពី​ស្ថានភាព​ដ៏​អស្ចារ្យ​ដែល​នឹង​មាន​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ទ្រង់ ក្រោម​ការ​គ្រប់គ្រង​ដ៏​សុចរិត​និង​យុត្ដិធម៌។—អេសាយ ២:២​-​៤; យ៉ូហាន ១៣:៣៤, ៣៥; កូល៉ុស ៣:១៤

សាតាំង​ពាធា តែ​ព្រះ​នឹង​ឈ្នះ

១៧​. ពេល​សាតាំង​ពាធា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​លើក​ចុង​ក្រោយ​នោះ ហេតុ​អ្វី​បាន​ជា​វា​មិន​អាច​មាន​ជ័យ​ជម្នះ?

១៧ មិន​យូរ​ប៉ុន្មាន​ទៀត សាតាំង​និង​គ្នីគ្នា​របស់​វា​នឹង​ពាធា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដោយ​មាន​បំណង​បំផ្លាញ​ពួក​គេ​ឲ្យ​អស់។ (អេសេគាល ៣៨:១៤​-​២៣) ការ​ពាធា​នោះ​ជា​ផ្នែក​មួយ​នៃ​គ្រា​ដែល​ព្រះ​យេស៊ូ​ហៅ​ថា ជា​គ្រា​«វេទនា​ជា​ខ្លាំង​ណាស់​ដល់​ម្ល៉េះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ»។ (ម៉ាថាយ ២៤:២១) តើ​សាតាំង​នឹង​មាន​ជ័យ​ជម្នះ​ឬ? ទេ! បណ្ដាំ​របស់​ព្រះ​ធានា​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះទ័យ​នឹង​សេចក្ដី​យុត្ដិធម៌ ក៏​មិន​ដែល​បោះបង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ។ ទ្រង់​ថែរក្សា​គេ​អស់កល្ប​ជានិច្ច តែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ។ ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច»។—ទំនុកដំកើង ៣៧:២៨, ២៩

១៨​. (ក) ពេល​សាតាំង​ពាធា​រាស្ត្រ​របស់​ព្រះ​នា​អនាគត​នេះ តើ​ព្រះ​យេហូវ៉ា​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? (ខ) តើ​អ្នក​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ ពី​ការ​ពិនិត្យ​មើល​សា​ឡើង​វិញ នូវ​ព័ត៌មាន​ស្តី​អំពី​គ្រា​ដែល​យុត្ដិធម៌​នឹង​ឈ្នះ​លើ​អយុត្ដិធម៌?

១៨ កាល​ដែល​សាតាំង​និង​គ្នីគ្នា​យ៉ាង​សន្ធឹក​របស់​វា​ពាធា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា នោះ​ហើយ​ជា​លើក​ចុង​ក្រោយ​បង្អស់​ដែល​វា​អាច​ដៀមដាម​ទ្រង់។ តាម​រយៈ​លោក​សាការី ព្រះ​យេហូវ៉ា​បាន​ទាយ​ថា​៖ ‹អ្នក​ណា​ដែល​ពាល់​អ្នក​រាល់​គ្នា នោះ​គឺ​ពាល់​ដល់​ប្រស្រី​ភ្នែក​ខ្ញុំ​ហើយ›។ (សាការី ២:៨) នេះ​គឺ​ហាក់​ដូច​ជា​មាន​គេ​យក​ម្រាម​ដៃ​ទៅ​ប៉ះ​ភ្នែក​របស់​ព្រះ​យេហូវ៉ា។ ទ្រង់​នឹង​មាន​ប្រតិកម្ម​ភ្លាម ដោយ​កម្ចាត់​ចោល​អ្នក​ប្រឆាំង​ទាំង​នោះ។ គ្មាន​នរណា​ទៀត​នៅ​ផែនដី​ដែល​មាន​លក្ខណៈ​ដូច​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា ដែល​តែង​តែ​ធ្វើ​តាម​ច្បាប់ ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​រក​តែ​សេចក្ដី​សុខ​និង​សាមគ្គី​ភាព។ ដូច្នេះ ការ​ពាធា​ពួក​គេ​គ្មាន​ហេតុ​ត្រឹម​ត្រូវ​ទេ តែ​ជា​ការ​ដ៏​អយុត្ដិធម៌​ទាំង​ស្រុង។ ដូច្នេះ ព្រះ​យេហូវ៉ា​ដែល​«សព្វ​ព្រះទ័យ​នឹង​សេចក្ដី​យុត្ដិធម៌» នឹង​មិន​ត្រាប្រណី​ឡើយ។ ពេល​ព្រះ​យេហូវ៉ា​ចាត់​វិធានការ នោះ​ខ្មាំង​សត្រូវ​ដែល​ប្រឆាំង​នឹង​រាស្ត្រ​ទ្រង់​នឹង​វិនាស​ទៅ​ជា​រៀង​រហូត។ យ៉ាង​នេះ យុត្ដិធម៌​នឹង​ឈ្នះ​លើ​អយុត្ដិធម៌ ហើយ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន។ គឺ​ច្បាស់​ហើយ​ថា ព្រឹត្ដិការណ៍​ដែល​នឹង​មាន​នា​អនាគត​នេះ ពិត​ជា​គួរ​ឲ្យ​អស្ចារ្យ​ណាស់!—សុភាសិត ២:២១, ២២

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​ក៏​មាន​អំពើ​អយុត្ដិធម៌​ច្រើន​ម្ល៉េះ?

• តើ​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​អំពើ​អយុត្ដិធម៌​នៅ​ផែនដី​ដោយ​របៀប​ណា?

• តើ​អ្នក​ពេញ​ចិត្ត​ចំពោះ​ចំណុច​អ្វី​ខ្លះ ស្តី​អំពី​គ្រា​ដែល​យុត្ដិធម៌​ឈ្នះ​លើ​អយុត្ដិធម៌?

[រូបភាព​នៅ​ទំព័រ​១៣]

ការ​អាក្រក់​បាន​ចម្រើន​ជា​ច្រើន​ឡើង​មុន​សម័យ​ទឹក​ជន់​លិច​ផែនដី ហើយ​នៅ​គ្រា​«ជាន់​ក្រោយ​បង្អស់»​នេះ​ក៏​មាន​ច្រើន​ផង​ដែរ

[រូបភាព​នៅ​ទំព័រ​១៤]

ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ យុត្ដិធម៌​និង​ភាព​សុចរិត​ត្រូវ​ជំនួស​អំពើ​អាក្រក់​វិញ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក