ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅហូសេ
បណ្ដាជនស្ទើរតែទាំងអស់ក្នុងរាជាណាចក្រអ៊ីស្រាអែលនៅប៉ែកខាងជើងដែលមានកុលសម្ព័ន្ធ១០ បានឈប់ថ្វាយបង្គំព្រះពិត។ ការគ្រប់គ្រងរបស់ស្តេចយេរ៉ូបោមទីពីរបាននាំឲ្យមានភាពចម្រុងចម្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែមិនយូរប៉ុន្មានក្រោយពេលដែលទ្រង់ទទួលមរណភាព ស្ថានភាពក្នុងស្រុកចេះតែអាប់ឱនទៅវិញ។ ចាប់ពីពេលនោះមក មានភាពចលាចលនិងគ្មានស្ថិរភាពខាងនយោបាយនៅក្នុងស្រុក។ ក្នុងចំណោមស្តេច៦អង្គដែលឡើងសោយរាជ្យបន្តបន្ទាប់គ្នា គេសម្លាប់ចោល៤អង្គ។ (ពង្សាវតារក្សត្រទី២ ១៤:២៩; ១៥:៨-៣០; ១៧:១-៦) ចាប់ពីឆ្នាំ៨០៤ មុនគ.ស. ហូសេធ្វើកិច្ចបម្រើជាអ្នកប្រកាសទំនាយអស់៥៩ឆ្នាំ ដែលមានន័យថា គាត់បានធ្វើកិច្ចបម្រើក្នុងគ្រាចលាចលនោះដែរ។
ព្រឹត្ដិការណ៍ក្នុងជីវភាពគ្រួសាររបស់ហូសេនិងភរិយារបស់គាត់ បង្ហាញយ៉ាងច្បាស់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែលដែលមិនស្មោះត្រង់ចំពោះទ្រង់។ សារដែលហូសេសរសេរនោះ បកអាក្រាតនូវកំហុសទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល ហើយហូសេក៏សរសេរទំនាយដែលជាការជំនុំជម្រះរាជាណាចក្រអ៊ីស្រាអែលនិងរាជាណាចក្រយូដា។ ហូសេសរសេរសៀវភៅដែលមានឈ្មោះគាត់ តាមរបៀបដែលបង្ហាញការយោគយល់និងចិត្តទន់សន្ដោស តែក៏មានន័យជ្រៅហើយសង្កត់ធ្ងន់ផងដែរ។ សៀវភៅដែលគាត់សរសេរនោះ ជាផ្នែកមួយនៃបណ្ដាំរបស់ព្រះយេហូវ៉ាដែលទ្រង់បណ្ដាលឲ្យមនុស្សសរសេរ ដូច្នេះជាសារដែលរស់នៅ ហើយពូកែផង។—ហេព្រើរ ៤:១២
«ចូរយកភរិយាដែលធ្វើអំពើសហាយស្មន់»
ព្រះយេហូវ៉ាបង្គាប់ដល់ហូសេថា៖ «ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹងនាំមកនៅជាមួយគ្នា» ឬស្របទៅតាមសេចក្ដីបកប្រែមួយទៀតដែលបកប្រែឃ្លានេះយ៉ាងច្បាស់ថា៖ «ចូរយកភរិយាដែលធ្វើអំពើសហាយស្មន់»។ (ហូសេ ១:២; ព.ថ.) ហូសេធ្វើតាមបង្គាប់នោះ ហើយក្រោយមកនាងកូមើរបង្កើតកូនប្រុសមួយឲ្យគាត់។ តាមមើលទៅ កូនពីរនាក់ទៀតរបស់នាង មិនមែនជាកូនរបស់ហូសេទេ។ ឈ្មោះរបស់កូនពីរនាក់នោះ គឺឡូរូហាម៉ានិងឡូអាំមី។ ឈ្មោះទាំងនេះបង្កប់អត្ថន័យដែលបង្ហាញថា ព្រះយេហូវ៉ាមិនព្រមអាណិតមេត្ដាដល់បណ្ដាជនអ៊ីស្រាអែលទៀត តែទ្រង់បដិសេធពួកគេជារាស្ត្រទ្រង់ដែលមិនស្មោះត្រង់។
តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះរាស្ត្រទ្រង់ដែលចេះតែបះបោរនោះ? ទ្រង់មានប្រសាសន៍ទៅកាន់ហូសេថា៖ «ចូរឲ្យឯងទៅស្រឡាញ់ស្រី . . . ដែលមានអ្នកដទៃស្រឡាញ់ហើយ [«ជាស្រីផិតក្បត់នេះ»] ដូចជាព្រះយេហូវ៉ាទ្រង់ក៏ស្រឡាញ់ដល់ពួកកូនចៅអ៊ីស្រាអែលដែរ ទោះបើគេបែរទៅប្រព្រឹត្តតាមព្រះដទៃ»។—ហូសេ ៣:១; ខ.ស.
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១—ហេតុអ្វីក៏ហូសេសរសេរអំពីស្តេចទាំងបួនអង្គដែលគ្រប់គ្រងលើរាជាណាចក្រយូដាក្នុងអំឡុងពេលដែលគាត់ធ្វើកិច្ចបម្រើនោះ ប៉ុន្តែគាត់សំដៅទៅលើអ្នកគ្រប់គ្រងតែម្នាក់គត់របស់រាជាណាចក្រអ៊ីស្រាអែល? នេះគឺដោយសារមានតែស្តេចពីវង្សត្រកូលរបស់ដាវីឌប៉ុណ្ណោះ ដែលបានរាប់ជាអ្នកដែលមានសិទ្ធិគ្រប់គ្រងលើរាស្ត្ររបស់ព្រះ។ ស្តេចទាំងប៉ុន្មានរបស់រាជាណាចក្រអ៊ីស្រាអែលនៅប៉ែកខាងជើងនោះ មិនមែនជាពូជដាវីឌដូចស្តេចទាំងប៉ុន្មាននៅរាជាណាចក្រយូដាទេ។
១:២-៩—តើហូសេពិតជាយកភរិយាដែលធ្វើអំពើសហាយស្មន់ទេ? ហូសេពិតជាបានរៀបការជាមួយស្ត្រីម្នាក់ដែលក្រោយមកផិតក្បត់គាត់មែន។ ហូសេមិនផ្ដល់ហេតុអ្វីសោះ ឲ្យយើងយល់ថាស្ថានភាពដែលគាត់រៀបរាប់ពីក្រុមគ្រួសាររបស់គាត់បានកើតឡើងតែក្នុងសុបិនប៉ុណ្ណោះទេ។
១:៧—តើព្រះយេហូវ៉ាបានអាណិតមេត្ដានិងជួយសង្គ្រោះពួកវង្សយូដានៅឆ្នាំណា? ទំនាយនេះបានសម្រេចនៅឆ្នាំ៧៣២ មុនគ.ស. ពេលដែលស្តេចហេសេគាកំពុងគ្រប់គ្រង។ នៅគ្រានោះ ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យជនជាតិអាសស៊ើរដណ្ដើមយកទីក្រុងយេរូសាឡិម ដូច្នេះទ្រង់ចាត់ទេវតាពិឃាតឲ្យសម្លាប់ពលទ័ពចំនួន១៨៥.០០០នាក់ក្នុងមួយយប់។ (ពង្សាវតារក្សត្រទី២ ១៩:៣៤, ៣៥) យ៉ាងនេះ ព្រះយេហូវ៉ាបានសង្គ្រោះជនជាតិយូដា «មិនមែនដោយធ្នូ ដាវ ការតស៊ូ សេះឬពលសេះទេ» តែដោយទេវតាមួយរូបប៉ុណ្ណោះ។
១:១០, ១១—បើរាជាណាចក្រអ៊ីស្រាអែលនៅប៉ែកខាងជើងបានរំលំចោលនៅឆ្នាំ៧៤០ មុនគ.ស. តើពួកកូនចៅអ៊ីស្រាអែលអាច«រួបរួមគ្នា»ជាមួយនឹងពួកកូនចៅយូដាយ៉ាងដូចម្ដេច? បណ្ដាជនជាច្រើនពីរាជាណាចក្រអ៊ីស្រាអែលបានផ្លាស់ទីលំនៅទៅលើទឹកដីរបស់រាជាណាចក្រយូដា មុនពួកអ្នកស្រុកយូដាបាននាំយកទៅជាឈ្លើយសឹកទៅស្រុកបាប៊ីឡូននៅឆ្នាំ៦០៧ មុនគ.ស.។ (របាក្សត្រទី២ ១១:១៣-១៧; ៣០:៦-១២, ១៨-២០, ២៥) ពេលដែលជនជាតិយូដាខ្លះបានវិលត្រឡប់ទៅស្រុកកំណើតវិញ នៅឆ្នាំ៥៣៧ មុនគ.ស. កូនចៅរបស់ពួកអ្នកខាងរាជាណាចក្រអ៊ីស្រាអែលនៅប៉ែកខាងជើងក៏បានទៅជាមួយដែរ។—អែសរ៉ា ២:៧០
២:២១-២៣—តើពាក្យរបស់ព្រះយេហូវ៉ាដែលថា៖ «អញនឹងសាបព្រោះពូជនាង[យេសរាល]នៅលើផែនដីសំរាប់អញ រួចអញនឹងអាណិតមេត្ដាដល់[នាង]» មានន័យអ្វី? កូនប្រុសទីមួយដែលហូសេមានជាមួយនាងកូមើរ ឈ្មោះយេសរាល។ (ហូសេ ១:២-៤) ឈ្មោះនោះមានន័យថា៖ «ព្រះនឹងសាបព្រោះពូជ» ហើយអាចយកជាទំនាយដែលបង្ហាញថា ព្រះយេហូវ៉ាមានបំណងប្រមូលបណ្ដាជនស្មោះត្រង់មួយចំនួនតិចឲ្យវិលត្រឡប់មកស្រុកយូដាវិញ ប្រៀបដូចជាទ្រង់សាបព្រោះពួកគេនៅទីនោះទុកជាពូជ។ នេះបានកើតឡើងនៅឆ្នាំ៥៣៧ មុនគ.ស.។ ស្រុកយូដាបានចោលស្ងាត់អស់រយៈពេល៧០ឆ្នាំ ប៉ុន្តែដីនោះត្រូវបង្កើតផលម្ដងទៀត ដូចជាស្រូវ ទឹកទំពាំងបាយជូរនិងប្រេងជាដើម។ ទំនាយនោះបានសរសេរជាកំណាព្យ ហាក់ដូចជារបស់ល្អៗទាំងនោះអង្វរផែនដីឲ្យបញ្ចេញជីវជាតិ ហើយផែនដីក៏អង្វរសូមផ្ទៃមេឃឲ្យបញ្ចេញទឹកភ្លៀងដែរ។ ជាលទ្ធផល គឺហាក់ដូចជាផ្ទៃមេឃសុំព្រះឲ្យចាត់ពពកមកដើម្បីឲ្យមានភ្លៀង។ ទាំងអស់នេះត្រូវកើតឡើងដើម្បីចិញ្ចឹមបណ្ដាជនទាំងប៉ុន្មានដែលវិលត្រឡប់មកស្រុកវិញ។ សាវ័កប៉ុលនិងពេត្រុសបានយកទំនាយនៅហូសេ ២:២៣ ថាសំដៅទៅលើការប្រមូលអ្នកដែលនៅសល់ក្នុងចំណោមពួកអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ដែលតំណាងដោយជនជាតិអ៊ីស្រាអែល។—រ៉ូម ៩:២៥, ២៦; ពេត្រុសទី១ ២:១០
មេរៀនសម្រាប់យើង:
១:២-៩; ៣:១, ២: សូមគិតទៅមើលថា ហូសេបានលះបង់ប្រយោជន៍ខ្លួនឯងច្រើនប៉ុណ្ណា ដោយសុខចិត្តរស់នៅជាមួយភរិយាគាត់ស្របទៅតាមឆន្ទៈរបស់ព្រះយេហូវ៉ា! ចុះយ៉ាងណាចំពោះយើង? តើយើងសុខចិត្តលះបង់ចំណង់ចំណូលចិត្តរបស់ខ្លួនច្រើនប៉ុណ្ណា ដើម្បីធ្វើតាមឆន្ទៈរបស់ព្រះយេហូវ៉ា?
១:៦-៩: ព្រះយេហូវ៉ាស្អប់ការថ្វាយបង្គំព្រះផ្សេងដែលប្រៀបដូចជាការផិតក្បត់ទ្រង់ ដូចទ្រង់ស្អប់អំពើផិតក្បត់របស់គូស្វាមីភរិយា។
១:៧, ១០, ១១; ២:១៤-២៣: អ្វីដែលព្រះយេហូវ៉ាទាយអំពីរាជាណាចក្រអ៊ីស្រាអែលនិងរាជាណាចក្រយូដាបានសម្រេចមែន! បណ្ដាំរបស់ព្រះយេហូវ៉ាតែងតែសម្រេចជាពិត។
២:១៦, ១៩, ២១-២៣; ៣:១-៤: ព្រះយេហូវ៉ាសុខចិត្តអត់ទោសឲ្យអស់អ្នកដែលបង្ហាញថាពួកគេបានប្រែចិត្តយ៉ាងស្មោះ។ (នេហេមា ៩:១៧) យើងក៏គួរប្រព្រឹត្តទៅលើអ្នកដទៃដោយចិត្តអាណិតអាសូរនិងមេត្ដាករុណាដូចព្រះយេហូវ៉ាដែរ។
«ព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ»
«ព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ»។ ហេតុអ្វី? «ពីព្រោះគ្មានសេចក្ដីពិតឬសេចក្ដីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះនៅក្នុងស្រុកនេះឡើយ»។ (ហូសេ ៤:១) បណ្ដាជនអ៊ីស្រាអែលបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ាដោយថ្វាយបង្គំព្រះផ្សេង ហាក់ដូចជាផិតក្បត់ទ្រង់។ ពួកគេក៏បានប្រព្រឹត្តអំពើដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយបានបោកបញ្ឆោតនិងសម្លាប់មនុស្សដទៃផងដែរ។ ជាជាងពឹងទៅលើព្រះយេហូវ៉ាឲ្យជួយ ពួកគេបាន«ហៅរកសាសន៍អេស៊ីព្ទ តែគេទៅឯស្រុកអាសស៊ើរវិញ»។—ហូសេ ៧:១១
ព្រះយេហូវ៉ាកាត់ទោសទៅលើពួកគេដោយមានប្រសាសន៍ថា៖ «អ៊ីស្រាអែលត្រូវលេបបាត់ហើយ»។ (ហូសេ ៨:៨) រាជាណាចក្រយូដាក៏មិនរួចខ្លួនពីទោសដែរ។ សៀវភៅហូសេ ១២:៣ ចែងថា៖ «ព្រះយេហូវ៉ាទ្រង់មានរឿងនឹងយូដាដែរ ក៏នឹងធ្វើទោសដល់យ៉ាកុបតាមអំពើប្រព្រឹត្តរបស់គេ ព្រមទាំងសងគេតាមកិរិយារបស់គេផង»។ ប៉ុន្តែ ព្រះយេហូវ៉ានឹងស្ដារបណ្ដាជនទ្រង់ឡើងវិញជាមិនខាន ពីព្រោះទ្រង់សន្យាថា៖ «អញនឹងដោះគេឲ្យរួចពីកណ្ដាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏នឹងលោះគេឲ្យរួចពីសេចក្ដីស្លាប់ដែរ»។—ហូសេ ១៣:១៤
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៦:១-៣—តើអ្នកណាបាននិយាយថា៖ «ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ!»? ប្រហែលជាបណ្ដាជនអ៊ីស្រាអែលមិនស្មោះត្រង់បានលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យវិលទៅថ្វាយបង្គំព្រះយេហូវ៉ាម្ដងទៀត។ បើដូច្នេះ ពួកគេបានធ្វើពុតតែប៉ុណ្ណោះ ជាអ្នកប្រែចិត្ត។ សេចក្ដីសប្បុរសរបស់ពួកគេ«ប្រៀបដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងបន្ទាន់»។ (ហូសេ ៦:៤) ផ្ទុយទៅវិញ ប្រហែលជាហូសេជាអ្នកដែលនិយាយពាក្យទាំងនោះ ដោយអង្វរបណ្ដាជនឲ្យមកថ្វាយបង្គំព្រះយេហូវ៉ាម្ដងទៀត។ មិនថាអ្នកណាបាននិយាយពាក្យទាំងនោះក៏ដោយ រាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០ត្រូវតែប្រែចិត្តយ៉ាងស្មោះ និងថ្វាយបង្គំព្រះយេហូវ៉ាឲ្យអស់ពីចិត្តម្ដងទៀត។
៧:៤—តើពួកអ៊ីស្រាអែលដែលចេះតែធ្វើអំពើកំផិតនោះ ប្រៀបដូចជា‹ឡក្ដៅ›យ៉ាងណា? ការប្រៀបប្រដូចនេះបង្ហើបឲ្យដឹងថា ពួកគេមានចំណង់ចំណូលចិត្តយ៉ាងអាក្រក់ហួសល្បត់។
មេរៀនសម្រាប់យើង:
៤:១, ៦: បើយើងចង់ឲ្យព្រះយេហូវ៉ាពេញចិត្តចំពោះយើង យើងត្រូវតែរៀនអំពីទ្រង់ជានិច្ច និងអនុវត្តតាមអ្វីដែលយើងរៀន។
៤:៩-១៣: ព្រះយេហូវ៉ានឹងកាត់ទោសលើអស់អ្នកដែលប្រព្រឹត្តអំពើដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយចំពោះពួកអ្នកដែលរួមដៃក្នុងការថ្វាយបង្គំដែលមិនស្អាតស្អំ។—ហូសេ ១:៤
៥:១: ពួកអ្នកដែលនាំមុខរាស្ត្ររបស់ព្រះយេហូវ៉ា ត្រូវតែបដិសេធទាំងស្រុងនឹងពួកអ្នកក្បត់ជំនឿ។ ពុំនោះ អ្នកក្បត់ជំនឿអាចញុះញង់បងប្អូនឯទៀតឲ្យរួមចំណែកក្នុងការថ្វាយបង្គំមិនពិត។ យ៉ាងនេះ អ្នកក្បត់ជំនឿអាចប្រៀបដូចជា‹អន្ទាក់និងមងលាត›ចំពោះបងប្អូនយើង។
៦:១-៤; ៧:១៤, ១៦: បើយើងប្រែចិត្តតែសម្បកក្រៅប៉ុណ្ណោះ យើងជាអ្នកពុតត្បុត ហើយការដែលយើងប្រព្រឹត្តសុទ្ធតែអសារឥតការវិញ។ បើអ្នកដែលធ្វើខុសចង់ឲ្យព្រះយេហូវ៉ាអាណិតមេត្ដាដល់ពួកគេ ពួកគេត្រូវតែប្រែចិត្តយ៉ាងស្មោះ ហើយមកឯ«ព្រះដ៏ខ្ពស់បំផុត»ដោយថ្វាយបង្គំទ្រង់យ៉ាងស្មោះអស់ពីចិត្ត។ ការប្រព្រឹត្តរបស់អ្នកទាំងនោះ ត្រូវតែមានលក្ខណៈស្របទៅតាមខ្នាតតម្រាខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។—ហូសេ ៧:១៦
៦:៦: អស់អ្នកដែលប្រព្រឹត្តអំពើបាបជាទម្លាប់ បង្ហាញថាពួកគេមិនស្រឡាញ់ព្រះយេហូវ៉ាដោយស្មោះត្រង់ទេ។ មិនថាពួកគេធ្វើអ្វីក៏ដោយ ហាក់ដូចជាថ្វាយតង្វាយចំពោះទ្រង់ ទង្វើទាំងនោះនៅតែមិនអាចជំនួសចិត្តមិនស្មោះឡើយ។
៨:៧, ១៣; ១០:១៣: ក្នុងករណីបណ្ដាជនអ៊ីស្រាអែលដែលបានថ្វាយបង្គំរូបព្រះ គោលការណ៍ដែលថា «ពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ» បានសម្រេចមែន!—កាឡាទី ៦:៧
៨:៨; ៩:១៧; ១៣:១៦: ទំនាយទាំងប៉ុន្មានអំពីរាជាណាចក្រអ៊ីស្រាអែលនៅប៉ែកខាងជើងបានសម្រេចពេលពួកទ័ពជនជាតិអាសស៊ើរចាប់យកទីក្រុងសាម៉ារីដែលជារាជធានីនៃរាជាណាចក្រនោះ។ (ពង្សាវតារក្សត្រទី២ ១៧:៣-៦) យើងក៏អាចទុកចិត្តដែរ ថាព្រះយេហូវ៉ានឹងសម្រេចតាមអ្វីដែលទ្រង់មានប្រសាសន៍ហើយ។—ជនគណនា ២៣:១៩
៨:១៤: នៅឆ្នាំ៦០៧ មុនគ.ស. ព្រះយេហូវ៉ាបាន«ចាត់ភ្លើងទៅលើទីក្រុងទាំងប៉ុន្មាន»ក្នុងរាជាណាចក្រយូដា តាមរយៈពួកបាប៊ីឡូន។ នេះជាការហិនហោចដែលព្រះយេហូវ៉ាបានទាយថា ត្រូវតែមកលើទីក្រុងយេរូសាឡិមនិងស្រុកយូដា។ (របាក្សត្រទី២ ៣៦:១៩) បន្ទូលឬបណ្ដាំរបស់ព្រះយេហូវ៉ាមិនដែលខ្វះឬខកខានសម្រេចឡើយ។—យ៉ូស្វេ ២៣:១៤
៩:១០: ទោះជាបណ្ដាជនអ៊ីស្រាអែលជាអ្នកដែលបានថ្វាយខ្លួនចំពោះព្រះពិតរួចទៅហើយក៏ដោយ ពួកគេ«បានទៅដល់បាលពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស»វិញ។ យកល្អឲ្យយើងទទួលការព្រមានពីគំរូមិនល្អរបស់ពួកគេ ហើយប្រយ័ត្នកុំឲ្យលះបង់ការឧទ្ទិសថ្វាយខ្លួនរបស់យើងចំពោះទ្រង់។—កូរិនថូសទី១ ១០:១១
១០:១, ២, ១២: គួរគប្បីឲ្យយើងថ្វាយបង្គំព្រះយេហូវ៉ាដោយចិត្តស្មោះ មិនមែនដោយចិត្តដែលចែកជាពីរឬដោយពុតត្បុតទេ។ ពេលដែលយើង‹សាបព្រោះសំរាប់ខ្លួនដោយសុចរិត យើងនឹងច្រូតកាត់ស្របទៅតាមសេចក្ដីសប្បុរសរបស់ព្រះ›។
១០:៥: ឈ្មោះបេតអាវេន (ដែលមានន័យថា «ដំណាក់ដែលនាំឲ្យឈឺចាប់») ជាឈ្មោះដែលគេមើលងាយទីក្រុងបេតអែល (ដែលមានន័យថា «ដំណាក់នៃព្រះ»)។ ពួកអ្នកក្រុងសាម៉ារីបានសោកសៅពេលរូបកូនគោនៅក្រុងបេតអាវេន ដែលជាទីគោរពថ្វាយបង្គំរបស់ពួកគេ បានយកទៅបាត់។ មានតែមនុស្សល្ងីល្ងើទេ ដែលទុកចិត្តទៅលើរូបព្រះដែលគ្មានជីវិត ហើយគ្មានសមត្ថភាពការពារខ្លួនឯង។—ទំនុកដំកើង ១៣៥:១៥-១៨; យេរេមា ១០:៣-៥
១១:១-៤: ព្រះយេហូវ៉ាតែងតែប្រព្រឹត្តទៅលើរាស្ត្រទ្រង់ដោយសេចក្ដីស្រឡាញ់។ ព្រះយេហូវ៉ាមិនជិះជាន់ពួកអ្នកដែលចុះចូលចំពោះទ្រង់ទេ។
១១:៨-១១; ១៣:១៤: អ្វីដែលព្រះយេហូវ៉ាសន្យា ស្តីអំពីការស្ដាររាស្ត្រទ្រង់ឲ្យថ្វាយបង្គំទ្រង់ដោយពិតត្រង់ម្ដងទៀត ‹មិនបានវិលមកឯទ្រង់ដោយឥតកើតផល›ទេ។ (អេសាយ ៥៥:១១) នៅឆ្នាំ៥៣៧មុនគ.ស. បណ្ដាជនអ៊ីស្រាអែលលែងឃុំទុកនៅស្រុកបាប៊ីឡូនទៀត ហើយអ្នកខ្លះបានវិលត្រឡប់មកទីក្រុងយេរូសាឡិមវិញ។ (អែសរ៉ា ២:១; ៣:១-៣) អ្វីៗក៏ដោយដែលព្រះយេហូវ៉ាមានប្រសាសន៍តាមរយៈអ្នកប្រកាសទំនាយរបស់ទ្រង់ នឹងសម្រេចជាពុំខាន។
១២:៧: គួរគប្បីឲ្យយើងប្ដេជ្ញាចិត្តបង្ហាញសេចក្ដីសប្បុរស ប្រព្រឹត្តដោយយុត្ដិធម៌ និងរង់ចាំឬសង្ឃឹមទៅលើព្រះយេហូវ៉ាជានិច្ច។
១៣:៦: បណ្ដាជនអ៊ីស្រាអែលមានចិត្ត«ឆ្អែត»ឬស្កប់ស្កល់ពេក ដូច្នេះពួកគេបាន«កើតមានចិត្តប៉ោងឡើង»។ ‹ហេតុនោះបានជាពួកគេភ្លេចព្រះយេហូវ៉ា›។ យើងត្រូវតែប្រយ័ត្នកុំឲ្យមានទំនោរចិត្តចង់អួតខ្លួនឡើយ។
«អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់»
ហូសេបានអង្វរបណ្ដាជនថា៖ «ឱអ៊ីស្រាអែលអើយ! ចូរវិលមកឯព្រះយេហូវ៉ាជាព្រះនៃឯងវិញចុះ! ដ្បិតឯងបានភ្លាត់ដួលទៅដោយអំពើទុច្ចរិតរបស់ឯង»។ ហូសេក៏ដាស់តឿនបណ្ដាជនទាំងនោះឲ្យនិយាយចំពោះព្រះយេហូវ៉ាថា៖ «សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ ហើយទទួលយើងខ្ញុំដោយព្រះគុណ។ យ៉ាងនោះ យើងខ្ញុំនឹងថ្វាយដង្វាយនៃបបូរមាត់យើងខ្ញុំជំនួសគោឈ្មោលដែលសំរាប់យញ្ញបូជា»។—ហូសេ ១៤:១, ២
បើមនុស្សធ្វើខុសហើយប្រែចិត្ត ពួកគេគួរតែបែរមករកព្រះយេហូវ៉ាម្ដងទៀត ធ្វើតាមតម្រូវការរបស់ទ្រង់ និងសរសើរទ្រង់ទុកជាតង្វាយផង។ ហេតុអ្វី? ពីព្រោះ«អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ [ហើយ]ពួកអ្នកសុចរិតនឹងដើរក្នុងផ្លូវទាំងនោះ»។ (ហូសេ ១៤:៩) យើងមានចិត្តសប្បាយរីករាយមែន ពេលដឹងថាមនុស្សច្រើនថែមទៀត«នៅជាន់ក្រោយបង្អស់»នេះ នឹង«មកពឹងជ្រកនឹងព្រះយេហូវ៉ាហើយនឹងសេចក្ដីសប្បុរសនៃទ្រង់ដោយញាប់ញ័រ»។—ហូសេ ៣:៥