លក្ខណៈសម្បត្ដិចាំបាច់ក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស
«ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។—ម៉ាថាយ ២៨:១៩
១. តើអ្នកបម្រើព្រះយេហូវ៉ានៅសម័យបុរាណត្រូវតែក្លាយទៅជាអ្នកស្ទាត់ជំនាញដែលមានសមត្ថភាពធ្វើអ្វីខ្លះ?
ជួនកាលអ្នកដែលបម្រើព្រះយេហូវ៉ាចាំបាច់បណ្ដុះឲ្យមានចិត្តគំនិតល្អៗ និងក្លាយជាអ្នកស្ទាត់ជំនាញដើម្បីបំពេញតាមឆន្ទៈរបស់ទ្រង់។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានបង្គាប់ឲ្យលោកអ័ប្រាហាំនិងនាងសារ៉ាចាកចេញពីទីក្រុងដ៏ជឿនលឿន ឈ្មោះអ៊ើរ ហើយក្រោយពួកគាត់បានធ្វើដូច្នេះ គឺចាំបាច់ឲ្យពួកគាត់មានលក្ខណៈសម្បត្ដិនិងសមត្ថភាពផ្សេងៗដើម្បីបោះជំរំនិងស្នាក់នៅក្នុងត្រសាលវិញ។ (ហេព្រើរ ១១:៨, ៩, ១៥) ពេលលោកយ៉ូស្វេទទួលភារកិច្ចនាំមុខជនជាតិអ៊ីស្រាអែលឲ្យចូលទៅក្នុងស្រុកសន្យានោះ ចាំបាច់ណាស់ឲ្យគាត់មានចិត្តក្លាហាន ទុកចិត្តទៅលើព្រះយេហូវ៉ា និងស្គាល់ច្បាប់របស់ទ្រង់យ៉ាងច្បាស់។ (យ៉ូស្វេ ១:៧-៩) រឯលោកបេសាលាលនិងលោកអូហូលីអាប់វិញ ទោះបើពួកគាត់ជាអ្នកស្ទាត់ជំនាញប៉ុណ្ណាក៏ដោយ សកម្មពលរបស់ព្រះយេហូវ៉ាច្បាស់ជាជួយពួកគាត់ឲ្យចេះធ្វើការកាន់តែប៉ិនប្រសប់ទៅទៀត ដើម្បីរួមចំណែកក្នុងកិច្ចការសាងសង់ព្រមទាំងការត្រួតពិនិត្យលើជាងឯទៀត ពេលពួកគេកសាងត្រសាលនិងរបស់ឯទៀតដែលជាទីសក្ការៈសម្រាប់ការថ្វាយបង្គំព្រះយេហូវ៉ា។—និក្ខមនំ ៣១:១-១១
២. ស្តីអំពីកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ?
២ រាប់រយឆ្នាំក្រោយមក ព្រះយេស៊ូគ្រិស្តបានបង្គាប់អស់អ្នកដែលកាន់តាមទ្រង់ថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) នេះជាលើកទីមួយដែលមនុស្សមានឯកសិទ្ធិធ្វើកិច្ចការបែបនោះ។ ដើម្បីធ្វើកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស តើអ្នកកាន់តាមព្រះយេស៊ូត្រូវការលក្ខណៈសម្បត្ដិអ្វីខ្លះ? តើយើងអាចបណ្ដុះឲ្យមានលក្ខណៈចាំបាច់ទាំងនោះយ៉ាងដូចម្ដេច?
ស្រឡាញ់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត
៣. តើតម្រូវការរបស់ព្រះយេហូវ៉ាឲ្យយើងបញ្ចុះបញ្ចូលឲ្យមានសិស្ស ហុចឱកាសឲ្យយើងធ្វើអ្វី?
៣ យើងត្រូវតែស្រឡាញ់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ដើម្បីមានកម្លាំងចិត្តទៅជួបមនុស្សដទៃដោយមានបំណងបញ្ចុះបញ្ចូលពួកគេឲ្យថ្វាយបង្គំព្រះពិត។ ជនជាតិអ៊ីស្រាអែលពីបុរាណអាចបង្ហាញថាពួកគេស្រឡាញ់ព្រះយេហូវ៉ា ដោយធ្វើតាមបង្គាប់ទ្រង់យ៉ាងអស់ពីចិត្ត ហើយដោយថ្វាយតង្វាយល្អៗចំពោះទ្រង់ ព្រមទាំងច្រៀងសរសើរទ្រង់ផង។ (ចោទិយកថា ១០:១២, ១៣; ៣០:១៩, ២០; ទំនុកដំកើង ២១:១៣; ៩៦:១, ២; ១៣៨:៥) ក្នុងនាមជាអ្នកដែលបញ្ចុះបញ្ចូលឲ្យមានសិស្ស យើងមិនត្រឹមតែធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ តែក៏បង្ហាញពីសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ដោយប្រាប់អ្នកដទៃអំពីទ្រង់និងគោលបំណងរបស់ទ្រង់។ ពេលនិយាយ គឺចាំបាច់ឲ្យយើងបង្ហាញថាមានជំនឿស៊ប់ ហើយជ្រើសរើសពាក្យល្អត្រឹមត្រូវដែលសឲ្យឃើញពីអំណរពិតដែលមានក្នុងចិត្តយើង ចំពោះសេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាប្រទានឲ្យ។—ថែស្សាឡូនីចទី១ ១:៥; ពេត្រុសទី១ ៣:១៥
៤. ម្ដេចក៏ព្រះយេស៊ូចូលចិត្តបង្រៀនមនុស្សអំពីព្រះយេហូវ៉ាម្ល៉េះ?
៤ ដោយសារព្រះយេស៊ូស្រឡាញ់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ទ្រង់ចូលចិត្តប្រាប់អ្នកដទៃ អំពីការថ្វាយបង្គំពិត គោលបំណងរបស់ព្រះយេហូវ៉ា និងរាជាណាចក្ររបស់ទ្រង់។ (លូកា ៨:១; យ៉ូហាន ៤:២៣, ២៤, ៣១) តាមការពិត ព្រះយេស៊ូមានប្រសាសន៍ថា៖ «[ការ]ធ្វើតាមព្រះហឫទ័យនៃព្រះដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់» គឺសំខាន់ដល់ម្ល៉េះបានជាប្រៀបដូចជា«អាហារ»។ (យ៉ូហាន ៤:៣៤) ពាក្យរបស់អ្នកតែងបទទំនុកដំកើងម្នាក់ ក៏បញ្ជាក់ពីអារម្មណ៍របស់ព្រះយេស៊ូដែរ។ គាត់សរសេរថា៖ «ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំមានសេចក្ដីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់។ អើ ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ។ ទូលបង្គំបានប្រកាសដំណឹងល្អពីសេចក្ដីសុចរិតនៅក្នុងជំនុំធំ។ មើល ឱព្រះយេហូវ៉ាអើយ! ទ្រង់ជ្រាបហើយថា ទូលបង្គំនឹងមិនទប់មាត់ឡើយ»។—ទំនុកដំកើង ៤០:៨, ៩; ហេព្រើរ ១០:៧-១០
៥, ៦. តើអ្វីជាលក្ខណៈសម្បត្ដិចម្បងដែលយើងត្រូវការដើម្បីបញ្ចុះបញ្ចូលឲ្យមានសិស្ស?
៥ ជួនកាលអ្នកដែលទើបតែបានរៀនសេចក្ដីពិតក្នុងគម្ពីរក៏ស្រឡាញ់ព្រះយេហូវ៉ាយ៉ាងខ្លាំងដល់ម្ល៉េះ បានជាជំរុញពួកគេឲ្យប្រាប់អ្នកដទៃយ៉ាងអស់ពីចិត្ត អំពីទ្រង់និងរាជាណាចក្ររបស់ទ្រង់។ ពេលពួកគេធ្វើដូច្នេះ ដែលបង្ហាញពីជំនឿស៊ប់របស់ខ្លួននោះ នេះក៏មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការជំរុញអ្នកដទៃឲ្យចង់ពិនិត្យមើលគម្ពីរដែរ។ (យ៉ូហាន ១:៤១) សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជាលក្ខណៈសម្បត្ដិចម្បងដែលជំរុញយើងឲ្យធ្វើកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ដូច្នេះ ចូរឲ្យយើងស្រឡាញ់ព្រះយេហូវ៉ាជានិច្ចចុះ! ដោយរក្សាឲ្យមានទម្លាប់អាននិងរំពឹងគិតពីបណ្ដាំរបស់ទ្រង់។—ធីម៉ូថេទី១ ៤:៦, ១៥; វិវរណៈ ២:៤
៦ គឺច្បាស់ហើយថា សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាបានជំរុញចិត្តព្រះយេស៊ូគ្រិស្តឲ្យមានចិត្តខ្នះខ្នែងក្នុងការបង្រៀនសិស្ស។ ប៉ុន្តែ មានលក្ខណៈសម្បត្ដិឯទៀតដែរ ដែលជួយទ្រង់ឲ្យមានប្រសិទ្ធភាពក្នុងកិច្ចការប្រកាសសារអំពីរាជាណាចក្ររបស់ព្រះ។ បើដូច្នេះ តើព្រះយេស៊ូមានលក្ខណៈសម្បត្ដិអ្វីទៀត ដែលជួយឲ្យទ្រង់ប៉ិនប្រសប់ក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស?
យកចិត្តទុកដាក់យ៉ាងស្មោះចំពោះមនុស្ស
៧, ៨. តើព្រះយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះមនុស្ស?
៧ ព្រះយេស៊ូបានយកចិត្តទុកដាក់យ៉ាងស្មោះចំពោះមនុស្ស។ សូម្បីតែពេលដែលព្រះយេស៊ូជា«មេជាង»នៅឯស្ថានសួគ៌ មុនទ្រង់បានចាប់កំណើតនៅផែនដីក្ដី ទ្រង់មានអំណរចំពោះអ្វីៗដែលទាក់ទងនឹងមនុស្សលោក។ (សុភាសិត ៨:៣០, ៣១) ពេលនៅឯផែនដីវិញ ព្រះយេស៊ូមានចិត្តអាណិតអាសូរចំពោះមនុស្ស ហើយបានបន្ថែមកម្លាំងឲ្យពួកអ្នកដែលមករកទ្រង់។ (ម៉ាថាយ ១១:២៨-៣០) ព្រះយេស៊ូបង្ហាញសេចក្ដីស្រឡាញ់និងចិត្តក្ដួលអាណិតដូចព្រះយេហូវ៉ា ហើយនេះបានទាក់ចិត្តទាញអារម្មណ៍របស់មនុស្សឲ្យចង់ថ្វាយបង្គំព្រះពិតតែមួយដែរ។ មនុស្សគ្រប់ប្រភេទចូលចិត្តស្ដាប់ព្រះយេស៊ូ ពីព្រោះទ្រង់យកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគេ និងយោគយល់ចំពោះកាលៈទេសៈក្នុងជីវិតរបស់ពួកគេ។—លូកា ៧:៣៦-៥០; ១៨:១៥-១៧; ១៩:១-១០
៨ ពេលបុរសម្នាក់បានសួរព្រះយេស៊ូថា តើគាត់ត្រូវធ្វើដូចម្ដេចដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់នោះ? «ព្រះយេស៊ូវទ្រង់ទតទៅគាត់ដោយស្រឡាញ់»។ (ម៉ាកុស ១០:១៧-២១) គម្ពីររៀបរាប់អំពីមនុស្សខ្លះដែលព្រះយេស៊ូបានបង្រៀននៅឯភូមិបេថានីថា៖ «ទ្រង់ស្រឡាញ់នាងម៉ាថានឹងប្អូនស្រីនាង ហើយនឹងឡាសារផង»។ (យ៉ូហាន ១១:១, ៥) ព្រះយេស៊ូយកចិត្តទុកដាក់យ៉ាងស្មោះចំពោះមនុស្ស ដល់ម្ល៉េះបានជាសូម្បីតែពេលដែលទ្រង់នឿយហត់ក្ដី ទ្រង់នៅតែសុខចិត្តបង្រៀនគេជាជាងរកឱកាសដើម្បីសម្រាក។ (ម៉ាកុស ៦:៣០-៣៤) ដោយសារព្រះយេស៊ូយកចិត្តទុកដាក់យ៉ាងស្មោះចំពោះមនុស្ស នេះជួយទ្រង់ឲ្យមានប្រសិទ្ធភាពច្រើនជាងអ្នកដទៃក្នុងការទាក់ចិត្តទាញអារម្មណ៍របស់មនុស្សឲ្យមកថ្វាយបង្គំព្រះពិត។
៩. ក្នុងនាមជាអ្នកបញ្ចុះបញ្ចូលឲ្យមានសិស្ស តើប៉ុលមានលក្ខណៈសម្បត្ដិអ្វីខ្លះ?
៩ ពេលផ្សព្វផ្សាយ សាវ័កប៉ុលក៏យកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកដែលគាត់ជួប។ ជាឧទាហរណ៍ ប៉ុលបានសរសេរចំពោះបងប្អូនដែលបានក្លាយទៅជាគ្រិស្តសាសនិកនៅឯទីក្រុងថែស្សាឡូនីចថា៖ «យើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នាដល់ម្ល៉េះ បានជាយើងខ្ញុំចូលចិត្តចែកដំណឹងល្អពីព្រះមកអ្នករាល់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ ក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ»។ ដោយសារប៉ុលបានបង្ហាញសេចក្ដីស្រឡាញ់ដោយខិតខំជួយអ្នកដែលរស់នៅទីក្រុងថែស្សាឡូនីច ពួកគេខ្លះបាន‹បែរចេញពីរូបព្រះឲ្យបានគោរពប្រតិបត្ដិដល់ព្រះដ៏មានព្រះជន្មរស់នៅវិញ›។ (ថែស្សាឡូនីចទី១ ១:៩; ២:៨) បើយើងយកចិត្តទុកដាក់យ៉ាងស្មោះចំពោះមនុស្ស ដូចព្រះយេស៊ូនិងប៉ុលបានធ្វើនោះ យើងក៏នឹងមានអំណរដែរ ពេលឃើញដំណឹងល្អជ្រាបចូលទៅក្នុងចិត្តពួកអ្នក«ដែលត្រូវបាន[ឬ«សមទទួល»]ជីវិតអស់កល្បជានិច្ច»។—កិច្ចការ ១៣:៤៨; ព.ថ.
ស្មារតីលះបង់
១០, ១១. ពេលខិតខំបញ្ចុះបញ្ចូលឲ្យមានសិស្ស ហេតុអ្វីចាំបាច់ឲ្យមានស្មារតីលះបង់?
១០ អស់អ្នកដែលមានប្រសិទ្ធភាពក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស ត្រូវតែមានស្មារតីដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួនឯង។ ពួកគេពិតជាមិនចាត់ទុកការប្រមូលទ្រព្យសម្បត្ដិជាអាទិភាពក្នុងជីវិតទេ។ តាមការពិត ព្រះយេស៊ូមានប្រសាសន៍ទៅកាន់ពួកអ្នកដែលកាន់តាមទ្រង់ថា ជាការ«ពិបាកណាស់!» ឲ្យ«មនុស្សអ្នកមានចូលទៅក្នុងនគរព្រះ»។ ពេលឮពាក្យទាំងនោះ សិស្សរបស់ព្រះយេស៊ូបានភ្ញាក់ផ្អើល តែទ្រង់មានប្រសាសន៍ទៀតថា៖ «កូនអើយ! ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្ដិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់! បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ»។ (ម៉ាកុស ១០:២៣-២៥) ព្រះយេស៊ូលើកទឹកចិត្តឲ្យអ្នកដែលកាន់តាមទ្រង់មានរបៀបរស់នៅសាមញ្ញធម្មតា ដើម្បីជួយពួកគេឲ្យប្រមូលអារម្មណ៍ទៅលើកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថាយ ៦:២២-២៤, ៣៣) តើស្មារតីលះបង់ជួយយើងបញ្ចុះបញ្ចូលឲ្យមានសិស្សយ៉ាងដូចម្ដេច?
១១ ការបង្រៀនមនុស្សឲ្យចេះកាន់តាមគ្រប់ទាំងសេចក្ដីដែលព្រះយេស៊ូបានបង្គាប់នោះ តម្រូវឲ្យយើងខិតខំប្រឹងប្រែងណាស់! ធម្មតា អ្នកដែលបញ្ចុះបញ្ចូលឲ្យមានសិស្ស ព្យាយាមសិក្សាគម្ពីររៀងរាល់សប្ដាហ៍ជាមួយនឹងអ្នកដែលចាប់អារម្មណ៍ចង់រៀន។ អ្នកខ្លះដែលចូលចិត្តប្រកាសសារអំពីរាជាណាចក្ររបស់ព្រះ ក៏បានឈប់ធ្វើការពេញពេលហើយរកការងារតែបន្ដិចបន្តួចវិញ ដើម្បីឲ្យមានឱកាសរកជួបមនុស្សដែលមានចិត្តស្មោះឲ្យបានកាន់តែច្រើន។ គ្រិស្តសាសនិករាប់ពាន់នាក់បានរៀនភាសាមួយទៀតដើម្បីឲ្យមានលទ្ធភាពផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេងនាតំបន់របស់ខ្លួន។ អ្នកឯទៀតដែលខំបញ្ចុះបញ្ចូលឲ្យមានសិស្ស ក៏បានចាកចេញពីផ្ទះរបស់ខ្លួនដើម្បីទៅតំបន់ផ្សេង ឬទៅប្រទេសផ្សេងក៏មាន ដើម្បីរួមចំណែកឲ្យបានកាន់តែច្រើនក្នុងកិច្ចការផ្សព្វផ្សាយដែលប្រៀបដូចជាចម្រូត។ (ម៉ាថាយ ៩:៣៧, ៣៨) ពួកគេត្រូវតែមានស្មារតីលះបង់ ទើបសុខចិត្តធ្វើដូច្នេះ។ ប៉ុន្តែ បើយើងចង់មានប្រសិទ្ធភាពកាន់តែច្រើនក្នុងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស យើងក៏ត្រូវការលក្ខណៈសម្បត្ដិឯទៀតដែរ។
អត់ធ្មត់តែមិនបំបង់ពេល
១២, ១៣. ម្ដេចក៏សំខាន់ម្ល៉េះឲ្យយើងបង្ហាញចិត្តអត់ធ្មត់ក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស?
១២ ចិត្តអត់ធ្មត់ជាលក្ខណៈសម្បត្ដិមួយទៀតដែលជួយយើងក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ទោះជាសារដែលយើងផ្សាយក្នុងនាមជាគ្រិស្តសាសនិក ជំរុញមនុស្សឲ្យចាត់វិធានការភ្លាមៗក្ដី តាមធម្មតា ការបញ្ចុះបញ្ចូលឲ្យមានសិស្សតម្រូវឲ្យយើងចំណាយពេលច្រើននិងយូរផង ដូច្នេះក៏តម្រូវឲ្យយើងមានចិត្តអត់ធ្មត់។ (កូរិនថូសទី១ ៧:២៩) ព្រះយេស៊ូបានបង្ហាញចិត្តអត់ធ្មត់ចំពោះប្អូនទ្រង់ឈ្មោះយ៉ាកុប។ ទោះជាយ៉ាកុបដឹងច្បាស់អំពីកិច្ចការផ្សព្វផ្សាយរបស់ព្រះយេស៊ូក្ដី គាត់មិនបានក្លាយជាសិស្សរបស់ទ្រង់ភ្លាមទេ។ (យ៉ូហាន ៧:៥) ក៏ប៉ុន្តែ ក្នុងរយៈពេលខ្លី រវាងពេលដែលព្រះគ្រិស្តបានទទួលមរណភាព និងបុណ្យថ្ងៃទី៥០ នៅឆ្នាំ៣៣ គ.ស. យ៉ាកុបបានចាប់ផ្ដើមកាន់តាមទ្រង់វិញ។ គម្ពីរបង្ហើបឲ្យដឹងថា យ៉ាកុបបានចូលរួមកម្មវិធីអធិស្ឋានជាមួយនឹងមាតា បងប្អូនបង្កើតនិងពួកសាវ័ក។ (កិច្ចការ ១:១៣, ១៤) បន្ដិចម្ដងៗ យ៉ាកុបមានជំនឿកាន់តែខ្លាំងឡើង ហើយក្រោយមក គាត់ក៏មានភារកិច្ចធ្ងន់ធ្ងរក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក។—កិច្ចការ ១៥:១៣; កូរិនថូសទី១ ១៥:៧
១៣ កិច្ចការរបស់ពួកគ្រិស្តសាសនិកក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស មានលក្ខណៈប្រហាក់ប្រហែលនឹងកសិករដែលធ្វើស្រែឬថែចម្ការ ពីព្រោះផលដំណាំចេះតែលូតលាស់ទៅតាមដំណើររបស់វា។ ដូចគ្នាដែរ ពេលសិស្សរៀនគម្ពីរ ពួកគេយល់បណ្ដាំរបស់ព្រះយេហូវ៉ាតែបន្ដិចម្ដងៗ ទាំងចំណាយពេលយូរ ទើបចេះស្រឡាញ់ទ្រង់និងមានចិត្តគំនិតដូចព្រះយេស៊ូ។ នេះតម្រូវឲ្យអ្នកបង្រៀនមានចិត្តអត់ធ្មត់។ យ៉ាកុបបានសរសេរថា៖ «បងប្អូនអើយ! ចូរមានចិត្តអត់ធ្មត់ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក។ មើល! អ្នកធ្វើស្រែ គេរង់ចាំផលវិសេសដែលកើតពីដីមកដោយសេចក្ដីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវនឹងចុងរដូវផង។ ចូរឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរ ទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ»។ (យ៉ាកុប ៥:៧, ៨) យ៉ាកុបដាស់តឿនអ្នកជឿគ្នីគ្នាឲ្យ‹មានចិត្តអត់ធ្មត់ដរាបដល់វត្តមានរបស់លោកម្ចាស់›។ បើសិស្សរបស់ព្រះយេស៊ូក្រយល់ចំណុចណាមួយ ទ្រង់បង្ហាញចិត្តអត់ធ្មត់ដោយពន្យល់ថែមទៀត ឬក៏ទ្រង់រៀបរាប់ជាឧទាហរណ៍មួយ។ (ម៉ាថាយ ១៣:១០-២៣; លូកា ១៩:១១; ២១:៧; កិច្ចការ ១:៦-៨) ពេលឥឡូវនេះ ក្នុងគ្រាដែលលោកម្ចាស់មានវត្តមានរួចហើយ យើងក៏ត្រូវការចិត្តអត់ធ្មត់ដូចទ្រង់ដែរ ក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ អស់អ្នកដែលចាប់ផ្ដើមកាន់តាមព្រះយេស៊ូនាសម័យនេះ ត្រូវតែទទួលការបង្ហាត់បង្រៀនពីអ្នកដែលចេះអត់ធ្មត់។—យ៉ូហាន ១៤:៩
១៤. ទោះបើយើងមានចិត្តអត់ធ្មត់ក៏ដោយ តើយើងត្រូវធ្វើអ្វីម្ដងម្កាល ដើម្បីកុំឲ្យបំបង់ពេលក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស?
១៤ ទោះជាយើងមានចិត្តអត់ធ្មត់ក៏ដោយ មនុស្សភាគច្រើនដែលរៀនគម្ពីរជាមួយយើង មិនបង្កើតផលឬធ្វើតាមព្រះបន្ទូលដែលជាបណ្ដាំរបស់ព្រះយេហូវ៉ាឡើយ។ (ម៉ាថាយ ១៣:១៨-២៣) ដូច្នេះ បើយើងបានខិតខំជួយសិស្សម្នាក់អស់រយៈពេលយូរបន្ដិចហើយ ប្រហែលជាមានប្រយោជន៍ឲ្យយើងឈប់បង្រៀនគាត់សិន ហើយខំរកសិស្សថ្មីដែលចាត់ទុកសេចក្ដីពិតក្នុងគម្ពីរជាអ្វីដែលមានតម្លៃ។ (សាស្ដា ៣:១, ៦) យ៉ាងណាក៏ដោយ សូម្បីតែសិស្សដែលអបអរនឹងអ្វីដែលពួកគេកំពុងរៀនក្ដី ក៏ប្រហែលជាត្រូវការជំនួយយូរផងដែរ ដើម្បីកែប្រែទស្សនៈនិងចិត្តគំនិត ព្រមទាំងចេះរៀបចំឲ្យមានអាទិភាពល្អត្រឹមត្រូវក្នុងជីវិត។ ដូច្នេះ យើងក៏ត្រូវមានចិត្តអត់ធ្មត់ដូចព្រះយេស៊ូមានចំពោះសិស្សទ្រង់ ពេលដែលពួកគេមិនបានបណ្ដុះឲ្យមានទស្សនៈត្រឹមត្រូវភ្លាមៗ។—ម៉ាកុស ៩:៣៣-៣៧; ១០:៣៥-៤៥
ប៉ិនប្រសប់ក្នុងការបង្រៀន
១៥, ១៦. ក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស ម្ដេចក៏សំខាន់ម្ល៉េះឲ្យយើងរៀបចំទុកជាមុននិងបង្រៀនយ៉ាងស្រួលយល់?
១៥ បើយើងចង់មានប្រសិទ្ធភាពក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស គឺចាំបាច់ឲ្យយើងស្រឡាញ់ព្រះយេហូវ៉ា យកចិត្តទុកដាក់ចំពោះមនុស្ស មានស្មារតីលះបង់ និងបង្ហាញចិត្តអត់ធ្មត់។ ប៉ុន្តែ យើងក៏ត្រូវតែក្លាយជាអ្នកស្ទាត់ជំនាញក្នុងការបង្រៀនដែរ ដើម្បីឲ្យចេះពន្យល់មេរៀនយ៉ាងច្បាស់លាស់ ហើយស្រួលយល់។ ជាឧទាហរណ៍ ព្រះយេស៊ូគ្រិស្តជាគ្រូដ៏ពូកែ ហើយសេចក្ដីបង្រៀនភាគច្រើនរបស់ទ្រង់មានឥទ្ធិពលខ្លាំងទៅលើអ្នកស្ដាប់ ពីព្រោះពាក្យដែលទ្រង់និយាយសុទ្ធតែស្រួលយល់។ សូមគិតអំពីដំបូន្មានខ្លះៗរបស់ព្រះយេស៊ូដូចតទៅ។ «[ចូរ]ប្រមូលទ្រព្យសម្បត្ដិទុកសំរាប់ខ្លួននៅឯស្ថានសួគ៌»។ «កុំឲ្យរបស់បរិសុទ្ធដល់ឆ្កែ»។ «ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត»។ «ចូរថ្វាយរបស់សេសារទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ (ម៉ាថាយ ៦:២០; ៧:៦; ១១:១៩; ២២:២១) តាមការពិត សេចក្ដីបង្រៀនទាំងអស់របស់ព្រះយេស៊ូមិនមែនខ្លីដូចនេះទេ។ យ៉ាងណាក៏ដោយ ទ្រង់តែងតែផ្ដល់មេរៀនច្បាស់លាស់ ហើយបើចាំបាច់ ទ្រង់ក៏បានពន្យល់ថែមទៀតដែរ។ ពេលបង្រៀនសិស្ស តើអ្នកអាចធ្វើតាមគំរូរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
១៦ កត្ដាសំខាន់មួយដើម្បីចេះបង្រៀនឲ្យស្រួលយល់និងច្បាស់លាស់នោះ គឺដោយរៀបចំទុកជាមុន។ អ្នកបង្រៀនដែលមិនរៀបចំទុកជាមុន តែងតែមានទម្លាប់និយាយច្រើនពេក។ ដោយសារគាត់មិនបានរៀបចំល្អ គាត់ចេះតែនិយាយឥតចេះទាល់ ដោយរៀបរាប់អ្វីៗទាំងអស់ដែលគាត់យល់អំពីប្រធាននោះ។ ជាលទ្ធផល គោលចំណុចមិនលេចធ្លោទេ។ ផ្ទុយទៅវិញ អ្នកបង្រៀនដែលបានរៀបចំយ៉ាងល្អ គាត់គិតអំពីសិស្ស ក៏រំពឹងគិតអំពីប្រធានដែលគាត់នឹងបង្រៀន ហើយប្រាប់តែចំណុចណាដែលចាំបាច់។ (សុភាសិត ១៥:២៨; កូរិនថូសទី១ ២:១, ២) អ្នកបង្រៀនដែលរៀបចំទុកជាមុនរមែងគិតពិចារណាថា តើសិស្សម្នាក់នេះយល់អ្វីខ្លះរួចហើយ? យ៉ាងនេះអ្នកបង្រៀនដឹងច្បាស់ថា គាត់ត្រូវតែសង្កត់លើចំណុចអ្វីខ្លះក្នុងអំឡុងពេលសិក្សាជាមួយសិស្សមួយនេះ។ ទោះជាអ្នកបង្រៀនស្គាល់ចំណុចច្រើនឯទៀតដែលទាក់ទងនឹងប្រធាននោះ ដែលជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍ក្ដី គាត់បង្រៀនយ៉ាងច្បាស់លាស់ដោយរួមបញ្ចូលតែព័ត៌មានណាដែលចាំបាច់ប៉ុណ្ណោះ។
១៧. តើយើងអាចជួយមនុស្សឲ្យចេះវែកញែកនិងរកហេតុផលពីបទគម្ពីរយ៉ាងដូចម្ដេច?
១៧ ព្រះយេស៊ូក៏បានជួយមនុស្សឲ្យចេះវែកញែកនិងរកហេតុផល ជាជាងប្រាប់ហេតុការណ៍ចំៗ។ ជាឧទាហរណ៍ មានពេលមួយដែលព្រះយេស៊ូបានសួរថា៖ «នែ ស៊ីម៉ូន អ្នកគិតដូចម្ដេច? តើអស់ទាំងស្តេចនៅផែនដីហូតសួយរៃឬពន្ធដារពីអ្នកណា? ពីកូនចៅឬពីអ្នកដទៃ?»។ (ម៉ាថាយ ១៧:២៥) ប្រហែលជាយើងចូលចិត្តបកស្រាយន័យគម្ពីរ។ បើដូច្នេះ យើងត្រូវតែទប់ចិត្តបន្ដិចពេលកំពុងបង្រៀនសិស្ស ដើម្បីផ្ដល់ឱកាសឲ្យគាត់ប្រាប់ពីអារម្មណ៍របស់ខ្លួន ឬឲ្យគាត់ពន្យល់ចំណុចខ្លះៗ។ យើងក៏គួរប្រយ័ត្ន កុំឲ្យសួរសំណួរច្រើនពេកដែរ។ ផ្ទុយទៅវិញ បើយើងយោគយល់ចំពោះអារម្មណ៍របស់សិស្ស ព្រមទាំងប្រើរឿងប្រៀបប្រដូចនិងសួរសំណួរល្អៗ យើងអាចជួយសិស្សឲ្យយល់អត្ថន័យខគម្ពីរកាន់តែច្បាស់ ពេលសិក្សាមេរៀនក្នុងសៀវភៅនានាដែលមានមូលដ្ឋានលើគម្ពីរ។
១៨. តើយើងអាចរៀនឲ្យចេះបង្រៀនដោយប៉ិនប្រសប់យ៉ាងដូចម្ដេច?
១៨ ពេលបទគម្ពីររៀបរាប់អំពី«សេចក្ដីបង្រៀនដ៏ត្រឹមត្រូវ» ពាក្យភាសាដើមនេះសំដៅទៅលើការបង្រៀនដោយប៉ិនប្រសប់។ (ទីតុស ១:៩) សមត្ថភាពបង្រៀនដោយប៉ិនប្រសប់នោះ មិនមានន័យថា យើងគ្រាន់តែជួយមនុស្សឲ្យទន្ទេញចាំចំណុចផ្សេងៗទេ។ យើងគួរមានបំណងជួយសិស្សឲ្យចេះសម្គាល់អ្វីដែលពិតនិងមិនពិត អ្វីដែលល្អនិងមិនល្អ ហើយអ្វីដែលមានប្រយោជន៍និងបង់ប្រយោជន៍ដែរ។ ពេលដែលយើងធ្វើដូច្នេះ ថែមទាំងលើកទឹកចិត្តសិស្សឲ្យចេះស្រឡាញ់ព្រះយេហូវ៉ា គាត់ក៏ប្រហែលជានឹងយល់កាន់តែច្បាស់នូវមូលហេតុដែលគាត់គួរតែស្ដាប់បង្គាប់ទ្រង់។
ចិត្តខ្នះខ្នែងក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស
១៩. តើគ្រិស្តសាសនិកទាំងឡាយពួតដៃគ្នាយ៉ាងណា ក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស?
១៩ ក្រុមជំនុំនានានៃពួកគ្រិស្តសាសនិកបានរៀបចំឡើងដើម្បីជួយយើងក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ពេលសិស្សថ្មីចាប់ផ្ដើមកាន់តាមព្រះយេស៊ូ ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ដែលបានជួបនិងបង្រៀនសិស្សថ្មីឲ្យយល់មេរៀនក្នុងគម្ពីរ ពិតជាមានអំណរមែន! ប៉ុន្តែ មិនមែនគាត់ប៉ុណ្ណោះដែលមានអំណរទេ។ ជាឧទាហរណ៍ ពេលក្មេងតូចម្នាក់បាត់ខ្លួន ហើយមានគ្នាច្រើននាក់ទៅរកវា ទោះបើមានតែម្នាក់គត់ដែលរកវាឃើញក្ដី អ្នកទាំងអស់គ្នាក៏រីករាយដែរ ពេលមាតាបិតាបានឱបត្រកងកូនម្ដងទៀត។ (លូកា ១៥:៦, ៧) ស្រដៀងគ្នាដែរ ច្រើននាក់ក៏ពួតដៃគ្នាក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ គ្រិស្តសាសនិកទាំងឡាយខំស្វែងរកនិងជួយមនុស្សឲ្យកាន់តាមព្រះយេស៊ូ។ ពេលសិស្សដែលរៀនគម្ពីរចាប់ផ្ដើមចូលរួមកម្មវិធីនៅឯសាលប្រជុំ គ្រិស្តសាសនិកទាំងឡាយនៅទីនោះក៏ជួយផ្ដល់ហេតុឲ្យអ្នកថ្មីយល់តម្លៃនៃការថ្វាយបង្គំពិត។ (កូរិនថូសទី១ ១៤:២៤, ២៥) យ៉ាងនេះ រៀងរាល់ឆ្នាំគ្រិស្តសាសនិកទាំងឡាយមានអំណរពេលសិស្សថ្មីរាប់ម៉ឺននាក់ចាប់ផ្ដើមកាន់តាមព្រះយេស៊ូ។
២០. បើអ្នកប្រាថ្នាចង់បានសិស្សម្នាក់ដែលអ្នកអាចបង្រៀននូវសេចក្ដីពិតពីគម្ពីរ តើអ្នកគួរធ្វើយ៉ាងណា?
២០ គ្រិស្តសាសនិកស្មោះត្រង់ច្រើននាក់បានខំបញ្ចុះបញ្ចូលឲ្យមានសិស្សម្នាក់ដែរ ដែលពួកគេអាចបង្រៀនអំពីព្រះយេហូវ៉ានិងការថ្វាយបង្គំពិត ប៉ុន្តែពួកគេនៅតែអត់មាននៅឡើយ។ បើអ្នកស្ថិតក្នុងកាលៈទេសៈបែបនេះមែន ចូរព្យាយាមបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាថែមទៀត ព្រមទាំងយកចិត្តទុកដាក់ចំពោះមនុស្សដទៃ មានស្មារតីលះបង់និងចិត្តអត់ធ្មត់ ហើយខំបង្កើនសមត្ថភាពបង្រៀនដោយប៉ិនប្រសប់តទៅទៀត! សំខាន់បំផុត ចូរអធិស្ឋានចំពោះព្រះយេហូវ៉ាថា អ្នកប្រាថ្នាចង់បានសិស្សម្នាក់ដែលអ្នកអាចបង្រៀននូវសេចក្ដីពិតពីគម្ពីរ។ (សាស្ដា ១១:១) ទោះជាមានលទ្ធផលយ៉ាងណាក៏ដោយ ចូរជឿជាក់ថា កិច្ចការអ្វីក៏ដោយដែលអ្នកធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ា សុទ្ធតែគាំទ្រកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្សដែលលើកតម្កើងទ្រង់។
តើអ្នកអាចពន្យល់ទេ?
• តើសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងការបញ្ចុះបញ្ចូលឲ្យមានសិស្សទាក់ទងគ្នាយ៉ាងណា?
• តើអ្នកដែលបញ្ចុះបញ្ចូលឲ្យមានសិស្សចាំបាច់មានលក្ខណៈសម្បត្ដិអ្វីខ្លះ?
• តើការបង្រៀនដោយប៉ិនប្រសប់រួមបញ្ចូលអ្វីខ្លះ?
[រូបភាពនៅទំព័រ១៦]
ពេលគ្រិស្តសាសនិកខំបញ្ចុះបញ្ចូលឲ្យមានសិស្ស នេះបង្ហាញថាពួកគេស្រឡាញ់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត
[រូបភាពនៅទំព័រ១៨]
ម្ដេចក៏សំខាន់ម្ល៉េះឲ្យអ្នកដែលបញ្ចុះបញ្ចូលឲ្យមានសិស្សយកចិត្តទុកដាក់ចំពោះអ្នកដទៃ?
[រូបភាពនៅទំព័រ២០]
តើអ្នកដែលបញ្ចុះបញ្ចូលឲ្យមានសិស្សចាំបាច់មានលក្ខណៈសម្បត្ដិអ្វីខ្លះ?
[រូបភាពនៅទំព័រ២១]
គ្រិស្តសាសនិកទាំងឡាយមានអំណរ ពេលឃើញសិស្សថ្មីចាប់ផ្ដើមកាន់តាមព្រះយេស៊ូ