អត្ថបទសិក្សា ២៩
«ចូរទៅបង្រៀនមនុស្ស . . . ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
«ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»។—ម៉ាថ. ២៨:១៩
ចម្រៀងលេខ៦០ ចូរខំជួយគេឲ្យបានរួចជីវិត
សេចក្ដីសង្ខេបa
១-២. (ក) យោងទៅតាមបង្គាប់របស់លោកយេស៊ូនៅម៉ាថាយ ២៨:១៨-២០ តើអ្វីជាគោលដៅដ៏សំខាន់ចម្បងរបស់ក្រុមជំនុំគ្រិស្តសាសនិក? (ខ) ក្នុងអត្ថបទនេះ តើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វីខ្លះ?
ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានសុំពួកសាវ័កឲ្យមកជួបលោកនៅលើភ្នំមួយនាស្រុកកាលីឡេ។ ពួកសាវ័កប្រាកដជារំភើបចិត្តជាខ្លាំងពេលពួកគាត់ជួបជុំគ្នានៅទីនោះ។ (ម៉ាថ. ២៨:១៦) ប្រហែលនោះជាពេលដែល«លោកលេចមកជួបបងប្អូនជាងប្រាំរយនាក់នៅពេលតែមួយ»។ (១កូ. ១៥:៦) ហេតុអ្វីលោកយេស៊ូបានហៅពួកអ្នកកាន់តាមលោកឲ្យមកជួបលោកនៅទីនោះ? គឺដើម្បីឲ្យពួកគេនូវបង្គាប់មួយថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»។—សូមអាន ម៉ាថាយ ២៨:១៨-២០
២ ពួកអ្នកកាន់តាមដែលបានឮប្រសាសន៍របស់លោកយេស៊ូបានក្លាយទៅជាសមាជិកក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ គោលដៅដ៏សំខាន់ចម្បងរបស់ក្រុមជំនុំនោះ គឺធ្វើឲ្យមានពួកអ្នកកាន់តាមគ្រិស្តកាន់តែច្រើនឡើង។b សព្វថ្ងៃនេះ មានក្រុមជំនុំគ្រិស្តសាសនិកពិតរាប់ម៉ឺននៅទូទាំងពិភពលោក ហើយគោលដៅដ៏សំខាន់ចម្បងរបស់ក្រុមជំនុំទាំងនេះគឺដូចគ្នានឹងក្រុមជំនុំនាសតវត្សរ៍ទី១។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីសំណួរបួនដូចតទៅនេះ៖ ហេតុអ្វីការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគឺសំខាន់ម្ល៉េះ? តើនេះរួមបញ្ចូលអ្វី? តើគ្រិស្តសាសនិកទាំងអស់មានចំណែកក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូឬទេ? ហេតុអ្វីយើងត្រូវមានចិត្តអត់ធ្មត់ដើម្បីធ្វើកិច្ចការនេះ?
ហេតុអ្វីការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគឺសំខាន់ម្ល៉េះ?
៣. យោងទៅតាមយ៉ូហាន ១៤:៦ និង១៧:៣ ហេតុអ្វីកិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្តគឺសំខាន់ណាស់?
៣ ហេតុអ្វីកិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគឺសំខាន់ណាស់? ពីព្រោះមានតែអ្នកកាន់តាមគ្រិស្តប៉ុណ្ណោះដែលអាចធ្វើជាមិត្តសម្លាញ់របស់ព្រះ។ បន្ថែមទៅទៀត ពួកអ្នកដែលកាន់តាមគ្រិស្តមានជីវិតល្អប្រសើរជាងនៅឥឡូវនេះ ហើយមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់នៅពេលអនាគត។ (សូមអាន យ៉ូហាន ១៤:៦; ១៧:៣) លោកយេស៊ូពិតជាបានផ្ដល់ឲ្យយើងនូវភារកិច្ចដ៏សំខាន់ ប៉ុន្តែយើងមិនធ្វើកិច្ចការនេះដោយខ្លួនឯងទេ។ សាវ័កប៉ូលបានសរសេរអំពីខ្លួនគាត់និងមិត្តជិតស្និទ្ធរបស់គាត់ថា៖ «យើងជាអ្នករួមការងារជាមួយនឹងព្រះ»។ (១កូ. ៣:៩) នេះពិតជាឯកសិទ្ធិដ៏ធំមួយដែលព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តបានឲ្យដល់មនុស្សមិនល្អឥតខ្ចោះ!
៤. តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់បងអ៊ីវ៉ាននិងបងម៉ាធីលតី?
៤ កិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូអាចនាំឲ្យយើងមានអំណរក្រៃលែង។ សូមគិតអំពីបទពិសោធន៍របស់បងប្រុសអ៊ីវ៉ាន និងប្រពន្ធរបស់គាត់ឈ្មោះម៉ាធីលតីដែលរស់នៅប្រទេសកូឡុំប៊ី។ ពួកគាត់បានផ្សព្វផ្សាយដល់បុរសវ័យក្មេងម្នាក់ឈ្មោះដុវិយើដែលបានប្រាប់ពួកគាត់ថា៖ «ខ្ញុំចង់កែប្រែជីវិត តែខ្ញុំធ្វើមិនបានទេ»។ បងដុវិយើជាអ្នកប្រដាល់ ប្រើប្រាស់គ្រឿងញៀន ផឹកស្រាហួសប្រមាណ និងរស់នៅជាមួយនឹងសង្សាររបស់គាត់ឈ្មោះអ៊ីរីខា។ បងអ៊ីវ៉ានពន្យល់ថា៖ «យើងបានទៅភូមិដាច់ស្រយាលដែលគាត់រស់នៅដើម្បីបង្រៀនគម្ពីរដល់គាត់ ហើយនេះមានន័យថាយើងត្រូវជិះកង់អស់ជាច្រើនម៉ោងតាមផ្លូវដែលមានភក់។ ក្រោយពីបងអ៊ីរីខាបានឃើញបងដុវិយើកែប្រែចិត្តគំនិតនិងការប្រព្រឹត្តរបស់គាត់ បងអ៊ីរីខាក៏ចូលរួមក្នុងការសិក្សាគម្ពីរដែរ»។ យូរៗទៅ បងដុវិយើឈប់ប្រើគ្រឿងញៀន ឈប់ផឹកស្រាហួសប្រមាណ និងឈប់ពីការប្រដាល់។ គាត់ក៏បានរៀបការជាមួយនឹងបងអ៊ីរីខាដែរ។ បងម៉ាធីលតីនិយាយថា៖ «ពេលបងដុវិយើនិងបងអ៊ីរីខាបានទទួលការជ្រមុជទឹកនៅឆ្នាំ២០១៦ យើងបានចាំថាបងដុវិយើធ្លាប់និយាយថា ‹ខ្ញុំចង់កែប្រែជីវិត តែខ្ញុំធ្វើមិនបានទេ›។ យើងអរខ្លាំងណាស់ រហូតដល់ស្រក់ទឹកភ្នែក»។ យើងពិតជាមានអំណរយ៉ាងខ្លាំងពេលយើងជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។
តើការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្តរួមបញ្ចូលអ្វី?
៥. តើជំហានទី១ក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគឺជាអ្វី?
៥ ជំហានទី១ក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ គឺយើង«ស្វែងរក»មនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ។ (ម៉ាថាយ ១០:១១) យើងបង្ហាញថាយើងពិតជាសាក្សីព្រះយេហូវ៉ា ដោយផ្សព្វផ្សាយដល់មនុស្សទាំងអស់ដែលយើងជួប។ ម្យ៉ាងទៀត យើងបង្ហាញថាយើងជាគ្រិស្តសាសនិកពិតដោយធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យយើងផ្សព្វផ្សាយ។
៦. តើអ្វីអាចជួយយើងឲ្យមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ?
៦ មនុស្សខ្លះចង់រៀនសេចក្ដីពិតពីគម្ពីរ តែមនុស្សជាច្រើនដែលយើងជួបលើកដំបូងមើលទៅមិនសូវចាប់អារម្មណ៍ទេ។ យើងប្រហែលជាត្រូវលើកទឹកចិត្តពួកគេឲ្យចង់ដឹងថែមទៀត។ ដើម្បីមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ យើងត្រូវរៀបចំឲ្យបានល្អ។ សូមជ្រើសរើសប្រធានបទដែលទំនងជានឹងធ្វើឲ្យមនុស្សចាប់អារម្មណ៍។ បន្ទាប់មក សូមគិតអំពីរបៀបដែលអ្នកនឹងចាប់ផ្ដើមការសន្ទនាអំពីរឿងនោះ។
៧. តើអ្នកអាចចាប់ផ្ដើមការសន្ទនាយ៉ាងដូចម្ដេច? ហេតុអ្វីអ្នកគិតថាការស្ដាប់និងការបង្ហាញការគោរពគឺសំខាន់?
៧ ជាឧទាហរណ៍ អ្នកអាចសួរម្ចាស់ផ្ទះថា ‹ខ្ញុំសូមសួរមតិរបស់អ្នកអំពីរឿងមួយបានទេ? បញ្ហាជាច្រើនដែលយើងមាននៅសព្វថ្ងៃនេះ គឺដូចគ្នានឹងបញ្ហាដែលមនុស្សឯទៀតមាននៅទូទាំងពិភពលោក។ ដើម្បីដោះស្រាយបញ្ហារបស់ពិភពលោក តើអ្នកគិតថាយើងត្រូវការរដ្ឋាភិបាលតែមួយដែលអាចគ្រប់គ្រងលើពិភពលោកទាំងមូលឬទេ?›។ បន្ទាប់មក អ្នកអាចពិគ្រោះដានីយ៉ែល ២:៤៤ជាមួយនឹងគាត់។ ម្យ៉ាងទៀត អ្នកអាចនិយាយទៅកាន់បុគ្គលណាម្នាក់ថា ‹តើអ្នកគិតថាដើម្បីបង្រៀនកូនឲ្យមានសុជីវធម៌យើងគួរធ្វើអ្វី?›។ បន្ទាប់មកអ្នកអាចពិគ្រោះចោទិយកថា ៦:៦, ៧។ ទោះជាអ្នកពិគ្រោះអំពីប្រធានបទណាក៏ដោយ សូមគិតអំពីមនុស្សដែលអ្នកនឹងជួប។ សូមស្រមៃគិតអំពីប្រយោជន៍ដែលពួកគេនឹងទទួលពីការរៀនអំពីអ្វីដែលគម្ពីរពិតជាបង្រៀន។ ពេលនិយាយជាមួយនឹងពួកគេ គឺសំខាន់ដែលអ្នកស្ដាប់និងគោរពទស្សនៈរបស់ពួកគេ។ យ៉ាងនេះ អ្នកនឹងយល់អំពីគំនិតនិងអារម្មណ៍របស់ពួកគេច្រើនជាង ហើយពួកគេនឹងទំនងជាចង់ស្ដាប់អ្នកជាង។
៨. ហេតុអ្វីយើងត្រូវបន្តព្យាយាមធ្វើការត្រឡប់ទៅជួប?
៨ មុនបុគ្គលណាម្នាក់សម្រេចចិត្តសិក្សាគម្ពីរ អ្នកប្រហែលជាត្រូវចំណាយពេលនិងកម្លាំងដើម្បីធ្វើការត្រឡប់ទៅជួប។ ហេតុអ្វី? ពីព្រោះពេលដែលអ្នកទៅជួបពួកគេ ប្រហែលជាពួកគេមិននៅផ្ទះឬមិនអាចនិយាយជាមួយនឹងអ្នក។ ម្យ៉ាងទៀត មុនម្ចាស់ផ្ទះព្រមរៀនគម្ពីរជាមួយនឹងអ្នក អ្នកប្រហែលជាត្រូវត្រឡប់ទៅវិញប៉ុន្មានដង។ សូមចាំថា រុក្ខជាតិទំនងជាលូតលាស់កាលដែលគេស្រោចទឹកជារឿយៗ។ ស្រដៀងគ្នាដែរ សេចក្ដីស្រឡាញ់ដែលបុគ្គលណាម្នាក់មានចំពោះព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តទំនងជានឹងកើនឡើងពេលយើងពិភាក្សាអំពីបណ្ដាំរបស់ព្រះជារឿយៗជាមួយនឹងគាត់។
តើគ្រិស្តសាសនិកទាំងអស់មានចំណែកក្នុង ការជួយមនុស្សឲ្យទៅជាអ្នកកាន់តាម លោកយេស៊ូឬទេ?
សាក្សីព្រះយេហូវ៉ាទូទាំងពិភពលោកចូលរួមក្នុងកិច្ចការស្វែងរកមនុស្សដែលមានចិត្តស្មោះ (សូមមើលវគ្គ៩-១០)c
៩-១០. ហេតុអ្វីយើងអាចនិយាយថាអ្នកផ្សព្វផ្សាយម្នាក់ៗមានចំណែកក្នុងការស្វែងរកមនុស្សដែលមានចិត្តស្មោះ?
៩ គ្រិស្តសាសនិកទាំងឡាយដែលជាអ្នកផ្សព្វផ្សាយ ចូលរួមក្នុងការស្វែងរកមនុស្សដែលមានចិត្តស្មោះ។ យើងអាចប្រដូចកិច្ចការនេះទៅនឹងការស្វែងរកកូនក្មេងដែលវង្វេង។ តើតាមរបៀបណា? សូមគិតអំពីអ្វីដែលបានកើតឡើងក្នុងជីវិតពិតរបស់ក្មេងប្រុសម្នាក់ដែលមានអាយុបីឆ្នាំដែលបានវង្វេងបាត់ចេញពីផ្ទះ។ មនុស្សប្រហែលជា៥០០នាក់បានចូលរួមក្នុងការស្វែងរកក្មេងនោះ។ នៅទីបំផុត ប្រហែលជា២០ម៉ោងក្រោយពីគាត់បានបាត់ខ្លួន បុគ្គលម្នាក់បានរកឃើញក្មេងប្រុសនោះនៅចម្ការពោត។ បុគ្គលដែលបានរកឃើញក្មេងនោះ មិនចង់ទទួលការសរសើរពីអ្នកឯទៀតទេ។ គាត់និយាយថា៖ «ត្រូវមានមនុស្សរាប់រយនាក់ដើម្បីរកឃើញក្មេងនោះ»។
១០ មនុស្សជាច្រើនគឺដូចក្មេងដែលវង្វេងផ្លូវនោះ។ ពួកគេគ្មានសង្ឃឹម ហើយទទួលស្គាល់ថាខ្លួនត្រូវការជំនួយ។ (អេភ. ២:១២) សាក្សីព្រះយេហូវ៉ាជាង៨លាននាក់កំពុងរួមចំណែកក្នុងការស្វែងរកមនុស្សទាំងនោះ។ ប្រហែលជាអ្នកនឹងមិនជួបបុគ្គលណាម្នាក់ដែលចង់រៀនគម្ពីរជាមួយនឹងអ្នកទេ។ ប៉ុន្តែ អ្នកផ្សាយផ្សេងទៀតដែលផ្សព្វផ្សាយនៅតំបន់ផ្សាយរបស់អ្នក ប្រហែលជារកឃើញបុគ្គលដែលចង់រៀនសេចក្ដីពិតដែលមានក្នុងបណ្ដាំរបស់ព្រះ។ ពេលបងប្អូនរបស់យើងជួបបុគ្គលណាម្នាក់ដែលក្រោយមកក្លាយទៅជាអ្នកកាន់តាមគ្រិស្ត អស់អ្នកដែលបានរួមចំណែកក្នុងការស្វែងរកអ្នកដែលវង្វេងនោះ មានមូលហេតុដើម្បីអរសប្បាយ។
១១. ទោះជាអ្នកមិនមានសិស្សគម្ពីរក្ដី តើអ្នកអាចជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូតាមរបៀបអ្វីផ្សេងទៀត?
១១ ទោះជាអ្នកមិនមានសិស្សគម្ពីរនៅឥឡូវនេះក្ដី អ្នកអាចជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូតាមរបៀបផ្សេងទៀត។ ជាឧទាហរណ៍ អ្នកអាចស្វាគមន៍អ្នកថ្មីដែលមកសាលប្រជុំ ហើយជួយពួកគេ។ បើអ្នកបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបនេះ អ្នកអាចជួយពួកគេឲ្យឃើញថាយើងជាគ្រិស្តសាសនិកពិត។ (យ៉ូន. ១៣:៣៤, ៣៥) តាមរយៈចម្លើយរបស់អ្នកនៅកិច្ចប្រជុំ ទោះជាចម្លើយនោះគឺខ្លីក្ដី អ្នកអាចបង្រៀនបុគ្គលថ្មីឲ្យចេះប្រាប់អ្នកឯទៀតអំពីជំនឿរបស់ពួកគេដោយស្មោះអស់ពីចិត្តនិងតាមរបៀបដែលបង្ហាញការគោរព។ អ្នកក៏អាចផ្សព្វផ្សាយជាមួយនឹងអ្នកផ្សាយថ្មី ហើយជួយគាត់ឲ្យចេះប្រើបទគម្ពីរដើម្បីវែកញែកជាមួយនឹងអ្នកឯទៀត។ យ៉ាងនេះ អ្នកកំពុងបង្រៀនគាត់ឲ្យយកតម្រាប់គ្រិស្ត។—លូក. ១០:២៥-២៨
១២. តើយើងត្រូវមានសមត្ថភាពពិសេសដើម្បីជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូឬទេ? សូមពន្យល់។
១២ យើងមិនគួរគិតថាយើងត្រូវមានសមត្ថភាពពិសេសដើម្បីបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូទេ។ ហេតុអ្វី? សូមគិតអំពីបងស្រីហ្វូស្ទីណាដែលរស់នៅប្រទេសបូលីវី។ មុនគាត់ជួបសាក្សីព្រះយេហូវ៉ាគាត់មិនចេះអក្សរទេ តែតាំងពីពេលនោះមកគាត់បានរៀនអក្សរ ហើយឥឡូវចេះខ្លះៗ។ គាត់ក៏បានទទួលការជ្រមុជទឹក ហើយចូលចិត្តបង្រៀនអ្នកឯទៀត។ តាមធម្មតា គាត់បង្រៀនសិស្សគម្ពីរប្រាំនាក់រាល់សប្ដាហ៍។ ទោះជាបងហ្វូស្ទីណាមិនទាន់ចេះអានស្ទាត់ដូចសិស្សភាគច្រើនរបស់គាត់ក្ដី គាត់បានជួយបុគ្គល៦នាក់ឲ្យទទួលការជ្រមុជទឹក។—លូក. ១០:២១
១៣. ទោះជាយើងរវល់ខ្លាំងណាស់ក្ដី តើយើងអាចទទួលពរអ្វីខ្លះពីកិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ?
១៣ គ្រិស្តសាសនិកជាច្រើនជាប់រវល់ក្នុងការបំពេញភារកិច្ចសំខាន់ៗ។ ប៉ុន្តែ ពួកគេនៅតែលៃទុកពេលដើម្បីបង្រៀនគម្ពីរ ហើយពួកគេមានអំណរជាខ្លាំងពីកិច្ចការនេះ។ សូមគិតអំពីគំរូរបស់បងស្រីមេឡនី។ គាត់ជាស្ត្រីមេម៉ាយដែលត្រូវចិញ្ចឹមអប់រំកូនស្រីអាយុ៨ឆ្នាំនៅរដ្ឋអាឡាស្កា។ គាត់ក៏ធ្វើការពេញពេលនិងជួយថែទាំឪពុករបស់គាត់ដែលមានជំងឺមហារីក។ បងមេឡនីជាសាក្សីតែម្នាក់គត់ដែលរស់នៅក្រុងដាច់ស្រយាលមួយ។ ជារឿយៗ គាត់បានអធិដ្ឋានសុំកម្លាំងដើម្បីទៅផ្សព្វផ្សាយទោះជាអាកាសធាតុត្រជាក់ក្ដី ដោយសារគាត់ពិតជាចង់រកបុគ្គលដែលចង់រៀនគម្ពីរ។ ក្រោយមកគាត់បានជួបបងសារ៉ា។ បងសារ៉ារំភើបចិត្តពេលគាត់រៀនថាព្រះមានឈ្មោះ។ យូរៗទៅ បងសារ៉ាព្រមរៀនគម្ពីរ។ បងមេឡនីនិយាយថា៖ «តាមធម្មតានៅល្ងាចថ្ងៃសុក្រខ្ញុំអស់កម្លាំង ប៉ុន្តែខ្ញុំនិងកូនស្រីខ្ញុំបានបន្តទៅបង្រៀនបងសារ៉ា ហើយយើងទាំងពីរបានទទួលប្រយោជន៍។ យើងចូលចិត្តស្រាវជ្រាវរកចម្លើយចំពោះសំណួររបស់បងសារ៉ា ហើយសប្បាយចិត្តពេលឃើញគាត់ក្លាយទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា»។ ដោយចិត្តក្លាហាន បងសារ៉ាបានស៊ូទ្រាំនឹងការបៀតបៀន បានឈប់ធ្វើជាសមាជិកវិហារដែលគាត់ធ្លាប់ទៅ ហើយបានទទួលការជ្រមុជទឹក។
មូលហេតុដែលការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូតម្រូវឲ្យមានចិត្តអត់ធ្មត់
១៤. (ក) តើការនេសាទត្រីគឺស្រដៀងគ្នាយ៉ាងណានឹងការជួយមនុស្សឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូ? (ខ) តើពាក្យរបស់ប៉ូលនៅធីម៉ូថេទី២ ៤:១, ២មានឥទ្ធិពលយ៉ាងណាមកលើអ្នក?
១៤ ទោះជាអ្នកមិនទាន់បានជួបមនុស្សដែលចង់ទៅជាអ្នកកាន់តាមលោកយេស៊ូក្ដី សូមកុំឈប់ព្យាយាម។ សូមចាំថាលោកយេស៊ូបានប្រៀបប្រដូចកិច្ចការស្វែងរកមនុស្សដែលនឹងក្លាយទៅជាអ្នកកាន់តាមលោកទៅនឹងការនេសាទត្រី។ អ្នកនេសាទប្រហែលជាចំណាយពេលជាច្រើនម៉ោងមុនពួកគេចាប់ត្រីបាន។ ពួកគេច្រើនតែធ្វើកិច្ចការនោះនៅពេលយប់ជ្រៅឬពីព្រឹកព្រលឹម ហើយជួនកាលពួកគេត្រូវធ្វើដំណើរឆ្ងាយដែរ។ (លូក. ៥:៥) ស្រដៀងគ្នាដែរ ដោយចិត្តអត់ធ្មត់ អ្នកផ្សព្វផ្សាយខ្លះចំណាយពេលច្រើនម៉ោងក្នុងកិច្ចបម្រើផ្សាយ នៅពេលខុសៗគ្នានិងកន្លែងផ្សេងៗពីគ្នា។ ហេតុអ្វី? ដើម្បីជួបមនុស្សឲ្យកាន់តែច្រើន។ អ្នកផ្សាយដែលខំប្រឹងព្យាយាម ច្រើនតែទទួលពរដោយរកឃើញអ្នកដែលចាប់អារម្មណ៍នឹងដំណឹងដែលយើងផ្សព្វផ្សាយ។ តើអ្នកអាចផ្សព្វផ្សាយនៅម៉ោងឬនៅកន្លែងដែលអ្នកទំនងជានឹងជួបមនុស្សច្រើនជាងបានឬទេ?—សូមអាន ធីម៉ូថេទី២ ៤:១, ២
ដោយចិត្តអត់ធ្មត់ ចូរជួយសិស្សគម្ពីរឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ (សូមមើលវគ្គ១៥-១៦)d
១៥. ហេតុអ្វីការបង្រៀនគម្ពីរតម្រូវឲ្យយើងមានចិត្តអត់ធ្មត់?
១៥ ហេតុអ្វីការបង្រៀនគម្ពីរតម្រូវឲ្យយើងមានចិត្តអត់ធ្មត់? មូលហេតុមួយគឺដោយសារយើងមិនគ្រាន់តែត្រូវជួយសិស្សឲ្យស្គាល់និងស្រឡាញ់សេចក្ដីបង្រៀនក្នុងគម្ពីរប៉ុណ្ណោះទេ។ យើងក៏ត្រូវជួយគាត់ឲ្យស្គាល់និងស្រឡាញ់ព្រះយេហូវ៉ាដែលជាអ្នកនិពន្ធគម្ពីរ។ ម្យ៉ាងទៀត យើងមិនគ្រាន់តែបង្រៀនសិស្សអំពីអ្វីដែលលោកយេស៊ូតម្រូវពីអ្នកកាន់តាមលោកប៉ុណ្ណោះទេ យើងក៏ត្រូវជួយគាត់ឲ្យដឹងអំពីរបៀបដែលគាត់អាចរស់នៅជាគ្រិស្តសាសនិកពិត។ ដោយចិត្តអត់ធ្មត់ យើងត្រូវជួយគាត់កាលដែលគាត់ខំព្យាយាមធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិតរបស់គាត់។ សិស្សគម្ពីរខ្លះអាចផ្លាស់ប្ដូររបៀបគិតគូរនិងទម្លាប់របស់ពួកគេក្នុងប៉ុន្មានខែប៉ុណ្ណោះ រីឯសិស្សឯទៀតត្រូវការពេលយូរជាង។
១៦. តើអ្នកបានរៀនអ្វីពីបទពិសោធន៍របស់បងរ៉ាអ៊ូល?
១៦ បទពិសោធន៍របស់សាសនទូតម្នាក់នៅប្រទេសប៉េរូបង្ហាញអំពីប្រយោជន៍ដែលមកពីការមានចិត្តអត់ធ្មត់។ គាត់និយាយថា៖ «ខ្ញុំបានសិក្សាសៀវភៅពីរក្បាលជាមួយនឹងសិស្សគម្ពីរម្នាក់ឈ្មោះរ៉ាអ៊ូល។ ប៉ុន្តែ គាត់នៅតែមានបញ្ហាជាច្រើនក្នុងជីវិត។ គាត់តែងតែមានបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍ ប្រើពាក្យអសុរោះ និងកូនរបស់គាត់មិនគោរពគាត់ដោយសារការប្រព្រឹត្តមិនល្អរបស់គាត់។ ប៉ុន្តែ គាត់បានទៅប្រជុំជាទៀងទាត់ ដូច្នេះខ្ញុំបន្តទៅលេងគាត់ដើម្បីជួយគាត់និងក្រុមគ្រួសាររបស់គាត់។ ជាងបីឆ្នាំក្រោយពីខ្ញុំបានជួបគាត់លើកដំបូង គាត់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក»។
១៧. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៧ លោកយេស៊ូបានប្រាប់យើងថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»។ ដើម្បីបំពេញភារកិច្ចនោះ យើងច្រើនតែត្រូវនិយាយជាមួយនឹងមនុស្សដែលមានរបៀបគិតគូរខុសពីយើងឆ្ងាយណាស់ ហើយនេះរួមបញ្ចូលពួកអ្នកដែលមិនកាន់សាសនាណាមួយ ឬអ្នកដែលមិនជឿថាមានព្រះ។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចផ្សព្វផ្សាយដំណឹងល្អដល់មនុស្សបែបនេះ។
ចម្រៀងលេខ៦៨ ចូរសាបព្រោះគ្រាប់ពូជរាជាណាចក្រ
a គោលដៅដ៏សំខាន់ចម្បងរបស់ក្រុមជំនុំគ្រិស្តសាសនិកពិតគឺជួយអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។ អត្ថបទនេះមានយោបល់ដែលជួយយើងឲ្យសម្រេចគោលដៅរបស់យើង។
c ការពណ៌នាអំពីរូបភាព: បុរសម្នាក់ដែលធ្វើដំណើរទៅកន្លែងមួយដើម្បីសម្រាកលម្ហែកាយ ទទួលខិត្តប័ណ្ណពីសាក្សីព្រះយេហូវ៉ានៅអាកាសយានដ្ឋាន។ ក្រោយមកកាលដែលគាត់ដើរលេង គាត់ឃើញសាក្សីឯទៀតកំពុងផ្សព្វផ្សាយសាធារណៈ។ បន្ទាប់ពីគាត់ត្រឡប់មកផ្ទះវិញ អ្នកផ្សាយមកផ្ទះគាត់ដើម្បីផ្សព្វផ្សាយ។
d ការពណ៌នាអំពីរូបភាព: បុរសនោះចាប់ផ្ដើមរៀនគម្ពីរ។ ក្រោយមក គាត់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។