ចូរធ្វើតាមគំរូរបស់ព្រះយេស៊ូជាគ្រូដែលពូកែបញ្ចុះបញ្ចូលឲ្យមានសិស្ស
«ត្រូវឲ្យប្រយ័តដែលអ្នករាល់គ្នាឮជាយ៉ាងណា»។—លូកា ៨:១៨
១, ២. ម្ដេចក៏មានប្រយោជន៍ឲ្យយើងយកចិត្តទុកដាក់ពីរបៀបដែលព្រះយេស៊ូទាក់ទងនឹងមនុស្សក្នុងកិច្ចបម្រើផ្សាយរបស់ទ្រង់?
ព្រះយេស៊ូគ្រិស្តជាគ្រូដែលពូកែបង្រៀននិងបញ្ចុះបញ្ចូលឲ្យមានសិស្ស ហើយទ្រង់បានបង្គាប់សិស្សទ្រង់ឲ្យ‹ប្រយ័តនឹងឮជាយ៉ាងណា› ដែលមានន័យថា ពួកគេត្រូវតែចេះស្ដាប់ដោយយកចិត្តទុកដាក់។ (លូកា ៨:១៦-១៨) គោលការណ៍នេះក៏សំខាន់ណាស់ក្នុងកិច្ចបម្រើផ្សាយរបស់យើងជាគ្រិស្តសាសនិក។ បើយើងយកចិត្តទុកដាក់នឹងការណែនាំដែលទាក់ទងនឹងកិច្ចបម្រើព្រះយេហូវ៉ា យើងនឹងធ្វើតាមការណែនាំនោះ ហើយក្លាយទៅជាអ្នកដែលមានប្រសិទ្ធភាពក្នុងការប្រកាសសារអំពីរាជាណាចក្ររបស់ទ្រង់។ នៅសព្វថ្ងៃនេះ យើងមិនអាចឮសំឡេងរបស់ព្រះយេស៊ូក៏ពិតមែន តែយើងអាចអានកំណត់ហេតុក្នុងគម្ពីរអំពីទង្វើរបស់ទ្រង់ និងពំនោលរបស់ទ្រង់ទៅកាន់អ្នកដទៃ។ តើកំណត់ហេតុអំពីកិច្ចបម្រើផ្សាយរបស់ព្រះយេស៊ូបង្ហាញយ៉ាងណាអំពីរបៀបដែលទ្រង់ទាក់ទងនឹងមនុស្ស?
២ ព្រះយេស៊ូពូកែផ្សព្វផ្សាយដំណឹងល្អមែន ហើយទ្រង់ក៏ប្រសប់ក្នុងការបង្រៀននូវសេចក្ដីពិតពីគម្ពីរដែរ។ (លូកា ៨:១; យ៉ូហាន ៨:២៨) អស់អ្នកដែលធ្វើកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស ត្រូវតែផ្សព្វផ្សាយនិងចេះបង្រៀនផង។ ប៉ុន្តែ គ្រិស្តសាសនិកខ្លះដែលពូកែផ្សព្វផ្សាយ មិនសូវប្រសប់ក្នុងការបង្រៀនសិស្សដោយប្រសិទ្ធភាពទេ។ ការផ្សព្វផ្សាយតម្រូវឲ្យយើងប្រកាសសារមួយ ប៉ុន្តែតាមធម្មតា ការបង្រៀនមនុស្សអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់ តម្រូវឲ្យអ្នកដែលបញ្ចុះបញ្ចូលឲ្យមានសិស្សបង្កើតឲ្យមានមិត្តភាពជាមួយនឹងសិស្សរបស់ខ្លួន។ (ម៉ាថាយ ២៨:១៩, ២០) យើងអាចធ្វើដូច្នេះបាន ដោយធ្វើតាមគំរូរបស់ព្រះយេស៊ូគ្រិស្ត ជាគ្រូដែលពូកែបញ្ចុះបញ្ចូលឲ្យមានសិស្ស។—យ៉ូហាន ១៣:១៣
៣. ពេលយើងធ្វើតាមគំរូរបស់ព្រះយេស៊ូ តើនេះអាចមានឥទ្ធិពលយ៉ាងណាទៅលើសមត្ថភាពរបស់យើងក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស?
៣ ពេលយើងធ្វើតាមគំរូរបស់ព្រះយេស៊ូ ស្តីអំពីរបៀបដែលទ្រង់បានបង្រៀនមនុស្ស នេះបង្ហាញថាយើងកំពុងធ្វើតាមដំបូន្មានរបស់សាវ័កប៉ុលដែលដាស់តឿនថា៖ «ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង។ ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណាដែលគួរឆ្លើយដល់មនុស្សនិមួយៗ»។ (កូល៉ុស ៤:៥, ៦) ទោះបីជាយើងត្រូវតែព្យាយាមប្រឹងប្រែងបន្ដិច ដើម្បីធ្វើតាមគំរូរបស់ព្រះយេស៊ូក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្សក្ដី នេះនឹងជួយយើងឲ្យមានប្រសិទ្ធភាពច្រើនជាងក្នុងការបង្រៀនសិស្ស ពីព្រោះការធ្វើតាមគំរូរបស់ទ្រង់ជួយយើងឲ្យចេះ«ឆ្លើយដល់មនុស្សនិមួយៗ»ស្របទៅតាមកាលៈទេសៈរបស់ពួកគេរៀងៗខ្លួន។
ព្រះយេស៊ូចង់ដឹងទស្សនៈរបស់អ្នកដទៃ
៤. តើអ្វីបង្ហាញថា ព្រះយេស៊ូចេះស្ដាប់ដោយយកចិត្តទុកដាក់?
៤ តាំងពីតូចមក ព្រះយេស៊ូមានទម្លាប់ស្ដាប់ ហើយទ្រង់ក៏ពូកែជំរុញអ្នកដទៃឲ្យប្រាប់ពីទស្សនៈរបស់ខ្លួន។ ជាឧទាហរណ៍ ពេលព្រះយេស៊ូមានអាយុតែ១២ឆ្នាំប៉ុណ្ណោះ មាតាបិតាបានរកទ្រង់ឃើញនៅឯវិហារជាមួយនឹងពួកអាចារ្យ«កំពុងតែស្ដាប់ហើយនឹងសួរ»គ្រូទាំងនោះ។ (លូកា ២:៤៦) ព្រះយេស៊ូមិនបានចូលវិហារដើម្បីបង្អួតពីចំណេះរបស់ខ្លួនទេ។ ព្រះយេស៊ូបានចូលទៅក្នុងវិហារដើម្បីស្ដាប់គ្រូទាំងនោះ តែទ្រង់ក៏បានសួរសំណួរខ្លះៗដែរ។ ប្រហែលជាលក្ខណៈសម្បត្ដិមួយនេះ ពោលគឺ ទំនោរចិត្តចង់ស្ដាប់នោះ បាននាំឲ្យព្រះយេហូវ៉ានិងមនុស្សនានាគាប់ចិត្តនឹងទ្រង់។—លូកា ២:៥២
៥, ៦. តើមានឧទាហរណ៍អ្វីខ្លះដែលបង្ហាញឲ្យឃើញថា ព្រះយេស៊ូចង់ដឹងពីទស្សនៈរបស់សិស្សទ្រង់?
៥ ក្រោយព្រះយេស៊ូបានទទួលការជ្រមុជទឹកនិងបានតែងតាំងជាព្រះមេស្ស៊ី ទ្រង់នៅតែស្ដាប់អ្នកដទៃដោយព្រោះចង់ដឹងពីទស្សនៈរបស់ពួកគេ។ ពេលព្រះយេស៊ូបង្រៀនបណ្ដាជន ទ្រង់មិនពូកែនិយាយដល់ម្ល៉េះបានជាឥតចេះគិតដល់អ្នកស្ដាប់ឡើយ។ ជាញឹកញយនោះ ព្រះយេស៊ូបានផ្អាកបន្ដិច បានសួរអ្នកស្ដាប់ពីទស្សនៈរបស់ពួកគេ ហើយក៏ស្ដាប់ចម្លើយរបស់ពួកគេទៀត។ (ម៉ាថាយ ១៦:១៣-១៥) ជាឧទាហរណ៍ ក្រោយលោកឡាសារបានស្លាប់ ព្រះយេស៊ូមានប្រសាសន៍ទៅកាន់នាងម៉ាថាថា៖ «អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ»។ រួចមក ព្រះយេស៊ូសួរម៉ាថាថា៖ «នាងជឿសេចក្ដីនេះឬទេ?»។ បន្ទាប់មក ព្រះយេស៊ូច្បាស់ជាបានស្ដាប់ពេលម៉ាថាឆ្លើយថា៖ «ខ្ញុំម្ចាស់ជឿហើយ ថាទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ»។ (យ៉ូហាន ១១:២៦, ២៧) ព្រះយេស៊ូពិតជាសប្បាយចិត្តណាស់ ពេលឮម៉ាថាបង្ហាញពីជំនឿស៊ប់របស់នាងយ៉ាងនោះ!
៦ ពេលសិស្សច្រើននាក់របស់ព្រះយេស៊ូសម្រេចចិត្តឈប់កាន់តាមទ្រង់ទៀត ទ្រង់ក៏ចង់ដឹងពីទស្សនៈរបស់ពួកសាវ័ក។ ដូច្នេះ ព្រះយេស៊ូសួរពួកគាត់ថា៖ «អ្នករាល់គ្នាចង់ថយទៅដែរឬ?»។ ស៊ីម៉ូនពេត្រុសបានឆ្លើយតបថា៖ «ព្រះអម្ចាស់អើយ! តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ? គឺទ្រង់ហើយដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច។ យើងខ្ញុំក៏បានជឿហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត»។ (យ៉ូហាន ៦:៦៦-៦៩) ព្រះយេស៊ូប្រាកដជារំភើបចិត្តណាស់! ពេលឮពេត្រុសឆ្លើយយ៉ាងនោះ។ បើសិស្សរបស់យើងពោលពាក្យប្រហាក់ប្រហែលនឹងសម្ដីរបស់ពេត្រុស ដែលបញ្ជាក់ពីជំនឿរបស់ពួកគេទៅលើគម្ពីរ យើងក៏ពិតជានឹងមានចិត្តរីករាយដែរ។
ព្រះយេស៊ូឲ្យតម្លៃអ្នកដទៃពេលស្ដាប់គេនិយាយ
៧. ហេតុអ្វីបានជាជនជាតិសាម៉ារីច្រើននាក់ចាប់ផ្ដើមជឿទៅលើព្រះយេស៊ូ?
៧ មូលហេតុមួយទៀតដែលព្រះយេស៊ូមានប្រសិទ្ធភាពក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស គឺដោយសារទ្រង់យកចិត្តទុកដាក់ចំពោះមនុស្ស ហើយបានឲ្យតម្លៃចំពោះពួកគេ ពេលស្ដាប់ពួកគេនិយាយ។ ជាឧទាហរណ៍ មានពេលមួយដែលព្រះយេស៊ូបានផ្សព្វផ្សាយដល់ស្ត្រីជនជាតិសាម៉ារីម្នាក់ នៅឯអណ្ដូងរបស់លោកយ៉ាកុបក្បែរទីក្រុងស៊ូខារ។ ពេលនិយាយជាមួយស្ត្រីនោះ ព្រះយេស៊ូមិននិយាយរហូតទេ តែទ្រង់ក៏បានស្ដាប់ទស្សនៈរបស់នាងដែរ។ ពេលព្រះយេស៊ូកំពុងស្ដាប់នាង ទ្រង់កត់សម្គាល់ថា នាងមានចំណាប់អារម្មណ៍ចំពោះរឿងដែលទាក់ទងនឹងការថ្វាយបង្គំព្រះ។ ដូច្នេះ ព្រះយេស៊ូមានប្រសាសន៍ទៅកាន់នាងថា ព្រះយេហូវ៉ាកំពុងរកមនុស្សឲ្យថ្វាយបង្គំទ្រង់ដោយសេចក្ដីពិតនិងដោយមានការដឹកនាំពីវិញ្ញាណឬសកម្មពលរបស់ទ្រង់។ ព្រះយេស៊ូឲ្យតម្លៃចំពោះស្ត្រីនោះ ហើយក៏យកចិត្តទុកដាក់ចំពោះនាងដែរ។ ជាលទ្ធផល នាងបានប្រាប់អ្នកដទៃអំពីព្រះយេស៊ូ ហើយជនជាតិ‹សាម៉ារីជាច្រើននៅក្រុងនោះ បានជឿដល់ទ្រង់ដោយព្រោះពាក្យដែលស្ត្រីនោះ›ប្រាប់ដល់ពួកគេ។—យ៉ូហាន ៤:៥-២៩, ៣៩-៤២
៨. ដោយសារមនុស្សចូលចិត្តប្រាប់ពីទស្សនៈរបស់ខ្លួន តើនេះអាចជួយយើងឲ្យចាប់ផ្ដើមការសន្ទនាក្នុងកិច្ចការផ្សព្វផ្សាយយ៉ាងដូចម្ដេច?
៨ តាមធម្មតា មនុស្សចូលចិត្តប្រាប់ពីទស្សនៈរបស់ខ្លួន។ ជាឧទាហរណ៍ ពួកអ្នកនៅទីក្រុងអាថែនពីបុរាណចូលចិត្តចរចាគ្នា ព្រមទាំងស្ដាប់ទស្សនៈថ្មីផងដែរ។ អាស្រ័យហេតុនេះបានជាសុន្ទរកថាដែលសាវ័កប៉ុលថ្លែងនៅលើភ្នំអើរីយ៉ូសក្នុងទីក្រុងនោះ មានឥទ្ធិពលទៅលើពួកអ្នកស្ដាប់។ (កិច្ចការ ១៧:១៨-៣៤) នៅសព្វថ្ងៃនេះ ពេលដែលយើងចាប់ផ្ដើមនិយាយជាមួយនឹងម្ចាស់ផ្ទះម្នាក់ យើងប្រហែលជាអាចនិយាយថា «ខ្ញុំមកជួបលោក(ឬលោកស្រី)នៅថ្ងៃនេះ ពីព្រោះខ្ញុំចង់ដឹងថា តើលោក(ឬលោកស្រី)មានទស្សនៈយ៉ាងណាស្តីអំពី [ប្រធានណាមួយ]»។ រួចមក ចូរស្ដាប់ពេលគាត់ប្រាប់ពីទស្សនៈរបស់គាត់ ហើយក្រោយមកគប្បីឲ្យយើងនិយាយតទៅទៀតអំពីទស្សនៈរបស់គាត់ ឬមួយក៏សួរសំណួរបន្ថែមដែលទាក់ទងនឹងទស្សនៈនោះ។ ចុងបង្អស់ យើងអាចបង្ហាញបទគម្ពីរមួយឬពីរដែលទាក់ទងនឹងរឿងនោះដែរ។
ព្រះយេស៊ូតែងតែដឹងអំពីអ្វីដែលគួរនិយាយ
៩. តើព្រះយេស៊ូបានធ្វើអ្វី មុនពេលដែលទ្រង់«សំដែងពីគម្ពីរ»ឲ្យក្លេវប៉ាសនិងគូកនរបស់គាត់?
៩ ព្រះយេស៊ូប្រសប់និយាយ មិនដែលចេះទាល់ឡើយ។ ព្រះយេស៊ូមិនគ្រាន់តែពូកែស្ដាប់ទស្សនៈរបស់មនុស្សទេ តែទ្រង់ក៏អាចជ្រាបពីគំនិតរបស់ពួកគេផង ដូច្នេះទ្រង់តែងតែដឹងអំពីអ្វីដែលគួរនិយាយ។ (ម៉ាថាយ ៩:៤; ១២:២២-៣០; លូកា ៩:៤៦, ៤៧) ជាឧទាហរណ៍ មិនយូរប៉ុន្មានក្រោយព្រះយេស៊ូបានរស់ឡើងវិញ សិស្សពីរនាក់របស់ទ្រង់កំពុងធ្វើដំណើរពីក្រុងយេរូសាឡិមឆ្ពោះទៅភូមិអេម៉ោស។ កំណត់ហេតុក្នុងគម្ពីរចែងថា៖ «កាលគេកំពុងតែនិយាយគ្នាហើយរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមកយាងជាមួយនឹងគេដែរ តែភ្នែកគេត្រូវថ្ពឹនមិនឲ្យស្គាល់ទ្រង់ទេ។ ទ្រង់មានបន្ទូលទៅគេថា៖ ‹តើរឿងអ្វីដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅដោយមានមុខស្រងូតដូច្នេះ?›។ ឯម្នាក់ដែលឈ្មោះក្លេវប៉ាសគាត់ឆ្លើយថា៖ ‹តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី? បានជាមិនដឹងការដែលកើតមកនៅគ្រានេះ›។ ទ្រង់មានបន្ទូលថា៖ ‹តើការអ្វីហ្នឹង?›»។ រួចមក ព្រះយេស៊ូដែលជាគ្រូដ៏ពូកែបង្រៀននោះ បានស្ដាប់ពេលពួកគេរៀបរាប់ថា ព្រះយេស៊ូពីក្រុងណាសារ៉ែតបានបង្រៀនមនុស្ស ហើយបានធ្វើអព្ភូតហេតុផ្សេងៗ តែមានគេប្រហារជីវិតទ្រង់។ ប៉ុន្តែក្រោយមក អ្នកខ្លះក៏អះអាងថាព្រះយេស៊ូបានរស់ឡើងវិញ។ ព្រះយេស៊ូអនុញ្ញាតឲ្យក្លេវប៉ាសនិងគូកនរបស់គាត់និយាយឲ្យអស់ចិត្ត។ រួចមក ទ្រង់ពន្យល់អ្វីដែលពួកគាត់ត្រូវការឮនិងដឹងដោយ«សំដែងពីគម្ពីរ»។—លូកា ២៤:១៣-២៧, ៣២
១០. តើយើងអាចនិយាយយ៉ាងណា ដើម្បីជំរុញម្ចាស់ផ្ទះឲ្យប្រាប់ពីទស្សនៈរបស់គាត់ចំពោះរឿងសាសនា?
១០ ពេលទៅផ្សព្វផ្សាយ យើងប្រហែលជាមិនដឹងសោះថា ម្ចាស់ផ្ទះមានទស្សនៈយ៉ាងណាចំពោះរឿងសាសនាឡើយ។ ដូច្នេះ វិធីមួយដែលយើងអាចស្វែងយល់អំពីទស្សនៈរបស់គាត់ គឺដោយប្រាប់គាត់ថា យើងចង់ដឹងពីទស្សនៈរបស់អ្នកដទៃអំពីការបន់ព្រះ។ រួចមក យើងអាចសួរគាត់ថា «តើលោក(ឬលោកស្រី)គិតថា ពេលបន់ព្រះអង្គឲ្យជួយយើង តើមានព្រះណាដែលស្ដាប់យើងមែនឬ?»។ ចម្លើយរបស់គាត់អាចជួយយើងឲ្យយល់ច្រើនអំពីទស្សនៈរបស់គាត់ចំពោះរឿងសាសនា មិនថាគាត់កាន់សាសនាមួយណា ឬមិនមែនជាអ្នកជឿក្ដី។ បើគាត់ជឿថា មានព្រះដែលស្ដាប់យើងមែន យើងប្រហែលជាអាចសុំយោបល់គាត់បន្ថែមទៀត ដោយសួរថា «តើលោក(ឬលោកស្រី)គិតថា ព្រះអង្គតែងតែស្ដាប់យើង មិនថាយើងបន់ព្រះឲ្យជួយពីរឿងអ្វីក៏ដោយឬ? ឬមួយក៏ តើព្រះអង្គមិនពេញចិត្តចំពោះសំណូមពរអ្វីខ្លះ?»។ សំណួរបែបនេះប្រហែលជាអាចបណ្ដាលឲ្យមានការសន្ទនាជាមួយម្ចាស់ផ្ទះដោយឥតទើសទាល់។ បើមានឱកាស ប្រហែលជាយើងអាចបង្ហាញឲ្យគាត់មើលបទគម្ពីរមួយឬពីរ ដោយយោគយល់ចំពោះទស្សនៈរបស់គាត់ និងមិនមើលងាយជំនឿរបស់គាត់ឡើយ។ បើម្ចាស់ផ្ទះចូលចិត្តស្ដាប់សារដែលយើងផ្សាយនោះ គាត់មុខជានឹងស្វាគមន៍យើងនៅថ្ងៃក្រោយទៀត។ ប៉ុន្តែ ចុះយ៉ាងណាបើម្ចាស់ផ្ទះសួរសំណួរមួយដែលយើងអត់ចេះឆ្លើយ? យើងអាចសុំឱកាសដើម្បីស្រាវជ្រាវបន្ដិចសិន ហើយត្រឡប់ទៅជួបគាត់ម្ដងទៀត ក្រោយពីបានត្រៀមខ្លួនដើម្បីពន្យល់‹ដោយចិត្តសុភាព នូវមូលហេតុដែលយើងមានសេចក្ដីសង្ឃឹម›នេះ។—ពេត្រុសទី១ ៣:១៥
ព្រះយេស៊ូបង្រៀនមនុស្សដែលគួរទទួល
១១. តើយើងអាចរកមនុស្សដែលគួរនឹងរៀនយ៉ាងដូចម្ដេច?
១១ ដោយសារព្រះយេស៊ូជាមនុស្សល្អឥតខ្ចោះ ទ្រង់មានសមត្ថភាពសម្គាល់អស់អ្នកដែលគួរនឹងរៀន។ ចំពោះយើងវិញ គឺពិបាកជាងក្នុងការស្វែងរកអស់អ្នកដែល«ត្រូវបាន«[ឬ«សមទទួល»]ជីវិតអស់កល្បជានិច្ច»។ (កិច្ចការ ១៣:៤៨; ព.ថ.) សូម្បីតែចំពោះពួកសាវ័ករបស់ព្រះយេស៊ូ ក៏មិនជាការងាយស្រួលទេ ឲ្យពួកគាត់រកមនុស្សដែលគួរនឹងទទួលចំណេះពិត។ ព្រះយេស៊ូបានបង្គាប់ពួកគាត់ថា៖ ‹នៅក្រុងណាឬភូមិណាដែលអ្នករាល់គ្នាចូលទៅ នោះត្រូវរកអ្នកណាក្នុងទីនោះដែលគួរ›ទទួលចំណេះពិតពីគម្ពីរ។ (ម៉ាថាយ ១០:១១) ដូចពួកសាវ័ករបស់ព្រះយេស៊ូ យើងត្រូវតែខំរកជួបមនុស្សដែលសុខចិត្តស្ដាប់និងរៀននូវសេចក្ដីពិតពីគម្ពីរ។ យើងអាចរកមនុស្សដែលគួរទទួលចំណេះនេះបាន ដោយប្រុងស្ដាប់ ហើយយកចិត្តទុកដាក់នឹងទស្សនៈរបស់ពួកគេម្នាក់ៗរៀងៗខ្លួន។
១២. ពេលទៅជួបអ្នកចាប់អារម្មណ៍លើកក្រោយ តើអ្វីនឹងជួយយើងដើម្បីសម្រេចចិត្តអំពីអ្វីដែលយើងគួរបង្រៀនដល់គាត់?
១២ ពេលលាចេញពីមនុស្សម្នាក់ដែលមានចំណាប់អារម្មណ៍ទៅលើសារអំពីរាជាណាចក្ររបស់ព្រះ យកល្អឲ្យយើងគិតមិនឈប់ពីអ្វីដែលគាត់ត្រូវតែរៀនពីគម្ពីរតទៅទៀត។ ក្រោយបានពិភាក្សាជាមួយមនុស្សម្នាក់អំពីដំណឹងល្អក្នុងគម្ពីរ គប្បីឲ្យយើងកត់កំណត់ខ្លះៗ ពីអ្វីដែលយើងដឹងអំពីអ្នកនោះ ពីព្រោះនេះអាចជួយយើងឲ្យរកចំណុចផ្សេងទៀតដែលគួរនឹងបង្រៀនគាត់នៅថ្ងៃក្រោយ។ ពេលត្រឡប់ទៅជួបអ្នកដែលចាប់អារម្មណ៍ យើងគួរស្ដាប់គាត់ដោយយកចិត្តទុកដាក់ដើម្បីឲ្យបានដឹងច្រើនថែមទៀតអំពីទស្សនៈ ជំនឿនិងកាលៈទេសៈក្នុងជីវិតគាត់។
១៣. តើយើងអាចនិយាយយ៉ាងណា ដើម្បីដឹងអំពីទស្សនៈរបស់មនុស្សចំពោះគម្ពីរ?
១៣ តើយើងអាចនិយាយយ៉ាងណា ដើម្បីជំរុញមនុស្សឲ្យប្រាប់ពីទស្សនៈរបស់ខ្លួនស្តីអំពីបណ្ដាំរបស់ព្រះយេហូវ៉ា? នៅតំបន់ខ្លះ អ្នកផ្សព្វផ្សាយអាចធ្វើដូច្នេះបាន ដោយសួរថា «តើលោក(ឬលោកស្រី)ធ្លាប់រៀនគម្ពីរនេះទេ?»។ ចម្លើយរបស់គាត់អាចបង្ហាញថា គាត់ចាប់អារម្មណ៍ចំពោះរឿងព្រះ ឬមិនរវល់នឹងរឿងសាសនាទេ។ វិធីមួយទៀត គឺដោយអានបទគម្ពីរមួយ រួចមកសួរថា «តើលោក(ឬលោកស្រី)គិតយ៉ាងម៉េចដែរ?»។ ពេលយើងធ្វើតាមគំរូរបស់ព្រះយេស៊ូដោយសួរសំណួរល្អៗ យើងក៏អាចមានជោគជ័យក្នុងកិច្ចបម្រើផ្សាយរបស់យើងដែរ។ ប៉ុន្តែ សូមប្រុងប្រយ័ត្នបន្ដិច!
ព្រះយេស៊ូប្រសប់សួរសំណួរ
១៤. តើយើងអាចបង្ហាញយ៉ាងណាថាយើងចង់ដឹងពីទស្សនៈរបស់មនុស្ស ដោយមិនធ្វើហាក់ដូចជាសួរដើម្បីចាប់កំហុស?
១៤ យើងចង់ឲ្យមនុស្សដឹងថា យើងចាប់អារម្មណ៍ចំពោះទស្សនៈរបស់ពួកគេមែន ប៉ុន្តែយើងក៏មិនចង់សួរសំណួរដែលនាំឲ្យពួកគេខ្មាសឡើយ។ ក្នុងករណីនេះ ចូរធ្វើតាមគំរូរបស់ព្រះយេស៊ូចុះ! ព្រះយេស៊ូមិនបានសួរចម្លើយហាក់ដូចជារកកំហុសគេទេ តែទ្រង់បានសួរសំណួរដែលជំរុញឲ្យអ្នកស្ដាប់គិតវែងឆ្ងាយវិញ។ ព្រះយេស៊ូក៏បានអនុគ្រោះចំពោះមនុស្សដែលមានចិត្តស្មោះត្រង់ដោយយកចិត្តទុកដាក់ស្ដាប់ពួកគេ ហើយពួកគេក៏មិនទើសទាល់សោះឡើយ ពេលនិយាយជាមួយនឹងទ្រង់។ (ម៉ាថាយ ១១:២៨) មនុស្សគ្រប់បែបយ៉ាងមានអារម្មណ៍ស្រួលក្នុងការជម្រាបព្រះយេស៊ូពីកង្វល់របស់ខ្លួន។ (ម៉ាកុស ១:៤០; ៥:៣៥, ៣៦; ១០:១៣, ១៧, ៤៦, ៤៧) បើយើងចង់ឲ្យមនុស្សប្រាប់ពីទស្សនៈរបស់ពួកគេដោយឥតលាក់លៀម ស្តីអំពីគម្ពីរនិងសេចក្ដីបង្រៀនក្នុងគម្ពីរ កុំឲ្យយើងសួរហាក់ដូចជាចង់ចាប់កំហុសគេឡើយ។
១៥, ១៦. តើយើងអាចទាក់ចិត្តទាញអារម្មណ៍របស់មនុស្សឲ្យចង់ពិភាក្សាអំពីរឿងសាសនាដោយរបៀបណា?
១៥ ក្រៅពីសួរសំណួរល្អៗនោះ យើងក៏អាចជំរុញមនុស្សឲ្យប្រាប់ពីទស្សនៈរបស់ខ្លួនដោយលើកចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយចាំស្ដាប់ពេលគាត់និយាយតបមកវិញ។ ជាឧទាហរណ៍ ព្រះយេស៊ូមានប្រសាសន៍ទៅកាន់លោកនីកូដេមថា៖ «បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ»។ (យ៉ូហាន ៣:៣) ពាក្យទាំងនោះធ្វើឲ្យនីកូដេមឆ្ងល់ណាស់ ដល់ម្ល៉េះបានជាគាត់ទប់មាត់មិនបាន ហើយបានសួរព្រះយេស៊ូពីអត្ថន័យ ព្រមទាំងស្ដាប់ទ្រង់ឆ្លើយផង។ (យ៉ូហាន ៣:៤-២០) ប្រហែលជាយើងអាចជំរុញចិត្តមនុស្សឲ្យចង់ពិភាក្សាជាមួយនឹងយើងដោយវិធីនេះដែរ។
១៦ សព្វថ្ងៃនេះ មនុស្សជាច្រើននៅទ្វីបអាហ្វ្រិក ទ្វីបអឺរ៉ុបនិងទ្វីបអាម៉េរិកខាងត្បូង ចេះតែឆ្ងល់អំពីសាសនាថ្មីៗច្រើនបែបច្រើនយ៉ាងដែលបានផុសឡើងក្នុងប្រទេសរបស់ពួកគេ។ ក្នុងតំបន់ដែលមានស្ថានការណ៍បែបនោះ យើងអាចចាប់ផ្ដើមដោយនិយាយថា «ខ្ញុំខ្វល់ខ្វាយណាស់! ពេលឃើញសាសនាថ្មីៗផុសឡើងច្រើនដូចនេះ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែជឿថា បន្ដិចទៀតមនុស្សគ្រប់ជនជាតិនឹងមានសាមគ្គីភាពក្នុងការថ្វាយបង្គំ។ បើអាចមានអ៊ីចឹងមែន តើលោក(ឬលោកស្រី)ពេញចិត្តដែរឬទេ?»។ ពេលយើងនិយាយអំពីជំនឿរបស់យើងដែលប្លែកពីធម្មតាបន្ដិច នេះប្រហែលជាជំរុញអ្នកដទៃឲ្យប្រាប់ពីទស្សនៈរបស់ពួកគេវិញ។ ណាមួយទៀត មនុស្សប្រហែលជារឹតតែហ៊ានឆ្លើយ បើយើងសួរសំណួរដែលគេអាចបដិសេធក៏បាន យល់ព្រមក៏បាន។ (ម៉ាថាយ ១៧:២៥) ក្រោយម្ចាស់ផ្ទះប្រាប់ពីទស្សនៈរបស់គាត់ផ្ទាល់ យើងអាចពន្យល់ពីហេតុដែលយើងមានជំនឿនេះ ដោយបង្ហាញបទគម្ពីរមួយឬពីរដល់គាត់។ (អេសាយ ១១:៩; សេផានា ៣:៩) ពេលដែលយើងស្ដាប់អ្នកដទៃដោយយកចិត្តទុកដាក់ ព្រមទាំងទទួលស្គាល់ទស្សនៈរបស់ពួកគេ នេះអាចជួយយើងឲ្យជ្រើសរើសប្រធានមួយដែលគួរនឹងពិភាក្សាជាមួយនឹងគាត់នៅពេលក្រោយ។
ព្រះយេស៊ូក៏ស្ដាប់ក្មេងៗដែរ
១៧. តើមានភ័ស្តុតាងអ្វីដែលបង្ហាញថាព្រះយេស៊ូយកចិត្តទុកដាក់ចំពោះក្មេងៗ?
១៧ ព្រះយេស៊ូមិនគ្រាន់តែយកចិត្តទុកដាក់ចំពោះមនុស្សពេញវ័យប៉ុណ្ណោះទេ តែទ្រង់ក៏ស្រឡាញ់ក្មេងៗដែរ។ ព្រះយេស៊ូជ្រាបអំពីការប្រឡែងលេងរបស់ក្មេងៗ និងពាក្យសម្ដីរបស់ពួកគេផង។ ជួនកាលព្រះយេស៊ូបានអញ្ជើញក្មេងៗឲ្យមកឯទ្រង់។ (លូកា ៧:៣១, ៣២; ១៨:១៥-១៧) មនុស្សមួយក្រុមធំដែលនាំគ្នាមកស្ដាប់ព្រះយេស៊ូ ក៏រួមបញ្ចូលកូនក្មេងដែរ។ ពេលកូនក្មេងបានស្រែកសរសើរព្រះមេស្ស៊ី ព្រះយេស៊ូកត់សម្គាល់ពាក្យរបស់ពួកគេ ថែមទាំងបញ្ជាក់ថាមានទំនាយក្នុងគម្ពីរអំពីព្រឹត្ដិការណ៍នោះ។ (ម៉ាថាយ ១៤:២១; ១៥:៣៨; ២១:១៥, ១៦) នៅសព្វថ្ងៃនេះ ក្មេងៗជាច្រើននាក់កំពុងកាន់តាមព្រះយេស៊ូ។ ដូច្នេះ តើយើងអាចជួយក្មេងៗទាំងឡាយដោយរបៀបណា?
១៨, ១៩. តើយើងអាចជួយកូនៗឲ្យធ្វើជាសិស្សរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
១៨ បើយើងចង់ជួយកូនៗឲ្យធ្វើជាសិស្សរបស់ព្រះយេស៊ូ យើងត្រូវតែស្ដាប់ពួកគេដែរ។ គប្បីឲ្យយើងខំស្វែងយល់ថា តើកូនមានចិត្តគំនិតបែបណាដែលមិនសមស្របនឹងទស្សនៈរបស់ព្រះយេហូវ៉ា? ទោះជាកូននិយាយយ៉ាងណាក៏ដោយ យកល្អឲ្យយើងរកហេតុសរសើរពួកគេជាមុនសិន។ រួចមក យើងអាចជ្រើសរើសបទគម្ពីរដែលនឹងជួយកូនឲ្យយល់ពីទស្សនៈរបស់ព្រះយេហូវ៉ា។
១៩ សំណួរអាចជួយយើងឲ្យយល់ខ្លះៗអំពីទស្សនៈរបស់កូនៗ។ ប៉ុន្តែ ដូចមនុស្សពេញវ័យដែរ ក្មេងៗមិនចូលចិត្តឲ្យយើងសួរចម្លើយហាក់ដូចជាចង់ចាប់កំហុសគេទេ។ ជាជាងបង្ខំកូនៗឲ្យឆ្លើយសំណួរដ៏ពិបាក យកល្អឲ្យយើងប្រាប់ចំណុចមួយអំពីខ្លួនយើងសិន ហើយយោងទៅតាមសាច់រឿងដែលយើងកំពុងពិភាក្សានោះ ប្រហែលជាយើងអាចប្រាប់កូនថា ពីមុនយើងក៏មានអារម្មណ៍យ៉ាងនេះឬយ៉ាងនោះដែរ។ រួចមក យើងអាចពន្យល់ពីមូលហេតុដែលយើងមានគំនិតបែបនោះ។ បន្ទាប់មក យើងអាចសួរកូនថា «តើកូនមានអារម្មណ៍អ៊ីចឹងដែរឬ?»។ ចម្លើយរបស់កូនអាចផ្ដល់ឱកាសដើម្បីពិនិត្យមើលបទគម្ពីរខ្លះៗជាមួយគ្នា និងលើកទឹកចិត្តហើយជួយកូនផង។
កុំអាក់ខានធ្វើតាមគំរូរបស់ព្រះយេស៊ូ ជាគ្រូដែលពូកែបញ្ចុះបញ្ចូលឲ្យមានសិស្ស
២០, ២១. ពេលធ្វើកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងចេះស្ដាប់ពេលម្ចាស់ផ្ទះនិយាយ?
២០ មិនថាយើងកំពុងពិភាក្សាជាមួយនឹងកូនរបស់យើង ឬជាមួយអ្នកដទៃក្ដី គឺចាំបាច់ណាស់ដែលយើងស្ដាប់ដោយយកចិត្តទុកដាក់ពេលពួកគេនិយាយ។ នេះហើយជាវិធីមួយដែលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដទៃ។ ពេលស្ដាប់គេ យើងបង្ហាញថាយើងមានចិត្តរាបទាប ហើយក៏ឲ្យតម្លៃនិងលើកកិត្ដិយសដល់ពួកគេផង។ ពិតណាស់! ការស្ដាប់អ្នកដទៃតម្រូវឲ្យយើងយកចិត្តទុកដាក់នឹងទស្សនៈរបស់ពួកគេ។
២១ ពេលធ្វើកិច្ចបម្រើផ្សាយរបស់យើង ចូរឲ្យយើងស្ដាប់ម្ចាស់ផ្ទះដោយយកចិត្តទុកដាក់ចុះ! បើយើងប្រុងស្ដាប់ទស្សនៈរបស់គាត់ នេះនឹងជួយយើងឲ្យជ្រើសរើសប្រធានបទពីគម្ពីរដែលត្រូវចិត្តគាត់។ រួចមក បើមានបំណងចង់ជួយគាត់ ចូរបង្រៀនគាត់ឲ្យដូចព្រះយេស៊ូបង្រៀនដោយប្រើវិធីផ្សេងៗ។ ពេលធ្វើដូច្នេះ យើងនឹងមានអំណរហើយស្កប់ចិត្តផង ពីព្រោះយើងកំពុងធ្វើតាមគំរូរបស់ព្រះយេស៊ូ ជាគ្រូដែលពូកែបញ្ចុះបញ្ចូលឲ្យមានសិស្ស។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើព្រះយេស៊ូបានធ្វើអ្វីដើម្បីជំរុញមនុស្សឲ្យប្រាប់ពីទស្សនៈរបស់ពួកគេ?
• ហេតុអ្វីបានជាព្រះយេស៊ូស្ដាប់ទស្សនៈរបស់ពួកអ្នកដែលទ្រង់បង្រៀន?
• ក្នុងកិច្ចបម្រើផ្សាយរបស់យើង តើយើងអាចប្រើសំណួរយ៉ាងដូចម្ដេច?
• តើយើងអាចជួយក្មេងៗឲ្យធ្វើជាសិស្សរបស់ព្រះយេស៊ូដោយរបៀបណា?
[រូបភាពនៅទំព័រ២៤]
ពេលផ្សព្វផ្សាយ ចូរយកចិត្តទុកដាក់ស្ដាប់ទស្សនៈរបស់ម្ចាស់ផ្ទះចុះ!
[រូបភាពនៅទំព័រ២៦]
ពេលជួយក្មេងៗឲ្យធ្វើជាសិស្សរបស់ព្រះយេស៊ូ នោះយើងកំពុងធ្វើតាមគំរូរបស់ទ្រង់