ទប់ស្កាត់សង្គ្រាមយ៉ាងដូចម្ដេច?
«ជនជាតិនោះចាត់ទុកការសម្លាប់មនុស្សជាអំពើអាក្រក់យង់ឃ្នង។ ដូច្នេះ ពួកគេមិនយល់នូវមូលហេតុដែលមនុស្សអាចធ្វើសង្គ្រាម ហើយពួកគេក៏ស្អប់សង្គ្រាមណាស់! ក្នុងភាសារបស់គេ គ្មានពាក្យអ្វីដែលអាចពណ៌នាពីសង្គ្រាមបានឡើយ»។—នេះជារបៀបដែលជនជាតិណរវែសម្នាក់ (ឈ្មោះFRIDTJOF NANSEN) បានពិពណ៌នាអំពីអ្នកស្រុកដើម (ជនជាតិINUIT) ពេលគាត់ទៅស្រាវជ្រាវនៅប្រទេសក្រូអិនឡិន (GREENLAND) នាឆ្នាំ១៨៨៨។
មនុស្សណាក៏ចង់រស់នៅជាមួយអ្នកឯទៀតដែល‹ចាត់ទុកការសម្លាប់មនុស្សជាអំពើអាក្រក់យង់ឃ្នង ហើយស្អប់សង្គ្រាមណាស់!› មែនទេ? អ្នកណាក៏ចង់រស់នៅក្នុងចំណោមមនុស្សដែលក្នុងភាសារបស់ខ្លួន គ្មានពាក្យអ្វីដែលអាចពណ៌នាពីសង្គ្រាមបាន ពីព្រោះគ្មាននរណាធ្វើសង្គ្រាម មែនទេ? បើពឹងទៅលើមនុស្សដើម្បីរៀបចំឲ្យមានស្ថានភាពបែបនេះ គ្មាននរណាជឿថា អាចមានសង្គមមនុស្សបែបនោះឡើយ។
ប៉ុន្តែ សៀវភៅអេសាយក្នុងគម្ពីរបរិសុទ្ធមានទំនាយមួយដែលជាសេចក្ដីសន្យារបស់ព្រះ ថាលោកនឹងរៀបចំឲ្យមានស្ថានភាពបែបនេះមែន! បទទំនាយក្នុងសៀវភៅអេសាយចែងថា៖ «[ព្រះ]នឹងវិនិច្ឆ័យរវាងអស់ទាំងនគរ ហើយនឹងសំរេចរឿងដល់សាសន៍ជាច្រើន នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ។ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»។—អេសាយ ២:៤
សេចក្ដីសន្យានោះមិនងាយសម្រេចបានទេ ពីព្រោះសព្វថ្ងៃមានទាហានជាង២០លាននាក់នៅទូទាំងពិភពលោក កំពុងច្បាំងគ្នានៅឯសមរភូមិដែលមានចំនួនដល់ទៅ២០កន្លែងឯណោះ។ អាស្រ័យហេតុនេះ ព្រះយេហូវ៉ាដ៏ជាព្រះដែលមានអំណាចខ្លាំងក្លាបំផុត លោកត្រូវតែចាត់វិធានការនិងធ្វើអន្តរាគមន៍ដើម្បីជួយមនុស្សជាតិ។ ក្នុងគម្ពីរបរិសុទ្ធ អន្តរាគមន៍ដែលព្រះយេហូវ៉ានឹងធ្វើនោះ មានឈ្មោះហៅថា សង្គ្រាមអើម៉ាគេដូន។—វិវរណៈ ១៦:១៤, ១៦
ពេលថ្មីៗនេះ មនុស្សជាច្រើនយកពាក្យ«អើម៉ាគេដូន»មកបកស្រាយថា សំដៅទៅលើសង្គ្រាមនុយក្លេអ៊ែរដែលគេជឿថានឹងផ្ទុះឡើងនៅទូទាំងពិភពលោក។ ប៉ុន្តែ វចនានុក្រមមួយបកស្រាយន័យពាក្យ«អើម៉ាគេដូន»ថា ច្រើនតែសំដៅទៅលើ«ទីកន្លែងដែលនឹងមានសង្គ្រាមផ្ដាច់ព្រ័ត្ររវាងពួកល្អនិងពួកអាក្រក់»។ តើពួកល្អអាចឈ្នះលើពួកអាក្រក់បានទេ? ឬមួយក៏ តើនេះគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ?
ក្នុងករណីនេះ អ្វីដែលចែងទុកក្នុងគម្ពីរពិតជាលើកទឹកចិត្តយើងមែន! ពីព្រោះមានបទគម្ពីរជាច្រើនដែលសំដៅទៅលើទីបញ្ចប់នៃអំពើអាក្រក់។ ជាឧទាហរណ៍ អ្នកតែងសៀវភៅទំនុកដំកើងបានសរសេរទំនាយដែលថា៖ «ពួកអ្នកមានបាប[នឹង]សូន្យចេញពីផែនដីទៅ ហើយ[មិន]មានមនុស្សអាក្រក់នៅសល់ឡើយ»។ (ទំនុកដំកើង ១០៤:៣៥) សៀវភៅសុភាសិតក៏ចែងថា៖ «មនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ»។—សុភាសិត ២:២១, ២២
យ៉ាងណាក៏ដោយ ព័ត៌មានក្នុងគម្ពីរបញ្ជាក់ថា មនុស្សអាក្រក់នឹងមិនសុខចិត្តចុះចាញ់នឹងព្រះយ៉ាងស្រួលៗឡើយ។ (ទំនុកដំកើង ២:២) ដូច្នេះ ព្រះយេហូវ៉ាត្រូវតែធ្វើសង្គ្រាមផ្ដាច់ព្រ័ត្រដើម្បីដកចេញអំពើអាក្រក់ជួជាតិទាំងអស់ ព្រមទាំងទប់ស្កាត់សង្គ្រាមផង មួយដងជាសម្រេច។ ក្នុងគម្ពីរ សង្គ្រាមនោះមានឈ្មោះថា អើម៉ាគេដូន ហើយឈ្មោះនោះមានន័យសំខាន់ណាស់!
ច្រកភ្នំមេគីដោ សមរភូមិក្ដៅ
ពាក្យ«អើម៉ាគេដូន»មានន័យថា «ភ្នំមេគីដោ»។ តាំងពីបុរាណ ទីក្រុងនៅលើភ្នំមេគីដោ ព្រមទាំងវាលរាបចន្លោះភ្នំនោះនិងវាលរាបនាជើងភ្នំយេសរាលដែលស្ថិតក្បែរៗនោះ ធ្លាប់ជាសមរភូមិក្ដៅ។ អ្នកប្រវត្ដិវិទូម្នាក់បានសរសេរអំពីចម្បាំងនានានៅឯច្រកភ្នំមេគីដោថា៖ «ទូទាំងប្រវត្ដិសាស្ត្រ វាលរាបចន្លោះភ្នំមេគីដោនិងភ្នំយេសរាលធ្លាប់ជាសមរភូមិដ៏សំខាន់ ដែលជះឥទ្ធិពលទៅលើអរិយធម៌របស់មនុស្សជាតិ» (សៀវភៅ The Battles of Armageddon របស់លោកEric H. Cline)។
ដូចអ្នកប្រវត្ដិវិទូនោះបានបញ្ជាក់ ចម្បាំងនៅជើងភ្នំមេគីដោច្រើនតែជាសង្គ្រាមផ្ដាច់ព្រ័ត្រ។ ជាឧទាហរណ៍ ទោះជាកងទ័ពជនជាតិម៉ុងកូលដែលបានចូលមកកាន់កាប់ភូមិភាគអាស៊ីយូរឆ្នាំក្ដី នៅឆ្នាំ១២៦០ ពួកគេបានទទួលបរាជ័យជាលើកទី១នៅឯជើងភ្នំមេគីដោនោះ។ មួយទៀត ក្នុងអំឡុងសង្គ្រាមលោកលើកទី១ កងទ័ពជនជាតិអង់គ្លេស (ក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍ឈ្មោះEdmund Allenby) បានឈ្នះលើពលទ័ពជនជាតិតួគីនៅជិតភ្នំមេគីដោដែរ។ អ្នកប្រវត្ដិវិទូម្នាក់ខាងយោធសាស្ត្របានពិពណ៌នាអំពីជ័យជម្នះដែលគេមាននៅពេលនោះថា៖ «ក្នុងប្រវត្ដិសាស្ត្រនៃសង្គ្រាម សមរភូមិនោះជាសមរភូមិដែលគេឆាប់បានដឹងថាឈ្នះឬចាញ់ ហើយជាការប្រយុទ្ធផ្ដាច់ព្រ័ត្រ»។
ស្របទៅតាមប្រវត្ដិសាស្ត្រក្នុងគម្ពីរ នៅសម័យដើម ការប្រយុទ្ធផ្ដាច់ព្រ័ត្រក៏បានធ្វើនៅជើងភ្នំមេគីដោដែរ។ គឺនៅទីនោះដែលចៅហ្វាយម្នាក់របស់ជនជាតិអ៊ីស្រាអែល ឈ្មោះបារ៉ាក បានឈ្នះលើពលទ័ពជនជាតិកាណានក្រោមការដឹកនាំរបស់មេទ័ពឈ្មោះស៊ីសេរ៉ា។ (ពួកចៅហ្វាយ ៤:១៤-១៦; ៥:១៩-២១) នៅក្បែរភ្នំមេគីដោ ចៅហ្វាយម្នាក់ទៀតរបស់ជនជាតិអ៊ីស្រាអែល ឈ្មោះគេឌាន ដែលមានទ័ពចំនួនតែ៣០០នាក់ប៉ុណ្ណោះ ក៏បានឈ្នះលើពលទ័ពធំសម្បើមរបស់ជនជាតិម៉ាឌាន។ (ពួកចៅហ្វាយ ៧:១៩-២២) ស្តេចមួយអង្គរបស់ពួកអ៊ីស្រាអែល ឈ្មោះសូល និងបុត្ររបស់លោកឈ្មោះយ៉ូណាថាន បានទទួលមរណភាពនៅលើភ្នំគីលបោដែលនៅជិតភ្នំមេគីដោនោះ ពេលពលទ័ពជនជាតិភីលីស្ទីនបានឈ្នះលើកងទ័ពអ៊ីស្រាអែល។—សាំយូអែលទី១ ៣១:១-៧
អាស្រ័យទៅលើភូមិសាស្ត្រនៃទីក្រុងមេគីដោនៅលើភ្នំនិងវាលរាបនាជើងភ្នំ ក្នុងអំឡុង៤.០០០ឆ្នាំកន្លងទៅនេះ មានចម្បាំងផ្ដាច់ព្រ័ត្រច្រើនដងនៅទីនោះ។ អ្នកប្រវត្ដិវិទូម្នាក់បានរាប់ហើយឃើញថា យ៉ាងហោចណាស់មាន៣៤ដង!
ដោយសារប្រវត្ដិសាស្ត្រនិងភូមិសាស្ត្រនៃសមរភូមិនាជើងភ្នំមេគីដោ យើងអាចយល់នូវមូលហេតុដែលពាក្យ«អើម៉ាគេដូន»បានប្រើក្នុងគម្ពីរជាន័យធៀប។ ទោះជាមានតែមួយដងគត់ក្នុងគម្ពីរក្ដី ដោយសារពាក្យ«អើម៉ាគេដូន»បានសរសេរទុកក្នុងសៀវភៅវិវរណៈតែប៉ុណ្ណោះ នេះបង្ហាញថាសង្គ្រាមនោះពិតជានឹងមានឥទ្ធិពលទៅលើជីវិតនៃមនុស្សទាំងឡាយនៅផែនដី។
អើម៉ាគេដូន ក្នុងគម្ពីរមានន័យអ្វី?
ទោះជាមានសង្គ្រាមផ្ដាច់ព្រ័ត្រច្រើនដងនៅឯជើងភ្នំមេគីដោក៏ដោយ ចម្បាំងទាំងនោះមិនបានទប់ស្កាត់អំពើអាក្រក់ជួជាតិទាំងស្រុងឡើយ។ ក្នុងចំណោមសង្គ្រាមទាំងប៉ុន្មាននៅទីនោះ គ្មានណាមួយសោះដែលជាសង្គ្រាមផ្ដាច់ព្រ័ត្ររវាងពួកល្អនិងពួកអាក្រក់ទេ។ ព្រះយេស៊ូធ្លាប់មានប្រសាសន៍ថា៖ «គ្មានអ្នកណាល្អឡើយ មានតែមួយប៉ុណ្ណោះ គឺជាព្រះ»។ (លូកា ១៨:១៩) អាស្រ័យហេតុនេះបានជាសមឲ្យព្រះធ្វើសង្គ្រាមផ្ដាច់ព្រ័ត្រ ដើម្បីបំបាត់ចោលអំពើអាក្រក់ជួជាតិមួយដងជាសម្រេច។ ម្យ៉ាងទៀត គម្ពីររៀបរាប់អំពីសង្គ្រាមអើម៉ាគេដូនជាចម្បាំងរបស់ព្រះតែម្ដង។
ក្នុងគម្ពីរ សៀវភៅវិវរណៈចែងថា៖ «អស់ទាំងស្តេចនៅផែនដីទាំងមូល»នឹងប្រមូលមក«ក្នុងចំបាំងនៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត»។ (វិវរណៈ ១៦:១៤) ទំនាយនោះក៏បញ្ជាក់ទៀតថា ពួកគេត្រូវប្រមូលគ្នានៅ«ឯកន្លែងដែលភាសាហេព្រើរហៅថា អើម៉ាគេដូន»។a (វិវរណៈ ១៦:១៦) កំណត់ហេតុបន្តបន្ទាប់ក្នុងសៀវភៅវិវរណៈក៏ពន្យល់ថា៖ «ពួកស្តេចនៅផែនដី ព្រមទាំងពលទ័ពគេ»ត្រូវ‹ប្រមូលគ្នាដើម្បីច្បាំងនឹងព្រះអង្គដែលគង់នៅលើសេះស នឹងពួកពលទ័ពរបស់លោកផង›។ (វិវរណៈ ១៩:១៩) ព្រះអង្គដែលជិះសេះសនោះ គឺជាព្រះយេស៊ូគ្រិស្ត។—ធីម៉ូថេទី១ ៦:១៤, ១៥; វិវរណៈ ១៩:១១, ១២, ១៦
តើបទគម្ពីរទាំងនេះជួយយើងឲ្យយល់យ៉ាងណា? បទគម្ពីរទាំងនេះបង្ហាញយ៉ាងច្បាស់ថា អើម៉ាគេដូនជាសង្គ្រាមរវាងព្រះនិងមនុស្សនៅផែនដីដែលមិនព្រមស្ដាប់បង្គាប់លោក។ ហេតុអ្វីបានជាព្រះយេហូវ៉ានិងព្រះយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក ចង់ធ្វើសឹកសង្គ្រាមបែបនេះ? មូលហេតុមួយដែលព្រះយេហូវ៉ានិងព្រះយេស៊ូចង់ធ្វើសង្គ្រាមអើម៉ាគេដូន គឺដើម្បី«បំផ្លាញពួកអ្នកដែលបង្ខូចផែនដី»។ (វិវរណៈ ១១:១៨) ម្យ៉ាងទៀត សង្គ្រាមអើម៉ាគេដូននឹងនាំឲ្យមានពិភពលោកថ្មីដែលគម្ពីរហៅថា «ផែនដីថ្មីដែលមានសុទ្ធតែសេចក្ដីសុចរិត»។ ពិភពលោកថ្មីដែល«យើងរាល់គ្នាទន្ទឹងចាំ»នោះ នឹងរៀបចំឡើងស្របទៅតាម«សេចក្ដីសន្យារបស់[ព្រះយេហូវ៉ា]»មែន!—ពេត្រុសទី២ ៣:១៣
សង្គ្រាមអើម៉ាគេដូន ហេតុអ្វីក៏ចាំបាច់ម្ល៉េះ?
ដោយសារព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីស្រឡាញ់» និងបុត្ររបស់លោកជា«ម្ចាស់នៃមេត្រីភាព» លោកអ្នកប្រហែលជាពិបាកយល់ថា ម្ដេចក៏ព្រះយេហូវ៉ាចាត់បុត្ររបស់លោកទៅធ្វើសង្គ្រាម? (កូរិនថូសទី២ ១៣:១១; អេសាយ ៩:៦) បើយើងយល់ច្បាស់ពីគោលបំណងរបស់ព្រះយេហូវ៉ានិងព្រះយេស៊ូ យើងនឹងលែងឆ្ងល់ទៀតពីហេតុដែលលោកធ្វើដូច្នេះ។ សៀវភៅទំនុកដំកើងក៏រៀបរាប់អំពីព្រះយេស៊ូជាអ្នកជិះសេះចូលចម្បាំង។ ហេតុអ្វីបានជាព្រះយេស៊ូធ្វើសង្គ្រាម? អ្នកតែងសៀវភៅទំនុកដំកើងពន្យល់ថា ព្រះយេស៊ូជិះសេះចូលចម្បាំង«ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព[និង]សេចក្ដីសុចរិត»។ ព្រះយេស៊ូធ្វើសង្គ្រាមនោះ ពីព្រោះលោកស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិត។—ទំនុកដំកើង ៤៥:៤, ៧
ណាមួយទៀត គម្ពីររៀបរាប់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអំពើអយុត្ដិធម៌ដែលមានទូទាំងពិភពលោកនៅសព្វថ្ងៃ។ លោកអេសាយជាអ្នកប្រកាសទំនាយដែលថា៖ «ព្រះអម្ចាស់បានទតមើលការទាំងនេះ ហើយយល់ឃើញថាសុទ្ធតែអាក្រក់ គឺគ្មានយុត្ដិធម៌ទាល់តែសោះ។ ព្រះអង្គយកសេចក្ដីសុចរិតរបស់ព្រះអង្គធ្វើជាអាវក្រោះ ព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែក ព្រះអង្គយកការសងសឹកធ្វើជា[គ្រឿងស្លៀកដណ្ដប់]»។—អេសាយ ៥៩:១៥, ១៧, ខ.ស.
ដរាបណាដែលមនុស្សអាក្រក់មានអំណាច ដរាបនោះឯងដែលមនុស្សសុចរិតនឹងមិនមានសន្ដិភាពនិងសន្ដិសុខឡើយ។ (សុភាសិត ២៩:២; សាស្ដា ៨:៩) តាមការពិត គ្មាននរណាមានលទ្ធភាពដកចិត្តអាក្រក់ដែលចេះតែខូចទៅៗ ចេញពីចិត្តមនុស្សដែលប្រព្រឹត្តអំពើបែបនោះទេ។ អាស្រ័យហេតុនេះបានជាមនុស្សអាក្រក់ត្រូវដកចេញសិន ទើបអាចមានសន្ដិភាពនិងយុត្ដិធម៌ពិត។ យ៉ាងនេះ ស្តេចសាឡូម៉ូនពីបុរាណបានសរសេរថា៖ «មនុស្សអាក្រក់ គេសំរាប់ជាថ្លៃលោះមនុស្សសុចរិត»ទៅវិញ។—សុភាសិត ២១:១៨
ដោយសារព្រះយេហូវ៉ាជាអ្នកវិនិច្ឆ័យទោស យើងអាចទុកចិត្តថា លោកនឹងបង្ហាញសេចក្ដីសុចរិតក្នុងការជំនុំជម្រះមនុស្សអាក្រក់។ លោកអ័ប្រាហាំពីបុរាណក៏បានសួរថា៖ «ព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើ[លោក]មិនត្រូវប្រព្រឹត្តដោយយុត្ដិធម៌ទេឬអី?»។ ក្រោយមក អ័ប្រាហាំបានទទួលស្គាល់ថា ព្រះយេហូវ៉ាតែងតែវិនិច្ឆ័យទោសដោយយុត្ដិធម៌! (លោកុប្បត្តិ ១៨:២៥) ម្យ៉ាងទៀត បទគម្ពីរនានាបង្ហាញថា ព្រះយេហូវ៉ាឥតមានអំណរក្នុងការបំផ្លាញចោលមនុស្សអាក្រក់ទេ តែលោកគ្រាន់តែធ្វើដូច្នេះពេលពួកគេមិនប្រែចិត្តវិញ។—អេសេគាល ១៨:៣២; ពេត្រុសទី២ ៣:៩
អើម៉ាគេដូន មានន័យអ្វីចំពោះយើង?
ពេលសង្គ្រាមអើម៉ាគេដូនផ្ទុះឡើងទុកជាសង្គ្រាមផ្ដាច់ព្រ័ត្រ តើការប្រព្រឹត្តរបស់យើងនឹងសឲ្យឃើញថាយើងជាអ្នកគាំទ្រពួកណា? ពួកអាក្រក់ឬពួកល្អ? តាមធម្មតា មនុស្សភាគច្រើនមានទស្សនៈថា ខ្លួនគាំទ្រពួកល្អទេតើ! ប៉ុន្តែ ធ្វើដូចម្ដេចឲ្យយើងដឹងច្បាស់ថា ការប្រព្រឹត្តរបស់យើងល្មមជាមនុស្សល្អហើយ? លោកសេផានាជាអ្នកប្រកាសទំនាយដែលថា៖ «ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ!»។ (សេផានា ២:៣) ណាមួយទៀត លោកប៉ុលដែលជាសាវ័កម្នាក់របស់ព្រះយេស៊ូ គាត់បញ្ជាក់ថា ព្រះយេហូវ៉ាមានបំណង«ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។—ធីម៉ូថេទី១ ២:៤
ដូច្នេះ ជំហានដំបូងដើម្បីទទួលសេចក្ដីសង្គ្រោះ គឺឲ្យយើងរៀននូវសេចក្ដីពិតអំពីព្រះយេហូវ៉ា និងរៀនអំពីគោលបំណងរបស់លោកដែលនឹងដកអំពើអាក្រក់ចេញពីផែនដី។ ជំហានទី២ យើងត្រូវតែប្រព្រឹត្តដោយសុចរិត ដែលផ្ដល់ហេតុឲ្យព្រះយេហូវ៉ាស្រឡាញ់និងការពារយើង។
ពេលយើងបំពេញតាមតម្រូវការសំខាន់ៗទាំងនេះ យើងនឹងរង់ចាំសង្គ្រាមអើម៉ាគេដូនដោយរីករាយ ពីព្រោះសង្គ្រាមនោះជាចម្បាំងផ្ដាច់ព្រ័ត្រដែលនឹងទប់ស្កាត់សង្គ្រាមឯទៀតមួយដងជាសម្រេច។ ក្រោយសង្គ្រាមអើម៉ាគេដូន មនុស្សទូទាំងផែនដីនឹងចាត់ទុកការសម្លាប់មនុស្សជាអំពើអាក្រក់យង់ឃ្នង ហើយក៏ស្អប់សង្គ្រាមផងដែរ! ជាបន្តបន្ទាប់មក មនុស្សនឹង«មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀត»ឡើយ!—អេសាយ ២:៤
[កំណត់សម្គាល់]
a សង្គ្រាមអើម៉ាគេដូននឹងមិនធ្វើឡើងនៅកន្លែងតែមួយទេ ពីព្រោះបក្សពួកទាំងសងខាងមានគ្នាច្រើនពេក ដល់ម្ល៉េះបានជាពួកគេមូលគ្នានៅកន្លែងតែមួយមិនបានឡើយ។ ផ្ទុយទៅវិញ ផែនដីទាំងមូលនឹងក្លាយទៅជាសមរភូមិក្ដៅ។
[ឃ្លាអក្សរធំនៅទំព័រ៥]
សង្គ្រាមអើម៉ាគេដូនជាចម្បាំងរបស់ព្រះ ដើម្បីសង្គ្រោះមនុស្សជាតិ
[រូបភាពនៅទំព័រ៦]
ភ្នំមេគីដោ
[រូបភាពនៅទំព័រ៦]
នៅជិតភ្នំមេគីដោ លោកគេឌាននិងទ័ពរបស់គាត់ បានទទួលជ័យជម្នះក្នុងការប្រយុទ្ធដ៏ផ្ដាច់ព្រ័ត្រ
[រូបភាពនៅទំព័រ៦, ៧]
ក្រោយសង្គ្រាមអើម៉ាគេដូន មនុស្សទូទាំងផែនដីនឹងចាត់ទុកការសម្លាប់មនុស្សជាអំពើអាក្រក់យង់ឃ្នង ហើយក៏ស្អប់សង្គ្រាមផងដែរ!
[រូបភាពនៅទំព័រ៨]
ដើម្បីរួចរស់ជីវិត យើងត្រូវតែរៀនសេចក្ដីពិតអំពីព្រះនិងគោលបំណងរបស់លោក