ចូរស្វែងរកការណែនាំពីព្រះយេហូវ៉ាក្នុងគ្រប់ប្រការ
«ព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ច ទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំដរាបដល់អស់ជីវិតផង»។—ទំនុក. ៤៨:១៤
១, ២. ជាជាងទុកចិត្តទៅលើប្រាជ្ញារបស់ខ្លួន ម្ដេចក៏យើងគួរធ្វើតាមការណែនាំពីព្រះយេហូវ៉ា? ស្តីអំពីការណែនាំរបស់ព្រះយេហូវ៉ា តើមានសំណួរអ្វីខ្លះ?
បើយើងចាត់ទុករបស់ដ៏ឥតប្រយោជន៍ដែលអាចនាំឲ្យមានគ្រោះថ្នាក់ ថាជារបស់ដ៏ល្អវិញ យើងកំពុងបន្លំខ្លួនហើយ! (សុ. ១២:១១) ដូចគ្នាដែរ បើយើងប្រាថ្នាយ៉ាងខ្លាំង ចង់ធ្វើអ្វីដែលមិនគប្បីសម្រាប់ពួកគ្រិស្តសាសនិក នោះមិនជាការពិបាកទេ ឲ្យចិត្តយើងដោះសាពីមូលហេតុដែលយើងអាចធ្វើដូច្នេះម្ដង។ (យេ. ១៧:៥, ៩) អាស្រ័យហេតុនេះ អ្នកតែងបទទំនុកដំកើងបង្ហាញថាគាត់មានប្រាជ្ញាមែន ដោយអធិដ្ឋានថា៖ «សូម[ព្រះយេហូវ៉ា]ផ្សាយពន្លឺនឹងសេចក្ដីពិត ចេញមកនាំមុខទូលបង្គំ ដើម្បីឲ្យបាននាំទូលបង្គំ»។ (ទំនុក. ៤៣:៣) អ្នកតែងនោះ ពិតជាទុកចិត្តទៅលើព្រះយេហូវ៉ា មិនមែនទៅលើប្រាជ្ញារបស់ខ្លួនដែលមានកម្រិតទេ។ តាមពិត គ្មាននរណាទៀតអាចផ្ដល់ការណែនាំល្អដូចព្រះយេហូវ៉ាឡើយ។ ដូច្នេះ គប្បីឲ្យយើងធ្វើដូចអ្នកតែងបទទំនុកដំកើង ដោយស្វែងរកការណែនាំពីព្រះយេហូវ៉ា។
២ ប៉ុន្តែ ម្ដេចក៏គួរឲ្យទុកចិត្តការណែនាំពីព្រះយេហូវ៉ា ជាជាងទុកចិត្តការណែនាំពីអ្នកឯទៀត? តើយើងគួរស្វែងរកការណែនាំពីព្រះយេហូវ៉ា នៅពេលណាខ្លះ? តើយើងគួរបណ្ដុះឲ្យមានចិត្តគំនិតបែបណា ដើម្បីទទួលប្រយោជន៍ពីការណែនាំរបស់ព្រះយេហូវ៉ា? នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ាណែនាំយើងដោយរបៀបណាខ្លះ? អត្ថបទនេះនឹងឆ្លើយសំណួរដ៏សំខាន់ទាំងនេះ។
ការណែនាំពីព្រះយេហូវ៉ាម្ដេចក៏គួរឲ្យទុកចិត្ត?
៣-៥. តើមានមូលហេតុអ្វីខ្លះឲ្យយើងទុកចិត្តទាំងស្រុងទៅលើការណែនាំពីព្រះយេហូវ៉ា?
៣ ព្រះយេហូវ៉ាជាបិតារបស់យើងនៅឯស្ថានសួគ៌។ (១កូ. ៨:៦) ព្រះយេហូវ៉ាស្គាល់យើងម្នាក់ៗយ៉ាងច្បាស់ ហើយទ្រង់ចេះស្ទង់មើលចិត្តរបស់យើងផង។ (១សាំ. ១៦:៧; សុ. ២១:២) ចំពោះព្រះយេហូវ៉ា ស្តេចដាវីឌមានប្រសាសន៍ថា៖ «ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ នឹងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ ដ្បិតឱព្រះយេហូវ៉ាអើយ! ពាក្យសំដីមិនទាន់មាននៅអណ្ដាតទូលបង្គំនៅឡើយ នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ»។ (ទំនុក. ១៣៩:២, ៤) ដោយសារព្រះយេហូវ៉ាស្គាល់យើងយ៉ាងច្បាស់ ទ្រង់ពិតជាដឹងអំពីអ្វីដែលនាំឲ្យយើងទទួលប្រយោជន៍ មែនទេ? ណាមួយទៀត ព្រះយេហូវ៉ាទ្រង់មានសព្វប្រាជ្ញា។ ព្រះយេហូវ៉ាតែងតែឃើញអ្វីៗទាំងអស់ ហើយចេះយល់ធ្លុះជ្រៅជាងមនុស្សទាំងឡាយ។ តាំងពីដើមដំបូង ព្រះយេហូវ៉ាក៏ដឹងពីអ្វីដែលនឹងកើតឡើងនៅចុងបំផុតដែរ។ (អេសា. ៤៦:៩-១១; រ៉ូម ១១:៣៣) ព្រះយេហូវ៉ាជា«ព្រះដ៏មានប្រាជ្ញាតែ១ព្រះអង្គ»។—រ៉ូម ១៦:២៧
៤ បន្ថែមទៅទៀត ព្រះយេហូវ៉ាស្រឡាញ់យើង ហើយទ្រង់ចង់ឲ្យយើងទទួលប្រយោជន៍ជានិច្ច។ (យ៉ូន. ៣:១៦; ១យ៉ូន. ៤:៨) ដោយសារព្រះយេហូវ៉ាស្រឡាញ់យើង ទ្រង់ក៏មានចិត្តសទ្ធាចំពោះយើងផង។ លោកយ៉ាកុបបានសរសេរថា៖ «គ្រប់ទាំងរបស់ដ៏ល្អដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ»។ (យ៉ា. ១:១៧) អស់អ្នកដែលសុខចិត្តធ្វើតាមការណែនាំពីព្រះយេហូវ៉ា រមែងទទួលប្រយោជន៍ច្រើនពីចិត្តសទ្ធារបស់ទ្រង់។
៥ ចំណុចសំខាន់មួយទៀត ព្រះយេហូវ៉ាមានអំណាចខ្លាំងក្លាបំផុត។ ស្តីអំពីរឿងនេះ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «អ្នកណាដែលនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ឯទូលបង្គំនឹងពោលពីព្រះយេហូវ៉ាថា៖ ‹ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់›»។ (ទំនុក. ៩១:១, ២) ពេលយើងធ្វើតាមការណែនាំពីព្រះយេហូវ៉ា យើងពឹងទៅលើព្រះដែលមិនដែលចាញ់គេសោះ។ សូម្បីតែពេលដែលមានគេប្រឆាំងយើងក៏ដោយ ព្រះយេហូវ៉ានឹងជួយគាំទ្រយើងទៅវិញ។ អស់អ្នកដែលពឹងទៅលើព្រះយេហូវ៉ា មិនដែលខកចិត្តឡើយ។ (ទំនុក. ៧១:៤, ៥; សូមអាន សុភាសិត ៣:១៩-២៦) ត្រូវមែន! ព្រះយេហូវ៉ាជ្រាបពីអ្វីដែលនាំឲ្យមានប្រយោជន៍ច្រើនបំផុត ក៏ចង់ឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត ហើយទ្រង់មានអំណាចប្រទានអ្វីដែលនាំឲ្យមានប្រយោជន៍ច្រើនបំផុតដែរ។ បើដូច្នេះ មានតែមនុស្សល្ងីល្ងើទេ ដែលមិនព្រមធ្វើតាមការណែនាំពីព្រះយេហូវ៉ា! ប៉ុន្តែ តើយើងត្រូវការការណែនាំពីព្រះយេហូវ៉ានៅពេលណាខ្លះ?
ការណែនាំពីព្រះយេហូវ៉ា ត្រូវការពេលណា?
៦, ៧. តើយើងត្រូវការការណែនាំពីព្រះយេហូវ៉ានៅពេលណាខ្លះ?
៦ តាមការពិត យើងត្រូវការការណែនាំពីព្រះយេហូវ៉ាអស់មួយជីវិត ចាប់តាំងពីតូចមក រហូតដល់ចាស់ផង។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «ព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ច។ ទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំដរាបដល់អស់ជីវិតផង»។ (ទំនុក. ៤៨:១៤) ពួកគ្រិស្តសាសនិកដែលមានប្រាជ្ញាក៏ធ្វើតាមគំរូរបស់អ្នកតែងបទទំនុកដំកើង ដោយស្វែងរកការណែនាំពីព្រះយេហូវ៉ាជានិច្ច។
៧ ប៉ុន្តែ ម្ដងម្កាលយើងក៏ត្រូវការជំនួយច្រើនជាងធម្មតា។ ជួនកាលយើង«មានសេចក្ដីវេទនា» ប្រហែលជាដោយសារមានជំងឺរ៉ាំរ៉ៃ មានគេបៀតបៀនយើង ឬដោយសារបានបាត់បង់ការងារជាដើម។ (ទំនុក. ៦៩:១៦, ១៧) ការស្វែងរកការណែនាំពីព្រះយេហូវ៉ាក្រោមកាលៈទេសៈបែបនេះ អាចជួយសម្រាលទុក្ខយើង ពីព្រោះយើងមានទំនុកចិត្តថា ទ្រង់នឹងជួយយើងឲ្យធ្វើការសម្រេចចិត្តល្អ ព្រមទាំងពង្រឹងកម្លាំងឲ្យយើងចេះស៊ូទ្រាំផង។ (សូមអាន ទំនុកដំកើង ១០២:១៧) ប៉ុន្តែ យើងក៏ត្រូវការជំនួយពីព្រះយេហូវ៉ាក្នុងកាលៈទេសៈឯទៀតដែរ។ ជាឧទាហរណ៍ ពេលយើងចេញទៅផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា យើងត្រូវការការណែនាំពីទ្រង់ ទើបយើងអាចមានប្រសិទ្ធភាពក្នុងកិច្ចការផ្សព្វផ្សាយនោះ។ ណាមួយទៀត ពេលយើងត្រូវធ្វើការសម្រេចចិត្ត មិនថាសម្រេចចិត្តអំពីប្រភេទការកម្សាន្ត របៀបស្លៀកពាក់សម្អិតសម្អាងខ្លួន ការងារ ការអប់រំ ឬអ្វីទៀតក៏ដោយ យើងនឹងប្រព្រឹត្តដោយប្រាជ្ញា ឲ្យតែយើងធ្វើតាមការណែនាំពីព្រះយេហូវ៉ា។ តាមការពិត យើងត្រូវការការណែនាំក្នុងគ្រប់កាលៈទេសៈនៃជីវិត។
មិនធ្វើតាមការណែនាំពីព្រះយេហូវ៉ា ប្រយ័ត្នមានគ្រោះថ្នាក់!
៨. ពេលអេវ៉ាបរិភោគផ្លែឈើដែលព្រះយេហូវ៉ាហាម តើទង្វើនោះសឲ្យឃើញចិត្តគំនិតបែបណា?
៨ សូមចាំថា យើងត្រូវតែធ្វើតាមការណែនាំពីព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។ បើយើងមិនចង់ធ្វើតាមការណែនាំពីព្រះយេហូវ៉ា ទ្រង់មិនបង្ខំយើងទេ។ មនុស្សមុនគេបង្អស់ដែលបានសម្រេចចិត្តថា មិនចង់ធ្វើតាមការណែនាំពីព្រះយេហូវ៉ា គឺនាងអេវ៉ា។ លទ្ធផលអាក្រក់នោះបង្ហាញថា ការសម្រេចចិត្តមិនល្អ មានគ្រោះថ្នាក់មែន! សូមគិតដែរ ថាតើការប្រព្រឹត្តរបស់អេវ៉ាសឲ្យឃើញចិត្តគំនិតបែបណា? អេវ៉ាបានបរិភោគផ្លែពីដើមឈើដែលព្រះយេហូវ៉ាហាម ពីព្រោះនាងចង់បានឋានៈ«ដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ (លោ. ៣:៥) ជាជាងធ្វើតាមការណែនាំពីព្រះយេហូវ៉ា ទង្វើរបស់អេវ៉ាបង្ហាញថា នាងចង់លើកខ្លួនឲ្យស្មើនឹងទ្រង់ ហើយចង់ធ្វើការសម្រេចចិត្តដោយខ្លួនឯង ស្តីអំពីអ្វីដែលល្អនិងអាក្រក់។ យ៉ាងនេះ អេវ៉ាមិនព្រមទទួលស្គាល់ឋានៈរបស់ព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុតទេ។ អេវ៉ាចង់ធ្វើជាម្ចាស់លើខ្លួនឯង។ រីឯអ័ដាមដែលជាស្វាមីរបស់អេវ៉ា គាត់ក៏បានបះបោរប្រឆាំងនឹងព្រះយេហូវ៉ាដូចនាងដែរ។—រ៉ូម ៥:១២
៩. បើយើងមិនធ្វើតាមការណែនាំពីព្រះយេហូវ៉ា តើនេះសឲ្យឃើញចិត្តគំនិតបែបណា? ម្ដេចក៏ទង្វើបែបនោះគ្មានប្រយោជន៍?
៩ មកដល់សម័យនេះ បើយើងមិនធ្វើតាមការណែនាំពីព្រះយេហូវ៉ា នេះបង្ហាញថាយើងមានចិត្តគំនិតដូចអេវ៉ា ហើយមិនទទួលស្គាល់ឋានៈរបស់ព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុតទេ។ ជាឧទាហរណ៍ សូមគិតអំពីអ្នកដែលមានទម្លាប់មើលរូបអាសអាភាស។ បើអ្នកនោះបាននៅយូរបន្ដិចជាមួយក្រុមជំនុំនៃពួកគ្រិស្តសាសនិក គាត់ដឹងអំពីការណែនាំរបស់ព្រះយេហូវ៉ាស្តីអំពីទង្វើបែបនោះ។ បើទាំងមិនគួរឲ្យយើងនិយាយរឿងស្មោកគ្រោក ទាំងមិនចង់ឮរឿងបែបនោះ យើងច្បាស់ជាមិនចង់មើលរូបអាសអាភាសដោយមានចិត្តស្រើបស្រាលឡើយ។ (អេភ. ៥:៣) ពេលអ្នកនោះមិនព្រមធ្វើតាមការណែនាំពីព្រះយេហូវ៉ា គាត់មិនទទួលស្គាល់ទ្រង់ជាព្រះដ៏ខ្ពស់បំផុតទេ ហើយក៏ប្រឆាំងនឹងសិទ្ធិរបស់ទ្រង់ជាសិរសាឬអ្នកនាំមុខ។ (១កូ. ១១:៣) ទង្វើបែបនោះពិតជាគ្មានប្រយោជន៍ ពីព្រោះស្របទៅតាមសំណេររបស់លោកយេរេមា ‹ការដំរង់ជំហានរបស់ខ្លួន មិនស្រេចទៅលើមនុស្ស›ទេ។—យេ. ១០:២៣
១០. ម្ដេចក៏យើងមិនបណ្ដោយខ្លួនតាមចិត្តសេរី?
១០ មនុស្សខ្លះប្រហែលជាមិនឯកភាពនឹងអ្វីដែលយេរេមាបានសរសេរនោះ ដោយអះអាងថា ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិឲ្យមានចិត្តសេរី។ ដូច្នេះ ពួកគេសន្និដ្ឋានថា ព្រះយេហូវ៉ាមិនគួរផ្ដន្ទាទោសយើង ពេលយើងសម្រេចចិត្តដោយខ្លួនឯង។ យ៉ាងណាក៏ដោយ កុំឲ្យយើងភ្លេចថា ទោះជាចិត្តសេរីជាអំណោយមួយក្ដី យើងនៅតែទទួលខុសត្រូវចំពោះទង្វើនិងសម្ដីរបស់ខ្លួននៅឡើយ។ (រ៉ូម ១៤:១០) ព្រះយេស៊ូមានប្រសាសន៍ថា៖ «មាត់តែងនិយាយតាមសេចក្ដីបរិបូរដែលនៅក្នុងចិត្ត»។ ព្រះយេស៊ូក៏បានបញ្ជាក់ថា៖ «ពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនឹងជេរប្រមាថ»។ (ម៉ាថ. ១២:៣៤; ១៥:១៩) ដូច្នេះ សម្ដីនិងការប្រព្រឹត្តរបស់យើងតែងតែបង្ហាញពីអារម្មណ៍ដែលកប់ជ្រៅក្នុងចិត្ត។ សម្ដីនិងការប្រព្រឹត្តបង្ហាញពីលក្ខណៈពិតរបស់យើង។ ហេតុនេះហើយបានជាគ្រិស្តសាសនិកដែលមានប្រាជ្ញា តែងតែស្វែងរកការណែនាំពីព្រះយេហូវ៉ាក្នុងគ្រប់ប្រការ។ យ៉ាងនេះ ព្រះយេហូវ៉ាចាត់ទុកពួកគេជា«អ្នកដែលមានចិត្តទៀងត្រង់» ហើយទ្រង់នឹង«ប្រោសសេចក្ដីល្អ»ឬប្រព្រឹត្តយ៉ាងល្អទៅលើពួកគេផង។—ទំនុក. ១២៥:៤
១១. តើយើងអាចទាញយកមេរៀនអ្វីពីទង្វើរបស់ជនជាតិអ៊ីស្រាអែលនៅសម័យបុរាណ?
១១ សូមគិតអំពីអ្វីដែលបានកើតឡើងនៅប្រទេសអ៊ីស្រាអែលសម័យបុរាណ។ ពេលបណ្ដាជនអ៊ីស្រាអែលបានធ្វើការសម្រេចចិត្តល្អ ដោយស្ដាប់បង្គាប់ព្រះយេហូវ៉ា ទ្រង់បានការពារពួកគេ។ (យ៉ូស. ២៤:១៥, ២១, ៣១) ក៏ប៉ុន្តែ ជាញយដង ពួកគេបានប្រព្រឹត្តដោយសេរីពេក។ នៅសម័យយេរេមា ព្រះយេហូវ៉ាមានប្រសាសន៍អំពីពួកអ៊ីស្រាអែលថា៖ «គេមិនបានស្ដាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ នឹងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ។ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ!»។ (យេ. ៧:២៤-២៦) គួរឲ្យស្ដាយណាស់! ដូច្នេះ កុំឲ្យយើងមានចិត្តមានះ និងបណ្ដោយខ្លួនតាមទំនើងចិត្ត ដល់ម្ល៉េះបានជាយើងមិនព្រមធ្វើតាមការណែនាំពីព្រះយេហូវ៉ា។ បើដូច្នេះ យើងនឹងដើរតាមឬធ្វើតាមគំនិតរបស់ខ្លួនវិញ ហើយ«រាថយក្រោយ ឥតជឿនទៅខាងមុខទេ!»។
ធ្វើតាមការណែនាំពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១២, ១៣. (ក) តើលក្ខណៈសម្បត្ដិមួយណាជំរុញចិត្តយើងឲ្យធ្វើតាមការណែនាំពីព្រះយេហូវ៉ា? (ខ) ហេតុអ្វីក៏ចាំបាច់ម្ល៉េះឲ្យយើងមានចិត្តជឿ?
១២ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជំរុញចិត្តយើងឲ្យចង់ធ្វើតាមការណែនាំពីទ្រង់។ (១យ៉ូន. ៥:៣) ក៏ប៉ុន្តែ ប៉ុលបានបញ្ជាក់ពីលក្ខណៈសម្បត្ដិមួយទៀតដែលជាចាំបាច់ដែរ។ ប៉ុលសរសេរថា៖ «យើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»។ (២កូ. ៥:៦, ៧) ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងមានចិត្តជឿ? ជំនឿគឺសំខាន់ដល់ម្ល៉េះ ពីព្រោះព្រះយេហូវ៉ានាំយើងទៅតាម«ផ្លូវសុចរិត»។ ប៉ុន្តែ ផ្លូវទាំងនោះមិននាំយើងឲ្យក្លាយទៅជាអ្នកមានស្តុកស្តម្ភ ឬមានមុខមានមាត់ក្នុងពិភពលោកនេះឡើយ។ (ទំនុក. ២៣:៣) ហេតុនេះហើយបានជាគប្បីឲ្យយើងរាប់អានឬផ្ចង់អារម្មណ៍ទៅលើពរដ៏អស្ចារ្យដែលយើងទទួលក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ (សូមអាន កូរិនថូសទី២ ៤:១៧, ១៨) ជំនឿក៏ជួយយើងឲ្យមានចិត្តស្កប់ស្កល់ចំពោះរបស់របរបន្ដិចបន្តួចដែលយើងមាន។—១ធី. ៦:៨
១៣ ព្រះយេស៊ូបានបញ្ជាក់ថា ការថ្វាយបង្គំពិតតម្រូវឲ្យយើងស៊ូលះបង់ប្រយោជន៍ខ្លួន ហើយយើងត្រូវតែមានចិត្តជឿ ទើបយើងនឹងសុខចិត្តធ្វើដូច្នេះ។ (លូ. ៩:២៣, ២៤) បងប្អូនខ្លះបានលះបង់អ្វីៗជាច្រើនក្នុងការថ្វាយបង្គំព្រះយេហូវ៉ាដោយចិត្តស្មោះត្រង់។ ខ្លះស៊ូទ្រាំនឹងភាពក្រីក្រ ទុក្ខបុកម្នេញ ការរើសអើងនិងទុក្ខបៀតបៀនជាខ្លាំងផងដែរ។ (២កូ. ១១:២៣-២៧; វិវរ. ៣:៨-១០) បងប្អូនទាំងនោះអាចស៊ូទ្រាំបាន ថែមទាំងមានអំណរផង ដោយសារពួកគេមានជំនឿមុតមាំ។ (យ៉ា. ១:២, ៣) បើយើងជឿយ៉ាងខ្លាំងទៅលើព្រះយេហូវ៉ា នេះនឹងជួយយើងឲ្យមានទំនុកចិត្តថា ការណែនាំរបស់ទ្រង់តែងតែល្អ។ ពេលយើងធ្វើតាមការណែនាំពីព្រះយេហូវ៉ា យើងតែងតែទទួលប្រយោជន៍ជាស្ថាពរ។ យើងមិនសង្ស័យទាល់តែសោះ ថាទោះជាឥឡូវនេះយើងរងទុក្ខមួយរយៈក្ដី អស់អ្នកដែលស៊ូទ្រាំដោយចិត្តស្មោះភក្ដី នឹងទទួលរង្វាន់ដ៏វិសេសវិសាលវិញ។—ហេ. ១១:៦
១៤. ម្ដេចក៏ហាការត្រូវបង្ហាញចិត្តរាបទាប?
១៤ សូមគិតដែរ អំពីសារៈសំខាន់នៃចិត្តរាបទាបក្នុងការធ្វើតាមការណែនាំពីព្រះយេហូវ៉ា។ ព្រឹត្ដិការណ៍ក្នុងជីវិតរបស់នាងហាការ ដែលជាបាវស្រីរបស់នាងសារ៉ា បង្ហាញពីសារៈសំខាន់នៃចិត្តរាបទាប។ ដោយសារសារ៉ាជាស្រីអារ នាងឲ្យហាការរួមដំណេកជាមួយលោកអ័ប្រាហាំ ហើយក្រោយមកហាការមានគភ៌មែន។ រួចមក ហាការចាប់ផ្ដើមបញ្ចេញឫកដាក់សារ៉ា ជាម្ចាស់របស់ខ្លួនដែលគ្មានកូន។ ជាលទ្ធផល សារ៉ា«ក៏ប្រព្រឹត្តនឹងនាងដោយតឹងរ៉ឹងណាស់» ដល់ម្ល៉េះបានជាហាការរត់ចេញ។ ទេវតានៃព្រះយេហូវ៉ាបានទៅជួបហាការ ហើយបានប្រាប់នាងថា៖ «ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ»។ (លោ. ១៦:២, ៦, ៨, ៩) ប្រហែលជាហាការមិនចូលចិត្តស្ដាប់សារនោះទេ ពីព្រោះការធ្វើតាមការណែនាំពីទេវតានោះ តម្រូវឲ្យនាងបន្ទាបខ្លួន។ យ៉ាងណាក៏ដោយ ហាការបានបន្ទាបខ្លួន ហើយបានធ្វើតាមការណែនាំពីទេវតាមែន! ជាលទ្ធផល កូនរបស់ហាការ ឈ្មោះអ៊ីសម៉ាអែល បានកើតមកក្នុងជំរំនៃបិតាគាត់ ជាទីកន្លែងដែលមានសុវត្ថិភាព។
១៥. សូមរៀបរាប់អំពីកាលៈទេសៈខ្លះដែលតម្រូវឲ្យយើងមានចិត្តរាបទាបដើម្បីធ្វើតាមការណែនាំពីព្រះយេហូវ៉ា។
១៥ ការធ្វើតាមការណែនាំពីព្រះយេហូវ៉ាក៏ប្រហែលជាតម្រូវឲ្យយើងបន្ទាបខ្លួនបន្ដិចដែរ។ បងប្អូនខ្លះប្រហែលជាត្រូវបន្ទាបខ្លួនដោយទទួលស្គាល់ថា ប្រភេទការកម្សាន្តដែលពួកគេចូលចិត្ត ព្រះយេហូវ៉ាមិនចូលចិត្តទេ។ គ្រិស្តសាសនិកម្នាក់ប្រហែលជាត្រូវសូមអត់ទោសពីបងប្អូនដែលតូចចិត្តដោយសារទង្វើឬសម្ដីមិនល្អរបស់គាត់។ ឬមួយក៏គាត់ប្រហែលជាបានធ្វើខុស ហើយត្រូវសារភាពកំហុសរបស់គាត់។ ចុះយ៉ាងណាចំពោះបងប្អូនដែលធ្វើខុសធ្ងន់ធ្ងរម្យ៉ាង? គាត់ត្រូវតែបន្ទាបខ្លួន ហើយសារភាពប្រាប់ពួកអ្នកចាស់ទុំ។ បើក្រុមជំនុំបានបណ្ដាច់មិត្តភាពនរណាម្នាក់ គាត់ត្រូវតែបង្ហាញចិត្តរាបទាបដោយប្រែចិត្តនិងកែប្រែទង្វើរបស់ខ្លួន ដើម្បីចូលរួមជាមួយក្រុមជំនុំម្ដងទៀត។ ក្នុងករណីបែបនេះ ព្រមទាំងករណីឯទៀតដែរ ពាក្យក្នុងសៀវភៅសុភាសិត ២៩:២៣ អាចជួយសម្រាលទុក្ខបាន។ សុភាសិតនោះចែងថា៖ «ចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្ដិសព្ទវិញ»។
តើព្រះយេហូវ៉ាផ្ដល់ការណែនាំតាមរបៀបណាខ្លះ?
១៦, ១៧. ដើម្បីទទួលប្រយោជន៍ច្រើនបំផុតពីគម្ពីរដែលជាប្រភពនៃការណែនាំពីព្រះយេហូវ៉ា តើយើងត្រូវធ្វើយ៉ាងណា?
១៦ បណ្ដាំរបស់ព្រះយេហូវ៉ា ដែលទ្រង់បានបណ្ដាលឲ្យមនុស្សសរសេរក្នុងគម្ពីរ ជាប្រភពសំខាន់ចម្បងនៃការណែនាំពីទ្រង់។ (សូមអាន ធីម៉ូថេទី២ ៣:១៦, ១៧) យើងទទួលប្រយោជន៍ច្រើនបំផុតពីបណ្ដាំនោះ ដោយមានទម្លាប់អានគម្ពីរជារៀងរាល់ថ្ងៃ។ គប្បីឲ្យយើងធ្វើដូច្នេះ ជាជាងចាំទម្រាំដល់ពេលដែលមានបញ្ហា ទើបខំរកយោបល់ក្នុងគម្ពីរ។ (ទំនុក. ១:១-៣) បើយើងមានទម្លាប់អានគម្ពីររាល់ថ្ងៃ យើងចំណាំទុកបណ្ដាំរបស់ព្រះយេហូវ៉ាក្នុងចិត្តយើង។ យើងក៏យកទស្សនៈរបស់ព្រះយេហូវ៉ាទុកជាទស្សនៈរបស់ខ្លួន ហើយនេះជួយយើងឲ្យប្រុងប្រៀបខ្លួនដើម្បីយកឈ្នះលើបញ្ហា សូម្បីតែបញ្ហាដែលយើងមិននឹកស្មានថាអាចមានឡើយ។
១៧ បន្ថែមទៅទៀត ការរំពឹងគិតអំពីអ្វីដែលយើងអានក្នុងគម្ពីរ និងការអធិដ្ឋានអំពីចំណុចទាំងនោះ គឺសំខាន់ណាស់ដែរ។ បើយើងឧស្សាហ៍គិតវែងឆ្ងាយពីអ្វីដែលយើងអានក្នុងគម្ពីរ នេះក៏ជួយយើងឲ្យយល់អំពីរបៀបប្រព្រឹត្តតាមគោលការណ៍ទាំងនោះក្រោមកាលៈទេសៈផ្សេងៗ។ (១ធី. ៤:១៥) ពេលមានបញ្ហាធំ យើងអធិដ្ឋានសូមជំនួយពីព្រះយេហូវ៉ាដើម្បីរកការណែនាំដែលយើងត្រូវការនៅពេលនោះ។ សកម្មពលរបស់ព្រះយេហូវ៉ានឹងជួយយើងឲ្យនឹកចាំគោលការណ៍ដែលយើងធ្លាប់អានក្នុងគម្ពីរនិងសៀវភៅឯទៀតដែលពន្យល់ន័យគម្ពីរ។—សូមអាន ទំនុកដំកើង ២៥:៤, ៥
១៨. តើព្រះយេហូវ៉ាផ្ដល់ការណែនាំតាមរយៈបងប្អូនគ្រិស្តសាសនិកដែលរួបរួមគ្នាដោយភាតរភាពយ៉ាងដូចម្ដេច?
១៨ បងប្អូនគ្រិស្តសាសនិកដែលរួបរួមគ្នាដោយភាតរភាព ក៏ជាវិធីសំខាន់មួយទៀតដែលយើងអាចរកការណែនាំពីព្រះយេហូវ៉ា។ «អ្នកបំរើស្មោះត្រង់»និងគណៈអភិបាលដែលតំណាងពួកគាត់ មានតួនាទីសំខាន់ណាស់ក្នុងការជួយឲ្យយើងរួមគ្នាដោយភាតរភាព។ អ្នកបម្រើនោះតែងតែរៀបចំមិនចេះចប់មិនចេះហើយ នូវសៀវភៅនិងទស្សនាវដ្ដី កម្មវិធីប្រជុំនិងកម្មវិធីសន្និបាត ដើម្បីផ្ដល់ការណែនាំដែលប្រៀបដូចជាអាហារ។ (ម៉ាថ. ២៤:៤៥-៤៧; សូមពិនិត្យបន្ថែម កិច្ចការ ១៥:៦, ២២-៣១) ណាមួយទៀត ក្នុងចំណោមគ្រិស្តសាសនិកដែលរួមគ្នាដោយភាតរភាព បងប្អូនមួយចំនួនធំមានគំនិតចាស់ទុំ ដូចជាគង្វាលពួកជំនុំជាដើម ដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីជួយបងប្អូនរួមជំនឿ និងផ្ដល់ឱវាទពីគម្ពីរ។ (អេសា. ៣២:១) ប្អូនៗក្នុងរង្វង់គ្រួសារដែលជាគ្រិស្តសាសនិក ក៏មានវិធីមួយទៀតដែលគេអាចរកការណែនាំពីព្រះយេហូវ៉ា។ ដោយសារមាតាបិតាជឿទៅលើព្រះយេហូវ៉ា ទ្រង់ប្រទានភារកិច្ចឲ្យពួកគាត់ផ្ដល់ការណែនាំពីទ្រង់។ ដូច្នេះ គប្បីឲ្យប្អូនៗស្វែងរកការណែនាំពីព្រះយេហូវ៉ាតាមរយៈមាតាបិតាដែលជាអ្នកជឿ។—អេភ. ៦:១-៣
១៩. ដោយសារយើងខំស្វែងរកការណែនាំពីព្រះយេហូវ៉ាជានិច្ច តើយើងអាចទទួលពរអ្វីខ្លះ?
១៩ គឺច្បាស់ហើយថា ព្រះយេហូវ៉ាផ្ដល់ការណែនាំដោយវិធីផ្សេងៗ។ ដូច្នេះ គប្បីឲ្យយើងឆ្លៀតយកប្រយោជន៍ពីការណែនាំរបស់ព្រះយេហូវ៉ា។ ស្តេចដាវីឌបានសរសេរអំពីគ្រាដែលពួកអ៊ីស្រាអែលមានចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ាថា៖ «ពួកឰយុកោយើងខ្ញុំបានទុកចិត្តនឹងទ្រង់។ គេបានទុកចិត្ត ហើយទ្រង់បានប្រោសឲ្យរួច។ គេបានអំពាវនាវដល់ទ្រង់ ហើយបានរួចចេញ។ គេបានទុកចិត្តនឹងទ្រង់ ហើយមិនត្រូវខ្មាសឡើយ»។ (ទំនុក. ២២:៣-៥) បើយើងធ្វើតាមការណែនាំពីព្រះយេហូវ៉ាដោយមានទំនុកចិត្តបែបនោះ យើងក៏«មិនត្រូវខ្មាស»ដែរ។ គ្មានអ្វីទាល់តែសោះ ដែលនឹងនាំឲ្យយើងខកចិត្តឡើយ។ បើយើង«ទុកដាក់[ឬ«ផ្ញើ»ខ្លួន]នឹងព្រះយេហូវ៉ា» ជាជាងពឹងទៅលើប្រាជ្ញារបស់ខ្លួន យើងនឹងទទួលពរដ៏វិសេស។ (ទំនុក. ៣៧:៥; ទំន. ៣៧:៥, ខ.ស.) យើងអាចទទួលពរនៅពេលឥឡូវនេះបាន ហើយបើយើងព្យាយាមពឹងទៅលើព្រះយេហូវ៉ាជានិច្ច យើងក៏នឹងទទួលពរជារៀងរហូតផងដែរ។ ស្តេចដាវីឌបានសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច។ . . . ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុក. ៣៧:២៨, ២៩
តើអ្នកអាចពន្យល់បានទេ?
• ហេតុអ្វីបានជាយើងទុកចិត្តទៅលើការណែនាំពីព្រះយេហូវ៉ា?
• បើយើងមិនធ្វើតាមការណែនាំពីព្រះយេហូវ៉ា តើនេះសឲ្យឃើញចិត្តគំនិតបែបណា?
• តើពួកគ្រិស្តសាសនិកត្រូវបង្ហាញចិត្តរាបទាបក្រោមកាលៈទេសៈបែបណាខ្លះ?
• នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ាផ្ដល់ការណែនាំតាមរបៀបណាខ្លះ?
[រូបភាពនៅទំព័រ១៣]
តើយើងស្វែងរកការណែនាំពីព្រះយេហូវ៉ាក្នុងគ្រប់ប្រការទេ?
[រូបភាពនៅទំព័រ១៤]
នាងអេវ៉ាមិនព្រមទទួលស្គាល់ ឋានៈរបស់ព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុតទេ
[រូបភាពនៅទំព័រ១៥]
ដើម្បីធ្វើតាមការណែនាំពីទេវតា តើនាងហាការត្រូវតែមានចិត្តគំនិតបែបណា?