បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៤ ទំ. ៧-១១
  • ចូរលះចោលអ្វីដែល«ឥតប្រយោជន៍»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរលះចោលអ្វីដែល«ឥតប្រយោជន៍»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​លះ​ចោល​រូប​ព្រះ​ដ៏​ឥត​ប្រយោជន៍
  • កុំ​ឲ្យ​ចិត្ត​ល្មោភ​គ្រប់គ្រង​លើ​យើង​ដូច​ជា​ព្រះ
  • ចូរ​ប្រយ័ត្ន​នឹង​ពាក្យ​ដ៏​ឥត​ប្រយោជន៍
  • វិធី​លះ​ចោល​ពាក្យ​ដ៏​ឥត​ប្រយោជន៍
  • «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ការអនុញ្ញាតឲ្យព្រះយេហូវ៉ាបង្ហាញយើងនូវផ្លូវរបស់ទ្រង់
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • «ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៤ ទំ. ៧-១១

ចូរ​លះ​ចោល​អ្វី​ដែល​«ឥត​ប្រយោជន៍»

​«អ្នក​ណា​ដែល​តាម​សេចក្ដី​ឥត​ប្រយោជន៍ នោះ​គ្មាន​យោបល់[ឬ​«ខ្វះ​ការ​ពិចារណា»]»។—សុ. ១២:១១; សុភ. ១២:១១, ខ.ស.

១​. តើ​យើង​ចាត់​ទុក​អ្វីខ្លះ​ជា​របស់​ដែល​មាន​តម្លៃ? តើ​យើង​អាច​ប្រើ​របស់​ទាំងនេះ​ដោយ​ប្រសើរ​បំផុត​យ៉ាង​ដូច​ម្ដេច?

អ្វីៗ​ជា​ច្រើន​ក្នុង​ជីវិត​របស់​យើង​ដែល​ជា​គ្រិស្ត​សាសនិក សុទ្ធតែ​មាន​តម្លៃ ពីព្រោះ​មាន​ប្រយោជន៍។ ឧបមា​ថា យើង​ចាត់​ទុក​សុខភាព​ល្អ កម្លាំងកាយ សតិបញ្ញា​និង​លុយ​កាក់​ជា​អ្វី​ដែល​មាន​តម្លៃ។ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​ពេញ​ចិត្ត​ប្រើ​របស់​ទាំង​នេះ​ក្នុង​កិច្ច​បម្រើ​ទ្រង់។ យ៉ាង​នេះ យើង​ធ្វើ​តាម​ដំបូន្មាន​ពី​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ‹ចូរ​ថ្វាយ​កិត្ដិនាម​ដល់​ព្រះ​យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្ដិ​របស់​ឯង​ទាំង​អំបាលម៉ាន​ចុះ!›។—សុ. ៣:៩

២​. ស្តី​អំពី​អ្វី​ដែល​គ្មាន​ប្រយោជន៍ តើ​គម្ពីរ​ព្រមាន​យ៉ាង​ណា? តើ​ការ​ព្រមាន​នេះ​ទាក់ទង​នឹង​របៀប​រស់​នៅ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

២ ផ្ទុយ​ទៅ​វិញ គម្ពីរ​រៀបរាប់​អំពី​អ្វី​ដែល​គ្មាន​តម្លៃ ពីព្រោះ​គ្មាន​ប្រយោជន៍។ ដូច្នេះ យោបល់​ក្នុង​គម្ពីរ​ព្រមាន​ថា កុំ​ឲ្យ​យើង​បង់​ប្រយោជន៍​ដោយ​ស្វែង​រក​របស់​ដែល​គ្មាន​តម្លៃ។ យ៉ាង​នេះ សូម​ពិនិត្យ​មើល​សុភាសិត​មួយ​ដែល​ចែង​ថា​៖ «អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​បាយ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​តាម​សេចក្ដី​ឥត​ប្រយោជន៍ នោះ​គ្មាន​យោបល់​[ឬ​«ខ្វះ​ការ​ពិចារណា»]»។ (សុ. ១២:១១; សុភ. ១២:​១១, ខ.ស.) សុភាសិត​នេះ​ស្រួល​យល់​ណាស់! បើ​បុរស​ម្នាក់​ខំ​ចំណាយ​ពេល​និង​កម្លាំង​ក្នុង​ការ​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​ខ្លួន គាត់​ទំនង​ជា​មិន​ចាំបាច់​ខ្វល់​ខ្វាយ​ឡើយ។ (១ធី. ៥:៨) ប៉ុន្តែ បើ​គាត់​ចំណាយ​ពេល​និង​ធនធាន​របស់​ខ្លួន​ក្នុង​ការ​ដេញ​តាម​អ្វី​ដែល​គ្មាន​ប្រយោជន៍​វិញ នេះ​បង្ហាញ​ថា​គាត់​«ខ្វះ​ការ​ពិចារណា» មិន​ចេះ​គិត​ដោយ​ថ្លឹងថ្លែង ហើយ​គ្មាន​បំណង​ចិត្ត​ល្អ។ ជា​លទ្ធផល គាត់​ច្បាស់​ជា​នឹង​បង់​ប្រយោជន៍​ក្នុង​ជីវិត។

៣​. ស្តី​អំពី​អ្វី​ដែល​គ្មាន​ប្រយោជន៍ តើ​ការ​ព្រមាន​ក្នុង​គម្ពីរ​ទាក់ទង​យ៉ាង​ណា​នឹង​ការ​ថ្វាយ​បង្គំ​របស់​យើង?

៣ តើ​សុភាសិត​នោះ​ទាក់ទង​យ៉ាង​ណា​នឹង​ការ​ថ្វាយ​បង្គំ​របស់​យើង? ពេល​គ្រិស្ត​សាសនិក​ខំ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ស្មោះ​ត្រង់ គាត់​ក៏​មានចិត្ត​ស្ងប់​ពីព្រោះ​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដល់​គាត់​នៅ​ពេល​ឥឡូវ​នេះ ហើយ​គាត់​ក៏​មាន​សេចក្ដី​សង្ឃឹម​ច្បាស់​លាស់​ចំពោះ​ពេល​អនាគត​ដែរ។ (ម៉ាថ. ៦:៣៣; ១ធី. ៤:១០) រីឯ​គ្រិស្ត​សាសនិក​ដែល​អនុញ្ញាត​ឲ្យ​របស់​ដែល​គ្មាន​ប្រយោជន៍​មក​បង្វែរ​ចិត្ត​បំបែរ​អារម្មណ៍​របស់​ខ្លួន អ្នក​នោះ​ងាយ​បង្ខូច​ចំណងមិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយក៏​អាច​បាត់បង់​អនាគត​ល្អ​ផង។ តើ​យើង​អាច​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​បែប​នេះ​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​តែ​ពិចារណា​ជីវិត​របស់​ខ្លួន​ដើម្បី​សម្គាល់​អ្វី​ដែល​«ឥត​ប្រយោជន៍» ហើយ​តាំងចិត្ត​ដើម្បី​បដិសេធ​របស់​ទាំងនោះ​យ៉ាង​ម៉ឺងម៉ាត់។—សូម​អាន ទីតុស ២:​១១, ១២

៤​. បើ​និយាយ​ជា​ទូទៅ តើ​អ្វី​សម្គាល់​ការ​ដ៏​ឥត​ប្រយោជន៍?

៤ ដូច្នេះ តើ​អ្វី​ទៅ​ដែល​គួរ​ចាត់​ទុក​ថា គ្មាន​ប្រយោជន៍? បើ​និយាយ​ជា​ទូទៅ របស់​ដ៏​ឥត​ប្រយោជន៍​នោះ គឺជា​អ្វី​ក៏​ដោយ​ដែល​បង្វែរ​ចិត្ត​បំបែរ​អារម្មណ៍​របស់​យើង ចេញពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត។ ជា​ឧទាហរណ៍ ការ​កម្សាន្ត​សប្បាយ​បែប​ផ្សេងៗ អាច​មាន​លក្ខណៈ​ដ៏​ឥត​ប្រយោជន៍។ តាម​ការ​ពិត ការ​កម្សាន្ត​សម្រាប់​លម្ហើយ​ចិត្ត​លម្ហែ​កាយ​ក៏​មាន​ប្រយោជន៍​ខ្លះៗ​ដែរ។ ប៉ុន្តែ បើ​យើង​ចេះ​តែ​គិត​ពី​ការ​សប្បាយ​រហូត ដល់​ម្ល៉េះ​បានជា​ការ​កម្សាន្ត​ចាប់ផ្ដើម​រំខាន​ដល់​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា នោះ​ជា​ការ​ដែល​ឥត​ប្រយោជន៍​ទៅ​វិញ ពីព្រោះ​អាច​បង្ខូច​ចំណងមិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (សាស. ២:២៤; ៤:៦) ពួក​គ្រិស្ត​សាសនិក​អាច​ជៀសវាង​ពី​គ្រោះ​ថ្នាក់​បែប​នេះ ដោយ​ចាត់​ទុក​ពេល​របស់​ខ្លួន​ជា​អ្វី​ដែល​មាន​តម្លៃ។ ដូច្នេះ យើង​ត្រូវ​ចេះ​ថ្លឹង​ថ្លែង និង​ប្រយ័ត្ន​ប្រ​យែង​ក្នុង​ការ​ចំណាយ​ពេល។ (សូម​អាន កូល៉ុស ៤:៥) តាម​ការ​ពិត មាន​ទង្វើ​ឯ​ទៀត​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ជាង​ការ​កម្សាន្ត​សប្បាយ ដូច​ជា​ការ​គោរព​ព្រះ​ក្លែង​ក្លាយ​ជា​ដើម។

ចូរ​លះ​ចោល​រូប​ព្រះ​ដ៏​ឥត​ប្រយោជន៍

៥​. ក្នុង​គម្ពីរ​ភាសា​ដើម តើ​ពាក្យ​«ឥត​ប្រយោជន៍»​ច្រើន​តែ​សំដៅ​ទៅ​លើ​អ្វី?

៥ គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា ពេល​មាន​ពាក្យ​«ឥត​ប្រយោជន៍»​ក្នុង​គម្ពីរ​ភាសា​ដើម ពាក្យ​នោះ​ច្រើន​តែ​សំដៅ​ទៅ​លើ​ព្រះ​ក្លែង​ក្លាយ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ «មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ​[«ដ៏​ឥត​ប្រយោជន៍»] ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំ​រាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ»។ (លេវី. ២៦:១; ព.ថ.) ស្តេច​ដាវីឌ​បាន​សរសេរ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ធំ ក៏​គួរ​សរសើរ​ណាស់! ហើយ​គួរ​ស្ញែង​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ ពីព្រោះ​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ សុទ្ធតែ​ជា​រូប​ទទេ​[ឬ​«រូប​ព្រះ​ដ៏​ឥត​ប្រយោជន៍»] តែ​ឯ​ព្រះ​យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃមេឃ»។—១របា. ១៦:២៥, ២៦; ព.ថ.

៦​. ហេតុ​អ្វី​បានជា​ព្រះ​ក្លែងក្លាយ​សុទ្ធតែ​ឥត​ប្រយោជន៍?

៦ ស្រប​ទៅ​តាម​អ្វី​ដែល​ដាវីឌ​សរសេរ​នោះ ធម្មជាតិ​នៅ​ជុំវិញ​យើង​ផ្ដល់​ទី​សំ​អាង​ច្រើន​ណាស់! ដែល​បង្ហាញ​ពី​ភាព​ថ្កុំថ្កើង​របស់​ព្រះ​យេហូវ៉ា។ (ទំនុក. ១៣៩:១៤; ១៤៨:១​-​១០) ជន​ជាតិ​អ៊ីស្រាអែល​ពី​បុរាណ​មាន​ឯកសិទ្ធិ​ពិសេស ជា​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ចង​សម្ព័ន្ធ​មេត្រី​ជា​មួយ។ ដូច្នេះ ពេល​ពួក​គេ​ងាក​ចេញពី​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដោយ​ក្រាប​សំពះ​នៅ​ចំពោះ​រូប​ឆ្លាក់​និង​បង្គោល​ថ្ម​វិញ នោះ​ពួក​គេ​ពិតជា​ល្ងីល្ងើ​មែន! ពេល​មាន​គ្រា​អាសន្ន ព្រះ​ក្លែង​ក្លាយ​ទាំង​នោះ​សុទ្ធតែ​ឥត​ប្រយោជន៍ ពីព្រោះ​គ្មាន​សមត្ថភាព​ជួយ​អ្នក​ថ្វាយ​បង្គំ​ផង ដូច​ជា​គ្មាន​សមត្ថភាព​ជួយ​ខ្លួនឯង​ដែរ។—ចៅ. ១០:១៤, ១៥; អេសា. ៤៦:៥​-​៧

៧, ៨​. តើ​«ទ្រព្យ​សម្បត្ដិ»​អាច​ក្លាយទៅជា​មាន​លក្ខណៈ​ដូច​ជា​ព្រះ​យ៉ាង​ដូច​ម្ដេច?

៧ មនុស្ស​នៅ​ប្រទេស​ជា​ច្រើន​សព្វថ្ងៃ​នេះ ក៏​ក្រាប​សំពះ​នៅ​ចំពោះ​រូប​ព្រះ​ដែល​ជាង​បាន​ឆ្លាក់។ រូប​បដិមា​ទាំងនោះ​ក៏​ឥត​ប្រយោជន៍​ដូច​ជា​រូប​ព្រះ​ពី​បុរាណ។ (១យ៉ូន. ៥:២១) ប៉ុន្តែ ក្រៅពី​រូបចម្លាក់ គម្ពីរ​ក៏​រៀប​រាប់​អំពី​របស់​ឯ​ទៀត​ដែរ ថា​មាន​លក្ខណៈ​ដូច​ជា​ព្រះ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ពាក្យ​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះត្រង់​នឹង​១ ហើយ​មើល​ងាយ​១។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ»។—ម៉ាថ. ៦:២៤

៨ តើ​«ទ្រព្យ​សម្បត្ដិ»​អាច​ក្លាយទៅជា​មាន​លក្ខណៈ​ដូច​ជា​ព្រះ​យ៉ាង​ដូច​ម្ដេច? ឧបមា​ថា មាន​ដុំ​ថ្ម​ធំ​មួយ​នៅ​ឯ​វាល​នា​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ។ ថ្ម​នោះ​អាច​មាន​ប្រយោជន៍​មែន បើ​គេ​យក​ទៅ​ធ្វើ​ជា​របង​ឬ​ជញ្ជាំង​ផ្ទះ។ ក៏​ប៉ុន្តែ បើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​យក​ថ្ម​នោះ​ទៅ​«ឆ្លាក់​ជា​រូប»​ឬ​តាំង​ឡើង​ជា​«បង្គោល​ថ្ម​សំ​រាប់​គោរព» នេះ​អាច​ផ្ដល់​ហេតុ​ឲ្យ​ពួក​គេ​ងាក​ចេញពី​ការ​ថ្វាយ​បង្គំ​ព្រះ​ពិត។ (លេវី. ២៦:​១) ដូច​ជា​ថ្ម​នៅ​ឯ​វាល​នោះ លុយ​ក៏​មាន​ប្រយោជន៍​ដែរ។ ក្នុង​ពិភព​លោក​នេះ យើង​ត្រូវការ​លុយ​កាក់​ដើម្បី​រស់​បាន ហើយ​យើង​ក៏​អាច​ប្រើ​ធនធាន​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ (សាស. ៧:១២; លូ. ១៦:​៩) ប៉ុន្តែ បើ​ការ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​បែរ​ជា​មាន​អាទិភាព​ក្នុង​ជីវិត ជា​ជាង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា យ៉ាង​នេះ​លុយ​កាក់​បាន​ក្លាយ​ទៅ​ជា​ព្រះ​ដែល​យើង​គោរព។ (សូម​អាន ធីម៉ូថេទី១ ៦:៩, ១០) ក្នុង​ពិភព​លោក​ដែល​ចាត់​ទុក​ការ​ប្រមូល​វត្ថុ​ទ្រព្យ​ជា​អ្វី​ដែល​សំខាន់​ចម្បង គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​ចេះ​គិត​ដោយ​ថ្លឹងថ្លែង​អំពី​រឿង​នេះ។—១ធី. ៦:១៧​-​១៩

៩, ១០​. (ក) តើ​ពួក​គ្រិស្ត​សាសនិក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​អប់រំ? (ខ) តើ​ការ​អប់រំ​ជាន់​ខ្ពស់​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បែប​ណាខ្លះ?

៩ ការ​អប់រំ​ក៏​ជា​អ្វី​ដ៏​ល្អ​ដែល​អាច​ក្លាយ​ទៅ​ជា​អ្វី​ដ៏​ឥត​ប្រយោជន៍​ដែរ។ យើង​ប្រាថ្នា​ចង់​ឲ្យ​កូន​ទទួល​ការ​អប់រំ​ល្អ ដើម្បី​ឲ្យ​បាន​ជីវិត​ល្អ​ប្រសើរ។ សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​អប់រំ​ល្អ​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ឆាប់​យល់​អ្វី​ដែល​គេ​អាន​ក្នុង​គម្ពីរ និង​ជួយ​ឲ្យ​ចេះ​គិត​ថ្លឹងថ្លែង​ពេល​មាន​បញ្ហា ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ។ ការ​អប់រំ​ល្អ​ក៏​អាច​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ចេះ​បង្រៀន​អ្នក​ឯ​ទៀត​នូវ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​យ៉ាង​ច្បាស់​លាស់ ហើយ​ដោយ​ជំរុញ​ចិត្ត​ផង។ ការ​អប់រំ​ល្អ​តម្រូវ​ឲ្យ​យើង​រៀន​យូរ​បន្ដិច ប៉ុន្តែ​នេះ​មាន​ប្រយោជន៍​មែន។

១០ ចុះ​យ៉ាង​ណា​ចំពោះ​ការ​អប់រំ​ជាន់​ខ្ពស់​នៅ​ឯ​មហា​វិទ្យាល័យ​និង​សកល​វិទ្យាល័យ​វិញ? មនុស្ស​ជា​ច្រើន​គិត​ថា ជីវិត​ល្អ​ពឹង​ផ្អែក​ទៅ​លើ​ការ​អប់រំ​បែប​នេះ។ ប៉ុន្តែ​តាម​ការ​ពិត អ្នក​ដែល​ទទួល​ការ​អប់រំ​ជាន់​ខ្ពស់ អាច​មាន​គំនិត​ពេញ​ទៅ​ដោយ​ទស្សនៈ​មិន​ល្អ​របស់​ពិភព​លោក​នេះ។ តាម​ធម្មតា ពេល​ពួក​ក្រមុំ​កំលោះ​រៀន​ច្រើន​បែប​នេះ នោះ​អាច​ស៊ី​ពេល​អស់ ដល់​ម្ល៉េះ​បាន​ជា​គេ​អត់​សូវ​មាន​ពេល​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ (សាស. ១២:១) នៅ​ប្រទេស​ដែល​គេ​ចាត់​ទុក​ការ​អប់រំ​ជាន់​ខ្ពស់​ជា​ការ​សំខាន់ មិនជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​មនុស្ស​តិច​ណាស់ ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ព្រះ។ រីឯ​ពួក​គ្រិស្ត​សាសនិក​វិញ ពួក​គេ​តែង​តែ​ពឹង​ដល់​ព្រះ​យេហូវ៉ា​ជា​ជាង​រក​ជីវិត​ល្អ​តាម​រយៈ​ការ​អប់រំ​ជាន់​ខ្ពស់។—សុ. ៣:៥

កុំ​ឲ្យ​ចិត្ត​ល្មោភ​គ្រប់គ្រង​លើ​យើង​ដូច​ជា​ព្រះ

១១, ១២​. ហេតុ​អ្វី​បានជា​ប៉ុល​ពិពណ៌នា​អំពី​អ្នក​ខ្លះ​ថា ជា​អ្នក​ដែល​«យក​ពោះ​គេ​ទុកជា​ព្រះ»?

១១ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ដល់​ក្រុម​ជំនុំ​នៅ​ទីក្រុង​ភីលីព គាត់​រៀប​រាប់​អំពី​អ្វី​ទៀត​ដែល​អាច​ក្លាយ​ទៅ​ជា​មាន​លក្ខណៈ​ដូច​ជា​ព្រះ​ដែល​យើង​គោរព។ ប៉ុល​រៀបរាប់​អំពី​អ្នក​ខ្លះ​ដែល​ធ្លាប់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ថា​៖ ‹មាន​គ្នា​ច្រើន​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវនេះ​ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​គ្រីស្ទ​ទេ។ ចុង​បំផុត​របស់​គេ​ជា​សេចក្ដី​ហិន​វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ›។ (ភី. ៣:​១៨, ១៩) តើ​មនុស្ស​អាច​គោរព​ពោះ​និង​ក្រពះ​របស់​ខ្លួន​ទុកជា​ព្រះ​យ៉ាង​ដូច​ម្ដេច?

១២ តាម​មើល​ទៅ អ្នក​ទាំង​នោះ​ដែល​ធ្លាប់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា បាន​បែរ​ជា​ចាត់​ទុក​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ជា​អ្វី​ដែល​សំខាន់​ជាង​ការ​រួម​ចំណែក​ជា​មួយ​ប៉ុល​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ប្រហែល​ជា​អ្នក​ខ្លះ​ចាប់​ផ្ដើម​មាន​ទម្លាប់​ស៊ី​ផឹក​ជ្រុល ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​ប្រមឹក​ស្រា និង​ល្មោភ​ស៊ី។ (សុ. ២៣:២០, ២១; សូម​ពិនិត្យ​បន្ថែម ចោទិយកថា ២១:១៨​-​២១) អ្នក​ឯ​ទៀត​ប្រហែល​ជា​ចង់​បាន​ជីវិត​ធូរធារ​សម្បូរ​សប្បាយ ហើយ​បាន​អនុញ្ញាត​ឲ្យ​ការ​រកស៊ី​នៅ​សតវត្សរ៍​ទី​១​នោះ បង្វែរ​ចិត្ត​បំបែរ​អារម្មណ៍​របស់​ពួក​គេ​ចេញ​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ កុំ​ឲ្យ​ចិត្ត​ប្រាថ្នា​ចង់​បាន​ជីវិត​ស្រណុក​ស្រួល​បណ្ដាល​ឲ្យ​យើង​ឈប់​ធ្វើ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់ពី​ចិត្ត​ឡើយ។—កូល. ៣:​២៣, ២៤

១៣​. (ក) តើ​សេចក្ដី​លោភ​មាន​ន័យ​អ្វី? តើ​ប៉ុល​បាន​ប្រៀប​ធៀប​សេចក្ដី​លោភ​ទៅ​នឹង​អ្វី? (ខ) តើ​យើង​អាច​ជៀសវាង​ពី​សេចក្ដី​លោភ​យ៉ាង​ដូច​ម្ដេច?

១៣ ប៉ុល​ក៏​បាន​រៀបរាប់​អំពី​អ្វី​ទៀត​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ។ ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​សំ​ឡា​ប់​និស្ស័យ​សាច់ឈាម​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​ផែនដី​នេះ​ចេញ គឺជា​ការ​សហាយ​ស្មន់ ស្មោក​គ្រោក សំ​រើប​សំ​រាល ប៉ង​ប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ​ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ»។ (កូល. ៣:៥, កំណែ​ជា​អក្សរ​ទ្រេត) សេចក្ដី​លោភ​ជា​ចិត្ត​ដែល​ចង់​បាន​យ៉ាង​ខ្លាំង នូវ​អ្វី​ដែល​ខ្លួន​មិន​ទាន់​មាន។ មនុស្ស​អាច​លោភ​ចង់​បាន​វត្ថុ​ទ្រព្យ និង​ល្មោភ​កាម​ក៏​មាន​ដែរ។ (និក្ខ. ២០:១៧) គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់! ដែល​ចិត្ត​ល្មោភ​ចង់​បាន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ មែន​ទេ? ព្រះ​យេស៊ូ​ក៏​បាន​ជូន​យោបល់​ដោយ​ប្រើ​ពាក្យ​ប្រៀប​ធៀប​ដែល​បង្ហាញ​ថា គប្បី​ឲ្យ​យើង​ធ្វើ​អ្វី​ក៏​ដោយ​ដើម្បី​យក​ឈ្នះ​ចំណង់​ចំណូល​ចិត្ត​មិន​ល្អ។—សូម​អាន ម៉ាកុស ៩:៤៧; ១យ៉ូន. ២:១៦

ចូរ​ប្រយ័ត្ន​នឹង​ពាក្យ​ដ៏​ឥត​ប្រយោជន៍

១៤, ១៥​. (ក) នៅ​សម័យ​យេរេមា តើ​«សេចក្ដី​ឥត​ប្រយោជន៍»​អ្វី​ដែល​បាន​បណ្ដាល​ឲ្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​រង​គ្រោះ​ថ្នាក់? (ខ) ហេតុ​អ្វី​បានជា​ពាក្យ​របស់​ម៉ូសេ​មាន​ប្រយោជន៍?

១៤ របស់​ដ៏​ឥត​ប្រយោជន៍​ក៏​អាច​រួម​បញ្ចូល​ពាក្យ​ផង​ដែរ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេរេមា​ថា​៖ «ពួក​ហោរា​គេ​ទាយ​កុហក​ដោយនូវ​ឈ្មោះ​អញ​ទេ។ អញ​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ។ គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ពី​ការ​ជាក់ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺជា​សេចក្ដី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ»។ (យេ. ១៤:១៤, កំណែ​ជា​អក្សរ​ទ្រេត) ហោរា​ទាំងនោះ​បាន​អះអាង​ថា គេ​ប្រកាស​សារ​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​តាម​ការ​ពិត ពួក​គេ​បាន​បញ្ចេញ​មតិ​និង​ប្រាជ្ញា​របស់​ខ្លួន​ប៉ុណ្ណោះ។ អាស្រ័យ​ហេតុ​នេះ ពាក្យ​របស់​ពួក​គេ​សុទ្ធតែ​«ឥត​ប្រយោជន៍​ទទេ»។ សារ​ដែល​ពួក​គេ​ផ្សាយ គ្មាន​តម្លៃ​ទាល់តែ​សោះ ហើយក៏​អាច​បង្ខូច​ជំនឿ​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ផង។ នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ជន​ជាតិ​អ៊ីស្រាអែល​ច្រើន​នាក់​ដែល​បាន​ស្ដាប់​តាម​ពាក្យ​ដ៏​ឥត​ប្រយោជន៍​របស់​ហោរា​ទាំងនោះ បាន​ស្លាប់​មុន​អាយុ​ពេល​ទ័ព​ជន​ជាតិ​បាប៊ីឡូន​បាន​ទន្ទ្រាន​ចូល​ស្រុក​របស់​គេ។

១៥ រីឯ​លោក​ម៉ូសេ​វិញ គាត់​ដាស់តឿន​ពួក​អ៊ីស្រាអែល​ថា​៖ «ចូរ​យក​ចិត្ត​ទុកដាក់​នឹង​ពាក្យ​ទាំងអស់​ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ! . . . នេះ​មិនមែន​ជា​សេចក្ដី​ឥត​ប្រយោជន៍​ដល់​ឯង​រាល់​គ្នា​ទេ គឺជា​ជីវិត​ដល់​ឯង​រាល់​គ្នា​វិញ ហើយដោយ​សារ​សេចក្ដី​នេះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ជីវិត​ជា​យូរអង្វែង​តទៅ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​នឹង​ឆ្លងទន្លេ​យ័រដាន់​ចូល​ទៅ​ចាប់​យក​នោះ»។ (ចោទិ. ៣២:៤៦, ៤៧) ត្រូវ​មែន! ពាក្យ​ដែល​ម៉ូសេ​ពោល​នោះ មក​ពី​ព្រះ​យេហូវ៉ា​វិញ។ ហេតុនេះ​ហើយ​បានជា​ពាក្យ​របស់​ម៉ូសេ​មាន​ប្រយោជន៍ ហើយក៏​ជា​ពាក្យ​ដ៏​សំខាន់​ចាំបាច់​ដែរ ដើម្បី​ជួយ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​បាន​សុខ។ អស់​អ្នក​ដែល​បាន​ធ្វើ​តាម​ពាក្យ​របស់​ម៉ូសេ ក៏​មាន​អាយុ​វែង​និង​ភាព​ចម្រុង​ចម្រើន។ ចូរ​ឲ្យ​យើង​លះ​ចោល​និង​បដិសេធ​ពាក្យ​ដ៏​ឥត​ប្រយោជន៍​ជា​និច្ច ថែម​ទាំង​កាន់​ខ្ជាប់​នឹង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដែល​សុទ្ធ​តែ​ជា​ពាក្យ​ពិត ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍។

១៦​. តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ពំនោល​របស់​អ្នក​វិទ្យាសាស្ត្រ​ដែល​ប្រឆាំង​នឹង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា?

១៦ នៅ​សព្វថ្ងៃ​នេះ តើ​មាន​អ្នក​ពោល​ពាក្យ​ដ៏​ឥត​ប្រយោជន៍​ដែរ​ឬ​ទេ? ពិតជា​មាន​មែន! ជា​ឧទាហរណ៍ អ្នក​វិទ្យាសាស្ត្រ​ខ្លះ​អះអាង​ថា អ្វី​ដែល​ពួក​គេ​បាន​ស្រាវជ្រាវ រួម​ជា​មួយ​ទ្រឹស្តី​វិវត្តន៍​ផង បង្ហាញ​ថា​មិន​ចាំបាច់​ឲ្យ​យើង​ជឿ​ទៅ​លើ​ព្រះ​ទៀត​ទេ ពីព្រោះ​គេ​មាន​ភ័ស្តុតាង​ច្រើន​ដែល​អាច​ពន្យល់​អំពី​កំណើត​ធម្មជាតិ ថា​កើត​មក​ដោយ​ឯក​ឯង។ តើ​យើង​គួរ​ខ្វល់ខ្វាយ​ទេ ពេល​ឮ​គេ​ពោល​ពាក្យ​អំណួត​បែប​នេះ? យើង​មិន​ចាំបាច់​ខ្វល់​ខ្វាយ​ទេ! ប្រាជ្ញា​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ ខុស​គ្នា​ឆ្ងាយ​ពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា។ (១កូ. ២:៦, ៧) ក្នុង​ករណី​នេះ យើង​ធ្លាប់​ឃើញ​ថា ពេល​មនុស្ស​បង្រៀន​អ្វី​ដែល​ខុស​ផ្ទុយ​ពី​ព្រះ​យេហូវ៉ា នោះ​សេចក្ដី​បង្រៀន​របស់​មនុស្ស​តែងតែ​ខុស​ទៅ​វិញ។ (សូម​អាន រ៉ូម ៣:៤) ទោះជា​ពួក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​រក​អ្វីៗ​ដ៏​អស្ចារ្យ​ក៏​ដោយ អ្វី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ស្តី​អំពី​អ្នក​ប្រាជ្ញ នៅ​តែ​ពិត​នៅ​ឡើយ។ គម្ពីរ​ចែង​ថា​៖ «ប្រាជ្ញា​របស់​លោកីយ​នេះ ជា​សេចក្ដី​ល្ងង់​ល្ងើ​នៅ​ចំពោះ​ព្រះ»។ ដោយ​សារ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គ្មាន​ព្រំដែន នោះ​គំនិត​របស់​អ្នកប្រាជ្ញ​មើល​ទៅ​ដូច​ជា​ឥត​ប្រយោជន៍​វិញ។—១កូ. ៣:​១៨​-​២០

១៧​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពាក្យ​ដែល​មេដឹកនាំ​ពិភព​គ្រិស្ត​សាសនា​និង​អ្នក​ក្បត់​ជំនឿ​ផ្សព្វ​ផ្សាយ?

១៧ អ្វី​ដែល​មេដឹកនាំ​ពិភព​គ្រិស្ត​សាសនា​ផ្សព្វផ្សាយ ក៏​ជា​ពាក្យ​ដ៏​ឥត​ប្រយោជន៍​ដែរ។ ពួក​គេ​អះអាង​ថា គេ​ជា​គ្រូបង្រៀន​ដែល​ផ្សាយ​ពាក្យ​របស់​ព្រះ ប៉ុន្តែ​អ្វីៗ​ជា​ច្រើន​ដែល​គេ​និយាយ​នោះ មិន​មាន​មូលដ្ឋាន​លើ​គម្ពីរ​ទេ។ ដូច្នេះ សេចក្ដី​បង្រៀន​របស់​ពួក​គេ​សុទ្ធតែ​ឥត​ប្រយោជន៍​ទទេ។ អ្នក​ក្បត់​ជំនឿ​ក៏​ពោល​ពាក្យ​ដ៏​ឥត​ប្រយោជន៍​ដែរ ពីព្រោះ​គេ​បញ្ចេញ​មតិ​ហាក់​ដូច​ជា​ចេះ​ច្រើន​ជាង​«អ្នក​បំរើ​ស្មោះត្រង់»​ទៅ​ទៀត។ (ម៉ាថ. ២៤:៤៥​-​៤៧) ប៉ុន្តែ​តាម​ការ​ពិត អ្នក​ក្បត់​ជំនឿ​បញ្ចេញ​មតិ​របស់​ខ្លួន​គេ​ប៉ុណ្ណោះ ហើយ​ពាក្យ​របស់​គេ​សុទ្ធតែ​ឥត​ប្រយោជន៍ ពី​ព្រោះ​នាំ​ឲ្យ​អ្នក​ដែល​ជឿ​តាម​រវាត​ចិត្ត​វិញ។ (លូ. ១៧:១, ២) តើ​យើង​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​មិន​ឲ្យ​អ្នក​ក្បត់​ជំនឿ​បន្លំ​យើង?

វិធី​លះ​ចោល​ពាក្យ​ដ៏​ឥត​ប្រយោជន៍

១៨​. តើ​យើង​អាច​ធ្វើ​តាម​យោបល់​ក្នុង​សៀវភៅ​យ៉ូហាន​ទី​១ ៤:១ ដោយ​របៀប​ណាខ្លះ?

១៨ ពេល​មាន​វ័យ​ចាស់​ហើយ សាវ័ក​យ៉ូហាន​បាន​ជូន​យោបល់​ល្អ​ស្តី​អំពី​វិធី​បដិសេធ​ពាក្យ​ដ៏​ឥត​ប្រយោជន៍។ (សូម​អាន យ៉ូហានទី១ ៤:​១) ពេល​ផ្សព្វផ្សាយ ចូរ​ឲ្យ​យើង​លើក​ទឹកចិត្ត​អ្នក​ដែល​យើង​ជួប ឲ្យ​ធ្វើ​តាម​ពាក្យ​របស់​យ៉ូហាន ហើយ​សាក​ល្បង​ឬ​ពិនិត្យ​មើល​អ្វី​ដែល​គេ​បាន​រៀន ថា​តើ​ដូច​នឹង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ឬ​យ៉ាង​ណា? គប្បី​ឲ្យ​យើង​ធ្វើ​ដូច​នេះ​ដែរ។ បើ​យើង​ឮ​គេ​ថា អ្វី​ដែល​យើង​កំពុង​រៀន មិន​មែន​ត្រឹមត្រូវ​ទេ ឬ​ក៏​ឮ​គេ​រិះគន់​បង​ប្អូន ក្រុម​ជំនុំ​ឬ​អ្នក​ចាស់ទុំ យើង​មិន​ត្រូវ​ឆាប់​ជឿ​ពេក​ទេ។ ផ្ទុយ​ទៅ​វិញ យើង​សួរ​ខ្លួនឯង​ថា «តើ​អ្នក​ដែល​និយាយ​អ៊ីចឹង កំពុង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ឬ​ទេ? តើ​រឿង​ដែល​គាត់​ប្រាប់​នោះ ស៊ីគ្នា​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ទេ? តើ​អំណះអំណាង​របស់​គាត់​ជួយ​បណ្ដាល​ឲ្យ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​មាន​សាមគ្គី​ភាព​ឬ?»។ អ្វីៗ​ដែល​យើង​ឮ​គេ​ថា ដែល​សម្រាប់​ផ្ដួល​ឬ​តិះដៀល​បង​ប្អូន​រួម​ជំនឿ ជា​ជាង​ស្អាង​ឬ​លើក​ទឹក​ចិត្ត​ពួក​គេ នោះ​ជា​ពាក្យ​ដែល​សុទ្ធតែ​ឥត​ប្រយោជន៍​ទទេ។—២កូ. ១៣:១០, ១១

១៩​. ដើម្បី​ជៀស​វាង​ពី​ការ​ពោល​ពាក្យ​ដ៏​ឥត​ប្រយោជន៍ តើ​អ្នក​ចាស់ទុំ​ធ្វើ​ដូច​ម្ដេច?

១៩ ពួក​អ្នក​ចាស់ទុំ​ក៏​គួរ​ទាញ​យក​មេរៀន​ល្អ​ដែរ ស្តី​អំពី​ពាក្យ​ដ៏​ឥត​ប្រយោជន៍។ ពេល​ត្រូវ​ជូន​ឱវាទ ពួក​អ្នក​ចាស់ទុំ​នឹក​ចាំ​ថា ពួក​គាត់​មិន​ចេះ​ទាំងអស់​ទេ។ ដូច្នេះ អ្នក​ចាស់ទុំ​មិន​ជូន​ឱវាទ​ដោយ​ពឹង​ទៅ​លើ​ចំណេះ​និង​បទ​ពិសោធន៍​របស់​ខ្លួន​ឡើយ។ អ្នក​ចាស់ទុំ​គួរ​តែ​ដៅ​បញ្ជាក់​ពី​អ្វី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​វិញ។ ក្នុង​សំណេរ​របស់​សាវ័ក​ប៉ុល​មាន​ខ្នាត​តម្រា​ដ៏​ល្អ​មួយ​ដែល​ថា​៖ «មិន​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក»​ទេ។ (១កូ. ៤:៦) អ្នក​ចាស់ទុំ​មិន​ជូន​យោបល់​ឬ​បង្រៀន​អ្វី​ដែល​មិន​បាន​ចែង​ទុក​ក្នុង​គម្ពីរ​ឡើយ។ ណា​មួយ​ទៀត អ្នក​ចាស់ទុំ​មិន​ផ្ដល់​ឱវាទ​ហួស​លើស​ពី​អ្វី​ដែល​អ្នក​បម្រើ​ស្មោះ​ត្រង់​បាន​បោះពុម្ព​ក្នុង​សៀវភៅ​ផ្សេងៗ ដែល​តែង​តែ​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែរ។

២០​. តើ​អ្វី​ជួយ​យើង​ឲ្យ​លះ​ចោល​របស់​ដ៏​ឥត​ប្រយោជន៍?

២០ របស់​ដ៏​ឥត​ប្រយោជន៍ មិន​ថា​ជា​«រូប​ព្រះ» ពាក្យ​សម្ដី​ឬ​អ្វីៗ​ទៀត​ក្ដី តែងតែ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ អាស្រ័យ​ហេតុនេះ យើង​អធិដ្ឋាន​សូម​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ជា​និច្ច ដើម្បី​ឲ្យ​ចេះ​សម្គាល់​អ្វី​ដែល​គ្មាន​ប្រយោជន៍ ព្រម​ទាំង​រក​ការ​ណែនាំ​ពី​ទ្រង់​ដើម្បី​លះ​ចោល និង​បដិសេធ​របស់​ដ៏​ឥត​ប្រយោជន៍​ទាំងនោះ។ ពេល​ដែល​យើង​ធ្វើ​ដូច្នេះ គឺ​ហាក់​ដូច​ជា​យើង​មាន​ទស្សនៈ​ដូច​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​ថា​៖ «សូម​បង្វែរ​ភ្នែក​ទូល​បង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​ទូល​បង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់»។ (ទំនុក. ១១៩:៣៧) ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិភាក្សា​បន្ថែម​ទៅ​ទៀត​អំពី​ប្រយោជន៍​ដែល​យើង​ទទួល ពេល​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• បើ​និយាយ​ជា​ទូទៅ តើ​យើង​គួរ​លះ​ចោល​អ្វីខ្លះ​ទុកជា​ការ​ដ៏​«ឥត​ប្រយោជន៍»?

• តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​ជៀសវាង​មិន​ឲ្យ​ទ្រព្យ​សម្បត្ដិ​ក្លាយទៅជា​មាន​លក្ខណៈ​ដូច​ជា​ព្រះ?

• តើ​ចិត្ត​ល្មោភ​អាច​រាប់​ទុកដូចជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​យ៉ាង​ដូច​ម្ដេច?

• តើ​យើង​អាច​លះ​ចោល​ពាក្យ​ដ៏​ឥត​ប្រយោជន៍​ដោយ​វិធី​ណាខ្លះ?

[រូបភាព​នៅ​ទំព័រ​៨]

ព្រះ​យេហូវ៉ា​លើក​ទឹកចិត្ត​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​«ធ្វើ​ស្រែ​ខ្លួន» និង​មិន​ដេញ​តាម​អ្វី​ដែល​ឥត​ប្រយោជន៍

[រូបភាព​នៅ​ទំព័រ​៩]

កុំ​ឲ្យ​សេចក្ដី​ប្រាថ្នា​ចង់​បាន​វត្ថុ​ទ្រព្យ នាំ​ឲ្យ​យើង​ធ្វើ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​តិច​ជាង​មុន

[រូបភាព​នៅ​ទំព័រ​១០]

ពួក​អ្នក​ចាស់ទុំ​អាច​ពោល​ពាក្យ​ដែល​មាន​ប្រយោជន៍​ច្រើន​ណាស់!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក