«ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១»
«ចូរស្ដាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១»។ —ចោទិយកថា ៦:៤
១, ២. (ក) ហេតុអ្វីមនុស្សជាច្រើនស្គាល់ពាក្យនៅចោទិយកថា ៦:៤? (ខ) ហេតុអ្វីម៉ូសេនិយាយពាក្យទាំងនេះ?
អស់រាប់រយឆ្នាំមកហើយ ជនជាតិយូដាបានប្រើពាក្យនៅចោទិយកថា ៦:៤ជាផ្នែកមួយក្នុងសេចក្ដីអធិដ្ឋានដ៏ពិសេស។ សេចក្ដីអធិដ្ឋាននេះបានត្រូវហៅថាសេម៉ា ដែលជាពាក្យផ្ដើមនៃខគម្ពីរនេះជាភាសាហេប្រឺ។ ជនជាតិយូដាជាច្រើននាក់សូត្រសេចក្ដីអធិដ្ឋាននេះជារៀងរាល់ថ្ងៃនៅពេលព្រឹកនិងពេលល្ងាច ដើម្បីបង្ហាញថាពួកគេមានភក្ដីភាពផ្ដាច់មុខចំពោះព្រះ។
២ ពាក្យទាំងនេះគឺជាផ្នែកមួយនៃសុន្ទរកថាចុងក្រោយដែលម៉ូសេបានថ្លែងប្រាប់ប្រជាជាតិអ៊ីស្រាអែល។ នៅឆ្នាំ១៤៧៣ មុនគ.ស. ប្រជាជាតិនេះបានរស់នៅក្នុងស្រុកម៉ូអាប់ ត្រៀមខ្លួនដើម្បីឆ្លងទន្លេយ៉ូដាន់ ហើយដណ្ដើមយកស្រុកដែលព្រះបានសន្យា។ (ចោទិយកថា ៦:១) ម៉ូសេបានដឹកនាំបណ្ដាជននេះអស់រយៈពេល៤០ឆ្នាំ ហើយគាត់ចង់ឲ្យពួកគេមានចិត្តក្លាហានដើម្បីប្រឈមមុខនឹងទុក្ខលំបាកដែលនឹងមកដល់។ ពួកគេត្រូវទុកចិត្តទៅលើព្រះយេហូវ៉ាដែលជាព្រះរបស់ពួកគេ ហើយត្រូវនៅស្មោះត្រង់ចំពោះលោក។ ដូច្នេះ ពាក្យចុងក្រោយរបស់ម៉ូសេបានលើកទឹកចិត្តពួកគេឲ្យធ្វើដូច្នេះ។ ក្រោយពីគាត់បានរៀបរាប់អំពីបញ្ញត្ដិ១០ប្រការ និងច្បាប់ផ្សេងទៀតដែលមកពីព្រះយេហូវ៉ា ម៉ូសេបានប្រាប់បណ្ដាជនអំពីសេចក្ដីរំលឹកដ៏សំខាន់នៅចោទិយកថា ៦:៤, ៥ (សូមអាន)។
៣. តើយើងនឹងពិចារណាសំណួរអ្វីខ្លះនៅអត្ថបទនេះ?
៣ ជនជាតិអ៊ីស្រាអែលបានដឹងថាព្រះយេហូវ៉ាដែលជាព្រះរបស់ពួកគេ គឺជា«ព្រះយេហូវ៉ាតែ១»។ ជនជាតិអ៊ីស្រាអែលដែលស្មោះត្រង់បានគោរពប្រណិប័តន៍ព្រះតែមួយដែលជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ដូច្នេះ ហេតុអ្វីម៉ូសេបានរំលឹកពួកគេថាព្រះយេហូវ៉ាដែលជាព្រះរបស់ពួកគេ គឺជា«ព្រះយេហូវ៉ាតែ១»? តើសេចក្ដីពិតនេះនិងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះដោយអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំងរបស់យើងជាប់ទាក់ទងគ្នាយ៉ាងដូចម្ដេច? ម្យ៉ាងទៀត សព្វថ្ងៃនេះ តើពាក្យនៅចោទិយកថា ៦:៤, ៥ជាប់ទាក់ទងនឹងយើងយ៉ាងដូចម្ដេច?
ព្រះរបស់យើងគឺ«ព្រះយេហូវ៉ាតែ១»
៤, ៥. (ក) តើអ្វីជាអត្ថន័យមួយនៃពាក្យ«ព្រះយេហូវ៉ាតែ១»? (ខ) តើព្រះយេហូវ៉ាខុសប្លែកពីព្រះនានារបស់ប្រជាជាតិផ្សេងៗយ៉ាងណា?
៤ ពិសេសតែមួយ។ ពាក្យ«ព្រះយេហូវ៉ាតែ១»មានន័យថាព្រះយេហូវ៉ាគឺពិសេសតែមួយ គ្មានអ្វីស្មើលោក ឬដូចលោកឡើយ។ ហេតុអ្វីម៉ូសេបានប្រើពាក្យនេះ? តាមមើលទៅគាត់មិនបានព្យាយាមបញ្ជាក់ថាសេចក្ដីបង្រៀនមិនពិតស្តីអំពីព្រះបីអង្គរួមជាព្រះតែមួយគឺជាការខុសឡើយ។ ព្រះយេហូវ៉ាគឺជាអ្នកបង្កើតស្ថានសួគ៌និងផែនដី ហើយជាអ្នកគ្រប់គ្រងលើសកលលោក។ លោកគឺជាព្រះពិតតែមួយ ហើយគ្មានព្រះឯណាដូចលោកឡើយ។ (សាំយូអែលទី២ ៧:២២) ដូច្នេះ ពាក្យរបស់ម៉ូសេបានរំលឹកជនជាតិអ៊ីស្រាអែលថាពួកគេគួរគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។ ពួកគេមិនគួរយកតម្រាប់មនុស្សដែលរស់នៅជុំវិញពួកគេ ជាពួកអ្នកដែលបានគោរពបូជាព្រះមិនពិតជាច្រើន។ ពួកអ្នកទាំងនោះបានជឿថាព្រះរបស់ពួកគេអាចគ្រប់គ្រងលើធាតុផ្សេងៗក្នុងធម្មជាតិ។
៥ ជាឧទាហរណ៍ ជនជាតិអេស៊ីបបានគោរពបូជាព្រះរ៉ាដែលជាព្រះនៃព្រះអាទិត្យ ព្រះណាត់ដែលជាព្រះនៃមេឃ ព្រះហ្គិបដែលជាព្រះនៃផែនដី ព្រះហាភីដែលជាព្រះនៃទន្លេនីល ព្រមទាំងសត្វជាច្រើនដែរ។ ព្រះយេហូវ៉ាបានបង្ហាញថាលោកខ្ពង់ខ្ពស់ជាងព្រះមិនពិតទាំងនោះពេលដែលលោកបានធ្វើឲ្យមានសេចក្ដីវេទនា១០ប្រការ។ ព្រះធំចម្បងរបស់ជនជាតិកាណានគឺព្រះបាល ដែលជាព្រះមិនពិតដែលពួកគេជឿថាបានបង្កើតជីវិតទាំងឡាយ។ ពួកគេក៏ជឿដែរថាព្រះបាលគឺជាព្រះនៃមេឃ ភ្លៀង និងខ្យល់ព្យុះ។ នៅកន្លែងជាច្រើន បណ្ដាជនបានពឹងផ្អែកព្រះបាលឲ្យការពារពួកគេ។ (ជនគណនា ២៥:៣) ជនជាតិអ៊ីស្រាអែលត្រូវចាំថាព្រះរបស់ពួកគេដែលជា«ព្រះពិត»គឺពិសេសតែមួយ។ លោកគឺជា«ព្រះយេហូវ៉ាតែ១»។—ចោទិយកថា ៤:៣៥, ៣៩, ព.ថ.
ព្រះយេហូវ៉ាមិនមានចិត្តរេឬប្រែប្រួលឡើយ។ លោកតែងតែស្មោះត្រង់ មានភក្ដីភាព និងពិតត្រង់
៦, ៧. តើអ្វីជាអត្ថន័យមួយទៀតនៃពាក្យ«តែ១» ហើយតើព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាលោក«តែ១»?
៦ មិនប្រែប្រួលនិងមានភក្ដីភាព។ ពាក្យ«តែ១»ដែលនៅក្នុងពាក្យ«ព្រះយេហូវ៉ាតែ១»ក៏មានន័យថាគោលបំណងនិងការប្រព្រឹត្តរបស់លោកតែងតែគួរឲ្យទុកចិត្ត។ ព្រះយេហូវ៉ាមិនមានចិត្តរេ ឬប្រែប្រួលឡើយ។ លោកតែងតែស្មោះត្រង់ មានភក្ដីភាព និងពិតត្រង់។ ជាឧទាហរណ៍ លោកបានសន្យានឹងអាប្រាហាំថាកូនចៅរបស់គាត់នឹងរស់នៅក្នុងស្រុកដែលលោកបានសន្យា។ ម្យ៉ាងទៀត ព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុដ៏អស្ចារ្យជាច្រើនដើម្បីធ្វើតាមសេចក្ដីសន្យានេះ។ បួនរយសាមសិបឆ្នាំក្រោយពីព្រះយេហូវ៉ាបានសន្យាដូច្នេះ គោលបំណងរបស់លោកមិនបានផ្លាស់ប្ដូរឡើយ។—លោកុប្បត្តិ ១២:១,២,៧; និក្ខមនំ ១២:៤០,៤១
៧ អស់រាប់រយឆ្នាំក្រោយមក ព្រះយេហូវ៉ាបានហៅជនជាតិអ៊ីស្រាអែលថាសាក្សីរបស់លោក ហើយបានប្រាប់ពួកគេថា៖ «គឺអញនេះហើយ[ឬ«ខ្ញុំមិនបានប្រែប្រួលឡើយ»]។ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ»។ ព្រះយេហូវ៉ាក៏បានបង្ហាញយ៉ាងច្បាស់ថាគោលបំណងរបស់លោកមិនដែលប្រែប្រួលឡើយ ពេលដែលលោកប្រាប់បន្ថែមទៀតថា៖ «ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាអញនេះហើយ[ឬ«ខ្ញុំមិនបានប្រែប្រួលឡើយ»]»។ (អេសាយ ៤៣:១០, ១៣; ព.ថ.; ៤៤:៦; ៤៨:១២) ជនជាតិអ៊ីស្រាអែលមានឯកសិទ្ធិដ៏អស្ចារ្យមួយដែលពួកគេអាចបម្រើព្រះដែលមិនប្រែប្រួល និងតែងតែមានភក្ដីភាព! សព្វថ្ងៃនេះ យើងក៏មានឯកសិទ្ធិនោះដែរ។—ម៉ាឡាគី ៣:៦; យ៉ាកុប ១:១៧
៨, ៩. (ក) តើព្រះយេហូវ៉ាតម្រូវអ្វីខ្លះពីអ្នកគោរពប្រណិប័តន៍លោក? (ខ) តើលោកយេស៊ូបានលើកបញ្ជាក់អំពីសារៈសំខាន់នៃពាក្យរបស់ម៉ូសេយ៉ាងដូចម្ដេច?
៨ ម៉ូសេបានរំលឹកជនជាតិអ៊ីស្រាអែលថាសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ាចំពោះពួកគេនឹងមិនប្រែប្រួលឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាតម្រូវឲ្យពួកគេមានភក្ដីភាពផ្ដាច់មុខចំពោះលោកនិងស្រឡាញ់លោកឲ្យអស់ពីដួងចិត្ត ឲ្យអស់ពីព្រលឹង និងឲ្យអស់ពីកម្លាំងកាយរបស់ពួកគេ។ នៅគ្រប់ឱកាសឪពុកម្ដាយត្រូវបង្រៀនកូនអំពីព្រះយេហូវ៉ាដើម្បីឲ្យមនុស្សវ័យក្មេងនឹងគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។—ចោទិយកថា ៦:៦-៩
៩ ព្រះយេហូវ៉ាមិនដែលផ្លាស់ប្ដូរគោលបំណងរបស់លោកឡើយ ដូច្នេះលោកនឹងមិនផ្លាស់ប្ដូរតម្រូវការដ៏សំខាន់ចាំបាច់របស់លោកចំពោះអ្នកគោរពប្រណិប័តន៍ពិតរបស់លោកទេ។ បើយើងចង់ឲ្យព្រះយេហូវ៉ាពេញចិត្តនឹងការគោរពប្រណិប័តន៍របស់យើង យើងត្រូវមានភក្ដីភាពផ្ដាច់មុខចំពោះលោក ហើយស្រឡាញ់លោកឲ្យអស់ពីដួងចិត្ត ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយរបស់យើង។ លោកយេស៊ូបានមានប្រសាសន៍ថានេះគឺជាបញ្ញត្ដិដ៏សំខាន់បំផុត។ (សូមអាន ម៉ាកុស ១២:២៨-៣១) សូមយើងរៀនអំពីរបៀបដែលយើងអាចបង្ហាញដោយការប្រព្រឹត្តរបស់យើងថាយើងជឿថា«ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១»។
ចូរមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា
១០, ១១. (ក) តើយើងគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះក្នុងន័យយ៉ាងណា? (ខ) តើយុវជនជនជាតិហេប្រឺនៅបាប៊ីឡូនបានបង្ហាញយ៉ាងណាថាពួកគេមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា?
១០ ព្រះយេហូវ៉ាគឺជាព្រះតែមួយគត់របស់យើង។ យើងមានភក្ដីភាពផ្ដាច់មុខចំពោះលោក ពេលដែលយើងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។ យើងមិនអាចគោរពប្រណិប័តន៍ព្រះផ្សេងទៀត ឬលាយឡំគំនិតឬក៏ការប្រព្រឹត្តរបស់សាសនាមិនពិតក្នុងការគោរពប្រណិប័តន៍របស់យើងចំពោះព្រះយេហូវ៉ាឡើយ។ លោកមិនគ្រាន់តែជាព្រះដែលខ្ពង់ខ្ពស់ជាងព្រះឯទៀត ឬមានឫទ្ធានុភាពខ្លាំងក្លាជាងព្រះទាំងនោះប៉ុណ្ណោះទេ តែលោកគឺជាព្រះពិត។ យើងគួរគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។—សូមអាន ការបើកបង្ហាញ ៤:១១
១១ សៀវភៅដានីយ៉ែលរៀបរាប់អំពីយុវជនជនជាតិហេប្រឺឈ្មោះដានីយ៉ែល ហាណានា មីសាអែល និងអ័សារា។ ពួកគេបានបង្ហាញភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា ដោយមិនព្រមបរិភោគអាហារដែលស្មោកគ្រោកចំពោះអ្នកគោរពប្រណិប័តន៍លោក។ ម្យ៉ាងទៀត មិត្តភក្ដិបីនាក់របស់ដានីយ៉ែលមិនព្រមក្រាបគោរពរូបមាសដែលស្តេចនេប៊ូក្នេសាបានធ្វើទេ។ ចំពោះពួកគេព្រះយេហូវ៉ាជាបុគ្គលដ៏សំខាន់បំផុត។ ពួកគេបានបង្ហាញភក្ដីភាពចំពោះលោកទាំងស្រុង។—ដានីយ៉ែល ១:១–៣:៣០
ព្រះយេហូវ៉ាត្រូវតែជាបុគ្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង
១២. ស្តីអំពីការមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា តើយើងត្រូវតែប្រុងប្រយ័ត្នអំពីអ្វី?
១២ ព្រះយេហូវ៉ាត្រូវតែជាបុគ្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ បើយើងចង់មានភក្ដីភាពផ្ដាច់មុខចំពោះលោក យើងត្រូវប្រុងប្រយ័ត្នមិនចាត់ទុកអ្វីផ្សេងទៀតថាសំខាន់ជាងលោក។ តើអ្វីៗទាំងនោះអាចជាអ្វីខ្លះ? ក្នុងបញ្ញត្ដិ១០ប្រការ ព្រះយេហូវ៉ាបានមានប្រសាសន៍ថារាស្ត្ររបស់លោកមិនត្រូវគោរពប្រណិប័តន៍ព្រះផ្សេងទៀតឡើយ។ ពួកគេមិនត្រូវគោរពបូជារូបព្រះណាឬអ្វីណាផ្សេងទៀតទេ។ (ចោទិយកថា ៥:៦-១០) សព្វថ្ងៃនេះ ការគោរពបូជារូបព្រះមានជាច្រើនបែប ហើយខ្លះប្រហែលជាពិបាកកត់សម្គាល់។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរតម្រូវការរបស់លោកឡើយ។ លោកនៅតែជា«ព្រះយេហូវ៉ាតែ១»។ សូមយើងពិចារណាអំពីរបៀបដែលយើងអាចជៀសវាងការគោរពបូជារូបព្រះនៅសព្វថ្ងៃនេះ។
១៣. តើយើងអាចចាប់ផ្ដើមស្រឡាញ់អ្វីខ្លះច្រើនជាងព្រះយេហូវ៉ា?
១៣ កូឡុស ៣:៥ (សូមអាន) រៀបរាប់អំពីអ្វីដែលអាចបង្ខូចចំណងមិត្តភាពដ៏ពិសេសរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ ខនេះចែងអំពីការច្រណែនចង់បានរបស់អ្នកដទៃដែលផុសចេញពីការលោភលន់។ ម្យ៉ាងទៀត យើងឃើញច្បាស់ថាការលោភលន់គឺជាប់ទាក់ទងនឹងការគោរពបូជារូបព្រះ។ តើតាមរបៀបណា? ពេលដែលយើងចង់បានអ្វីណាមួយយ៉ាងខ្លាំងដូចជាលុយច្រើន ឬរបស់ថ្លៃៗ នោះអាចគ្រប់គ្រងលើជីវិតរបស់យើងប្រៀបដូចជាព្រះមួយដែលមានឫទ្ធានុភាពខ្លាំងក្លា។ អំពើខុសឆ្គងទាំងអស់ដែលបានរៀបរាប់នៅកូឡុស ៣:៥ ជាប់ទាក់ទងនឹងការលោភលន់ ហើយនេះជាការគោរពបូជារូបព្រះម្យ៉ាង។ ដូច្នេះ បើយើងមានបំណងប្រាថ្នាយ៉ាងខ្លាំងចំពោះអ្វីទាំងនោះ យើងអាចចាប់ផ្ដើមស្រឡាញ់អ្វីទាំងនោះច្រើនជាងព្រះ។ យ៉ាងនេះ ព្រះយេហូវ៉ានឹងមិនទៅជា«ព្រះយេហូវ៉ាតែ១»ចំពោះយើងឡើយ។ យើងមិនចង់ឲ្យរឿងនេះកើតឡើងទេ។
១៤. ស្តីអំពីសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ តើសាវ័កយ៉ូហានបានព្រមានអ្វី?
១៤ សាវ័កយ៉ូហានបានបញ្ជាក់អំពីអ្វីមួយដែលស្រដៀងនឹងនោះ។ គាត់បានព្រមានថា បើអ្នកណាស្រឡាញ់អ្វីៗក្នុងពិភពលោកនេះ ពោលគឺ«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការចង់បានអ្វីដែលទាក់ទាញភ្នែក និងការអួតសម្ញែងភាពមានបានរបស់ខ្លួន» អ្នកនោះ«មិនស្រឡាញ់បិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ»។ (យ៉ូហានទី១ ២:១៥, ១៦) ដូច្នេះ យើងត្រូវពិនិត្យមើលខ្លួនយើងជាទៀងទាត់ដើម្បីឃើញថាយើងស្រឡាញ់ពិភពលោកនេះឬយ៉ាងណា។ យើងប្រហែលជាឃើញថាយើងចាប់ផ្ដើមចូលចិត្តការកម្សាន្ត ការសេពគប់ ស្ទីលសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់ពិភពលោកនេះ។ ឬយើងប្រហែលជាចង់សម្រេច«ការយ៉ាងធំ»ដោយស្វះស្វែងរកការសិក្សានៅសកលវិទ្យាល័យ។ (យេរេមា ៤៥:៤, ៥) ពិភពលោកថ្មីជិតមកដល់ណាស់ហើយ។ ដូច្នេះ យើងត្រូវចាំពាក្យដ៏សំខាន់របស់ម៉ូសេ! បើយើងយល់ ហើយពិតជាជឿថា«ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១» យើងនឹងមានភក្ដីភាពផ្ដាច់មុខចំពោះលោក ហើយបម្រើលោកតាមរបៀបដែលលោកពេញចិត្ត។—ហេប្រឺ ១២:២៨, ២៩
ចូររក្សាសាមគ្គីភាពជាគ្រិស្តសាសនិក
១៥. ហេតុអ្វីប៉ូលបានរំលឹកគ្រិស្តសាសនិកថាព្រះគឺជា«ព្រះយេហូវ៉ាតែ១»?
១៥ ពាក្យ«ព្រះយេហូវ៉ាតែ១» ជួយយើងឲ្យយល់ថាព្រះយេហូវ៉ាចង់ឲ្យអ្នកបម្រើរបស់លោកមានសាមគ្គីភាពនិងមានគោលបំណងដូចគ្នាក្នុងជីវិត។ នៅក្នុងក្រុមជំនុំគ្រិស្តសាសនិកសម័យដើមមានជនជាតិយូដា ជនជាតិក្រិច ជនជាតិរ៉ូម និងជនជាតិឯទៀត។ ពួកគេមានប្រវត្ដិ ទំនៀមទម្លាប់ និងចំណង់ចំណូលចិត្តខុសៗគ្នា។ ហេតុនេះហើយបានជាពួកគេខ្លះពិបាកទទួលយករបៀបថ្មីដើម្បីគោរពប្រណិប័តន៍ព្រះ ឬលះចោលទម្លាប់ចាស់របស់ពួកគេ។ ដូច្នេះ ប៉ូលត្រូវរំលឹកពួកគេថាគ្រិស្តសាសនិកមានព្រះតែមួយ ពោលគឺព្រះយេហូវ៉ា។—សូមអាន កូរិនថូសទី១ ៨:៥, ៦
ព្រះយេហូវ៉ាចង់ឲ្យអ្នកបម្រើរបស់លោកមានសាមគ្គីភាពនិងមានគោលបំណងដូចគ្នាក្នុងជីវិត
១៦, ១៧. (ក) តើទំនាយអ្វីកំពុងក្លាយទៅជាការពិតនៅសម័យយើង ហើយតើមានលទ្ធផលអ្វី? (ខ) តើអ្វីអាចធ្វើឲ្យយើងលែងមានសាមគ្គីភាព?
១៦ ចុះយ៉ាងណាក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅសព្វថ្ងៃនេះ? អេសាយដែលជាអ្នកប្រកាសទំនាយបាននិយាយថា«នៅជាន់ក្រោយបង្អស់» មនុស្សដែលមកពីគ្រប់ប្រជាជាតិនឹងមកគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា។ ពួកគេនឹងនិយាយថា៖ «ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ»។ (អេសាយ ២:២, ៣) យើងសប្បាយរីករាយដោយឃើញទំនាយនេះកំពុងក្លាយទៅជាការពិតនៅសព្វថ្ងៃនេះ! បងប្អូនរបស់យើងមកពីកន្លែងផ្សេងៗ និយាយភាសាខុសៗគ្នា និងមានវប្បធម៌ខុសៗគ្នា។ ប៉ុន្តែ យើងមានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារយើងខុសប្លែកពីគ្នាយ៉ាងខ្លាំង ជួនកាលយើងមានការពិបាក។
តើអ្នកកំពុងខំព្យាយាមរក្សាសាមគ្គីភាពក្នុងក្រុមជំនុំគ្រិស្តសាសនិកឬទេ? (សូមមើលវគ្គ១៦-១៩)
១៧ ជាឧទាហរណ៍ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះបងប្អូនដែលមានវប្បធម៌ផ្សេងពីអ្នក? ភាសា របៀបស្លៀកពាក់ សុជីវធម៌ និងអាហាររបស់ពួកគេប្រហែលជាខុសគ្នាយ៉ាងខ្លាំងពីប្រទេសរបស់អ្នក។ តើអ្នកគេចវេះពីពួកគេ ហើយច្រើនតែចំណាយពេលជាមួយនឹងពួកអ្នកដែលមានអ្វីទាំងនេះស្រដៀងនឹងអ្នកឬទេ? តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកចាស់ទុំនៅក្នុងតំបន់របស់អ្នកដែលក្មេងជាងអ្នក ឬដែលមានពូជសាសន៍ឬវប្បធម៌ផ្សេង? បើយើងមិនប្រុងប្រយ័ត្នទេ នោះយើងប្រហែលជាអនុញ្ញាតឲ្យភាពខុសគ្នាទាំងនោះមានឥទ្ធិពលលើយើង ហើយបង្ខូចសាមគ្គីភាពរបស់យើង។
១៨, ១៩. (ក) តើឱវាទអ្វីបានត្រូវរៀបរាប់នៅអេភេសូរ ៤:១-៣? (ខ) តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយក្រុមជំនុំឲ្យរក្សាសាមគ្គីភាព?
១៨ តើតាមរបៀបណាយើងអាចជៀសវាងពីការពិបាកទាំងនោះ? ប៉ូលបានផ្ដល់ឱវាទឲ្យគ្រិស្តសាសនិកដែលរស់នៅក្រុងអេភេសូរដែលជាក្រុងជឿនលឿនមួយ ដែលសម្បូរទៅដោយមនុស្សដែលមានប្រវត្ដិផ្សេងៗ។ (សូមអាន អេភេសូរ ៤:១-៣) ប៉ូលបានរៀបរាប់អំពីគុណសម្បត្ដិផ្សេងៗដូចជាចិត្តរាបទាប ចិត្តស្លូតបូត ចិត្តធ្ងន់ និងសេចក្ដីស្រឡាញ់។ គុណសម្បត្ដិទាំងនេះប្រៀបដូចជាសសររឹងមាំដែលធ្វើឲ្យផ្ទះមិនរលំ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីឲ្យផ្ទះនៅល្អ យើងក៏ត្រូវព្យាយាមថែរក្សាផ្ទះនោះដែរ។ ប៉ូលចង់ឲ្យគ្រិស្តសាសនិកនៅក្រុងអេភេសូរព្យាយាម«រក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ»។
១៩ យើងទាំងអស់គ្នាត្រូវព្យាយាមអស់ពីសមត្ថភាពរបស់យើងដើម្បីរក្សាសាមគ្គីភាពក្នុងក្រុមជំនុំ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ទី១ យើងត្រូវបណ្ដុះឲ្យមានគុណសម្បត្ដិដែលប៉ូលបានរៀបរាប់ដូចជាចិត្តរាបទាប ចិត្តស្លូតបូត ចិត្តធ្ងន់ និងសេចក្ដីស្រឡាញ់ជាដើម ហើយត្រូវបង្ហាញគុណសម្បត្ដិទាំងនេះ។ ទី២ យើងត្រូវព្យាយាមធ្វើឲ្យ«មានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»។ ការយល់ច្រឡំគ្នាគឺប្រៀបដូចជាស្នាមប្រេះតូចៗក្នុងសាមគ្គីភាពរបស់យើង ដូច្នេះយើងត្រូវខំព្យាយាមដោះស្រាយការយល់ច្រឡំគ្នាទាំងនោះដើម្បីរក្សាឲ្យមានសេចក្ដីសុខសាន្តនិងសាមគ្គីភាពក្នុងចំណោមពួកយើង។
២០. តើតាមរបៀបណាយើងអាចបង្ហាញថាយើងយល់ថា«ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១»?
២០ ពាក្យដែលថា«ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១»គឺសំខាន់ណាស់! សេចក្ដីរំលឹកនោះបានពង្រឹងកម្លាំងចិត្តជនជាតិអ៊ីស្រាអែលឲ្យស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ ពេលដែលពួកគេបានចូលនិងដណ្ដើមយកស្រុកដែលព្រះបានសន្យា។ ពាក្យទាំងនេះក៏អាចពង្រឹងកម្លាំងចិត្តយើងដែរ ដើម្បីយើងអាចឆ្លងកាត់គ្រាទុក្ខវេទនាជាខ្លាំង ហើយជួយធ្វើឲ្យមានសេចក្ដីសុខសាន្តនិងសាមគ្គីភាពក្នុងសួនឧទ្យាន។ សូមយើងបន្តមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា។ យើងត្រូវស្រឡាញ់និងបម្រើលោកឲ្យអស់ពីដួងចិត្ត ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយរបស់យើង ហើយយើងត្រូវខំព្យាយាមរក្សាសេចក្ដីសុខសាន្តនិងសាមគ្គីភាពជាមួយនឹងបងប្អូនរបស់យើង។ បើយើងបន្តធ្វើអ្វីទាំងនេះ លោកយេស៊ូនឹងវិនិច្ឆ័យយើងជាចៀម ហើយយើងនឹងឃើញពាក្យរបស់លោកក្លាយទៅជាការពិត ដែលថា៖ «អ្នកដែលទទួលពរពីបិតាខ្ញុំអើយ! ចូរមកទទួលរាជាណាចក្រដែលបានត្រូវរៀបចំឲ្យអ្នករាល់គ្នាតាំងពីកំណើតពិភពលោកជាមត៌កចុះ»។—ម៉ាថាយ ២៥:៣៤