ទឹកជំនន់ ជារឿងពិត មិនមែនជារឿងព្រេងទេ!
តើអ្នកចង់រស់នៅក្នុងពិភពលោកមួយដែលល្អប្រសើរជាងទេ? ប្រហែលជាពិភពលោកដែលមនុស្សគ្រប់រូបអាចរស់នៅដោយសុខសាន្តត្រាណ ដែលគ្មានសង្គ្រាម គ្មានឧក្រិដ្ឋកម្មនិងគ្មានការជិះជាន់។ ពិតជាចង់ទេ? បើចង់មែន អ្នកនឹងបានធូរចិត្តដោយពិចារណាអំពីកំណត់ហេតុមួយដែលមានក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ។ គឺជាកំណត់ហេតុអំពីលោកណូអេ ជាមនុស្សល្អម្នាក់ដែលបានសង់ទូកធំមួយ ដើម្បីសង្គ្រោះជីវិតខ្លួននិងក្រុមគ្រួសាររបស់គាត់ពីទឹកជំនន់ដែលមាននៅពាសពេញផែនដី ហើយដែលបានបំផ្លាញចោលជីវិតមនុស្សទុច្ចរិតទាំងអស់។
ទឹកជំនន់ជារឿងមួយក្នុងចំណោមរឿងដ៏ល្បីៗមួយចំនួន។ កំណត់ហេតុស្តីពីអ្វីដែលបានកើតឡើងដល់ណូអេ គឺមាននៅក្នុងសៀវភៅមួយក្នុងគម្ពីរ ដែលហៅថាសៀវភៅលោកុប្បត្តិ នៅជំពូកទី៦ដល់ជំពូកទី៩។ ណាមួយទៀត រឿងនេះក៏បានរៀបរាប់នៅក្នុងសៀវភៅធម៌របស់សាសនាអ៊ីស្លាមហៅថាសៀវភៅកូរ៉ាន ព្រមទាំងនៅក្នុងរឿងនិទានផ្សេងៗរបស់មនុស្សច្រើនឥតគណនានៅទូទាំងផែនដី។ តើពិតជាមានទឹកជំនន់មែនឬ? ឬក៏គ្រាន់តែជារឿងដែលគេនិទានតៗគ្នា ដើម្បីលើកទឹកចិត្តមនុស្សឲ្យធ្វើអ្វីដែលត្រឹមត្រូវតែប៉ុណ្ណោះឬ? ពួកសាសនវិទូនិងវិទ្យាសាស្ត្រធ្លាប់ជជែកវែកញែករឿងនេះអស់ច្រើនសតវត្សរ៍មកហើយ។ ក៏ប៉ុន្តែ គម្ពីរដែលជាបណ្ដាំរបស់ព្រះមិនមានអ្វីដែលធ្វើឲ្យយើងសង្ស័យសូម្បីតែបន្ដិចសោះ។ កំណត់ហេតុនេះជារឿងពិត មិនមែនជារឿងព្រេងឬរឿងប្រឌិតទេ។ សូមអញ្ជើញពិចារណាមូលហេតុខ្លះៗដូចតទៅដែលបញ្ជាក់ថាកំណត់ហេតុនៅក្នុងគម្ពីរគឺពិតប្រាកដ។
កំណត់ហេតុក្នុងគម្ពីរបានរៀបរាប់អំពីឆ្នាំ ខែនិងថ្ងៃយ៉ាងជាក់លាក់ ហើយពីពេលដែលទឹកជំនន់ចាប់ផ្ដើមដែរ។ ម្យ៉ាងទៀត គម្ពីរក៏បានរៀបរាប់ពីពេលនិងទីកន្លែងដែលទូកធំនោះកឿង ព្រមទាំងពេលដែលទឹកចាប់រីងស្ងួតអស់ពីផែនដីផង។ ការរៀបរាប់ល្អិតល្អន់ពីទូកធំក៏មានដែរ តាំងពីប្លង់ ខ្នាតប្រវែង ព្រមទាំងគ្រឿងសំណង់ផង។ តែរីឯក្នុងរឿងព្រេងវិញ ធម្មតាគឺមានការពិពណ៌នាដែលស្រពេចស្រពិលមិនជាក់លាក់ទាល់តែសោះ។
ប្រសិនបើគិតអំពីតំណវង្សត្រកូលវិញ គម្ពីរមានកំណត់ហេតុពីរដែលបញ្ជាក់ថា ណូអេជាបុគ្គលដែលធ្លាប់រស់នៅមែន។ (របាក្សត្រទី១ ១:៤; លូកា ៣:៣៦) បុគ្គលដែលសរសេរពីតំណវង្សត្រកូលទាំងនេះ គឺអែសរ៉ានិងលូកា។ ទាំងពីរនាក់ជាអ្នកស្រាវជ្រាវដែលមានការប្រុងប្រយ័ត្ន។ លូកាបានស្រាវជ្រាវតំណវង្សត្រកូលរបស់ព្រះយេស៊ូគ្រិស្តដែលបញ្ជាក់ថាលោកជាកូនចៅរបស់ណូអេ។
បន្ថែមទៅទៀត ស្តីអំពីណូអេឬទឹកជំនន់ មានទីសំអាងដែលបានផ្ដល់ដោយអេសាយនិងអេសេគាលដែលជាអ្នកប្រកាសទំនាយ ព្រមទាំងប៉ុលនិងពេត្រុសដែលជាសាវ័ករបស់ព្រះយេស៊ូផង។—អេសាយ ៥៤:៩; អេសេគាល ១៤:១៤, ២០; ហេព្រើរ ១១:៧; ពេត្រុសទី១ ៣:១៩, ២០; ពេត្រុសទី២ ២:៥
ស្តីអំពីទឹកជំនន់ ព្រះយេស៊ូមានប្រសាសន៍ថា៖ «នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ។ ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក រៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ»។ (លូកា ១៧:២៦, ២៧) បើមិនមានទឹកជំនន់ទេ នោះពាក្យរបស់ព្រះយេស៊ូអំពី«គ្រារបស់កូនមនុស្ស»នឹងគ្មានន័យឡើយ។
សាវ័កពេត្រុសបានទាយទុកជាមុនថានឹងមាន«មនុស្សចំអក»មើលងាយអ្វីដែលគម្ពីរបានចែង។ ពេត្រុសបានសរសេរថា៖ «ពីព្រោះគេចង់បំភ្លេចថា ពីចាស់បុរាណ . . . លោកីយ[នៅសម័យណូអេ]ត្រូវទឹកនោះជន់លិចបំផ្លាញទៅ»។ តើយើងគួរ«ភ្លេច»ពីគ្រានោះទេ? មិនគួរភ្លេចជាដាច់ខាត! ពេត្រុសសរសេរបន្តទៀតថា៖«តែផ្ទៃមេឃ នឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ»។—ពេត្រុសទី២ ៣:៣-៧
ព្រះនឹងបំផ្លាញមនុស្សអាក្រក់ចោលម្ដងទៀត ហើយក៏នឹងមានមនុស្សខ្លះដែលរួចរស់ជីវិតម្ដងទៀតដែរ។ បើយើងយកតម្រាប់តាមគំរូរបស់ណូអេ នោះយើងក៏អាចស្ថិតនៅក្នុងចំណោមមនុស្សសុចរិតដែលនឹងរួចរស់ជីវិត ហើយអាចរស់នៅក្នុងពិភពលោកមួយដែលល្អប្រសើរជាង។