បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៦ ទំ. ១៥-១៩
  • លក្ខណៈសម្បត្ដិដែលយើងត្រូវតែដេញតាម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លក្ខណៈសម្បត្ដិដែលយើងត្រូវតែដេញតាម
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​«ដេញ​តាម​សេចក្ដី​សុចរិត»
  • ចូរ‹ដេញ​តាម​សេចក្ដី​គោរព​ប្រណិប័តន៍​ព្រះ›
  • ចូរ​«ដេញ​តាម . . . សេចក្ដី​ជំនឿ»
  • ចូរ​«ដេញ​តាម . . . សេចក្ដី​ស្រឡាញ់»
  • ចូរ​«ដេញ​តាម . . . សេចក្ដី​ខ្ជាប់ខ្ជួន»
  • ចូរ​«ដេញ​តាម . . . សេចក្ដី​សំ​ឡូ​ត»​និង​សេចក្ដី​មេត្រី
  • បន្ថែមការគោរពប្រណិប័តន៍ព្រះពីលើការស៊ូទ្រាំរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ភាពស្លូតបូតជាគុណសម្បត្ដិដ៏ចាំបាច់របស់ជនគ្រីស្ទានពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ភក្ដីភាពចំពោះព្រះ និងការស្វែងរកទ្រព្យសម្បត្ដិ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៦ ទំ. ១៥-១៩

លក្ខណៈ​សម្បត្ដិ​ដែល​យើង​ត្រូវ​តែ​ដេញ​តាម

​«[ចូរ]​ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​គោរព​ប្រតិបត្ដិ​ដល់​ព្រះ សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់ខ្ជួន នឹង​សេចក្ដី​សំ​ឡូ​ត​វិញ»។—១ធី. ៦:១១

១​. សូម​រៀបរាប់​ឧទាហរណ៍​ខ្លះ​ដែល​ជួយ​ពន្យល់​អត្ថន័យ​នៃ​ការ​«ដេញ​តាម»​គេ។

ការ​«ដេញ​តាម»​អ្វីមួយ តើ​នាំ​ឲ្យ​គិត​ពី​អ្វី? ប្រហែលជា​យើង​គិត​ពី​សម័យ​របស់​លោក​ម៉ូសេ ពេល​ពល​ទ័ព​អេស៊ីប​‹ប្រឹង​ដេញ​តាម›ជន​ជាតិ​អ៊ីស្រាអែល តែ​បាន​រង​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ក្នុង​សមុទ្រ​ក្រហម​ទៅ​វិញ។ (និក្ខ. ១៤:២៣) ឬ​មួយ​ក៏​យើង​គិត​ពី​ជន​ជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ដែល​បាន​សម្លាប់​នរណា​ម្នាក់​ដោយ​អចេតនា។ ប្រសិនបើ​អ្នក​នោះ​មិន​ឆាប់​រត់​ទៅ​ឯ​ទីក្រុង​ពិសេស​ណាមួយ​ក្នុង​ចំណោម​ទីក្រុង​ទាំង​៦​ដែល​បាន​កំណត់​ឲ្យ គាត់​អាច​រង​គ្រោះ​ថ្នាក់​ដែរ ពីព្រោះ​បើ​«អ្នក​ដែល​ត្រូវ​សងសឹក​នឹង​ឈាម​បាន​ដេញ​តាម​អ្នក​ដែល​សំឡាប់​គេ​ឲ្យ​ទាន់ [គាត់​មាន​សិទ្ធិ]​វាយ​អ្នក​នោះ​សំឡាប់​ទៅ»។—ចោទិ. ១៩:៦

២​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​គ្រិស្ត​សាសនិក​ខ្លះ​ឲ្យ​ដេញ​តាម​អ្វី​ទុកជា​រង្វាន់? (ខ) ចំពោះ​គ្រិស្ត​សាសនិក​ភាគច្រើន​នៅ​សព្វថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ទទួល​អ្វី?

២ ខុស​គ្នា​ឆ្ងាយ​ពី​ឧទាហរណ៍​ទាំងនេះ សាវ័ក​ប៉ុល​មានចិត្ត​គំនិត​ដ៏​ល្អ​វិញ។ ប៉ុល​រៀបរាប់​អំពី​គោលដៅ​របស់​គាត់​ក្នុង​ការ​ដេញ​តាម​«រង្វាន់»​ដែល​ជា​«ការងារ​ដ៏​ខ្ពស់​របស់​ព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។ ប៉ុល​អាច​ទទួល​រង្វាន់​នោះ ដោយ​ព្យាយាម​«រត់​ដំ​រង់​ទៅ​ឯ​ទី»​ដែល​ជា​គោលដៅ​របស់​ខ្លួន។ (ភី. ៣:១៤) គម្ពីរ​រៀបរាប់​ថា គ្រិស្ត​សាសនិក​ចំនួន​១៤៤.០០០​នាក់ ដែល​រួម​ទាំង​ប៉ុល​ផង បាន​រើស​តាំង​ដើម្បី​ទទួល​ជីវិត​នៅ​ឯ​ស្ថាន​សួគ៌​ទុកជា​រង្វាន់។ ពួក​គាត់​នឹង​រួម​គ្នា​ជា​អ្នកគ្រប់គ្រង​ជាមួយ​ព្រះ​យេស៊ូគ្រិស្ត ក្នុង​កាលដែល​ទ្រង់​សោយរាជ្យ​មក​លើ​ផែនដី​អស់​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ គោលដៅ​ដែល​ព្រះ​យេហូវ៉ា​អញ្ជើញ​ពួក​គាត់​ឲ្យ​រត់​តម្រង់​ឬ​ដេញ​តាម​បាន​នោះ គឺជា​គោលដៅ​ដ៏​អស្ចារ្យ​មែន! ប៉ុន្តែ​សព្វថ្ងៃ​នេះ គ្រិស្ត​សាសនិក​ពិត​ភាគច្រើន​មាន​គោលដៅ​ឬ​សេចក្ដី​សង្ឃឹម​ផ្សេង​ទៅ​វិញ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ទទួល​អ្វី​ដែល​អ័ដាម​និង​អេវ៉ា​បាន​បាត់បង់ ពោល​គឺ សុខភាព​ល្អ​និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​សួន​មនោរម​ដែល​នឹង​មាននៅ​ទូ​ទាំង​ផែន​ដី។—វិវរ. ៧:៤, ៩; ២១:១​-​៤

៣​. បើ​គិត​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា តើ​យើង​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​ទ្រង់​យ៉ាង​ដូច​ម្ដេច?

៣ ទោះជា​មនុស្សជាតិ​ប្រព្រឹត្ត​ល្អ​ប៉ុណ្ណា​ក៏​ដោយ ពួក​គេ​នៅ​តែ​ខ្វះ​ភាព​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ។ ដូច្នេះ ដោយសារ​ភាព​ខុសឆ្គង​ដែល​ឆ្លង​មក​ពី​ជីដូន​ជីតា​ដំបូង គ្មាន​នរណា​សោះ​អាច​ធ្វើការ​ល្អ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​គួរ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឡើយ។ (អេសា. ៦៤:៦) មនុស្ស​អាច​រស់​ជា​រៀង​រហូត​បាន ឲ្យ​តែ​ពួក​គេ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូគ្រិស្ត​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​មក​ដើម្បី​សង្គ្រោះ​យើង។ បើ​គិត​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា តើ​យើង​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​ទ្រង់​យ៉ាង​ដូច​ម្ដេច? វិធី​មួយ គឺ​ដោយ​«ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​គោរព​[«ប្រណិប័តន៍»]​ព្រះ សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់ខ្ជួន នឹង​សេចក្ដី​សំ​ឡូ​ត»។ (១ធី. ៦:១១; ១ធម. ៦:​១១, ខ.ស.) ការ​ពិនិត្យ​មើល​លក្ខណៈ​សម្បត្ដិ​ទាំងនេះ​អាច​ជួយ​យើង​ម្នាក់ៗ​ឲ្យ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ដេញ​តាម​គុណសម្បត្ដិ​ល្អៗ​ឲ្យ​បាន​«កាន់តែ​ខ្លាំង​ឡើង»។—១ថែ. ៤:១

ចូរ​«ដេញ​តាម​សេចក្ដី​សុចរិត»

៤​. តើ​អ្វី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ដេញ​តាម​«សេចក្ដី​សុចរិត»? ដើម្បី​ដេញ​តាម​សេចក្ដី​សុចរិត តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ជា​មុន​សិន?

៤ ក្នុង​សំបុត្រ​ទាំង​ពីរ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ចំពោះ​ប្អូន​ធីម៉ូថេ គាត់​បាន​រៀបរាប់​អំពី​លក្ខណៈ​សម្បត្ដិ​ផ្សេងៗ​ដែល​គួរ​នឹង​ដេញ​តាម ហើយ​ទាំង​ពីរ​ដង គាត់​បាន​ដាក់​«សេចក្ដី​សុចរិត»​មុន​គេ។ (១ធី. ៦:​១១; ២ធី. ២:២២) ម្ដង​ហើយ​ម្ដង​ទៀត​បទ​គម្ពីរ​ផ្សេងៗ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ដើរ ប្រព្រឹត្ត​និង​ដេញ​តាម​សេចក្ដី​សុចរិត។ (សុ. ១៥:​៩; ២១:២១; អេសា. ៥១:១) វិធី​មួយ​ដែល​យើង​អាច​ចាប់ផ្ដើម​ដេញ​តាម​សេចក្ដី​សុចរិត​បាន គឺ​ដោយ​រៀន​ឲ្យ​«ស្គាល់ . . . ព្រះ​ពិតតែ​១​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូន. ១៧:​៣) ការ​ដេញ​តាម​សេចក្ដី​សុចរិត​នឹង​ជំរុញ​យើង​ឲ្យ​ប្រែចិត្ត​ពី​ទង្វើ​ខុសឆ្គង​របស់​ខ្លួន ព្រម​ទាំង​«វិល​មក»​ដោយ​កែប្រែ​គន្លង​ជីវិត​ឲ្យ​បាន​ស្រប​ទៅ​តាម​ឆន្ទៈ​របស់​ព្រះ​យេហូវ៉ា។—កិច្ច. ៣:១៩

៥​. បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​ទុក​យើង​ជា​មនុស្ស​សុចរិត តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ជា​មុន​សិន​និង​ធ្វើ​អ្វី​ជា​បន្តបន្ទាប់?

៥ មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​ដេញ​តាម​សេចក្ដី​សុចរិត​យ៉ាង​ស្មោះ​អស់ពី​ចិត្ត បាន​ថ្វាយខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ពី​ការ​ឧទ្ទិស​ថ្វាយខ្លួន​នោះ​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។ បើ​យើង​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ ព្រម​ទាំង​កំពុង​ដេញ​តាម​សេចក្ដី​សុចរិត តើ​យើង​យក​ចិត្ត​ទុកដាក់​នឹង​របៀប​រស់នៅ​របស់​ខ្លួន​ជា​និច្ច ដើម្បី​ស​ឲ្យ​ឃើញ​ថា​យើង​នៅ​តែ​ដេញ​តាម​សេចក្ដី​សុចរិត​មែន​ឬ? របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​បាន គឺ​ដោយ​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​ស្រប​ទៅ​តាម​ចំណេះ​អំពី​គម្ពីរ​ដែល​ជួយ​យើង​ឲ្យ​«ដឹង​ខុស​ត្រូវ»។ (សូម​អាន ហេព្រើរ ៥:១៤) ជា​ឧទាហរណ៍ បើ​យើង​ជា​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​ហើយ​គ្រប់​អាយុ​នឹង​រៀប​ការ តើ​យើង​បាន​តាំងចិត្ត​ដើម្បី​មិន​ស្រឡាញ់​និង​ចង់​រៀប​ការ​ជាមួយ​អ្នក​ដែល​មិន​បាន​ទទួល​ការ​ជ្រមុជ​ទឹកជា​គ្រិស្ត​សាសនិក​ទេ? បើ​យើង​ខំ​ដេញ​តាម​សេចក្ដី​សុចរិត យើង​នឹង​តាំងចិត្ត​បែប​នេះ​មែន!—១កូ. ៧:៣៩

៦​. តើ​ការ​ដេញ​តាម​សេចក្ដី​សុចរិត​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​រួម​បញ្ចូល​អ្វីខ្លះ?

៦ ទោះជា​គប្បី​ឲ្យ​យើង​ដេញ​តាម​សេចក្ដី​សុចរិត​ក៏​ពិតមែន យើង​មិន​ចង់​មាន​លក្ខណៈ​«សុចរិត​ហួស​ល្បត់»​ដោយ​អួត​ខ្លួន​ជា​មនុស្ស​សុចរិត​ឡើយ។ (សាស. ៧:១៦) ព្រះ​យេស៊ូ​បាន​ព្រមាន​កុំ​ឲ្យ​យើង​«ធ្វើ​ទាន​[ឬ​«ប្រព្រឹត្ត​អំពើ​សុចរិត»]​នៅ​មុខ​មនុស្ស»​ដោយ​មាន​បំណង​ចង់​លើក​តម្កើង​ខ្លួន​តែ​ប៉ុណ្ណោះ។ (ម៉ាថ. ៦:១; ព.ថ.) ការ​ដេញ​តាម​សេចក្ដី​សុចរិត​យ៉ាង​ស្មោះ​អស់ពី​ចិត្ត មាន​ន័យ​ថា​យើង​ត្រូវ​តែ​កែ​តម្រង់​ចិត្តគំនិត​ដែល​មិន​ត្រឹមត្រូវ ព្រម​ទាំង​សុខចិត្ត​ផ្លាស់​ប្ដូរ​បំណង​និង​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ផង​ដែរ។ បើ​យើង​ខំ​កែប្រែ​ជា​និច្ច នោះ​មិន​ងាយ​ទេ​ឲ្យ​យើង​ភ្លាត់​ធ្វើអំពើ​ដែល​ខុសឆ្គង​ទេ។ (សូម​អាន សុភាសិត ៤:២៣; សូម​ពិនិត្យ​បន្ថែម យ៉ាកុប ១:១៤, ១៥) ម្យ៉ាងទៀត ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដល់​យើង ព្រម​ទាំង​ជួយ​យើង​ឲ្យ​ដេញ​តាម​លក្ខណៈ​សម្បត្ដិ​សំខាន់ៗ​ឯ​ទៀត​របស់​ពួក​គ្រិស្ត​សាសនិក។

ចូរ‹ដេញ​តាម​សេចក្ដី​គោរព​ប្រណិប័តន៍​ព្រះ›

៧​. តើ​ការ​«គោរព​ប្រណិប័តន៍​ព្រះ»​រួម​បញ្ចូល​អ្វីខ្លះ?

៧ អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ត្រូវ​តែ​មានចិត្ត​ស្មោះ​និង​រក្សា​ឲ្យ​មាន​ភក្ដីភាព​ផ្ដាច់មុខ​ចំពោះ​ទ្រង់​យ៉ាង​អស់ពី​ចិត្ត។ វចនានុក្រម​មួយ​ដែល​បកស្រាយ​អត្ថន័យ​ពាក្យ​ក្នុង​គម្ពីរ​កត់សម្គាល់​ថា ពាក្យ​ភាសា​ក្រិច​ដែល​បកប្រែ​ថា «គោរព​ប្រណិប័តន៍»​នេះ សំដៅ​ទៅ​លើ​«ការ​បណ្ដុះបណ្ដាល​ឲ្យ​មានចិត្ត​គំនិត​ល្អ ចង់​កោត​ខ្លាច​ព្រះ»។ ម្ដង​ហើយ​ម្ដង​ទៀត​ទង្វើ​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ពី​បុរាណ​បាន​ស​ឲ្យ​ឃើញ​ថា ពួក​គេ​មិនមែន​ជា​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ទេ។ សូម្បី​តែ​ក្រោយ​ព្រះ​យេហូវ៉ា​បាន​រំដោះ​ពួក​គេ​ចេញពី​ស្រុក​អេស៊ីបក្ដី ពួក​គេ​នៅ​តែ​មិន​ស្ដាប់​បង្គាប់​ទ្រង់​ជា​ញយ​ដង​ផង។

៨​. (ក) ដោយសារ​អ័ដាម​បាន​ធ្វើ​ខុសច្បាប់​ព្រះ តើ​មាន​ចំណុច​ដ៏​គួរ​ឲ្យ​ឆ្ងល់​អ្វី? (ខ) ស្តី​អំពី​«សេចក្ដី​អាថ៌​កំបាំង»​ដ៏​គួរ​ឲ្យ​ឆ្ងល់​នោះ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ចម្លើយ​យ៉ាង​ដូច​ម្ដេច?

៨ ទោះជា​មាន​ដើម​កំណើត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក្ដី អ័ដាម​បាន​ធ្វើ​ខុសច្បាប់​ព្រះ។ ជា​លទ្ធផល អស់​រាប់​ពាន់​ឆ្នាំ​ក្រោយមក មាន​ចំណុច​ដ៏​គួរ​ឲ្យ​ឆ្ងល់​មួយ​ថា «តើ​មាន​មនុស្ស​ណា​ម្នាក់​អាច​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ពេញលេញ​បាន​ទេ?»។ ក្នុង​អំឡុង​ពេល​អស់​រាប់​រយ​ឆ្នាំ​នោះ គ្មាន​មនុស្ស​ណា​ម្នាក់​បាន​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឡើយ ពីព្រោះ​ពួក​គេ​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ភាព​ខុសឆ្គង​ឆ្លង​មក​ពី​អ័ដាម។ ប៉ុន្តែ ស្រប​ទៅ​តាម​កំណត់​ពេល​របស់​ព្រះ​យេហូវ៉ា ទ្រង់​ផ្ដល់​ចម្លើយ​ដើម្បី​មិន​ឲ្យ​ឆ្ងល់​ទៀត​ស្តី​អំពី​«សេចក្ដី​អាថ៌​កំបាំង»​ឬ​«គំ​រោងការ​ដ៏​លាក់​កំបាំង»​ដែល​ទាក់ទង​នឹង​រឿង​នេះ។ ព្រះ​យេហូវ៉ា​បាន​យក​ជីវិត​របស់​បុត្រ​តែ​មួយ​គត់​ដែល​ទ្រង់​បាន​បង្កើត​ផ្ទាល់​នៅ​ឯ​ស្ថាន​សួគ៌ មក​ដាក់​ក្នុង​ផ្ទៃ​នាង​ម៉ា​រា​ដើម្បី​ចាប់កំណើត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ គ្រប់​អស់​មួយ​ជីវិត រួម​ទាំង​ពេល​ដែល​គេ​ចាប់​ព្រះ​យេស៊ូ​ធ្វើ​គុត​យ៉ាង​គួរ​ឲ្យ​អាម៉ាស់​មុខ​ផង ទ្រង់​នៅ​តែ​មានចិត្ត​ស្មោះ​និង​រក្សា​ឲ្យ​មាន​ភក្ដីភាព​ផ្ដាច់មុខ​ចំពោះ​ព្រះ​ពិត​យ៉ាង​អស់ពី​ចិត្ត។ កាល​ព្រះ​យេស៊ូ​អធិដ្ឋាន​ដល់​បិតា​ទ្រង់​ដ៏​ជា​ទី​ស្រឡាញ់​នៅ​ឯ​ស្ថាន​សួគ៌ ពាក្យ​ដែល​ទ្រង់​ពោល​នោះ​សុទ្ធតែ​បង្ហាញ​ពី​ការ​គោរព។ (ម៉ាថ. ១១:២៥; យ៉ូន. ១២:២៧, ២៨) ហេតុនេះ​ហើយ ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ប៉ុល​រៀបរាប់​អំពី​គំរូ​របស់​ព្រះ​យេស៊ូ​ជា​អ្នក​«គោរព​ប្រណិប័តន៍»​បិតា​ទ្រង់។—សូម​អាន ធីម៉ូថេទី១ ៣:​១៦; ខ.ស.a

៩​. តើ​យើង​អាច​ដេញ​តាម​សេចក្ដី​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ដូច​ម្ដេច?

៩ ដោយសារ​យើង​មាន​ភាព​ខុសឆ្គង​ឆ្លង​មក​ពី​អ័ដាម យើង​មិន​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ពេញលេញ​បាន​ទេ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ដេញ​តាម​ការ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ឡើយ។ បើ​ចង់​ធ្វើ​ដូច្នេះ យើង​ត្រូវ​តែ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ឲ្យ​អស់ពី​សមត្ថភាព។ (១ពេ. ២:២១) យ៉ាង​នេះ យើង​មិន​មាន​លក្ខណៈ​ដូច​អ្នក​ពុតត្បុត​ដែល​«សំ​ដែង​អាការៈ​ខាងក្រៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ» តែ​មិន​គោរព​ទ្រង់​ស្មោះ​ពី​ចិត្ត​ទេ។ (២ធម. [២ធី.] ៣:៥, ខ.ស.) ប៉ុន្តែ នេះ​មិន​បាន​សេចក្ដី​ថា ការ​គោរព​ប្រណិប័តន៍​ព្រះ​មិន​ទាក់ទង​នឹង​អាកប្បកិរិយា​របស់​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ អាកប្បកិរិយា​របស់​យើង​ត្រូវ​តែ​ស​ឲ្យ​ឃើញ​ថា យើង​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​មែន! ជា​ឧទាហរណ៍ មិន​ថា​យើង​ត្រូវ​ជ្រើសរើស​ម៉ូដរ៉ូប​សម្រាប់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ឬ​គ្រាន់តែ​គិត​ពី​របៀប​ស្លៀកពាក់​ពេល​ទៅ​ផ្សារ​ក្ដី ជា​និច្ច​ជា​កាលនោះ អាការ​ក្រៅ​របស់​យើង​ត្រូវ​តែ​មាន​លក្ខណៈ​សមជា​អ្នក​ដែល​រាប់​ខ្លួន​«ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ»។ (១ធី. ២:៩, ១០) ត្រូវ​មែន! ការ​ដេញ​តាម​សេចក្ដី​គោរព​ប្រណិប័តន៍​ព្រះ មាន​ន័យ​ថា​យើង​គិត​ពី​តម្រូវការ​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត​ក្នុង​គ្រប់​លក្ខណៈ​នៃ​ជីវិត។

ចូរ​«ដេញ​តាម . . . សេចក្ដី​ជំនឿ»

១០​. ដើម្បី​រក្សា​ជំនឿ​ឲ្យ​បាន​រឹង​មាំ​រហូត តើ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា?

១០ សូម​អាន រ៉ូម ១០:១៧។ ដើម្បី​បង្កើត​ឲ្យ​មាន​ជំនឿ ព្រម​ទាំង​ថែរក្សា​ជំនឿ​ឲ្យ​បាន​រឹង​មាំ​រហូត គ្រិស្ត​សាសនិក​ម្នាក់ៗ​ត្រូវ​តែ​មាន​ទម្លាប់​រំពឹង​គិត​ពី​សេចក្ដី​បង្រៀន​ដ៏​វិសេស​ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា។ «អ្នក​បំរើ​ស្មោះត្រង់»​បាន​ធ្វើ​ដូច្នេះ​ដោយ​បោះពុម្ព​សៀវភៅ​ល្អៗ​ជា​ច្រើន។ សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់នៅbជា​សៀវភៅ​ល្អ​មួយ​ដែល​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​យេស៊ូគ្រិស្ត​កាន់តែ​ច្បាស់ ហើយ​នេះ​អាច​ជួយ​យើង​ឲ្យ​យក​តម្រាប់​តាម​ទ្រង់​ឲ្យ​បាន​កាន់តែ​ប្រសើរ​ផង​ដែរ។ (ម៉ាថ. ២៤:៤៥​-​៤៧) ក្រុម​អ្នកបម្រើ​ស្មោះត្រង់​ក៏​រៀបចំ​ឲ្យ​មានកម្ម​វិធី​ប្រជុំ​និង​សន្និបាត​នានា ហើយ​ជា​ញឹកញយ​នោះ កម្មវិធី​ទាំងនេះ​បញ្ជាក់​ពី​អ្វី​ដែល​«ព្រះ​បន្ទូល​នៃ​ព្រះ»​រៀបរាប់​អំពី​ព្រះ​យេស៊ូគ្រិស្ត។ ពេល​យើង​«ប្រុង​ប្រយ័ត»​ឬ​«យក​ចិត្ត​ទុកដាក់»​នឹង​កម្មវិធី​ទាំងនោះ​ឲ្យ​បាន​«លើស​[ជាង]​ទៅ​ទៀត» តើ​យើង​ទទួល​ស្គាល់​របៀប​ផ្សេងៗ​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ជំនឿ​កាន់តែ​ខ្លាំង​ទេ?—ហេ. ២:១; ហប​. ២:១, ខ.ស.

១១​. តើ​ការ​អធិដ្ឋាន​និង​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ដេញ​តាម​ជំនឿ​យ៉ាង​ដូច​ម្ដេច?

១១ ការ​អធិដ្ឋាន​ក៏​នឹង​ជួយ​យើង​ឲ្យ​បង្កើត​និង​រក្សា​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ដែរ។ អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ធ្លាប់​អង្វរ​«សូម​ទ្រង់​ចំរើន​សេចក្ដី​ជំនឿ​ដល់​[ពួក​គេ]​ទៀត»។ ដោយ​បង្ហាញ​ចិត្ត​រាបទាប យើង​ក៏​អាច​អង្វរ​សូម​ជំនួយ​ដូច​គ្នា​ពី​ព្រះ​យេហូវ៉ា។ (លូ. ១៧:៥) ដូច្នេះ បើ​យើង​មាន​បំណង​ចង់​បង្កើត​ឲ្យ​មាន​ជំនឿ​រឹង​មាំ ចូរ​ឲ្យ​យើង​អធិដ្ឋាន​សុំ​វិញ្ញាណ​ឬ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​មក​ជួយ​យើង​ផង ពីព្រោះ​ចិត្ត​ស្មោះ​ត្រង់​ឬ​ជំនឿ​ជា​«ផល​ផ្លែ»​ឬ​លក្ខណៈ​ល្អ​មួយ​នៃ​សកម្ម​ពល​របស់​ទ្រង់។ (កា. ៥:២២; កាឡ. ៥:២២, ខ.ស.) ម្យ៉ាងទៀត ពេល​យើង​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា នេះ​ក៏​ពង្រឹង​ជំនឿ​របស់​យើង​បន្ថែម​ទៅ​ទៀត​ផង។ ជា​ឧទាហរណ៍ បើ​យើង​ព្យាយាម​រួមចំណែក​ឲ្យ​បាន​កាន់​តែ​ច្រើន​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ នេះ​ច្បាស់​ជា​នឹង​បណ្ដាល​ឲ្យ​យើង​មាន​សុភមង្គល​កាន់តែ​ច្រើន​ដែរ។ ក្រោយមក ពេល​យើង​គិត​ពិចារណា​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​«ស្វែងរក​នគរ​នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន» នេះ​ក៏​នឹង​បណ្ដាល​ឲ្យ​យើង​មាន​ជំនឿ​កាន់តែ​ខ្លាំង​ផង។—ម៉ាថ. ៦:៣៣

ចូរ​«ដេញ​តាម . . . សេចក្ដី​ស្រឡាញ់»

១២, ១៣​. (ក) តើ​បង្គាប់​ថ្មី​របស់​ព្រះ​យេស៊ូ​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី? (ខ) ដូច​ព្រះ​យេស៊ូគ្រិស្ត តើ​យើង​ត្រូវ​តែ​ដេញ​តាម​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណាខ្លះ?

១២ សូម​អាន ធីម៉ូថេទី១ ៥:១, ២។ ប៉ុល​បាន​ផ្ដល់​ឱវាទ​ល្អៗ​ស្តី​អំពី​របៀប​ដែល​ពួក​គ្រិស្ត​សាសនិក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​គោរព​ប្រណិប័តន៍​ព្រះ​ត្រូវ​តែ​រួម​បញ្ចូល​ទង្វើ​ស្រប​ទៅ​តាម​បង្គាប់​ថ្មី​របស់​ព្រះ​យេស៊ូ​ដែល​ឲ្យ​យើង​«ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក» ដូច​ទ្រង់​បាន​ស្រឡាញ់​យើង។ (យ៉ូន. ១៣:៣៤) សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «បើ​អ្នក​ណា​មាន​ភោគ​សម្បត្ដិ​របស់​លោកីយ​នេះ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះខាត តែ​មិន​ចេះ​អាណិត​មេត្ដា​សោះ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន?»។ (១យ៉ូន. ៣:១៧) តើ​យើង​អាច​នឹកឃើញ​ពេល​ខ្លះ​ដែល​យើង​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដទៃ​ដោយ​ជួយ​ពួក​គេ​ទេ?

១៣ វិធី​មួយទៀត​ដែល​យើង​ដេញ​តាម​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​អត់​ទោស​ឲ្យ​បង​ប្អូន​រួម​ជំនឿ ហើយ​មិន​ចងគំនុំ​នឹង​ពួក​គេ​ទាល់តែ​សោះ។ (សូម​អាន យ៉ូហានទី១ ៤:២០) យ៉ាង​នេះ យើង​ធ្វើ​តាម​ឱវាទ​ពី​ព្រះ​យេហូវ៉ា​ដែល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក [ហើយ]​បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ! ដូច​ជា​[ព្រះ​យេហូវ៉ា]​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។ (កូល. ៣:១៣) តើ​យើង​អាច​ធ្វើ​តាម​ឱវាទ​នេះ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្លួន​បាន​ទេ? តើ​មាន​នរណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​យើង​គួរតែ​អត់​ទោស​ឲ្យ​ទេ?

ចូរ​«ដេញ​តាម . . . សេចក្ដី​ខ្ជាប់ខ្ជួន»

១៤​. តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​គំរូ​របស់​ក្រុម​ជំនុំ​នៅ​ទីក្រុង​ភីឡាដិលភា?

១៤ បើ​យើង​មាន​គោលដៅ​ដែល​អាច​សម្រេច​បាន​ក្នុង​រយៈ​ពេល​ខ្លី នោះ​មិនជា​ការ​ពិបាក​ទេ​ឲ្យ​យើង​ព្យាយាម​រហូត​ដល់​បាន​សម្រេច។ ប៉ុន្តែ បើ​យើង​មាន​គោលដៅ​ដែល​ពិបាក​សម្រេច ឬ​តម្រូវ​ពេល​យូរ​ទើប​សម្រេច​បាន នោះ​ពិបាក​ណាស់​ឲ្យ​យើង​ព្យាយាម​រហូត​វិញ។ ដូច្នេះ បើ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​គោលដៅ​ដែល​យើង​កំពុង​ដេញ​តាម យើង​ច្បាស់​ជា​ត្រូវ​តែ​ចេះ​ស៊ូទ្រាំ​ដោយ​កាន់ខ្ជាប់​នឹង​ជំនឿ​របស់​ខ្លួន។ លោក​ម្ចាស់​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ទីក្រុង​ភីឡាដិលភា​ថា​៖ «ដោយ​ព្រោះ​ឯង​បាន​កាន់​តាម​រឿង​ពី​សេចក្ដី​អត់ធ្មត់​[ឬ​«ព្យាយាម​ប្រតិបត្ដិ​តាម​ពាក្យ»]​របស់​អញ នោះ​អញ​នឹង​រក្សា​ឯង​ឲ្យ​រួច​ពី​វេលា​ល្បង​[ឬ​«គ្រា​លំបាក»]»។ (វិវរ. ៣:១០; វវ. ៣:១០, ខ.ស.) ត្រូវ​ហើយ ព្រះ​យេស៊ូ​បង្រៀន​ថា យើង​ត្រូវ​តែ​ចេះ​ស៊ូទ្រាំ ពីព្រោះ​ពេល​មានទុក្ខ​លំបាក​និង​ការ​ល្បង​ល នេះ​ជា​លក្ខណៈ​សម្បត្ដិ​មួយ​ដែល​ជួយ​យើង​ឲ្យ​កាន់ខ្ជាប់​នឹង​ជំនឿ​របស់​ខ្លួន។ តាម​មើល​ទៅ ពេល​មាន​អ្វី​មក​ល្បង​ល​ជំនឿ​ម្ដង​ហើយ​ម្ដង​ទៀត បង​ប្អូន​គ្រិស្ត​សាសនិក​ក្នុង​ក្រុម​ជំនុំ​នៅ​ទីក្រុង​ភីឡាដិលភា​នា​សតវត្សរ៍​ទី​១ មានចិត្ត​ខ្ជាប់ខ្ជួន​ក្នុង​ការ​ស៊ូទ្រាំ។ ហេតុនេះ​ហើយ​បានជា​ព្រះ​យេស៊ូ​ធានា​ថា ពេល​ពួក​គេ​មានការ​ល្បង​ល​និង​ទុក្ខ​លំបាក​ខ្លាំង​ជាង​នោះ​ទៅ​ទៀត ទ្រង់​នឹង​ជួយ​ពង្រឹង​កម្លាំង​ឲ្យ​ពួក​គេ។—លូ. ១៦:១០

១៥​. ស្តី​អំពី​ការ​ស៊ូទ្រាំ តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​យ៉ាង​ណា?

១៥ ព្រះ​យេស៊ូ​ក៏​ជ្រាប​ថា បង​ប្អូន​ញាតិ​មិត្ត​និង​មនុស្ស​ឯ​ទៀត​ក្នុង​ពិភព​លោក​នេះ​ដែល​មិន​ជឿ​ទៅ​លើ​ទ្រង់ ពួក​គេ​នឹង​ស្អប់​អ្នក​ដែល​កាន់​តាម​ទ្រង់។ អាស្រ័យ​ហេតុនេះ ព្រះ​យេស៊ូ​បាន​លើក​ទឹកចិត្ត​សិស្ស​របស់​ទ្រង់​យ៉ាង​ហោច​ណាស់​អស់​ពីរ​ដង​ថា​៖ «អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។ (ម៉ាថ. ១០:២២; ២៤:១៣) ព្រះ​យេស៊ូ​ក៏​បាន​បង្ហាញ​ថា ពេល​មាន​គេ​ស្អប់​និង​បៀតបៀន​នោះ សិស្ស​របស់​ទ្រង់​នៅ​តែ​អាច​មាន​កម្លាំងចិត្ត​ដើម្បី​ស៊ូទ្រាំ​បាន។ តើ​តាម​របៀប​ណា? ក្នុង​រឿង​ប្រៀបប្រដូច​មួយ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​អំពី​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ដី​ដែល​សម្បូរ​ទៅ​ដោយ​ថ្ម ថា​ពួក​គេ​«ទទួល​[ព្រះ​បន្ទូល​ឬ​បណ្ដាំ​របស់​ព្រះ]​ដោយ​អំណរ» តែ​រសាយ​ចិត្ត​ចេញ​ពេល​មាន​អ្វី​ល្បង​ល​ជំនឿ​របស់​ពួក​គេ។ រីឯ​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ដែល​មានចិត្ត​ស្មោះ​ត្រង់​វិញ ទ្រង់​មាន​ប្រសាសន៍​ថា​ពួក​គេ​មាន​លក្ខណៈ​ដូច​ដី​ល្អ ពីព្រោះ​ពួក​គេ​«យក​ចិត្ត​ទុកដាក់»​នឹង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ហើយ​កាលដែល​ពួក​គេ​ស៊ូទ្រាំ​នោះ នេះ​នាំ​ឲ្យ​«បង្កើត​ផល​ដោយ​សេចក្ដី​អត់​ធន់»។—លូ. ៨:​១៣, ១៥

១៦​. តើ​អ្វី​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​ចេះ​ស៊ូទ្រាំ?

១៦ តើ​យើង​កត់សម្គាល់​ពី​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ​ទេ? យើង​ត្រូវ​តែ​«យក​ចិត្ត​ទុកដាក់»​នឹង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ដែល​មាន​ន័យ​ថា បណ្ដាំ​របស់​ទ្រង់​ត្រូវ​តែ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្តគំនិត​របស់​យើង​ជា​និច្ច។ បើ​យើង​រំពឹង​គិត​ជា​រៀងរាល់ថ្ងៃ​ពី​អ្វី​ដែល​យើង​អាន​ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា នេះ​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​បង្កើត​ផល​«ដោយ​សេចក្ដី​អត់​ធន់»​ជា​រៀង​រហូត។—ទំនុក. ១:១, ២

ចូរ​«ដេញ​តាម . . . សេចក្ដី​សំ​ឡូ​ត»​និង​សេចក្ដី​មេត្រី

១៧​. (ក) ហេតុ​អ្វី​សំខាន់​ម្ល៉េះ​ឲ្យ​យើង​ចេះ​ប្រព្រឹត្ត​ដោយ​«សំ​ឡូ​ត»? (ខ) តើ​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​ចេះ​ប្រព្រឹត្ត​ដោយ​សម្លូត​យ៉ាង​ដូច​ម្ដេច?

១៧ គ្មាន​នរណា​ពេញចិត្ត​ឡើយ ពេល​អ្នក​ដទៃ​ចោទ​ថា​យើង​បាន​ធ្វើ​អ្វី​ឬ​និយាយ​អ្វី​ដែល​យើង​មិន​ដែល​ធ្វើ។ ពេល​មាន​គេ​ចោទ​មិន​ពិត​បែប​នេះ មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​យើង​ប្រកែក​ថា «ខ្ញុំ​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ!»។ យ៉ាង​ណា​ក៏​ដោយ តែងតែ​មាន​ប្រយោជន៍​ច្រើន​ជាង​បើ​តប​ឆ្លើយ​ដោយ​«សំ​ឡូ​ត​វិញ»! (សូម​អាន សុភាសិត ១៥:១) ក៏​ប៉ុន្តែ ពេល​មាន​គេ​ចោទប្រកាន់​មិន​ពិត​នឹង​យើង យើង​ត្រូវ​តែ​មាន​កម្លាំងចិត្ត​ខ្លាំង​ណាស់ ទើប​អាច​ប្រព្រឹត្ត​ដោយ​សម្លូត​បាន។ ក្នុង​ករណី​នេះ ព្រះ​យេស៊ូ​គ្រិស្ត​បាន​តាំង​គំរូ​ល្អ​បំផុត​ឲ្យ​យើង។ «កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ។ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក​កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ​ព្រះ​ដែល​ជំនុំ​ជំ​រះ​ដោយ​សុចរិត​វិញ»។ (១ពេ. ២:២៣) ទោះជា​យើង​មិន​អាច​ប្រព្រឹត្ត​ដូច​ព្រះ​យេស៊ូ​បេះបិទ​ក្នុង​ករណី​នេះ​ក៏​ដោយ យើង​នៅ​តែ​អាច​ព្យាយាម​ជា​និច្ច​ដើម្បី​ប្រព្រឹត្ត​ដោយ​សម្លូត​ឲ្យ​បាន​កាន់តែ​ច្រើន មែន​ទេ?

១៨​. (ក) តើ​ចិត្ត​សុភាព​និង​ការ​ប្រព្រឹត្ត​ដោយ​សម្លូត​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វីខ្លះ? (ខ) តើ​មានការ​ដាស់តឿន​ឲ្យ​យើង​ដេញ​តាម​លក្ខណៈ​សម្បត្ដិ​មួយ​ណា​ទៀត?

១៨ ចូរ​ឲ្យ​យើង​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ដោយ​«ប្រុងប្រៀប​ជា​និច្ច . . . ដើម្បី​នឹង​តប​ឆ្លើយ»​ឬ​ពន្យល់​អំពី​ជំនឿ​របស់​ខ្លួន ព្រម​ទាំង​ធ្វើ​ដូច្នេះ​«ដោយ​សុភាព​ហើយ​[«គោរព»]​កោត​ខ្លាច»​ផង។ (១ពេ. ៣:១៥; ១ពត្រ. ៣:១៦, ខ.ស.) ត្រូវ​មែន ពេល​យើង​មានចិត្ត​សុភាព​និង​ប្រព្រឹត្ត​ដោយ​សម្លូត មិន​ថា​ជាមួយ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ ឬ​ជាមួយ​អ្នក​ជឿ​គ្នីគ្នា​ក៏​ដោយ នេះ​អាច​ជួយ​បង្ការ​មិន​ឲ្យ​ទស្សនៈ​ខុស​គ្នា​ដែល​យើង​មាន​រវាង​គ្នា​ក្លាយទៅជា​រឿង​ជម្លោះ​យ៉ាង​ក្ដៅក្រហាយ​ឡើយ។ (២ធី. ២:២៤, ២៥) ការ​ប្រព្រឹត្ត​ដោយ​សម្លូត​តែងតែ​ជួយ​ឲ្យ​មាន​មេត្រីភាព​រវាង​គ្នា។ ពេល​ប៉ុល​សរសេរ​សំបុត្រ​ទី​២​ដល់​ធីម៉ូថេ ប្រហែលជា​មូលហេតុ​នេះ​ហើយ​ដែល​គាត់​រួម​បញ្ចូល​«សេចក្ដី​មេត្រី»​ជា​លក្ខណៈ​មួយ​ដែល​គួរ​នឹង​ដេញ​តាម​ដែរ។ (២ធី. ២:២២; សូម​ពិនិត្យ​បន្ថែម ធីម៉ូថេទី១ ៦:១១) ត្រូវ​ហើយ «សេចក្ដី​មេត្រី»​ជា​លក្ខណៈ​មួយទៀត​ដែល​គម្ពីរ​លើក​ទឹកចិត្ត​យើង​ឲ្យ​ដេញ​តាម។—រ៉ូម ១២:​១៨; ហេ. ១២:១៤

១៩​. ពេល​បាន​ពិនិត្យ​មើល​លក្ខណៈ​សម្បត្ដិ​៧​យ៉ាង​ដែល​គ្រិស្ត​សាសនិក​គួរ​មាន តើ​អ្នក​បាន​តាំងចិត្ត​ដើម្បី​ដេញ​តាម​អ្វីខ្លះ? ហេតុ​អ្វី?

១៩ យើង​បាន​ពិនិត្យ​មើល​យ៉ាង​ត្រួសៗ​នូវ​លក្ខណៈ​សម្បត្ដិ​៧​យ៉ាង​ដែល​គប្បី​ឲ្យ​គ្រិស្ត​សាសនិក​ដេញ​តាម ពោល​គឺ សេចក្ដី​សុចរិត ការ​គោរព​ប្រណិប័តន៍​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ការ​ស៊ូទ្រាំ​ដោយ​ចិត្ត​ខ្ជាប់ខ្ជួន ការ​ប្រព្រឹត្ត​ដោយ​សម្លូត និង​សេចក្ដី​មេត្រី។ ពេល​បង​ប្អូន​រួម​ជំនឿ​ក្នុង​ក្រុម​ជំនុំ​នីមួយៗ​ខំ​បង្ហាញ​លក្ខណៈ​ល្អៗ​ទាំងនេះ​ឲ្យ​បាន​កាន់តែ​ច្រើន នេះ​ពិតជា​នាំ​ឲ្យ​មាន​ស្ថានភាព​ដ៏​អស្ចារ្យ​មែន! បើ​យើង​រាល់​គ្នា​ខំ​ដេញ​តាម​លក្ខណៈ​សម្បត្ដិ​ទាំងនេះ​ឲ្យ​បាន​កាន់តែ​ច្រើន យើង​នឹង​លើក​តម្កើង​ព្រះ​យេហូវ៉ា ហើយ​ក្លាយទៅជា​មនុស្ស​ដែល​ផ្ដល់​ហេតុ​ឲ្យ​អ្នក​ដទៃ​សរសើរ​ទ្រង់​ដែរ។

[កំណត់​សម្គាល់]

a ធីម៉ូថេទី១ ៣:១៦, (ខ.ស.)​ចែង​ថា «យើង​ត្រូវ​ទទួល​ស្គាល់​ថា គំ​រោងការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​ម្ចាស់​នោះ​ធំ​ណាស់ គឺថា: ព្រះ​គ្រីស្ទ​យាង​មក​មាន​ឋានៈ​ជា​មនុស្ស ព្រះ​អង្គ​បាន​សុចរិត​ដោយសារ​ព្រះ​វិញ្ញាណ ព្រះ​អង្គ​បាន​បង្ហាញ​ខ្លួន​អោយ​ពួក​ទេវទូត​ឃើញ គេ​បាន​ប្រកាស​អំពី​ព្រះ​អង្ក​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​ព្រះ​អង្គ​ក្នុង​ពិភព​លោក ព្រះ​ជា​ម្ចាស់​បាន​លើក​ព្រះ​អង្គ​ឡើង​អោយ​មាន​សិរី​រុងរឿង»។

b បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

ចំណុច​ដ៏​គួរ​ឲ្យ​រំពឹង​គិត

• តើ​យើង​អាច​ដេញ​តាម​សេចក្ដី​សុចរិត​និង​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ដូច​ម្ដេច?

• តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ដេញ​តាម​ជំនឿ​និង​ចេះ​ស៊ូទ្រាំ​ដោយ​ចិត្ត​ខ្ជាប់ខ្ជួន?

• តើ​សេចក្ដី​ស្រឡាញ់​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ដែល​យើង​ប្រាស្រ័យ​ទាក់ទង​គ្នា?

• ហេតុ​អ្វី​ក៏​ចាំបាច់​ម្ល៉េះ​ឲ្យ​យើង​ដេញ​តាម​សេចក្ដី​មេត្រី​និង​ចង់​ប្រព្រឹត្ត​ដោយ​សម្លូត?

[រូបភាព​នៅ​ទំព័រ​១៦]

ព្រះ​យេស៊ូ​បាន​ព្រមាន​កុំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​មុខ​មនុស្ស ដោយ​មាន​បំណង​ចង់​លើក​តម្កើង​ខ្លួន​តែ​ប៉ុណ្ណោះ

[រូបភាព​នៅ​ទំព័រ​១៧]

យើង​អាច​ដេញ​តាម​ជំនឿ​ដោយ​មាន​ទម្លាប់​រំពឹង​គិត ពី​សេចក្ដី​ពិត​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​១៨]

គប្បី​ឲ្យ​យើង​ដេញ​តាម​សេចក្ដី​ស្រឡាញ់ និង​ខំ​ប្រព្រឹត្ត​ដោយ​សម្លូត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក