បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៦ ទំ. ១០-១៤
  • តើយើងត្រូវតែរត់ចេញពីអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើយើងត្រូវតែរត់ចេញពីអ្វី?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គប្បី​រត់​ចេញ មុន​ព្រះ​យេហូវ៉ា​ក្រោធ​ម្ដង​ទៀត
  • ‹ចូរ​រត់​ចេញពី​កណ្ដាល​ក្រុង​បាប៊ីឡូន›
  • ចូរ​រត់​ចេញពី​ការ​ថ្វាយបង្គំ​រូប​ព្រះ
  • ​«ចូរ​រត់​ពី​ការ​សហាយស្មន់»
  • ចូរ​រត់​ចេញពី‹ការ​ស្រឡាញ់​ប្រាក់›
  • ‹ចូរ​រត់​ចេញពី​តណ្ហា​នៃ​យុវវ័យ›
  • ការភៀសខ្លួនទៅទីសន្ដិសុខមុននឹង«សេចក្ដីវេទនាជាខ្លាំង»
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ‹ចូរពួកអ្នកអានប្រើការវិនិច្ឆ័យ›
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៦ ទំ. ១០-១៤

តើ​យើង​ត្រូវ​តែ​រត់​ចេញពី​អ្វី?

​«ឱ​ពូជ​ពស់​វែក​អើយ! តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ចេញពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ?»។—ម៉ាថ. ៣:៧

១​. ស្តី​អំពី​ការ​រត់​ចេញ សូម​រៀបរាប់​ឧទាហរណ៍​ខ្លះ​ដែល​មាន​ក្នុង​គម្ពីរ។

ការ​«រត់​ចេញ» តើ​នាំ​ឲ្យ​គិត​ពី​អ្វី? អ្នក​ខ្លះ​ប្រហែលជា​គិត​អំពី​បុរស​សង្ហា​ម្នាក់ ឈ្មោះ​យ៉ូសែប កំពុង​រត់​ចេញពី​ភរិយា​របស់​លោក​ប៉ូទីផារ​ដែល​បង្ខំ​គាត់​ឲ្យ​រួមដំណេក​ជាមួយនឹង​នាង។ (លោ. ៣៩:៧​-​១២) អ្នក​ឯ​ទៀត​ប្រហែលជា​គិត​ពី​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​រត់​ចេញ​ពី​ទីក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦៦ គ.ស. សម​ស្រប​នឹង​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «កាលណា​ឃើញ​ពល​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម នោះ . . . ត្រូវ​ឲ្យ​អស់អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ ហើយ​ពួក​អ្នក​នៅ​កណ្ដាល​ទីក្រុង​ត្រូវ​រត់​ចេញ​ទៅ​ឲ្យ​ផុត»។—លូ. ២១:​២០, ២១

២, ៣​. (ក) តើ​យ៉ូហាន​បាទីស្ទ​បន្ទោស​មេដឹកនាំ​សាសនា​យូដា​និង​ប្រាប់​ពួក​គេ​ឲ្យ​រត់​ចេញ​ក្នុង​ន័យ​អ្វី? (ខ) តើ​ព្រះ​យេស៊ូ​បញ្ជាក់​ម្ដង​ទៀត​ពី​ការ​ព្រមាន​របស់​យ៉ូហាន​ដោយ​មាន​ប្រសាសន៍​យ៉ាង​ណា?

២ ឧទាហរណ៍​ទាំង​ពីរ​នេះ​សំដៅ​ទៅ​លើ​ការ​រត់គេច​ចេញពី​ស្ថានការណ៍​ណាមួយ។ សព្វថ្ងៃ​នេះ ទោះជា​គ្រិស្ត​សាសនិក​ពិត​នៅ​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​មិន​ចាំបាច់​រត់គេច​ពី​ស្ថានការណ៍​ជាក់លាក់​ណា​មួយ​ក្ដី គឺ​បន្ទាន់​ណាស់​ឲ្យ​ពួក​គេ​រត់គេច​ក្នុង​ន័យ​ធៀប​ទៅ​វិញ។ យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ ក៏​ធ្លាប់​និយាយ​អំពី​ការ​«រត់​ចេញ»​ក្នុង​ន័យ​ធៀប​ដែរ។ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​បាន​ទៅ​ជួប​យ៉ូហាន មាន​ពួក​មេដឹកនាំ​សាសនា​យូដា​ដែល​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​សុចរិត។ ដូច្នេះ ពួក​គេ​មាន​អំណួត​ដោយ​គិត​ថា​ខ្លួន​គ្មាន​កំហុស​ដែល​តម្រូវ​ឲ្យ​ប្រែចិត្ត​ទេ។ អ្នកធំ​ទាំងនោះ​ក៏​បាន​មើល​ងាយ​មនុស្ស​សាមញ្ញ​ធម្មតា​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ថា​ពួក​គេ​បាន​ប្រែចិត្ត។ យ៉ូហាន​មិន​ខ្លាច​មេដឹកនាំ​ដ៏​មានពុត​ត្បុត​ទាំងនោះ​ទេ។ ដូច្នេះ គាត់​បាន​បកអាក្រាត​គំនិត​ខុសឆ្គង​របស់​ពួក​គេ​ដោយ​កាត់ទោស​ពួក​គេ​ថា​៖ «ឱ​ពូជ​ពស់​វែក​អើយ! តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ចេញពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ? បើ​យ៉ាង​នេះ ចូរ​អ្នក​រាល់​គ្នា​បង្កើត​ផល​ដែល​សំណំ​នឹង​សេចក្ដី​ប្រែចិត្ត​នោះ​ចុះ!»។—ម៉ាថ. ៣:៧, ៨

៣ ក្នុង​ករណី​នេះ យ៉ូហាន​មិន​ដាស់តឿន​ពួក​មេដឹកនាំ​សាសនា​ទាំង​នោះ​ឲ្យ​រត់គេច​ទៅ​កន្លែង​ផ្សេង​ទេ។ ផ្ទុយ​ទៅ​វិញ យ៉ូហាន​បាន​ព្រមាន​អំពី​គ្រា​ដែល​ព្រះ​យេហូវ៉ា​ក្រោធ​ហើយនឹង​ជំនុំជម្រះ​ពួក​គេ។ យ៉ូហាន​ចង់​មាន​ប្រសាសន៍​ថា បើ​គេ​ចង់​រួចខ្លួន​នៅ​គ្រា​នោះ ពួក​គេ​ត្រូវ​តែ​បង្កើត​ផល​ឬ​មានការ​ប្រព្រឹត្ត​ដែល​ស​ឲ្យ​ឃើញ​ថា ពួក​គេ​បាន​ប្រែចិត្ត​យ៉ាង​ស្មោះ។ ក្រោយៗ​មក ព្រះ​យេស៊ូ​ក៏​បាន​កាត់ទោស​ពួក​មេដឹកនាំ​សាសនា​យូដា​ដែរ ពីព្រោះ​ផែនការ​របស់​គេ​ក្នុង​ការ​ប៉ុនប៉ង​សម្លាប់​ទ្រង់​បាន​បង្ហាញ​ច្បាស់​ថា សាតាំង​ជា​ឪពុក​ពិត​របស់​ពួក​គេ។ (យ៉ូន. ៨:​៤៤) ព្រះ​យេស៊ូ​បញ្ជាក់​ម្ដង​ទៀត​ពី​សម្ដី​របស់​យ៉ូហាន​ដោយ​ហៅ​មេដឹកនាំ​ទាំងនោះ​ថា​ជា​«ពូជ​ពស់​វែក»​ដែរ។ រួច​មក ព្រះ​យេស៊ូ​សួរ​ថា​៖ «ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​[រត់គេច​ឲ្យ]​រួច​ពី​ទោស​នៅ​ក្នុង​[«ជ្រលង​ភ្នំ​ហ៊ីណុំ»]​បាន?»។ (ម៉ាថ. ២៣:៣៣; ព.ថ.) ពេល​សំដៅ​ទៅ​លើ​«ជ្រលង​ភ្នំ​ហ៊ីណុំ» តើ​ព្រះ​យេស៊ូ​ចង់​បញ្ជាក់​យ៉ាង​ណា?

៤​. ពេល​សំដៅ​ទៅ​លើ​ជ្រលង​ភ្នំ​ហ៊ីណុំ តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា?

៤ ជ្រលង​ភ្នំ​ហ៊ីណុំ​ជា​ច្រក​ភ្នំ​មួយ​នៅ​ខាងក្រៅ​កំពែង​ទីក្រុង​យេរូសាឡិម។ នៅ​ទី​នោះ​គេ​បាន​ចាក់​សំរាម​និង​សាកសព​នៃ​សត្វ ព្រម​ទាំង​ដុត​របស់​ទាំងនោះ​ចោល​ផង។ ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​លើ​ជ្រលង​ភ្នំ​ហ៊ីណុំ​ក្នុង​ន័យ​ធៀប ពោល​គឺ តំណាង​ការ​ស្លាប់​បាត់បង់​ជីវិត​ជា​រៀង​រហូត។ សំណួរ​របស់​ព្រះ​យេស៊ូ​អំពី​លទ្ធភាព​រត់គេច​ឲ្យ​រួច​ពី​ជ្រលង​ភ្នំ​ហ៊ីណុំ​បង្ហាញ​ថា ក្រុម​ពួក​អ្នកដឹកនាំ​សាសនា​យូដា​គួរ​នឹង​ទទួល​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត។—ម៉ាថ. ៥:​២២, ២៩

៥​. ស្រប​ទៅ​តាម​ការ​ព្រមាន​របស់​យ៉ូហាន​និង​ព្រះ​យេស៊ូ តើ​អ្វី​បាន​កើតឡើង​នៅ​សម័យ​នោះ?

៥ ពួក​មេដឹកនាំ​សាសនា​យូដា​បាន​ធ្វើបាប​រឹតតែ​ធ្ងន់ កាលដែល​គេ​បៀតបៀន​ព្រះ​យេស៊ូ​និង​អ្នក​កាន់​តាម​ទ្រង់។ នៅ​ទីបំផុត គ្រា​ដែល​ព្រះ​យេហូវ៉ា​ក្រោធ​បាន​មក​ដល់ សម​ស្រប​ទៅ​នឹង​ការ​ព្រមាន​របស់​យ៉ូហាន​និង​ព្រះ​យេស៊ូ។ ក្នុង​ករណី​នោះ ពួក​គេ​អាច​រត់​ចេញ​មែន ពីព្រោះ​«សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក»​នៅ​គ្រា​នោះ ជា​ស្ថានការណ៍​ពិត​នៅ​តំបន់​ជាក់លាក់​មួយ ពោល​គឺ នៅ​ទីក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។ សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា​បាន​លេចធ្លោ​មែន ពេល​ពល​ទ័ព​ជន​ជាតិ​រ៉ូម​បាន​បំផ្លាញ​ចោល​ទីក្រុង​យេរូសាឡិម​និង​វិហារ​ដែល​មាន​ទីតាំង​នៅ​ទី​នោះ នា​ឆ្នាំ​៧០ គ.ស.។ នៅ​គ្រា​នោះ ពួក​អ្នក​នៅ​ទីក្រុង​យេរូសាឡិម​បាន​រង​ទុក្ខ​«វេទនា»​ខ្លាំង​ជាង​អ្វី​ដែល​ធ្លាប់​មាន​ពី​មុន។ ពួក​គេ​ជា​ច្រើន​បាន​ស្លាប់ ហើយ​ខ្លះ​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយសឹក។ ព្រឹត្ដិការណ៍​ទាំងនោះ​ចង្អុល​បញ្ជាក់​ពី​សេចក្ដី​ហិន​វិនាស​ដ៏​ធំ​ជាង ដែល​នឹង​មាន​មក​លើ​សាសនា​ទាំងឡាយ​និង​អស់អ្នក​ដែល​គ្រាន់តែ​អះអាង​ថា​ជា​អ្នក​ជឿ​លើ​ព្រះ​យេស៊ូ។—ម៉ាថ. ២៤:២១

គប្បី​រត់​ចេញ មុន​ព្រះ​យេហូវ៉ា​ក្រោធ​ម្ដង​ទៀត

៦​. ក្នុង​ចំណោម​ពួក​គ្រិស្ត​សាសនិក​នា​សម័យ​ដើម តើ​អ្វី​បាន​កើតឡើង?

៦ ក្នុង​ចំណោម​ពួក​គ្រិស្ត​សាសនិក​នា​សម័យ​ដើម អ្នក​ខ្លះ​បាន​ក្បត់​ជំនឿ ហើយ​អ្នក​ឯ​ទៀត​ក៏​បាន​កាន់​តាម​ពួក​គេ​ដែរ។ (កិច្ច. ២០:​២៩, ៣០) ពេល​សាវ័ក​ខ្លះ​របស់​ព្រះ​យេស៊ូ​នៅ​រស់នៅ​ឡើយ ពួក​គាត់​ជួយ​«ឃាត់»​ឬ​ទប់​កុំ​ឲ្យ​មានការ​ក្បត់​ជំនឿ។ ប៉ុន្តែ ពេល​ដែល​ពួក​សាវ័ក​បាន​ស្លាប់​អស់ សាសនា​យេស៊ូ​និកាយ​ផ្សេងៗ​បាន​ផុស​លេច​មក។ សព្វថ្ងៃ​នេះ ពិភព​គ្រិស្ត​សាសនា​មាន​រាប់​រយ​និកាយ​ដែល​ទាស់ទែង​គ្នា​រហូត។ ទំនាយ​ក្នុង​គម្ពីរ​ក៏​បញ្ជាក់​ថា មនុស្ស​ខ្លះ​នឹង​លើក​ខ្លួន​ជា​អ្នកធំ​ដែល​ចង់​ដឹកនាំ​និកាយ​សាសនា​យេស៊ូ​នីមួយៗ។ ក្នុង​ទំនាយ​នោះ គេ​ក៏​បាន​ហៅ​ថា​ជា​«អា​ទទឹង​ច្បាប់» និង​ជា​«មនុស្ស​ដែល​ត្រូវ​ហិន​វិនាស . . . ដែល​ព្រះ​អម្ចាស់​យេស៊ូ​វ​នឹង​បំផ្លាញ​ដោយ​ខ្យល់​ពី​ព្រះ​ឱស្ឋ​ទ្រង់ ហើយ​ធ្វើ​ឲ្យ​វិនាស​ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក»។—២ថែ. ២:៣, ៦​-​៨

៧​. ហេតុ​អ្វី​ក៏​អ្នកដឹកនាំ​ពិភព​គ្រិស្ត​សាសនា​សម​ហៅ​ថា​«អា​ទទឹង​ច្បាប់»?

៧ អ្នកធំ​ដែល​ដឹកនាំ​និកាយ​នីមួយៗ​ក្នុង​ពិភព​គ្រិស្ត​សាសនា ជា​អ្នក​ទទឹង​ច្បាប់​ក្នុង​ន័យ​ថា បាន​នាំ​សមាជិក​រាប់​លាន​នាក់​របស់​គេ​ឲ្យ​វង្វេង។ ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​ញុះញង់​អ្នក​ដែល​កាន់សាសនា​គេ​ឲ្យ​ជឿ​ទៅ​លើ​សេចក្ដី​បង្រៀន​មិន​ពិត ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ និង​ប្រព្រឹត្ត​បែប​ខុស​នឹង​អ្វី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ។ ដូច​មេដឹកនាំ​សាសនា​យូដា​ដែល​ព្រះ​យេស៊ូ​បាន​កាត់ទោស​នោះ អ្នក​ថ្វាយបង្គំ​នា​សម័យ​នេះ​ដែល​រួមចំណែក​ក្នុង​ចំណោម​«មនុស្ស​ដែល​ត្រូវ​ហិន​វិនាស»​នោះ ក៏​នឹង​ត្រូវ​បំផ្លាញ​ចោល ព្រម​ទាំង​គ្មាន​សេចក្ដី​សង្ឃឹម​រស់​ឡើង​វិញ​ផង។ (២ថែ. ១:៦​-​៩) ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​បណ្ដា​ជន​ទាំងឡាយ​ដែល​មេដឹកនាំ​ពិភព​គ្រិស្ត​សាសនា​និង​សាសនា​ឯ​ទៀត​បាន​នាំ​ឲ្យ​វង្វេង​នោះ? តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ព្រឹត្ដិការណ៍​ដែល​បាន​កើតឡើង​មុន​ទីក្រុង​យេរូសាឡិម​បាន​បំផ្លាញ​ចោល​នៅ​សម័យ​មុន​គ្រិស្ត​សករាជ គឺ​នៅ​ឆ្នាំ​៦០៧។

‹ចូរ​រត់​ចេញពី​កណ្ដាល​ក្រុង​បាប៊ីឡូន›

៨, ៩​. (ក) យោង​ទៅ​តាម​ទំនាយ​របស់​យេរេមា តើ​ជន​ជាតិ​យូដា​ដែល​ជា​ឈ្លើយសឹក​នៅ​ឯ​ស្រុក​បាប៊ីឡូន​ត្រូវ​តែ​ធ្វើ​អ្វី? (ខ) ក្រោយ​ជន​ជាតិ​មេឌី​និង​ពើ​ស៊ី​បាន​ដណ្ដើម​អំណាច​ពី​ចក្រភព​បាប៊ីឡូន តើ​ពួក​ឈ្លើយសឹក​អាច​រត់​ចេញ​យ៉ាង​ដូច​ម្ដេច?

៨ លោក​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​អំពី​សេចក្ដី​ហិន​វិនាស​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​យេរូសាឡិម​នា​ឆ្នាំ​៦០៧ មុន​គ.ស.។ ទំនាយ​របស់​យេរេមា​ក៏​បញ្ជាក់​ថា អ្នក​ដែល​បំផ្លាញ​ចោល​ទីក្រុង​យេរូសាឡិម​ក៏​នឹង​ចាប់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទៅ​ជា​ឈ្លើយសឹក។ ប៉ុន្តែ យោង​ទៅ​តាម​ទំនាយ​នោះ «៧០​ឆ្នាំ»​ក្រោយមក រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​អាច​វិល​មក​ឯ​ស្រុក​របស់​ខ្លួន​វិញ។ (យេ. ២៩:៤, ១០) ចំពោះ​ជន​ជាតិ​យូដា​ដែល​ជា​ឈ្លើយសឹក​នៅ​ឯ​ស្រុក​បាប៊ីឡូន សារ​របស់​យេរេមា​មាន​ដំបូន្មាន​ដ៏​សំខាន់​ដែរ ពោល​គឺ ដាស់តឿន​ពួក​គេ​ឲ្យ​រក្សា​ខ្លួន​ដោយ​ឡែក​ពី​សាសនា​មិន​ពិត​របស់​ពួក​បាប៊ីឡូន។ យ៉ាង​នេះ ពេល​គ្រា​កំណត់​របស់​ព្រះ​យេហូវ៉ា​មក​ដល់ រាស្ត្រ​របស់​ទ្រង់​អាច​វិល​មក​ឯ​ទីក្រុង​យេរូសាឡិម​វិញ និង​រៀបចំ​ឲ្យ​មានការ​ថ្វាយបង្គំ​បរិសុទ្ធ​នៅ​ទី​នោះ​ម្ដង​ទៀត។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ជន​ជាតិ​មេឌី​និង​ជន​ជាតិ​ពើ​ស៊ី​បាន​នាំ​គ្នា​ដណ្ដើម​អំណាច​ពី​ចក្រភព​បាប៊ីឡូន​នៅ​ឆ្នាំ​៥៣៩ មុន​គ.ស. ពួក​អ៊ីស្រាអែល​ដែល​ជា​ឈ្លើយសឹក​បាន​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​មែន។ ស្តេច​ជន​ជាតិ​ពើ​ស៊ី ឈ្មោះ​ស៊ី​រូស​ទី​២ បាន​បើក​សិទ្ធិ​ឲ្យ​ពួក​យូដា​វិល​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ព្រម​ទាំង​សាងសង់​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ​ម្ដង​ទៀត។—អែស. ១:១​-​៤

៩ ជន​ជាតិ​យូដា​រាប់​ពាន់​នាក់​បាន​ឆ្លៀតឱកាស​នោះ​ដើម្បី​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​មែន។ (អែស. ២:៦៤​-​៦៧) ពេល​ពួក​គេ​បាន​ត្រឡប់​ទៅ​ស្រុក​វិញ នេះ​បាន​បំពេញ​ទំនាយ​របស់​យេរេមា​ដែល​បង្គាប់​ពួក​គេ​ឲ្យ​រត់​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត។ (សូម​អាន យេរេមា ៥១:៦,៤៥,៥០) អាស្រ័យ​ទៅ​លើ​កាលៈទេសៈ​ក្នុង​ជីវិត​របស់​ខ្លួន ជន​ជាតិ​យូដា​ខ្លះ​មិន​មាន​សមត្ថភាព​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​ឯ​ស្រុក​យូដា​និង​ទីក្រុង​យេរូសាឡិម​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ពួក​អ្នក​ដែល​ស្នាក់​នៅ​ស្រុក​បាប៊ីឡូន​ជា​បន្ត ដូច​អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​ដានីយ៉ែល​ដែល​មាន​វ័យ​ចាស់​ណាស់​ហើយ ពួក​គេ​នៅ​តែ​អាច​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​នៅ​ឡើយ។ ប៉ុន្តែ​ដើម្បី​ទទួល​ពរ​នោះ ពួក​គេ​ត្រូវ​តែ​គាំទ្រ​ការ​ថ្វាយបង្គំ​បរិសុទ្ធ​ដែល​មាន​ទីតាំង​នៅ​ឯ​ក្រុង​យេរូសាឡិម និង​រក្សា​ខ្លួន​ដោយឡែក​ពី​ការ​ថ្វាយបង្គំ​មិន​ពិត​របស់​ពួក​បាប៊ីឡូន។

១០​. តើ​«បាប៊ីឡូន​ដ៏​ជា​ធំ»​បាន​ប្រព្រឹត្ត​អំពើ​ដ៏​«គួរ​ខ្ពើម»​បែប​ណាខ្លះ?

១០ នៅ​សព្វថ្ងៃ​នេះ មនុស្ស​រាប់​ពាន់​លាន​នាក់​កាន់សាសនា​មិន​ពិត​ផ្សេងៗ​ដែល​សុទ្ធតែ​មាន​ឫសគល់​ចេញពី​សាសនា​របស់​ពួក​បាប៊ីឡូន​ពី​បុរាណ។ (លោ. ១១:៦​-​៩) រួម​គ្នា​ទាំងអស់ សាសនា​មិន​ពិត​ទាំងឡាយ​ប្រៀប​ដូច​ជា​«ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ជា​ម្ដាយ​នៃ​ពួក​ស្រី​សំផឹង​នឹង​អស់ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី»។ (វិវរ. ១៧:៥) យូរ​យារ​មក​ហើយ សាសនា​មិន​ពិត​ទាំងឡាយ​ធ្លាប់តែ​គាំទ្រ​ពួក​នយោបាយ។ សង្គ្រាម​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​លាន​នាក់‹ស្លាប់​នៅ​ផែនដី› គឺជា​«សេចក្ដី​គួរ​ខ្ពើម»​ម្យ៉ាង ដែល​សាសនា​មិន​ពិត​ទាំងឡាយ​បាន​ចូល​ប្រឡូក​ផង​ដែរ។ (វិវរ. ១៨:២៤) ពួក​គេ​មានទោស​ចំពោះ​«សេចក្ដី​គួរ​ខ្ពើម»​ផ្សេង​ទៀត ដូច​ជា​ការ​រួម​ភេទ​ជា​មួយ​ក្មេងៗ និង​អំពើ​ប្រាសចាក​សីលធម៌​ឯ​ទៀត​ដែល​បាន​ប្រព្រឹត្ត​ដោយ​អ្នកដឹកនាំ​សាសនា។ រីឯ​អ្នក​ដែល​ជា​មេ​លើ​ពួក​គេ​ក៏​មិន​អើពើ​ផង។ អាស្រ័យ​ហេតុនេះ មិន​គួរ​ឲ្យ​ឆ្ងល់​ឡើយ ថា​បន្ដិចទៀត​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​សាសនា​មិន​ពិត​ចេញពី​ផែនដី!—វិវរ. ១៨:៨

១១​. មុន​បាប៊ីឡូន​ដ៏​ធំ​វិនាស​ទៅ តើ​ពួក​គ្រិស្ត​សាសនិក​ពិត​មាន​ភារកិច្ច​អ្វី?

១១ ដោយ​ដឹង​ថា​បាប៊ីឡូន​ដ៏​ធំ​នឹង​វិនាស​ទៅ​នា​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ ពួក​គ្រិស្ត​សាសនិក​ពិត​មាន​ភារកិច្ច​ព្រមាន​អស់អ្នក​ដែល​កាន់​សាសនា​មិន​ពិត។ វិធី​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​បាន គឺ​ដោយ​ចែក​ជូន​គម្ពីរ​និង​សៀវភៅ​ផ្សេងៗ​ដល់​គេ។ សៀវភៅ​ទាំងនេះ​ដែល​«អ្នក​បម្រើ​ស្មោះត្រង់»​បោះពុម្ព ប្រៀប​ដូច​ជា‹អាហារ​បរិភោគ›ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​ពួក​គាត់​ផ្ដល់​ដល់​មនុស្ស​«តាម​ត្រូវ​ពេល»។ (ម៉ាថ. ២៤:​៤៥) ពេល​មនុស្ស​ចាប់អារម្មណ៍​នឹង​សារ​ក្នុង​គម្ពីរ យើង​ខំ​ផ្ដល់​ជំនួយ​ថែម​ទៀត​ដោយ​ណាត់​ម៉ោង​សិក្សា​គម្ពីរ​ជាមួយ​ពួក​គេ។ មុន​នឹង​ជ្រុល​ពេល យើង​សង្ឃឹម​ថា​ពួក​គេ​នឹង​ទទួល​ស្គាល់​សារៈសំខាន់​នៃ​ការ​«រត់​ចេញពី​កណ្ដាល​ក្រុង​បាប៊ីឡូន»។—វិវរ. ១៨:៤

ចូរ​រត់​ចេញពី​ការ​ថ្វាយបង្គំ​រូប​ព្រះ

១២​. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ថ្វាយបង្គំ​រូប​ព្រះ?

១២ ការ​ប្រព្រឹត្ត​ដ៏​គួរ​ខ្ពើម​មួយទៀត​ដែល​មាន​ជា​ទូទៅ​ក្នុង​សាសនា​នានា​នៃ​បាប៊ីឡូន​ដ៏​ធំ គឺ​ការ​ថ្វាយបង្គំ​រូប​ព្រះ។ ព្រះ​យេហូវ៉ា​ចាត់​ទុក​រូប​ព្រះ​ទាំងឡាយ​ជា​អ្វី​ដែល​«គួរ​ស្អប់ខ្ពើម»។ (ចោទិ. ២៩:១៦) អស់អ្នក​ដែល​ចង់​ផ្គាប់ចិត្ត​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ជៀសវាង​ពី​ការ​ថ្វាយបង្គំ​រូប​ព្រះ សម​ស្រប​ទៅ​នឹង​បណ្ដាំ​របស់​ទ្រង់​ដែល​ថា​៖ «អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី​ល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​អញ​ដល់​រូប​ឆ្លាក់​ឡើយ»។—អេសា. ៤២:៨

១៣​. ស្តី​អំពី​ការ​ប្រព្រឹត្ត​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ការ​ថ្វាយបង្គំ​រូប​ព្រះ តើ​យើង​ត្រូវ​តែ​រត់​ចេញពី​អ្វីខ្លះ?

១៣ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក៏​រៀបរាប់​អំពី​ការ​ប្រព្រឹត្ត​ឯ​ទៀត​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ការ​ថ្វាយបង្គំ​រូប​ព្រះ។ ជា​ឧទាហរណ៍ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​រៀបរាប់​អំពី​សេចក្ដី​លោភ​ជា​អ្វី​ដែល​មាន​លក្ខណៈ​ដូច​ជា​«ការ​ថ្វាយបង្គំ​រូប​ព្រះ»។ (កូល. ៣:៥) ការ​លោភលន់​ជា​បំណង​ចង់​បាន​របស់​អ្វី​ដែល​មាន​ម្ចាស់​ហើយ ដូច​ជា​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​ជាដើម។ (និក្ខ. ២០:១៧) ទេវតា​មួយ​រូប​ដែល​ក្រោយមក​មានឈ្មោះ​ហៅ​ថា​សាតាំង​ដែល​ជា​មេ​កំណាច វា​ចាប់ផ្ដើម​មានចិត្ត​លោភ​ចង់​បាន​ឋានៈ​ដូច​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​ចង់​ឲ្យ​គេ​គោរព​ថ្វាយបង្គំ។ (លូ. ៤:៥​-​៧) ចំណង់​ចំណូលចិត្ត​នេះ​បាន​ជំរុញ​សាតាំង​ឲ្យ​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ព្រម​ទាំង​ញុះញង់​នាង​អេវ៉ា​ឲ្យ​មានចិត្ត​លោភ​ចង់​បាន​អ្វី​ដែល​ព្រះ​យេហូវ៉ា​ហាមឃាត់។ ការ​ប្រព្រឹត្ត​របស់​អ័ដាម​ក៏​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ការ​ថ្វាយបង្គំ​រូប​ព្រះ​ដែរ ពីព្រោះ​គាត់​គិតតែ​ពី​ខ្លួនឯង​ដោយ​ប្រាថ្នា​ចង់​បាន​ជា​គ្នា​នឹង​ភរិយា​របស់​ខ្លួន ហើយ​ចាត់​ទុក​នេះ​ជា​អ្វី​ដែល​សំខាន់​ជាង​ការ​ស្ដាប់បង្គាប់​បិតា​របស់​គាត់​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៅ​ទៀត។ ផ្ទុយ​ទៅ​វិញ អស់អ្នក​ដែល​ចង់​រត់គេច​ក្នុង​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ក្រោធ​នោះ ត្រូវ​តែ​មានចិត្ត​ភក្ដី​ផ្ដាច់មុខ​ចំពោះ​ទ្រង់ ព្រម​ទាំង​ទប់ចិត្ត​មិន​ឲ្យ​លោភ​ទាល់តែ​សោះ។

​«ចូរ​រត់​ពី​ការ​សហាយស្មន់»

១៤​-​១៦​. (ក) ស្តី​អំពី​រឿង​សីលធម៌ តើ​យ៉ូសែប​តាំង​គំរូ​ល្អ​បែប​ណា? (ខ) បើ​យើង​មាន​សេចក្ដី​ប្រាថ្នា​អាក្រក់​ខាង​កាម​ចូល​មក​ក្នុង​ចិត្តគំនិត​របស់​ខ្លួន តើ​យើង​គួរ​តែ​ធ្វើ​អ្វី? (គ) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រត់​ចេញពី​អំពើ​ដែល​ប្រាសចាក​សីលធម៌?

១៤ សូម​អាន កូរិនថូសទី១ ៦:១៨។ ពេល​ភរិយា​របស់​ប៉ូទីផារ​ខំ​លួងលោម​ចិត្ត​យ៉ូសែប​ឲ្យ​រួមដំណេក​ជាមួយនឹង​នាង គាត់​បាន​រត់​ចេញ​ពី​កន្លែង​នោះ​ភ្លាម! ចំពោះ​គ្រិស្ត​សាសនិក​ទាំងឡាយ មិន​ថា​អ្នក​ដែល​នៅ​លីវ​ឬ​អ្នក​ដែល​បាន​រៀប​ការ​ហើយ​ក្ដី នេះ​ជា​គំរូ​ដ៏​ល្អ​ណាស់! អ្វី​ដែល​យ៉ូសែប​ធ្លាប់​រៀន​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ច្បាស់​ជា​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្តគំនិត​របស់​គាត់​មែន! បើ​យើង​ប្រាថ្នា​ចង់​ធ្វើ​តាម​បង្គាប់​ឲ្យ​«រត់​ពី​ការ​សហាយស្មន់»​ដែរ យើង​នឹង​ជៀសវាង​ទាំងស្រុង​ពី​អ្វីៗ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​មានចិត្ត​ស្រើបស្រាល​ចំពោះ​អ្នក​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ បទ​គម្ពីរ​ចែង​ថា​៖ «ចូរ​សំឡាប់​និស្ស័យ​សាច់ឈាម​របស់​អ្នក​រាល់​គ្នា . . . គឺជា​ការ​សហាយស្មន់ ស្មោក​គ្រោក សំ​រើប​សំ​រាល ប៉ងប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ​ដែល​រាប់​ទុកដូចជា​ការ​ថ្វាយបង្គំ​រូប​ព្រះ។ គឺ​ដោយ​[សារ]​សេចក្ដី​ទាំង​នោះ​បានជា​សេចក្ដី​ខ្ញាល់​របស់​ព្រះ​មក​លើ​ពួក​មនុស្ស​រឹង​ចចេស»។—កូល. ៣:៥, ៦

១៥ សូម​កត់សម្គាល់​ថា «សេចក្ដី​ខ្ញាល់​របស់​ព្រះ​[នឹង]​មក​លើ​ពួក​មនុស្ស​រឹង​ចចេស»​ជា​មិន​ខាន! មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​បណ្ដុះ​ឲ្យ​មានចិត្ត​ស្រើបស្រាល​ដែល​ប្រាសចាក​សីលធម៌ រួច​មក​ពួក​គេ​ចុះ​ញ៉ម​ទៅ​តាម​សេចក្ដី​ប្រាថ្នា​ដ៏​មិន​ល្អ​ទាំងនោះ។ អាស្រ័យ​ហេតុនេះ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ត្រូវ​តែ​អធិដ្ឋាន​សូម​ជំនួយ​ពី​ព្រះ​យេហូវ៉ា ព្រម​ទាំង​សុំ​សកម្ម​ពល​បរិសុទ្ធ​របស់​ទ្រង់​ដើម្បី​មិន​ឲ្យ​សេចក្ដី​ប្រាថ្នា​អាក្រក់​ខាង​កាម​មក​សង្គ្រុប​ចិត្ត​ខ្លួន​ឡើយ។ បន្ថែម​ទៅ​ទៀត ការ​សិក្សា​គម្ពីរ ចូល​រួម​កិច្ចប្រជុំ​របស់​ពួក​គ្រិស្ត​សាសនិក និង​ការ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​មនុស្ស​ដទៃ​នឹង​ជួយ​យើង​ឲ្យ​«ដើរ​ក្នុង​ព្រះ​វិញ្ញាណ»​ឬ​ប្រព្រឹត្ត​សម​ស្រប​ទៅ​នឹង​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ យើង​នឹង​«មិន​បំពេញ​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម»​ស្រប​ទៅ​តាម​ទំនោរ​ចិត្ត​អាក្រក់​ទេ។—កា. ៥:១៦

១៦ គឺ​ច្បាស់​ហើយ​ថា បើ​យើង​មើល​រូប​អាសអាភាស នេះ​មិនមែន​ជា​ការ​ប្រព្រឹត្ត​ដែល​ចាត់ទុកជា​ការ​«ដើរ​ក្នុង​ព្រះ​វិញ្ញាណ»​ទេ។ ដូច​គ្នា​ដែរ គ្រិស្ត​សាសនិក​គ្រប់​រូប​ត្រូវ​តែ​ប្រយ័ត្ន​កុំ​អាន មើល​និង​ស្ដាប់​រឿង​ឬ​បទ​ភ្លេង​ដែល​បណ្ដាល​ឲ្យ​មានចិត្ត​ស្រើបស្រាល។ ស្រ​ដៀង​គ្នា​ដែរ «ពួក​បរិសុទ្ធ»​របស់​ព្រះ​យេហូវ៉ា​មិន​សើច​សប្បាយ​នឹង​រឿង​បែប​នេះ ហើយក៏​មិន​យក​រឿង​បែប​នេះ​មក​ពិភាក្សា​ឡើយ។ (អេភ. ៥:៣, ៤) យ៉ាង​នេះ យើង​បង្ហាញ​ដល់​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង​ថា យើង​ពិតជា​ចង់​រត់គេច​ក្នុង​ថ្ងៃ​ដែល​ទ្រង់​ក្រោធ ដើម្បី​រស់​ក្នុង​ពិភព​លោក​ថ្មី​ដែល​សុទ្ធតែ​សុចរិត។

ចូរ​រត់​ចេញពី‹ការ​ស្រឡាញ់​ប្រាក់›

១៧, ១៨​. ហេតុ​អ្វី​សំខាន់​ម្ល៉េះ​ឲ្យ​យើង​រត់​ចេញពី‹ការ​ស្រឡាញ់​ប្រាក់›?

១៧ ក្នុង​សំបុត្រ​ទី​១​ដែល​ប៉ុល​ផ្ញើ​ជូន​ដល់​ប្អូន​ធីម៉ូថេ គាត់​សរសេរ​គោលការណ៍​ខ្លះៗ​ដែល​គប្បី​ឲ្យ​គ្រិស្ត​សាសនិក​ដែល​ជា​ខ្ញុំ​បម្រើ​ធ្វើ​តាម។ ខ្ញុំ​បម្រើ​ខ្លះ​នៅ​សម័យ​នោះ​ប្រហែលជា​មាន​ទស្សនៈ​ថា ពួក​គេ​គួរ​មាន​ជីវិត​ស្រួល​ជាង​ឬ​បាន​កម្រៃ​បន្ដិច ពីព្រោះ​ម្ចាស់​របស់​ខ្លួន​ជា​គ្រិស្ត​សាសនិក​ដែរ។ ខ្ញុំ​បម្រើ​ឯ​ទៀត​ប្រហែលជា​ចង់​ជញ្ជក់​យក​ប្រយោជន៍​ពី​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ ប៉ុល​បាន​ព្រមាន​កុំ​ឲ្យ​ពួក​គេ​«ស្មានថា ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​ជា​ផ្លូវ​ឲ្យ​បាន​កំ​រៃ»​ឡើយ។ មេ​ឫស​ឬ​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​បែប​នេះ គឺ​ប្រហែលជា​ដោយសារ​អ្នក​ទាំងនោះ​«ស្រឡាញ់​ប្រាក់» ហើយ​នេះ​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​មនុស្ស​ណា​ក៏​ដោយ ទាំង​អ្នកមាន​និង​អ្នកក្រ​ដែរ។—១ធី. ៦:១, ២, ៥, ៩, ១០

១៨ តើ​យើង​អាច​គិត​ពី​អ្នក​ខ្លះ​ក្នុង​គម្ពីរ​ដែល​បាន​បង្ខូច​ចំណងមិត្តភាព​ជាមួយ​ព្រះ​យេហូវ៉ា ដោយ​ព្រោះតែ​«ស្រឡាញ់​ប្រាក់»​និង​ស្រឡាញ់​វត្ថុ​ទ្រព្យ​ដែល​មិន​ត្រូវការ​ចាំបាច់​ក្នុង​ជីវិត? (យ៉ូស. ៧:១១, ២១; ២ពង្ស. ៥:២០, ២៥​-​២៧) ប៉ុល​បាន​ដាស់តឿន​ធីម៉ូថេ​ថា​៖ «ឱ​អ្នក​សំណប់​នៃ​ព្រះ​អើយ! ចូរ​ឲ្យ​អ្នក​រត់​ចៀស​ចេញពី​សេចក្ដី​ទាំង​នោះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​គោរព​ប្រតិបត្ដិ​ដល់​ព្រះ សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់ខ្ជួន នឹង​សេចក្ដី​សំ​ឡូ​ត​វិញ»។ (១ធី. ៦:១១) អស់អ្នក​ដែល​ចង់​រត់គេច​ក្នុង​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ក្រោធ ត្រូវ​តែ​ធ្វើ​តាម​យោបល់​នេះ​ជា​ដាច់​ខាត។

‹ចូរ​រត់​ចេញពី​តណ្ហា​នៃ​យុវវ័យ›

១៩​. តើ​ប្អូនៗ​យុវវ័យ​ទាំងឡាយ​ត្រូវការ​អ្វី?

១៩ សូម​អាន សុភាសិត ២២:១៥; ខ.ស.។ សេចក្ដី​ចម្កួត​ឬ​ភាព​ល្ងីល្ងើ​ក្នុង​ចិត្ត​យុវវ័យ​អាច​នាំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​បែប​ខុស​ទំនង។ ដំបូន្មាន​ក្នុង​គម្ពីរ​អាច​ប្រៀនប្រដៅ​ប្អូនៗ​យុវវ័យ​បាន ប្រៀប​ដូច​ជា​រំពាត់​វាយ​ផ្ចាល​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ជៀសវាង​ពី​ការ​ប្រព្រឹត្ត​ដោយ​ល្ងីល្ងើ។ ចំពោះ​យុវវ័យ​ដែល​ជា​គ្រិស្ត​សាសនិក តែ​មិន​មាន​មាតាបិតា​រួម​ជំនឿ​ជាមួយ​កូន​ទេ ពួក​គេ​អាច​ខំ​ស្វែងរក​និង​អនុវត្ត​តាម​គោលការណ៍​ល្អៗ​ក្នុង​គម្ពីរ។ ប្អូនៗ​ឯ​ទៀត​ក៏​មាន​ប្រយោជន៍​ពេល​ទទួល​យោបល់​ល្អៗ​ពី​បងៗ​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​ចំណងមិត្តភាព​ជិត​ស្និទ្ធ​ជាមួយ​ព្រះ​យេហូវ៉ា។ ពេល​ប្អូនៗ​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ មិន​ថា​នរណា​បាន​ជូន​យោបល់​ក៏​ដោយ នេះ​អាច​នាំ​ឲ្យ​មាន​សុភមង្គល​ឥឡូវ ហើយ​នៅ​ពេល​អនាគត​ដែរ។—ហេ. ១២:៨​-​១១

២០​. តើ​អ្វី​នឹង​ជួយ​ប្អូនៗ​យុវវ័យ​ឲ្យ​រត់​ចេញពី​តណ្ហា​មិន​ល្អ?

២០ សូម​អាន ធីម៉ូថេទី២ ២:២០​-​២២; ខ.ស.។ យុវវ័យ​ជា​ច្រើន​ចេះ​តែ​ប្រព្រឹត្ត​ដោយ​ល្ងីល្ងើ ពីព្រោះ​ពួក​គេ​មិន​បាន​ទទួល​ការ​ប្រៀនប្រដៅ។ ដោយសារ​ចិត្ត​«ស្រើបស្រាល» ពួក​គេ​រួមដំណេក​មុន​រៀប​ការ ព្រម​ទាំង​ធ្វើ​តាម​«តណ្ហា​[ឯ​ទៀត]​នៃ​យុវវ័យ» ដោយ​ប្រកួតប្រជែង​គ្នា មានចិត្ត​លោភលន់ ស្រឡាញ់​លុយ និង​គិតតែ​ពី​ការ​សប្បាយ​ជាដើម។ គម្ពីរ​ដាស់តឿន​ប្អូនៗ​ឲ្យ​រត់​ចេញពី​តណ្ហា​និង​ការ​ប្រព្រឹត្ត​បែប​នេះ ដែល​មាន​ន័យ​ថា យុវវ័យ​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​តែ​ប្រយ័ត្ន​នឹង​អ្នក​ណា​ឬ​អ្វី​ក៏​ដោយ​ដែល​អាច​មាន​ឥទ្ធិពល​មិន​ល្អ​មក​លើ​គេ។ ឱវាទ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ល្អ ពីព្រោះ​លើក​ទឹកចិត្ត​ប្អូនៗ​យុវវ័យ​ឲ្យ​ដេញ​តាម​លក្ខណៈ​សម្បត្ដិ​ដែល​គាប់ចិត្ត​ទ្រង់ ហើយ​ឲ្យ​គេ​ធ្វើ​ដូច្នេះ​«ជាមួយនឹង​អស់អ្នក​ដែល​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​អំពី​ចិត្ត​ដ៏​បរិសុទ្ធ»។

២១​. ស្តី​អំពី​អ្នក​កាន់​តាម​ព្រះ​យេស៊ូគ្រិស្ត​ដែល​ប្រៀប​ដូច​ជា​សត្វ​ចៀម តើ​ទ្រង់​សន្យា​យ៉ាង​ណា?

២១ មិន​ថា​យើង​នៅ​ក្មេង​ឬ​មាន​វ័យ​ចាស់​ក៏​ដោយ គប្បី​ឲ្យ​យើង​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់ ហើយ​មិន​ព្រម​ស្ដាប់​ពួក​អ្នក​ដែល​ចង់​ទាក់ទាញ​ចិត្ត​យើង​ឲ្យ​ងាក​ចេញពី​ព្រះ​យេហូវ៉ា​ឡើយ។ យ៉ាង​នេះ យើង​បង្ហាញ​ថា​យើង​ចង់​រួមចំណែក​ជាមួយ​អស់អ្នក​ដែល​មាន​លក្ខណៈ​ដូច​ចៀម ដោយ​ស្ដាប់​តាម​ព្រះ​យេស៊ូ​និង​«រត់​ចេញពី . . . សំឡេង​របស់​មនុស្ស​ដទៃ»។ (យ៉ូន. ១០:៥) ប៉ុន្តែ ការ​រត់គេច​ក្នុង​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ក្រោធ តម្រូវ​ឲ្យ​យើង​ដេញ​តាម​លក្ខណៈ​សម្បត្ដិ​ល្អៗ​ដែរ មិន​ត្រឹមតែ​រត់​ចេញពី​អ្វីៗ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ​ឡើយ។ អត្ថបទ​បន្ទាប់​នឹង​ពិនិត្យ​មើល​លក្ខណៈ​សម្បត្ដិ​ល្អ​៧​យ៉ាង​ដែល​យើង​ត្រូវ​តែ​ដេញ​តាម។ ព្រះ​យេស៊ូ​សន្យា​ដល់​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប​ជា​និច្ច​ដល់​[ចៀម​ខ្ញុំ] វា​មិន​ត្រូវ​វិនាស​នៅ​អស់​កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ»។ (យ៉ូន. ១០:២៨) អាស្រ័យ​ហេតុនេះ គប្បី​ណាស់​ឲ្យ​យើង​ពិនិត្យ​មើល​ចំណុច​ទាំងនេះ​តទៅ​ទៀត។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ព្រះ​យេស៊ូ​ព្រមាន​ពួក​មេដឹកនាំ​សាសនា​យ៉ាង​ដូច​ម្ដេច?

• សព្វថ្ងៃ​នេះ តើ​មនុស្ស​រាប់​លាន​នាក់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​ងាយ​រង​គ្រោះ​ថ្នាក់​បែប​ណា?

• ស្តី​អំពី​ការ​ប្រព្រឹត្ត​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ការ​ថ្វាយបង្គំ​រូប​ព្រះ តើ​យើង​ត្រូវ​តែ​រត់​ចេញពី​អ្វីខ្លះ?

[រូបភាព​នៅ​ទំព័រ​១៣, ១៤]

តើ​យើង​គួរ​«រត់​ចេញ»​ពី​ការ​ប្រព្រឹត្ត​បែប​ណាខ្លះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក