ចូររក្សា‹សេចក្ដីស្រឡាញ់ដែលមានពីដើម›
«ចូរកាន់ខ្ជាប់តាមសេចក្ដីដែល[អ្នក]មានហើយចុះ!»។—វិវរ. ៣:១១
១, ២. នៅពេលដែលអ្នកចាប់ផ្ដើមជឿជាក់ថា អ្វីដែលអ្នកបានរៀនអំពីព្រះយេហូវ៉ាជាសេចក្ដីពិត តើអ្នកមានអារម្មណ៍យ៉ាងណា?
តើអ្នកនៅចាំអំពីពេលដែលអ្នករៀនជាលើកដំបូងអំពីលទ្ធភាពដ៏អស្ចារ្យដែលព្រះយេហូវ៉ាផ្ដល់ឲ្យមនុស្សដែលស្ដាប់បង្គាប់ទ្រង់ទេ? ប្រសិនបើអ្នកធ្លាប់កាន់សាសនាមួយផ្សេងទៀត តើអ្នកមានអារម្មណ៍យ៉ាងណា ពេលសាក្សីព្រះយេហូវ៉ាពន្យល់អ្នកឲ្យយល់អំពីគោលបំណងរបស់ព្រះដោយផ្អែកលើបទគម្ពីរ ឬពេលដែលពួកគាត់បកស្រាយឲ្យអ្នកយល់ច្បាស់អំពីសេចក្ដីបង្រៀនផ្សេងៗដែលអ្នកធ្លាប់តែពិបាកយល់? នៅពេលនោះ អ្នកប្រហែលជាទទួលស្គាល់ថា អ្វីដែលអ្នកបានរៀនមិនមែនជាសេចក្ដីពិតទេ។ ប៉ុន្តែឥឡូវនេះអ្នកត្រេកអរណាស់ ដោយសារអ្នកបានទទួលការបំភ្លឺឲ្យយល់ពីសេចក្ដីពិត។ ប្រសិនបើអ្នកបានត្រូវចិញ្ចឹមអប់រំដោយឪពុកម្ដាយដែលជាគ្រិស្តសាសនិកពិត តើអ្នកនៅចាំអំពីពេលដែលអ្នកចាប់ផ្ដើមជឿជាក់ថា អ្វីដែលពួកគាត់បានបង្រៀនអ្នកអំពីព្រះយេហូវ៉ា គឺជាសេចក្ដីពិត ហើយអ្នកបានសម្រេចចិត្តរស់នៅសមស្របទៅតាមអ្វីដែលអ្នកបានរៀនឬទេ?—រ៉ូម ១២:២
២ បងប្អូនរួមជំនឿជាច្រើននឹងឆ្លើយប្រាប់ថា ពួកគាត់មានអារម្មណ៍សប្បាយណាស់នៅពេលនោះ ហើយក៏មានអារម្មណ៍ថាពួកគាត់មានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ថែមទាំងមានអំណរគុណដោយសារទ្រង់បានទាញនាំពួកគាត់មក។ (យ៉ូន. ៦:៤៤) ពួកគាត់មានសុភមង្គល ហើយនោះបណ្ដាលឲ្យពួកគាត់ចូលរួមសកម្មភាពជាមួយនឹងគ្រិស្តសាសនិកពិត។ ពួកគាត់ក៏មានអំណរច្រើនដល់ម្ល៉េះ ដែលពួកគាត់ចង់ប្រាប់មនុស្សទាំងអស់អំពីអារម្មណ៍របស់ខ្លួន។ តើអ្នកធ្លាប់មានអារម្មណ៍ស្រដៀងនឹងនោះដែរឬទេ?
៣. នៅពេលដែលព្រះយេស៊ូផ្ដាំផ្ញើទៅក្រុមជំនុំនៅក្រុងអេភេសូរ តើគ្រិស្តសាសនិកនៅទីនោះមានបញ្ហាអ្វី?
៣ នៅពេលដែលព្រះយេស៊ូមានប្រសាសន៍ទៅកាន់ក្រុមជំនុំគ្រិស្តសាសនិកនៅក្រុងអេភេសូរ ទ្រង់មានប្រសាសន៍អំពី«សេចក្ដីស្រឡាញ់ដើម»របស់ពួកគាត់។ គ្រិស្តសាសនិកនៅក្រុងអេភេសូរមានគុណសម្បត្ដិជាច្រើន ប៉ុន្តែសេចក្ដីស្រឡាញ់ដែលពួកគាត់ធ្លាប់មានចំពោះព្រះយេហូវ៉ាបានរសាយទៅ។ ដូច្នេះ ព្រះយេស៊ូមានប្រសាសន៍ទៅកាន់ពួកគាត់ថា៖ «អញស្គាល់អស់ទាំងការដែលឯងធ្វើ នឹងសេចក្ដីនឿយហត់ ហើយសេចក្ដីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ តែអញប្រកាន់សេចក្ដីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ»។—វិវរ. ២:២-៤
៤. ហេតុអ្វីបានជាឱវាទដែលព្រះយេស៊ូផ្ដាំផ្ញើទៅក្រុមជំនុំនៅក្រុងអេភេសូរមានសារៈសំខាន់សព្វថ្ងៃនេះ?
៤ ក្នុងសៀវភៅវិវរណៈ ឱវាទដែលព្រះយេស៊ូជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរនិងក្រុមជំនុំឯទៀតគឺសមណាស់ បើគិតពីស្ថានភាពដែលធ្លាប់មានអស់មួយរយៈតាំងពីឆ្នាំ១៩១៤មក ក្នុងចំណោមគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ (វិវរ. ១:១០) ក៏ប៉ុន្តែសូម្បីតែសព្វថ្ងៃនេះក៏ដោយ គ្រិស្តសាសនិកខ្លះអាចបាត់‹សេចក្ដីស្រឡាញ់ដែលមានពីដើម›ចំពោះព្រះយេហូវ៉ានិងសេចក្ដីពិត។ អាស្រ័យហេតុនេះ សូមយើងពិចារណាអំពីរបៀបដែលការនឹកចាំនិងរំពឹងគិតអំពីបទពិសោធន៍របស់ខ្លួន អាចជួយអ្នកឲ្យរក្សានិងបង្កើនសេចក្ដីស្រឡាញ់និងចិត្តខ្នះខ្នែងដែលអ្នកធ្លាប់មានចំពោះព្រះនិងសេចក្ដីពិត ហើយធ្វើឲ្យស្រស់បំព្រងឡើងវិញ។
តើអ្វីធ្វើឲ្យអ្នកជឿជាក់ថាអ្នកបានរៀនសេចក្ដីពិត?
៥, ៦. (ក) តើគ្រិស្តសាសនិកម្នាក់ៗត្រូវរកទីសំអាងដើម្បីឲ្យខ្លួនជឿជាក់ទៅលើអ្វី? (ខ) តើអ្វីបានធ្វើឲ្យអ្នកជឿជាក់ថាសាក្សីព្រះយេហូវ៉ាបង្រៀនសេចក្ដីពិត? (គ) តើអ្វីអាចជួយមនុស្សម្នាក់ធ្វើឲ្យសេចក្ដីស្រឡាញ់ដែលគាត់មាននៅដើមដំបូងចំពោះសេចក្ដីពិតឲ្យស្រស់បំព្រងឡើងវិញ?
៥ អស់អ្នកណាដែលឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ាត្រូវ«លមើល»ដោយខ្លួនឯងមុនសិនឲ្យដឹងប្រាកដអំពី«បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ (រ៉ូម ១២:១, ២) នេះរួមបញ្ចូលការរៀនសេចក្ដីពិតក្នុងគម្ពីរ។ មានមូលហេតុខុសៗគ្នាដែលធ្វើឲ្យមនុស្សម្នាក់ៗជឿថាសាក្សីព្រះយេហូវ៉ាបង្រៀនសេចក្ដីពិត។ បងប្អូនខ្លះប្រហែលជានឹកឃើញថា អ្វីដែលធ្វើឲ្យពួកគាត់ផ្លាស់ប្ដូរគំនិត គឺពេលដែលអាននាមរបស់ព្រះក្នុងគម្ពីរ ឬពេលដែលរៀនហើយដឹងអំពីស្ថានភាពពិតនៃមនុស្សស្លាប់។ (ទំនុក. ៨៣:១៨; សាស. ៩:៥, ១០) ចំណែកអ្នកឯទៀត ពួកគាត់កោតស្ងើចចំពោះសេចក្ដីស្រឡាញ់ដែលមានក្នុងចំណោមរាស្ត្រព្រះយេហូវ៉ា។ (យ៉ូន. ១៣:៣៤, ៣៥) ឯអ្នកខ្លះទៀតបានកោតស្ងើចពេលដែលយល់ថាការមិនរួមចំណែកក្នុងពិភពលោកនេះមានន័យអ្វី។ ពួកគាត់បានយល់ឃើញថា គ្រិស្តសាសនិកពិតមិនអាចចូលប្រឡូកក្នុងជំទាស់នយោបាយឬសង្គ្រាមរបស់ប្រទេសណាមួយឡើយ។—អេសា. ២:៤; យ៉ូន. ៦:១៥; ១៧:១៤-១៦
៦ ក្នុងករណីមនុស្សជាច្រើន ការរៀនចំណុចទាំងនេះនិងចំណុចឯទៀតជាអ្វីដែលបានធ្វើឲ្យពួកគាត់ស្រឡាញ់ព្រះនៅដើមដំបូង។ សូមចំណាយពេលដើម្បីនឹកគិតអំពីអ្វីដែលបានធ្វើឲ្យរូបអ្នកជឿជាក់ថានេះជាសេចក្ដីពិត។ កាលៈទេសៈនិងលក្ខណៈសម្បត្ដិរបស់មនុស្សម្នាក់ៗគឺខុសៗគ្នា។ ដូច្នេះ មូលហេតុដំបូងៗដែលអ្នកស្រឡាញ់ព្រះយេហូវ៉ានិងជឿសេចក្ដីសន្យារបស់ទ្រង់ប្រហែលជាខុសពីអ្នកផ្សេងទៀត។ សព្វថ្ងៃនេះ មូលហេតុទាំងនោះទំនងជាសំខាន់ចំពោះអ្នកដដែល ដូចពេលដែលអ្នកបានរៀនសេចក្ដីនោះនៅដើមដំបូង។ សេចក្ដីពិតនោះមិនបានប្រែប្រួលទេ។ ដូច្នេះ ប្រសិនបើអ្នកគិតពិចារណាអំពីចំណុចនិងអារម្មណ៍ទាំងនោះម្ដងទៀត នោះអាចជួយឲ្យសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះសេចក្ដីពិតឲ្យស្រស់បំព្រងឡើងវិញ។—សូមអាន ទំនុកដំកើង ១១៩:១៥១, ១៥២; ១៤៣:៥
ចូរធ្វើឲ្យសេចក្ដីស្រឡាញ់របស់អ្នកកាន់តែជ្រាលជ្រៅឡើងៗ
៧. ហេតុអ្វីយើងត្រូវតែធ្វើឲ្យសេចក្ដីស្រឡាញ់ដែលយើងមានចំពោះសេចក្ដីពិតនៅដើមដំបូងជ្រាលជ្រៅជាង? តើយើងអាចធ្វើឲ្យសេចក្ដីស្រឡាញ់នោះជ្រាលជ្រៅជាងយ៉ាងដូចម្ដេច?
៧ ជីវិតរបស់អ្នកប្រហែលជាបានផ្លាស់ប្ដូរច្រើនណាស់ តាំងពីអ្នកបានឧទ្ទិសថ្វាយខ្លួនជូនព្រះយេហូវ៉ា។ សេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះសេចក្ដីពិតនៅដើមដំបូងគឺសំខាន់ ប៉ុន្តែកាលដែលពេលវេលាកន្លងទៅ អ្នកត្រូវការសេចក្ដីស្រឡាញ់ជ្រាលជ្រៅជាង ដើម្បីអាចប្រឈមមុខនឹងស្ថានភាពថ្មីៗដែលល្បងលជំនឿរបស់អ្នក។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាបានជួយអ្នក។ (១កូ. ១០:១៣) ដូច្នេះ បទពិសោធន៍ផ្សេងៗដែលអ្នកមានតាំងពីគ្រាដំបូងនោះមក ក៏មានតម្លៃចំពោះអ្នកដែរ។ បទពិសោធន៍ទាំងនោះបានជួយធ្វើឲ្យសេចក្ដីស្រឡាញ់ដែលមាននៅដើមដំបូងជ្រាលជ្រៅជាង ហើយជាវិធីមួយទៀតដែលអ្នកអាចលមើលឲ្យដឹងអំពីឆន្ទៈដែលល្អ និងស្រួលទទួលរបស់ព្រះ។—យ៉ូស. ២៣:១៤; ទំនុក. ៣៤:៨
៨. ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ទ្រង់ តើព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេយ៉ាងណា? តើជនជាតិអ៊ីស្រាអែលចាប់ផ្ដើមស្គាល់ព្រះច្បាស់ជាងយ៉ាងដូចម្ដេច?
៨ ជាឧទាហរណ៍ សូមគិតអំពីស្ថានភាពរបស់ជនជាតិអ៊ីស្រាអែលពេលដែលព្រះយេហូវ៉ាមានប្រសាសន៍ប្រាប់ពួកគេថា ទ្រង់មានឆន្ទៈរំដោះពួកគេចេញពីស្រុកអេស៊ីប។ ព្រះបានបញ្ជាក់អត្តសញ្ញាណរបស់ទ្រង់ដោយមានប្រសាសន៍ទៅម៉ូសេថា៖ «អញជាព្រះដ៏ជាព្រះ[ឬ«យើងនឹងក្លាយទៅជាអ្វីដែលយើងនឹងក្លាយទៅជា»]»។ (និក្ខ. ៣:៧, ៨, ១៣, ១៤, ព.ថ.) ដោយមានប្រសាសន៍ដូច្នេះ ព្រះយេហូវ៉ាបញ្ជាក់ថាទ្រង់នឹងក្លាយទៅជាអ្វីក៏ដោយដែលចាំបាច់ដើម្បីរំដោះរាស្ត្រទ្រង់។ តាមរយៈព្រឹត្ដិការណ៍ដែលកើតឡើងជាបន្ទាប់មក ជនជាតិអ៊ីស្រាអែលឃើញព្រះយេហូវ៉ាបើកបង្ហាញនូវលក្ខណៈសម្បត្ដិផ្សេងៗរបស់ទ្រង់តាមកាលៈទេសៈតម្រូវ ក្នុងនាមជាព្រះដែលមានឫទ្ធានុភាពបំផុត ចៅក្រម អ្នកដឹកនាំ អ្នកសង្គ្រោះ អ្នកចម្បាំង និងអ្នកទំនុកបម្រុង។—និក្ខ. ១២:១២; ១៣:២១; ១៤:២៤-៣១; ១៦:៤; នេ. ៩:៩-១៥
៩, ១០. តើអ្វីខ្លះអាចជួយឲ្យមនុស្សម្នាក់ស្គាល់ព្រះ? ហេតុអ្វីការនឹកឃើញបទពិសោធន៍បែបនោះជាការល្អ?
៩ ស្ថានភាពរបស់អ្នកគឺខុសពីស្ថានភាពរបស់ជនជាតិអ៊ីស្រាអែលនៅសម័យបុរាណ។ ទោះជាយ៉ាងនោះក៏ដោយ អ្នកទំនងជាធ្លាប់មានបទពិសោធន៍ផ្សេងៗដែលធ្វើឲ្យអ្នកជឿជាក់ថា ព្រះយកចិត្តទុកដាក់នឹងរូបអ្នកផ្ទាល់ ហើយនេះបានពង្រឹងជំនឿរបស់អ្នក។ ប្រហែលជាតាមរបៀបណាមួយ ព្រះយេហូវ៉ាបានសឲ្យឃើញថាទ្រង់ជាអ្នកទំនុកបម្រុង អ្នកសម្រាលទុក្ខ ឬអ្នកបង្រៀន។ (សូមអាន អេសាយ ៣០:២០, ២១) ឬប្រហែលជាអ្នកបានឃើញនូវចម្លើយដ៏ច្បាស់មួយចំពោះសេចក្ដីអធិដ្ឋានរបស់អ្នក។ ប្រហែលជាអ្នកមានបញ្ហាមួយ ហើយបងប្អូនគ្រិស្តសាសនិកបានផ្ដល់ជំនួយ ឬក៏នៅពេលដែលសិក្សាដោយខ្លួនឯង ប្រហែលជាអ្នកបានកត់សម្គាល់បទគម្ពីរដែលជាប់ទាក់ទងនឹងកាលៈទេសៈរបស់អ្នក។
១០ ប្រសិនបើអ្នករៀបរាប់បទពិសោធន៍បែបនេះប្រាប់អ្នកឯទៀត ប្រហែលជាពួកគាត់មិនគិតថាបទពិសោធន៍ទាំងនោះអស្ចារ្យប៉ុន្មានទេ ព្រោះយ៉ាងណាមិញ អ្វីដែលបានកើតឡើងមិនមែនជាអព្ភូតហេតុទេ។ ប៉ុន្តែ បទពិសោធន៍ទាំងនោះមានអត្ថន័យចំពោះអ្នក ព្រោះព្រះយេហូវ៉ាបានក្លាយទៅជាអ្វីដែលចាំបាច់សម្រាប់អ្នក។ សូមគិតអំពីអ្វីដែលបានកើតឡើងក្នុងជីវិតរបស់អ្នក ក្នុងអំឡុងប៉ុន្មានឆ្នាំដែលអ្នកស្គាល់សេចក្ដីពិត។ តើអ្នកអាចនឹកឃើញគ្រាផ្សេងៗដែលព្រះយេហូវ៉ាបានយកចិត្តទុកដាក់នឹងរូបអ្នកផ្ទាល់ឬទេ? បើដូច្នេះ ការនឹកឃើញព្រឹត្ដិការណ៍ទាំងនោះ ហើយការនឹកចាំអំពីអារម្មណ៍ដែលអ្នកមានពេលនោះ អាចធ្វើឲ្យអ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាក្នុងចិត្តឥឡូវនេះ ដូចសេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានពីមុននោះដែរ។ ចូរអបអរនិងរំពឹងគិតអំពីបទពិសោធន៍ទាំងនោះ ព្រោះបទពិសោធន៍ទាំងនោះជាភស្តុតាងដែលបញ្ជាក់ថា ព្រះយេហូវ៉ាឲ្យតម្លៃលើរូបអ្នកផ្ទាល់ ហើយគ្មានអ្នកណាអាចដកហូតទំនុកចិត្តនោះចេញពីអ្នកបានឡើយ។
ចូរពិចារណាអំពីខ្លួនឯង
១១, ១២. ប្រសិនបើសេចក្ដីស្រឡាញ់របស់គ្រិស្តសាសនិកម្នាក់បានរសាយ តើនេះប្រហែលជាដោយសារអ្វី? តើព្រះយេស៊ូបានឲ្យឱវាទអ្វី?
១១ ប្រសិនបើសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះនិងសេចក្ដីពិតមិនមែនខ្លាំងដូចនៅដើមដំបូង នោះមិនមែនដោយសារទ្រង់បានប្រែប្រួលទេ។ ព្រះយេហូវ៉ាមិនចេះប្រែប្រួលឡើយ។ (ម៉ាឡ. ៣:៦; យ៉ា. ១:១៧) ទ្រង់បានឲ្យតម្លៃលើអ្នកនៅដើមដំបូង ហើយទ្រង់ក៏ឲ្យតម្លៃលើអ្នកឥឡូវនេះដូចគ្នា។ ដូច្នេះ ប្រសិនបើមានអ្វីផ្លាស់ប្ដូរក្នុងចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា តើនោះប្រហែលជាដោយសារអ្វី? តើនោះប្រហែលជាដោយសារអ្នកមានកង្វល់ច្រើនជាងក្នុងជីវិតឬ? ប្រហែលជាពីមុនអ្នកធ្លាប់អធិដ្ឋានអស់ពីចិត្តជាង យកចិត្តទុកដាក់ច្រើនជាងលើការសិក្សា ហើយធ្លាប់រំពឹងគិតច្រើនជាង។ ពីមុន តើអ្នកធ្លាប់ខ្នះខ្នែងក្នុងកិច្ចផ្សព្វផ្សាយខ្លាំងជាង ហើយទៅកិច្ចប្រជុំទៀងទាត់ជាងពេលឥឡូវនេះឬ?—២កូ. ១៣:៥
១២ ប្រហែលជាអ្នកពិចារណាឃើញថាអ្នកគ្មានលក្ខណៈបែបនេះទេ។ ក៏ប៉ុន្តែ ប្រសិនបើមានមែន តើអ្វីបាននាំឲ្យអ្នកប្រែប្រួលដូច្នេះ? ជាការសមហេតុសមផលដែលអ្នកគិតអំពីរឿងផ្សេងៗដូចជាការទំនុកបម្រុងក្រុមគ្រួសារឲ្យបានគ្រប់គ្រាន់ និងការថែទាំសុខភាពខ្លួនជាដើម។ ប៉ុន្តែ តើនេះបានធ្វើឲ្យអ្នកចាប់ផ្ដើមភ្លេចថាថ្ងៃរបស់ព្រះយេហូវ៉ាគឺជិតប៉ុណ្ណាឬ? ព្រះយេស៊ូបានឲ្យឱវាទដល់ពួកសាវ័កទ្រង់ថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម។ ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី។ ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក»។—លូ. ២១:៣៤-៣៦
១៣. តើលោកយ៉ាកុបបានប្រៀបធៀបបណ្ដាំរបស់ព្រះទៅនឹងអ្វី?
១៣ សកម្មពលរបស់ព្រះបានបណ្ដាលឲ្យយ៉ាកុបសរសេរបទគម្ពីរដើម្បីលើកទឹកចិត្តបងប្អូនរួមជំនឿ ឲ្យពិចារណាអំពីខ្លួនឯងយ៉ាងស្មោះដោយប្រើបណ្ដាំរបស់ព្រះ។ លោកយ៉ាកុបបានសរសេរថា៖ «ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។ ដ្បិតបើអ្នកណាស្ដាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម។ តែអ្នកណាដែលពិនិត្យមើលក្នុងក្រិត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រិត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ ឥតមានភ្លេចសេចក្ដីដែលស្ដាប់នោះឡើយ គឺបានប្រព្រឹត្តតាមវិញ អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការ ដែលខ្លួនធ្វើទាំងប៉ុន្មាន»។—យ៉ា. ១:២២-២៥
១៤, ១៥. (ក) តើបទគម្ពីរអាចជួយអ្នកឲ្យលូតលាស់ជាគ្រិស្តសាសនិកយ៉ាងដូចម្ដេច? (ខ) តើអ្នកអាចរំពឹងគិតអំពីសំណួរអ្វីខ្លះ?
១៤ មនុស្សម្នាក់អាចប្រើកញ្ចក់ដើម្បីឆ្លុះឃើញថាតើគាត់ស្អាតបាតឬយ៉ាងណា? ជាឧទាហរណ៍ បើបុរសម្នាក់ឃើញថាក្រវាត់ករបស់គាត់វៀច គាត់អាចទាញឲ្យត្រង់វិញ។ ប្រសិនបើស្ត្រីម្នាក់ឃើញថាសក់របស់គាត់មិនស្អាត គាត់អាចធ្វើឲ្យស្អាតបាន។ ស្រដៀងគ្នាដែរ បទគម្ពីរអាចជួយឲ្យយើងពិចារណាអំពីខ្លួនឯង។ ពេលយើងប្រៀបធៀបលក្ខណៈរបស់យើងទៅនឹងលក្ខណៈដែលបទគម្ពីរចែងថាយើងត្រូវមាន នោះមានន័យថាយើងកំពុងតែប្រើគម្ពីរដូចកញ្ចក់ឆ្លុះមុខ។ ប៉ុន្តែ បើយើងឆ្លុះកញ្ចក់ឃើញលក្ខណៈមិនល្អតែមិនកែប្រែសោះ នោះយើងឆ្លុះកញ្ចក់ជាឥតអំពើវិញ មែនទេ? យើងបង្ហាញថាយើងមានប្រាជ្ញាបើយើងចាត់វិធានការស្របតាមអ្វីដែលយើងឆ្លុះឃើញក្នុង«ក្រិត្យវិន័យដ៏គ្រប់លក្ខណ៍»របស់ព្រះ ហើយយើងទៅជាអ្នកដែល«ប្រព្រឹត្តតាម»ក្រឹត្យនោះ។ ដូច្នេះ អ្នកណាដែលយល់ឃើញថាសេចក្ដីស្រឡាញ់ដែលខ្លួនធ្លាប់មាននៅដើមដំបូងចំពោះព្រះយេហូវ៉ានិងសេចក្ដីពិតបានរសាយ អ្នកនោះគួរសួរខ្លួនឯងថា៖ ‹តើខ្ញុំកំពុងតែប្រឈមមុខនឹងបញ្ហាអ្វីខ្លះក្នុងជីវិត? តើខ្ញុំកំពុងតែប្រព្រឹត្តយ៉ាងណាចំពោះបញ្ហាទាំងនោះ? កាលពីមុន តើខ្ញុំធ្លាប់ប្រព្រឹត្តយ៉ាងណា? ចុះឥឡូវ តើមានអ្វីផ្លាស់ប្ដូរទេ›? បើការពិចារណាអំពីខ្លួនឯងបង្ហាញឲ្យឃើញថាអ្នកខ្វះលក្ខណៈខ្លះ កុំធ្វើជាមិនដឹងឡើយ។ ប្រសិនបើអ្នកត្រូវកែប្រែលក្ខណៈខ្លះ ចូរកែខ្លួនភ្លាមៗ កុំបង្អង់ឡើយ។—ហេ. ១២:១២, ១៣
១៥ ការរំពឹងគិតបែបនេះក៏អាចជួយអ្នកឲ្យរៀបចំគោលដៅដែលអ្នកអាចសម្រេចបានដើម្បីលូតលាស់ជាគ្រិស្តសាសនិក។ សកម្មពលរបស់ព្រះបានបណ្ដាលឲ្យសាវ័កប៉ុលជូនឱវាទដល់ធីម៉ូថេជាអ្នករួមការងារជាមួយនឹងគាត់ ស្តីអំពីរបៀបដែលគាត់អាចបំពេញកិច្ចបម្រើឲ្យបានល្អប្រសើរថែមទៀត។ ប៉ុលបានលើកទឹកចិត្តធីម៉ូថេថា៖ «ចូរឧស្សាហ៍ប្រព្រឹត្តតាម[ឬ«រំពឹងគិតអំពី»]សេចក្ដីទាំងនោះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្ដីជំនឿនរបស់អ្នក»។ ដោយផ្អែកលើបណ្ដាំរបស់ព្រះ គប្បីឲ្យយើងរំពឹងគិតអំពីរបៀបដែលយើងអាចជឿនទៅមុខដែរ។—១ធី. ៤:១៥; ព.ថ.
១៦. ពេលដែលអ្នកពិចារណាអំពីខ្លួនឯងដោយផ្អែកលើបទគម្ពីរ តើត្រូវប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់អ្វី?
១៦ ការពិចារណាអំពីខ្លួនឯងច្បាស់ជានឹងសឲ្យឃើញនូវចំណុចខ្សោយខ្លះៗ។ ប៉ុន្តែ កុំឲ្យរឿងនោះធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តឲ្យសោះ។ យ៉ាងណាមិញ យើងពិចារណាអំពីខ្លួនឯងក្នុងបំណងសម្គាល់លក្ខណៈណាដែលយើងត្រូវកែប្រែឲ្យប្រសើរថែមទៀត។ សាតាំងចង់ឲ្យគ្រិស្តសាសនិកគិតថាខ្លួនគ្មានតម្លៃ ដោយសារពួកគេមិនល្អឥតខ្ចោះ។ តាមពិត មានការនិយាយអះអាងថាព្រះមិនទុកចិត្តឬមើលងាយអស់អ្នកដែលខំបម្រើទ្រង់។ (យ៉ូប ១៥:១៥, ១៦; ២២:៣) នោះជាសេចក្ដីភូតភរមួយដែលព្រះយេស៊ូបានបដិសេធយ៉ាងម៉ឺងម៉ាត់។ ព្រះចាត់ទុកថាយើងម្នាក់ៗមានតម្លៃខ្ពស់ណាស់។ (សូមអាន ម៉ាថាយ ១០:២៩-៣១) ការយល់ដឹងពីចំណុចខ្សោយរបស់យើងគួរធ្វើឲ្យយើងប្ដេជ្ញាចិត្តដោយរាបទាបថា យើងនឹងធ្វើឲ្យបានប្រសើរជាងដោយមានជំនួយពីព្រះយេហូវ៉ា។ (២កូ. ១២:៧-១០) ប្រសិនបើជំងឺឬវ័យចាស់ដាក់កម្រិតទៅលើសមត្ថភាពរបស់អ្នកក្នុងការបម្រើព្រះ សូមរៀបចំគោលដៅដែលអ្នកអាចសម្រេចបាន ប៉ុន្តែកុំឈប់តស៊ូឬឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយឡើយ។
យើងមានហេតុជាច្រើនដែលគួរមានអំណរគុណ
១៧, ១៨. ប្រសិនបើសេចក្ដីស្រឡាញ់ដើមរបស់អ្នកកាន់តែជ្រាលជ្រៅឡើងៗ តើអ្នកនឹងទទួលផលប្រយោជន៍អ្វីខ្លះ?
១៧ អ្នកនឹងទទួលផលប្រយោជន៍ល្អប្រសើរណាស់ ប្រសិនបើអ្នកបន្តធ្វើឲ្យសេចក្ដីស្រឡាញ់ដើមរបស់អ្នកកាន់តែជ្រាលជ្រៅឡើងៗ។ អ្នកអាចបង្កើនចំណេះរបស់អ្នកអំពីព្រះ ថែមទាំងបង្កើនអំណរគុណចំពោះការណែនាំរបស់ទ្រង់ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ (សូមអាន សុភាសិត ២:១-៩; ៣:៥, ៦) អ្នកតែងបទទំនុកដំកើងចែងថា៖ «ដែលកាន់តាម[ច្បាប់របស់ព្រះយេហូវ៉ា] នោះក៏មានរង្វាន់យ៉ាងធំ»។ ហើយ«សេចក្ដីបន្ទាល់នៃ[ឬ«ការរំលឹកពី»]ព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា»។ ម្យ៉ាងទៀត «មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្តរបស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»។—ទំនុក. ១៩:៧, ១១; ព.ថ.; ១១៩:១
១៨ អ្នកប្រាកដជាយល់ស្របថា មានហេតុជាច្រើនដែលអ្នកគួរតែមានអំណរគុណ។ អ្នកយល់ដើមហេតុនៃព្រឹត្ដិការណ៍ពិភពលោក។ អ្នកទទួលប្រយោជន៍ពីអ្វីដែលព្រះផ្គត់ផ្គង់សព្វថ្ងៃនេះ ដើម្បីឲ្យរាស្ត្រទ្រង់រក្សាឲ្យមានចំណងមិត្តភាពជាមួយនឹងទ្រង់។ អ្នកច្បាស់ជាមានអំណរគុណដែលព្រះយេហូវ៉ាបានទាញនាំអ្នកមកឯក្រុមជំនុំរបស់ទ្រង់ដែលមានពេញពិភពលោក ថែមទាំងឲ្យអ្នកមានឯកសិទ្ធិធ្វើជាសាក្សីរបស់ទ្រង់។ ចូរអបអរនឹងពរដែលអ្នកមានចុះ! ប្រសិនបើអ្នកសរសេរពរទាំងនោះឲ្យអស់ ប្រហែលជាបញ្ជីនោះនឹងវែងណាស់។ បើធ្វើដូច្នេះម្ដងម្កាល នោះច្បាស់ជានឹងជួយអ្នកឲ្យធ្វើតាមការដាស់តឿនដែលថា៖ «ចូរកាន់ខ្ជាប់តាមសេចក្ដីដែល[អ្នក]មានហើយចុះ!»។—វិវរ. ៣:១១
១៩. ក្រៅពីការរំពឹងគិតអំពីចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះ តើអ្វីទៀតដែលចាំបាច់ដើម្បីរក្សាចំណងមិត្តភាពនោះ?
១៩ ការរំពឹងគិតអំពីរបៀបដែលជំនឿរបស់អ្នកបានទៅជារឹងមាំបន្ដិចម្ដងៗ គ្រាន់តែជាការបោះជំហានដំបូងមួយដែលអាចជួយអ្នកឲ្យកាន់ខ្ជាប់តាមអ្វីដែលអ្នកមានរួចហើយប៉ុណ្ណោះ។ ទស្សនាវដ្ដីនេះបានបញ្ជាក់ម្ដងហើយម្ដងទៀតអំពីអ្វីៗឯទៀតដែលអ្នកត្រូវធ្វើដើម្បីរក្សាចំណងមិត្តភាពឲ្យបានល្អជាមួយនឹងព្រះ នោះរួមបញ្ចូលការអធិដ្ឋាន ការទៅនឹងចូលរួមកិច្ចប្រជុំរបស់គ្រិស្តសាសនិកពិតជាទៀងទាត់ ហើយការខ្នះខ្នែងក្នុងកិច្ចផ្សព្វផ្សាយ។ ការទាំងនេះអាចជួយអ្នកធ្វើឲ្យសេចក្ដីស្រឡាញ់របស់អ្នកស្រស់បំព្រងឡើងវិញ ហើយឲ្យកាន់តែជ្រាលជ្រៅឡើងៗ។—អេភ. ៥:១០; ១ពេ. ៣:១៥; យូ. ២០, ២១
តើអ្នកនឹងឆ្លើយយ៉ាងណា?
• បើអ្នកគិតអំពីមូលហេតុដែលអ្នកចាប់ផ្ដើមស្រឡាញ់ព្រះយេហូវ៉ា តើនោះអាចជួយអ្នកយ៉ាងដូចម្ដេចឥឡូវនេះ?
• បើយើងរំពឹងគិតអំពីបទពិសោធន៍ដែលយើងធ្លាប់មានអស់ច្រើនឆ្នាំមកហើយ តើនោះអាចធ្វើឲ្យយើងជឿជាក់លើអ្វី?
• ហេតុអ្វីអ្នកគួរគិតពិចារណាអំពីសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ?
[រូបភាពនៅទំព័រ២៥]
តើអ្វីបានទាក់ទាញអ្នក និងធ្វើឲ្យជឿជាក់ថានេះជាសេចក្ដីពិត?
[រូបភាពនៅទំព័រ២៦]
តើអ្នកឃើញថាមានលក្ខណៈខ្លះដែលអ្នកត្រូវកែប្រែឬ?