ស៊ូទ្រាំនឹងការកើតទុក្ខ
«ពួកកូនប្រុសកូនស្រីទាំងអស់[របស់យ៉ាកុប] ក៏ខំជួយរំដោះទុក្ខគាត់ តែគាត់មិនព្រមទេ។ ដោយថា ‹អញនឹងចុះទៅឯកូនអញនៅ ស្ថានឃុំព្រលឹងមនុស្សស្លាប់[ឬផ្នូរ]ទាំងកាន់ទុក្ខផង› ហើយគាត់ក៏យំសោកនឹងកូន»។ —លោកុប្បត្តិ ៣៧:៣៥
លោកយ៉ាកុបពីសម័យបុរាណ កើតទុក្ខខ្លាំងណាស់ពេលកូនប្រុសរបស់គាត់ស្លាប់។ គាត់ចង់កាន់ទុក្ខរហូតដល់ថ្ងៃស្លាប់។ ពេលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ អ្នកក៏ប្រហែលជាមានអារម្មណ៍កើតទុក្ខខ្លាំងដូចយ៉ាកុបដែរ ដល់ម្ល៉េះបានជាគិតថាមិនអាចបំភ្លេចបានឡើយ។ តើការកើតទុក្ខខ្លាំងដល់ម្ល៉េះបញ្ជាក់ថាយើងខ្វះជំនឿទៅលើព្រះឬ? មិនមែនជាដាច់ខាត!
គម្ពីររៀបរាប់ពីយ៉ាកុបថាជាអ្នកដែលមានជំនឿមុតមាំ។ យ៉ាកុបត្រូវបានសរសើរចំពោះជំនឿដ៏ប្រពៃរបស់ខ្លួន រួមជាមួយអ័ប្រាហាំដែលជាជីតា និងអ៊ីសាកជាឪពុក។ (ហេព្រើរ ១១:៨, ៩, ១៣) នេះជាមូលហេតុដែលគាត់ចំបាប់ជាមួយទេវតារបស់ព្រះមួយយប់ទាល់ភ្លឺ ទាមទារទេវតានោះឲ្យប្រទានពរដល់គាត់! (លោកុប្បត្តិ ៣២:២៤-៣០) តាមមើលទៅ យ៉ាកុបមានចំណងមេត្រីភាពដ៏រឹងមាំណាស់ជាមួយនឹងព្រះ។ ដូច្នេះ តើយើងអាចទាញយកមេរៀនអ្វីពីការកើតទុក្ខសោកសៅរបស់យ៉ាកុប? មនុស្សម្នាក់អាចមានជំនឿរឹងមាំទៅលើព្រះ តែនៅតែចេះកើតទុក្ខសោកសៅដូចគេដែរ។ ការកើតទុក្ខជាអារម្មណ៍ធម្មតាដែលយើងគ្រប់គ្នាមានពេលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ។
តើការកើតទុក្ខជាអ្វី?
យើងម្នាក់ៗកើតទុក្ខមិនដូចគ្នាទេ។ ប៉ុន្តែ ចំពោះមនុស្សភាគច្រើន អារម្មណ៍រំជួលចិត្តជាអ្វីដែលធ្វើឲ្យពួកគេពិបាកទ្រាំជាងគេ។ សូមពិចារណាអំពីបទពិសោធន៍របស់ឡេអូណាដូ។ ពេលដែលឪពុករបស់គាត់មានបញ្ហាខាងផ្លូវដកដង្ហើមហើយគាំងបេះដូងស្លាប់មួយរំពេចនោះ ឡេអូណាដូមានអាយុតែ១៤ឆ្នាំទេ។ ឡេអូណាដូមិនអាចបំភ្លេចបានឡើយថ្ងៃដែលម្ដាយមីងរបស់គាត់ប្រាប់ដំណឹងនោះដល់គាត់។ ដំបូងឡើយ គាត់មិនព្រមជឿថាជាការពិតទេ។ គាត់បានឃើញសពរបស់ឪពុកនៅកន្លែងបុណ្យសព តែអ្វីៗមើលទៅហាក់ដូចជាមិនពិតទាំងអស់។ អស់រយៈប្រហែល៦ខែឡេអូណាដូយំមិនចេញសោះ។ ជារឿយៗ ឡេអូណាដូគិតថាខ្លួនកំពុងរង់ចាំឪពុកដែលនឹងត្រឡប់មកពីធ្វើការវិញ។ អស់ប្រហែលជាមួយឆ្នាំទើបទទួលស្គាល់ថាឪពុករបស់គាត់ពិតជាស្លាប់មែន។ ពេលគាត់ទទួលស្គាល់ថាឪពុកស្លាប់ហើយ គាត់មានអារម្មណ៍ឯកោណាស់។ គ្រាន់តែពេលមកដល់ផ្ទះឃើញសភាពស្ងាត់ជ្រងំ នោះធ្វើឲ្យគាត់នឹកឃើញពីអវត្តមានរបស់ឪពុកគាត់។ នៅពេលនោះឯងដែលគាត់តែងតែស្លុតស្មារតីថែមទាំងយំទៀតផង។ គាត់ពិតជានឹកឪពុកគាត់ណាស់!
បទពិសោធន៍របស់ឡេអូណាដូបញ្ជាក់ថា ពេលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ នោះនាំឲ្យមានការកើតទុក្ខសោកសៅខ្លាំងណាស់។ ក៏ប៉ុន្តែ យើងអាចរំសាយទុក្ខបាន។ យ៉ាងណាក៏ដោយ ប្រហែលជាត្រូវការពេលយូរ។ ស្នាមរបួសខាងរូបកាយត្រូវការពេលវេលាដើម្បីព្យាបាលឲ្យបានជាសះស្បើយ រីឯការកើតទុក្ខក៏ត្រូវការពេលវេលាដើម្បីឲ្យបានធូរស្បើយឡើងវិញដែរ។ ដើម្បីឲ្យបានធូរស្បើយក្នុងចិត្ត ប្រហែលជាត្រូវការពេលវេលាច្រើនខែ ច្រើនឆ្នាំ ឬក៏យូរជាងនោះទៅទៀតក៏មិនដឹង។ ក៏ប៉ុន្តែ ការឈឺចាប់ដែលយើងមាននៅដើមដំបូងនឹងបានធូរស្រាលជាបណ្ដើរៗ ហើយជីវិតយើងនឹងមិនសូវក្រៀមក្រោះពេក និងមានន័យខ្លឹមសារបន្ដិចម្ដងៗឡើងវិញ។
នៅចន្លោះពេលនេះ យើងអាចនិយាយថាការកើតទុក្ខសោកសៅមានចំណែកជាចាំបាច់ក្នុងការព្យាបាល និងការកែសម្រួលឬទម្លាប់ខ្លួនទៅនឹងស្ថានភាពថ្មីដែរ។ ពីមុនធ្លាប់មានមនុស្សម្នាក់នោះ ឥឡូវគាត់ស្លាប់បាត់ហើយ។ ដូច្នេះ យើងត្រូវតែកែសម្រួលការរស់នៅរបស់យើងដោយមិនរាប់ថាមានគាត់ទៀតឡើយ។ ការកើតទុក្ខអាចជួយយើងឲ្យចេះបង្ហាញអារម្មណ៍របស់យើង។ ប្រាកដណាស់ មនុស្សម្នាក់ៗកើតទុក្ខសោកសៅមិនដូចគ្នាបេះបិទទេ។ ទោះជាយ៉ាងណាក្ដី រឿងមួយដែលមិនអាចបដិសេធបានគឺថា បើយើងខំទប់មិនបង្ហាញពីទុក្ខសោកដែលយើងមានទេ នោះនឹងធ្វើឲ្យយើងទទួលលទ្ធផលអាក្រក់ខាងផ្លូវចិត្ត គំនិត និងខាងរូបកាយផងដែរ។ បើដូច្នេះ តើអាចបង្ហាញការកើតទុក្ខសោកសៅរបស់យើងតាមរបៀបណាដែលមិនប៉ះពាល់ដល់សុខភាព? គម្ពីរមានឱវាទល្អៗដែលអាចជួយយើង។
ស៊ូទ្រាំនឹងការកើតទុក្ខ
អ្នកកាន់មរណៈទុក្ខភាគច្រើនទទួលស្គាល់ថានិយាយប្រាប់គេនឹងជួយធ្វើឲ្យចិត្តបានធូរស្បើយ។ ជាឧទាហរណ៍ សូមកត់សម្គាល់ពីសម្ដីរបស់លោកយ៉ូបដែលបានរៀបរាប់នៅក្នុងគម្ពីរ ដែលបានកើតទុក្ខដោយសារកូនទាំង១០នាក់ស្លាប់ទៅ ហើយត្រូវស៊ូទ្រាំនឹងសោកនាដកម្មផ្សេងៗទៀត។ គាត់មានប្រសាសន៍ថា៖ «ចិត្តខ្ញុំជិនណាយនឹងជីវិតរបស់ខ្ញុំ ខ្ញុំនឹងឲ្យសេចក្ដីដំអូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយដោយសេចក្ដីជូរល្វីងក្នុងចិត្ត!»។ (យ៉ូប ១:២, ១៨, ១៩; ១០:១) សូមកត់សម្គាល់ថាយ៉ូប«ដំអូញ»ពីអ្វីដែលគាត់មាននៅក្នុងចិត្ត។ តាមរបៀបណា? គាត់ពន្យល់ថា៖ «ខ្ញុំនឹងនិយាយ»។
ប៉ូឡូដែលម្ដាយស្លាប់ហើយនោះនិយាយថា៖ «អ្វីដែលបានជួយខ្ញុំគឺនិយាយពីម្ដាយរបស់ខ្ញុំ»។ ដូច្នេះ ការនិយាយពីអារម្មណ៍របស់ខ្លួនប្រាប់មិត្តសម្លាញ់ម្នាក់អាចជួយឲ្យមានការធូរស្បើយខ្លះ។ (សុភាសិត ១៧:១៧) បន្ទាប់ពីម្ដាយស្លាប់ទៅ យ៉ូនបានសុំឲ្យបងប្អូនគ្រិស្តសាសនិកទៅលេងគាត់ឲ្យបានញឹកញាប់បន្ដិច។ នាងនឹកចាំថា «ការនិយាយប្រាប់គេពិតជាអាចជួយបន្ធូរអារម្មណ៍ឈឺចាប់»។ អ្នកក៏អាចប្រាប់ពីអ្វីដែលអ្នកមាននៅក្នុងចិត្តទៅមនុស្សម្នាក់ដែលចេះយោគយល់ នោះនឹងធ្វើឲ្យអ្នកងាយស៊ូទ្រាំជាង។
ការសរសេររ៉ាយរ៉ាប់ក៏អាចជួយសម្រាលទុក្ខសោកដែរ។ អ្នកខ្លះពិបាកនិយាយប្រាប់គេអំពីអារម្មណ៍របស់ខ្លួន តែបង្ហាញអារម្មណ៍ដោយសរសេររ៉ាយរ៉ាប់ជាការងាយស្រួលចំពោះគាត់ទៅវិញ។ ដាវីឌជាអ្នកបម្រើស្មោះត្រង់របស់ព្រះ បានសរសេរទំនួញដ៏សោកសង្រេងមួយ បង្ហាញពីចិត្តសោកសៅរបស់គាត់បន្ទាប់ពីសូលនិងយ៉ូណាថានបានស្លាប់ទៅ។ នៅទីបំផុត បទទំនួញនេះក្លាយជាផ្នែកមួយនៃសៀវភៅក្នុងគម្ពីរគឺសៀវភៅសាំយូអែលទី២។—សាំយូអែលទី២ ១:១៧-២៧
ការយំក៏អាចជួយបន្ធូរអារម្មណ៍សោកសង្រេងដែរ។ គម្ពីរបានចែងថា៖ «មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់ . . . យំ»។ (សាស្ដា ៣:១, ៤) ពិតហើយ ពេលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ នោះជា«ពេលយំ»មែន។ ទឹកភ្នែកនៃការសោកសៅគ្មានអ្វីគួរឲ្យខ្មាសឡើយ។ គម្ពីរមានឧទាហរណ៍ជាច្រើនពីអ្នកបម្រើស្មោះភក្ដីទាំងប្រុសទាំងស្រីដែលបានបង្ហាញអារម្មណ៍សោកសៅដោយបង្ហូរទឹកភ្នែក។ (លោកុប្បត្តិ ២៣:២; សាំយូអែលទី២ ១:១១, ១២) ព្រះយេស៊ូគ្រិស្ត«ទ្រង់ព្រះកន្សែង»នៅពេលដែលលោកយាងជិតទៅដល់ផ្នូររបស់ឡាសារដែលជាសម្លាញ់របស់លោកដែលទើបតែស្លាប់។—យ៉ូហាន ១១:៣៣, ៣៥
ត្រូវតែមានចិត្តអត់ធ្មត់ដើម្បីរំងាប់ក្ដីទុក្ខ ដោយហេតុថាអារម្មណ៍របស់យើងប្រែប្រួលលឿនណាស់។ ចូរចាំថាទឹកភ្នែកមិនជាហេតុដែលនាំឲ្យខ្មាសសោះឡើយ។ មនុស្សស្មោះត្រង់ជាច្រើននាក់យល់ឃើញថាការបង្ហូរទឹកភ្នែកដោយសារមានទុក្ខសោកជាការធម្មតា ហើយជាវិធីជួយឲ្យបានធូរស្បើយផង។
ចូរចូលទៅជិតព្រះ
គម្ពីរចែងថា៖ «ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:៨) វិធីសំខាន់មួយក្នុងការចូលទៅជិតព្រះគឺតាមរយៈសេចក្ដីអធិដ្ឋាន។ សូមកុំមើលស្រាលសេចក្ដីអធិដ្ឋានឡើយ! គម្ពីរមានសេចក្ដីសន្យាដែលគួរឲ្យលើកទឹកចិត្តថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប»។ (ទំនុកដំកើង ៣៤:១៨) គម្ពីរក៏អះអាងថា៖ «ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក»។ (ទំនុកដំកើង ៥៥:២២) សូមពិចារណាអំពីសេចក្ដីនេះចុះ! ដូចបានកត់សម្គាល់មកខាងលើស្រាប់ មនុស្សជាច្រើនយល់ថាការនិយាយប្រាប់មិត្តម្នាក់ដែលគួរឲ្យទុកចិត្ត នោះអាចបន្ធូរបន្ថយការសោកសៅបាន។ តើមិនជួយកាន់តែច្រើនទេឬអី បើយើងបង្ហាញអារម្មណ៍របស់យើងទៅព្រះមួយអង្គដែលសន្យាថានឹងជួយសម្រាលទុក្ខយើងនោះ?—ថែស្សាឡូនីចទី២ ២:១៦, ១៧
ប៉ូឡូដែលបានរៀបរាប់មកពីមុននោះនិយាយថា៖ «ពេលដែលខ្ញុំគិតថាខ្ញុំទ្រាំលែងបាននឹងការឈឺចាប់ ហើយមិនអាចយកឈ្នះបាន នោះខ្ញុំលុតជង្គង់អធិដ្ឋានព្រះភ្លាម។ ខ្ញុំទទូចអង្វរសូមទ្រង់ឲ្យជួយខ្ញុំ»។ ប៉ូឡូជឿជាក់ថាសេចក្ដីអធិដ្ឋានពិតជាជួយគាត់មែន! អ្នកក៏ប្រហែលជាដូចគ្នាដែរ បើអ្នកខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិដ្ឋាន នោះអ្នកនឹងយល់ថា «ព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក»ប្រទានឲ្យអ្នកមានសេចក្ដីក្លាហាននិងកម្លាំងដើម្បីស៊ូទ្រាំ។—កូរិនថូសទី២ ១:៣, ៤; រ៉ូម ១២:១២
សេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ
ព្រះយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត។ អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»។ (យ៉ូហាន ១១:២៥) គម្ពីរបង្រៀនយើងថាមនុស្សស្លាប់នឹងរស់ឡើងវិញ។a ពេលព្រះយេស៊ូគង់នៅផែនដី លោកបានបង្ហាញថាអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ នៅឱកាសមួយនោះទ្រង់បានប្រោសក្មេងស្រីម្នាក់ដែលមានអាយុ១២ឆ្នាំ។ តើឪពុកម្ដាយនាងមានអារម្មណ៍យ៉ាងណា? ពួកគាត់«មានសេចក្ដីអស្ចារ្យជាខ្លាំងក្រៃលែង»។ (ម៉ាកុស ៥:៤២) ស្ថិតក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះយេស៊ូគ្រិស្តដែលជាស្តេចនៅស្ថានសួគ៌ ទ្រង់នឹងប្រោសមនុស្សដែលមានចំនួនច្រើនមិនអាចរាប់បានឲ្យមានជីវិតនៅផែនដី ដែលមានសុទ្ធតែសេចក្ដីសុខសាន្តនិងសេចក្ដីសុចរិតវិញ។ (កិច្ចការ ២៤:១៥; ពេត្រុសទី២ ៣:១៣) សូមស្រមៃគិត ពេលមនុស្សស្លាប់ត្រូវប្រោសឲ្យរស់ឡើងវិញ ហើយបានជួបជុំគ្នាម្ដងទៀតជាមួយអ្នកដែលជាទីស្រឡាញ់របស់ខ្លួន នោះពិតជាសេចក្ដីអស្ចារ្យជាខ្លាំងក្រៃលែងមែន!
ក្លូដែតដែលកូនបានស្លាប់ពេលយន្តហោះបុកខ្ទេចខ្ទី នោះបានតាំងរូបថតកូនប្រុសរបស់នាងឈ្មោះរីណាតូ ជាប់នៅលើទូទឹកកក។ ជារឿយៗនាងមើលរូបថតកូនហើយនិយាយតែម្នាក់ឯងថា «យើងនឹងជួបគ្នាម្ដងទៀតពេលមនុស្សស្លាប់ត្រូវប្រោសឲ្យរស់ឡើងវិញ»។ ឡេអូណាដូសង្ឃឹមថាឪពុករបស់គាត់នឹងរស់ឡើងវិញដែរនៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យា។ ពិតមែន! សេចក្ដីសង្ឃឹមពីដំណើររស់ឡើងវិញជាប្រភពនៃការសម្រាលទុក្ខពិតៗចំពោះពួកគាត់ និងចំពោះមនុស្សឯទៀតដែលមានចំនួនច្រើនមិនអាចរាប់បាន ដែលមានមនុស្សជាទីស្រឡាញ់ស្លាប់ទៅ។ អ្នកនឹងទទួលការសម្រាលទុក្ខដូចគ្នាដែរ!
[កំណត់សម្គាល់]
a បើចង់បានព័ត៌មានបន្ថែមអំពីសេចក្ដីសង្ឃឹមពីដំណើររស់ឡើងវិញដែលគម្ពីរបានបង្រៀន សូមមើលជំពូកទី៧នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
[ប្រអប់/រូបភាពនៅទំព័រ៧]
«ព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក»
«សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្ដីមេត្ដាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក»។—កូរិនថូសទី២ ១:៣
ខគម្ពីរខាងលើនេះបញ្ជាក់ថា ព្រះអាចជួយអ្នកបម្រើរបស់ទ្រង់ដែលមានចិត្តស្មោះត្រង់ដើម្បីស៊ូទ្រាំបញ្ហាឬការពិបាកណាក៏ដោយដែលខ្លួនអាចជួបប្រទះ។ វិធីមួយដែលព្រះយេហូវ៉ាអាចសម្រាលទុក្ខគឺតាមរយៈមិត្តសម្លាញ់ម្នាក់ឬក៏មនុស្សជាទីស្រឡាញ់ដែលមានជំនឿដូចគ្នា។
ឡេអូណាដូដែលឪពុករបស់គាត់ស្លាប់ នៅចងចាំពីបទពិសោធន៍ដែលនាំឲ្យគាត់ទទួលកម្លាំងនិងការសម្រាលទុក្ខ។ គាត់ទើបតែមកដល់ផ្ទះ ហើយពេលគាត់នឹកឃើញថាគ្មាននរណាម្នាក់នៅផ្ទះទេនោះ គាត់ចាប់ផ្ដើមយំឥតឈប់ឥតឈរតែម្ដង។ គាត់ក៏ចេញទៅឯសួនឧទ្យានដែលនៅជិតផ្ទះ រួចអង្គុយលើជើងម៉ាហើយយំបន្តទៀត។ ទាំងទឹកភ្នែករហាម គាត់ទទូចអង្វរសុំជំនួយពីព្រះ។ រំពេចនោះ ឡានដឹកទំនិញមួយបានមកឈប់ជិតគាត់ ឡេអូណាដូស្គាល់អ្នកបើកឡានគឺជាបងប្រុសគ្រិស្តសាសនិក ជាអ្នករួមជំនឿម្នាក់របស់គាត់។ តាមពិត បងប្រុសត្រូវដឹកទំនិញជូនទៅអតិថិជន ហើយស្រាប់តែបត់ខុសផ្លូវដែលត្រូវទៅ។ វត្តមានរបស់បងប្រុសនេះចំពេលល្អមែនដើម្បីជួយសម្រាលទុក្ខឡេអូណាដូ។
នៅពេលមួយនោះ បុរសពោះម៉ាយម្នាក់មានអារម្មណ៍កណ្ដោចកណ្ដែងហើយធ្លាក់ទឹកចិត្ត។ គាត់យំឥតឈប់ពីព្រោះអ្វីៗសព្វបែបសព្វយ៉ាងមើលទៅសុទ្ធតែអស់សង្ឃឹមចំពោះគាត់។ គាត់ដេកលើឥដ្ឋក្រាលហើយទទូចអង្វរសុំជំនួយពីព្រះ។ ពេលគាត់កំពុងអធិដ្ឋាន ស្រាប់តែទូរស័ព្ទរោទ៍ឡើង។ ចៅស្រីរបស់គាត់ទូរស័ព្ទមករកគាត់។ គាត់នៅចាំថា៖ «ការសន្ទនាយ៉ាងខ្លីជាមួយចៅ គឺគ្រប់គ្រាន់ដើម្បីឲ្យខ្ញុំមានសេចក្ដីក្លាហានឡើងវិញ។ ខ្ញុំមានអារម្មណ៍ថាពេលចៅទូរស័ព្ទមក នោះហើយជាការឆ្លើយតបចំពោះសេចក្ដីអធិដ្ឋានសុំជំនួយរបស់ខ្ញុំ»។
[ប្រអប់នៅទំព័រ៩]
ចូរជួយកម្សាន្តចិត្តអ្នកឯទៀត
«[ព្រះ]កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្ដីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរ គឺដោយសារសេចក្ដីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ»។—កូរិនថូសទី២ ១:៤
គ្រិស្តសាសនិកពិតភាគច្រើនបានពិសោធន៍ផ្ទាល់ខ្លួនពីខ្លឹមសារនៃពាក្យខាងលើនេះ។ ដោយបានទទួលការកម្សាន្តចិត្តដើម្បីស៊ូទ្រាំពេលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ នោះពួកគាត់ក៏អាចផ្ដល់ការលើកទឹកចិត្តនិងកម្សាន្តចិត្តអ្នកឯទៀតដែរ។
សូមពិចារណាអំពីគំរូរបស់ក្លូដែតដែលតែងតែទៅជួបអ្នកឯទៀតដើម្បីជម្រាបពីជំនឿរបស់នាងដែលមានមូលដ្ឋានទៅលើគម្ពីរ។ មុនពេលដែលកូនប្រុសរបស់នាងស្លាប់ នាងធ្លាប់ទៅលេងបងស្រីម្នាក់ដែលកូនប្រុសរបស់គាត់ស្លាប់ដោយជំងឺមហារីកឈាម។ ស្ត្រីនោះចូលចិត្តឲ្យក្លូដែតទៅលេងគាត់ណាស់ តែគាត់គិតថាក្លូដែតមិនអាចយល់ទាំងស្រុងពីអារម្មណ៍របស់គាត់ទេ។ យ៉ាងណាក៏ដោយ មិនយូរក្រោយពេលដែលកូនរបស់ក្លូដែតស្លាប់ទៅ ស្ត្រីនោះបានទៅលេងគាត់ហើយនិយាយប្រាប់ក្លូដែតថា គាត់មកលេងពីព្រោះគាត់ចង់ដឹងថាក្លូដែតនៅតែមានជំនឿលើព្រះរបស់ខ្លួនឬក៏អត់។ ស្ត្រីនោះកោតស្ងើចចំពោះជំនឿដ៏មុតមាំរបស់ក្លូដែត។ ហេតុនេះហើយបានជាគាត់និងក្លូដែតរៀនគម្ពីរយ៉ាងទៀងទាត់ជាមួយគ្នា ហើយទទួលការកម្សាន្តចិត្តច្រើនពីបណ្ដាំរបស់ព្រះ។
បន្ទាប់ពីឪពុកគាត់ស្លាប់ នោះឡេអូណាដូសម្រេចចិត្តរៀនភាសាគដើម្បីយកសារពីគម្ពីរទៅជួយសម្រាលទុក្ខមនុស្សគ។ គាត់យល់ឃើញថាការខំប្រឹងប្រែងរបស់គាត់ដើម្បីជួយមនុស្សគជួយគាត់ច្រើនណាស់។ គាត់និយាយថា៖ «បំណងចិត្តចង់ជួយមនុស្សគឲ្យរៀនអំពីព្រះ ជាបំណងមួយដែលបានជួយខ្ញុំឲ្យស៊ូទ្រាំការកាន់ទុក្ខរបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលវេលានិងកម្លាំងដើម្បីជួយពួកគាត់។ អារម្មណ៍ក្រៀមក្រំរបស់ខ្ញុំក្លាយជាអំណរពេលដែលខ្ញុំឃើញអ្នកទី១ដែលសិក្សាគម្ពីរជាមួយខ្ញុំទទួលការជ្រមុជទឹក! តាមការពិត តាំងពីឪពុកខ្ញុំស្លាប់ទៅ នេះជាលើកដំបូងដែលខ្ញុំមានអារម្មណ៍ថាខ្ញុំមានសុភមង្គល»។—កិច្ចការ ២០:៣៥
[រូបភាពនៅទំព័រ៥]
ការនិយាយប្រាប់គេពីអារម្មណ៍របស់ខ្លួន អាចជួយឲ្យមានការធូរស្បើយ
[រូបភាពនៅទំព័រ៦]
យើងអាចលាតត្រដាង អារម្មណ៍កើតទុក្ខសោកសៅ ដោយសរសេររ៉ាយរ៉ាប់
[រូបភាពនៅទំព័រ៦]
ការអានអំពីសេចក្ដីសង្ឃឹមនៃដំណើររស់ឡើងវិញ ជាប្រភពនៃការសម្រាលទុក្ខពិតៗ
[រូបភាពនៅទំព័រ៨, ៩]
ព្រះយេស៊ូសន្យាថានឹងប្រោសអស់អ្នកដែលជឿលើទ្រង់