តើពិតជាមានអ្វីកើតឡើងដល់មនុស្សពេលដែលស្លាប់?
‹មនុស្សទាំងអស់ សូម្បីតែមនុស្សអាក្រក់ក៏ដោយ មានជីវិតអមតៈ . . . ពួកគេទទួលទណ្ឌកម្មក្នុងភ្លើងដែលមិនចេះរលត់ ហើយដោយព្រោះមិនចេះស្លាប់ នោះពួកគេមានទុក្ខវេទនារហូត›។—លោកខ្លិម៉ង់ ពីទីក្រុងអ័លេក្សានទ្រា ជាអ្នកនិពន្ធម្នាក់នៅសតវត្សរ៍ទី២និងទី៣គ.ស.។
ដូចលោកខ្លិម៉ង់ អស់អ្នកដែលគាំទ្រសេចក្ដីបង្រៀនដែលថា ស្ថាននរកជាកន្លែងរងការឈឺចាប់ នោះបានស្មានថាមនុស្សមានជីវិតអមតៈ។ តើគម្ពីរបង្រៀនថាមនុស្សមានជីវិតអមតៈឬទេ? សូមពិចារណាអ្វីដែលបានកត់ទុកក្នុងបណ្ដាំរបស់ព្រះ ដើម្បីឆ្លើយសំណួរដូចតទៅនេះ:
តើអ័ដាម ដែលជាបុរសដំបូង មានជីវិតអមតៈទេ? មិនយូរក្រោយពេលដែលព្រះបង្កើតអ័ដាម ទ្រង់បានបង្គាប់បុរសនោះថា៖ «ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត។ តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្តិ ២:១៦) អ័ដាមអាចស្លាប់បាន។ ដូច្នេះ គាត់មិនមានជីវិតអមតៈទេ។
នៅទីបំផុត បន្ទាប់ពីអ័ដាមបានប្រព្រឹត្តអំពើខុសឆ្គង តើអ្វីបានកើតឡើងដល់គាត់? ទណ្ឌកម្មដែលព្រះបានដាក់ទៅលើអ័ដាម នោះមិនមែនជាទារុណកម្មជារៀងរហូតក្នុងស្ថាននរកឡើយ។ ផ្ទុយទៅវិញ ព្រះគម្ពីរជាភាសាខ្មែរសម្រាយ បានបកស្រាយសេចក្ដីប្រកាសរបស់ព្រះដូចតទៅនេះ៖ «អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។ (កំណើតពិភពលោក [លោកុប្បត្តិ] ៣:១៩, កំណែជាអក្សរទ្រេត) សេចក្ដីប្រកាសរបស់ព្រះមិនបង្ហើបឲ្យដឹងថា អ័ដាមឬអ្វីមួយដែលចេញពីគាត់ នឹងរួចរស់ជីវិតពេលស្លាប់នោះទេ។
តើមានមនុស្សណាម្នាក់មានជីវិតអមតៈទេ? គ្មានមនុស្សណាម្នាក់មានជីវិតអមតៈឡើយ។ គម្ពីរជាភាសាខ្មែរសម្រាយបានរៀបរាប់នៅសៀវភៅសាស្ដា ៣:២០ ថា៖ «សត្វលោកទាំងអស់បោះជំហានទៅរកទិសដៅតែមួយ។ សត្វលោកទាំងអស់កើតមកពីធូលីដី ហើយត្រឡប់ទៅជាធូលីដីវិញ»។ សាវ័កប៉ុលបានសរសេរថា៖ «តាមរយៈមនុស្សតែម្នាក់[អ័ដាម] បាបបានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប»។ (រ៉ូម ៥:១២, ព្រះគម្ពីរជាភាសាខ្មែរបច្ចុប្បន្ន) មនុស្សទាំងអស់ប្រព្រឹត្តអំពើបាបឬអំពើខុសឆ្គង។ ដូច្នេះហើយ មនុស្សទាំងអស់អាចស្លាប់។
តើមនុស្សស្លាប់អាចឮ មើលឃើញ និយាយ ឬគិតគូរបានទេ? បណ្ដាំរបស់ព្រះចែងថា៖ «អ្នកដែលនៅរស់ដឹងថាខ្លួនមុខជាត្រូវស្លាប់ តែអ្នកដែលស្លាប់ផុតទៅហើយ មិនដឹងអ្វីទាំងអស់»។ (សាស្ដា ៩:៥, ខ.ស.) ក្នុងការពិពណ៌នាអំពីអ្វីដែលកើតឡើងដល់មនុស្សពេលដែលស្លាប់ នោះគម្ពីរចែងថា៖ «[គេ]ត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។ (ទំនុកដំកើង ១៤៦:៤) ប្រសិនបើមនុស្សស្លាប់«មិនដឹងអ្វីទាំងអស់» ព្រមទាំង«គំនិតរបស់គេក៏សូន្យបាត់ទៅ» តើអាចឈឺចាប់ដូចម្ដេចបានក្នុងស្ថាននរក?
ព្រះយេស៊ូបានប្រដូចសេចក្ដីស្លាប់ទៅនឹងការដេកលក់ មិនមែនទៅនឹងការមានស្មារតីម្យ៉ាងនោះទេ។ (យ៉ូហាន ១១:១១-១៤) ប៉ុន្តែ អ្នកខ្លះប្រហែលជាប្រកែកថា ព្រះយេស៊ូបានបង្រៀនថាស្ថាននរកជាកន្លែងក្ដៅ ហើយអ្នកប្រព្រឹត្តអំពើខុសឆ្គងនឹងទម្លាក់ចូលក្នុងភ្លើងនរក។ សូមឲ្យយើងពិនិត្យមើលអ្វីដែលព្រះយេស៊ូពិតជាបង្រៀនស្តីអំពីស្ថាននរក។