តើជំនឿរបស់អ្នកលើដំណើររស់ឡើងវិញខ្លាំងប៉ុនណា?
«ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»។—យ៉ូហាន ១១:២៥
១, ២. ហេតុអ្វីក៏អ្នកថ្វាយបង្គំព្រះយេហូវ៉ាត្រូវតែមានការទុកចិត្តលើសេចក្ដីសង្ឃឹមនៃដំណើររស់ឡើងវិញ?
តើសេចក្ដីសង្ឃឹមរបស់អ្នកលើដំណើររស់ឡើងវិញខ្លាំងប៉ុនណា? តើសេចក្ដីសង្ឃឹមនេះពង្រឹងអ្នកពីការខ្លាចស្លាប់ ហើយសម្រាលទុក្ខអ្នក នៅពេលដែលបុគ្គលស្ងួនភ្ងាបានស្លាប់ទៅនោះទេ? (ម៉ាថាយ ១០:២៨; ថែស្សាឡូនីចទី១ ៤:១៣) ដូចពួកអ្នកបំរើជាច្រើនពីបុរាណ ដែលបានស៊ូទ្រាំនឹងការទុក្ខទោស ការចំអក ទារុណកម្ម និងការជាប់គុក តើអ្នកបានត្រូវពង្រឹងដោយជំនឿលើដំណើររស់ឡើងវិញនោះទេ?—ហេព្រើរ ១១:៣៥-៣៨
២ ត្រូវហើយ អ្នកថ្វាយបង្គំដ៏ស្មោះរបស់ព្រះយេហូវ៉ា មិនត្រូវសង្ស័យអំពីដំណើររស់ឡើងវិញនោះទេ ហើយការទុកចិត្តរបស់គាត់ គួរតែមានអនុភាពលើរបៀបដែលគាត់រស់នៅ។ ជាការគួរឲ្យអស្ចារ្យណាស់ ក្នុងការគិតលើហេតុការណ៍ពិត ដែលថាដល់គ្រាកំណត់របស់ព្រះ នោះសមុទ្រ សេចក្ដីស្លាប់ និងហាដេស នឹងប្រគល់ពួកមនុស្សស្លាប់ដែលនៅក្នុងនោះមកវិញ ហើយពួកដែលបានប្រោសឲ្យរស់ឡើងវិញទាំងនេះ នឹងមានសង្ឃឹមរស់នៅជារហូតលើផែនដីមនោរម្យ។—វិវរណៈ ២០:១៣; ២១:៤, ៥
ការសង្ស័យអំពីជីវិតនៅអនាគត
៣, ៤. តើមនុស្សជាច្រើននៅមានជំនឿយ៉ាងណា អំពីជីវិតក្រោយពីស្លាប់?
៣ ពិភពគ្រីស្ទសាសនាបានបង្រៀនជាយូរយារមកហើយថា មានជីវិតក្រោយពីស្លាប់។ អត្ថបទមួយក្នុងទស្សនាវដ្ដីសាសនាកាតូលិកស.រ.អ. បានចែងថា៖ «ក្នុងគ្រប់សម័យ ពួកគ្រីស្ទានបានខំអស់ពីសមត្ថភាពក្នុងការប្រឈមដោះស្រាយនឹងការបាក់ទឹកចិត្ត និងការរងទុក្ខវេទនានៃជីវិតនេះ ដោយសង្ឃឹមទៅជីវិតមួយទៀត ដែលប្រកបដោយសន្ដិភាពនិងទីបំពេញចិត្ត ដែលមានចិត្តស្កប់ស្កល់និងសុភមង្គល»។ ទោះជាក្នុងប្រទេសមួយចំនួននៃពិភពគ្រីស្ទសាសនា មនុស្សបានទៅជាមិនចង់ចុះចូលចំពោះ ហើយក៏មិនសូវជឿទៅលើសាសនាទេ តែមនុស្សជាច្រើននៅមានអារម្មណ៍ថាត្រូវមានអ្វីមួយក្រោយពីស្លាប់។ ប៉ុន្តែ មានរឿងច្រើនណាស់ដែលគេមិនសូវដឹងពិតប្រាកដនោះ។
៤ អត្ថបទមួយក្នុងទស្សនាវដ្ដីថែម្ស បានកត់សម្គាល់ថា៖ «មនុស្សនៅជឿលើ[ជីវិតក្រោយពីស្លាប់]៖ តែមតិរបស់គេអំពីរឿងនេះកាន់តែស្រអាប់ឡើងៗ។ ហើយគេមិនសូវឮរឿងនេះពីបព្វជិតរបស់គេជាញឹកញយនោះទេ»។ ហេតុអ្វីក៏ពួកបព្វជិតមិនសូវនិយាយអំពីជីវិតក្រោយពីស្លាប់ ដូចពួកគេធ្លាប់ថ្លែងនោះ? វិជ្ជាករម្នាក់ខាងសាសនា លោក ចិហ្វ្រី បឺតថិន រ៉ាស៊ីល មានប្រសាសន៍ថា៖ «ខ្ញុំគិតថា [ពួកបព្វជិត]ចង់ជៀសវាងពីប្រធាននេះ ពីព្រោះគេគិតថា គេនឹងត្រូវតែពុះពារលើឧបសគ្គនៃលទ្ធិមជ្ឈធាតុនិយម»។
៥. តើមនុស្សជាច្រើនសព្វថ្ងៃនេះមានទស្សនៈយ៉ាងណាអំពីភ្លើងនរក?
៥ នៅសាសនាជាច្រើន ជីវិតក្រោយពីស្លាប់រួមបញ្ចូលការទៅស្ថានសួគ៌និងការទៅស្ថានភ្លើងនរក។ ហើយបើបព្វជិតមានចិត្តស្ទាក់ស្ទើរក្នុងការនិយាយអំពីស្ថានសួគ៌ នោះគេនឹងកាន់តែមានចិត្តស្ទាក់ស្ទើរច្រើនទៀតក្នុងការនិយាយអំពីស្ថាននរកដែរ។ អត្ថបទក្នុងកាសែតមួយ បានចែងថា៖ «សព្វថ្ងៃនេះ សូម្បីតែសាសនាដែលជឿលើទណ្ឌកម្មជាអនន្តអំពីភ្លើងនរកនោះ . . . ក៏មិនសូវបញ្ជាក់អំពីមតិនេះទេ»។ ប្រាកដហើយ ទស្សនៈវិទូភាគច្រើននៅសម័យទំនើបនេះ លែងជឿលើស្ថាននរក ថាជាកន្លែងនៃការបៀតបៀនដ៏ពិតមែននោះឡើយ ដូចគេបានបង្រៀនក្នុងមជ្ឈិមសម័យនោះ។ ផ្ទុយទៅវិញ គេបង្រៀនអំពីស្ថាននរកដែលមានមេត្ដាម្យ៉ាងផ្សេងវិញ។ យោងទៅតាមក្រុមអ្នកប្រកាន់មតិសម័យទំនើបក្នុងសាសនាសព្វថ្ងៃនេះ ពួកអ្នកប្រព្រឹត្តបាបនៅក្នុងស្ថាននរក គឺមិនមែនទទួលទណ្ឌកម្មដ៏ពិតនោះទេ ប៉ុន្តែគេរងទុក្ខដោយព្រោះគេ‹បាក់បែកខាងវិញ្ញាណពីព្រះ›។
៦. នៅពេលដែលគេបានប្រឈមមុខនឹងព្រឹត្ដិការណ៍ដ៏ខ្សោចផ្សារនោះ តើមនុស្សខ្លះបានឃើញយ៉ាងណាថាគេខ្វះជំនឿ?
៦ ការធ្វើឲ្យលទ្ធិសាសនាទៅជាខ្សោយ ដើម្បីកុំឲ្យពួកដែលមានគំនិតទំនើបនេះអាក់អន់ចិត្ត នោះប្រហែលជាជួយឲ្យជៀសវាងពីការឥតប្រជាប្រិយមែន ប៉ុន្តែនេះបានធ្វើឲ្យពួកសមាជិកដែលមានចិត្តស្មោះជាច្រើនលាននាក់ ឆ្ងល់អំពីអ្វីដែលគេត្រូវជឿវិញ។ ដូច្នេះហើយ នៅពេលដែលប្រឈមមុខនឹងសេចក្ដីស្លាប់ ពួកទាំងនេះឃើញថា គេខ្វះជំនឿមែន។ អាកប្បកិរិយារបស់គេគឺដូចស្ត្រីម្នាក់ដែលសមាជិកគ្រួសារបានស្លាប់ទៅដោយគ្រោះថ្នាក់។ នៅពេលដែលគេបានសួរថា តើជំនឿរបស់គាត់បានសម្រាលទុក្ខគាត់ឬក៏អត់ នោះគាត់បានឆ្លើយដោយស្ទាក់ស្ទើរថា៖ «ចាស ប្រហែលហើយមើលទៅ»។ ប៉ុន្តែ ទោះជាគាត់បានឆ្លើយយ៉ាងមុតមាំក៏ដោយអំពីជំនឿរបស់គាត់ ដែលបានជួយគាត់នោះ តើមានប្រយោជន៍ដ៏វែងឆ្ងាយអ្វី ប្រសិនបើជំនឿរបស់គាត់ឥតមានគ្រឹះដ៏មាំមួននោះ? នេះជាការពិនិត្យមើលដ៏សំខាន់ ពីព្រោះតាមពិត អ្វីដែលសាសនាភាគច្រើនបង្រៀនអំពីជីវិតនៅខាងមុខ គឺខុសគ្នាឆ្ងាយណាស់ពីអ្វីដែលព្រះគម្ពីរបង្រៀននោះ។
ទស្សនៈរបស់ពិភពគ្រីស្ទសាសនាអំពីជីវិតក្រោយពីស្លាប់
៧. (ក) តើសាសនាជាច្រើនមានជំនឿអ្វីដូចគ្នាៗ? (ខ) តើតាមរបៀបណាដែលសាសនវិទូម្នាក់រៀបរាប់អំពីលទ្ធិនៃព្រលឹងអមតៈ?
៧ ទោះជាគេមានការខុសគំនិតគ្នាក៏ដោយ សឹងតែនិកាយទាំងអស់ក្នុងពិភពគ្រីស្ទសាសនាយល់ស្របថា មនុស្សមានព្រលឹងអមតៈ ដែលរស់នៅក្រោយពីរូបកាយស្លាប់ទៅ។ មនុស្សភាគច្រើនជឿថា នៅពេលដែលបុគ្គលម្នាក់ស្លាប់ទៅ នោះព្រលឹងរបស់គាត់នឹងទៅស្ថានសួគ៌។ មនុស្សខ្លះខ្លាចថា ព្រលឹងរបស់គេអាចទៅភ្លើងនរក។ ប៉ុន្តែ គំនិតនៃព្រលឹងអមតៈ គឺជាមតិដ៏សំខាន់របស់គេអំពីជីវិតនៅខាងមុខ។ សាសនវិទូ អូស្កា ខាលម៉ាន់ បាននិយាយអំពីរឿងនេះ ក្នុងនិពន្ធមួយដែលបានបោះពុម្ពក្នុងសៀវភៅអមតភាពនិងដំណើររស់ឡើងវិញ។ លោកបានសរសេរថា៖ «ប្រសិនបើយើងនឹងសួរគ្រីស្ទានម្នាក់សព្វថ្ងៃនេះ . . . នូវអ្វីដែលគាត់ជឿថាជាការបង្រៀនក្នុងសញ្ញាថ្មី ស្តីអំពីវាសនារបស់មនុស្សក្រោយពីស្លាប់ នោះយើងច្រើនតែនឹងទទួលចម្លើយមកវិញថា៖ ‹ព្រលឹងអមតៈ› »។ ប៉ុន្តែលោកខាលម៉ាន់មានប្រសាសន៍ថែមទៀតថា៖ «គំនិតដែលមានជាទូទៅនេះ គឺជាការយល់ខុសដ៏ធំបំផុតមួយនៃសាសនាគ្រីស្ទាន»។ លោកខាលម៉ាន់បានសង្កេតឃើញថា នៅពេលដែលលោកមានប្រសាសន៍លើកដំបូងអំពីរឿងនេះ នោះគាត់បានបណ្ដាលឲ្យមានប្រតិកម្មដ៏ខឹងឆេះឈួលជាខ្លាំង។ ប៉ុន្តែ លោកបានមានប្រសាសន៍ដ៏ត្រឹមត្រូវ។
៨. តើសេចក្ដីសង្ឃឹមអ្វីដែលព្រះយេហូវ៉ាបានប្រទានបុរសនិងស្ត្រីដំបូងនោះ?
៨ ព្រះយេហូវ៉ាមិនបានបង្កើតមនុស្សឲ្យទៅនៅស្ថានសួគ៌ ក្រោយពីគេស្លាប់ទៅនោះទេ។ គឺមិនមែនជាគោលបំណងដើមរបស់ទ្រង់ទេ ដែលគេត្រូវស្លាប់នោះ។ អ័ដាមនិងអេវ៉ាបានបង្កើតមកយ៉ាងគ្រប់ល័ក្ខណ៍ ហើយព្រះបានផ្ដល់ឲ្យឱកាសដើម្បីបំពេញផែនដីទៅដោយកូនដ៏សុចរិត។ (លោកុប្បត្តិ ១:២៨; ចោទិយកថា ៣២:៤) ឪពុកម្ដាយដើមរបស់យើងបានដឹងថា គេនឹងស្លាប់ បើគេមិនគោរពតាមព្រះ។ (លោកុប្បត្តិ ២:១៧) ប្រសិនបើគេគោរពតាមព្រះវរបិតានៅស្ថានសួគ៌ នោះគេនឹងបានបន្តរស់នៅលើផែនដីជារៀងរហូតទៅហើយ។
៩. (ក) តើអ្វីជាសេចក្ដីពិតអំពីព្រលឹងមនុស្ស? (ខ) តើអ្វីដែលកើតឡើងដល់ព្រលឹងពេលដែលស្លាប់ទៅ?
៩ ប៉ុន្តែគួរឲ្យស្ដាយណាស់ អ័ដាមនិងអេវ៉ាឥតបានគោរពតាមព្រះទេ។ (លោកុប្បត្តិ ៣:៦, ៧) កម្មផលដ៏ខ្លោចផ្សានោះបានរៀបរាប់ដោយសាវ័កប៉ុល ដែលថា៖ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ (រ៉ូម ៥:១២) ជាជាងរស់នៅលើផែនដីជានិរន្តរ៍ នោះអ័ដាមនិងអេវ៉ាបានស្លាប់ទៅ។ តើមានអ្វីបានកើតឡើងបន្ទាប់មក? តើគេមានព្រលឹងអមតៈទេ ដែលឥឡូវនេះអាចបញ្ជូនបានទៅភ្លើងនរក ដោយព្រោះអំពើបាបរបស់គេឬ? ផ្ទុយទៅវិញ ព្រះគម្ពីរចែងនៅមុននេះថា នៅពេលដែលព្រះបានបង្កើតគាត់មក អ័ដាម‹ក្លាយទៅជាព្រលឹងដែលរស់នៅ›។ (លោកុប្បត្តិ ២:៧) មនុស្សមិនបានទទួលព្រលឹងមួយនោះទេ តែគាត់បានក្លាយទៅជាព្រលឹងមួយ ជាបុគ្គលម្នាក់ដែលរស់នៅ។ (កូរិនថូសទី១ ១៥:៤៥) ហើយមិនគ្រាន់តែអ័ដាមនោះទេដែលជា‹ព្រលឹងដែលរស់នៅ› ប៉ុន្តែ ដូចបានបង្ហាញមកនៅក្នុងភាសាហេព្រើរ ដែលជាភាសាដែលលោកុប្បត្តិបានសរសេរជាដើមនោះ ទាំងសត្វក៏ជា‹ព្រលឹងដែលរស់នៅ›ដែរ! (លោកុប្បត្តិ ១:២៤) នៅពេលដែលអ័ដាមនិងអេវ៉ាបានស្លាប់ទៅ គេបានក្លាយទៅជាព្រលឹងស្លាប់។ ជាយថាហេតុ ក៏បានកើតឡើងទៅពួកគេដែរ ដូចព្រះយេហូវ៉ាបានមានបន្ទូលទៅអ័ដាមអញ្ចឹង ដែលថា៖ «ឯងនឹងបានអាហារស៊ីដោយការបែកញើសដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។—លោកុប្បត្តិ ៣:១៩
១០, ១១. តើសព្វវចនាធិប្បាយកាតូលិកថ្មី សារភាពយ៉ាងណាអំពីសេចក្ដីបង្រៀនក្នុងព្រះគម្ពីរអំពីព្រលឹង ហើយតើនេះអាចយកមកប្រៀបធៀបយ៉ាងណានឹងអ្វីដែលព្រះគម្ពីរចែងនោះ?
១០ ជាខ្លឹមសារ សព្វវចនាធិប្បាយកាតូលិកថ្មី យល់ស្របនឹងរឿងនេះ។ ក្នុងអត្ថបទអំពី«ព្រលឹង(ក្នុងព្រះគម្ពីរ)» សៀវភៅនេះចែថា៖ «គឺគ្មានការបែកជាពីរនៃរូបកាយនិងព្រលឹងនៅក្នុងសញ្ញាចាស់ [ឬ បទគម្ពីរភាសាហេព្រើរនោះទេ]»។ ហើយបន្ថែមថា ក្នុងព្រះគម្ពីរ ពាក្យ«ព្រលឹង» «មិនដែលមានន័យថា ព្រលឹងបែកចេញពីរូបកាយឬបុគ្គលម្នាក់នោះទេ»។ ប្រាកដហើយ ព្រលឹងតែងតែ«មានន័យថាបុគ្គលម្នាក់តែម្ដង មិនថាសត្វឬក៏មនុស្ស»។ ភាពពិតបែបនេះគឺជាអ្វីដ៏លើកទឹកចិត្តណាស់។ ប៉ុន្តែ យើងត្រូវឆ្ងល់ពីហេតុអ្វីក៏មនុស្សទៅព្រះវិហារជាទូទៅ មិនដឹងអំពីហេតុពិតនេះ។
១១ ពួកអ្នកដែលទៅព្រះវិហារនឹងបានរួចផុតពីកង្វល់និងការខ្លាចយ៉ាងណាទៅហ្ន៎ ប្រសិនបើគេបានដឹងអំពីសេចក្ដីពិតពីព្រះគម្ពីរ ដែលថា៖ «ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ» មិនមែនរងទុក្ខក្នុងភ្លើងនរកនោះទេ! (អេសេគាល ១៨:៤) ទោះជានេះខុសគ្នាឆ្ងាយពីអ្វីដែលពិភពគ្រីស្ទសាសនាបង្រៀនក៏ដោយ តែគឺមានដូចនឹងអ្វីដែលសាឡូម៉ូនដែលប្រកបដោយប្រាជ្ញាបានបង្រៀន កាលដែលមានប្រសាសន៍ថា៖ «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ[ក្នុងជីវិតនេះ គេក៏គ្មានរង្វាន់អ្វីទៀតដែរ] ពីព្រោះសេចក្ដីនឹកចាំពីគេបានសូន្យបាត់ហើយ ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ ដ្បិតនៅស្ថានឃុំព្រលឹងមនុស្សស្លាប់[ផ្នូរទូទៅរបស់មនុស្ស] ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។—សាស្ដា ៩:៥, ១០
១២. តើពិភពគ្រីស្ទសាសនាបានយកការបង្រៀនអំពីព្រលឹងអមតៈពីណាមក?
១២ ហេតុអ្វីក៏ពិភពគ្រីស្ទសាសនាបង្រៀនខុសយ៉ាងឆ្ងាយ ពីអ្វីដែលព្រះគម្ពីរបង្រៀននោះ? សព្វវចនាធិប្បាយកាតូលិកថ្មី ក្នុងអត្ថបទ៖ «ព្រលឹង មនុស្ស អមតភាពវា» ចែងថា ពួកសាសនាវិទូដើមនៃសាសនាគ្រីស្ទាននោះ បានរកឃើញនូវទីគាំទ្រជំនឿលើព្រលឹងអមតៈ មិនមែននៅក្នុងព្រះគម្ពីរទេ ប៉ុន្តែមាននៅក្នុង«ពួកកវីនិងពួកទស្សនៈវិទូ និងនៅក្នុងទំនៀមទំលាប់របស់សាសន៍ក្រិកទូទៅ . . . ក្រោយមក ពួកអ្នកប្រាជ្ញបានចង់ប្រើគំនិតរបស់លោកផ្លេតូឬគោលការណ៍ពីលោកអារីស្តុថល»។ ហើយចែងថា«ឥទ្ធិពលពីមតិលោកផ្លេតូនិងលោកផ្លុទីណ្ណាស» ដែលរួមបញ្ចូលជំនឿលើព្រលឹងអមតៈ ដែលជាយថាហេតុបានបញ្ចូល«ទៅក្នុងគ្រឹះនៃសាសនគ្រីស្ទាន»។
១៣, ១៤. ហេតុអ្វីក៏មិនសមហេតុផល ក្នុងការសង្ឃឹមឲ្យបានបំភ្លឺដោយទស្សនវិទូពាហិរជនដែលជាសាសន៍ក្រិកនោះ?
១៣ តើពួកអ្នកដែលអះអាងជាគ្រីស្ទានត្រូវបែរទៅរកពួកអ្នកប្រាជ្ញខាងសាសន៍ក្រិក ដើម្បីរៀនអំពីអ្វីមួយ ជាបឋមសិក្សាអំពីសេចក្ដីសង្ឃឹមនៃជីវិតក្រោយពីស្លាប់ឬ? ប្រាកដជាមិនដូច្នេះទេ។ នៅពេលដែលប៉ុលបានសរសេរទៅពួកគ្រីស្ទាន ដែលរស់នៅក្នុងក្រុងកូរិនថូស ប្រទេសក្រិក គាត់បានមានប្រសាសន៍ថា៖ «ពីព្រោះប្រាជ្ញារបស់លោកីយនេះ ជាសេចក្ដីល្ងង់ល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្ដីចែងទុកមកថា៖ ‹ព្រះទ្រង់ចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់ខ្លួនគេ› ហើយមានបទ១ទៀតថា ‹ព្រះអម្ចាស់ទ្រង់ជ្រាបគំនិតនៃពួកអ្នកប្រាជ្ញ ថាជាឥតប្រយោជន៍ទាំងអស់› »។ (កូរិនថូសទី១ ៣:១៩, ២០) ពួកក្រិកពីបុរាណជាអ្នកថ្វាយបង្គំរូបព្រះ។ បើដូច្នេះ តើដោយយ៉ាងណាដែលអាចជាប្រភពនៃសេចក្ដីពិតនោះ? ប៉ុលបានសួរពួកកូរិនថូសថា៖ «តើវិហារនៃព្រះសំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានបន្ទូលថា‹អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ› »។—កូរិនថូសទី២ ៦:១៦
១៤ ការបង្ហាញអំពីសេចក្ដីពិតដ៏ពិសិដ្ឋមុនដំបូងបានផ្ដល់មក តាមរយៈសាសន៍អ៊ីស្រាអែល។ (រ៉ូម ៣:១, ២) ក្រោយពីឆ្នាំ៣៣ ស.យ. គឺបានផ្ដល់មកតាមរយៈក្រុមជំនុំគ្រីស្ទានដែលបានចាក់ប្រេងតាំងនៅសតវត្សទីមួយ។ ក្នុងការនិយាយអំពីពួកគ្រីស្ទាននៅសតវត្សទីមួយ ប៉ុលបានមានប្រសាសន៍ថា៖ «ព្រះទ្រង់បានសំដែងឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ[របស់ដែលបានរៀបចំចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់] ដោយសារព្រះវិញ្ញាណទ្រង់»។ (កូរិនថូសទី១ ២:១០; ចូមើលវិវរណៈ ១:១, ២ដែរ) លទ្ធិនៃពិភពគ្រីស្ទសាសនាអំពីព្រលឹងអមតៈ គឺបានមកពីទស្សនៈរបស់សាសន៍ក្រិក។ គឺមិនបានបង្ហាញមកតាមរយៈព្រះទៅអ៊ីស្រាអែល ឬតាមរយៈក្រុមជំនុំគ្រីស្ទានដែលបានចាក់ប្រេងតាំងនៅសតវត្សទីមួយនោះទេ។
សេចក្ដីសង្ឃឹមពិតចំពោះមនុស្សស្លាប់
១៥. យោងទៅតាមព្រះយេស៊ូ តើអ្វីទៅជាសេចក្ដីសង្ឃឹមពិតសំរាប់ពួកមនុស្សស្លាប់?
១៥ ប្រសិនបើឥតមានព្រលឹងអមតៈ តើអ្វីទៅជាសេចក្ដីសង្ឃឹមពិតចំពោះមនុស្សស្លាប់? នេះគឺដំណើររស់ឡើងវិញ ដែលជាសេចក្ដីបង្រៀនដ៏សំខាន់ក្នុងព្រះគម្ពីរ ហើយជាសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះ។ ព្រះយេស៊ូបានប្រទាននូវសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញ នៅពេលដែលទ្រង់មានបន្ទូលទៅម៉ាថាជាមិត្តរបស់ទ្រង់ថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»។ (យ៉ូហាន ១១:២៥) ការជឿលើព្រះយេស៊ូក៏មានន័យថាការជឿលើដំណើររស់ឡើងវិញដែរ មិនមែនជឿលើព្រលឹងអមតៈនោះទេ។
១៦. ហេតុអ្វីក៏សមហេតុផលក្នុងការជឿលើដំណើររស់ឡើងវិញ?
១៦ មុននេះព្រះយេស៊ូបានមានបន្ទូលអំពីដំណើររស់ឡើងវិញ នៅពេលដែលទ្រង់បានមានបន្ទូលទៅពួកយូដាខ្លះថា៖ «កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសម្លេងទ្រង់ ហើយនឹងចេញមក»។ (យ៉ូហាន ៥:២៨, ២៩) អ្វីដែលព្រះយេស៊ូរៀបរាប់នៅទីនេះ គឺខុសគ្នាឆ្ងាយណាស់ពីព្រលឹងអមតៈ ដែលរស់នៅក្រោយពីរូបកាយស្លាប់ទៅ ហើយទៅស្ថានសួគ៌ភ្លាមនោះ។ នេះជា‹ការចេញមក›នៅខាងមុខ ចំពោះមនុស្សនៅក្នុងផ្នូរ ដែលភាគច្រើនបាននៅក្នុងផ្នូរជាច្រើនសតវត្ស ឬក៏រាប់ពាន់ឆ្នាំមកផង។ នេះជាព្រលឹងស្លាប់ដែលត្រឡប់មកមានជីវិតវិញ។ តើមិនអាចកើតឡើងឬ? ចំពោះព្រះដែល«ទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ទាំងមានបន្ទូលពីរបស់ដែលគ្មាន ទុកដូចជាមានហើយ» នោះគឺជាគ្មានអ្វីពិបាកនោះទេ។ (រ៉ូម ៤:១៧) ពួកអ្នករិះគន់ប្រហែលចំអកលើគំនិតនេះ ដែលថាមនុស្សអាចត្រឡប់ពីស្លាប់ឡើងវិញ ប៉ុន្តែនេះសមស្របយ៉ាងល្អជាមួយនឹងអ្វីដែលថា «ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់» ហើយថាទ្រង់«ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។—យ៉ូហានទី១ ៤:១៦; ហេព្រើរ ១១:៦
១៧. តើព្រះនឹងសម្រេចអ្វីតាមរយៈដំណើររស់ឡើងវិញ?
១៧ បើអញ្ចឹង តើព្រះអាចប្រទានរង្វាន់ដល់អ្នកដែលបាន«ស្មោះត្រង់ដរាបដល់ស្លាប់»យ៉ាងណាបាន ប្រសិនបើទ្រង់មិនប្រោសគេឲ្យរស់ឡើងវិញនោះ? (វិវរណៈ ២:១០) ដំណើររស់ឡើងវិញក៏ធ្វើឲ្យព្រះមានលទ្ធភាពសម្រេចនូវអ្វីដែលសាវ័កយ៉ូហានបានសរសេរដែរ ដែលថា៖ «ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ»។ (យ៉ូហានទី១ ៣:៨) នៅសួនច្បារអេដែន សាតាំងបានក្លាយទៅជាអ្នកសម្លាប់មនុស្សលោកទាំងអស់ នៅពេលដែលវាបានបណ្ដាលឲ្យឪពុកម្ដាយដើមរបស់យើងធ្លាក់ចូលសេចក្ដីបាបនិងសេចក្ដីស្លាប់។ (លោកុប្បត្តិ ៣:១-៦; យ៉ូហាន ៨:៤៤) ព្រះយេស៊ូបានចាប់ផ្ដើមបំបាក់បំបែកកិច្ចការរបស់សាតាំង នៅពេលដែលទ្រង់ប្រទានជីវិតដ៏ល្អគ្រប់ល័ក្ខណ៍របស់ទ្រង់ ធ្វើជាតម្លៃលោះ ដែលបើកផ្លូវឲ្យមនុស្សបានចេញពីទាសភាពនៃបាបដែលមានជាមរតក ពីការឥតគោរពតាមដ៏ចេតនារបស់អ័ដាម។ (រ៉ូម ៥:១៨) ដំណើររស់ឡើងវិញនៃពួកអ្នកដែលស្លាប់ ដោយព្រោះអំពើបាបរបស់អ័ដាម ក៏បំបាក់បំបែកកិច្ចការរបស់អារក្សថែមទៀតដែរ។
រូបកាយនិងព្រលឹង
១៨. តើតាមរបៀបណាដែលទស្សនវិទូខ្លះនៃសាសន៍ក្រិក ប្រព្រឹត្តនឹងសេចក្ដីថ្លែងរបស់ប៉ុលដែលថា ព្រះយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយហេតុអ្វី?
១៨ នៅពេលដែលសាវ័កប៉ុលនៅក្រុងអាថែន គាត់បានផ្សាយដំណឹងល្អដល់បណ្ដាជនដែលមានទស្សនវិទូសាសន៍ក្រិកខ្លះៗដែរនៅទីនោះ។ ពួកគេបានស្ដាប់នឹងការពិគ្រោះអំពីព្រះពិត ហើយអំពីការដាស់តឿនឲ្យប្រែចិត្ត។ ប៉ុន្តែ តើមានអ្វីកើតឡើងជាបន្ទាប់? ប៉ុលបានបញ្ចប់ការអធិប្បាយរបស់គាត់ ដោយមានប្រសាសន៍ថា៖ «[ព្រះ]ទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្ដិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានដំរូវរួចហើយ ព្រមទាំងដាក់ភស្តុតាង សំដែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ»។ ពាក្យទាំងនោះធ្វើឲ្យមានការអ៊ូអរណាស់។ «កាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញ នោះមានខ្លះចំអកឲ្យ»។ (កិច្ចការ ១៧:២២-៣២) លោក អូស្កា ខាលម៉ាន់ ដែលជាសាសនវិទូម្នាក់ សង្កេតឃើញថា៖ «ចំពោះពួកក្រិកដែលបានជឿលើព្រលឹងអមតៈ នោះប្រហែលជាពិបាកទទួលយកការផ្សាយរបស់គ្រីស្ទាន អំពីដំណើររស់ឡើងវិញ ជាងពួកអ្នកដទៃទៅទៀត។ . . . ការបង្រៀនរបស់ទស្សនវិទូដ៏ធំដែលជាសុក្រិតនិងផ្លេតូ គឺមិនអាចនាំឲ្យមានការយល់ស្របជាមួយនឹងសញ្ញាថ្មីឡើយ»។
១៩. តើតាមរបៀបណាដែលពួកសាសនវិទូនៃពិភពគ្រីស្ទសាសនា ខំដើម្បីនឹងសម្របសេចក្ដីបង្រៀនអំពីដំណើររស់ឡើងវិញ ជាមួយនឹងលទ្ធិនៃព្រលឹងអមតៈ?
១៩ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសេចក្ដីក្បត់ជំនឿដ៏ធំ ក្រោយពីមរណភាពនៃពួកសាវ័ក នោះពួកសាសនវិទូបានខំដើម្បីបញ្ចូលការបង្រៀនគ្រីស្ទានអំពីដំណើររស់ឡើងវិញ ជាមួយនឹងជំនឿរបស់ផ្លេតូលើព្រលឹងអមតៈ។ ក្រោយមក អ្នកខ្លះបានយល់ស្របនឹងសេចក្ដីដោះស្រាយដែលថ្មីហើយប្លែក៖ នៅពេលស្លាប់ទៅ ព្រលឹងគឺបានញែកចេញ (អ្នកខ្លះនិយាយថា «បានត្រូវដោះលែង»)ពីរូបកាយ។ រួចមក យោងទៅតាម គម្រោងនៃលទ្ធិដំណើររស់ឡើងវិញ ដោយលោករីឆដ ឃុក នោះនៅថ្ងៃជំនុំជំរះ«រូបកាយនិមួយៗនឹងមកឯព្រលឹងរបស់ខ្លួនវិញ ហើយព្រលឹងនិមួយៗនឹងត្រឡប់មករូបកាយរបស់ខ្លួនវិញដែរ»។ ការរួបរួមនៃរូបកាយជាមួយនឹងព្រលឹងអមតៈ នោះគេថាគឺជាដំណើររស់ឡើងវិញ។
២០, ២១. តើអ្នកណាដែលបានបង្រៀនសេចក្ដីពិតដ៏មិនចេះផ្លាស់ប្ដូរ អំពីដំណើររស់ឡើងវិញ ហើយតើគេទទួលផលប្រយោជន៍ពីនេះយ៉ាងណា?
២០ ទ្រឹស្តីនេះក៏នៅជាលទ្ធិខាងផ្លូវការនៃសាសនាធំៗទាំងឡាយ។ ថ្វីបើមតិនេះហាក់ដូចជាសមហេតុផលដល់ពួកសាសនវិទូក៏ដោយ តែពួកទៅព្រះវិហារភាគច្រើនមិនសូវដឹងអំពីរឿងនេះទេ។ គេគ្រាន់តែជឿថា គេនឹងទៅស្ថានសួគ៌ភ្លាម នៅពេលដែលគេស្លាប់ទៅ។ ចំពោះរឿងនេះ នៅក្នុងទស្សនាវដ្ដីខុមម៉ូវ៉ែល នៃថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៥ នោះអ្នកនិពន្ធឈ្មោះ ចន ខាវ៉ីបានចោទថា៖ «ជំនឿនៃពួកគ្រីស្ទានភាគច្រើន[លើរឿងនៃជីវិតក្រោយពីស្លាប់] ហាក់ជាជាប់នឹងទស្សនវិជ្ជារបស់លោកផ្លុទិណ្ណាស ដែលឥតទាក់ទងនឹងគ្រីស្ទានទេ ហើយឥតមានមូលដ្ឋានទៅលើព្រះគម្ពីរនោះឡើយ»។ ប្រាកដហើយ ដោយទទួលយកគំនិតរបស់ផ្លេតូជាជាងព្រះគម្ពីរ នោះពួកបព្វជិតនៃពិភពគ្រីស្ទសាសនាបានពន្លត់នូវសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញនៅក្នុងព្រះគម្ពីរ សំរាប់ពួកអ្នកជឿរបស់គេ។
២១ ផ្ទុយទៅវិញ ស្មរបន្ទាល់ព្រះយេហូវ៉ាមិនទទួលយកទស្សនៈរបស់ពាហិរជន ហើយកាន់ជាប់នឹងសេចក្ដីបង្រៀនព្រះគម្ពីរនៃដំណើររស់ឡើងវិញ។ គេឃើញថា សេចក្ដីបង្រៀនបែបនេះគឺមានគ្រឹះត្រឹមត្រូវ ដែលធ្វើឲ្យស្កប់ចិត្ត ហើយដែលធ្វើឲ្យសម្រាលទុក្ខផង។ ក្នុងអត្ថបទជាបន្ទាប់ យើងនឹងពិនិត្យមើលអំពីសេចក្ដីបង្រៀនរបស់ព្រះគម្ពីរអំពីដំណើររស់ឡើងវិញ ថាមានគ្រឹះដ៏មាំមួនហើយសមហេតុផលយ៉ាងណា ដែលស្តីអំពីពួកអ្នកដែលមានសេចក្ដីសង្ឃឹមខាងផែនដី និងចំពោះពួកអ្នកដែលមានការទន្ទឹងចាំនូវដំណើររស់ឡើងវិញ ឲ្យបានជីវិតនៅស្ថានសួគ៌។ យើងសូមដាស់តឿនឲ្យអ្នកអានជំពូក១៥ នៃសំបុត្រកូរិនថូសទីមួយ ដើម្បីរៀបចំឲ្យបានពិនិត្យមើលអត្ថបទទាំងនេះ។
តើអ្នកនៅចាំឬទេ?
◻ ហេតុអ្វីក៏យើងគួរតែបណ្ដុះឲ្យមានការទុកចិត្តដ៏មាំមួនលើដំណើររស់ឡើងវិញ?
◻ តើសេចក្ដីសង្ឃឹមអ្វីដែលព្រះយេហូវ៉ាបានប្រទានឲ្យអ័ដាមនិងអេវ៉ានោះ?
◻ ហេតុអ្វីក៏មិនសមហេតុផលក្នុងការរកសេចក្ដីពិតពីទស្សនវិទូក្រិក?
◻ ហេតុអ្វីក៏ដំណើររស់ឡើងវិញជាសេចក្ដីសង្ឃឹមដ៏សមហេតុផល?
[រូបភាពនៅទំព័រ១០]
នៅពេលដែលគេបានប្រព្រឹត្តអំពើបាប ឪពុកម្ដាយដើមរបស់យើងបានបាត់បង់នូវសេចក្ដីសង្ឃឹម អំពីជីវិតដ៏អស់កល្បជានិច្ចនៅលើផែនដី
[រូបភាពនៅទំព័រ១១]
ពួកវិជ្ជាករខាងសាសនាបានមកក្រោមឥទ្ធិពលនៃជំនឿរបស់ផ្លេតូ លើព្រលឹងអមតៈ
[អ្នកផ្ដល់សិទ្ធិ]
Musei Capitolini, Roma