ហេតុដែលអ្នកខ្លះកំពុងតែផ្លាស់ប្ដូរសាសនារបស់គេ
ចំពោះមនុស្សជាច្រើន សាសនាគឺគ្រាន់តែជាឈ្មោះប៉ុណ្ណោះ។ នេះអាចបង្ហាញពីកន្លែងដែលបុគ្គលម្នាក់ទៅយូរៗម្ដងនៅថ្ងៃអាទិត្យ កន្លែងដែលគាត់នឹងរៀបការ ហើយនិងកន្លែងដែលគាត់នឹងត្រូវគេកប់។ ប៉ុន្តែ ឥតបង្ហាញថាគាត់ជាមនុស្សប្រភេទណា ឬនូវអ្វីដែលគាត់ដឹង និងអ្វីដែលគាត់ជឿនោះទេ។ ជាឧទាហរណ៍ ការស្ទង់មើលទស្សនៈមនុស្សមួយចំនួនបានបង្ហាញថា ៥០ភាគរយនៃពួកអ្នកដែលអះអាងថាខ្លួនជាគ្រីស្ទាន ឥតដឹងថាអ្នកណាដែលបានថ្លែងធម្មទាននៅលើភ្នំនោះទេ។ ប៉ុន្តែសូម្បីតែមហាន់ដាស់ ហ្គាន់ឌី ដែលជាមេដឹកនាំដ៏ល្បីម្នាក់នៅប្រទេសឥណ្ឌា ដែលកាន់សាសនាហិណ្ឌូ ក៏បានដឹងផង!
តើត្រូវភ្ញាក់ផ្អើលដែលមនុស្សរសាត់ចេញពីសាសនា ដោយព្រោះគេឥតមានចំណេះជ្រៅជ្រះខាងសាសនារបស់គេឬទេ? គឺឥតភ្ញាក់ផ្អើលទេ។ ប៉ុន្តែ គឺអាចបង្ការបាន។ អស់អ្នកដែលបានទទួលយកជំនួយក្នុងការរៀនអំពីព្រះគម្ពីរ តែងមានចិត្តរំភើបណាស់ដែលគេទទួលបានប្រយោជន៍ជាច្រើន។ ព្រះគម្ពីរចែងថា៖ «អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ»។—អេសាយ ៤៨:១៧
តើពួកអ្នកដែលស្រេកឃ្លានខាងវិញ្ញាណត្រូវធ្វើអ្វី? គេមិនត្រូវបោះបង់ចោលនូវការបំរើព្រះនោះឡើយ! ផ្ទុយទៅវិញ គេត្រូវពិនិត្យមើលព្រះគម្ពីរ ថាតើព្រះមានអ្វីខ្លះចំពោះពួកគេ។
ការឆ្លើយនឹងសំនួរដ៏ពិបាកៗ
ប៊ឺន កាលដែលមានអាយុប្រាំពីរឆ្នាំ នោះបានឃើញម្ដាយរបស់គាត់ស្លាប់ទៅ។a កាលនៅជាកុមារភាព នោះគាត់បានឆ្ងល់ថា ‹តើម្ដាយខ្ញុំនៅឯណា? ហេតុអ្វីក៏ខ្ញុំត្រូវធំឡើងដោយឥតមានម្ដាយអញ្ចឹង›? ជាក្មេងជំទង់ នោះប៊ឺនជាសមាជិកសាសនាដ៏សកម្មម្នាក់។ ដោយបានខ្វល់ខ្វាយនឹងការរងទុក្ខវេទនារបស់មនុស្សលោក គាត់មានបំណងចង់ជួយ ដោយធ្វើការក្នុងប្រទេសក្រីក្រ។ ប៉ុន្តែ គាត់បានត្រូវខ្វល់ខ្វាយនឹងសំនួរដែលសាសនារបស់គាត់ មិនបានឆ្លើយឲ្យបានស្កប់ស្កល់នោះទេ។
បន្ទាប់មក ប៊ឺនបាននិយាយជាមួយនឹងសិស្សសាលា ដែលជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ក្មេងនេះបានបង្ហាញពីព្រះគម្ពីរឲ្យប៊ឺនដឹងថា ម្ដាយរបស់គាត់ឥតដឹងស្មារតី ដែលដេកលក់ក្នុងមរណភាព។ ប៊ឺនបានរៀនដឹងជាច្រើនក្នុងព្រះគម្ពីរ ដែលពន្យល់អំពីរឿងនេះ ដូចជាសាស្ដា ៩:៥ ដែលថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ ដូច្នេះ ឥតចាំបាច់ខ្វល់ខ្វាយអំពីម្ដាយគាត់ ថានឹងរងទុក្ខក្នុងភ្លើងនរកបែបណា ឬនៅកន្លែងអាក្រក់ណាទៀតនោះឡើយ។ ទោះជាលទ្ធិខាងព្រលឹងអមតៈបានត្រូវបង្រៀននៅក្នុងសាសនាភាគច្រើនក៏ដោយ តែប៊ឺនបានឃើញក្នុងព្រះគម្ពីរថា ព្រលឹងមនុស្សគឺជាមនុស្សនោះតែម្ដង។ នៅពេលដែលមនុស្សស្លាប់ទៅ នោះព្រលឹងក៏ស្លាប់ដែរ។ «ព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ»។—អេសេគាល ១៨:៤
ប៊ឺនក៏បានរៀនដឹងអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យសំរាប់ពួកមនុស្សស្លាប់ដែរ។ គាត់បានអានខ្លួនឯងនៅក្នុងសៀវភៅកិច្ចការ ដែលថា៖ «ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ចការ ២៤:១៥) គាត់មានចិត្តដ៏អស្ចារ្យមែនដោយដឹងថា ដំណើររស់ឡើងវិញនេះនឹងកើតឡើងនៅលើផែនដី ដែលព្រះនឹងធ្វើឲ្យបានទៅជាសួនមនោរម្យ!—ទំនុកដំកើង ៣៧:២៩; វិវរណៈ ២១:៣, ៤
មិនយូរប៉ុន្មាន សេចក្ដីត្រូវការខាងវិញ្ញាណរបស់ប៊ឺនបានត្រូវបំពេញ ដោយចំណេះដ៏ស្មោះក្នុងព្រះគម្ពីរ។ ប៊ឺនមិនបានបោះបង់សាសនាចោលទេ។ ផ្ទុយទៅវិញ គាត់បានចាកចេញពីសាសនាគាត់ ដែលឥតបានបំពេញនូវការស្រេកឃ្លាន ហើយបានទទួលយកការថ្វាយបង្គំដែលមានមូលដ្ឋានយ៉ាងមុតមាំលើព្រះគម្ពីរ។ គាត់មានប្រសាសន៍ថា៖ «នោះគឺ១៤ឆ្នាំកន្លងទៅហើយ ខ្ញុំមិនដែលស្ដាយដោយបានចាកចេញពីសាសនារបស់ខ្ញុំឡើយ។ ឥឡូវនេះ ខ្ញុំដឹងថា ព្រះអាទិទេពមិនបានបណ្ដាលឲ្យមានការរងទុក្ខវេទនានោះឡើយ។ សាតាំងជាព្រះនៃរបបលោកីយ៍នេះ ហើយវាជាអ្នកទទួលខុសត្រូវចំពោះស្ថានការណ៍ដែលយើងមានសព្វថ្ងៃនេះ។ ប៉ុន្តែបន្ដិចទៀត ព្រះនឹងកែតម្រូវនូវអំពើអាក្រក់ទាំងប៉ុន្មាន ដែលមានក្នុងលោកីយ៍របស់សាតាំងនេះ។ ហើយម្ដាយខ្ញុំក៏នឹងត្រឡប់មកវិញក្នុងដំណើររស់ឡើងវិញដែរ។ នេះនឹងទៅជាការសប្បាយរីករាយយ៉ាងណាទៅហ្ន៎»!
ដោយចៃដន្យ ប៊ឺនបានសម្រេចនូវគោលដៅរបស់គាត់ ដោយធ្វើការនៅប្រទេសក្រៅក្នុងការជួយអ្នកដទៃ។ គាត់ធ្វើការនៅប្រទេសក្រៅជួយអ្នកដទៃឲ្យរៀនដឹងអំពីព្រះរាជាណាចក្រនៃព្រះ ដែលជាដំណោះស្រាយដ៏ពិតក្នុងការដោះស្រាយសេចក្ដីទុក្ខវេទនារបស់គេ។ ដូចប៊ឺន មនុស្សជាច្រើនលាននាក់បានរៀនដឹងថា មិនយូរប៉ុន្មានទៀត ព្រះនឹងធ្វើឲ្យលែងមាននូវការរងទុក្ខវេទនារបស់មនុស្សលោក។ គេមានចិត្តអស្ចារ្យដោយដឹងថា មានសាសនាមួយដែលបំពេញនូវសេចក្ដីត្រូវការខាងវិញ្ញាណរបស់គេ។—ម៉ាថាយ ៥:៣
តើអ្វីជាគោលបំណងនៃជីវិត?
កាលដែលពួកនៅបស្ចិមប្រទេស កាន់តែច្រើនឡើងឥតទាក់ទងនឹងសាសនានោះ មនុស្សជាច្រើនសួរថា ‹តើអ្វីទៅជាគោលបំណងនៃជីវិតនោះ›? ដូច ម៉ៃកុលបានដឹង ចម្លើយគឺអាចរកឃើញនៅក្នុងព្រះគម្ពីរបាន។ នៅកណ្ដាលទសវត្សនៃឆ្នាំ១៩៧០ ម៉ៃកុលចង់ចូលរួមក្រុមភេរវជន។ គាត់មានតែគោលដៅមួយក្នុងជីវិត ដើម្បីរករឿងនឹងអស់អ្នកដែលគាត់បានចាត់ទុកថា ជាអ្នកទទួលខុសត្រូវចំពោះភាពអយុត្ដិធម៌នៃប្រព័ន្ធខាងមូលធនិក។ គាត់មានប្រសាសន៍ថា «ខ្ញុំមិនដែលចេញពីផ្ទះដោយឥតយកកាំភ្លើងទៅជាមួយនោះទេ។ គម្រោងការណ៍ខ្ញុំគឺដើម្បីសម្លាប់ពួកនយោបាយធំដុំនិងពួកអ្នកមានធនច្រើន។ ខ្ញុំនឹងត្រូវស៊ូប្ដូរជីវិតដើម្បីសម្រេចគោលដៅនេះ»។
ម៉ៃកុលជាអ្នកដែលបានទៅព្រះវិហារ ប៉ុន្តែគ្មានបុគ្គលណាម្នាក់ក្នុងវិហារ ដែលអាចពន្យល់ប្រាប់គាត់អំពីគោលបំណងពិតនៃជីវិតនោះទេ។ ដូច្នេះនៅពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានទៅផ្សាយនៅឯផ្ទះគាត់ ហើយបានបង្ហាញពីព្រះគម្ពីរនូវចម្លើយចំពោះសំនួររបស់គាត់ នោះម៉ៃកុលបានប្រុងស្ដាប់ណាស់។ គាត់បានចាប់ផ្ដើមទៅកិច្ចប្រជុំនៅឯសាលព្រះរាជាណាចក្ររបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។
មិត្តរបស់ម៉ៃកុលបានចង់ដឹងអំពីការចាប់អារម្មណ៍ថ្មីរបស់គាត់។ គាប់ដាស់តឿនគេថា «ចូរមកឯកិច្ចប្រជុំនៅថ្ងៃអាទិត្យនេះ។ ចូរនៅមួយសន្ទុះសិន។ ប្រសិនបើអ្នកមិនចូលចិត្តនូវអ្វីដែលអ្នកឮ ចូរទៅផ្ទះចុះ»។ នេះបានកើតឡើងមែន ក្រោយពីការអធិប្បាយអស់រយៈ៤៥នាទីហើយ មិត្តគាត់ភាគច្រើនក៏បានចេញពីសាលព្រះរាជាណាចក្រទៅ។ ប៉ុន្តែមិត្តម្នាក់ដែលឈ្មោះស៊ូហ្សានឥតបានចេញទៅទេ។ ក្មេងស្រីនេះបានរំភើបចិត្តនឹងអ្វីដែលនាងបានឮ។ ក្រោយមក ម៉ៃកុលនិងស៊ូហ្សានបានរៀបការ ហើយបានទទួលបុណ្យជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ម៉ៃកុលនិយាយថា «ឥឡូវនេះខ្ញុំដឹងនូវមូលហេតុដែលយើងមានជីវិតនៅលើផែនដីនេះ។ ព្រះយេហូវ៉ាបានបង្កើតយើងមក។ គោលបំណងពិតរបស់យើង គឺដើម្បីឲ្យស្គាល់ទ្រង់ ហើយនិងការធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ នេះហើយជាអ្វីដែលធ្វើឲ្យបានពេញចិត្តនោះ»!
មនុស្សជាច្រើនលាននាក់ក៏មានជំនឿស៊ប់ដូចម៉ៃកុលដែរ។ ពួកគេធ្វើតាមពាក្យក្នុងព្រះគម្ពីរ ដែលថា៖ «សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសម្ដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
ការលៃលកដោះស្រាយនឹងបញ្ហាក្នុងជីវិត
យើងគ្រប់គ្នាពិសោធនូវការសម្រេចនៃទំនាយ ដែលមាននៅធីម៉ូថេទី២ ៣:១ ដែលចែងថា៖ «នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់»។ គ្មានបុគ្គលណាម្នាក់ដែលអាចគេចផុតពីបញ្ហានៃ«គ្រាលំបាក»នេះទេ។ ប៉ុន្តែ ព្រះគម្ពីរជួយយើងឲ្យប្រឈមដោះស្រាយនឹងបញ្ហាទាំងនោះ។
សូមពិចារណាមើលអំពីគូស្វាមីភរិយា ឈ្មោះស្ទីវិននិងអូលីវ។ មុនពេលដែលគេចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ពួកគេមានបញ្ហាជាច្រើនរវាងប្ដីប្រពន្ធ ដូចមនុស្សជាច្រើនឯទៀតដែរ។ ស្ទីវិនពន្យល់ថា «យើងកំពុងតែរសាត់ចេញពីគ្នា។ យើងមានគោលដៅនិងការចាប់អារម្មណ៍ខុសគ្នា»។ តើអ្វីដែលបានជួយគេឲ្យនៅជាមួយគ្នានោះ? ស្ទីវិននិយាយទៀតថា «ស្មរបន្ទាល់ព្រះយេហូវ៉ាបានបង្ហាញយើងនូវរបៀបដែលយើងអាចអនុវត្តគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់យើង។ នេះជាលើកដំបូងហើយ ដែលយើងបានរៀនដឹងអំពីអត្ថន័យនៃការឥតកំណាញ់ហើយការចេះមើលថែរក្សានោះ។ ការអនុវត្តគោលការណ៍ព្រះគម្ពីរបានធ្វើឲ្យយើងនៅជាប់ជាមួយគ្នា។ ឥឡូវនេះយើងមានអាពាហ៍ពិពាហ៍ដ៏សប្បាយ និងដ៏មាំមួយ»។
ទំនាក់ទំនងដ៏ស្និទ្ធជាមួយព្រះ
យោងទៅតាមការស្ទង់ទស្សនៈមនុស្សមួយចំនួនថ្មីៗមួយ បង្ហាញថា៩៦ភាគរយនៃជនជាតិអាមេរិកជឿលើព្រះ ហើយពួកគេភាគច្រើនអធិស្ឋានទៅទ្រង់។ ប៉ុន្តែ ការស្ទង់មួយទៀតបានបង្ហាញថា ពួកមនុស្សដែលមកព្រះវិហារនិងសាលាប្រជុំ ឥឡូវនេះមានចំនួនយ៉ាងតិចបំផុតក្នុង៥០ឆ្នាំ។ ប្រមាណ៥៨ភាគរយនៃពួកអាមេរិកនិយាយថា គេទៅព្រះវិហារម្ដងឬតិចជាងនោះក្នុងមួយខែ។ យ៉ាងច្បាស់ណាស់ សាសនាមិនបានធ្វើឲ្យគេចូលទៅជិតព្រះនោះទេ។ ហើយបញ្ហានេះមិនមែនមានតែក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះឡើយ។
លិនដាបានមានវ័យធំឡើងនៅបាវ៉ារីយ៉ា។ នាងជាអ្នកកាន់សាសនាកាតូលិក ហើយបានអធិស្ឋានរៀងរាល់ថ្ងៃ។ នៅដំណាលគ្នានេះ នាងមានចិត្តខ្លាចអំពីអនាគត។ នាងឥតបានដឹងអ្វីសោះអំពីគោលបំណងរបស់ព្រះសំរាប់មនុស្សលោក។ នៅពេលដែលនាងមានអាយុ១៤ឆ្នាំ លិនដាបានជួបស្មរបន្ទាល់ព្រះយេហូវ៉ា ហើយនាងរៀបរាប់ប្រាប់ថា៖ «អ្វីដែលគេបាននិយាយគួរឲ្យចាប់អារម្មណ៍ណាស់ ដូច្នេះខ្ញុំក៏ទទួលយកឧបករណ៍សិក្សាព្រះគម្ពីរ ហើយអានសៀវភៅនោះភ្លាម»។ ពីរឆ្នាំក្រោយមក លិនដាបានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា។ នាងមានប្រសាសន៍ថា «អ្វីៗដែលខ្ញុំបានរៀនអំពីព្រះក្នុងព្រះគម្ពីរ បានឃើញជាសមហេតុផលណាស់»។ លិនដាបានលាចេញពីសាសនារបស់នាង ហើយបានទទួលបុណ្យជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ា កាលដែលមានអាយុ១៨ឆ្នាំ។
តើអ្វីដែលបានបណ្ដាលឲ្យលិនដាផ្លាស់ប្ដូរសាសនារបស់នាង? នាងពន្យល់ថា៖ «សាសនារបស់ខ្ញុំបានជួយខ្ញុំឲ្យឃើញថា មានព្រះ ហើយខ្ញុំបានជឿលើទ្រង់។ ប៉ុន្តែខ្ញុំមិនជិតស្និទ្ធនឹងទ្រង់ទេ។ ការសិក្សាព្រះគម្ពីរ មិនគ្រាន់តែបញ្ជាក់នូវការជឿលើព្រះ ប៉ុន្តែក៏បានជួយខ្ញុំឲ្យស្គាល់និងស្រឡាញ់ទ្រង់ទៀតផង។ ឥឡូវនេះខ្ញុំមានទំនាក់ទំនងដ៏ល្អជាមួយព្រះ ដែលមានតម្លៃជាងអ្វីៗទៅទៀត»។
សាសនាពិតគឺមានប្រយោជន៍
តើសាសនារបស់អ្នកផ្ដល់នូវការដឹកនាំខាងវិញ្ញាណ ហើយបង្ហាញអ្នកនូវរបៀបដែលព្រះគម្ពីរអាចជួយអ្នក ឲ្យប្រឈមដោះស្រាយនឹងបញ្ហាក្នុងជីវិតឬទេ? តើសាសនារបស់អ្នកបង្រៀនអំពីសេចក្ដីសង្ឃឹមនៃព្រះគម្ពីរសំរាប់អនាគតឬទេ? តើវាធ្វើឲ្យអ្នកមានទំនាក់ទំនងជិតស្និទ្ធនឹងព្រះអាទិទេព ដោយមានមូលដ្ឋានលើចំណេះត្រឹមត្រូវពីព្រះគម្ពីរឬទេ? ប្រសិនបើអត់ទេ កុំណាយចិត្តឡើយ។ ជាជាងបោះបង់ចោលសាសនា សូមស្វែងរកការថ្វាយបង្គំដែលមានមូលដ្ឋានយ៉ាងមាំមួនលើព្រះគម្ពីរចុះ។ បើធ្វើដូច្នេះ នោះអ្នកនឹងបានដូចអស់អ្នកដែលបានទាយមកក្នុងបទគម្ពីរអេសាយ ដែលថា៖ «ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា៖ ‹មើល ពួកអ្នកបំរើអញនឹងបានស៊ី . . . ពួកអ្នកបំរើអញនឹងបានផឹក . . . ពួកអ្នកបំរើអញនឹងអរសប្បាយ . . . ពួកអ្នកបំរើអញនឹងច្រៀងដោយមានចិត្តអំណរ› »។—អេសាយ ៦៥:១៣, ១៤
[កំណត់សម្គាល់]
a ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
[រូបភាពនៅទំព័រ៤]
ព្រះគម្ពីរជួយយើងឲ្យស្គាល់និងស្រឡាញ់ព្រះ