សេចក្ដីសង្ឃឹមដ៏អស្ចារ្យសំរាប់ព្រលឹង
ទាហានរ៉ូម៉ាំងមិនបានគិតថានឹងឃើញលទ្ធផលនេះទេ។ កាលដែលពួកគេចូលទៅក្នុងបន្ទាយភ្នំម៉ាសាដា ជាទីតាំងចុងក្រោយបង្អស់នៃពួកឧទ្ទាមយូដា គេបានត្រៀមខ្លួនជាស្រេចដើម្បីសម្លាប់សត្រូវរបស់គេ ហើយដើម្បីឮសម្រែកពួកយុទ្ធជន ពួកស្ត្រីនិងពួកក្មេងៗ។ ផ្ទុយទៅវិញ ពួកគេឮសូរតែសម្លេងប្រឹបៗនៃភ្លើងឆេះប៉ុណ្ណោះ។ ពេលដែលគេចូលទៅមើលទីតាំងដែលកំពុងតែឆេះនេះ ពួករ៉ូម៉ាំងឃើញសេចក្ដីពិតដ៏រន្ធត់៖ គឺសត្រូវរបស់គេ—ដែលមាន៩៦០នាក់—បានស្លាប់អស់រលីង! ពួកយុទ្ធជនយូដាបានសម្លាប់គ្រួសាររបស់គេទាំងអស់ រួចមកសម្លាប់គ្នាឯង។ បុរសចុងក្រោយបង្អស់បានសម្លាប់ខ្លួនឯង។a តើអ្វីទៅដែលបណ្ដាលឲ្យមានការសម្លាប់រង្គាលនិងការសម្លាប់ខ្លួនឯងបែបនេះ?
យោងទៅតាមអ្នកប្រវត្ដិសាស្ត្រនៅសម័យនោះ លោកចូស៊ីហ្វឺសរាយការណ៍ថា ជំនឿទៅលើព្រលឹងអមតៈជាកត្ដាដ៏សំខាន់មួយ។ លោកអេលីសា បិន យ៉ា ជាមេដឹកនាំនៃក្រុមឧទ្ទាមនៅម៉ាសាដា មុនដំបូងបានខំព្យាយាមអង្វរដល់ពួកបណ្ដាជនថា ការសម្លាប់ខ្លួនឯងមានកិត្ដិយសជាងការស្លាប់ក្នុងកណ្ដាប់ដៃនៃពួករ៉ូម៉ាំង ឬធ្វើជាអ្នកបំរើពួកគេ។ ដោយឃើញមនុស្សមានចិត្តស្ទាក់ស្ទើរ គាត់ក៏ចាប់ផ្ដើមអធិប្បាយដោយរំជើបរំជួលអំពីព្រលឹង។ គាត់បានប្រាប់គេថា រូបកាយគ្រាន់តែជាអ្វីដែលទទើសទទែងប៉ុណ្ណោះ គឺជាគុកសំរាប់ព្រលឹង។ គាត់បាននិយាយទៀតថា «ប៉ុន្តែ កាលណាដោះលែងព្រលឹងពីរូបកាយដែលទាញមកផែនដីនេះ ហើយដែលស្រោបជុំវិញ នោះព្រលឹងនឹងត្រឡប់ទៅទីលំនៅដើមរបស់វាវិញ រួចវាទទួលយកពរជាឥទ្ធិឫទ្ធិនិងកំឡាំងដ៏មិនចេះអស់ ដែលភ្នែកមនុស្សមើលមិនឃើញដូចជាព្រះដែរ»។
តើមានការប្រព្រឹត្តយ៉ាងណាដល់ការអធិប្បាយនេះ? ចូស៊ីហ្វឺសរាយការណ៍ថា ក្រោយពីលោកអេលីសាបាននិយាយដូចនេះមួយសន្ទុះ «ស្រាប់តែពួកអ្នកស្ដាប់ទាំងអស់បញ្ឈប់គាត់ ដែលមានទឹកចិត្តខ្លាំងដ៏មិនអាចទប់បាន ក៏ប្រញាប់ចេញទៅសម្លាប់គ្រួសារនិងខ្លួនគេ»។ លោកចូស៊ីហ្វឺសប្រាប់ទៀតថា៖ «ពួកគេប្រៀបដូចជាអារក្សចូល ស្ទុះចេញទៅ ទាំងដណ្ដើមគ្នាសម្លាប់គ្រួសារឯងឲ្យបានមុនគេ . . . ទំនើងចិត្តរបស់គេនោះខ្លាំងដល់ម្ល៉េះ ដែលជំរុញឲ្យគេសម្លាប់ប្រពន្ធ កូនចៅ និងខ្លួនឯងផង»។
ឧទាហរណ៍ដ៏តក់ស្លុតនេះបង្ហាញឲ្យឃើញនូវរបៀបដែលលទ្ធិបង្រៀននៃព្រលឹងអមតៈ អាចធ្វើឲ្យមនុស្សធម្មតាប្រែចិត្តគំនិតរបស់គេចំពោះសេចក្ដីស្លាប់។ ពួកអ្នកជឿទាំងឡាយត្រូវបានគេបង្រៀនថា សេចក្ដីស្លាប់មិនមែនជាមេសត្រូវរបស់មនុស្សទេ តែជាច្រកផ្លូវមួយដែលដោះលែងព្រលឹងឲ្យទទួលអត្ថិភាពដ៏ខ្ពង់ខ្ពស់។ ហេតុអ្វីក៏ពួកឧទ្ទាមយូដាទាំងនោះជឿរឿងនេះ? ពីព្រោះពួកគេជាច្រើនសន្មតថា ព្រះគម្ពីរបរិសុទ្ធរបស់គេ ដែលជាបទគម្ពីរភាសាហេព្រើរ បង្រៀនថាមនុស្សមានវិញ្ញាណដែលមានមនសិការមួយក្នុងខ្លួន ជាព្រលឹងមួយដែលនៅរស់បន្ទាប់ពីស្លាប់។ តើនេះពិតមែនទេ?
ព្រលឹងនៅក្នុងបទគម្ពីរភាសាហេព្រើរ
អត់ទេ។ ក្នុងសៀវភៅព្រះគម្ពីរទីមួយ គឺលោកុប្បត្តិ បានចែងប្រាប់យើងថាព្រលឹងមិនមែនជាអ្វីដែលអ្នកមានទេ តែជាខ្លួនអ្នកនោះឯង។ យើងអានអំពីការបង្កើតបុរសទីមួយ គឺអ័ដាម ថា៖ «មនុស្សនោះក៏ត្រឡប់ជាព្រលឹងរស់»។ (លោកុប្បត្តិ ២:៧, ព.ថ.) ពាក្យហេព្រើរneʹphesh ដែលប្រែថាព្រលឹង បានប្រើជាង៧០០ដងក្នុងបទគម្ពីរភាសាហេព្រើរ ហើយគ្មានកន្លែងណាមួយឲ្យគំនិតថានេះជាវិញ្ញាណដាច់ឡែកពីមនុស្សឡើយ។ ផ្ទុយទៅវិញ ព្រលឹងជារូបដ៏ជាក់ស្តែង ច្បាស់លាស់។
សូមបើកមើលបទគម្ពីរខាងក្រោមនេះ ក្នុងព្រះគម្ពីររបស់អ្នកចុះ ដ្បិតពាក្យហេព្រើរneʹpheshនេះ មានក្នុងបទនិមួយៗនេះ។ បទគម្ពីរទាំងនេះបង្ហាញយ៉ាងច្បាស់ថា ព្រលឹងអាចជួបគ្រោះថ្នាក់ ហើយថែមទាំងអាចមានគេចាប់ពង្រាត់ផង។ (ចោទិយកថា ២៤:៧, ព.ថ.; ចៅហ្វាយ ៩:១៧, ព.ថ.; សាំយូអែលទី១ ១៩:១១, ព.ថ.) ប៉ះពាល់របស់ផ្សេងៗ (យ៉ូប ៦:៧, ព.ថ.) ជាប់ច្រវាក់ដែក (ទំនុកដំកើង ១០៥:១៨, ព.ថ.) ឃ្លាន ឈឺចាប់ដោយសារការតម និងទៅជាខ្សោយដោយសារការស្រេកឃ្លាន ហើយកើតជំងឺ ឬដេកមិនលក់ដោយសារកើតទុក្ខ។ (ចោទិយកថា ១២:២០, ព.ថ.; ទំនុកដំកើង ៣៥:១៣; ៦៩:១០; ១០៦:១៥; ១០៧:៩; ១១៩:២៨ ព.ថ.) បើនិយាយឲ្យចំទៅ ដោយសារតែព្រលឹងរបស់អ្នកជាអ្នក ជាខ្លួនអ្នក ព្រលឹងរបស់អ្នកអាចពិសោធអ្វីៗដូចអ្នកអាចពិសោធដែរ។b
បើអញ្ចឹង តើនេះមានសេចក្ដីថាព្រលឹងអាចស្លាប់បានឬ? មែនហើយ ជាជាងនៅអមតៈ ព្រលឹងមនុស្សត្រូវបានចែងមកក្នុងបទគម្ពីរភាសាហេព្រើរថា «នឹងត្រូវកាត់កាល់ពី» ឬប្រហារជីវិតចំពោះអំពើខុសទំនង មានគេវាយតប់ សម្លាប់ បំផ្លាញ និងហែកឲ្យខ្ទេចខ្ទីផង។ (និក្ខមនំ ៣១:១៤; ចោទិយកថា ១៩:៦; ២២:២៦; ទំនុកដំកើង ៧:២) អេសេគាល ១៨:៤ ចែងថា «ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ»។ យ៉ាងច្បាស់ណាស់ សេចក្ដីស្លាប់គឺជាទីបញ្ចប់នៃព្រលឹង ដ្បិតយើងទាំងអស់គ្នាមានបាប។ (ទំនុកដំកើង ៥១:៥) បុរសទីមួយ អ័ដាម ត្រូវបានប្រាប់ថាពិន័យនៃបាបគឺជាសេចក្ដីស្លាប់—មិនមែនចេញទៅប្រភពវិញ្ញាណនិងមានភាពអមតៈនោះទេ។ (លោកុប្បត្តិ ២:១៧) ហើយកាលដែលគាត់បានធ្វើបាប នោះមានប្រកាសសេចក្ដីកាត់ទោសថា៖ «ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ (លោកុប្បត្តិ ៣:១៩) នៅពេលដែលអ័ដាមនិងនាងអេវ៉ាបានស្លាប់ទៅ គេក៏ក្លាយទៅជា‹ខ្មោចស្លាប់› ដែលព្រះគម្ពីរបានចែងមកជាញឹកញាប់។—ជនគណនា ៥:២; ៦:៦
ដូច្នេះហើយបានជាសព្វវចនាធិប្បាយអាមេរិកាណា ចែងអំពីព្រលឹងក្នុងបទគម្ពីរភាសាហេព្រើរថា៖ «គំនិតនៃគម្ពីរសញ្ញាចាស់អំពីមនុស្សគឺថា ជាឯកភាពមួយ មិនមែនជាព្រលឹងចូលរួមជាមួយរូបកាយនោះទេ»។ រួចចែងទៀតថា៖ «Nefesh . . . គេមិនដែលយល់ថាវាមានដោយឡែកពីរូបកាយនោះឡើយ»។
ដូច្នេះ តើពួកយូដាដ៏ស្មោះត្រង់ពីដើមជឿថាសេចក្ដីស្លាប់ជាអ្វី? បើនិយាយឲ្យស្រួលយល់ គេជឿថាសេចក្ដីស្លាប់ជាការផ្ទុយពីជីវិត។ ទំនុកដំកើង ១៤៦:៤ ប្រាប់អំពីហេតុការណ៍ដែលកើតឡើងពេលវិញ្ញាណ ឬ កម្លាំងជីវិតចេញពីមនុស្ស៖ «គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។c ស្តេចសាឡូម៉ូនចែងដូចនេះថាមនុស្សស្លាប់ «ឥតដឹងអ្វីឡើយ»។—សាស្ដា ៩:៥
បើអញ្ចឹង ហេតុអ្វីក៏ពួកយូដាជាច្រើន រួមទាំងពួកឧទ្ទាមនៅម៉ាសាដា ជឿយ៉ាងស៊ប់ថាព្រលឹងជាអមតៈនោះ?
អានុភាពពីក្រិក
ពួកយូដាមានគំនិតនេះពីសាសន៍ក្រិក មិនមែនពីព្រះគម្ពីរទេ។ ក្នុងរវាងសតវត្សទីប្រាំពីរនិងទីប្រាំ ម.ស.យ. គំនិតនេះបានចាប់លូតលាស់ពីក្រុមសាសនាអាថ៌កំបាំងមួយនៃសាសន៍ក្រិក រួចក្លាយទៅជាទស្សនៈវិទ្យាក្រិក។ ចំពោះគំនិតដែលថាមានជីវិតក្រោយពីស្លាប់ ជាទីកន្លែងដែលព្រលឹងទទួលទារុណកម្មដ៏ឈឺចាប់ នោះមានការចាប់អារម្មណ៍យូរយាមកហើយ ហើយគំនិតនេះដុះចេញជារូបរាង ហើយក៏រាលដាលពាសពេញ។ ពួកទស្សនវិទូពិគ្រោះដេញដោលគ្នាដោយឥតឈប់ឈរអំពីភាពពិតប្រាកដនៃព្រលឹង។ លោកហូមើអះអាងថា ព្រលឹងហើរចេញយ៉ាងលឿននៅពេលស្លាប់ បន្លឺសូររ៉ឺៗ ចេបៗ ឬសូរដូចស្លឹកឈើត្រូវខ្យល់។ លោកអ៊ីភីកូរុសមានប្រសាសន៍ថា ព្រលឹងគឺមានទម្ងន់ ដូច្នេះមានរូបកាយដ៏តូចក្រៃលែង។d
ប៉ុន្តែ អ្នកគាំទ្រខ្លាំងជាងគេចំពោះព្រលឹងអមតៈ គឺជាទស្សនវិទូសាសន៍ក្រិកម្នាក់ឈ្មោះប្លែតូ នៅក្នុងសតវត្សទី៤ ម.ស.យ.។ សេចក្ដីរៀបរាប់អំពីមរណភាពនៃគ្រូរបស់គាត់ ឈ្មោះសូក្រាត បង្ហាញថាគាត់មានជំនឿស៊ប់ដូចគ្នានឹងជំនឿនៃពួកឧទ្ទាមនៅម៉ាសាដា ជាច្រើនសតវត្សក្រោយមក។ អ្នកប្រាជ្ញខាងសាសនាលោកអូស្កា ឃូលម៉ាន មានប្រសាសន៍ដូចនេះថា៖ «លោកប្លែតូបង្ហាញយើងនូវរបៀបដែលលោកសូក្រាតបានទទួលមរណភាពក្នុងភាពសុខសាន្តនិងភាពស្ងប់។ មរណភាពនៃលោកសូក្រាតជាមរណភាពដ៏ល្អ។ នៅទីនេះ ឥតឃើញមានសេចក្ដីរន្ធត់នៃសេចក្ដីស្លាប់សោះឡើយ។ សូក្រាតមិនខ្លាចស្លាប់ទេ ដ្បិតសេចក្ដីស្លាប់នេះហើយដែលដោះលែងយើងពីរូបកាយ។ . . . សេចក្ដីស្លាប់ជាមិត្តសំឡាញ់នៃព្រលឹង។ ដូច្នេះ នេះជារបៀបដែលលោកសូក្រាតបានបង្រៀន ហើយលោកទទួលមរណភាពដូចនឹងសេចក្ដីបង្រៀនរបស់លោកមែន»។
តាមមើលទៅ ក្នុងសម័យម៉ាកាប៉ិននេះហើយ គឺក្នុងសតវត្សទី២មុនព្រះគ្រីស្ទ ដែលពួកយូដាបានចាប់ផ្ដើមយកសេចក្ដីបង្រៀននេះពីពួកក្រិក។ ក្នុងសតវត្សទី១ ស.យ. លោកចូស៊ីហ្វឺសប្រាប់យើងថា ពួកផារីស៊ីនិងពួកអ៊ីសិន្ស—ជាក្រុមសាសនាដ៏ធំមួយនៃពួកយូដា—បានទទួលប្រតិបត្ដិលទ្ធិបង្រៀននេះ។ កំណាព្យខ្លះដែលប្រហែលជាតែងមកក្នុងសម័យនោះ ក៏បង្ហាញនូវជំនឿដូចគ្នានេះដែរ។
ចុះយ៉ាងណាវិញចំពោះព្រះយេស៊ូគ្រីស្ទ? តើទ្រង់និងពួកសិស្សបង្រៀនគំនិតពីសាសនាក្រិកនេះដែរឬ?
ទស្សនៈនៃពួកគ្រីស្ទានសម័យដើមអំពីព្រលឹង
ពួកគ្រីស្ទាននៅសតវត្សទីមួយពុំមានទស្សនៈអំពីព្រលឹងដូចពួកក្រិកទេ។ ឧទាហរណ៍ សូមពិចារណាអំពីមរណភាពនៃលោកឡាសារជាមិត្តរបស់ព្រះយេស៊ូ។ បើសិនជាលោកឡាសារមានព្រលឹងអមតៈដែលហោះហើរចេញទៅ មានសេរីភាពនិងសប្បាយនៅគ្រាមរណភាព នោះដំណើររឿងនៅយ៉ូហានជំពូក១១មុខជាអានខុសពីនេះហើយ មែនទេ? ព្រះយេស៊ូមុខជាមានបន្ទូលប្រាប់ពួកសិស្សទ្រង់ បើលោកឡាសារនៅរស់ហើយសុខទុក្ខល្អជានៅស្ថានសួគ៌នោះ តែផ្ទុយទៅវិញ ទ្រង់សម្ដែងការយល់ស្របតាមបទគម្ពីរភាសាហេព្រើរ ហើយមានបន្ទូលប្រាប់គេថា លោកឡាសារបានដេកលក់ទៅហើយ ដោយឥតដឹងខ្លួន។ (ខ១១) ព្រះយេស៊ូមុខជាសប្បាយរីករាយណាស់ បើមិត្តរបស់ទ្រង់បានទទួលអត្ថិភាពថ្មីអស្ចារ្យនេះ តែផ្ទុយទៅវិញ យើងឃើញទ្រង់ព្រះកន្សែងជាសាធារណៈទៅលើមរណភាពនេះ។ (ខ៣៥) មែនហើយ បើព្រលឹងរបស់លោកឡាសារបានទៅនៅស្ថានសួគ៌ សប្បាយនឹងអមតភាពក្នុងទីបរមសុខមែន ព្រះយេស៊ូមុខជានឹងមិនមានចិត្តអាក្រក់ ដោយប្រោសគាត់ឲ្យរស់ឡើងវិញតែពីរបីឆ្នាំទៀត ក្នុង«គុក»នៃរូបកាយឥតគ្រប់ល័ក្ខណ៍ ហើយរស់នៅជាមួយមនុស្សលោកដែលឈឺជិតស្លាប់ទាំងនេះទេ។
ពេលដែលលោកឡាសារត្រឡប់មកពីសេចក្ដីស្លាប់វិញ តើគាត់បានរៀបរាប់ប្រាប់សេចក្ដីល្អៗអំពីខ្លួនគាត់ជាវិញ្ញាណរយៈបីបួនថ្ងៃនោះទេ? អត់ទេ ប៉ុន្តែចំពោះពួកអ្នកជឿព្រលឹងអមតៈ គេឆ្លើយថា នេះដោយសារតែគាត់បានពិសោធសេចក្ដីអស្ចារ្យពេក ដែលមិនអាចរៀបរាប់ជាពាក្យបាន។ ប៉ុន្តែចម្លើយបែបនេះពុំគួរជឿទេ ព្រោះអី បើដូច្នោះមែន លោកឡាសារប្រាកដជាប្រាប់បងប្អូនរបស់គាត់យ៉ាងនោះហើយ—គឺថាគាត់បានពិសោធសេចក្ដីអស្ចារ្យដល់ម្ល៉េះដែលមិនអាចប្រាប់បាន។ តែផ្ទុយទៅវិញ លោកឡាសារឥតមានវាចាអ្វីសោះអំពីការពិសោធក្នុងកំឡុងមរណភាពនោះ។ សូមគិតទៅមើល—ឥតមានវាចាអ្វីសោះអំពីប្រធានដ៏ជាទីចាប់អារម្មណ៍ជាងគេបង្អស់ចំពោះមនុស្សលោក៖ តើសេចក្ដីស្លាប់ដូចអ្វីហ្ន៎! មូលហេតុនៃការឥតមានវាចានោះ មានតែមួយគត់ គឺឥតមានរឿងប្រាប់។ មនុស្សស្លាប់ដេកលក់ ឥតដឹងខ្លួនសោះឡើយ។
ដូច្នេះ តើព្រះគម្ពីរសម្ដែងប្រាប់ថាសេចក្ដីស្លាប់ជាមិត្តនៃព្រលឹង ជាក្បួនរីត៍រវាងដំណាក់ផ្សេងៗនៃអត្ថិភាពឬ? មិនមែនទេ! ចំពោះជនគ្រីស្ទានពិត ដូចជាសាវ័កប៉ុល សេចក្ដីស្លាប់មិនមែនជាមិត្តទេ គឺជា«ខ្មាំងសត្រូវក្រោយបង្អស់»វិញ។ (កូរិនថូសទី១ ១៥:២៦) ពួកគ្រីស្ទានចាត់ទុកសេចក្ដីស្លាប់ជាអ្វីខុសពីធម្មជាតិ ជាអ្វីអាក្រក់ក្រៃលែង ពីព្រោះវាជាលទ្ធផលនៃបាបនិងការបះបោរប្រឆាំងព្រះ។ (រ៉ូម ៥:១២; ៦:២៣) វាមិនដែលមានក្នុងគោលបំណងដើមរបស់ព្រះទេចំពោះមនុស្សលោក។
ទោះជាយ៉ាងណាក៏ដោយ ពួកគ្រីស្ទានពិតមានសេចក្ដីសង្ឃឹមជានិច្ចចំពោះសេចក្ដីស្លាប់នៃព្រលឹង។ ដំណើររស់ឡើងវិញនៃលោកឡាសារជារឿងមួយក្នុងចំណោមរឿងជាច្រើនក្នុងព្រះគម្ពីរ ដែលបង្ហាញយើងយ៉ាងច្បាស់អំពីសេចក្ដីសង្ឃឹមពិតដែលគាំទ្រដោយបទគម្ពីរ សំរាប់មនុស្សស្លាប់—គឺដំណើររស់ឡើងវិញ។ ព្រះគម្ពីរបង្រៀនថាមានដំណើររស់ឡើងវិញពីរប្រភេទ។ ចំពោះមនុស្សលោកភាគច្រើនដែលដេកលក់ក្នុងផ្នូរ ទោះជាសុចរិត ឬទុច្ចរិត នឹងមានសេចក្ដីសង្ឃឹមរស់ឡើងវិញ ឲ្យមានជីវិតអស់កល្បជានិច្ចក្នុងទីមនោរម្យនៅលើផែនដីនេះ។ (លូកា ២៣:៤៣; យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥) ចំពោះក្រុមតូចមួយ ដែលព្រះយេស៊ូហៅថា «ហ្វូងតូច» នោះនឹងមានដំណើររស់ឡើងវិញឲ្យមានជីវិតអមតៈជារូបវិញ្ញាណនៅស្ថានសួគ៌។ ពួកទាំងនេះ ដែលរួមទាំងពួកសាវ័ករបស់ព្រះគ្រីស្ទ នឹងសោយរាជ្យជាមួយព្រះយេស៊ូគ្រីស្ទ ទៅលើមនុស្សលោក ហើយនឹងកសាងពួកគេឲ្យបានល្អគ្រប់ល័ក្ខណ៍ឡើងវិញ។—លូកា ១២:៣២; កូរិនថូសទី១ ១៥:៥៣, ៥៤; វិវរណៈ ២០:៦
ចុះហេតុអ្វីក៏យើងឃើញថា ពួកនិកាយនៃពិភពគ្រីស្ទសាសនាបង្រៀនអំពីព្រលឹងមនុស្សអមតៈ ជាជាងដំណើររស់ឡើងវិញដូច្នេះ? សូមពិនិត្យមើលចម្លើយរបស់សាសនវិទូម្នាក់ លោកវើនឺ ជែហ្គូ ក្នុងនិពន្ធ The Harvard Theological Review នៃឆ្នាំ១៩៥៩៖ «ហេតុការណ៍ដ៏សំខាន់បំផុតក្នុងប្រវត្ដិលទ្ធិបង្រៀនគ្រីស្ទាន គឺថាអ្នកនិពន្ធនៃសាសនវិទ្យាគ្រីស្ទាន គឺជាលោកអូរីគិន ដែលលោកជាទស្សនវិទូខាងសេចក្ដីបង្រៀនប្លែតូនៅសាលាអាលិក្សាន្ដ្រា។ លោកបានបន្ថែមបញ្ចូលក្នុងសេចក្ដីបង្រៀនគ្រីស្ទាន នូវសេចក្ដីបង្រៀនជាច្រើនដែលទាក់ទងនឹងព្រលឹងអមតៈ ដែលលោកបានយកមកពីប្លែតូ»។ ដូច្នេះ គ្រីស្ទសាសនាបានធ្វើដូចពួកយូដាប្រមាណសតវត្សកន្លងមកនេះដែរ! ពួកគេបានបោះបង់ចោលសេចក្ដីបង្រៀននៃព្រះគម្ពីរ ដោយទទួលយកទស្សនៈវិទ្យាក្រិកទៅវិញ។
ដើមកំណើតពិតប្រាកដនៃលទ្ធិបង្រៀននេះ
ឥឡូវនេះ មនុស្សខ្លះដែលគាំទ្រលទ្ធិបង្រៀននៃព្រលឹងអមតៈ ប្រហែលជាសួរថា ហេតុអ្វីក៏សាសនាធំៗជាច្រើននៃពិភពលោកបង្រៀនលទ្ធិនេះ តាមសណ្ឋានផ្សេង? ព្រះគម្ពីរផ្ដល់ឲ្យហេតុដ៏សមត្រឹមត្រូវមួយចំពោះការសម្បូរសេចក្ដីបង្រៀននេះក្នុងសហគមន៍សាសនានៃពិភពលោកនេះ។
ព្រះគម្ពីរប្រាប់យើងថា «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច» ហើយបង្ហាញយ៉ាងច្បាស់ថា «ចៅហ្វាយរបស់លោកីយនេះ» គឺជាសាតាំង។ (យ៉ូហានទី១ ៥:១៩; យ៉ូហាន ១២:៣១) ដូច្នេះហើយ សាសនានៃពិភពលោកនេះមិនបានការពារពីអានុភាពរបស់សាតាំងទេ។ តែផ្ទុយទៅវិញ សាសនាទាំងនេះបានបង្កឲ្យមានបញ្ហានិងវិបត្ដិជាច្រើនក្នុងពិភពលោកនៅសព្វថ្ងៃនេះ។ រីឯរឿងស្តីអំពីព្រលឹងវិញ ពួកគេហាក់បីដូចជាកាន់តាមគំនិតរបស់សាតាំងទាំងអស់។ តើយ៉ាងដូចម្ដេចទៅ?
សូមចងចាំដល់ពាក្យកុហកដំបូង។ ព្រះបានមានបន្ទូលប្រាប់អ័ដាមនិងអេវ៉ាថា គេនឹងត្រូវស្លាប់ជាមិនខាន បើគេប្រព្រឹត្តបាបប្រឆាំងនឹងទ្រង់។ តែសាតាំងនិយាយប្រាប់អេវ៉ាថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ»។ (លោកុប្បត្តិ ៣:៤) តាមការពិត អ័ដាមនិងអេវ៉ាបានស្លាប់ទៅមែន ពួកគេបានត្រឡប់ទៅជាធូលីដី ដូចព្រះបានមានបន្ទូល។ សាតាំងដែលជា ‹ឪពុកនៃសេចក្ដីកំភូត› វាមិនដែលបោះបង់ចោលពាក្យកំភូតរបស់វាទេ។ (យ៉ូហាន ៨:៤៤) នៅក្នុងសាសនាជាច្រើនដែលបែរចេញពីសេចក្ដីបង្រៀននៃព្រះគម្ពីរ ឬមិនអើពើនឹងសេចក្ដីនោះ នៅមានការបញ្ចេញគំនិតដូចនេះដែរគឺ៖ ‹អ្នកនឹងមិនស្លាប់ទេ។ រូបកាយរបស់អ្នកនឹងសាបសូន្យទៅ តែព្រលឹងរបស់អ្នកនឹងរស់តទៅជារហូត—ដូចព្រះ›! គួរឲ្យចាប់អារម្មណ៍ដែរ សាតាំងក៏បានប្រាប់អេវ៉ាថា នាងនឹងបាន «ដូចជាព្រះ»!—លោកុប្បត្តិ ៣:៥
ជាការល្អប្រសើរយ៉ាងណាទៅ បើមានសេចក្ដីសង្ឃឹមដែលមានមូលដ្ឋានទៅលើសេចក្ដីពិត ជាជាងទៅលើពាក្យកំភូត ឬទស្សនៈវិទ្យារបស់មនុស្ស។ ជាការល្អប្រសើរយ៉ាងណាទៅ បើយើងដឹងថាបុគ្គលស្ងួនភ្ងារបស់យើងដែលបានស្លាប់ទៅ កំពុងតែដេកលក់ឥតដឹងខ្លួននៅក្នុងផ្នូរ ជាជាងព្រួយចិត្តដោយមិនដឹងព្រលឹងអមតៈនោះនៅទីណា! ការដេកលក់នៃមនុស្សស្លាប់ មិនគួរធ្វើឲ្យយើងភ័យរន្ធត់ ឬព្រួយបារម្ភឡើយ។ តាមរបៀបមួយ យើងអាចចាត់ទុកមនុស្សស្លាប់ជាអ្នកដែលកំពុងតែសម្រាកនៅក្នុងទីសន្ដិសុខ។ ហេតុអ្វីក៏មានសន្ដិសុខដូច្នេះ? ពីព្រោះព្រះគម្ពីរប្រាប់យើងថា មនុស្សស្លាប់ដែលព្រះយេហូវ៉ាស្រឡាញ់ គឺកំពុងរស់នៅក្នុងន័យវិសេសមួយ។ (លូកា ២០:៣៨) ពួកគេកំពុងតែរស់នៅក្នុងសតិរបស់ទ្រង់។ ហើយនេះជាការលើកទឹកចិត្តណាស់ ពីព្រោះសតិរបស់ទ្រង់ពុំមានព្រំដែនទេ។ ទ្រង់មានព្រះទ័យចង់ប្រោសមនុស្សលោករាប់លាននាក់ឲ្យមានជីវិតឡើងវិញ ហើយឲ្យពួកគេមានឱកាសរស់នៅអស់កល្បជានិច្ចនៅលើផែនដីមនោរម្យ។—ប្រៀបធៀប យ៉ូប ១៤:១៤, ១៥
ថ្ងៃដ៏រុងរឿងនៃដំណើររស់ឡើងវិញនឹងមក ហើយគ្រប់សេចក្ដីសន្យារបស់ព្រះយេហូវ៉ានឹងបានសម្រេចជាមិនខាន។ (អេសាយ ៥៥:១០, ១១) សូមគិតអំពីទំនាយនេះដែលនឹងសម្រេចឡើង៖ «ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត គេនឹងរស់ឡើងវិញ ជាមួយនឹងសពរបស់អញ ឯឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក»។ (អេសាយ ២៦:១៩) ដូច្នេះ មនុស្សស្លាប់ដែលកំពុងតែដេកលក់នៅក្នុងផ្នូរ គឺសុខសាន្តដូចទារកដែលនៅក្នុងផ្ទៃម្ដាយ។ មិនយូរប៉ុន្មាន ពួកគេនឹង «ចាប់កំណើត» ឲ្យមានជីវិតឡើងវិញនៅលើផែនដីមនោរម្យនេះ!
តើមានសេចក្ដីសង្ឃឹមឯណាទៀតដែលល្អជាងនេះ?
[កំណត់សម្គាល់]
a តាមដឹងមកថាមានស្ត្រីពីរនាក់និងក្មេងប្រាំនាក់នៅរស់ដោយបានលាក់ខ្លួន។ ក្រោយមក ស្ត្រីទាំងនេះបានរៀបរាប់ប្រាប់ដល់ពួករ៉ូម៉ាំង ជាអ្នកចាប់បង្ខាំងគេ។
b ពិតមែនហើយ ដូចពាក្យជាច្រើនទៀតដែលមានន័យទូលំទូលាយ ពាក្យ neʹphesh ក៏មានន័យផ្សេងទៀតដែរ។ ជាឧទាហរណ៍ វាអាចមានន័យជាមនុស្សខាងក្នុង ជាពិសេសចំពោះអារម្មណ៍ដ៏ជ្រៅ។ (សាំយូអែលទី១ ១៨:១) ពាក្យនេះក៏អាចមានន័យជាជីវិតដែលបុគ្គលម្នាក់មានជាព្រលឹង។—ពង្សាវតារក្សត្រទី១ ១៧:២១-២៣
c Ruʹach ជាពាក្យហេព្រើរដែលប្រែថា «វិញ្ញាណ» មានន័យថា «ដង្ហើម» ឬ «ខ្យល់»។ កាលណាប្រើជាមួយមនុស្ស ពាក្យនេះមិនសំដៅទៅអង្គភាពនៃវិញ្ញាណដែលមានមនសិការនោះទេ តែសំដៅទៅ «កម្លាំងជីវិតនៃបុគ្គលម្នាក់» ដូចចែងមកក្នុងវចនានុក្រមអន្តរជាតិថ្មីនៃសាសនវិទ្យាគម្ពីរសញ្ញាថ្មី។
d មិនមែនមានតែគាត់ទេដែលបញ្ចេញគំនិតចំឡែកនេះ។ នៅដើមសតវត្សនេះ មានអ្នកវិទ្យាសាស្ត្រម្នាក់ បានអះអាងថាគាត់បានវាស់ទម្ងន់ព្រលឹងមនុស្សបីបួននាក់ ដោយយកទម្ងន់បន្ទាប់ពីស្លាប់ទៅដកពីទម្ងន់មុនស្លាប់។
[រូបភាពនៅទំព័រ៧]
ពួកឧទ្ទាមយូដានៅម៉ាសាដាជឿថាសេចក្ដីស្លាប់នឹងដោះលែងព្រលឹងរបស់គេ