បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១១ ទំ. ១១-ទំ. ១៣
  • គោលសំខាន់ៗពីសៀវភៅយ៉ាកុប និងសៀវភៅពេត្រុស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅយ៉ាកុប និងសៀវភៅពេត្រុស
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​ប្រទាន​ប្រាជ្ញា​ដល់​អ្នក​ដែល​«សូម​ដោយ​ចិត្ត​ជឿ»
  • (យ៉ា. ១:១​–​៥:២០)
  • ‹ចូរ​តស៊ូ​ដោយ​មានចិត្ត​ជឿ​មាំមួន›
  • (១ពេ. ១:១​–​៥:១៤)
  • ‹ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក›
  • (២ពេ. ១:១​–​៣:១៨)
  • សូមឲ្យយើងកាន់ខ្ជាប់ខ្ជួននឹងសេចក្ដីជំនឿដ៏មានតម្លៃរបស់យើង!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • «ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ចូរយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ជំនឿជំរុញយើងឲ្យមានសកម្មភាព!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១១ ទំ. ១១-ទំ. ១៣

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​យ៉ាកុប និង​សៀវភៅ​ពេត្រុស

ជិត​៣០​ឆ្នាំ​ក្រោយ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. យ៉ាកុប​ដែល​ជា​សិស្ស​និង​ជា​ប្អូន​របស់​ព្រះ​យេស៊ូ បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​«ពូជ​អំបូរ​ទាំង​១២»​នៃ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ តំណាង​ដោយ​ជន​ជាតិ​អ៊ីស្រាអែល។ (យ៉ា. ១:១) គាត់​មាន​គោលដៅ​ដូច​តទៅ​នេះ: ដើម្បី​ដាស់តឿន​បង​ប្អូន​ទាំងនោះ​ឲ្យ​មាន​ជំនឿ​រឹង​មាំ និង​ឲ្យ​ចេះ​ស៊ូ​ទ្រាំ​ពេល​មាន​ទុក្ខ​លំបាក។ គាត់​ក៏​បាន​ជូន​ឱវាទ​ដើម្បី​កែ​តម្រង់​ស្ថានភាព​វឹកវរ​ដែល​មាន​ក្នុង​ក្រុម​ជំនុំ។

មិន​យូរ​ប៉ុន្មាន មុន​ពេល​អធិរាជ​រ៉ូម​ឈ្មោះ​នីរ៉ូចាប់​ផ្ដើម​ធ្វើទុក្ខ​បៀត​បៀន​ដល់​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​ឆ្នាំ​៦៤ គ.ស. សាវ័ក​ពេត្រុស​បាន​សរសេរ​សំបុត្រ​ទី​១ ដើម្បី​លើក​ទឹកចិត្ត​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​ទី​នោះ​ឲ្យ​រក្សា​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​រឹង​មាំ​ក្នុង​ជំនឿ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បាន​សរសេរ​សំបុត្រ​ទី​១​នោះ ពេត្រុស​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៀត​ជា​លើក​ទី​២។ គាត់​បាន​លើក​ទឹកចិត្ត​បង​ប្អូន​រួម​ជំនឿ​ឲ្យ​យក​ចិត្ត​ទុកដាក់​នឹង​បណ្ដាំ​របស់​ព្រះ ហើយក៏​បាន​រំលឹក​ពួក​គាត់​ពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដែល​នឹង​មក​ដល់​ដែរ។ ប្រាកដ​មែន! យើង​អាច​ទាញ​យក​ប្រយោជន៍​ពី​សារ​ដែល​បាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​យ៉ាកុប​និង​សៀវភៅ​ពេត្រុស។—ហេ. ៤:១២

ព្រះ​ប្រទាន​ប្រាជ្ញា​ដល់​អ្នក​ដែល​«សូម​ដោយ​ចិត្ត​ជឿ»

(យ៉ា. ១:១​–​៥:២០)

យ៉ាកុប​សរសេរ​ថា​៖ «មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្ដី​ល្បួង ដ្បិត​កាលណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់ខ្ជួន​ហើយ នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត»។ ព្រះ​យេហូវ៉ា​ប្រទាន​ប្រាជ្ញា​ដល់​អ្នក​ដែល​«សូម​ដោយ​ចិត្ត​ជឿ»​ដើម្បី​អាច​ស៊ូទ្រាំ​ពេល​មានទុក្ខ​លំបាក។—យ៉ា. ១:៥​-​៨, ១២

អ្នក​ដែល​«ជា​គ្រូ»​នៅ​ក្នុង​ក្រុម​ជំនុំ​ក៏​ត្រូវ​មាន​ជំនឿ​និង​ប្រាជ្ញា​ដែរ។ ក្រោយ​ពី​បាន​កត់​សម្គាល់​ថា​អណ្ដាត​ជា​«អវយវៈ​១​យ៉ាង​តូច»​អាច​«ធ្វើ​ឲ្យ​រូប​កាយ​ទាំងមូល​ស្មោកគ្រោក»​បាន នោះ​យ៉ាកុប​ព្រមាន​ថា​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​ប្រព្រឹត្ត​របស់​លោកិយ​នេះ អាច​បង្ខូច​ចំណង​មេត្រីភាព​របស់​ខ្លួន​ជា​មួយ​ព្រះ។ គាត់​ក៏​រៀប​រាប់​ពី​វិធី​ផ្សេងៗ ដើម្បី​ជួយ​អ្នក​ដែល​មាន​ជំនឿ​ឬ​សកម្មភាព​ខ្សោយ​ក្នុង​កិច្ច​បម្រើ​ព្រះ ឲ្យ​មាន​ជំនឿ​និង​សកម្មភាព​ខ្លាំងក្លា​ឡើង​វិញ​ផង។—យ៉ា. ៣:១, ៥, ៦; ៥:១៤, ១៥

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២:១៣—តើ‹សេចក្ដី​មេត្ដា​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំ​រះ›តាម​របៀប​ណា? នៅ​ពេល​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ដល់​ព្រះ​ពី​ដំណើរ​របស់​ខ្លួន នោះ​ទ្រង់​នឹង​នឹក​ចាំ​ពេល​ដែល​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​អ្នក​ឯ​ទៀត ហើយ​អត់​ទោស​ឲ្យ​យើង​ដោយ​ផ្អែក​ទៅ​លើ​ការ​បូជា​លោះ​នៃ​បុត្រ​របស់​ទ្រង់។ (រ៉ូម ១៤:១២) នេះ​ជា​មូល​ហេតុ​ដែល​យើង​គួរតែ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​សំខាន់​មួយ​ក្នុង​ជីវិត​ពោល​គឺ​ចិត្ត​មេត្ដា​ករុណា មែន​ទេ?

៤:៥—នៅ​ទី​នេះ តើ​យ៉ាកុប​ដក​ស្រង់​បទ​គម្ពីរ​ណា​មួយ? យ៉ាកុប​មិន​បាន​ដក​ស្រង់​បទ​គម្ពីរ​ជាក់​លាក់​ណា​មួយ​ទេ។ យ៉ាង​ណា​ក៏​ដោយ ពាក្យ​ដែល​ព្រះ​បណ្ដាល​ឲ្យ​សរសេរ​នេះ​ទំនង​ជា​ផ្អែក​ទៅ​លើ​ពាក្យ​ដែល​បង្កប់​អត្ថន័យ​នៅ​លោកុប្បត្តិ ៦:៥; ៨:២១ សុភាសិត ២១:១០ និង​កាឡាទី ៥:១៧។

៥:២០—‹អ្នក​ដែល​នាំ​មនុស្ស​បាប ឲ្យ​ត្រឡប់​ពី​ផ្លូវ​វង្វេង​មក​វិញ›នឹង​សង្គ្រោះ​ព្រលឹង​ឬ​ជីវិត​អ្នក​ណា​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់? គ្រិស្ត​សាសនិក​ម្នាក់​ដែល​បាន​នាំ​មនុស្ស​ប្រព្រឹត្ត​ខុស ឲ្យ​ត្រឡប់​ពី​ផ្លូវ​ដែល​ពេញ​ទៅ​ដោយ​អំពើ​ខុសឆ្គង នោះ​ឈ្មោះ​ថា​បាន​សង្គ្រោះ​ជីវិត​របស់​អ្នក​ដែល​សោក​ស្ដាយ​ចំពោះ​កំហុស​របស់​ខ្លួន ហើយ​ចង់​មាន​ចំណង​មេត្រីភាព​ជាមួយ​ព្រះ​យេហូវ៉ា​ឡើង​វិញ និង​ប្រហែលជា​បាន​សង្គ្រោះ​អ្នក​នោះ​ឲ្យ​រួច​ពី​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត​ផង​ដែរ។ អ្នក​ដែល​បាន​ជួយ​អ្នក​ប្រព្រឹត្ត​ខុស​ដោយ​វិធី​នេះ​នឹង​«គ្រប​បាំង​អំពើ​បាប​[របស់​ខ្លួន]​ជា​អនេក​អនន្ត​ផង»។

មេរៀន​សម្រាប់​យើង:

១:១៤, ១៥: អំពើ​បាប​ចាប់​កំណើត​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ល្អ។ ដូច្នេះ​ហើយ នៅ​ក្នុង​ចិត្ត​របស់​យើង​មិន​ត្រូវ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​មិន​ត្រឹមត្រូវ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​«ពិចារណា»​ជា​បន្ត​ពី​រឿង​ដែល​ពង្រឹង​កម្លាំង​ចិត្ត ហើយ​ធ្វើ​ឲ្យ​ចិត្ត​និង​គំនិត​របស់​យើង​ពេញ​ទៅ​ដោយ​សេចក្ដី​ល្អៗ​ទាំងនោះ​ដែរ។—ភី. ៤:៨

២:៨, ៩: ការ​«រើសមុខ»​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ពី​«ក្រិត្យ​វិន័យ​ដ៏​ប្រសើរ»​នៃ​សេចក្ដី​ស្រឡាញ់។ ហេតុនេះ​ហើយ គ្រិស្ត​សាសនិក​ពិត​មិន​ត្រូវ​រើសមុខ​ឡើយ។

២:១៤​-​២៦: យើង​«បាន​សង្គ្រោះ​ដោយសារ​សេចក្ដី​ជំនឿ»​«មិន​មែន​ដោយ​ការ​ប្រព្រឹត្ត»​តាម​ក្រឹត្យ​វិន័យ​ម៉ូសេ ឬ​គ្រាន់តែ​អះអាង​ថា​ជា​គ្រិស្ត​សាសនិក​ទេ។ ពីព្រោះ បើ​យើង​និយាយ​តែ​មាត់​ថា​ជឿ​ព្រះ នោះ​មិន​គ្រប់គ្រាន់​ឡើយ។ (អេភ. ២:៨, ៩; យ៉ូន. ៣:១៦) ជំនឿ​គួរតែ​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ត​ស្រប​ទៅ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។

៣:១៣​-​១៧: «ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»​ប្រាកដជា​ប្រសើរ​ជាង​ប្រាជ្ញា​របស់​‹លោកីយ​នេះ ដែល​ខាង​សាច់ឈាម នឹង​ខាង​អារក្ស​វិញ!›។ យើង​គួរតែ‹ស្វែងរក​ដំ​រិះ​ពី​ស្ថាន​លើ ឲ្យ​ដូច​ជា​ខំ​រក​ប្រាក់›។—សុ. ២:១​-​៥

៣:១៨: គ្រាប់ពូជ​នៃ​សារ​ដំណឹង​ល្អ​ស្តី​ពី​រាជាណាចក្រ​របស់​ព្រះ‹បាន​ព្រោះ​ចុះ​ដោយ​សេចក្ដី​មេត្រី ដោយ​ពួក​អ្នក​ដែល​រក​សេចក្ដី​មេត្រី​នោះ​ឯង›។ គឺ​សំខាន់​ណាស់​ឲ្យ​យើង​ធ្វើ​ជា​អ្នក​បង្កើត​ឲ្យ​មាន​មេត្រីភាព មាន​សណ្ដាប់ធ្នាប់ មិន​មាន​ឫ​ក​ក្រអឺតក្រទម ហើយ​មិន​ចូល​ចិត្ត​ឈ្លោះ​ប្រកែក។

‹ចូរ​តស៊ូ​ដោយ​មានចិត្ត​ជឿ​មាំមួន›

(១ពេ. ១:១​–​៥:១៤)

ពេត្រុស​រំលឹក​អ្នក​ជឿ​គ្នីគ្នា​ពី​សេចក្ដី​«សង្ឃឹម​ដ៏​រស់» ពី​មត៌ក​នៅ​ស្ថាន​សួគ៌។ ពេត្រុស​ប្រាប់​ពួក​គាត់​ថា​៖ «អ្នក​រាល់​គ្នា​ជា‹ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ›»។ បន្ទាប់​ពី​ពេត្រុស​បាន​ជូន​ឱវាទ​ស្តី​អំពី​ការ​ចុះចូល​រួច​ហើយ គាត់​ក៏​ដាស់​តឿន​គ្រប់​គ្នា​ថា​ឲ្យ​«មាន​គំនិត​តែ​១ ព្រម​ទាំង​មានចិត្ត​អាណិត​អាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ជា​ប្អូន នឹង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​សុភាព»​ផង។—១ពេ. ១:៣, ៤; ២:៩; ៣:៨

ដោយ​ហេតុ​ថា «ចុង​បំផុត​នៃ​របស់​ទាំងអស់​[នៃ​របប​យូដា] នោះ​ជិត​ដល់​ហើយ» ពេត្រុស​ជូន​ឱវាទ​ដល់​បង​ប្អូន​«ឲ្យ​មាន​គំនិត​នឹងធឹង ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​អធិស្ឋាន​ចុះ!»។ ពេត្រុស​ណែនាំ​ពួក​គាត់​ថា​៖ «ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ! . . . ចូរ​តស៊ូ​នឹង​[សាតាំង] ដោយ​មានចិត្ត​ជឿ​មាំមួន»។—១ពេ. ៤:៧; ៥:៨, ៩

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៣:២០​-​២២—តើ​ការ​ជ្រមុជ​ទឹក​សង្គ្រោះ​យើង​យ៉ាង​ដូច​ម្ដេច? ការ​ជ្រមុជ​ទឹក​ជា​តម្រូវ​ការ​មួយ​ដល់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​ប្រោស​លោះ។ យ៉ាង​ណា​ក៏​ដោយ ការ​ជ្រមុជ​ទឹក​តែ​ប៉ុណ្ណោះ​មិន​អាច​សង្គ្រោះ​យើង​បាន​ទេ។ តាម​ពិត សេចក្ដី​សង្គ្រោះ​គឺ​មក​«ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ»។ បេក្ខជន​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​តែ​មាន​ជំនឿ​ថា​ពួក​គាត់​ទទួល​សេចក្ដី​សង្គ្រោះ ដោយសារ​ព្រះ​យេស៊ូ​ផ្ដល់​ជីវិត​ជា​យញ្ញ​បូជា​លោះ ហើយ​មាន​ជីវិត​រស់​ឡើង​វិញ និង​«គង់នៅ​ខាងស្ដាំ​នៃ​ព្រះ»​មាន​អំណាច​ទៅ​លើ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់។ ការ​ជ្រមុជ​ទឹក​ដោយ​ផ្អែក​លើ​ជំនឿ​បែប​នេះ​គឺ​ស្រ​ដៀង​គ្នា​នឹង​មនុស្ស‹៨​នាក់​ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក›។

៤:៦—អ្នក​ណា​ជា​«មនុស្ស​ដែល​ស្លាប់»​ដែល​គេ​«បាន​ផ្សាយ​ដំណឹង​ល្អ»? គឺជា​អ្នក​ដែល​បាន​«ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប» ឬ​អ្នក​ដែល​គ្មាន​ចំណង​មេត្រីភាព​ជា​មួយ​ព្រះ​យេហូវ៉ា មុន​ពេល​ដែល​ពួក​គាត់​បាន​ឮ​សារ​ដំណឹង​ល្អ។ (អេភ. ២:១) ដូច្នេះ បន្ទាប់​ពី​បាន​ជឿ​ទៅ​លើ​សារ​ដំណឹង​ល្អ ពួក​គាត់​ចាប់​ផ្ដើម​«រស់»​ក្នុង​ន័យ​ថា​ពួក​គាត់​ចាប់​ផ្ដើម​មាន​ចំណង​មេត្រីភាព​ជា​មួយ​ព្រះ​យេហូវ៉ា។

មេរៀន​សម្រាប់​យើង:

១:៧: ដើម្បី​ឲ្យ​ជំនឿ​របស់​យើង​មាន​តម្លៃ​ខ្ពស់ ជំនឿ​នោះ​ត្រូវ​តែ​ពិសោធ​មើល​ឬ​សាកល​រួច​ហើយ។ ជំនឿ​រឹង​មាំ​បែប​នេះ​ពិត​ជា​នាំ​ឲ្យ​‹ជីវិត​បាន​សង្គ្រោះ›។ (ហេ. ១០:៣៩) ពេល​ជំនឿ​របស់​យើង​ជួប​ប្រទះ​ការ​ល្បង​ល យើង​មិន​ត្រូវ​ថយ​ក្រោយ​ឡើយ។

១:១០​-​១២: ពួក​ទេវតា​ខំ​រក​ស្គាល់​និង​យល់​សេចក្ដី​ជ្រាល​ជ្រៅ​អំពី​សេចក្ដី​ពិត​ពី​ព្រះ ដែល​អ្នក​ប្រកាស​ទំនាយ​របស់​ទ្រង់​នៅ​សម័យ​បុរាណ​បាន​សរសេរ​ស្តី​អំពី​ក្រុម​ជំនុំ​នៃ​អ្នក​រើស​តាំង។ យ៉ាង​ណា​ក៏​ដោយ សេចក្ដី​ពិត​ស្តី​អំពី​រឿង​ទាំងនេះ​នឹង​បាន​ឃើញ​កាន់តែ​ច្បាស់ ពេល​ព្រះ​យេហូវ៉ា​ចាប់ផ្ដើម​ប្រើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ជា​ខ្សែរយៈ។ (អេភ. ៣:១០) យើង​គួរតែ​ធ្វើ​តាម​គំរូ​របស់​ទេវតា​និង​ព្យាយាម​ស្ទង់​មើល​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ» មែន​ទេ?—១កូ. ២:១០

២:២១: ដើម្បី​គាំទ្រ​ការ​គ្រប់គ្រង​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​យេហូវ៉ា យើង​គួរតែ​សុខចិត្ត​រង​ទុក្ខ​រហូត​ដល់​បង់​ជីវិត​ដោយ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​គ្រិស្ត។

៥:៦, ៧: ពេល​យើង​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​បន្ត​ចាត់​ទុក​ការ​ថ្វាយបង្គំ​ព្រះ​ពិតជា​អ្វី​ដែល​សំខាន់​ចម្បង​ក្នុង​ជីវិត ជា​ជាង​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​ពី​អ្វី​ដែល​នឹង​កើតឡើង​នៅ​ថ្ងៃ​ស្អែក។—ម៉ាថ. ៦:៣៣, ៣៤

‹ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក›

(២ពេ. ១:១​–​៣:១៨)

ពេត្រុស​សរសេរ​ថា​៖ «សេចក្ដី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ»។ ការ​ផ្ដោតអារម្មណ៍​ទៅ​លើ​ពាក្យ​ទំនាយ​អាច​ជួយ​ការពារ​យើង​ពី​«គ្រូ​ក្លែង​ក្លាយ» និង​ពី​បុគ្គល​ផ្សេង​ទៀត​ដែល​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​យើង។—២ពេ. ១:២១; ២:១​-​៣

ពេត្រុស​ព្រមាន​ថា​៖ «នៅ​ជាន់ក្រោយ​នឹង​មាន​មនុស្ស​ចំអក​មក . . . ទាំង​ចំអក​ឡកឡឺយ»​ផង។ តែ​«រីឯ​ថ្ងៃ​នៃ[ព្រះ​យេហូវ៉ា] នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់»។ ពេត្រុស​បញ្ចប់​សេចក្ដី​សំបុត្រ​របស់​គាត់ ដោយ​ជូន​ឱវាទ​ដ៏​សម​ហេតុ​សម​ផល​ដល់​អ្នក​ដែល‹ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នោះ​ឆាប់​មក​ដល់›។—២ពេ. ៣:៣, ១០​-​១២

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:១៩—តើ​អ្នក​ណា​ជា​«ផ្កាយ​ព្រឹក»? តើ​រះ​ឡើង​នៅ​ពេល​ណា? ហើយ​តើ​យើង​ដឹង​ថា​ព្រឹត្ដិការណ៍​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? «ផ្កាយ​ព្រឹក»​គឺ​ជា​ព្រះ​យេស៊ូ​គ្រិស្ត បន្ទាប់​ពី​ពេល​ដែល​ទ្រង់​បាន​ឡើង​សោយរាជ្យ​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ (វិវរ. ២២:១៦) ឆ្នាំ​១៩១៤​នាំ​ឲ្យ​មានការ​ចាប់ផ្ដើម​នៃ​យុគសម័យ​ថ្មី​មួយ ពេល​ព្រះ​យេស៊ូ​ដែល​ជា​មេស្ស៊ី​បាន​រះ​ភ្លឺ​ចិញ្ចែង​ដើម្បី​ឲ្យ​គ្រប់ការ​បង្កើត​មើល​ឃើញ​ទ្រង់​ច្បាស់។ ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ​ជួយ​ឲ្យ​យើង​មើល​ឃើញ​ជា​មុន នូវ​សិរី​ល្អ​និង​រាជាណាចក្រ​របស់​ព្រះ​យេស៊ូ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​ពាក្យ​ទំនាយ​របស់​ព្រះ។ ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពាក្យ​នោះ​បំភ្លឺ​ចិត្ត​របស់​យើង ហើយ​នេះ​ក៏​ជួយ​យើង​ឲ្យ​ទទួល​ស្គាល់​ថា​ផ្កាយ​ព្រឹក​បាន​រះ​ឡើង​ហើយ។

២:៤—តើ​«ជង្ហុក​ជ្រៅ​បំផុត»​ជា​អ្វី? ហើយ​តាំងពី​ពេល​ណា​ដែល​ពួក​ទេវតា​បះបោរ​ត្រូវ​បាន​បោះ​ទម្លាក់​ចូល​ទៅ​ក្នុង​ជង្ហុក​ជ្រៅ​បំផុត​នោះ? «ជង្ហុក​ជ្រៅ​បំផុត»​មាន​ស្ថានភាព​ដូច​ជា​គុក​ដែល​បម្រុង​ទុក​សម្រាប់​ឃុំ​បុគ្គល​វិញ្ញាណ មិនមែន​សម្រាប់​មនុស្ស​ជាតិ​ទេ។ ការ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ពួក​គេ​លែង​យល់​ពី​អ្វីៗ​ដែល​ទាក់ទង​ទៅ​នឹង​គោល​បំណង​ដ៏​ត្រចះ​ត្រចង់​របស់​ព្រះ។ អ្នក​ដែល​ស្ថិត​នៅ​ជង្ហុក​ជ្រៅ​បំផុត​គ្មាន​សេចក្ដី​សង្ឃឹម​សម្រាប់​អនាគត​ឡើយ។ នៅ​សម័យ​ណូអេ ព្រះ​បាន​បោះ​ទម្លាក់​ពួក​ទេវតា​បះបោរ​ទៅ​ក្នុង​ជង្ហុក​ជ្រៅ​បំផុត ហើយ​ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ទាប​ថោក​នេះ​រហូត​ដល់​ថ្ងៃ​ដែល​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល។

៣:១៧—ពេល​ប្រើ​ពាក្យ​«ដឹង​សេចក្ដី​នោះ​ជា​មុន»​តើ​ពេត្រុស​ចង់​មាន​ន័យ​អ្វី? ពេត្រុស​សំដៅ​ទៅ​ការ​ដឹង​សេចក្ដី​នោះ​ជា​មុន សេចក្ដី​ដែល​ចែង​អំពី​ព្រឹត្ដិការណ៍​អនាគត ដែល​ព្រះ​បណ្ដាល​ឲ្យ​គាត់​និង​អ្នក​សរសេរ​គម្ពីរ​ឯ​ទៀត​បាន​ទទួល​តាម​រយៈ​សកម្ម​ពល​របស់​ទ្រង់។ ដោយ​ហេតុ​ថា នេះ​ជា​ចំណេះ​ដែល​មាន​កម្រិត ដូច្នេះ​ហើយ ពួក​គ្រិស្ត​សាសនិក​សម័យ​ដើម​បាន​ដឹង​ទ្រួសៗ​តែ​ប៉ុណ្ណោះ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត។ ពួក​គាត់​អាច​ដឹង​តែ​គោលៗ​ទេ​ពី​អ្វី​ដែល​ពួក​គាត់​ទន្ទឹង​ចាំ។

មេរៀន​សម្រាប់​យើង:

១:២, ៥​-​៧: បន្ថែម​ទៅ​លើ​ការ​ខំ​បង្កើន​ចំណេះ​ក្នុង​ការ​«ស្គាល់​ព្រះ នឹង​ព្រះ​យេស៊ូ​វ» សេចក្ដី​ព្យាយាម​របស់​យើង​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​សម្បត្ដិ​ដូច​ជា​ជំនឿ ការ​ស៊ូទ្រាំ ការ​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​អាច​ធ្វើ​ឲ្យ​«[យើង]មិន​នៅ​ទំនេរ ឬ​ឥត​ផល»​ស្តី​ពី​ចំណេះ​នោះ​ឡើយ។—២ពេ. ១:៨

១:១២​-​១៥: ដើម្បី​«តាំង​[ឲ្យ​បាន]​ខ្ជាប់ខ្ជួន ក្នុង​សេចក្ដី​ពិត» យើង​ត្រូវការ​សេចក្ដី​រំលឹក​ជា​និច្ច អ្វី​ដែល​យើង​បាន​ទទួល​នៅ​ឯ​កិច្ចប្រជុំ តាម​រយៈ​ការ​សិក្សា​ដោយ​ខ្លួនឯង និង​ការ​អាន​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។

២:២: យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​មិន​នាំ​មក​នូវ​ការ​ប្រមាថ​ដល់​នាម​របស់​ព្រះ​យេហូវ៉ា និង​អង្គការ​របស់​ទ្រង់​ដោយ​កិរិយា​ប្រព្រឹត្ត​របស់​យើង​ឡើយ។—រ៉ូម ២:២៤

២:៤​-​៩: ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល យើង​អាច​ប្រាកដ​ថា «ព្រះ​អម្ចាស់​[យេហូវ៉ា]​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ល្បួង ហើយ​នឹង​ឃុំ​ទុក​មនុស្ស​ទុច្ចរិត សំ​រាប់​នឹង​ធ្វើ​ទោស​ក្នុង​ថ្ងៃ​ជំនុំ​ជំ​រះ​វិញ»។

២:១០​-​១៣: ទោះជា​«ពួក​ប្រសើរ​ឧត្តម»​ពោល​គឺ​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ចាស់ទុំ​មានការ​ខ្វះខាត ហើយ​ម្ដង​ម្កាល​ពួក​គាត់​ក៏​ប្រហែល​ជា​ធ្វើ​ខុស​ផង​ដែរ យើង​មិន​គួរ​ជេរ​ប្រមាថ​ដល់​ពួក​គាត់​ទេ។—ហេ. ១៣:៧, ១៧

៣:២​-​៤, ១២: ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ដិត​ដល់​«ពី​អស់ទាំង​សេចក្ដី ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពី​ដើម នឹង​ពី​សេចក្ដី​បញ្ញត្ត​របស់​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ» នឹង​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​ព្រះ​យេហូវ៉ា​ដែល​ខិត​មក​កាន់តែ​ជិត​ណាស់​ហើយ។

៣:១១​-​១៤: ដូច​អ្នក​ដែល​«ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់» យើង​ត្រូវ​តែ (១) មាន​កិរិយា​បរិសុទ្ធ ដោយ​រក្សា​ឲ្យ​មាន​ភាព​ស្អាតស្អំ​ខាង​រូប​កាយ ចិត្ត​គំនិត សីលធម៌ និង​ចំណង​មេត្រីភាព​ជាមួយ​ព្រះ​យេហូវ៉ា (២) បង្កើន​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ឲ្យ​ឃើញ​«សេចក្ដី​គោរព​ប្រតិបត្ដិ»​ដល់​ព្រះ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​រាជាណាចក្រ​របស់​ព្រះ និង​ការ​បង្កើត​ឲ្យ​មាន​សិស្ស (៣) រក្សា​កិរិយា​និង​បុគ្គលិក​លក្ខណៈ​ដែល​«ឥត​សៅហ្មង»​ឥត​ប្រឡាក់​ជា​មួយ​នឹង​របៀប​របប​របស់​លោកិយ (៤) ចូរ​កុំ​ឲ្យ​មាន​«កន្លែង​បន្ទោស»​បាន ក្នុង​ការ​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​បំណង​ចិត្ត​ល្អ និង (៥) ចូរ​មាន​«សេចក្ដី​មេត្រី» មេត្រី​ជា​មួយ​ព្រះ ជា​មួយ​បង​ប្អូន​គ្រិស្ត​សាសនិក និង​ជា​មួយ​មនុស្ស​ម្នា​ទាំងអស់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក