បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/២ ទំ. ២២-២៧
  • ជំនឿជំរុញយើងឲ្យមានសកម្មភាព!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជំនឿជំរុញយើងឲ្យមានសកម្មភាព!
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​រើស​មុខ​ឥត​មាន​ភាព​ចុះ​សម្រុង​ជា​មួយ​នឹង​ជំនឿ
  • ‹សេចក្ដី​មេត្ដា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ›
  • ជំនឿ​បង្កើត​ឲ្យ​មាន​កិច្ច​ការ​ល្អ
  • សូម​ទប់​ទល់​អណ្ដាត​របស់​អ្នក!
  • ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ពី​ខាង​លើ
  • ជំនឿនិងការប្រព្រឹត្តអាចនាំឲ្យសុចរិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចូរបង្ហាញជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើអ្នកពិតជាជឿលើដំណឹងល្អមែនទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • «សូមផ្ដល់ជំនឿមកយើងថែមទៀត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/២ ទំ. ២២-២៧

ជំនឿ​ជំរុញ​យើង​ឲ្យ​មាន​សកម្មភាព!

«ដូច្នេះ អ្នក​ឃើញ​ថា សេចក្ដី​ជំនឿ[របស់​អ័ប្រាហាំ]បាន​រួម​ជា​មួយ​នឹង​ការ​ដែល​លោក​ប្រព្រឹត្ត ហើយ​សេចក្ដី​ជំនឿ​បាន​គ្រប់ល័ក្ខណ៍ ដោយ​សារ​ការ​នោះ​ឯង»។—យ៉ាកុប ២:២២

១, ២. តើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​យើង​មាន​ជំនឿ?

មនុស្ស​ជា​ច្រើន​និយាយ​ថា គេ​មាន​ជំនឿ​នឹង​ព្រះ។ ប៉ុន្តែ គ្រាន់​តែ​និយាយ​ថា​មាន​ជំនឿ គឺ​ឥត​មាន​ជីវិត​ដូច​ជា​សព​អញ្ចឹង។ យ៉ាកុប​ជា​សិស្ស បាន​សរសេរ​ថា៖ «សេចក្ដី​ជំនឿ . . . បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង»។ គាត់​ក៏​និយាយ​ថា លោក​អ័ប្រាហាំ​ដ៏​កោត​ខ្លាច​ព្រះ មាន​ជំនឿ​ដែល«រួម​ជា​មួយ​នឹង​ការ​ដែល​លោក​ប្រព្រឹត្ត»។ (យ៉ាកុប ២:១៧, ២២) តើ​ពាក្យ​បែប​នេះ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ចំពោះ​យើង?

២ ប្រសិន​បើ​យើង​មាន​ជំនឿ​ពិត យើង​មិន​គ្រាន់​តែ​ជឿ​នូវ​អ្វី​ៗ​ដែល​យើង​ឮ​ក្នុង​កិច្ច​ប្រជុំ​គ្រីស្ទាន​នោះ​ឡើយ។ យើង​នឹង​ផ្ដល់​ទី​សំអាង​នៃ​ជំនឿ​របស់​យើង ពី​ព្រោះ​យើង​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដ៏​សកម្ម។ ត្រូវ​ហើយ ជំនឿ​នឹង​ជំរុញ​យើង​ឲ្យ​អនុវត្ត​តាម​បន្ទូល​របស់​ព្រះ​ក្នុង​ជីវិត ហើយ​នឹង​ជំរុញ​យើង​ឲ្យ​មាន​សកម្មភាព។

ការ​រើស​មុខ​ឥត​មាន​ភាព​ចុះ​សម្រុង​ជា​មួយ​នឹង​ជំនឿ

៣, ៤. តើ​ជំនឿ​ត្រូវ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ដល់​អ្នក​ដទៃ យ៉ាង​ដូច​ម្ដេច?

៣ ប្រសិន​បើ​យើង​មាន​ជំនឿ​ពិត​លើ​ព្រះ​និង​ព្រះ​គ្រីស្ទ យើង​នឹង​មិន​បង្ហាញ​ការ​រើស​មុខ​ទេ។ (យ៉ាកុប ២:១​-​៤) មនុស្ស​ខ្លះ​ដែល​យ៉ាកុប​បាន​សរសេរ​ជូន​នោះ មិន​បាន​បង្ហាញ​នូវ​ភាព​ឥត​រើស​មុខ ដែល​តម្រូវ​ពី​ពួក​គ្រីស្ទាន​ពិត​នោះ​ទេ។ (រ៉ូម ២:១១) ដូច្នេះ យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ កុំ​ឲ្យមាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ»? បើ​សិន​ជា​អ្នក​មាន​មិន​ជឿ​ម្នាក់​ចូល​មក ក្នុង​កិច្ច​ប្រជុំ ទាំង​ពាក់​ចិញ្ចៀន​មាស និង​សំលៀក​បំពាក់​ដ៏​មាន​តម្លៃ ហើយ​មាន​អ្នក​ក្រ​ម្នាក់ «ស្លៀក​ពាក់​កខ្វក់​ចូល​មក​ដែរ» គឺ​ត្រូវ​ទទួល​អ្នក​ទាំង​ពីរ​ដោយ​រាក់​ទាក់ ប៉ុន្តែ​ឃើញ​ថា​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​ដល់​អ្នក​មាន។ ពួក​អ្នក​មាន​បាន​ទទួល​កន្លែង«អង្គុយ​នៅ​ទី​ល្អ» តែ​ចំពោះ​ពួក​អ្នក​ក្រ​វិញ បាន​ប្រាប់​ឲ្យ​ឈរ​ឬ​អង្គុយ​នៅ​កំណល់​ជើង​របស់​អ្នក​ណា​ម្នាក់។

៤ ព្រះ​យេហូវ៉ា​ផ្ដល់​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ចំពោះ​អ្នក​មាន​និង​អ្នក​ក្រ។ (កូរិនថូស​ទី​២ ៥:១៤) ដូច្នេះ ប្រសិន​បើ​យើង​ចូល​ចិត្ត​តែ​ពួក​អ្នក​មាន យើង​នឹង​ចាក​ចេញ​ពី​ជំនឿ​នៃ​ព្រះ​គ្រីស្ទ ដែល‹បាន​ត្រឡប់​ជា​ក្រ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​មាន​ឡើង›។ (កូរិនថូស​ទី​២ ៨:៩) សូម​ឲ្យ​យើង​កុំ​ប៉ាន់​តម្លៃ​មនុស្ស​តាម​របៀប​នេះ​ឡើយ—ដោយ​មាន​បំណង​ចិត្ត​ខុស​នៃ​ការ​ឲ្យ​កិត្ដិយស​ដល់​មនុស្ស។ ព្រះ​ទ្រង់​គឺ​មិន​រើស​មុខ​អ្នក​ណា​ទេ ប៉ុន្តែ ប្រសិន​បើ​យើង​បង្ហាញ​ការ​រើស​មុខ យើង​នឹង‹សម្រេច​ចិត្ត​អាក្រក់​ហើយ›។ (យ៉ូប ៣៤:១៩) ដោយ​មាន​សេចក្ដី​ប្រាថ្នា​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ យើង​ប្រាកដ​ជា​មិន​បង្អោន​ទៅ​តាម​សេចក្ដី​ល្បួង ក្នុង​ការ​បង្ហាញ​ការ​រើស​មុខ ឬ‹បញ្ចើច​បញ្ចើ​អ្នក​ដទៃ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ›។—យូដាស ៤, ១៦

៥. តើ​អ្នក​ណា​ដែល​ព្រះ​បាន​រើស ឲ្យ​ទៅ​ជា«អ្នក​មាន​ខាង​សេចក្ដី​ជំនឿ» ហើយ តើ​ពួក​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​តែង​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច?

៥ យ៉ាកុប​បាន​សម្គាល់​អ្នក​មាន​ពិត ហើយ​ដាស់​តឿន​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​គ្រប់​គ្នា​ដោយ​ឥត​រើស​មុខ។ (យ៉ាកុប ២:៥​-​៩) ‹ព្រះ​បាន​រើស​ពួក​អ្នក​ក្រ​ឲ្យ​ទៅ​ជា​អ្នក​មាន​ខាង​សេចក្ដី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរតក​ក្នុង​ព្រះ​រាជាណាចក្រ›។ នេះ​គឺ​ពិត​ជា​ដូច្នេះ​មែន ពី​ព្រោះ​ពួក​អ្នក​ក្រ តែង​ប្រព្រឹត្ត​តាម​ដំណឹង​ល្អ។ (កូរិនថូស​ទី​១ ១:២៦​-​២៩) ជា​ក្រុម ពួក​ដែល​មាន​ទ្រព្យ​សម្បត្ដិ គឺ​សង្កត់​សង្កិន​អ្នក​ដទៃ បើ​ស្តី​អំពី​បំណុល ប្រាក់​ខែ និង​ការ​ប្ដឹង​តុលាការ។ គេ​ប្រមាថ​ព្រះ​គ្រីស្ទ ហើយ​បៀត​បៀន​យើង ពី​ព្រោះ​យើង​កាន់​តាម​ព្រះ​នាម​ទ្រង់។ ប៉ុន្តែ សូម​ឲ្យ​យើង​ប្ដេជ្ញា​ដើម្បី​គោរព​តាម«ក្រិត្យ​វិន័យ​ដ៏​ប្រសើរ» ដែល​តម្រូវ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ជិត​ខាង—ដោយ​មាន​សេចក្ដី​ស្រឡាញ់​ស្មើ​គ្នា​ដល់​អ្នក​មាន​និង​អ្នក​ក្រ។ (លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៧​-​៤០) ដោយ​សារ​ព្រះ​ទ្រង់​តម្រូវ​ឲ្យ​យើង​ធ្វើ​បែប​នេះ ការ​បង្ហាញ​ការ​រើស​មុខ គឺ«មាន​បាប​វិញ»។

‹សេចក្ដី​មេត្ដា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ›

៦. តើ​តាម​របៀប​ណា​ដែល​យើង​ជា​អ្នក​រំលង​ក្រិត្យ​វិន័យ បើ​យើង​មិន​ប្រព្រឹត្ត​ដោយ​មេត្ដា​ករុណា​ជា​មួយ​អ្នក​ដទៃ?

៦ ប្រសិន​បើ​យើង​បង្ហាញ​ការ​រើស​មុខ​ដោយ​ឥត​មេត្ដា​ករុណា យើង​ជា​អ្នក​រំលង​ក្រិត្យ​វិន័យ។ (យ៉ាកុប ២:១០​-​១៣) ដោយ​យក​ជំហាន​ខុស​ក្នុង​រឿង​នេះ យើង​ក្លាយ​ទៅ​ជា​អ្នក​រំលង​នៃ​ក្រិត្យ​វិន័យ​របស់​ព្រះ​ទាំង​អស់។ ពួក​អ៊ីស្រាអែល​ដែល​មិន​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត ប៉ុន្តែ​ជា​ពួក​ចោរ ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​រំលង​នៃ​ក្រិត្យ​វិន័យ​ម៉ូសេ។ ជា​ពួក​គ្រីស្ទាន យើង​ត្រូវ​ជំនុំ​ជំរះ​ដោយ«ក្រិត្យ​វិន័យ​នៃ​សេចក្ដី​សេរី​ភាព»—ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី ហើយ​មាន​ក្រិត្យ​វិន័យ​នោះ​ក្នុង​ចិត្ត​របស់​គេ។—យេរេមា ៣១:៣១​-​៣៣

៧. ហេតុ​អ្វី​ក៏​ពួក​អ្នក​ដែល​នៅ​តែ​បង្ហាញ​ការ​រើស​មុខ មិន​គួរ​នឹក​ស្មាន​ថា​នឹង​បាន​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ?

៧ ប្រសិន​បើ​យើង​អះអាង​ថា​មាន​ជំនឿ ប៉ុន្តែ​នៅ​តែ​បង្ហាញ​ការ​រើស​មុខ នោះ​យើង​ប្រហែល​ជា​មាន​គ្រោះ​ថ្នាក់។ អស់​អ្នក​ដែល​ឥត​មាន​សេចក្ដី​ស្រឡាញ់​ហើយ​ឥត​មាន​មេត្ដា​ករុណា នឹង​ទទួល​សេចក្ដី​ជំនុំ​ជំរះ​ដោយ​ឥត​មេត្ដា​ករុណា​ដែរ។ (ម៉ាថាយ ៧:១, ២) យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «សេចក្ដី​មេត្ដា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ»។ ប្រសិន​បើ​យើង​ទទួល​យក​ការ​ដឹក​នាំ​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ដោយ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ក្នុង​អ្វី​ៗ​ដែល​យើង​ប្រព្រឹត្ត នោះ​យើង​នឹង​មិន​ទទួល​ការ​ផ្ដន្ទា​ទោស ពេល​ដែល​យើង​បាន​ត្រូវ​ជំនុំ​ជំរះ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ទទួល​សេចក្ដី​មេត្ដា​ករុណា ហើយ​ព្រះ​នឹង​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង។

ជំនឿ​បង្កើត​ឲ្យ​មាន​កិច្ច​ការ​ល្អ

៨. តើ​អ្វី​ជា​ស្ថានការណ៍​នៃ​បុគ្គល​ម្នាក់ ដែល​និយាយ​ថា​មាន​ជំនឿ ប៉ុន្តែ​ឥត​មាន​សកម្មភាព?

៨ ក្រៅ​ពី​ធ្វើ​ឲ្យ​យើង​ប្រកប​ដោយ​ស្រឡាញ់​និង​មេត្ដា​ករុណា ជំនឿ​បង្កើត​ឲ្យ​មាន​កិច្ច​ការ​ល្អ។ (យ៉ាកុប ២:១៤​-​២៦) ប្រាកដ​ហើយ ការ​អះអាង​ថា​មាន​ជំនឿ ដែល​ឥត​មាន​ការ​ប្រព្រឹត្ត គឺ​មិន​អាច​សង្គ្រោះ​យើង​បាន​ទេ។ ពិត​ហើយ យើង​មិន​អាច​ធ្វើ​ឲ្យ​មាន​ឋានៈ​សុចរិត​ជា​មួយ​នឹង​ព្រះ ដោយ​ការ​ប្រព្រឹត្ត​នៃ​ក្រិត្យ​វិន័យ​នោះ​ទេ។ (រ៉ូម ៤:២​-​៥) យ៉ាកុប​គឺ​និយាយ​អំពី​កិច្ច​ការ ដែល​ជំរុញ​ដោយ​ជំនឿ​និង​សេចក្ដី​ស្រឡាញ់ មិន​មែន​ដោយ​ក្រិត្យ​ក្រម​នោះ​ឡើយ។ ប្រសិន​បើ​យើង​ធ្វើ​ដោយ​គុណសម្បត្ដិ​បែប​នេះ យើង​នឹង​មិន​គ្រាន់​តែ​សូម​បួងសួង​ដ៏​សប្បុរស ដល់​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នា​ឯង​ដែល​ខ្វះ​ខាត​នោះ​ទេ។ យើង​នឹង​ឲ្យ​ជំនួយ​ខាង​វត្ថុ​ដល់​បង​ប្អូន​ប្រុស​ឬ​ស្រី​ដែល​ស្រេក​ឃ្លាន។ យ៉ាកុប​សួរ​ថា៖ ‹បើ​អ្នក​និយាយ​ទៅ​អ្នក​ខ្វះ​អាហារ​ណា​មួយ​ថា៖ «អញ្ជើញ​ទៅ​ឲ្យ​សុខ​សាន្ត សូម​ឲ្យ​បាន​កក់​ក្ដៅ ហើយ​ឆ្អែត​ចុះ» តែ​គ្មាន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​សាច់​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី›? គឺ​ឥត​មាន​ទេ។ (យ៉ូប ៣១:១៦​-​២២) «សេចក្ដី​ជំនឿ»បែប​នេះ គឺ​ឥត​មាន​ជីវិត​ទេ!

៩. តើ​អ្វី​ដែល​បង្ហាញ​ថា​យើង​មាន​ជំនឿ?

៩ យើង​ប្រហែល​ជា​ចូល​រួម​ជា​មួយ​រាស្ត្រ​របស់​ព្រះ​ដល់​មួយ​កំរិត​ហើយ ប៉ុន្តែ​លុះ​តែ​យើង​ប្រព្រឹត្ត​ដ៏​អស់​ពី​ចិត្ត នោះ​ទើប​អាច​គាំទ្រ​ការ​អះអាង​របស់​យើង ថា​យើង​មាន​ជំនឿ​មែន។ ជា​ការ​ល្អ ប្រសិន​បើ​យើង​បាន​បដិសេធ​លទ្ធិ​ព្រះ​ត្រី​ឯកភាព ហើយ​ជឿ​ថា គឺ​មាន​ព្រះ​ពិត​តែ​មួយ។ ប៉ុន្តែ គ្រាន់​តែ​ជឿ គឺ​មិន​មែន​ជា​ជំនឿ​ទេ។ «ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ» ព្រម​ទាំង«ព្រឺ​ខ្លាច​ដែរ» ពី​ព្រោះ​សេចក្ដី​ហិន​វិនាស​កំពុង​តែ​រង់​ចាំ​គេ។ ប្រសិន​បើ​យើង​ពិត​ជា​មាន​ជំនឿ​មែន នេះ​នឹង​ជំរុញ​យើង​ឲ្យ​មាន​សកម្មភាព ដូច​ផ្សាយ​ដំណឹង​ល្អ​និង​ផ្ដល់​អាហារ​និង​សំលៀក​បំពាក់ ដល់​ពួក​អ្នក​ជឿ​ក្រី​ក្រ​គ្នា​ឯង។ យ៉ាកុប​សួរ​ថា៖ «ឱ​មនុស្ស​កំឡៅ​អើយ [ដែល​ឥត​មាន​ចំណេះ​ត្រឹម​ត្រូវ​នៃ​ព្រះ] អ្នក​ចង់​ដឹង​ពិត​ឬ​ទេ​ថា សេចក្ដី​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ»? ត្រូវ​ហើយ ជំនឿ​តម្រូវ​ឲ្យ​មាន​សកម្មភាព។

១០. ហេតុ​អ្វី​ក៏​លោក​អ័ប្រាហាំ​បាន​ត្រូវ​ហៅ​ជា«ឪពុក ដល់​អស់​អ្នក​ដែល​ជឿ»?

១០ ជំនឿ​នៃ​លោក​អ័ប្រាហាំ​ដ៏​ពី​បុរាណ បាន​ជំរុញ​លោក​ឲ្យ​មាន​សកម្មភាព។ ជា«ឪពុក ដល់​អស់​អ្នក​ដែល​ជឿ» លោក​បាន​ត្រូវ«រាប់​ជា​សុចរិត ដោយ​ការ​លោក​ប្រព្រឹត្ត ក្នុង​កាល​ដែល​លោក​បាន​ថ្វាយ​អ៊ីសាក ជា​កូន​លោក នៅ​លើ​អាស​នា»។ (រ៉ូម ៤:១១, ១២; លោកុប្បត្តិ ២២:១​-​១៤) ចុះ​យ៉ាង​ណា​វិញ បើ​លោក​អ័ប្រាហាំ​ឥត​មាន​ជំនឿ​ថា ព្រះ​អាច​ប្រោស​អ៊ីសាក​ឲ្យ​រស់​ឡើង​វិញ ហើយ​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​អំពី​ពូជ​មួយ​តាម​រយៈ​លោក​នោះ? បើ​ដូច្នេះ​អ័ប្រាហាំ​នឹង​មិន​ខំ​ថ្វាយ​កូន​របស់​លោក​នោះ​ឡើយ។ (ហេព្រើរ ១១:១៩) គឺ​ដោយ​ការ​ប្រព្រឹត្ត​ដ៏​គោរព​របស់​អ័ប្រាហាំ ដែល‹ជំនឿ​របស់​លោក​បាន​គ្រប់ល័ក្ខណ៍›។ ក្រោយ​មក «នោះ​ទើប​បាន​សម្រេច​បទ​គម្ពីរ[លោកុប្បត្តិ ១៥:៦] ដែល​ថា៖ ‹អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក› »។ ការ​ប្រព្រឹត្ត​របស់​លោក​អ័ប្រាហាំ​ក្នុង​ការ​ខំ​ថ្វាយ​អ៊ីសាក បាន​បញ្ជាក់​សេចក្ដី​ប្រកាស​របស់​ព្រះ​មុន​នេះ ថា​អ័ប្រាហាំ​ជា​បុគ្គល​ដ៏​សុចរិត។ ដោយ​សារ​ការ​ប្រព្រឹត្ត​នៃ​ជំនឿ លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​ព្រះ ហើយ​ក៏​បាន​ហៅ​ថា​ជា ‹សំឡាញ់​របស់​ព្រះ​យេហូវ៉ា›។

១១. តើ​អ្វី​ជា​ទី​សំអាង​នៃ​ជំនឿ​ដែល​យើង​មាន ក្នុង​ករណី​នៃ​នាង​រ៉ាហាប?

១១ អ័ប្រាហាំ​បាន​ស​ឲ្យ​ឃើញ​ថា«មនុស្ស​បាន​រាប់​ជា​សុចរិត មិន​មែន​ដោយ​សារ​តែ​សេចក្ដី​ជំនឿ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​សារ​ការ​ប្រព្រឹត្ត​ដែរ»។ នេះ​ក៏​ជា​ការ​ជាក់​ស្តែង​ក្នុង​ករណី​នៃ​នាង​រ៉ាហាប​ដែរ ជា​ស្ត្រី​ពេស្យា​ម្នាក់​ក្នុង​ក្រុង​យេរីខូរ។ នាង​បាន​ត្រូវ‹រាប់​ជា​សុចរិត ដោយ​សារ​ការ​នាង​ប្រព្រឹត្ត គឺ​ក្នុង​កាល​ដែល​នាង​ទួល​ពួក​អ្នក[អ៊ីស្រាអែល]ដែល​គេ​ចាត់​មក​នោះ ហើយ​នាង​បាន​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​មួយ​ទៀត› ដើម្បី​ឲ្យ​គេ​គេច​ចេញ​ពី​ពួក​កាណាន ដែល​ជា​សត្រូវ​របស់​គេ។ មុន​នឹង​ជួយ​ពួក​ឈ្លប​នៃ​អ៊ីស្រាអែល នាង​បាន​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត​មួយ​អង្គ ហើយ​ពាក្យ​ជា​បន្ត​បន្ទាប់​របស់​នាង និង​ការ​ឈប់​ធ្វើ​ជា​ស្ត្រី​ពេស្យា ផ្ដល់​ទី​សំអាង​នៃ​ជំនឿ​របស់​នាង។ (យ៉ូស្វេ ២:៩​-​១១; ហេព្រើរ ១១:៣១) ក្រោយ​ពី​គំរូ​ទី​ពីរ​នេះ​នៃ​ជំនឿ ដែល​បាន​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត យ៉ាកុប​ក៏​មាន​ប្រសាសន៍​ថា៖ ‹សេចក្ដី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ប្រៀប​ដូច​ជា​រូប​កាយ បើ​ឥត​មាន​ព្រលឹង​ទេ នោះ​ក៏​ស្លាប់​ហើយ​ដែរ›។ នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ស្លាប់ នោះ​គឺ​ឥត​មាន​កម្លាំង ឬ «វិញ្ញាណ»ដ៏​រស់​ក្នុង​គាត់​ទេ ហើយ​គាត់​ក៏​មិន​អាច​សម្រេច​អ្វី​ដែរ។ ការ​គ្រាន់​តែ​អះអាង​ថា​មាន​ជំនឿ ក៏​ជា​ឥត​មាន​ជីវិត​ហើយ​ឥត​ប្រយោជន៍ ដូច​ជា​សព​ដែរ។ ប៉ុន្តែ ប្រសិន​បើ​យើង​មាន​ជំនឿ​ពិត នោះ​វា​នឹង​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ត​ដ៏​កោត​ខ្លាច​ព្រះ។

សូម​ទប់​ទល់​អណ្ដាត​របស់​អ្នក!

១២. តើ​អ្វី​ដែល​ត្រូវ​ធ្វើ​ដោយ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ?

១២ ការ​និយាយ​និង​ការ​បង្រៀន​អាច​ផ្ដល់​ទី​សំអាង​នៃ​ជំនឿ​ដែរ ប៉ុន្តែ​គឺ​ត្រូវ​ការ​ទប់​ទល់​ពាក្យ​សំដី​ដែរ។ (យ៉ាកុប ៣:១​-​៤) ជា​គ្រូ​ក្នុង​ក្រុម​ជំនុំ ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​ដ៏​ធ្ងន់ ហើយ​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ធំ​ចំពោះ​ព្រះ។ ដូច្នេះ គេ​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​រាប​ទាប​នូវ​បំណង​ចិត្ត​និង​គុណវុឌ្ឍិ​របស់​គេ។ ក្រោយ​ពី​ចំណេះ​និង​សមត្ថភាព ពួក​បុរស​ទាំង​នេះ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ និង​ពួក​អ្នក​ជឿ​គ្នា​ឯង។ (រ៉ូម ១២:៣, ១៦; កូរិនថូស​ទី​១ ១៣:៣, ៤) ពួក​អ្នក​ចាស់​ទុំ​ត្រូវ​សំអាង​ឱវាទ​របស់​គេ​លើ​ព្រះ​គម្ពីរ។ ប្រសិន​បើ​អ្នក​ចាស់​ទុំ​ម្នាក់​ឲ្យ​ឱវាទ​ខុស ហើយ​នេះ​បង្កើត​ឲ្យ​មាន​បញ្ហា​ដល់​អ្នក​ដទៃ នោះ​គាត់​នឹង​ត្រូវ​បាន​ជំនុំ​ជំរះ​ដោយ​ព្រះ តាម​រយៈ​ព្រះ​គ្រីស្ទ។ ដូច្នេះ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​មាន​ចិត្ត​រាប​ទាប​ហើយ​ឧស្សាហ៍​រៀន​សូត្រ ដោយ​កាន់​ខ្ជាប់​ដ៏​ស្មោះ​ត្រង់​នឹង​បន្ទូល​របស់​ព្រះ។

១៣. ហេតុ​អ្វី​ក៏​យើង​ជំពប់​ក្នុង​ពាក្យ​សំដី?

១៣ សូម្បី​តែ​គ្រូ​ដ៏​ប្រសើរ—តាម​ពិត យើង​រាល់​គ្នា—«ក៏​ជំពប់​ជា​ញយ​ៗ​ដែរ» ពី​ព្រោះ​យើង​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍។ ការ​ជំពប់​ដោយ​ពាក្យ​សំដី ជា​គុណ​វិបត្ដិ​ដ៏​គ្រោះ​ថ្នាក់​ហើយ​មាន​ច្រើន​ជាង​គេ​បង្អស់។ យ៉ាកុប​និយាយ​ថា៖ «បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់ល័ក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប​កាយ​ទាំង​មូល​បាន​ដែរ»។ មិន​ដូច​ព្រះ​យេស៊ូ​គ្រីស្ទ យើង​ឥត​មាន​ការ​ទប់​អណ្ដាត​ឲ្យ​បាន​គ្រប់ល័ក្ខណ៍​នោះ​ទេ។ ប្រសិន​បើ​អាច​ធ្វើ​បាន នោះ​យើង​អាច​ទប់​អវយវៈ​នៃ​រូប​កាយ​ទាំង​មូល​ទៀត​ដែរ។ ដ្បិត បង្ហៀរ​និង​បង្ខាំ ធ្វើ​ឲ្យ​សេះ​ទៅ​ឯ​ណា​ដែល​យើង​បង្គាប់​វា ហើយ​តាម​រយៈ​ចង្កូត​ដ៏​តូច​មួយ សូម្បី​តែ​នាវា​ដ៏​ធំ​មួយ​ក៏​អាច​បើក​បាន ដោយ​ខ្យល់​ខ្លាំង តាម​តែ​សេចក្ដី​ប្រាថ្នា​នៃ​អ្នក​បើក​ចង្កូត​នាវា​ដែរ។

១៤. តើ​តាម​របៀប​ណា​ដែល​យ៉ាកុប​បញ្ជាក់​នូវ​ការ​ខំ​ប្រឹង ដើម្បី​ឲ្យ​ទប់​អណ្ដាត?

១៤ យើង​គ្រប់​គ្នា​ត្រូវ​តែ​សារភាព​ដ៏​ទៀង​ត្រង់​ថា ដើម្បី​ទប់​អណ្ដាត នោះ​គឺ​ត្រូវ​ការ​ខំ​ប្រឹង​ណាស់។ (យ៉ាកុប ៣:៥​-​១២) បើប្រៀប​ធៀប​ទៅ​នឹង​សេះ បង្ហៀរ​គឺ​តូច ហើយ​ចង្កូត​ក៏​តូច​មួយ​ដែរ បើ​ប្រៀប​ទៅ​នឹង​នាវា​មួយ។ ហើយ​ពេល​ដែល​យក​មក​ប្រៀប​ធៀប​នឹង​រូប​កាយ​មនុស្ស អណ្ដាត​គឺ​តូច«ប៉ុន្តែ​ចេះ​អួតអាង​យ៉ាង​សម្បើម​ណាស់»។ ពី​ព្រោះ​ព្រះ​គម្ពីរ​បង្ហាញ​ឲ្យ​ច្បាស់​ថា ការ​អួតអាង​ជា​អ្វី​ដែល​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ នោះ​សូម​ឲ្យ​យើង​សុំ​ជំនួយ​ពី​ទ្រង់​ឲ្យ​ជួយ​យើង​ក្នុង​ការ​ទប់​ពី​ការ​នេះ។ (ទំនុកដំកើង ១២:៣, ៤; កូរិនថូស​ទី​១ ៤:៧) សូម​ឲ្យ​យើង​ទប់​អណ្ដាត​របស់​យើង ពេល​ដែល​មាន​កំហឹង ដោយ​ចាំ​ថា ត្រូវ​ការ​ភ្លើង​គ្រាន់​តែ​បន្ដិច​ទេ ដើម្បី​បញ្ឆេះ​ព្រៃ​ធំ​ៗ​នោះ។ ដូច​ជា​យ៉ាកុប​បាន​បង្ហាញ​មក «អណ្ដាត​ក៏​ជា​ភ្លើង​ដែរ» ដែល​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ធំ។ (សុភាសិត ១៨:២១) អណ្ដាត​ដែល​មិន​ទប់​ទល់ «គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត»! លក្ខណៈ​អាក្រក់​នៃ​លោកីយ៍​ដ៏​ល្មើស​នេះ គឺ​ទាក់​ទង​នឹង​អណ្ដាត​ដ៏​ឥត​ចេះ​ទប់។ អណ្ដាត​គឺ​ទទួល​ខុស​ត្រូវ​ចំពោះ​របស់​ដ៏​ហិនហោច ដូច​ជា​ពាក្យ​បង្កាច់ និង​ការ​បង្រៀន​ក្លែង​ក្លាយ។ (លេវីវិន័យ ១៩:១៦; ពេត្រុស​ទី​២ ២:១) តើ​អ្នក​គិត​យ៉ាង​ណា​ដែរ? តើ​ជំនឿ​របស់​យើង មិន​គួរ​ធ្វើ​ឲ្យ​យើង​ខំ​ប្រឹង​ទប់​អណ្ដាត​របស់​យើង​ទេ​ឬ?

១៥. តើ​អាច​មាន​គ្រោះ​ថ្នាក់​អ្វី ដោយ​អណ្ដាត​ដែល​ឥត​ចេះ​ទប់?

១៥ អណ្ដាត​ដែល​ឥត​ចេះ​ទប់‹ធ្វើ​ឲ្យ​យើង​ខូច​កិត្ដិយស›ទាំង​ស្រុង។ ជា​ឧទាហរណ៍ ប្រសិន​បើ​គេ​ចាប់​យើង​ភូត​ភរ​រាល់​តែ​ដង នោះ​គេ​អាច​សម្គាល់​យើង​ជា​អ្នក​ភូត​ភរ។ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​អណ្ដាត​ដ៏​ឥត​ចេះ​ទប់ ‹បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត›? ដោយ​ធ្វើ​ឲ្យ​ជីវិត ដូច​ជា​ធ្វើ​ឲ្យ​មាន​បញ្ហា​មិន​ចេះ​ចប់។ ក្រុម​ជំនុំ​ទាំង​មូល​ប្រហែល​ជា​អាក់​អន់​ចិត្ត​ដោយ​អណ្ដាត​ដែល​ឥត​ចេះ​ទប់។ យ៉ាកុប​បាន​និយាយ​អំពី«ហ្គេហេណា» ជា​ជ្រលង​នៃ​ហ៊ីនណំម។ កន្លែង​នេះ​ដែល​ធ្លាប់​ប្រើ​សំរាប់​ធ្វើ​យញ្ញ​បូជា​កូន​ចៅ បាន​ក្លាយ​ទៅ​ជា​កន្លែង​ចោល​សំរាម​នៃ​ក្រុង​យេរូសាឡិម​ដោយ​ដុត​ក្នុង​ភ្លើង។ (យេរេមា ៧:៣១) ដូច្នេះ​ហ្គេហេណា ជា​តំណាង​នៃ​ការ​ហិន​វិនាស។ ក្នុង​ន័យ​មួយ ហ្គេហេណា​ប្រើ​អំណាច​ដ៏​បំផ្លាញ​របស់​វា ទៅ​នឹង​អណ្ដាត​ដ៏​ឥត​ចេះ​ទប់។ ប្រសិន​បើ​យើង​មិន​ទប់​អណ្ដាត​របស់​យើង នោះ​យើង​ក៏​ក្លាយ​ទៅ​ជា​អ្នក​រង​គ្រោះ​នៃ​ភ្លើង​ឆេះ ដែល​យើង​បាន​បញ្ឆេះ។ (ម៉ាថាយ ៥:២២) យើង​ក៏​អាច​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​ជំនុំ​ដែរ ចំពោះ​ការ​ជេរ​ប្រមាថ​បុគ្គល​ណា​ម្នាក់។—កូរិនថូស​ទី​១ ៥:១១​-​១៣

១៦. ដោយ​ដឹង​នូវ​ការ​បំផ្លិច​បំផ្លាញ​ដែល​អាច​មាន​ពី​អណ្ដាត​ដែល​ឥត​ចេះ​ទប់ តើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ?

១៦ ដូច​ជា​អ្នក​ប្រហែល​ជា​ដឹង​ពី​ការ​អាន​បន្ទូល​របស់​ព្រះ ព្រះ​យេហូវ៉ា​បាន​ចេញ​ក្រិត្យ​ថា មនុស្ស​ត្រូវ​មាន​អំណាច​លើ​សត្វ​ទាំង​ឡាយ។ (លោកុប្បត្តិ ១:២៨) ហើយ​សត្វ​គ្រប់​ចំ​ពូក​នឹង​ត្រូវ​បាន​ផ្សាំង។ ជា​ឧទាហរណ៍ សត្វ​ស្ទាំង​ដែល​បាន​បង្ហាត់ បាន​គេ​យក​ប្រើ​សំរាប់​ដេញ​ចាប់​បក្សី។ ‹សត្វ​លូន​វា› ដែល​យ៉ាកុប​បាន​រៀប​រាប់​នោះ ប្រហែល​ជា​រួម​បញ្ចូល​ពស់ ដែល​កាន់​កាប់​ដោយ​គ្រូ​អាយ​ល​ម្ពា​យ។ (ទំនុកដំកើង ៥៨:៤, ៥) មនុស្ស​ថែម​ទាំង​អាច​មាន​អំណាច​លើ​ត្រី​បាឡែន ប៉ុន្តែ ជា​មនុស្ស​មាន​បាប យើង​មិន​អាច​ផ្សាំង​អណ្ដាត​ឲ្យ​បាន​ពេញ​លេញ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ចៀស​វាង​ពី​ពាក្យ​សំដី​ដ៏​ប្រមាថ បញ្ឈឺ ឬ​ដ៏​បង្ខូច។ អណ្ដាត​ដែល​មិន​ចេះ​ទប់​អាច​ទៅ​ជា​ប្រដាប់​ដ៏​មាន​គ្រោះ​ថ្នាក់ គឺ​ពេញ​ទៅ​ដោយ​ពិស​ដែល​បណ្ដាល​ឲ្យ​ស្លាប់។ (រ៉ូម ៣:១៣) គួរ​ឲ្យ​ស្ដាយ​ណាស់ អណ្ដាត​នៃ​ពួក​គ្រូ​ក្លែង​ក្លាយ​បាន​បំបែរ​ពួក​គ្រីស្ទាន​សម័យ​ដើម​ចេញ​ពី​ព្រះ។ ដូច្នេះ សូម​កុំ​ឲ្យ​ពាក្យ​សំដី​របស់​ពួក​អ្នក​ក្បត់​ជំនឿ​មាន​ជ័យ​ជំនះ​មក​លើ​យើង​ឡើយ មិន​ថា​តាម​ពាក្យ​សំដី​ឬ​តាម​ការ​សរសេរ។—ធីម៉ូថេ​ទី​១ ១:១៨​-​២០; ពេត្រុស​ទី​២ ២:១​-​៣

១៧, ១៨. តើ​ភាព​មិន​ដូច​គ្នា​យ៉ាង​ណា ដែល​បង្ហាញ​នៅ​យ៉ាកុប ៣:៩​-​១២ ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ចំពោះ​រឿង​នេះ?

១៧ ជំនឿ​លើ​ព្រះ និង​ការ​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់ អាច​ការ​ពារ​យើង​ពី​សេចក្ដី​ក្បត់​ជំនឿ ហើយ​អាច​បង្ការ​យើង​ពី​ប្រើ​អណ្ដាត​ដ៏​ឥត​ត្រឹម​ត្រូវ។ ក្នុង​ការ​សំដៅ​ទៅ​ពួក​អ្នក​ខ្លះ​ដែល​ម្ដង​ធ្វើ​ដូច្នេះ​ម្ដង​ធ្វើ​ដូច្នោះ យ៉ាកុប​មាន​ប្រសាសន៍​ថា‹ដោយ​សារ​អណ្ដាត នោះ​យើង​សរសើរ​ដំកើង​ដល់​ព្រះ​វរបិតា ព្រះ​យេហូវ៉ា ហើយ​ដាក់​បណ្ដាសា​ដល់​មនុស្ស​ដែល​កើត​មក​តាម​រូប​អង្គ​ព្រះ​ផង›។ (លោកុប្បត្តិ ១:២៦) ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​របស់​យើង ក្នុង​ន័យ​ថា​ទ្រង់«ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក»។ (កិច្ច​ការ ១៧:២៤, ២៥) ទ្រង់​ក៏​ជា​ព្រះ​វរបិតា​នៃ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ក្នុង​ន័យ​ខាង​វិញ្ញាណ​ដែរ។ យើង​គ្រប់​គ្នា​គឺ«កើត​មក​តាម​រូប​អង្គ​ព្រះ» ស្តី​អំពី​គុណសម្បត្ដិ​ខាង​គំនិត​និង​សីលធម៌ ដែល​មាន​សេចក្ដី​ស្រឡាញ់ យុត្ដិធម៌ និង​ប្រាជ្ញា ដែល​ធ្វើ​ឲ្យ​យើង​ខុស​ប្លែក​ពី​សត្វ​ទាំង​ឡាយ។ ដូច្នេះ តើ​យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​យើង​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា?

១៨ ប្រសិន​បើ​យើង​នឹង​ដាក់​បណ្ដាសា​មនុស្ស នោះ​មាន​ន័យ​ថា​យើង​នឹង​អំពាវ​នាវ ឬ​ហៅ​សេចក្ដី​អាក្រក់​លើ​ពួក​គេ។ ពី​ព្រោះ​យើង​មិន​មែន​ជា​ពួក​ព្យាការី​ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​ដាក់​បណ្ដាសា​លើ​អ្នក​ណា​ម្នាក់ នោះ​ពាក្យ​សំដី​បែប​នេះ គឺ​ជា​ទី​សំអាង​នៃ​ការ​ស្អប់ ដែល​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​យើង​ទៅ​ជា​ឥត​ប្រយោជន៍។ គឺ​មិន​ជា​ត្រឹម​ត្រូវ​ទេ ដែល‹ពរ​និង​ការ​ប្រទេច​ផ្ដាសា› ចេញ​មក​ពី​មាត់​តែ​មួយ​នោះ។ (លូកា ៦:២៧, ២៨; រ៉ូម ១២:១៤, ១៧​-​២១; យូដាស ៩) តើ​នឹង​មាន​បាប​យ៉ាង​ណា​ទៅ​ហ្ន៎ ក្នុង​ការ​សរសើរ​ព្រះ​នៅ​ឯ​កិច្ច​ប្រជុំ ហើយ​ក្រោយ​មក ប្រទេច​ផ្ដាសា​អ្នក​ជឿ​គ្នា​ឯង​នោះ! ទឹក​សាប​និង​ទឹក​ភ្លាវ មិន​អាច​ចេញ​ពី​រន្ធ​ទឹក​តែ​មួយ​បាន​ទេ។ ដូច​ជា‹ដើម​ល្វា​មិន​អាច​បង្កើត​ផ្លែ​អូលីវ​ឬ​ដើម​ទំពាំង​បាយ​ជូរ› នោះ​ទឹក​ប្រៃ​ក៏​មិន​អាច​បង្កើត​ទឹក​សាប​បាន​ឡើយ។ អ្វី​មួយ​ច្បាស់​ជា​ខុស​ខាង​វិញ្ញាណ​ហើយ ប្រសិន​បើ​យើង ដែល​គួរ​និយាយ​របស់​ល្អ​ៗ តែ​បែរ​ទៅ​ជា​និយាយ​ពាក្យ​ដ៏​ជូរ​ចត់​ទៅ​វិញ​នោះ។ ប្រសិន​បើ​យើង​ធ្លាក់​ក្នុង​ទម្លាប់​បែប​នេះ សូម​ឲ្យ​យើង​អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ឲ្យ​ឈប់​និយាយ​តាម​របៀប​នេះ​ទៀត។—ទំនុកដំកើង ៣៩:១

ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ពី​ខាង​លើ

១៩. ប្រសិន​បើ​យើង​បាន​ត្រូវ​ដឹក​នាំ​ដោយ​ប្រាជ្ញា​ពី​ស្ថាន​សួគ៌ តើ​យើង​អាច​មាន​ឥទ្ធិពល​លើ​អ្នក​ដទៃ​យ៉ាង​ដូច​ម្ដេច?

១៩ យើង​រាល់​គ្នា​ត្រូវ​ការ​ប្រាជ្ញា ក្នុង​ការ​និយាយ​និង​ធ្វើ​អ្វី​ដែល​សម​ជា​ពួក​អ្នក​ដែល​មាន​ជំនឿ។ (យ៉ាកុប ៣:១៣​-​១៨) ប្រសិន​បើ​យើង​មាន​ការ​កោត​ខ្លាច​ដ៏​គោរព​ដល់​ព្រះ នោះ​ទ្រង់​នឹង​ប្រទាន​យើង​នូវ​ប្រាជ្ញា​ពី​ស្ថាន​សួគ៌ គឺ​សមត្ថភាព​ដើម្បី​ប្រើ​ចំណេះ​ឲ្យ​បាន​ត្រឹម​ត្រូវ។ (សុភាសិត ៩:១០; ហេព្រើរ ៥:១៤) បន្ទូល​របស់​ព្រះ​បង្រៀន​យើង​នូវ​របៀប«ដើម្បី​សម្ដែង​សេចក្ដី​សុភាព​នៃ​ប្រាជ្ញា»។ ហើយ​ដោយ​សារ​យើង​មាន​ចិត្ត​សុភាព យើង​នាំ​ឲ្យ​មាន​ការ​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។ (កូរិនថូស​ទី​១ ៨:១, ២) អ្នក​ណា​មួយ​ដែល​អួតអាង​អំពី​ខ្លួន​ជា​គ្រូ​ឧត្តម​នៃ​អ្នក​ជឿ​គ្នា​ឯង គឺ‹កុហក​ទទឹង​នឹង​សេចក្ដី​ពិត› ដែល​ផ្ដន្ទា​ទោស​ការ​អួត​បំប៉ោង​របស់​គេ។ (កាឡាទី ៥:២៦) «ប្រាជ្ញា»របស់​គេ គឺ«របស់​ផល​លោកីយ៍»—ដែល​មាន​លក្ខណៈ​នៃ​មនុស្ស​បាប ដែល​ឃ្លាត​ចេញ​ពី​ព្រះ។ នេះ​គឺ«សត្វ» ដែល​ជា​ផលិតផល​នៃ​ទំនោរ​ចិត្ត​ខាង​សាច់​ឈាម។ ហើយ​ព្រម​ទាំង​ជា«ខាង​អារក្ស»ផង ពី​ព្រោះ​ពួក​វិញ្ញាណ​អាក្រក់ គឺ​ក្រអឺត​ក្រអោង! (ធីម៉ូថេ​ទី​១ ៣:៦) ដូច្នេះ សូម​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​និង​ដោយ​ចិត្ត​រាប​ទាប ដើម្បី​កុំ​ឲ្យ​ធ្វើ​អ្វី​ដែល​អាច​បង្កើត​ឲ្យ​មាន​បរិយាកាស ដែល​មាន‹សេចក្ដី​អាក្រក់› ដូច​ជា​ពាក្យ​ជេរ​ប្រមាថ និង​ការ​រើស​មុខ​អាច​ដុះ​មាន​ឡើង។

២០. តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​រៀប​រាប់​អំពី​ប្រាជ្ញា​ខាង​ស្ថាន​សួគ៌?

២០ «ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ» ដែល​ធ្វើ​ឲ្យ​យើង​បាន​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ។ (កូរិនថូស​ទី​២ ៧:១១) នេះ​គឺ«មាន​មេត្រី​ចិត្ត» ដែល​ជំរុញ​ឲ្យ​យើង​ស្វែង​រក​មេត្រី​ភាព។ (ហេព្រើរ ១២:១៤) ប្រាជ្ញា​ខាង​ស្ថាន​សួគ៌​ធ្វើ​ឲ្យ​យើង​មាន«សេចក្ដី​សំឡូត» មិន​មែន​មានះ​តាម​គំនិត​ខ្លួន ហើយ​ពិបាក​ចុះ​ចូល​ជា​មួយ​គេ​នោះ​ឡើយ។ (ភីលីព ៤:៥) ប្រាជ្ញា​ពី​ស្ថាន​លើ គឺ‹ប្រុង​នឹង​គោរព​តាម› ដល់​ការ​បង្រៀន​របស់​ព្រះ ហើយ​សហប្រតិបត្ដិការ​ជា​មួយ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ (រ៉ូម ៦:១៧) ប្រាជ្ញា​ពី​ស្ថាន​លើ ក៏​ធ្វើ​ឲ្យ​យើង​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា។ (យូដាស ២២, ២៣) ដោយ​ពេញ​ដោយ«ផល​ល្អ» នេះ​ធ្វើ​ឲ្យ​មាន​ការ​ខ្វល់​ខ្វាយ​ដល់​អ្នក​ដទៃ ហើយ​ការ​ប្រព្រឹត្ត​ដែល​សម​ស្រប​នឹង​សេចក្ដី​ល្អ សេចក្ដី​សុចរិត និង​សេចក្ដី​ពិត។ (អេភេសូរ ៥:៩) ហើយ​ជា​អ្នក​ដែល​បង្កើត​ឲ្យ​មាន​មេត្រី យើង​មាន«ផល​នៃ​សេចក្ដី​សុចរិត» ដែល​លូត​លាស់​ក្រោម​ស្ថានការណ៍​ដ៏​សុខ​សាន្ត។

២១. យោង​ទៅ​តាម​យ៉ាកុប ២:១–៣:១៨ តើ​ជំនឿ​របស់​យើង​លើ​ព្រះ នឹង​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី?

២១ ដូច្នេះ យ៉ាង​ច្បាស់​ណាស់ ជំនឿ​ជំរុញ​យើង​ឲ្យ​មាន​សកម្មភាព។ នេះ​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ឥត​រើស​មុខ ពេញ​ដោយ​មេត្ដា​ករុណា ហើយ​ដ៏​សកម្ម​ក្នុង​កិច្ច​ការ​ល្អ។ ជំនឿ​ជួយ​យើង​ឲ្យ​ទប់​អណ្ដាត ហើយ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ខាង​ស្ថាន​សួគ៌។ ប៉ុន្តែ គឺ​មិន​មាន​តែ​ប៉ុណ្ណោះ​ទេ​ដែល​យើង​អាច​រៀន​ពី​សំបុត្រ​របស់​គាត់​នោះ។ យ៉ាកុប​ក៏​មាន​ឱវាទ​ថែម​ទៀត ដែល​អាច​ជួយ​យើង​ឲ្យ​កាន់​មារយាទ តាម​របៀប​ដែល​សម​នឹង​ពួក​ដែល​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​អ្វី​ជា​ការ​ខុស​ដោយ​បង្ហាញ​ការ​រើស​មុខ?

◻ តើ​ជំនឿ​និង​ការ​ប្រព្រឹត្ត​ទាក់​ទង​គ្នា​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ ដើម្បី​ទប់​អណ្ដាត?

◻ តើ​ប្រាជ្ញា​ពី​ស្ថាន​សួគ៌​មាន​សភាព​យ៉ាង​ណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក