បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/៤ ទំ. ១៨-២២
  • តើអ្នកពិតជាជឿលើដំណឹងល្អមែនទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកពិតជាជឿលើដំណឹងល្អមែនទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • យើង​ត្រូវ​ការ​ជំនឿ​មែន!
  • ជំនឿ​លើ​បន្ទូល​របស់​ព្រះ​ជា​អ្វី​ដ៏​ចាំ​បាច់
  • ជំនឿ​និង​ការ​ចិញ្ចឹម​ជីវិត
  • ជំនឿ​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ការ​សោក​សង្រេង
  • ជំនឿ​តែង​ពង្រឹង​កម្លាំង​នៃ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត
  • ជំនឿ​និង​ទុក្ខ​លំបាក​ផ្សេង​ៗ
  • ចូរ​មាន​ជំនឿ​ទៅ​លើ​បន្ទូល​របស់​ព្រះ​ជា​និច្ច
  • ចូរបង្ហាញជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • «សូមផ្ដល់ជំនឿមកយើងថែមទៀត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ជំនឿ ជាគុណសម្បត្ដិមួយដែលជួយពង្រឹងកម្លាំងយើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • តើជំនឿរបស់អ្នកខ្លាំងប៉ុនណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/៤ ទំ. ១៨-២២

តើ​អ្នក​ពិត​ជា​ជឿ​លើ​ដំណឹង​ល្អ​មែន​ទេ?

«នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ!»។—ម៉ាកុស ១:១៥

១, ២. ម៉ាកុស ១:១៤, ១៥ តើ​អ្នក​នឹង​ពន្យល់​ន័យ​ក្នុង​ខ​នេះ​យ៉ាង​ដូច​ម្ដេច?

នៅ​ឆ្នាំ​៣០ ស.យ. ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ចាប់​ផ្ដើម​កិច្ច​បំរើ​ផ្សាយ​ដ៏​សំខាន់​របស់​ទ្រង់​នៅ​ស្រុក​កាលីឡេ។ ព្រះ​យេស៊ូ​បាន​ប្រកាស​ប្រាប់«ដំណឹង​ល្អ​ពី​នគរ​ព្រះ» ហើយ​អ្នក​ស្រុក​កាលីឡេ​ជា​ច្រើន​មាន​ចិត្ត​រំជួល​ពេល​ឮ​ទ្រង់​មាន​បន្ទូល​ថា៖ «ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់។ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ!»។—ម៉ាកុស ១:១៤, ១៥

២ «ពេល​វេលា»ឬ​កំណត់​ពេល​បាន​មក​ដល់ ឲ្យ​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​កិច្ច​បំរើ​ផ្សាយ​របស់​ទ្រង់ ហើយ​ពេល​នោះ​ក៏​ជា​គ្រា​គួរ​ឲ្យ​មនុស្ស​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​អាច​នាំ​ឲ្យ​គេ​ទទួល​ព្រះ​គុណ​ពី​ព្រះ។ (លូកា ១២:៥៤​-​៥៦) ‹នគរ​ព្រះ​ជិត​មក​ដល់​ហើយ› ដោយ​ព្រោះ​នៅ​ពេល​នោះ​ព្រះ​យេស៊ូ​មាន​វត្តមាន​ជា​ស្តេច​ដែល​បាន​តែង​តាំង​រួច​ទៅ​ហើយ។ កិច្ច​ផ្សព្វ​ផ្សាយ​របស់​ព្រះ​យេស៊ូ​បាន​ជំរុញ​ចិត្ត​មនុស្ស​ដែល​ចង់​បាន​សេចក្ដី​ពិត​ឲ្យ​ប្រែ​ចិត្ត​វិញ។ ប៉ុន្តែ តើ​ពួក​គេ​អាច​បង្ហាញ​ចិត្ត«ជឿ​ដំណឹង​ល្អ»នេះ​យ៉ាង​ណា? ហើយ តើ​យើង​អាច​បង្ហាញ​ចិត្ត«ជឿ​ដំណឹង​ល្អ»នេះ​យ៉ាង​ណា​ដែរ?

៣. តើ​មនុស្ស​បាន​ធ្វើ​យ៉ាង​ណា ដើម្បី​បង្ហាញ​ថា​ខ្លួន​ជឿ​ទៅ​លើ​ដំណឹង​ល្អ?

៣ សាវ័ក​ពេត្រុស​ក៏​ដូច​ជា​ព្រះ​យេស៊ូ​ដែរ​បាន​ដាស់​តឿន​មនុស្ស​ឲ្យ​ប្រែ​ចិត្ត។ ពេល​ពេត្រុស​និយាយ​ទៅ​កាន់​ពួក​សាសន៍​យូដា​នៅ​ទី​ក្រុង​យេរូសាឡិម​នា​ឆ្នាំ​៣៣ ស.យ. គាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ! ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រែ​ចិត្ត និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ក៏​ក្លាយ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ។ (កិច្ច​ការ ២:៣៨, ៤១; ៤:៤) នៅ​ឆ្នាំ​៣៦ ស.យ. ពួក​សាសន៍​ដទៃ​ដែល​បាន​ប្រែ​ចិត្ត ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។ (កិច្ច​ការ ១០:១​-​៤៨) សព្វ​ថ្ងៃ ជំនឿ​លើ​ដំណឹង​ល្អ​កំពុង​តែ​ជំរុញ​ចិត្ត​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​ប្រែ​ចិត្ត​ពី​អំពើ​បាប និង​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ពួក​គេ​ព្រម​ទទួល​ដំណឹង​ល្អ​នេះ​ដែល​អាច​នាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ហើយ​ពួក​គេ​កំពុង​តែ​បង្ហាញ​ជំនឿ​ទៅ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។ បន្ថែម​ទៅ​ទៀត កិរិយា​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​សុចរិត ហើយ​បាន​គាំទ្រ​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

៤. តើ​ជំនឿ​ជា​អ្វី​ទៅ?

៤ ប៉ុន្តែ តើ​ជំនឿ​ជា​អ្វី​ទៅ? សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ»។ (ហេព្រើរ ១១:១) ជំនឿ​របស់​យើង​ធ្វើ​ឲ្យ​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​សន្យា​ក្នុង​បន្ទូល​របស់​ទ្រង់ នឹង​សម្រេច​ជា​ពុំ​ខាន។ នេះ​គឺ​ប្រៀប​ដូច​ជា​យើង​បាន​ទទួល​លិខិត​ដែល​មាន​ទី​សំអាង​ថា យើង​នឹង​ទៅ​ជា​ម្ចាស់​នៃ​ទ្រព្យ​សម្បត្ដិ​ណា​មួយ។ ជំនឿ​ក៏​ជា«សំគាល់»ឬ​ទី​សំអាង​ឲ្យ​យើង​ដឹង​ជាក់​អំពី​អ្វី​ដែល​យើង​មើល​មិន​ឃើញ។ ការ​ត្រិះរិះ​ពិចារណា​និង​ចិត្ត​កតញ្ញូ​ជំរុញ​យើង​ឲ្យ​ជឿ​ថា អ្វី​ៗ​ដែល​យើង​មើល​មិន​អាច​ឃើញ​នោះ ពិត​ជា​មាន​មែន។—កូរិនថូស​ទី​២ ៥:៧; អេភេសូរ ១:១៨

យើង​ត្រូវ​ការ​ជំនឿ​មែន!

៥. ហេតុ​អ្វី​បាន​ជា​ជំនឿ​ជា​អ្វី​ដែល​សំខាន់​ដូច្នេះ?

៥ តាំង​ពី​ថ្ងៃ​ដែល​យើង​កើត​មក​នោះ យើង​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ ប៉ុន្តែ​យើង​មិន​អាច​កើត​មក​ដោយ​មាន​ជំនឿ​ស្រាប់​នោះ​ទេ។ តាម​ពិត «មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្ដី​ជំនឿ​ទេ»។ (ថែស្សាឡូនីច​ទី​២ ៣:២) ក៏​ប៉ុន្តែ ជន​គ្រីស្ទាន​ត្រូវ​តែ​មាន​ជំនឿ​ដើម្បី​ទទួល​អំណោយ​ពរ​តាម​សេចក្ដី​សន្យា​របស់​ព្រះ។ (ហេព្រើរ ៦:១២) ប៉ុល​បាន​រៀប​រាប់​អំពី​មនុស្ស​ជា​ច្រើន​ដែល​មាន​ជំនឿ​ទុក​ជា​គំរូ​ល្អ​នោះ ហើយ​ក្រោយ​មក​គាត់​ក៏​បាន​សរសេរ​ថា៖ «ដែល​មាន​ស្មរ​បន្ទាល់​១​ហ្វូង​ធំ​ម្ល៉េះ​នៅ​ព័ទ្ធ​ជុំ​វិញ​យើង នោះ​ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក នឹង​អំពើ​បាប ដែល​រុំ​យើង​ជុំ​វិញ​ជា​ងាយ​ម្ល៉េះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​រំពឹង​មើល​ដល់​ព្រះ​យេស៊ូវ​ដ៏​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង»។ (ហេព្រើរ ១២:១, ២) តើ​អ្វី​ជា«បាប ដែល​រុំ​យើង​ជុំ​វិញ​ជា​ងាយ»? បាប​នោះ​គឺ​ជា​ការ​ខ្វះ​ជំនឿ ឬ​ការ​បាត់​បង់​ជំនឿ​ដែល​យើង​ធ្លាប់​មាន​ពី​មុន។ ដើម្បី​រក្សា​ឲ្យ​មាន​ជំនឿ​ជឿ​មុត​មាំ​ជា​និច្ច នោះ​យើង​ត្រូវ‹រំពឹង​មើល​ព្រះ​យេស៊ូ› ហើយ​យក​តម្រាប់​តាម​គំរូ​របស់​ទ្រង់។ បន្ថែម​ទៅ​ទៀត យើង​ត្រូវ​បដិសេធ​ចោល​អំពើ​អសីលធម៌ នឹង​ត្រូវ​ទប់​ទល់​ពី​ការ​ប្រព្រឹត្ត​ខាង​សាច់​ឈាម ជៀស​វាង​ពី​វត្ថុ​និយម ទស្សនវិជ្ជា​របស់​លោកីយ៍ ហើយ​និង​ទំនៀម​ទំលាប់​ណា​ដែល​ប្រឆាំង​ព្រះ​គម្ពីរ។ (កាឡាទី ៥:១៩​-​២១; កូល៉ុស ២:៨; ធីម៉ូថេ​ទី​១ ៦:៩, ១០; យូដាស ៣, ៤) ម្យ៉ាង​ទៀត យើង​ត្រូវ​ទុក​ចិត្ត​ថា ព្រះ​គង់​នៅ​ជា​មួយ​យើង​មែន ហើយ​យើង​ក៏​ត្រូវ​ជឿ​ថា ដំបូន្មាន​ក្នុង​បន្ទូល​របស់​ទ្រង់​គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព។

៦, ៧. ហេតុ​អ្វី​បាន​ជា​ការ​អធិស្ឋាន​សុំ​ជំនឿ​នោះ មិន​ជា​អ្វី​ខុស​ទេ?

៦ យើង​មិន​អាច​តាំង​ចិត្ត​បង្កើត​ជំនឿ​ដោយ​អាង​សមត្ថភាព​ខ្លួន​ឯង​ប៉ុណ្ណោះ​បាន​ឡើយ។ ជំនឿ​ជា​ផល​ផ្លែ​មួយ​នៃ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ដែល​ជា​សកម្មពល​របស់​ទ្រង់។ (កាឡាទី ៥:២២, ២៣, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ដូច្នេះ ចុះ​យ៉ាង​ណា​បើ​ជំនឿ​របស់​យើង​ខ្សោយ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «បើ​អ្នក . . . ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា ដែល​គង់​ស្ថាន​សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត!»។ (លូកា ១១:១៣) ត្រូវ​មែន ចូរ​យើង​អធិស្ឋាន​សុំ​វិញ្ញាណ​បរិសុទ្ធ ពីព្រោះ​វិញ្ញាណ​នោះ​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដែល​យើង​ត្រូវ​ការ ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ សូម្បី​តែ​ក្រោម​កាលៈទេសៈ​ដ៏​ពិបាក​បំផុត​ក៏​ដោយ។—អេភេសូរ ៣:២០

៧ ការ​អធិស្ឋាន​សុំ​ជំនឿ​បន្ថែម​ទៀត​នោះ មិន​ជា​អ្វី​ខុស​ទេ។ ពេល​ព្រះ​យេស៊ូ​រៀប​នឹង​ដេញ​បិសាច​ចេញ​ពី​ក្មេង​ប្រុស​ម្នាក់ បិតា​របស់​បុរស​នោះ​បាន​អង្វរ​ព្រះ​យេស៊ូ​ថា៖ «ខ្ញុំ​ជឿ​ហើយ​លោក​ម្ចាស់​អើយ! សូម​ជួយ​ចំពោះ​សេចក្ដី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង»។ (ម៉ាកុស ៩:២៤) សាវ័ក​របស់​ព្រះ​យេស៊ូ​ក៏​មាន​ប្រសាសន៍​ថា៖ «សូម​ទ្រង់​ចំរើន​សេចក្ដី​ជំនឿ​ដល់​យើង​ខ្ញុំ​ទៀត​ផង»។ (លូកា ១៧:៥) ដូច្នេះ​ហើយ ចូរ​យើង​អធិស្ឋាន​សុំ​ជំនឿ​ដោយ​មាន​ទំនុក​ចិត្ត​ថា ព្រះ​នឹង​ប្រទាន​តាម​សំណូម​របស់​យើង។—យ៉ូហាន​ទី​១ ៥:១៤

ជំនឿ​លើ​បន្ទូល​របស់​ព្រះ​ជា​អ្វី​ដ៏​ចាំ​បាច់

៨. តើ​ជំនឿ​លើ​បន្ទូល​របស់​ព្រះ​អាច​ជួយ​យើង​បាន​យ៉ាង​ណា?

៨ មិន​យូរ​ប៉ុន្មាន​មុន​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ជា​យញ្ញ​បូជា​នោះ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា៖ «កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ។ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ»។ (យ៉ូហាន ១៤:១) ក្នុង​នាម​ជា​ជន​គ្រីស្ទាន យើង​មាន​ជំនឿ​លើ​ព្រះ​និង​រាជបុត្រ​របស់​ទ្រង់។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​បន្ទូល​របស់​ព្រះ? បន្ទូល​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ក្នុង​ការ​នាំ​ឲ្យ​ជីវិត​យើង​ទទួល​ប្រយោជន៍ បើ​យើង​សិក្សា​និង​អនុវត្ត​តាម​បន្ទូល​នោះ​ដោយ​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​ជំនឿ​ថា បន្ទូល​របស់​ព្រះ​ផ្ដល់​ការ​ណែនាំ​និង​ដំបូន្មាន​ដ៏​ល្អ​បំផុត។—ហេព្រើរ ៤:១២

៩, ១០. តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា នូវ​សេចក្ដី​ក្នុង​យ៉ាកុប ១:៥​-​៨ ដែល​រៀប​រាប់​អំពី​ជំនឿ?

៩ ជីវិត​របស់​យើង​ជា​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍ តែង​ពេញ​ទៅ​ដោយ​ទុក្ខ​លំបាក។ ប៉ុន្តែ ជំនឿ​លើ​បន្ទូល​របស់​ព្រះ​អាច​ជួយ​យើង​បាន។ (យ៉ូប ១៤:១) ជា​ឧទាហរណ៍ ចុះ​យ៉ាង​ណា​បើ​យើង​មិន​ដឹង​ធ្វើ​អ្វី​ពេល​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​ណា​មួយ? បន្ទូល​របស់​ព្រះ​ជូន​យោបល់​ដោយ​ថា៖ «បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ។ តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង។ កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ​អម្ចាស់​ឡើយ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​២ ចេះ​តែ​សាវ៉ា​ក្នុង​គ្រប់​ទាំង​ផ្លូវ»។—យ៉ាកុប ១:៥​-​៨

១០ ព្រះ​យេហូវ៉ា​នឹង​មិន​បន្ទោស​យើង ដោយ​ព្រោះ​យើង​ខ្វះ​ប្រាជ្ញា​ហើយ​អធិស្ឋាន​សុំ​ទ្រង់​ប្រទាន​ប្រាជ្ញា​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ទុក្ខ​លំបាក​នោះ។ បង​ប្អូន​រួម​ជំនឿ​ជា​មួយ​យើង​អាច​ជួយ​រំឭក​យើង​ពី​ខ​គម្ពីរ​ខ្លះ​ៗ​ដែល​អាច​ជួយ​បាន ឬ​ក៏​យើង​នឹង​អាន​ខ​ទាំង​នោះ​ពេល​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ ឬ​មួយ​ក៏​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​អាច​នាំ​ផ្លូវ​យើង​តាម​របៀប​ផ្សេង​ទៀត​ក៏​មាន។ ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​នឹង​ប្រទាន​ប្រាជ្ញា​ដើម្បី​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​វេទនា​ផ្សេង​ៗ តែ​យើង​ត្រូវ«សូម​ដោយ​ចិត្ត​ជឿ»ជា​និច្ច និង«ឥត​សង្ស័យ​អ្វី​សោះ»។ បើ​យើង​ប្រៀប​ដូច​ជា​រលក​ក្នុង​សមុទ្រ​ដែល​ខ្យល់​ផាត់​ចុះ​ឡើង​នោះ យើង​មិន​អាច​សង្ឃឹម​នឹង​ទទួល​អ្វី​សោះ​ពី​ព្រះ​បាន​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​បើ​យើង​ប្រៀប​ដូច​ជា​រលក​នោះ បាន​សេចក្ដី​ថា យើង​ជា​មនុស្ស​មិន​ចេះ​សម្រេច​ចិត្ត ហើយ​ក៏​អធិស្ឋាន​ឬ​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត​ដោយ​ចិត្ត​ស្ទាក់​ស្ទើរ ហើយ​នេះ​ក៏​អាច​រួម​បញ្ចូល​ការ​បង្ហាញ​ជំនឿ​ដោយ​ចិត្ត​ស្ទាក់​ស្ទើរ​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​មាន​ជំនឿ​មុត​មាំ​លើ​បន្ទូល​របស់​ព្រះ ហើយ​ទៅ​លើ​ការ​ណែនាំ​ដែល​មក​ពី​បន្ទូល​នោះ។ សូម​យើង​ពិចារណា​មើល​ឧទាហរណ៍​ខ្លះ​ៗ​ពី​របៀប​ដែល​បន្ទូល​របស់​ព្រះ​អាច​ផ្ដល់​ជំនួយ​និង​ការ​ណែនាំ​បាន។

ជំនឿ​និង​ការ​ចិញ្ចឹម​ជីវិត

១១. ស្តី​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង​ប្រចាំ​ថ្ងៃ តើ​ជំនឿ​លើ​បន្ទូល​របស់​ព្រះ​ធានា​យ៉ាង​ណា?

១១ ចុះ​យ៉ាង​ណា​បើ​យើង​ក្រី​ក្រ ហើយ​កំពុង​តែ​ខ្វះ​អាហារ​និង​គ្មាន​ទី​លំនៅ? ជំនឿ​លើ​បន្ទូល​របស់​ព្រះ​ផ្ដល់​នូវ​ការ​ធានា​រ៉ាប់​រង​ថា ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​នៅ​ទី​បំផុត​នោះ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​មនុស្ស​ដែល​ស្រឡាញ់​ទ្រង់​មាន​របស់​យ៉ាង​បរិបូរ​វិញ។ (ទំនុក​ដំកើង ៧២:១៦; លូកា ១១:២, ៣) ការ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ចិញ្ចឹម​ព្យាការី​អេលីយ៉ា​ពេល​មាន​អំណត់​នោះ អាច​ជួយ​លើក​ទឹក​ចិត្ត​យើង​បាន។ ក្រោយ​មកទៀត ព្រះ​បាន​ធ្វើ​អព្ភូតហេតុ​ឲ្យ​ម្សៅ​និង​ប្រេង​មាន​មិន​ចេះ​អស់ ដើម្បី​ឲ្យ​អេលីយ៉ា​ព្រម​ទាំង​ស្ត្រី​និង​កូន​នាង​អាច​រស់​រាន​មាន​ជីវិត​បាន។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៧:២​-​១៦) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​ចិញ្ចឹម​ព្យាការី​យេរេមា​ក្នុង​កំឡុង​ពេល​ពួក​បាប៊ីឡូន​ឡោម​ព័ទ្ធ​ទី​ក្រុង​យេរូសាឡិម។ (យេរេមា ៣៧:២១) ទោះ​បី​យេរេមា​និង​អេលីយ៉ា​មិន​មាន​ម្ហូប​ច្រើន​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​អ្វី​ដែល​គេ​ត្រូវ​ការ។ ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ដូច្នេះ​សព្វ​ថ្ងៃ​នេះ​ផង​ដែរ ចំពោះ​អស់​អ្នក​ដែល​អនុវត្ត​ជំនឿ​ទៅ​លើ​ទ្រង់។—ម៉ាថាយ ៦:១១, ២៥​-​៣៤

១២. តើ​ជំនឿ​អាច​ជួយ​យើង​ទទួល​របស់​ដែល​យើង​ត្រូវ​ការ​បាន​យ៉ាង​ណា?

១២ ជំនឿ​និង​ការ​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​មាន​ទេ តែ​នេះ​នឹង​ជួយ​យើង​ទទួល​អ្វី​ដែល​យើង​ត្រូវ​ការ។ ឧទាហរណ៍ ព្រះ​គម្ពីរ​ជូន​យោបល់​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ទៀង​ត្រង់​ដែល​ចេះ​ធ្វើ​ការ​ល្អ ហើយ​ចេះ​ព្យាយាម។ (សុភាសិត ២២:២៩; សាស្ដា ៥:១៨, ១៩; កូរិនថូស​ទី​២ ៨:២១) យើង​មិន​គួរ​មើល​ស្រាល​នូវ​តម្លៃ​នៃ​ការ​មាន​ឈ្មោះ​ល្អ​ជា​អ្នក​ដែល​ឧស្សាហ៍​ធ្វើ​ការ​នោះ​ទេ។ សូម្បី​តែ​កន្លែង​ណា​ដែល​ពិបាក​រក​ការ​ងារ​ល្អ​នោះ អ្នក​ដែល​មាន​បំនិន ហើយ​ខំ​ធ្វើ​ការ​ដោយ​នឿយ​ហត់​និង​ទៀង​ត្រង់ តែង​មាន​ឱកាស​រក​ការ​ងារ​បាន​ងាយ​ជាង។ ថ្វី​បើ​ពួក​អ្នក​ដែល​ធ្វើ​ការ​បែប​នោះ​មិន​មែន​ជា​អ្នក​ដែល​មាន​សម្បូរ​ហូរ​ហៀរ​ក្ដី តាម​ធម្មតា​ពួក​គេ​មាន​អ្វី​ដែល​គេ​ត្រូវ​ការ​ជា​ចាំ​បាច់ ហើយ​ក៏​ស្កប់​ចិត្ត​ទទួល​ទាន​អាហារ​ដោយ​ព្រោះ​បាន​ខំ​ធ្វើ​ការ​ដោយ​ខ្លួន​ឯង។—ថែស្សាឡូនីច​ទី​២ ៣:១១, ១២

ជំនឿ​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ការ​សោក​សង្រេង

១៣, ១៤. តើ​ជំនឿ​អាច​ជួយ​យើង​បាន​យ៉ាង​ណា ក្នុង​ការ​ស៊ូ​ទ្រាំ​ពេល​កើត​ទុក្ខ​សោក​សង្រេង​នោះ?

១៣ បន្ទូល​របស់​ព្រះ​បង្ហាញ​ឲ្យ​យើង​ដឹង​យ៉ាង​ប្រាកដ​ថា ពេល​អ្នក​ជា​ទី​ស្រឡាញ់​ស្លាប់​ទៅ​នោះ យើង​នឹង​មាន​ចិត្ត​សោក​សង្រេង។ អយ្យកោ​ស្មោះ​ត្រង់​មួយ​រូប​ឈ្មោះ​អ័ប្រាហាំ បាន​កើត​ទុក្ខ​ពេល​ដែល​ភរិយា​ជា​ទី​ស្រឡាញ់​របស់​គាត់​បាន​ស្លាប់​ទៅ។ (លោកុប្បត្តិ ២៣:២) ដាវីឌ​ក៏​បាន​កើត​ទុក្ខ​ដែរ​ក្រោយ​ពី​បាន​ទទួល​ដំណឹង​ថា រាជបុត្រ​របស់​ទ្រង់​ឈ្មោះ​អាប់សាឡំម​បាន​ស្លាប់។ (សាំយូអែល​ទី​២ ១៨:៣៣) សូម្បី​តែ​ព្រះ​យេស៊ូ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ម្នាក់ ទ្រង់​ព្រះ​កន្សែង​ពេល​ដែល​មិត្ត​សំឡាញ់​របស់​ទ្រង់​ស្លាប់។ (យ៉ូហាន ១១:៣៥, ៣៦) កាល​ណា​មិត្ត​សំឡាញ់​ស្លាប់​នោះ យើង​អាច​កើត​ទុក្ខ​ស្ទើរ​តែ​ស្លាប់ ប៉ុន្តែ​ជំនឿ​លើ​សេចក្ដី​សន្យា​ក្នុង​បន្ទូល​របស់​ព្រះ​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​សោក​ទាំង​នោះ។

១៤ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ ‹ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ ថា​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត​នឹង​រស់​ឡើង​វិញ›។ (កិច្ច​ការ ២៤:១៥) យើង​ត្រូវ​មាន​ជំនឿ​ទៅ​លើ​ការ​រៀបចំ​របស់​ព្រះ ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រស់​ឡើង​វិញ។ (យ៉ូហាន ៥:២៨, ២៩) អ័ប្រាហាំ​និង​សារ៉ា អ៊ីសាក​និង​រេបិកា ហើយ​យ៉ាកុប​និង​លេអា ដែល​កំពុង​តែ​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ទាំង​រង់​ចាំ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​នឹង​រៀបចំ​នោះ ពួក​គេ​ក៏​ស្ថិត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នឹង​រស់​ឡើង​វិញ​ដែរ។ (លោកុប្បត្តិ ៤៩:២៩​-​៣២) ពេល​ដែល​អ្នក​ជា​ទី​ស្រឡាញ់​ត្រូវ​ដាស់​ពី​ការ​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ឲ្យ​រស់​រាន​មាន​ជីវិត​នៅ​លើ​ផែនដី​វិញ នោះ​នឹង​មាន​អំណរ​ប្រៀប​ផ្ទឹម​មិន​បាន​ទេ! (វិវរណៈ ២០:១១​-​១៥) ទំរាំ​ដល់​ពេល​នោះ ជំនឿ​មិន​អាច​បំបាត់​នូវ​ការ​សោក​សង្រេង​ទាំង​ស្រុង​បាន​ឡើយ តែ​ជំនឿ​អាច​ជួយ​យើង​ចូល​ទៅ​ជិត​ព្រះ​បាន ហើយ​ទ្រង់​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​សោក​នោះ។—ទំនុក​ដំកើង ១២១:១​-​៣; កូរិនថូស​ទី​២ ១:៣

ជំនឿ​តែង​ពង្រឹង​កម្លាំង​នៃ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត

១៥, ១៦. (ក) ហេតុ​អ្វី​យើង​អាច​និយាយ​ថា ការ​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​មាន​ជំនឿ​នោះ មិន​ជា​រឿង​ចំឡែក​ទេ? (ខ) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត?

១៥ បន្ទូល​របស់​ព្រះ​បង្ហាញ​ទៀត​ថា ពួក​អ្នក​ដែល​មាន​ជំនឿ​ក៏​អាច​ធ្លាក់​ទឹក​ចិត្ត​ផង​ដែរ។ ក្នុង​កំឡុង​ពេល​ដែល​លោក​យ៉ូប​បាន​រង​ទុក្ខ​នោះ គាត់​ក៏​មាន​អារម្មណ៍​ថា ព្រះ​បាន​បោះ​បង់​ចោល​គាត់។ (យ៉ូប ២៩:២​-​៥) ភាព​ហិនហោច​នៃ​ទី​ក្រុង​យេរូសាឡិម​និង​កំផែង​នោះ បាន​ធ្វើ​ឲ្យ​នេហេមា​មាន​ទឹក​មុខ​ព្រួយ។ (នេហេមា ២:១​-​៣) ក្រោយ​ពី​ពេត្រុស​បាន​ប្រកែក​ថា​មិន​ស្គាល់​ព្រះ​យេស៊ូ​នោះ គាត់​បាន«យំ​ក្ដួល»ដែរ។ (លូកា ២២:៦២) ហើយ​សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ពួក​អ្នក​ជឿ​គ្នី​គ្នា​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច ឲ្យ«ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត»។ (ថែស្សាឡូនីច​ទី​១ ៥:១៤) ដូច្នេះ បើ​ពួក​អ្នក​ដែល​មាន​ជំនឿ​សព្វ​ថ្ងៃ​នេះ​ធ្លាក់​ទឹក​ចិត្ត​ដែរ នេះ​មិន​ជា​រឿង​ចំឡែក​ទេ។ បើ​ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត?

១៦ យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត​ដោយ​ព្រោះ​យើង​មាន​បញ្ហា​ធំ​ៗ​ជា​ច្រើន។ ជា​ជាង​ចាត់​ទុក​បញ្ហា​ទាំង​ឡាយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​នោះ យើង​ប្រហែល​ជា​អាច​ដោះ​ស្រាយ​បញ្ហា​មួយ​ម្ដង​ៗ​ដោយ​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ។ ទង្វើ​បែប​នេះ​អាច​បន្ធូរ​ចិត្ត​ក្រៀម​ក្រំ​របស់​យើង​បាន។ ការ​បង្ហាញ​តុល្យភាព​ក្នុង​គ្រប់​ការ​ដែល​យើង​ធ្វើ ហើយ​ការ​សំរាក​ឲ្យ​បាន​គ្រប់​គ្រាន់​នោះ ក៏​អាច​ជួយ​ផង​ដែរ។ ប៉ុន្តែ ជំនឿ​លើ​ព្រះ​និង​បន្ទូល​របស់​ទ្រង់​ច្បាស់​ជា​នឹង​បណ្ដុះ​បណ្ដាល​ឲ្យ​យើង​មាន​សុខុមាលភាព​ល្អ​ខាង​វិញ្ញាណ ក៏​នឹង​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា ព្រះ​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​មែន។

១៧. តើ​យើង​ដឹង​ដោយ​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​មែន?

១៧ ពេត្រុស​បាន​ជួយ​សំរាល​ទុក្ខ​យើង​ដោយ​បាន​ធានា​ថា៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ! ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់ ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។ (ពេត្រុស​ទី​១ ៥:៦, ៧) អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ច្រៀង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួល ក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន​ឡើង​វិញ»។ (ទំនុក​ដំកើង ១៤៥:១៤) យើង​ត្រូវ​ជឿ​លើ​សេចក្ដី​សន្យា​ទាំង​នោះ​ផង​ដែរ ត្បិត​ពាក្យ​នោះ​មក​ពី​បន្ទូល​របស់​ព្រះ។ ទោះ​ជា​យើង​មាន​ចិត្ត​ក្រៀម​ក្រំ​ជា​និច្ច​ក៏​ដោយ ជំនឿ​របស់​យើង​អាច​ត្រូវ​ពង្រឹង​ឡើង​ដោយ​ដឹង​ថា យើង​អាច​ផ្ទេរ​គ្រប់​ទាំង​កង្វល់​របស់​យើង​ទៅ​លើ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់!

ជំនឿ​និង​ទុក្ខ​លំបាក​ផ្សេង​ៗ

១៨, ១៩. តើ​ជំនឿ​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ជំងឺ​ឈឺ​ថ្កាត់​ហើយ​ជួយ​សំរាល​ទុក្ខ​របស់​បង​ប្អូន​រួម​ជំនឿ​យើង​ដោយ​របៀប​ណា?

១៨ ពេល​ដែល​អ្នក​ជា​ទី​ស្រឡាញ់​មាន​ជំងឺ​ធ្ងន់​ធ្ងរ​នោះ ជំនឿ​របស់​យើង​ក៏​អាច​ត្រូវ​ល្បង​ល​ផង​ដែរ។ ថ្វី​បើ​ព្រះ​គម្ពីរ​មិន​រៀប​រាប់​អំពី​ការ​ប្រោស​បង​ប្អូន​គ្រីស្ទាន​ខ្លះ​ឲ្យ​ជា​ដោយ​អព្ភូតហេតុ ដូច​ជា​លោក​អេប៉ាប្រូឌីត ធីម៉ូថេ និង​ទ្រ​ភីម​ក្ដី យើង​ដឹង​មិន​សង្ស័យ​ទេ​ថា ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​មែន។ (ភីលីព ២:២៥​-​៣០; ធីម៉ូថេ​ទី​១ ៥:២៣; ធីម៉ូថេ​ទី​២ ៤:២០) ម្ល៉ោះ​ហើយ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ច្រៀង​ថា៖ «អ្នក​ណា​ដែល​មាន​អធ្យាស្រ័យ​ដល់​ពួក​មនុស្ស​ក្រី​ក្រ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​អ្នក​នោះ . . . ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ ទ្រង់​ក៏​រៀប​គ្រែ​ឲ្យ នៅ​គ្រប់​វេលា​មាន​ធុរៈ»។ (ទំនុក​ដំកើង ៤១:១​-​៣) តើ​ពាក្យ​របស់​អ្នក​តែង​បទ​ទំនុក​ដំកើង​នោះ អាច​ជួយ​សំរាល​ទុក្ខ​បង​ប្អូន​របស់​យើង​ដែល​កំពុង​តែ​ឈឺ​ចាប់​បាន​យ៉ាង​ណា?

១៩ របៀប​មួយ​ដែល​យើង​អាច​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ​នោះ គឺ​ដោយ​អធិស្ឋាន​ជា​មួយ​ពួក​អ្នក​ដែល​កំពុង​តែ​ឈឺ។ ទោះ​ជា​យើង​មិន​អធិស្ឋាន​សុំ​ព្រះ​ប្រោស​គាត់​ឲ្យ​បាន​ជា​ដោយ​អព្ភូតហេតុ​ក្ដី យើង​អាច​សុំ​ព្រះ​ជួយ​ពង្រឹង​កម្លាំង​ចិត្ត​របស់​អ្នក​ជំងឺ ឲ្យ​គាត់​ស៊ូ​ទ្រាំ​នឹង​ជំងឺ​នោះ ហើយ​យើង​ក៏​អាច​សុំ​ព្រះ​ប្រទាន​កម្លាំង​ខាង​វិញ្ញាណ​ដើម្បី​ស៊ូ​ទ្រាំ​ពេល​ខ្សោយ​កម្លាំង​នោះ។ ព្រះយេហូវ៉ា​នឹង​ពង្រឹង​កម្លាំង​របស់​ពួក​អ្នក​ខ្សោយ ហើយ​ជំនឿ​របស់​ពួក​គេ​ត្រូវ​ពង្រឹង​ឡើង​ផង​ដែរ ដោយ​ពួក​គេ​អាច​សង្ឃឹម​ទៅ​មុខ រហូត​ដល់​គ្រា​ដែល«គេ​នឹង​មិន​ថា៖ ‹ខ្ញុំ​ឈឺ› ទៀត​ឡើយ»។ (អេសាយ ៣៣:២៤) បើ​យើង​យល់​ដឹង​ថា មនុស្ស​ដែល​ស្ដាប់​បង្គាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រួច​ជា​រៀង​រហូត​ពី​បាប ជំងឺ និង​សេចក្ដី​ស្លាប់ តាម​រយៈ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ នេះ​ពិត​ជា​ចំណេះ​ដែល​ជួយ​សំរាល​ទុក្ខ​មែន! យើង​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​សង្ឃឹម​ទាំង​នេះ ពីព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ‹ដែល​នឹង​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​យើង​ឲ្យ​ជា›។—ទំនុក​ដំកើង ១០៣:១​-​៣; វិវរណៈ ២១:១​-​៥

២០. ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ជំនឿ​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​ពេល​ឆ្លង​កាត់«ថ្ងៃ​អាក្រក់»ជា​ពេល​ដែល​យើង​ចាស់​ជរា​នោះ?

២០ ជំនឿ​ក៏​ជួយ​យើង​ឲ្យ​អាច​ស៊ូ​ទ្រាំ​ពេល​ឆ្លង​កាត់«ថ្ងៃ​អាក្រក់»ជា​ពេល​ដែល​យើង​ចាស់​ជរា ហើយ​មាន​សុខភាព​និង​កម្លាំង​ចុះ​ខ្សោយ។ (សាស្ដា ១២:១​-​៧) ដូច្នេះ បង​ប្អូន​វ័យ​ចំណាស់​ក្នុង​ចំណោម​យើង​អាច​អធិស្ឋាន​ដូច​អ្នក​តែង​បទ​ទំនុក​ដំកើង​ដែល​បាន​ច្រៀង​ឡើង​ថា៖ «ឱ​ព្រះ​អម្ចាស់​យេហូវ៉ា​អើយ! . . . សូម​កុំ​បោះ​បង់​ចោល​ទូល​បង្គំ ក្នុង​កាល​ដែល​ចាស់​ជរា​ឡើយ ហើយ​កុំ​លះ​បង់​ទូល​បង្គំ ក្នុង​កាល​ដែល​មាន​កំឡាំង​អន់​ថយ​នោះ​ដែរ»។ (ទំនុក​ដំកើង ៧១:៥, ៩) អ្នក​តែង​បទ​ទំនុក​ដំកើង​ដឹង​ថា គាត់​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដូច​ជា​បង​ប្អូន​គ្រីស្ទាន​របស់​យើង​ដែល​បាន​ចំណាយ​ច្រើន​ឆ្នាំ​ក្នុង​ការ​បំរើ​ព្រះ ហើយ​ឥឡូវ​មាន​វ័យ​ចាស់​ហើយ។ បង​ប្អូន​វ័យ​ចំណាស់​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​ទ្រ​ទ្រង់​ពួក​គាត់​ជា​ដរាប​ដោយ​ព្រះ​ហស្ត​របស់​ទ្រង់​ដែល​មិន​ចេះ​ខ្សោយ​ឡើយ។—ចោទិយកថា ៣៣:២៧

ចូរ​មាន​ជំនឿ​ទៅ​លើ​បន្ទូល​របស់​ព្រះ​ជា​និច្ច

២១, ២២. បើ​យើង​មាន​ជំនឿ តើ​ជំនឿ​នោះ​មាន​ឥទ្ធិពល​អ្វី​លើ​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​ព្រះ?

២១ ជំនឿ​ទៅ​លើ​ដំណឹង​ល្អ​និង​បន្ទូល​ទាំង​មូល​របស់​ព្រះ នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ (យ៉ាកុប ៤:៨) ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ជា​ព្រះ​អម្ចាស់​មហា​ក្សត្រ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​ជា​អ្នក​បង្កើត និង​ជា​ព្រះ​វរបិតា​របស់​យើង​ផង​ដែរ។ (អេសាយ ៦៤:៨; ម៉ាថាយ ៦:៩; កិច្ច​ការ ៤:២៤) អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ច្រៀង​ថា៖ «ទ្រង់​ជា​ព្រះ​វរបិតា​នៃ​ទូល​បង្គំ គឺ​ជា​ព្រះ​នៃ​ទូល​បង្គំ ហើយ​ជា​ថ្ម​ដា​ដ៏​ជួយ​សង្គ្រោះ​ទូល​បង្គំ​ផង»។ (ទំនុក​ដំកើង ៨៩:២៦) បើ​យើង​អនុវត្ត​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​បន្ទូល​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​តែង​តាម​រយៈ​វិញ្ញាណ​ទ្រង់ នោះ​យើង​អាច​ទុក​ចិត្ត​លើ​ទ្រង់​ជា‹ថ្ម​ដា​ដែល​ជួយ​សង្គ្រោះ​យើង›។ នេះ​ពិត​ជា​ឯកសិទ្ធិ​ដ៏​គួរ​ឲ្យ​កក់​ក្ដៅ​ក្នុង​ចិត្ត​ណាស់!

២២ ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​នៃ​បណ្ដា​គ្រីស្ទាន​ដែល​ទ្រង់​តែង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​ទ្រង់​ក៏​ជា​បិតា​នៃ​ពួក​គូកន​របស់​ពួក​អ្នក​ចាក់​ប្រេង​តាំង ដែល​ពួក​គូកន​ទាំង​នេះ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី។ (រ៉ូម ៨:១៥) ជំនឿ​លើ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​មិន​ដែល​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ។ ដាវីឌ​បាន​មាន​ប្រសាសន៍​ថា៖ «បើ​កាល​ណា​ឪពុក​ម្ដាយ​លះ​ចោល​ទូល​បង្គំ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល​បង្គំ​ទុក​វិញ»។ (ទំនុក​ដំកើង ២៧:១០) ម្យ៉ាង​ទៀត យើង​បាន​ត្រូវ​ធានា​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មិន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់​ឡើយ ដោយ​ព្រោះ​ទ្រង់​យល់​ដល់​ព្រះ​នាម​ទ្រង់​ដ៏​ជា​ធំ»។—សាំយូអែល​ទី​១ ១២:២២

២៣. តើ​យើង​ត្រូវ​ការ​អ្វី​ជា​ចាំ​បាច់​បើ​យើង​ចង់​បាន​ចំណង​មេត្រី​ភាព​ជា​និច្ច​ជា​មួយ​ព្រះ​យេហូវ៉ា?

២៣ ប្រសិន​បើ​យើង​ចង់​បាន​ចំណង​មេត្រី​ភាព​ជា​និច្ច​ជា​មួយ​ព្រះ​យេហូវ៉ា យើង​ត្រូវ​ជឿ​លើ​ដំណឹង​ល្អ ហើយ​ក៏​ត្រូវ​ទទួល​ស្គាល់​ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ​យ៉ាង​ពិត​ប្រាកដ។ (ថែស្សាឡូនីច​ទី​១ ២:១៣) យើង​ត្រូវ​តែ​ជឿ​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា ហើយ​អនុញ្ញាត​ឲ្យ​បន្ទូល​របស់​ទ្រង់​បំភ្លឺ​ផ្លូវ​របស់​យើង។ (ទំនុក​ដំកើង ១១៩:១០៥; សុភាសិត ៣:៥, ៦) ជំនឿ​របស់​យើង​នឹង​រីក​កាន់​តែ​ធំ​ឡើង​ពេល​ដែល​យើង​អធិស្ឋាន​ទូល​ទ្រង់​ដោយ​មាន​ទំនុក​ចិត្ត​ថា ទ្រង់​មាន​ព្រះ​ទ័យ​មេត្ដា​ករុណា អាណិត​អាសូរ ហើយ​នឹង​ជួយ​ទ្រ​ទ្រង់​យើង​មែន។

២៤. តើ​រ៉ូម ១៤:៨ បាន​ចែង​យ៉ាង​ណា​ដែល​អាច​ជួយ​សំរាល​ទុក្ខ​យើង?

២៤ ជំនឿ​បាន​ជំរុញ​ចិត្ត​យើង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ជា​និរន្តរ៍។ យើង​ជា​អ្នក​បំរើ​របស់​ព្រះ​ដែល​មាន​ជំនឿ​ដ៏​មុត​មាំ ដូច្នេះ ទោះ​ជា​យើង​ស្លាប់​ក៏​ដោយ យើង​មាន​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ។ ត្រូវ​មែន «ទោះ​បើ​យើង​រស់​ឬ​ស្លាប់​ក្ដី . . . យើង​ក៏​ជា​របស់​ផង​ព្រះ​អម្ចាស់​ដែរ»។ (រ៉ូម ១៤:៨) ចូរ​យើង​ចង​ចាំ​នូវ​អ្វី​ដែល​អាច​ជួយ​សំរាល​ទុក្ខ​នោះ​ឲ្យ​ជាប់​ក្នុង​ចិត្ត កាល​ដែល​យើង​ទុក​ចិត្ត​លើ​បន្ទូល​របស់​ព្រះ ហើយ​មាន​ជំនឿ​លើ​ដំណឹង​ល្អ​ជា​និច្ច។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ជំនឿ​ជា​អ្វី? ហើយ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ការ​គុណ​សម្បត្ដិ​មួយ​នេះ?

• ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ជឿ​ទៅ​លើ​ដំណឹង​ល្អ​និង​បន្ទូល​ទាំង​មូល​របស់​ព្រះ?

• តើ​ជំនឿ​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​បាន​យ៉ាង​ណា?

• តើ​អ្វី​អាច​ជួយ​យើង​រក្សា​ឲ្យ​មាន​ជំនឿ​ជា​និច្ច?

[រូប​ភាព​នៅ​ទំព័រ​២០]

ព្រះ​យេហូវ៉ា​បាន​ជួយ​ចិញ្ចឹម​យេរេមា​និង​អេលីយ៉ា​ពីព្រោះ​ពួក​គេ​មាន​ជំនឿ

[រូប​ភាព​នៅ​ទំព័រ​២១]

យ៉ូប ពេត្រុស​និង​នេហេមា​មាន​ជំនឿ​មុត​មាំ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក