យេរេមា
៣៧ សេដេគា+ជាកូនយ៉ូសៀសបានគ្រងរាជ្យជំនួសកូនៀ*+ជាកូនយេហូយ៉ាគីម ព្រោះនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកយូដា។+ ២ ប៉ុន្តែគ្រានោះ ស្ដេចសេដេគា ពួកអ្នកបម្រើគាត់ និងបណ្ដាជនក្នុងស្រុកយូដា មិនបានស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា តាមរយៈយេរេមាជាអ្នកប្រកាសទំនាយទេ។
៣ ស្ដេចសេដេគាបានចាត់យេហ៊ូកាល+ជាកូនសេលេមៀ និងសេផានា+ជាកូនម៉ាអាសៀដែលជាសង្ឃ ឲ្យទៅជួបយេរេមាជាអ្នកប្រកាសទំនាយ ហើយនិយាយថា៖ «សូមអធិដ្ឋានទៅព្រះយេហូវ៉ាជាព្រះនៃយើងឲ្យយើងខ្ញុំផង»។ ៤ ពេលនោះ យេរេមាអាចទៅមកដោយសេរី ព្រោះគេមិនទាន់ចាប់គាត់ដាក់គុកទេ។+ ៥ គ្រានោះ កាលពួកខាល់ដេកំពុងឡោមព័ទ្ធក្រុងយេរូសាឡិម ទ័ពផារ៉ូបានធ្វើដំណើរចេញពីស្រុកអេហ្ស៊ីបមក។+ ពេលពួកខាល់ដេឮដំណឹងនោះ ពួកគេក៏ដកថយចេញពីក្រុងយេរូសាឡិមទៅ។+ ៦ បន្ទាប់មក ព្រះយេហូវ៉ាក៏មានប្រសាសន៍មកកាន់យេរេមាជាអ្នកប្រកាសទំនាយថា៖ ៧ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ដូចតទៅ៖ ‹យេរេមាអើយ! ចូរទៅជួបស្ដេចស្រុកយូដា ដែលបានអង្វរអ្នកឲ្យអធិដ្ឋានសុំការណែនាំពីខ្ញុំ ហើយប្រាប់គាត់ថា៖ «មើល! ទ័ពផារ៉ូដែលកំពុងធ្វើដំណើរមកជួយអ្នក នឹងត្រឡប់ទៅស្រុកអេហ្ស៊ីបជាស្រុកកំណើតរបស់ពួកគេវិញ។+ ៨ រួចពួកខាល់ដេនឹងត្រឡប់មកច្បាំងនឹងក្រុងនេះម្ដងទៀត ហើយពួកគេនឹងដណ្ដើមយកបាន រួចដុតក្រុងនេះចោល»។+ ៩ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរកុំបញ្ឆោតខ្លួនដោយនិយាយថា៖ ‹ពួកខាល់ដេនឹងដកថយចេញពីយើងជាមិនខាន›។ ពួកគេនឹងមិនដកថយឡើយ។ ១០ ទោះជាអ្នកវាយប្រហារទ័ពខាល់ដេដែលមកច្បាំងនឹងអ្នក ហើយនៅសល់តែទាហានរងរបួសក៏ដោយ ក៏ពួកគេនឹងក្រោកឡើងពីត្រសាលខ្លួនមកដុតបំផ្លាញក្រុងនេះចោលដែរ»›»។+
១១ ក្រោយពីទ័ពខាល់ដេចេញពីក្រុងយេរូសាឡិម ដោយសារតែទ័ពផារ៉ូ+ ១២ យេរេមាក៏ចេញដំណើរពីក្រុងយេរូសាឡិម ឆ្ពោះទៅទឹកដីបេនយ៉ាមីន+ ដើម្បីទទួលចំណែកមត៌ករបស់គាត់ក្នុងចំណោមជនរួមជាតិខ្លួន។ ១៣ ប៉ុន្តែ ពេលយេរេមាជាអ្នកប្រកាសទំនាយទៅដល់ខ្លោងទ្វារបេនយ៉ាមីន នោះអាយរីយ៉ាជាកូនសេលេមៀ ត្រូវជាកូនហាណានា ដែលជាមេពួកអ្នកយាមបានចាប់យេរេមា ហើយចោទគាត់ថា៖ «អ្នកឯងកំពុងទៅចូលខាងពួកខាល់ដេហើយ!»។ ១៤ យេរេមាប្រកែកថា៖ «មិនមែនទេ! ខ្ញុំមិនទៅចូលខាងពួកខាល់ដេទេ!»។ ប៉ុន្តែ អាយរីយ៉ាមិនព្រមស្ដាប់គាត់ទេ។ ដូច្នេះ អាយរីយ៉ាបានចាប់យេរេមា ហើយនាំគាត់ទៅឯពួកអ្នកគ្រប់គ្រង។ ១៥ ពួកអ្នកគ្រប់គ្រងបានខឹងនឹងយេរេមាជាខ្លាំង+ ហើយក៏វាយគាត់ រួចឃុំគាត់ទុក+នៅក្នុងផ្ទះរបស់យេហូណាថានជាលេខាធិការ ព្រោះគេបានយកផ្ទះនោះធ្វើជាកន្លែងឃុំឃាំង។ ១៦ គេបានដាក់យេរេមាក្នុងគុកងងឹតនៅក្រោមដីអស់ជាច្រើនថ្ងៃ។
១៧ បន្ទាប់មក ស្ដេចសេដេគាបានចាត់គេឲ្យទៅនាំយេរេមាមកឯវិមានគាត់ ហើយសួរយេរេមាដោយសម្ងាត់+ថា៖ «តើព្រះយេហូវ៉ាបានមានប្រសាសន៍អ្វីទេ?»។ យេរេមាឆ្លើយថា៖ «មាន!»។ យេរេមាបន្តថា៖ «ស្ដេចនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន!»។+
១៨ យេរេមាបាននិយាយបន្ថែមទៀតទៅសេដេគាថា៖ «តើខ្ញុំបានធ្វើខុសអ្វីនឹងលោក ឬពួកអ្នកបម្រើនិងរាស្ត្ររបស់លោក បានជាលោកចាប់ខ្ញុំដាក់គុកដូច្នេះ? ១៩ ចុះពួកអ្នកប្រកាសទំនាយដែលប្រកាសប្រាប់លោកថា៖ ‹ស្ដេចស្រុកបាប៊ីឡូននឹងមិនមកច្បាំងនឹងលោកឬស្រុកនេះទេ› តើពួកគេនៅឯណា?+ ២០ ឱស្ដេចជាម្ចាស់អើយ! សូមមេត្តាស្ដាប់ខ្ញុំ។ សូមលោកបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំផង។ សូមកុំឲ្យគេនាំខ្ញុំទៅឃុំនៅផ្ទះរបស់យេហូណាថាន+ជាលេខាធិការទៀតឡើយ ព្រោះខ្ញុំនឹងស្លាប់នៅទីនោះជាមិនខាន»។+ ២១ ដូច្នេះ ស្ដេចសេដេគាបានបញ្ជាគេឲ្យនាំយេរេមាទៅឃុំនៅទីធ្លាអ្នកយាមវិញ+ ហើយឲ្យគាត់នំប៉័ងមួយដុំជារៀងរាល់ថ្ងៃ ពីផ្លូវពួកអ្នកដុតនំ+ រហូតដល់អស់នំប៉័ងពីក្រុង។+ យេរេមាក៏ជាប់ឃុំនៅក្នុងទីធ្លាអ្នកយាមនោះទៅ។