បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/៤ ទំ. ២៣-២៧
  • តើជំនឿរបស់អ្នកខ្លាំងប៉ុនណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើជំនឿរបស់អ្នកខ្លាំងប៉ុនណា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជំនឿ​អាច​ជួយ​យើង​មាន​ចិត្ត​ក្លាហាន
  • ជំនឿ​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់
  • ជំនឿ​អាច​ជួយ​យើង​ឲ្យ​មាន​គោល​ដៅ​ដែល​មាន​ប្រយោជន៍​ជា​ទី​បំផុត
  • ជំនឿ​នាំ​ឲ្យ​មាន​ជីវិត​ដ៏​គាប់​ចិត្ត
  • ជំនឿ​ត្រូវ​ពង្រឹង​ឡើង​ពេល​ព្រះ​ធានា​ថា​នឹង​ជួយ​យើង
  • ជំនឿ​អាច​ជួយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត
  • ជំនឿ​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ
  • ចូរបង្ហាញជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • «សូមផ្ដល់ជំនឿមកយើងថែមទៀត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើអ្នកពិតជាជឿលើដំណឹងល្អមែនទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ជំនឿ ជាគុណសម្បត្ដិមួយដែលជួយពង្រឹងកម្លាំងយើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/៤ ទំ. ២៣-២៧

តើ​ជំនឿ​របស់​អ្នក​ខ្លាំង​ប៉ុន​ណា?

«អ្នក​រាល់​គ្នា​កំពុង​ឈរ​ហើយ ដោយ​សារ​សេចក្ដី​ជំនឿ»។—កូរិនថូស​ទី​២ ១:២៤

១, ២. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​មាន​ជំនឿ? ហើយ​តើ​យើង​អាច​បង្កើន​ជំនឿ​តាម​របៀប​ណា?

ពួក​អ្នក​ដែល​បំរើ​ព្រះ​យេហូវ៉ា​ដឹង​ថា ខ្លួន​ត្រូវ​តែ​មាន​ជំនឿ។ តាម​ពិត «បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ»។ (ហេព្រើរ ១១:៦) ដូច្នេះ យក​ល្អ​ឲ្យ​យើង​អធិស្ឋាន​សុំ​វិញ្ញាណ​បរិសុទ្ធ​និង​ជំនឿ​ដែល​ជា​ផល​ល្អ​មួយ​នៃ​វិញ្ញាណ​នោះ។ (លូកា ១១:១៣; កាឡាទី ៥:២២, ២៣) ការ​យក​តម្រាប់​តាម​ជំនឿ​របស់​អ្នក​ជឿ​គ្នី​គ្នា​ក៏​អាច​ពង្រឹង​ជំនឿ​របស់​យើង​បាន​ដែរ។—ធីម៉ូថេ​ទី​២ ១:៥; ហេព្រើរ ១៣:៧

២ យើង​នឹង​មាន​ជំនឿ​កាន់​តែ​ខ្លាំង​ឡើង បើ​យើង​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​មាគ៌ា​ដែល​បន្ទូល​របស់​ព្រះ​កំណត់​ឲ្យ​ពួក​គ្រីស្ទាន​ទាំង​ឡាយ។ ការ​អាន​ព្រះ​គម្ពីរ​រាល់​ថ្ងៃ និង​ការ​សិក្សា​បទ​គម្ពីរ​ដោយ​ចិត្ត​ខ្នះ​ខ្នែង ហើយ​ដោយ​មាន​ជំនួយ​ពី​ប្រកាសនវត្ថុ​ដែល «នាយ​ដំរួត​ការ​ដែល​ស្មោះ​ត្រង់» រៀបចំ​សំរាប់​យើង នោះ​ក៏​អាច​ជួយ​បង្កើន​ជំនឿ​របស់​យើង​បាន​ដែរ។ (លូកា ១២:៤២​-​៤៤; យ៉ូស្វេ ១:៧, ៨) យើង​ក៏​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ជំនឿ​របស់​យើង ពេល​យើង​មាន​វត្តមាន​ជា​ទៀង​ទាត់​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន ហើយ​នៅ​សន្និបាត​និង​មហា​សន្និបាត​នានា។ (រ៉ូម ១:១១, ១២; ហេព្រើរ ១០:២៤, ២៥) ជំនឿ​របស់​យើង​ក៏​ត្រូវ​ពង្រឹង​ឡើង​ពេល​យើង​និយាយ​ជា​មួយ​មនុស្ស​ឯ​ទៀត​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង។—ទំនុក​ដំកើង ១៤៥:១០​-​១៣; រ៉ូម ១០:១១​-​១៥

៣. ស្តី​អំពី​ជំនឿ តើ​យើង​ទទួល​ជំនួយ​អ្វី​ពី​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ?

៣ ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​និង​ជួយ​ពង្រឹង​ជំនឿ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ព្រម​ទាំង​ជូន​យោបល់​ពី​បទ​គម្ពីរ​ពេល​ដែល​ពួក​គាត់​លើក​ទឹក​ចិត្ត​យើង។ ពួក​អ្នក​ចាស់​ទុំ​មាន​ចិត្ត​គំនិត​ដូច​សាវ័ក​ប៉ុល​ដែល​បាន​ប្រាប់​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​កូរិនថូស​ថា៖ «[យើង]ជា​គូកន ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​អំណរ​វិញ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ឈរ​ហើយ ដោយ​សារ​សេចក្ដី​ជំនឿ»។ (កូរិនថូស​ទី​២ ១:២៣, ២៤) សេចក្ដី​បក​ប្រែ​មួយ​ទៀត​ចែង​ថា៖ «ជំនឿ​របស់​បង​ប្អូន​មាំ​មួន​រួច​ស្រេច​ទៅ​ហើយ»។ (ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) មនុស្ស​សុចរិត​រស់​ដោយ​អាង​ជំនឿ។ តាម​ពិត គ្មាន​អ្នក​ណា​អាច​មាន​ជំនឿ​ជួស​យើង​ឬ​បង្ខិត​បង្ខំ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ភក្ដី​បាន​ទេ។ ក្នុង​ករណី​នេះ ‹យើង​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន›។—កាឡាទី ៣:១១; ៦:៥

៤. តើ​កំណត់​ហេតុ​ព្រះ​គម្ពីរ​អំពី​ពួក​អ្នក​ដែល​បាន​បំរើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​នោះ អាច​ជួយ​យើង​ពង្រឹង​ជំនឿ​យើង​បាន​យ៉ាង​ដូច​ម្ដេច?

៤ បទ​គម្ពីរ​មាន​កំណត់​ហេតុ​ជា​ច្រើន​អំពី​ពួក​អ្នក​ដែល​មាន​ជំនឿ។ យើង​ប្រហែល​ជា​ស្គាល់​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​ជា​ច្រើន​របស់​ពួក​គេ​នោះ ប៉ុន្តែ​ចុះ​យ៉ាង​ណា​ចំពោះ​ជំនឿ​ដែល​ពួក​គេ​បាន​បង្ហាញ​ជា​រៀង​រាល់​ថ្ងៃ​ឬ​ក៏​អស់​មួយ​ជីវិត​ក៏​មិន​ដឹង? ការ​នឹក​គិត​អំពី​របៀប​ដែល​ពួក​គេ​បង្ហាញ​ជំនឿ​ក្រោម​កាលៈទេសៈ​ស្រដៀង​នឹង​យើង​នេះ អាច​ជួយ​យើង​មាន​ជំនឿ​កាន់​តែ​ខ្លាំង​ឡើង​ផង​ដែរ។

ជំនឿ​អាច​ជួយ​យើង​មាន​ចិត្ត​ក្លាហាន

៥. តើ​មាន​ទី​សំអាង​អ្វី​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា ជំនឿ​អាច​ពង្រឹង​កម្លាំង​របស់​យើង​ដើម្បី​ប្រកាស​ផ្សាយ​បន្ទូល​របស់​ព្រះ​ដោយ​ចិត្ត​ក្លាហាន?

៥ ជំនឿ​អាច​ពង្រឹង​កម្លាំង​របស់​យើង​ដើម្បី​ប្រកាស​បន្ទូល​របស់​ព្រះ​ដោយ​ចិត្ត​ក្លាហាន។ លោក​អេណុក​បាន​ទាយ​ប្រាប់​ដោយ​ចិត្ត​មោះ​មុត​អំពី​សេចក្ដី​ជំនុំ​ជំរះ​ពី​ព្រះ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «មើល! ព្រះ​អម្ចាស់​ទ្រង់​យាង​មក នៅ​កណ្ដាល​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំង​ឡាយ ហើយ​នឹង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អម្បាលម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្ដី​រឹង​ទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ទ្រង់»។ (យូដាស ១៤, ១៥) ពេល​ពួក​សត្រូវ​របស់​អេណុក​ឮ​ពាក្យ​ទាំង​នោះ ពួក​គេ​ច្បាស់​ជា​ចង់​សម្លាប់​គាត់​មែន។ ប៉ុន្តែ អេណុក​បាន​ប្រកាស​ប្រាប់​សារ​នោះ​យ៉ាង​មោះ​មុត​ដោយ​ចិត្ត​ជឿ ហើយ​ព្រះ«បាន​ទទួល​យក​គាត់​ទៅ» ដោយ​ធ្វើ​ឲ្យ​គាត់​លង់​លក់​ទៅ​ក្នុង​សេចក្ដី​ស្លាប់។ តាម​មើល​ទៅ អេណុក​មិន​រង​ទុក្ខ​ឡើយ មុន​នឹង​ស្លាប់​នោះ។ (លោកុប្បត្តិ ៥:២៤; ហេព្រើរ ១១:៥) យើង​មិន​ធ្លាប់​ពិសោធ​អព្ភូតហេតុ​ដូច​នោះ​ទេ តែ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​នូវ​សេចក្ដី​អធិស្ឋាន​របស់​យើង​ដើម្បី​ឲ្យ​យើង​ប្រកាស​បន្ទូល​របស់​ទ្រង់​ដោយ​ជំនឿ​និង​ចិត្ត​ក្លាហាន។—កិច្ច​ការ ៤:២៤​-​៣១

៦. តើ​ជំនឿ​និង​ចិត្ត​ក្លាហាន​ដែល​មក​ពី​ព្រះ​នោះ បាន​ជួយ​ណូអេ​យ៉ាង​ណា?

៦ លោក​ណូអេ​បាន​អាង​ជំនឿ​ដើម្បី «ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយសង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក»។ (ហេព្រើរ ១១:៧; លោកុប្បត្តិ ៦:១៣​-​២២) ណូអេ​ក៏​បាន​ធ្វើ​ជា«អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត» ដោយ​ផ្សាយ​បន្ទូល​របស់​ព្រះ​យ៉ាង​មោះ​មុត​ដល់​មនុស្ស​នៅ​សម័យ​គាត់។ (ពេត្រុស​ទី​២ ២:៥) មនុស្ស​នៅ​សម័យ​នោះ​ច្បាស់​ជា​បាន​មើល​ងាយ​សារ​របស់​ណូអេ ស្តី​អំពី​ទឹក​ដែល​ត្រូវ​ជន់​លិច​ផែនដី ដូច​ជា​មនុស្ស​ខ្លះ​សព្វ​ថ្ងៃ​នេះ​ដែរ​គេ​បាន​ចំអក​ដាក់​យើង​ពេល​យើង​បង្ហាញ​ភស្តុ​តាង​ពី​ព្រះ​គម្ពីរ​ថា របប​លោកីយ៍​នា​បច្ចុប្បន្ន​នេះ​នឹង​វិនាស​ទៅ​ឆាប់​ៗ​ខាង​មុខ​នេះ។ (ពេត្រុស​ទី​២ ៣:៣​-​១២) យ៉ាង​ណា​ក្ដី យើង​អាច​ប្រកាស​សារ​នេះ​ដូច​អេណុក​និង​ណូអេ​ដែរ ពីព្រោះ​យើង​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន​មក​ពី​ព្រះ។

ជំនឿ​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់

៧. តើ​អ័ប្រាហាំ​និង​មនុស្ស​ឯ​ទៀត​បាន​បង្ហាញ​ជំនឿ​និង​ចិត្ត​អត់​ធ្មត់​បាន​យ៉ាង​ណា?

៧ យើង​ត្រូវ​ការ​ជំនឿ​និង​ចិត្ត​អត់​ធ្មត់ ជា​ពិសេស​នៅ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ទី​បញ្ចប់​នៃ​របប​អាក្រក់​នេះ​មក​ដល់។ អយ្យកោ​មួយ​រូប​ឈ្មោះ​អ័ប្រាហាំ បាន​រួម​ក្នុង​ចំណោម​ពួក​អ្នក​ដែល‹នឹង​គ្រង​សេចក្ដី​សន្យា​ទុក​ជា​មរដក​បាន ដោយ​ចិត្ត​ជឿ​ហើយ​ការ​អត់​ធន់›។ (ហេព្រើរ ៦:១១, ១២) ជំនឿ​របស់​អ័ប្រាហាំ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ចាក​ចេញ​ពី​ទី​ក្រុង​អ៊ើរ​និង​លះ​បង់​របស់​ដ៏​ល្អ​ៗ​នៅ​ទី​នោះ ដើម្បី​រស់​ជា​បរទេស​នៅ​ប្រទេស​ក្រៅ​ដែល​ព្រះ​បាន​សន្យា​នឹង​ឲ្យ​ដល់​គាត់។ អ៊ីសាក​និង​យ៉ាកុប​ក៏​ជា​អ្នក​ទទួល​មរតក​តាម​សេចក្ដី​សន្យា​នោះ​ដែរ។ ក៏​ប៉ុន្តែ «ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ»។ ដោយ​ចិត្ត​ជឿ​នោះ ពួក​គេ‹បាន​សង្វាត​ចង់​បាន​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន​សួគ៌​វិញ›។ ស្រប​ទៅ​តាម​សេចក្ដី​សន្យា​នោះ ព្រះ«បាន​រៀបចំ​ទី​ក្រុង​១​ឲ្យ​គេ​ហើយ»។ (ហេព្រើរ ១១:៨​-​១៦) ត្រូវ​មែន អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ព្រម​ទាំង​ភរិយា​របស់​ពួក​គាត់​ដែល​បាន​កោត​ខ្លាច​ព្រះ​ដែរ បាន​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​នូវ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ ហើយ​ពួក​គេ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​ក្រោម​ព្រះ​រាជាណាចក្រ​នោះ។

៨. តើ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​បង្ហាញ​ជំនឿ​និង​ចិត្ត​អត់​ធ្មត់​ទោះ​ជា​អ្វី?

៨ អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​មិន​បាន​បាត់​បង់​ជំនឿ​ទេ។ សូម្បី​តែ​ពួក​គាត់​មិន​ដែល​មាន​អំណាច​គ្រប់​គ្រង​ក្នុង​ស្រុក​សន្យា​នោះ​ក៏​ដោយ ហើយ​ពួក​គាត់​ក៏​មិន​ដែល​ឃើញ​គ្រប់​ទាំង​សាសន៍​នៅ​លើ​ផែនដី​ទទួល​ពរ​ដោយ​សារ​ពូជ​អ័ប្រាហាំ​ដែរ។ (លោកុប្បត្តិ ១៥:៥​-​៧; ២២:១៥​-​១៨) ទោះ​បើ​មាន​រាប់​រយ​ឆ្នាំ​កន្លង​ផុត​ទៅ​ទើប‹ទី​ក្រុង​១​របស់​ព្រះ›ត្រូវ​ស្ថាបនា​ឡើង​នោះ​ក៏​ដោយ បុរស​ទាំង​នេះ​បាន​បន្ត​បង្ហាញ​ជំនឿ​និង​ចិត្ត​អត់​ធ្មត់​អស់​មួយ​ជីវិត។ យើង​ពិត​ជា​គួរ​ធ្វើ​ដូច្នេះ​ដែរ នៅ​ពេល​ឥឡូវ​នេះ​ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​បាន​ស្ថាបនា​នៅ​ស្ថាន​សួគ៌​រួច​ហើយ។—ទំនុក​ដំកើង ៤២:៥, ១១; ៤៣:៥

ជំនឿ​អាច​ជួយ​យើង​ឲ្យ​មាន​គោល​ដៅ​ដែល​មាន​ប្រយោជន៍​ជា​ទី​បំផុត

៩. តើ​ជំនឿ​មាន​អានុភាព​អ្វី​លើ​គោល​ដៅ​និង​បំណង​ចិត្ត​របស់​យើង?

៩ ពួក​អយ្យកោ​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​មិន​បាន​សម្រប​ជីវិត​ខ្លួន​ទៅ​តាម​របៀប​រស់​នៅ​ដ៏​ថោក​ទាប​របស់​ពួក​កាណាន​ឡើយ ពីព្រោះ​ពួក​គាត់​មាន​គោល​ដៅ​និង​បំណង​ចិត្ត​ដែល​មាន​ប្រយោជន៍​ជា​ទី​បំផុត។ ស្រដៀង​គ្នា​ដែរ ជំនឿ​អាច​ជួយ​យើង​មាន​គោល​ដៅ​ខាង​វិញ្ញាណ​ដែល​ពង្រឹង​កម្លាំង​របស់​យើង​ដើម្បី​ទប់​ទល់​នឹង​ការ​ស៊ាំ​គំនិត​ទៅ​តាម​លោកីយ៍​ដែល​កំពុង​តែ​ស្ថិត​ក្រោម​អំណាច​របស់​អារក្ស​សាតាំង​ដែល​ជា​មេ​កំណាច។—យ៉ូហាន​ទី​១ ២:១៥​-​១៧; ៥:១៩

១០. តើ​អ្វី​បង្ហាញ​ថា យ៉ូសែប​បាន​រក​បំពេញ​គោល​ដៅ​ដែល​មាន​ប្រយោជន៍​ជា​ទី​បំផុត​ជាង​មាន​មុខ​មាន​មាត់​ក្នុង​លោកីយ៍​នេះ?

១០ យ៉ូសែប​ជា​កូន​ប្រុស​របស់​យ៉ាកុប ហើយ​ព្រះ​បាន​រៀបចំ​ផ្លូវ​ឲ្យ​យ៉ូសែប​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​ចែក​ស្បៀង​អាហារ​នៅ​ស្រុក​អេស៊ីប តែ​យ៉ូសែប​មិន​មាន​បំណង​ធ្វើ​ជា​អ្នក​ធំ​ឧត្តម​ក្នុង​លោកីយ៍​នោះ​ទេ។ ពេល​យ៉ូសែប​មាន​អាយុ​១១០​ឆ្នាំ​ហើយ គាត់​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ហើយ​បាន​ប្រាប់​បង​ប្អូន​ប្រុស​ៗ​របស់​គាត់​ថា៖ «ខ្ញុំ​ហៀប​នឹង​ស្លាប់​ហើយ តែ​ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន ហើយ​នឹង​នាំ​អ្នក​រាល់​គ្នា​ឡើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​នេះ ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រាហាំ អ៊ីសាក នឹង​យ៉ាកុប»។ យ៉ូសែប​បាន​សុំ​ពួក​គេ​កប់​សព​គាត់​នៅ​ស្រុក​សន្យា។ ពេល​យ៉ូសែប​ស្លាប់​ទៅ​នោះ គេ​បាន​អប់​សព​គាត់​និង​ដាក់​ក្នុង​ក្ដាម​ឈូស​នៅ​ស្រុក​អេស៊ីប។ ប៉ុន្តែ ពេល​ពួក​អ៊ីស្រាអែល​បាន​ត្រូវ​ប្រោស​ឲ្យ​រួច​ពី​សេវកភាព​នៅ​ស្រុក​អេស៊ីប​នោះ ព្យាការី​ម៉ូសេបាន​ឲ្យ​ប្រជាជន​យក​ឆ្អឹង​របស់​យ៉ូសែប​ដើម្បី​កប់​នៅ​ស្រុក​សន្យា​វិញ។ (លោកុប្បត្តិ ៥០:២២​-​២៦; និក្ខមនំ ១៣:១៩) ជំនឿ​ដូច​យ៉ូសែប​នោះ គួរ​ជំរុញ​យើង​ឲ្យ​រក​បំពេញ​គោល​ដៅ​ដែល​មាន​ប្រយោជន៍​ជា​ទី​បំផុត​ជា​ជាង​មាន​មុខ​មាន​មាត់​ក្នុង​លោកីយ៍​នេះ។—កូរិនថូស​ទី​១ ៧:២៩​-​៣១

១១. តើ​ម៉ូសេ​បង្ហាញ​យ៉ាង​ណា ថា​គាត់​មាន​គោល​ដៅ​ខាង​វិញ្ញាណ?

១១ លោក​ម៉ូសេ​ក៏​បាន‹សុខ​ចិត្ត​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​ត្រេក​អរ​ជា​បណ្ដោះ​អាសន្ន​ក្នុង​អំពើ​បាប›ដែល​ទទួល​នូវ​ការ​បង្ហាត់​បង្រៀន​ខ្ពស់ ដោយ​ព្រោះ​គាត់​រស់​ក្នុង​ចំណោម​ព្រះ​រាជ​វង្សានុវង្ស​របស់​សាសន៍​អេស៊ីប។ (ហេព្រើរ ១១:២៣​-​២៦; កិច្ច​ការ ៧:២០​-​២២) ម៉ូសេ​បាន​លះ​បង់​ភាព​មាន​មុខ​មាត់​ធំ​ក្នុង​លោកីយ៍​នេះ ហើយ​ក៏​បាន​បោះ​បង់​ចោល​នូវ​ឱកាស​ឲ្យ​ពួក​សាសន៍​អេស៊ីប​កប់​សព​គាត់​ក្នុង​ក្ដាម​ឈូស​ដ៏​ស្អាត​ពិសេស​នៅ​កន្លែង​ល្បី​ល្បាញ​ណា​មួយ​នៅ​ស្រុក​នោះ។ ប៉ុន្តែ បើ​ប្រៀប​ធៀប​របស់​ទាំង​អស់​នោះ​ជា​មួយ​នឹង​ឯកសិទ្ធិ​របស់​ម៉ូសេ​ជា«អ្នក​សំណប់​របស់​ព្រះ» ថែម​ទាំង​ជា​មនុស្ស​ម្នាក់​ដែល​ព្រះ​ទាក់​ទង​ពេល​ទ្រង់​ឲ្យ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ ហើយ​ជា​ព្យាការី​របស់​ព្រះ​យេហូវ៉ា និង​ជា​អ្នក​រួម​ចំណែក​សរសេរ​ផ្នែក​នៃ​ព្រះ​គម្ពីរ នោះ​របស់​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​គ្មាន​តម្លៃ​អ្វី​សោះ​ឡើយ មែន​ទេ? (អែសរ៉ា ៣:២) តើ​អ្នក​ប្រាថ្នា​ចង់​ឡើង​ឋានៈ​ឲ្យ​បាន​មុខ​មាត់​ធំ​ដុំ​ក្នុង​លោកីយ៍​នេះ​ឬ? ឬ​ក៏ តើ​ជំនឿ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​មាន​គោល​ដៅ​ដែល​មាន​ប្រយោជន៍​ជា​ទី​បំផុត​វិញ​ទេ?

ជំនឿ​នាំ​ឲ្យ​មាន​ជីវិត​ដ៏​គាប់​ចិត្ត

១២. តើ​ជំនឿ​មាន​ឥទ្ធិពល​អ្វី​លើ​ជីវិត​របស់​រ៉ាហាប?

១២ ជំនឿ​មិន​គ្រាន់​តែ​ឲ្យ​មនុស្ស​មាន​គោល​ដៅ​ដែល​មាន​ប្រយោជន៍​ជា​ទី​បំផុត​ប៉ុណ្ណោះ​ទេ តែ​នាំ​ឲ្យ​បាន​ជីវិត​ដ៏​គាប់​ចិត្ត​ផង​ដែរ។ នាង​រ៉ាហាប​ដែល​ប្រកប​មុខ​របរ​ជា​ស្រី​ពេស្យា​នៅ​ទី​ក្រុង​យេរីខូរ ច្បាស់​ជា​មិន​ពេញ​ចិត្ត​នឹង​ជីវភាព​រស់​នៅ​បែប​នោះ​ទេ។ ប៉ុន្តែ នាង​បាន​ទទួល​រង្វាន់​ដ៏​អស្ចារ្យ​មែន ពេល​នាង​អនុវត្ត​ជំនឿ​នោះ! នាង​បាន​ត្រូវ «រាប់​ជា​សុចរិត ដោយ​សារ​ការ​នាង​ប្រព្រឹត្ត[ដោយ​ចិត្ត​ជឿ] គឺ​ក្នុង​កាល​ដែល​នាង​ទទួល[ជន​អ៊ីស្រាអែល]នោះ ហើយ​នាង​បាន​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​១​ទៀត» ដើម្បី​ជៀស​ឲ្យ​រួច​ពី​សត្រូវ​ដែល​ជា​ជន​ជាតិ​កាណាន។ (យ៉ាកុប ២:២៤​-​២៦) នាង​រ៉ាហាប​បាន​បង្ហាញ​ជំនឿ​ដោយ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត ហើយ​ដោយ​ឈប់​រក​ស៊ី​ខាង​ផ្លូវ​ភេទ​ទៀត។ (យ៉ូស្វេ ២:៩​-​១១; ហេព្រើរ ១១:៣០, ៣១) រ៉ាហាប​មិន​បាន​រៀប​ការ​ជា​មួយ​ជន​សាសន៍​កាណាន​ទេ តែ​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​បុរស​ម្នាក់​ដែល​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា។ (ចោទិយកថា ៧:៣, ៤; កូរិនថូស​ទី​១ ៧:៣៩) រ៉ាហាប​មាន​ឯកសិទ្ធិ​ពិសេស​មួយ ព្រោះ​នាង​អាច​ធ្វើ​ជា​អយ្យ​កា​នៃ​ព្រះ​មេស្ស៊ី។ (របាក្សត្រ​ទី​១ ២:៣​-​១៥; នាង​រស់ ៤:២០​-​២២; ម៉ាថាយ ១:៥, ៦) ដូច​មនុស្ស​ឯ​ទៀត​ដែល​បាន​លះ​បង់​របៀប​រស់​នៅ​ដ៏​អសីលធម៌​នោះ នាង​រ៉ាហាប​នឹង​ទទួល​រង្វាន់​មួយ​ទៀត គឺ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​មនោរម្យ។

១៣. តើ​ដាវីឌ​ធ្វើ​អំពើ​បាប​អ្វី​ជា​មួយ​នាង​បាតសេបា? ប៉ុន្តែ តើ​ទ្រង់​បង្ហាញ​ចិត្ត​គំនិត​បែប​ណា?

១៣ ក្រោយ​ពី​រ៉ាហាប​បាន​បោះ​បង់​ចោល​ជីវភាព​រស់​នៅ​ជា​ស្រី​ពេស្យា​នោះ តាម​មើល​ទៅ នាង​បាន​រស់​នៅ​ជា​មនុស្ស​សុចរិត។ រីឯ​បង​ប្អូន​ខ្លះ​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ជា​យូរ​យារ​មក​ហើយ ពួក​គេ​បែរ​ជា​បាន​ធ្វើ​អំពើ​បាប​ធ្ងន់​ទៅ​វិញ។ ស្តេច​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​កំផិត​ជា​មួយ​នាង​បាត​សេបា ​ហើយ​បាន​ចេញ​បញ្ជា​ដែល​នាំ​ឲ្យ​ស្វាមី​នាង​ស្លាប់​នៅ​សមរភូមិ ហើយ​ក្រោយ​មក​ដាវីឌ​បាន​រៀប​ការ​ជា​មួយ​នាង។ (សាំយូអែល​ទី​២ ១១:១​-​២៧) ពេល​ដាវីឌ​ប្រែ​ចិត្ត​ដោយ​សោក​សង្រេង​យ៉ាង​ខ្លាំង​នោះ ទ្រង់​បាន​អំពាវនាវ​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ថា៖ «កុំ​ដក​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ចេញ​ពី​ទូល​បង្គំ​ឡើយ»។ ដាវីឌ​មិន​បាត់​បង់​វិញ្ញាណ​របស់ព្រះ​ទេ។ ដាវីឌ​មាន​ជំនឿ​ថា ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​មេត្ដា​ករុណា​ហើយ​និង​មិន​ស្អប់​នូវ​មនុស្ស​ដែល​មាន«ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប»ដោយ​ព្រោះ​បាន​ធ្វើ​បាប​នោះ​ទេ។ (ទំនុក​ដំកើង ៥១:១១, ១៧; ១០៣:១០​-​១៤) អាស្រ័យ​លើ​ជំនឿ​របស់​ដាវីឌ​និង​នាង​បាត​សេបា ​ពួក​គេ​ក៏​បាន​ទទួល​ឯកសិទ្ធិ​រួម​ចំណែក​ក្នុង​ខ្សែ​ស្រ​ឡាយ​របស់​ព្រះ​មេស្ស៊ី។—របាក្សត្រ​ទី​១ ៣:៥; ម៉ាថាយ ១:៦, ១៦; លូកា ៣:២៣, ៣១

ជំនឿ​ត្រូវ​ពង្រឹង​ឡើង​ពេល​ព្រះ​ធានា​ថា​នឹង​ជួយ​យើង

១៤. តើ​អ្វី​បាន​ជួយ​គេឌាន​ឲ្យ​ដឹង​ច្បាស់​ថា ព្រះ​នឹង​ជួយ​គាត់​នោះ? ហើយ​តើ​កំណត់​ហេតុ​នេះ​អាច​មាន​ឥទ្ធិពល​អ្វី​លើ​ជំនឿ​របស់​យើង?

១៤ ទោះ​បើ​យើង​ដើរ​ដោយ​មាន​ចិត្ត​ជឿ​ក៏​ដោយ ជួន​កាល​យើង​ចង់​បាន​ការ​ធានា​ថា ព្រះ​នឹង​ជួយ​យើង​ជា​និច្ច។ ចៅហ្វាយ​គេឌាន​ជា​បុគ្គល​មួយ​រូប‹ដែល​ដោយ​សារ​ជំនឿ​នោះ បាន​ឈ្នះ​នគរ​ដទៃ› ហើយ​គាត់​ក៏​ចង់​បាន​ការ​ធានា​ថា ព្រះ​នឹង​ជួយ​គាត់​ដែរ។ (ហេព្រើរ ១១:៣២, ៣៣) ពួក​សាសន៍​ម៉ាឌាន​និង​សាសន៍​នានា​ដែល​ចង​សម្ព័ន្ធមេត្រីភាព​ជា​មួយ​គ្នា​គេ​បាន​វាយលុក​ចូល​ស្រុក​អ៊ីស្រាអែល ហើយ​នៅ​ពេល​នោះ​វិញ្ញាណ​របស់​ព្រះ​បាន​សណ្ឋិត​លើ​គេឌាន។ គេឌាន​ចង់​ដឹង​ច្បាស់​ថា តើ​ព្រះ​គង់​នៅ​ជា​មួយ​គាត់​ឬ​ក៏​យ៉ាង​ណា ដូច្នេះ​គាត់​ក៏​បាន​សាក​មើល ដោយ​ដាក់​ស្បែក​រោម​ចៀម​លើ​ទី​លាន​បោក​ស្រូវ​អស់​មួយ​យប់។ ក្នុង​ការ​សាក​មើល​ទី​មួយ មាន​ទឹក​សន្សើម​លើ​រោម​សត្វ​ប៉ុណ្ណោះ ហើយ​ដី​ជុំ​វិញ​នៅ​ស្ងួត។ ក្នុង​ការ​សាក​មើល​ទី​ពីរ ស្ថានភាព​គឺ​ផ្ទុយ​ស្រលះ​ពី​លើក​ទី​មួយ​វិញ។ លោក​គេឌាន​ចេះ​ប្រយ័ត្ន​ប្រយែង ហើយ​ពេល​មើល​ការ​បញ្ជាក់​នោះ គាត់​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​គាត់​ប្រព្រឹត្ត​ដោយ​ជំនឿ​ហើយ​បាន​ឈ្នះ​លើ​ខ្មាំង​សត្រូវ​របស់​ពួក​អ៊ីស្រាអែល។ (ពួក​ចៅហ្វាយ ៦:៣៣​-​៤០; ៧:១៩​-​២៥) បើ​យើង​ចង់​បាន​ការ​ធានា មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ នេះ​មិន​មាន​ន័យ​ថា យើង​ខ្វះ​ជំនឿ​ទេ។ តាម​ពិត យើង​បង្ហាញ​ចិត្ត​ជឿ​ដោយ​ពិនិត្យ​មើល​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​គ្រីស្ទាន ហើយ​ដោយ​អធិស្ឋាន​សុំ​ការ​ណែនាំ​ដោយ​វិញ្ញាណ​បរិសុទ្ធ មុន​នឹង​យើង​ធ្វើ​ការ​សម្រេច​ចិត្ត។—រ៉ូម ៨:២៦, ២៧

១៥. តើ​ការ​រំពឹង​គិត​អំពី​ជំនឿ​របស់​បារ៉ាក​អាច​ជួយ​យើង​យ៉ាង​ណា​បាន?

១៥ ជំនឿ​របស់​ចៅហ្វាយ​បារ៉ាក​បាន​ត្រូវ​ពង្រឹង​ឡើង​ដែរ ពេល​គាត់​ទទួល​ការ​ធានា​ថា ព្រះ​នឹង​ជួយ​តាម​រយៈ​សំដី​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ព្យាការនី​ដេបូរ៉ា​បាន​ជំរុញ​ចិត្ត​បារ៉ាក​ឲ្យ​ជួយ​ប្រជាជន​អ៊ីស្រាអែល​ពី​ការ​សង្កត់​សង្កិន​ដោយ​ស្តេច​សាសន៍​កាណាន​ឈ្មោះ​យ៉ាប៊ីន។ ដោយ​មាន​ចិត្ត​ជឿ​ព្រម​ទាំង​មាន​ការ​បញ្ជាក់​ថា​ព្រះ​នឹង​គាំទ្រ​គាត់ នោះ​បារ៉ាក​បាន​នាំ​មុខ​បុរស​១០.០០០​នាក់​ដែល​មិន​សូវ​មាន​គ្រឿង​សឹក​សំរាប់​ធ្វើ​សង្គ្រាម ហើយ​ពួក​គេ​បាន​ឈ្នះ​លើ​ពល​ទ័ព​ដ៏​សន្ធឹក​របស់​ស្តេច​យ៉ាប៊ីន ដែល​មាន​លោក​ស៊ីសេរ៉ា​ជា​មេ​ទ័ព​នោះ។ ដេបូរ៉ា​និង​បារ៉ាក​បាន​ច្រៀង​ចំរៀង​ជ័យ​ជំនះ​ដោយ​ចិត្ត​រំភើប​នៅ​ពេល​នោះ។ (ពួក​ចៅហ្វាយ ៤:១–៥:៣១) ដេបូរ៉ា​បាន​លើក​ទឹក​ចិត្ត​បារ៉ាក​ឲ្យ​ធ្វើ​ការ​ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​នាំ​មុខ​ប្រជាជន​អ៊ីស្រាអែល ហើយ​បារ៉ាក​ក៏​ជា​អ្នក​បំរើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា​ដែល​ដោយ​សារ​ជំនឿ​បាន«កំចាត់​ពល​ទ័ព​សាសន៍​ដទៃ»។ (ហេព្រើរ ១១:៣៤) បើ​យើង​ស្ទាក់​ស្ទើរ​ពេល​ទទួល​កិច្ច​ការ​ដ៏​ពិបាក​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា នោះ​ការ​រំពឹង​គិត​អំពី​អំណោយ​ពរ​ដែល​ព្រះ​ប្រទាន​លើ​បារ៉ាក​ដោយ​ព្រោះ​លោក​សម្រេច​ការ​ដោយ​ចិត្ត​ជឿ​នោះ អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​សម្រេច​កិច្ច​បំរើ​របស់​យើង​ផង​ដែរ។

ជំនឿ​អាច​ជួយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត

១៦. តើ​អ័ប្រាហាំ​តាំង​គំរូ​ល្អ​អ្វី ក្នុង​ការ​រក្សា​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​ឡុត?

១៦ ដូច​ជា​ជំនឿ​អាច​ជួយ​យើង​បំពេញ​ការ​ងារ​ដ៏​ពិបាក​ក្នុង​កិច្ច​បំរើ​ព្រះ នោះ​ជំនឿ​ក៏​អាច​ជួយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​និង​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត។ ពេល​ពួក​អ្នក​ឃ្វាល​ហ្វូង​សត្វ​របស់​អ័ប្រាហាំ​និង​ឡុត​បាន​ឈ្លោះ​គ្នា​រហូត​ដល់​ត្រូវ​បែក​ពី​គ្នា​នោះ លោក​អ័ប្រាហាំ​ដែល​មាន​វ័យ​ចាស់​បាន​អនុញ្ញាត​ឲ្យ​ឡុត​ជ្រើស​រើស​វាល​ស្មៅ​ល្អ​បំផុត ទោះ​បី​ឡុត​ជា​ក្មួយ​របស់​អ័ប្រាហាំ​ហើយ​ក្មេង​ជាង​ក៏​ដោយ។ (លោកុប្បត្តិ ១៣:៧​-​១២) អ័ប្រាហាំ​មុខ​ជា​បាន​អធិស្ឋាន​ដោយ​ចិត្ត​ជឿ ហើយ​បាន​សុំ​ជំនួយ​ពី​ព្រះ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​រ៉ាវ​នេះ។ ជា​ជាង​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន អ័ប្រាហាំ​បាន​ដោះ​ស្រាយ​រឿង​នោះ​ដោយ​សន្ដិវិធី។ បើ​មាន​កាលៈទេសៈ​ណា​នាំ​ឲ្យ​យើង​មាន​ជំលោះ​ជា​មួយ​បង​ប្អូន​គ្រីស្ទាន​របស់​យើង ចូរ​យើង​អធិស្ឋាន​ដោយ​ចិត្ត​ជឿ ហើយ«ខិត​ខំ​ស្វែង​រក​សេចក្ដី​សុខ​សាន្ត» ដោយ​នឹក​ចាំ​ពី​គំរូ​របស់​អ័ប្រាហាំ​ក្នុង​ការ​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់។—ពេត្រុស​ទី​១ ៣:១០​-​១២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១៧. ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​អាច​និយាយ​ថា ជំលោះ​ដែល​បាន​បណ្ដាល​ឲ្យ​ប៉ុល​មិន​ព្រម​ទៅ​ជា​មួយ​បាណាបាស​និង​ម៉ាកុស​នោះ​បាន​ត្រូវ​ដោះ​ស្រាយ​ដោយ​សន្ដិវិធី?

១៧ សូម​ពិចារណា​មើល​នូវ​របៀប​ដែល​ការ​រស់​នៅ​សម​ស្រប​ទៅ​តាម​គោល​ការណ៍​គ្រីស្ទាន​ដោយ​ចិត្ត​ជឿ អាច​ជួយ​យើង​រក្សា​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត។ ពេល​ប៉ុល​ហៀប​នឹង​ចេញ​ដំណើរ​លើក​ទី​ពីរ​ជា​សាសនា​ទូត​នោះ បាណាបាស​បាន​យល់​ព្រម​ថា ពួក​គេ​គួរ​ទៅ​លេង​ម្ដង​ទៀត​នូវ​ក្រុម​ជំនុំ​និមួយ​ៗ​នៅ​កោះ​គីប្រុស​និង​តំបន់​អាស៊ី​មីន័រ។ ក៏​ប៉ុន្តែ បាណាបាស​ចង់​ឲ្យ​ប្អូន​ជីដូន​មួយ​ឈ្មោះ​ម៉ាកុស​ទៅ​ជា​មួយ។ ប៉ុល​មិន​ព្រម​ទេ ពីព្រោះ​ពី​មុន​ម៉ាកុស​បាន​លែង​បន្ត​ធ្វើ​ដំណើរ​ជា​មួយ​ពួក​គេ​នៅ​ខេត្ត​ប៉ាមភីលា​ទៀត​ហើយ។ ប៉ុល​និង​បាណាបាស«មាន​ការណ៍​ទាស់​ទែង​គ្នា​ជា​ខ្លាំង» ហើយ​ជំលោះ​នេះ​បាន​បណ្ដាល​ឲ្យ​ពួក​គេ​បែក​បាក់​គ្នា។ បាណាបាស​បាន​នាំ​ម៉ាកុស​ទៅ​កោះ​គីប្រុស​ជា​មួយ​គាត់ តែ​ប៉ុល​បាន​ជ្រើស​រើស​ស៊ីឡាស​ជា​សហការី ហើយ​បាន«ដើរ​កាត់​ស្រុក​ស៊ីរី នឹង​ស្រុក​គី​លី​គា ក៏​ទាំង​ឲ្យ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ខ្ជាប់​ខ្ជួន​ឡើង»។ (កិច្ច​ការ ១៥:៣៦​-​៤១) យូរ​ៗ​ទៅ ពួកគេ​បាន​ជា​នា​នឹង​គ្នា​ឡើង​វិញ ត្បិត​ម៉ាកុស​បាន​នៅ​ជា​មួយ​ប៉ុល​នៅ​ទី​ក្រុង​រ៉ូម ហើយ​សាវ័ក​ប៉ុល​បាន​និយាយ​សរសើរ​ម៉ាកុស​វិញ។ (កូល៉ុស ៤:១០; ភីលេម៉ូន ២៣, ២៤) ពេល​ប៉ុល​ជាប់​ចំណង​នៅ​ទី​ក្រុង​រ៉ូម​ប្រហែល​ជា​ឆ្នាំ​៦៥ ស.យ. គាត់​បាន​ប្រាប់​ធីម៉ូថេ​ថា៖ «ចូរ​ឲ្យ​អ្នក​នាំ​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ​ងារ​ខ្ញុំ»។ (ធីម៉ូថេ​ទី​២ ៤:១១) តាម​មើល​ទៅ ប៉ុល​បាន​អធិស្ឋាន​ដោយ​ចិត្ត​ជឿ អំពី​ចំណង​មេត្រី​ភាព​របស់​គាត់​ជា​មួយ​បាណាបាស​និង​ម៉ាកុស ហើយ​ជា​លទ្ធផល​នោះ​ទំនាក់​ទំនង​របស់​ពួក​គេ​បាន​ផ្សះ​ផ្សា​ជា​មួយ​គ្នា​ដែល​ជាប់​ទាក់​ទិន​នឹង«សេចក្ដី​សុខ​សាន្ត​របស់​ព្រះ»។—ភីលីព ៤:៦, ៧

១៨. តើ​អ្វី​ប្រហែល​ជា​បាន​កើត​ឡើង​រវាង​អ៊ើរ៉ូឌា​និង​ស៊ុនទីច?

១៨ «យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយ​ៗ» ពីព្រោះ​យើង​មាន​ភាព​មិន​គ្រប់​ល័ក្ខណ៍។ (យ៉ាកុប ៣:២) ស្ត្រី​គ្រីស្ទាន​ពីរ​នាក់​បាន​មាន​ទំនាស់​នឹង​គ្នា​ដែរ ហើយ​ប៉ុល​បាន​សរសេរ​ថា៖ «ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូឌា នឹង​នាង​ស៊ុនទីច​ដែរ ឲ្យ​មូល​គំនិត​តែ​១​ក្នុង​ព្រះ​អម្ចាស់ . . . សូម​ជួយ​ស្ត្រី​ទាំង​២​នោះ ដែល​បាន​តតាំង​ជា​១​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង»។ (ភីលីព ៤:១​-​៣) ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ជា​អ្នក​គោរព​ព្រះ ហើយ​ពួក​គេ​ទំនង​ជា​បាន​ដោះ​ស្រាយ​បញ្ហា​រវាង​ពួក​គេ​ដោយ​សន្ដិវិធី ដោយ​អនុវត្ត​តាម​ដំបូន្មាន​ដូច​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ៥:២៣, ២៤។ ការ​អនុវត្តន៍​តាម​គោល​ការណ៍​ពី​បទ​គម្ពីរ​ដោយ​ចិត្ត​ជឿ​នោះ ពិត​ជា​នឹង​ជួយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។

ជំនឿ​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ

១៩. តើ​មាន​ស្ថានការណ៍​ដ៏​ពិបាក​ណា ដែល​មិន​អាច​បំផ្លាញ​ជំនឿ​របស់​អ៊ីសាក​និង​រេបិកា?

១៩ យើង​អាច​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក​បើ​យើង​មាន​ចិត្ត​ជឿ។ យើង​ប្រហែល​ជា​ភ័យ​ព្រួយ​ដោយ​ព្រោះ​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​យើង ដែល​ជា​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ តែ​គាត់​បែរ​ជា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ដោយ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​មនុស្ស​ម្នាក់​ដែល​មិន​រួម​ជំនឿ​ជា​មួយ​យើង។ (កូរិនថូស​ទី​១ ៧:៣៩) អ៊ីសាក​និង​រេបិកា​បាន​កើត​ទុក្ខ​ដោយ​សារ​កូន​ឈ្មោះ​អេសាវ​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​ដែល​មិន​ជឿ​លើ​ព្រះ​យេហូវ៉ា។ ភរិយា​របស់​អេសាវ​ជា​ជន​ជាតិ​ហេត ហើយ​គេ«ក៏​នាំ​ឲ្យ​អ៊ីសាក​ហើយ​នឹង​រេបិកា​ពិបាក​ចិត្ត​ណាស់» រហូត​ដល់​រេបិកា​បាន​លាន់​មាត់​ថា៖ «ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​កូន​ស្រី​នៃ​សាសន៍​ហេត​ទាំង​នេះ។ បើ​កាល​ណា​យ៉ាកុប​យក​ប្រពន្ធ ក្នុង​ពួក​កូន​ស្រី​សាសន៍​ហេត ដូច​ជា​ពួក​កូន​ស្រី​ស្រុក​នេះ​ដែរ នោះ​តើ​ឲ្យ​ខ្ញុំ​នៅ​រស់​ធ្វើ​អ្វី​ទៀត?»។ (លោកុប្បត្តិ ២៦:៣៤, ៣៥; ២៧:៤៦) ប៉ុន្តែ ស្ថានការណ៍​ដ៏​ពិបាក​នោះ​មិន​បាន​បំផ្លាញ​ជំនឿ​របស់​អ៊ីសាក​និង​រេបិកា​ឡើយ។ សូម​ឲ្យ​យើង​រក្សា​ការ​ពារ​នូវ​ជំនឿ​របស់​យើង​ផង​ដែរ បើ​យើង​ជួប​ប្រទះ​ស្ថានការណ៍​ដ៏​ពិបាក​នោះ។

២០. តើ​ន៉ាអូមី​និង​នាង​រស់​ធ្វើ​ជា​គំរូ​យ៉ាង​ណា ស្តី​អំពី​ជំនឿ?

២០ ស្រី​មេម៉ាយ​វ័យ​ចាស់​មួយ​រូប​ឈ្មោះ​ន៉ាអូមី ជា​ស្ត្រី​សាសន៍​យូដា​ម្នាក់​ដែល​ដឹង​ថា ស្ត្រី​ខ្លះ​ក្នុង​កុលសម្ព័ន្ធ​របស់​គាត់​នឹង​បង្កើត​កូន​ប្រុស​ដែល​អាច​ក្លាយ​ជា​អយ្យកោ​របស់​ព្រះ​មេស្ស៊ី។ ក៏​ប៉ុន្តែ ដោយ​សារ​កូន​ប្រុស​របស់​ន៉ាអូមី​បាន​ស្លាប់​ទៅ​ទាំង​មិន​បាន​បន្សល់​ទុក​ឲ្យ​គាត់​មាន​ចៅ​មួយ​សោះ ហើយ​ន៉ាអូមី​មាន​វ័យ​ចាស់​បង្កើត​កូន​មិន​បាន​ទៀត​ទេ​នោះ នេះ​មើល​ទៅ​ដូច​ជា​គ្រួសារ​របស់​នាង​មិន​អាច​មាន​ចំណែក​ក្នុង​ខ្សែ​ស្រ​ឡាយ​របស់​ព្រះ​មេស្ស៊ី​ទាល់​តែ​សោះ។ យ៉ាង​ណា​ក៏​ដោយ កូន​ប្រសា​ស្រី​ដែល​ជា​ស្រី​មេម៉ាយ​ដែរ ឈ្មោះ​នាង​រស់ បាន​រៀប​ការ​ជា​ភរិយា​របស់​លោក​បូអូស​ដែល​មាន​វ័យ​ចាស់​ដែរ ហើយ​នាង​បាន​បង្កើត​កូន​ប្រុស​មួយ ទាំង​បាន​ក្លាយ​ជា​អយ្យ​កា​ម្នាក់​របស់​ព្រះ​យេស៊ូ​ដែល​ជា​ព្រះ​មេស្ស៊ី! (លោកុប្បត្តិ ៤៩:១០, ៣៣; នាង​រស់ ១:៣​-​៥; ៤:១៣​-​២២; ម៉ាថាយ ១:១, ៥) ជំនឿ​របស់​ន៉ាអូមី​និង​នាង​រស់​បាន​ឈ្នះ​លើ​ភាព​លំបាក​លំបិន ហើយ​បាន​នាំ​ឲ្យ​ពួក​គេ​មាន​អំណរ​ទៀត​ផង។ យើង​ក៏​អាច​មាន​អំណរ​ខ្លាំង​ផង​ដែរ បើ​យើង​រក្សា​ការ​ពារ​ជំនឿ​ពេល​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក។

២១. តើ​ជំនឿ​អាច​ជួយ​យើង​បាន​យ៉ាង​ណា​ខ្លះ? ហើយ​តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

២១ ថ្វី​បើ​យើង​មិន​អាច​ដឹង​ជា​មុន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​នោះ តែ​យើង​អាច​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ណា​ក៏​ដោយ​បាន ដោយ​សារ​ជំនឿ។ នោះ​ជំនឿ​នឹង​ជួយ​យើង​មាន​ចិត្ត​ក្លាហាន ហើយ​អាច​ជួយ​យើង​ចេះ​អត់​ធ្មត់​ដែរ។ ជំនឿ​អាច​ជួយ​យើង​ឲ្យ​មាន​គោល​ដៅ​ដែល​មាន​ប្រយោជន៍​ជា​ទី​បំផុត ហើយ​ឲ្យ​មាន​ជីវិត​ដែល​គាប់​ចិត្ត។ ជំនឿ​តែង​មាន​អានុភាព​ល្អ​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​អ្នក​ដទៃ ហើយ​ក៏​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​បាន​ដែរ។ បើ​ដូច្នេះ ចូរ​យើង​ធ្វើ«ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ»។ (ហេព្រើរ ១០:៣៩) ដោយ​ពឹង​ពាក់​កម្លាំង​ពី​ព្រះ​ដែល​ស្រឡាញ់​យើង ចូរ​ឲ្យ​យើង​មាន​ជំនឿ​ដ៏​មុត​មាំ ហើយ​លើក​សរសើរ​សិរី​ល្អ​របស់​ព្រះ​យេហូវ៉ា​ជា​និច្ច។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​មាន​ភស្តុ​តាង​អ្វី​ពី​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា ជំនឿ​អាច​ជួយ​យើង​មាន​ចិត្ត​ក្លាហាន​បាន?

• ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​អាច​និយាយ​ថា ជំនឿ​អាច​នាំ​ឲ្យ​យើង​មាន​ជីវិត​ដែល​គាប់​ចិត្ត?

• តើ​ជំនឿ​អាច​ជួយ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត បាន​យ៉ាង​ណា?

• តើ​មាន​ភស្តុ​តាង​អ្វី ដែល​បង្ហាញ​ថា ជំនឿ​អាច ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក?

[រូប​ភាព​នៅ​ទំព័រ​២៤]

ជំនឿ​បាន​ជួយ​ឲ្យ​លោក​ណូអេ​និង​អេណុក​មាន​ចិត្ត​ក្លាហាន ដើម្បី​ប្រកាស​សារ​របស់​ព្រះ​យេហូវ៉ា

[រូប​ភាព​នៅ​ទំព័រ​២៥]

ជំនឿ​ដូច​លោក​ម៉ូសេ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​បំពេញ​គោល​ដៅ​ខាង​វិញ្ញាណ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក