បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w19 សីហា ទំ. ២៦-២៨
  • ជំនឿ ជាគុណសម្បត្ដិមួយដែលជួយពង្រឹងកម្លាំងយើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជំនឿ ជាគុណសម្បត្ដិមួយដែលជួយពង្រឹងកម្លាំងយើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ជំនឿ​គឺ​ជា​អ្វី?
  • ចិត្ត​គំនិត​ត្រឹម​ត្រូវ​គឺ​សំខាន់​ចាំ​បាច់
  • របៀប​ដែល​ដាវីឌ​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​រឹង​មាំ
  • របៀប​ពង្រឹង​ជំនឿ​របស់​អ្នក
  • ចូរ​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ
  • ចូរ​«​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាំ​មួន​ឡើង​ដោយ​ផ្អែក​លើ​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​»​
  • ចូរបង្ហាញជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • «សូមផ្ដល់ជំនឿមកយើងថែមទៀត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើអ្នកពិតជាជឿលើដំណឹងល្អមែនទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • តើជំនឿរបស់អ្នកខ្លាំងប៉ុនណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
w19 សីហា ទំ. ២៦-២៨

ជំនឿ ជា​គុណ​សម្បត្ដិ​មួយ​ដែល​ជួយ​ពង្រឹង​កម្លាំង​យើង

  • សេចក្ដី​ស្រឡាញ់

  • អំណរ

  • សេចក្ដី​សុខ​សាន្ត

  • ចិត្ត​ធ្ងន់

  • សេចក្ដី​សប្បុរស

  • គុណធម៌

  • ជំនឿ

  • ចិត្ត​ស្លូត​បូត

  • ការ​ចេះ​ទប់​ចិត្ត

ជំនឿ​ជួយ​យើង​ឲ្យ​មាន​កម្លាំង​ខ្លាំង​ក្លា។ ជា​ឧទាហរណ៍ ទោះ​ជា​សាថាន​ចង់​បំផ្លាញ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ក្ដី ជំនឿ​អាច​ជួយ​យើង​ឲ្យ​«​ពន្លត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច​»។ (​អេភ. ៦:១៦​) បើ​យើង​មាន​ជំនឿ យើង​អាច​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​ប្រៀប​ដូច​ជា​ភ្នំ។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ប្រសិន​បើ​អ្នក​មាន​ជំនឿ​ប៉ុន​គ្រាប់​មូស្ដាត នោះ​អ្នក​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា​៖ ‹ចូរ​រើ​ចេញ​ពី​កន្លែង​នេះ ទៅ​កន្លែង​ផ្សេង› នោះ​វា​នឹង​រើ​ទៅ​មែន​»។ (​ម៉ាថ. ១៧:២០​) ដោយ​សារ​យើង​ដឹង​ថា​ជំនឿ​អាច​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​រឹង​មាំ យើង​គួរ​គិត​អំពី​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​ជំនឿ​គឺ​ជា​អ្វី? តើ​ចិត្ត​គំនិត​របស់​យើង​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ជំនឿ​របស់​យើង? តើ​យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច? តើ​យើង​គួរ​បង្ហាញ​ជំនឿ​លើ​អ្នក​ណា?—រ៉ូម ៤:៣

តើ​ជំនឿ​គឺ​ជា​អ្វី?

ជំនឿ​មិន​គ្រាន់​តែ​ជា​ការ​ជឿ​លើ​អ្វី​ៗ​ដែល​គម្ពីរ​ចែង​ប៉ុណ្ណោះ​ទេ ព្រោះ​សូម្បី​តែ​«​ពួក​វិញ្ញាណ​កំណាច ក៏​ជឿ[​ថា​មាន​ព្រះ​]ហើយ​ញ័រ​រន្ធត់​»។ (​យ៉ា. ២:១៩​) ដូច្នេះ តើ​ជំនឿ​គឺ​ជា​អ្វី?

ផែនដីមើលពីលំហអាកាស

ដូច​ដែល​យើង​មាន​ទំនុក​ចិត្ត​ថា​នឹង​តែង​តែ​មាន​ថ្ងៃ​និង​យប់ នោះ​យើង​មាន​ទំនុក​ចិត្ត​ថា​ប្រសាសន៍​របស់​ព្រះ​នឹង​តែង​តែ​ក្លាយ​ជា​ការ​ពិត

គម្ពីរ​ពន្យល់​អត្ថន័យ​ពីរ​យ៉ាង​នៃ​ជំនឿ។ ទី១ ​«​ជំនឿ​គឺ​ជា​ការ​ទុក​ចិត្ត​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម​»។ (​ហេ. ១១:១​ក​) បើ​អ្នក​មាន​ជំនឿ អ្នក​នឹង​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​គឺ​ពិត ហើយ​នឹង​បាន​សម្រេច។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​បើ​សិន​ជា​ឯង​រាល់​គ្នា​អាច​នឹង​ផ្ដាច់​សេចក្ដី​សញ្ញា​របស់​អញ ពី​ដំណើរ​ថ្ងៃ​នឹង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ​ឬ​យប់​តាម​ធម្មតា​បាន នោះ​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ដាវីឌ​ជា​អ្នក​បំរើ​អញ​ក៏​នឹង​ផ្ដាច់​ទៅ​បាន​ដែរ​»។ (​យេ. ៣៣:២០, ២១​) តើ​អ្នក​ធ្លាប់​ភ័យ​ខ្លាច​ថា​ព្រះ​អាទិត្យ​នឹង​ឈប់​រះ​ឬ​ឈប់​លិច ហើយ​ថា​នេះ​នឹង​បណ្ដាល​ឲ្យ​លែង​មាន​ថ្ងៃ​ឬ​យប់​ទៀត​ឬ​ទេ? បើ​អ្នក​ពិត​ជា​ជឿ​ជាក់​លើ​ច្បាប់​ធម្មជាតិ​ដែល​បណ្ដាល​ឲ្យ​មាន​ថ្ងៃ​និង​យប់ ហើយ​ការ​ធ្វើ​ដំណើរ​របស់​ផែន​ដី​ជុំ​វិញ​ព្រះ​អាទិត្យ តើ​អ្នក​គួរ​សង្ស័យ​ថា​អ្នក​បង្កើត​ច្បាប់​ទាំង​នេះ​មិន​អាច​សម្រេច​សេចក្ដី​សន្យា​របស់​លោក​ឬ​ទេ? ច្បាស់​ជា​មិន​គួរ​សង្ស័យ​ទេ!—អេ. ៥៥:១០, ១១; ម៉ាថ. ៥:១៨

ទី២ ជំនឿ​គឺ​ជា​«​ការ​ឃើញ​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន​»។ (​ហេ. ១១:១​ខ​) តើ​យើង​អាច​លើក​ឧទាហរណ៍​អ្វី​អំពី​រឿង​នេះ? ឧបមា​ថា​កូន​ក្មេង​សួរ​អ្នក​ថា ‹ម៉េច​បង​ដឹង​ថា​មាន​ខ្យល់?›។ ទោះ​ជា​អ្នក​មិន​ដែល​ឃើញ​ខ្យល់​ក៏​ដោយ អ្នក​អាច​និយាយ​ជា​មួយ​ក្មេង​នោះ​អំពី​អ្វី​ៗ​ដែល​បង្ហាញ​ថា​មាន​ខ្យល់ ដូច​ជា​ការ​ដក​ដង្ហើម និង​អ្វី​ៗ​ដែល​ខ្យល់​បក់​ផាត់​ជា​ដើម។ ពេល​ក្មេង​នោះ​ឃើញ​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់ នោះ​គាត់​ទទួល​ស្គាល់​ថា​អ្វី​ដែល​គាត់​មើល​មិន​ឃើញ​គឺ​ពិត​ជា​មាន​មែន។ ស្រដៀង​គ្នា​ដែរ ជំនឿ​មាន​មូលដ្ឋាន​លើ​ភ័ស្តុតាង​ច្បាស់​លាស់។—រ៉ូម ១:២០

ចិត្ត​គំនិត​ត្រឹម​ត្រូវ​គឺ​សំខាន់​ចាំ​បាច់

ដោយ​សារ​ជំនឿ​មាន​មូលដ្ឋាន​លើ​ភ័ស្តុតាង មុន​ដែល​បុគ្គល​ម្នាក់​អាច​មាន​ជំនឿ គាត់​ត្រូវ​មាន​«​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។ (​១ធី. ២:៤​) ប៉ុន្តែ​នេះ​គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​យើង​ត្រូវ​«​មាន​ចិត្ត​ជឿ​»។ (​រ៉ូម ១០:១០​) បុគ្គល​ម្នាក់​មិន​គ្រាន់​តែ​ត្រូវ​ជឿ​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​ត្រូវ​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត​ដែរ។ នោះ​នឹង​ជំរុញ​ចិត្ត​គាត់​ឲ្យ​បង្ហាញ​ជំនឿ ពោល​គឺ​មាន​របៀប​រស់​នៅ​ដែល​ព្រះ​ពេញ​ចិត្ត។ (​យ៉ា. ២:២០​) បុគ្គល​ម្នាក់​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត​ប្រហែល​ជា​មិន​ទទួល​យក​ភ័ស្តុតាង​ជាក់​លាក់ ដោយ​សារ​គាត់​មិន​ចង់​ផ្លាស់​ប្ដូរ​គំនិត​របស់​គាត់ ឬ​ថែម​ទាំង​រក​លេស​ដើម្បី​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​របស់​គាត់។ (​២ពេ. ៣:៣, ៤; យូ. ១៨​) ហេតុ​នេះ​ហើយ​នៅ​សម័យគម្ពីរ មិន​មែន​មនុស្ស​ទាំង​អស់​ដែល​បាន​ឃើញ​អព្ភូតហេតុ ដែល​បាន​បណ្ដុះ​ឲ្យ​មាន​ជំនឿ​នោះ​ទេ។ (​ជន. ១៤:១១; យ៉ូន. ១២:៣៧​) សកម្មពល​បរិសុទ្ធ​របស់​ព្រះ​អាច​ជួយ​បុគ្គល​ណា​ម្នាក់​ឲ្យ​មាន​ជំនឿ លុះ​ត្រា​តែ​អ្នក​នោះ​ពិត​ជា​ស្រឡាញ់​សេចក្ដី​ពិត។—កាឡ. ៥:២២; ២ថែ. ២:១០, ១១

របៀប​ដែល​ដាវីឌ​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​រឹង​មាំ

ស្តេច​ដាវីឌ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​មាន​ជំនឿ​រឹង​មាំ។ (​ហេ. ១១:៣២, ៣៣​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មិន​មែន​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​របស់​ដាវីឌ​មាន​ជំនឿ​ដូច​គាត់​ទេ។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ អេ​លាប​ដែល​ជា​បង​ប្រុស​ច្បង​របស់​ដាវីឌ បាន​បង្ហាញ​ថា​គាត់​ខ្វះ​ជំនឿ​ពេល​ដែល​គាត់​ស្តី​បន្ទោស​ដាវីឌ ដោយ​សារ​ដាវីឌ​ចង់​ដឹង​ចង់​ឮ​អំពី​ពាក្យ​របស់​កូលីយ៉ាត។ (​១សាំ. ១៧:២៦​-​២៨​) គ្មាន​អ្នក​ណា​ម្នាក់​កើត​មក​មាន​ជំនឿ​ស្រាប់​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ទទួល​ជំនឿ​ដោយ​ស្វ័យប្រវត្ដិ​ពី​ឪ​ពុក​ម្ដាយ​ដែរ ដូច្នេះ​ជំនឿ​របស់​ដាវីឌ​គឺ​អាស្រ័យ​លើ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ។

នៅ​ទំនុក​តម្កើង ២៧ ដាវីឌ​រៀប​រាប់​អំពី​របៀប​ដែល​គាត់​មាន​ជំនឿ​រឹង​មាំ​បែប​នោះ។ (​ខ​១​) ដាវីឌ​បាន​រំពឹង​គិត​អំពី​បទ​ពិសោធន៍​របស់​គាត់​នៅ​អតីតកាល និង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​សត្រូវ​របស់​គាត់។ (​ខ​២, ៣​) គាត់​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍។ (​ខ​៤​) ដាវីឌ​បាន​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​នឹង​អ្នក​ជឿ​គ្នី​គ្នា​នៅ​ឯ​ត្រសាល។ (​ខ​៦​) គាត់​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត​តាម​រយៈ​សេចក្ដី​អធិដ្ឋាន។ (​ខ​៧, ៨​) ដាវីឌ​ក៏​ចង់​ទទួល​ការ​ណែនាំ​អំពី​ផ្លូវ​របស់​ព្រះ​ដែរ។ (​ខ​១១​) ជំនឿ​គឺ​សំខាន់​ណាស់​ចំពោះ​ដាវីឌ រហូត​ដល់​គាត់​សួរ​ថា​៖ ​«​បើ​សិន​ជា​ទូល​បង្គំ​មិន​បាន​ជឿ . . . តើ​យ៉ាង​ណា​ទៅ?​»។—ខ​១៣

របៀប​ពង្រឹង​ជំនឿ​របស់​អ្នក

អ្នក​អាច​មាន​ជំនឿ​ដូច​ដាវីឌ បើ​អ្នក​មាន​ចិត្ត​គំនិត​និង​ទម្លាប់​ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ទំនុក​តម្កើង ២៧។ ដោយ​សារ​ជំនឿ​មាន​មូលដ្ឋាន​លើ​ចំណេះ​ត្រឹម​ត្រូវ ពេល​ដែល​អ្នក​កាន់​តែ​សិក្សា​បណ្ដាំ​របស់​ព្រះ​និង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ នោះ​ស្រួល​ជាង​ឲ្យ​អ្នក​មាន​ជំនឿ ដែល​ជា​គុណ​សម្បត្ដិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ។ (​ទំនុក. ១:២, ៣​) សូម​លៃ​ទុក​ពេល​ដើម្បី​រំពឹង​គិត​ពេល​ដែល​អ្នក​សិក្សា។ បើ​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​សិក្សា យើង​នឹង​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា។ កាល​ដែល​អ្នក​កាន់​តែ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ អ្នក​នឹង​កាន់​តែ​បង្ហាញ​ជំនឿ​របស់​អ្នក ដោយ​គោរព​ប្រណិប័តន៍​លោក​នៅ​ឯ​កិច្ច​ប្រជុំ និង​ដោយ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក។ (​ហេ. ១០:២៣​-​២៥​) ម្យ៉ាង​ទៀត យើង​បង្ហាញ​ថា​យើង​មាន​ជំនឿ ពេល​ដែល​យើង​បន្ត​«​អធិដ្ឋាន​ជា​និច្ច ហើយ​មិន​រសាយ​ចិត្ត​»។ (​លូក. ១៨:១​-​៨​) ដូច្នេះ ​«​ចូរ​អធិដ្ឋាន​ឥត​ឈប់​»​ទៅ​ព្រះ​យេហូវ៉ា ដោយ​មាន​ទំនុក​ចិត្ត​ថា‹លោក​រមែង​គិត​អំពី​អ្នក›។ (​១ថែ. ៥:១៧; ១ពេ. ៥:៧​) ជំនឿ​នាំ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ពេល​ដែល​យើង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ។—យ៉ា. ២:២២

ចូរ​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ

នៅ​ល្ងាច​មុន​លោក​យេស៊ូ​បាន​ស្លាប់ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​បង្ហាញ​ជំនឿ​លើ​ព្រះ ហើយ​បង្ហាញ​ជំនឿ​លើ​ខ្ញុំ​ដែរ​»។ (​យ៉ូន. ១៤:១​) ដូច្នេះ យើង​មិន​គ្រាន់​តែ​ត្រូវ​បង្ហាញ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​បង្ហាញ​ជំនឿ​លើលោក​យេស៊ូ​ដែរ។ តើ​យើង​អាច​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​តាម​របៀប​ណា? សូម​យើង​ពិចារណា​របៀប​បី​យ៉ាង។

លោកយេស៊ូអង្គុយជាមួយនឹងពួកសាវ័កស្មោះត្រង់១១នាក់របស់លោក

តើ​ការ​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ មាន​ន័យ​យ៉ាង​ណា?

ទី១​ចូរ​ចាត់​ទុក​ថា​ថ្លៃ​លោះ​ជា​អំណោយ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​អ្នក​ផ្ទាល់។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​រស់​នៅ​ដោយ​ជំនឿ​លើ​បុត្រ​ព្រះ ដែល​លោក​បាន​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ខ្លួន​ដើម្បី​ខ្ញុំ​»។ (​កាឡ. ២:២០​) ពេល​អ្នក​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ អ្នក​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ថ្លៃ​លោះ​គឺ​សម្រាប់​អ្នក​ផ្ទាល់ ហើយ​ថា​ព្រះ​នឹង​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​ដោយ​មាន​មូលដ្ឋាន​លើ​ថ្លៃ​លោះ។ អ្នក​ក៏​ជឿ​ដែរ​ថា​ថ្លៃ​លោះ​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត ព្រម​ទាំង​ជា​ភ័ស្តុតាង​ដ៏​អស្ចារ្យ​បំផុត​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក។ (​រ៉ូម ៨:៣២, ៣៨, ៣៩; អេភ. ១:៧​) អ្វី​ទាំង​នេះ​នឹង​ជួយ​ពង្រឹង​ជំនឿ​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ជៀស​វាង​ពី​ការ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង។—២ថែ. ២:១៦, ១៧

ទី២​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិដ្ឋាន​ដោយ​ផ្អែក​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ ដោយ​សារ​ថ្លៃ​លោះ យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ទាំង‹និយាយ​ដោយ​ក្លាហាន ដើម្បី​យើង​អាច​ទទួល​សេចក្ដី​មេត្ដា​ករុណា​និង​គុណ​ដ៏​វិសេស​លើស​លប់​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ›។ (​ហេ. ៤:១៥, ១៦; ១០:១៩​-​២២​) សេចក្ដី​អធិដ្ឋាន​ជួយ​យើង​ឲ្យ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​មិន​ចុះ​ចាញ់​នឹង​សេចក្ដី​ល្បួង​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។—លូក. ២២:៤០

ទី៣​ចូរ​ស្ដាប់​បង្គាប់​លោក​យេស៊ូ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ រីឯ​អ្នក​ណា​ដែល​មិន​ស្ដាប់​បង្គាប់​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ទទួល​ជីវិត​ឡើយ តែ​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​អ្នក​នោះ​»។ (​យ៉ូន. ៣:៣៦​) សូម​កត់​សម្គាល់​ថា​យ៉ូហាន​បាន​បញ្ជាក់​ថា​ការ​បង្ហាញ​ជំនឿ​គឺ​ផ្ទុយ​ពី​ការ​មិន​ស្ដាប់​បង្គាប់។ ដូច្នេះ អ្នក​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ ពេល​អ្នក​ស្ដាប់​បង្គាប់​លោក។ អ្នក​ស្ដាប់​បង្គាប់​លោក​យេស៊ូ​ដោយ​ធ្វើ​តាម​«​ច្បាប់​គ្រិស្ត​»​ ពោល​គឺ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្រៀន​និង​បាន​បង្គាប់។ (​កាឡ. ៦:២​) អ្នក​ក៏​ស្ដាប់​បង្គាប់​លោក​យេស៊ូ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​លោក​ផ្ដល់​ឲ្យ​តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​ម៉ាថ. ២៤:៤៥​) ដោយ​ស្ដាប់​បង្គាប់​លោក​យេស៊ូ អ្នក​នឹង​មាន​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្សេង​ៗ​ដែល​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ។—ម៉ាថ. ៧:២៤, ២៥

ចូរ​«​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាំ​មួន​ឡើង​ដោយ​ផ្អែក​លើ​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​»​

នៅ​ពេល​មួយ ពេល​បុរស​ម្នាក់​និយាយ​ជា​មួយ​នឹង​លោក​យេស៊ូ គាត់​បាន​ស្រែក​ឡើង​ថា​៖ ​«​ខ្ញុំ​មាន​ជំនឿ! សុំ​ជួយ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ផង!​»។ (​ម៉ាក. ៩:២៤​) បុរស​នោះ​មាន​ជំនឿ​មួយ​កម្រិត​ហើយ ប៉ុន្តែ​គាត់​ទទួល​ស្គាល់​ថា​គាត់​ត្រូវ​ការ​ជំនឿ​ថែម​ទៀត។ ដូច​បុរស​នេះ​ដែរ នឹង​មាន​ពេល​មួយ​ដែល​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ការ​ជំនឿ​ថែម​ទៀត។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​អាច​ពង្រឹង​ជំនឿ​របស់​យើង​នៅ​ឥឡូវ​នេះ។ ដូច​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​នេះ យើង​ពង្រឹង​ជំនឿ​របស់​យើង​ពេល​យើង​សិក្សា​បណ្ដាំ​របស់​ព្រះ​និង​រំពឹង​គិត​អំពី​បណ្ដាំ​នោះ។ យ៉ាង​នេះ យើង​នឹង​កាន់​តែ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា។ ជំនឿ​របស់​យើង​ក៏​នឹង​កាន់​តែ​មាំ​មួន​ឡើង​ៗ ពេល​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង និង​អធិដ្ឋាន​ឥត​ឈប់។ លើស​ពី​នេះ​ទៅ​ទៀត ពេល​យើង​ពង្រឹង​ជំនឿ​របស់​យើង យើង​ទទួល​ពរ​ដ៏​អស្ចារ្យ​បំផុត។ បណ្ដាំ​របស់​ព្រះ​ដាស់​តឿន​យើង​ថា​៖ ‹អ្នក​រាល់​គ្នា​ជា​ទី​ស្រឡាញ់​អើយ! ចូរ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាំ​មួន​ឡើង​ដោយ​ផ្អែក​លើ​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក› ដើម្បី​«​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»។—យូ. ២០, ២១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក