បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១០ ទំ. ៩-១៤
  • «សូមផ្ដល់ជំនឿមកយើងថែមទៀត»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «សូមផ្ដល់ជំនឿមកយើងថែមទៀត»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​ពេញ​ចិត្ត​ពេល​យើង​ពង្រឹង​ជំនឿ​របស់​យើង
  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង?
  • របៀប​ដែល​យើង​អាច​បង្ហាញ​ជំនឿ
  • សំណូម​ពរ​ឲ្យ​មាន​ជំនឿ​បាន​ត្រូវ​ធ្វើ​តាម
  • ចូរបង្ហាញជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើអ្នកពិតជាជឿលើដំណឹងល្អមែនទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ជំនឿ ជាគុណសម្បត្ដិមួយដែលជួយពង្រឹងកម្លាំងយើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • «ចូរកាន់ជំហរមាំមួនក្នុងជំនឿ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១០ ទំ. ៩-១៤

​«​សូម​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត​»​

​«​សុំ​ជួយ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ផង!​»។—ម៉ាកុស ៩:២៤

ចម្រៀង​លេខ: ៥៤, ២៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​គឺ​សំខាន់​ណាស់​ដែល​យើង​ពង្រឹង​ជំនឿ​របស់​យើង?

  • តើ​យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

  • តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​មាន​ជំនឿ​មាំ​មួន?

១​. តើ​ជំនឿ​គឺ​សំខាន់​យ៉ាង​ណា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

តើ​អ្នក​ធ្លាប់​សួរ​ខ្លួន​អ្នក​ថា ‹តើ​ព្រះ​យេហូវ៉ា​នឹង​ចង់​សង្គ្រោះ​ខ្ញុំ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ឬ​ទេ›? សាវ័ក​ប៉ូល​បាន​និយាយ​ថា គុណ​សម្បត្ដិ​មួយ​ដ៏​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​រួច​ជីវិត​គឺ​ជំនឿ។ គាត់​បាន​និយាយ​ថា​៖ ​«​បើ​គ្មាន​ជំនឿ មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​បាន​ឡើយ​»។ (​ហេប្រឺ ១១:៦​) នេះ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​ស្រួល ប៉ុន្តែ​តាម​ពិត​«​មិន​មែន​មនុស្ស​ទាំង​អស់​មាន​ជំនឿ​ទេ​»។ (​ថែស្សាឡូនិច​ទី២ ៣:២​) បទ​គម្ពីរ​ទាំង​ពីរ​នេះ​ជួយ​យើង​យល់​ថា​គឺ​សំខាន់​ណាស់​ដែល​យើង​ពង្រឹង​ជំនឿ​របស់​យើង។

២, ៣​. (​ក​) តើ​ជំនឿ​របស់​យើង​គឺ​សំខាន់​យ៉ាង​ណា? (​ខ​) នៅ​ឥឡូវ​នេះ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

២ សាវ័ក​ពេត្រុស​បាន​និយាយ​អំពី​ជំនឿ​ដែល​បាន​ត្រូវ​«​សាកល្បង​»។ (​សូម​អាន ពេត្រុស​ទី១ ១:៧​) គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​គឺ​ជិត​ដល់​ណាស់​ហើយ ហើយ​យើង​ចង់​ធ្វើ​«​ជា​មនុស្ស​ដែល​មាន​ជំនឿ​ដើម្បី​រក្សា​ជីវិត​»។ (​ហេប្រឺ ១០:៣៩​) ដូច្នេះ យើង​ត្រូវ​ខំ​ព្យាយាម​ពង្រឹង​ជំនឿ​របស់​យើង។ យើង​ចង់​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នឹង​ទទួល​រង្វាន់​ពេល​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​របស់​យើង​នឹង​ត្រូវ​សម្ដែង​ឲ្យ​ឃើញ។ ដូច្នេះ ដូច​បុរស​ដែល​បាន​អង្វរ​លោក​យេស៊ូ​សុំ​ឲ្យ​គាត់​មាន​ជំនឿ​ថែម​ទៀត យើង​ក៏​អាច​និយាយ​ថា​៖ ​«​សុំ​ជួយ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ផង!​»។ (​ម៉ាកុស ៩:២៤​) ឬ​ដូច​ពួក​សាវ័ក យើង​ក៏​អាច​និយាយ​ថា​៖ ​«​សូម​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត​»។—លូកា ១៧:៥

៣ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​យើង​អាច​ពង្រឹង​ជំនឿរបស់​យើង​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​មាន​ជំនឿ​មាំ​មួន? ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​យើង​ពេល​យើង​សុំ​ឲ្យ​មាន​ជំនឿ​ថែម​ទៀត?

ព្រះ​ពេញ​ចិត្ត​ពេល​យើង​ពង្រឹង​ជំនឿ​របស់​យើង

៤​. តើ​គំរូ​របស់​អ្នក​ណា​ខ្លះ​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ពង្រឹង​ជំនឿ​របស់​យើង?

៤ ជំនឿ​គឺ​សំខាន់​ខ្លាំង​ណាស់ ហេតុ​នេះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​គំរូ​ជា​ច្រើន​ក្នុង​គម្ពីរ​អំពី​ជំនឿ។ គំរូ​ទាំង​នេះ​«​បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង​»។ (​រ៉ូម ១៥:៤​) គំរូ​របស់​អាប្រាហាំ សារ៉ា អ៊ីសាក យ៉ាកុប ម៉ូសេ រ៉ាហាប គេឌាន បារ៉ាក់ និង​បុគ្គល​ជា​ច្រើន​នាក់​ទៀត អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ពង្រឹង​ជំនឿ​របស់​យើង។ (​ហេប្រឺ ១១:៣២​-​៣៥​) ក្រៅ​ពី​គំរូ​នៅ​អតីតកាល យើង​ក៏​មាន​គំរូ​ដ៏​អស្ចារ្យ​អំពី​ជំនឿ​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរa (​សូម​មើល​កំណត់​សម្គាល់​)។

យើង​មាន​គំរូ​ដ៏​អស្ចារ្យ​អំពី​ជំនឿ​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ

៥​. តើ​តាម​របៀប​ណា​អេលីយ៉ា​បាន​បង្ហាញ​ថា​គាត់​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី?

៥ គំរូ​មួយ​ពី​គម្ពីរ​គឺ​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា។ ពេល​អ្នក​រំពឹង​គិត​អំពី​គំរូ​របស់​គាត់ សូម​កត់​សម្គាល់​ស្ថានភាព​ប្រាំ​យ៉ាង​ដែល​គាត់​បាន​បង្ហាញ​ថា​គាត់​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង។ (​១​) ពេល​អេលីយ៉ា​បាន​ប្រាប់​ស្តេច​អ័ហាប់​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត អេលីយ៉ា​បាន​និយាយ​ដោយ​ជឿ​ជាក់​ថា​៖ ​«​ទូល​បង្គំ​ស្បថ​ដោយ​នូវ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដ៏​មាន​ព្រះ​ជន្ម​រស់ ដែល​ទូល​បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ​នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ​»។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៧:១​) (​២​) អេលីយ៉ា​បាន​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​គាត់​និង​អ្នក​ឯ​ទៀត​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ក្នុង​អំឡុង​ពេល​មាន​គ្រោះ​រាំង​ស្ងួត។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៧:៤, ៥, ១៣, ១៤​) (​៣​) អេលីយ៉ា​ក៏​មាន​ទំនុក​ចិត្ត​ដែរ​ថា​ព្រះ​យេហូវ៉ា​អាច​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេ​ម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៧:២១​) (​៤​) ដោយ​គ្មាន​ការ​សង្ស័យ​សោះ គាត់​បាន​ជឿ​ថា​ភ្លើង​ពី​ព្រះ​យេហូវ៉ា​នឹង​បញ្ឆេះ​គ្រឿង​បូជា​របស់​គាត់​នៅ​លើ​ភ្នំ​កើមែល។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៨:២៤, ៣៧​) (​៥​) សូម្បី​តែ​មុន​ភ្លៀង​បាន​ចាប់​ផ្ដើម​ធ្លាក់ អេលីយ៉ា​បាន​ប្រាប់​អ័ហាប់​ដោយ​មាន​ទំនុក​ចិត្ត​ថា​៖ ​«​សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះ​ស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ​»។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៨:៤១​) ដូច្នេះ ក្រោយ​ពី​ពិចារណា​បទ​ពិសោធន៍​ទាំង​នេះ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ជំនឿ​របស់​ខ្ញុំ​មាំ​មួន​ដូច​អេលីយ៉ា​ឬ​ទេ?›។

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង?

៦​. ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង តើ​យើង​ត្រូវ​ការ​អ្វី​ពី​ព្រះ​យេហូវ៉ា?

៦ យើង​មិន​អាច​ពង្រឹង​ជំនឿ​របស់​យើង​ដោយ​ខ្លួន​យើង​បាន​ទេ ដូច្នេះ​យើង​ត្រូវ​សុំ​សកម្មពល​បរិសុទ្ធ​ពី​ព្រះ។ ហេតុ​អ្វី? ដោយ​សារ​ជំនឿ​គឺ​ជា​លក្ខណៈ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ។ (​កាឡាទី ៥:២២​) គឺ​ជា​ការ​ឈ្លាស​វៃ​ដែល​យើង​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​យើង​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ​ថែម​ទៀត។ លោក​យេស៊ូបាន​សន្យា​ថា​ព្រះ​យេហូវ៉ា​នឹង​«​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​»។—លូកា ១១:១៣

គឺ​ជា​ការ​ឈ្លាស​វៃ​ដែល​យើង​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​យើង​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ​ថែម​ទៀត

៧​. សូម​រៀប​រាប់​អំពី​របៀប​ដែល​យើង​អាច​រក្សា​ជំនឿ​របស់​យើង​ឲ្យ​មាំ​មួន។

៧ ពេល​យើង​មាន​ជំនឿ​មាំ​មួន​លើ​ព្រះ យើង​ត្រូវ​រក្សា​ជំនឿ​នោះ។ យើង​អាច​ប្រៀប​ប្រដូច​ជំនឿ​របស់​យើង​ទៅ​នឹង​ភ្លើង។ ពេល​យើង​បញ្ឆេះ​ភ្លើង អណ្ដាត​ភ្លើង​អាច​ឆាប​ឆេះ​យ៉ាង​ខ្លាំង។ ប៉ុន្តែ បើ​យើង​មិន​បន្ថែម​ឧស​ទេ នៅ​ទី​បំផុត​ភ្លើង​នោះ​នឹង​រលត់ ហើយ​ក្លាយ​ទៅ​ជា​ផេះ​ដែល​គ្មាន​កម្ដៅ។ ផ្ទុយ​ទៅ​វិញ បើ​យើង​បន្ថែម​ឧស​ជា​ទៀង​ទាត់ យើង​អាច​ធ្វើ​ឲ្យ​ភ្លើង​នោះ​បន្ត​ឆេះ។ ជំនឿ​របស់​យើង​គឺ​ដូច​គ្នា។ បើ​យើង​បន្ត​អាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គម្ពីរ​និង​ព្រះ​យេហូវ៉ា​នឹង​បន្ត​កើន​ឡើង។ ជា​លទ្ធផល យើង​នឹង​រក្សា​និង​ពង្រឹង​ជំនឿ​របស់​យើង។

៨​. តើ​អ្វី​នឹង​ជួយ​អ្នក​ពង្រឹង​និង​រក្សា​ជំនឿ​របស់​អ្នក?

៨ អ្នក​មិន​ត្រូវ​ស្កប់​ចិត្ត​តែ​នឹង​អ្វី​ដែល​អ្នក​បាន​រៀន​មុន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​ប៉ុណ្ណោះ​ទេ។ (​ហេប្រឺ ៦:១, ២​) ជា​ឧទាហរណ៍ ការ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​ដែល​បាន​សម្រេច​រួច​ហើយ​នឹង​ជួយ​អ្នក​ពង្រឹង​និង​រក្សា​ជំនឿ​របស់​អ្នក។ អ្នក​ក៏​អាច​ប្រើ​បណ្ដាំ​របស់​ព្រះ​ដែរ​ដើម្បី​ពិនិត្យ​មើល​ថា​ជំនឿ​របស់​អ្នក​គឺ​មាំ​មួន​ឬ​យ៉ាង​ណា។—សូម​អាន យ៉ាកុប ១:២៥; ២:២៤, ២៦

៩, ១០​. តើ​តាម​របៀប​ណា​ជំនឿ​របស់​យើង​បាន​ត្រូវ​ពង្រឹង​ដោយ (​ក​) មិត្ត​ភក្ដិ​ល្អ? (​ខ​) កិច្ច​ប្រជុំ? (​គ​) កិច្ច​ផ្សព្វ​ផ្សាយ?

៩ សាវ័ក​ប៉ូល​បាន​និយាយ​ថា​គ្រិស្ត​សាសនិក​អាច‹លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​របស់​ពួក​គេ›។ (​រ៉ូម ១:១២​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? យើង​អាច​ពង្រឹង​ជំនឿ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​យើង​ចំណាយ​ពេល​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង ជា​ពិសេស​ពេល​យើង​ចំណាយ​ពេល​ជា​មួយ​នឹង​អ្នក​ដែល​មាន​ជំនឿ​ដែល​បាន​ត្រូវ​«​សាកល្បង​»។ (​យ៉ាកុប ១:៣​) មិត្ត​ភក្ដិ​អាក្រក់​បង្ខូច​ជំនឿ​របស់​យើង ប៉ុន្តែ មិត្ត​ភក្ដិ​ល្អ​ពង្រឹង​ជំនឿ​របស់​យើង​វិញ។ (​កូរិនថូស​ទី១ ១៥:៣៣​) នេះ​ជា​មូលហេតុ​ដែល​យើង​ទទួល​ឱវាទ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ នៅ​កិច្ច​ប្រជុំ យើង​អាច​បន្ត​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​សូម​អាន ហេប្រឺ ១០:២៤, ២៥​) បន្ថែម​ទៅ​ទៀត ការ​ណែនាំ​ដែល​យើង​ទទួល​នៅ​កិច្ច​ប្រជុំ​ពង្រឹង​ជំនឿ​របស់​យើង។ គម្ពីរ​ចែង​ថា​៖ ​«​ក្រោយ​ពី​ឮ​បណ្ដាំ ទើប​មាន​ជំនឿ​»។ (​រ៉ូម ១០:១៧​) ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹ក្នុង​ជីវិត​របស់​ខ្ញុំ​ជា​គ្រិស្ត​សាសនិក តើ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​ឬ​ទេ?›។

១០ យើង​ក៏​ពង្រឹង​ជំនឿ​របស់​យើង​ដែរ​នៅ​ពេល​យើង​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ដំណឹង​ល្អ​អំពី​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ ដូច​គ្រិស្ត​សាសនិក​សម័យ​ដើម យើង​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​និយាយ​ដោយ​ចិត្ត​ក្លាហាន ទោះ​ជា​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។—សកម្មភាព ៤:១៧​-​២០; ១៣:៤៦

១១​. ហេតុ​អ្វី​កាលែប​និង​យ៉ូស្វេ​មាន​ជំនឿ​មាំ​មួន ហើយ​តើ​តាម​របៀប​ណា​យើង​អាច​មាន​ជំនឿ​ដូច​ពួក​គាត់?

១១ ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​កាន់​តែ​មាំ​មួន​ឡើង​ពេល​យើង​ឃើញ​របៀប​ដែល​លោក​ជួយ​យើង​និង​របៀប​ដែល​លោក​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ដល់​កាលែប​និង​យ៉ូស្វេ។ ពួក​គាត់​បាន​បង្ហាញ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ពេល​ពួក​គាត់​ស៊ើបការណ៍​នៅ​ស្រុក​ដែល​លោក​បាន​សន្យា។ កាល​ដែល​ពេល​វេលា​បាន​កន្លងទៅ រាល់​លើក​ដែល​ពួក​គាត់​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គាត់ ជំនឿ​របស់​ពួក​គាត់​បាន​មាំ​មួន​ជាង។ យ៉ូស្វេ​អាច​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ​»។ ក្រោយ​មក​គាត់​បាន​និយាយ​ថា​៖ ​«​ដូច្នេះ ឥឡូវ​នេះ​ចូរ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះ​ត្រង់​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​អញ​នឹង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ​»។ (​យ៉ូស្វេ ២៣:១៤; ២៤:១៤, ១៥​) ពេល​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ឃើញ​របៀប​ដែល​លោក​ជួយ​ខ្លួន​យើង​ផ្ទាល់ ជំនឿ​របស់​យើង​នឹង​កាន់​តែ​មាំ​មួន។—ទំនុក​តម្កើង ៣៤:៨

របៀប​ដែល​យើង​អាច​បង្ហាញ​ជំនឿ

១២​. តើ​តាម​របៀប​ណា​យើង​បង្ហាញ​ថា​យើង​មាន​ជំនឿ​មាំ​មួន?

១២ តើ​តាម​របៀប​ណា​យើង​បង្ហាញ​ថា​យើង​មាន​ជំនឿ​មាំ​មួន? យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់​ខ្ញុំ​ឲ្យ​អ្នក​ឃើញ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​»។ (​យ៉ាកុប ២:១៨​) ការ​ប្រព្រឹត្ត​របស់​យើង​បង្ហាញ​ថា​យើង​មាន​ជំនឿ​មាំ​មួន។ តើ​តាម​របៀប​ណា? សូម​ឲ្យ​យើង​ពិចារណា​អំពី​រឿង​នេះ។

១៣​. តើ​តាម​របៀប​ណា​យើង​បង្ហាញ​ជំនឿ​របស់​យើង​ពេល​យើង​ផ្សព្វ​ផ្សាយ?

១៣ កិច្ច​ផ្សព្វ​ផ្សាយ​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ជំនឿ​របស់​យើង។ ហេតុ​អ្វី? ពី​ព្រោះ​ពេល​យើង​ផ្សព្វ​ផ្សាយ យើង​បង្ហាញ​ថា​យើង​ជឿ​ថា​ទី​បញ្ចប់​គឺ​ជិត​មក​ដល់ ហើយ​ថា​ទី​បញ្ចប់​នោះ​នឹង​មក​ដោយ​«​ឥត​រា​រង់​ឡើយ!​»។ (​ហាបាគុក ២:៣​) ដើម្បី​ដឹង​ថា​ជំនឿ​របស់​យើង​គឺ​មាំ​មួន​ឬ​យ៉ាង​ណា យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​កិច្ច​ផ្សព្វ​ផ្សាយ​គឺ​សំខាន់​យ៉ាង​ណា​ចំពោះ​ខ្ញុំ? តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​ឬ​ទេ? តើ​ខ្ញុំ​ស្វែង​រក​របៀប​ផ្សេង​ៗ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​ឬ​ទេ?›។ (​កូរិនថូស​ទី២ ១៣:៥​) យើង​បង្ហាញ​ថា​ជំនឿ​របស់​យើង​មាំ​មួនដល់​កម្រិត​ណា ដោយ‹ប្រកាស​ជា​សាធារណៈ​អំពី​ជំនឿ​នោះ ដើម្បី​ឲ្យ​គេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ› ពោល​គឺ​ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។—សូម​អាន រ៉ូម ១០:១០

១៤, ១៥​. (​ក​) តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ជំនឿ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង? (​ខ​) សូម​លើក​បទ​ពិសោធន៍​មួយ​របស់​បុគ្គល​ដែល​បាន​បង្ហាញ​ជំនឿ​មាំ​មួន។

១៤ យើង​ក៏​បង្ហាញ​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែរ​ពេល​យើង​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ក្នុង​ជីវិត​នៅ​ពិភព​លោក​នេះ។ ពេល​យើង​ឈឺ ធ្លាក់​ទឹក​ចិត្ត មាន​ជំងឺ​ផ្លូវ​ចិត្ត ក្រី​ក្រ ឬ​មាន​បញ្ហា​ផ្សេង​ទៀត យើង​ត្រូវ​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ជួយ​យើង​«​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ​»។ (​ហេប្រឺ ៤:១៦​) យើង​បង្ហាញ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ពេល​យើង​សុំ​លោក​ជួយ​យើង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​«​អាហារ​ឲ្យ​យើង​សម្រាប់​ថ្ងៃ​នេះ តាម​សេចក្ដី​ត្រូវ​ការ​របស់​យើង​នៅ​ថ្ងៃ​នេះ​»។ (​លូកា ១១:៣​) កំណត់​ហេតុ​ក្នុង​គម្ពីរ​ជា​ទី​សំអាង​ថា​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ណា​ក៏​ដោយ​ដែល​យើង​ត្រូវ​ការ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​គ្រា​ដែល​មាន​គ្រោះ​រាំង​ស្ងួត​នៅ​ស្រុក​អ៊ីស្រាអែល ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អាហារ​និង​ទឹក​ឲ្យ​អេលីយ៉ា។ គម្ពីរ​ចែង​ថា​៖ ​«​រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​ពាំ​នំ​ប៉័ង​នឹង​សាច់​មក​ជូន​លោក លោក​ក៏​ផឹក​ទឹក​ពី​ជ្រោះ​»។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៧:៣​-​៦​) យើង​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​ក៏​អាច​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដែរ។

១៥ យើង​ជឿ​ជាក់​ថា​ពេល​យើង​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ យើង​នឹង​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​យើង។ នៅ​ទ្វីប​អាស៊ី បង​ស្រី​រេបិកា​ដែល​បាន​រៀប​ការ​ហើយ ពន្យល់​អំពី​របៀប​ដែល​នាង​និង​ក្រុម​គ្រួសារ​របស់​នាងបាន​ធ្វើ​តាម​គោល​ការណ៍​នៅ​ម៉ាថាយ ៦:៣៣​និង​សុភាសិត ១០:៤។ នាង​និយាយ​ថា​ប្ដី​របស់​នាង​គិត​ថា​ការ​ងារ​របស់​គាត់​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​ពួក​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ដូច្នេះ គាត់​បាន​លា​ឈប់​ពី​ការ​ងារ​នោះ។ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ចិញ្ចឹម​កូន​បួន​នាក់ ដូច្នេះ​ពួក​គាត់​ចាប់​ផ្ដើម​ធ្វើ​បង្អែម​លក់។ លទ្ធផល​នៃ​ការ​ខំ​ប្រឹង​របស់​ពួក​គាត់ គឺ​ពួក​គាត់​តែង​តែ​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ។ នាង​និយាយ​ថា​៖ ​«​យើង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​យើង​ទេ។ យើង​មិន​ដែល​ដាច់​បាយ​មួយ​ពេល​ណា​ឡើយ​»។ តើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​បែប​នេះ​ដែល​បាន​ពង្រឹង​ជំនឿ​របស់​អ្នក​ឬ​ទេ?

យើង​ជឿ​ជាក់​ថា​ពេល​យើង​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ យើង​នឹង​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​យើង

១៦​. តើ​អ្វី​នឹង​កើត​ឡើង​បើ​យើង​ទុក​ចិត្ត​លើ​ព្រះ?

១៦ យើង​អាច​ប្រាកដ​ថា​បើ​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា លោក​នឹង​ជួយ​យើង។ ប៉ូល​បាន​ដក​ស្រង់​ពាក្យ​របស់​ហាបាគុក​ពេល​គាត់​បាន​និយាយ​ថា​៖ ​«​មនុស្ស​សុចរិត​នឹង​រស់​ដោយ​សារ​ជំនឿ​»។ (​កាឡាទី ៣:១១; ហាបាគុក ២:៤​) នេះ​ជា​មូលហេតុ​ដែល​យើង​គួរ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​លោក​ដែល​ពិត​ជា​អាច​ជួយ​យើង។ ប៉ូល​រំលឹក​យើង​ថា​ព្រះ​គឺ​ជា​អ្នក​«​ដែល​អាច​ធ្វើ​ហួស​ពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​សុំ​ឬ​គិត​ឃើញ ដោយ​ឫទ្ធានុភាព​របស់​លោក​ដែល​កំពុង​មាន​សកម្មភាព​ក្នុង​យើង​»។ (​អេភេសូរ ៣:២០​) អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ប៉ុន្តែ​ពួក​គេ​ក៏​ដឹង​ដែរ​ថា​សមត្ថភាព​របស់​ពួក​គេ​មាន​កម្រិត។ យើង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ព្រះ​នៅ​ជា​មួយ​នឹង​យើង ហើយ​ថា​លោក​កំពុង​ផ្ដល់​ពរ​លើ​ការ​ខំ​ព្យាយាម​របស់​យើង។

សំណូម​ពរ​ឲ្យ​មាន​ជំនឿ​បាន​ត្រូវ​ធ្វើ​តាម

១៧​. (​ក​) តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​សាវ័ក? (​ខ​) ហេតុ​អ្វី​យើង​អាច​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​យើង​ដែល​សុំ​ឲ្យ​មាន​ជំនឿ​ថែម​ទៀត?

១៧ អ្វី​ដែល​យើង​បាន​ពិចារណា ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ដូច​ពួក​សាវ័ក​ធ្លាប់​មាន​ពេល​ពួក​គាត់​បាន​សុំ​លោក​យេស៊ូ​ថា​៖ ​«​សូម​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត​»។ (​លូកា ១៧:៥​) លោក​យេស៊ូ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​សាវ័ក​តាម​របៀប​ដ៏​ពិសេស​មួយ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣ គ.ស. ពេល​ពួក​គាត់​បាន​ទទួល​សកម្មពល​បរិសុទ្ធ ហើយ​បាន​យល់​អំពី​គោល​បំណង​របស់​ព្រះ​កាន់​តែ​ជ្រាល​ជ្រៅ។ នេះ​បាន​ពង្រឹង​ជំនឿ​របស់​ពួក​គាត់។ តើ​នេះ​មាន​លទ្ធផល​យ៉ាង​ណា? ពួក​គាត់​បាន​ចាប់​ផ្ដើម​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​មុន​ពេល​នោះ។ (​កូឡុស ១:២៣​) តើ​យើង​អាច​រំពឹង​ថា​ព្រះ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​យើង​ដែល​សុំ​ឲ្យ​មាន​ជំនឿ​ថែម​ទៀត​ឬ​ទេ? ព្រះ​យេហូវ៉ា​សន្យា​នឹង​យើង​ថា​យើង​អាច​រំពឹង​ដូច្នេះ​បាន ពេល​យើង​អធិដ្ឋាន​សុំ​អ្វី​ៗ​«​ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​»។—យ៉ូហាន​ទី១ ៥:១៤

១៨​. តើ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​យ៉ាង​ណា​ដល់​ពួក​អ្នក​ដែល​ពង្រឹង​ជំនឿ​របស់​ខ្លួន?

១៨ ពេល​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង លោក​នឹង​ពេញ​ចិត្ត​យើង។ លោក​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​យើង​ដែល​សុំ​ឲ្យ​មាន​ជំនឿ​ថែម​ទៀត ជំនឿ​របស់​យើង​នឹង​កាន់​តែ​មាំ​មួន ហើយ​យើង​នឹង​ទៅ​ជា​«​អ្នក​ដែល​សម​នឹង​ទទួល​រាជាណាចក្រ​នៃ​ព្រះ​»។—ថែស្សាឡូនិច​ទី២ ១:៣, ៥

a ដើម្បី​អាន​គំរូ​របស់​បង​ប្អូន​ខ្លះ សូម​មើល​សៀវភៅ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ! ជំពូក​១៤ វគ្គ​១២​-​២១, ជំពូក​១៥ វគ្គ​៩​-​១១ និង​វគ្គ​១៦, ១៧។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • យើង​ពង្រឹង​ជំនឿ​របស់​យើង​ដោយ​សុំ​សកម្មពល​បរិសុទ្ធ អាន​និង​សិក្សា​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ចូល​រួម​កិច្ច​ប្រជុំ ចំណាយ​ពេល​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង និង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក