«ចូរកាន់ជំហរមាំមួនក្នុងជំនឿ»
«ចូរកាន់ជំហរមាំមួនក្នុងជំនឿ . . . ចូរមានកម្លាំងខ្លាំងក្លាឡើង»។—កូរិនថូសទី១ ១៦:១៣
១. (ក) តើអ្វីបានកើតឡើងដល់ពេត្រុស ពេលមានខ្យល់ព្យុះនៅសមុទ្រកាលីឡេ? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) ហេតុអ្វីពេត្រុសចាប់ផ្ដើមលិចទៅក្នុងទឹក?
នៅយប់មួយ សាវ័កពេត្រុសនិងពួកអ្នកកាន់តាមខ្លះរបស់លោកខំប្រឹងអុំទូកយ៉ាងលំបាកឆ្លងសមុទ្រកាលីឡេពេលកំពុងមានខ្យល់ព្យុះ។ រំពេចនោះ ពួកគាត់បានឃើញលោកយេស៊ូកំពុងដើរលើសមុទ្រ។ ពេត្រុសបានស្រែកហៅលោកយេស៊ូ ហើយបានសួរឲ្យដឹងថាគាត់អាចដើរលើទឹកទៅរកលោកបានឬទេ។ ពេលលោកយេស៊ូប្រាប់គាត់ឲ្យដើរមកលោក ពេត្រុសចុះពីទូក ហើយចាប់ផ្ដើមដើរទៅរកលោក។ ប៉ុន្តែ មិនយូរក្រោយមក ពេត្រុសចាប់ផ្ដើមលិចទៅក្នុងទឹក។ ហេតុអ្វី? ពីព្រោះគាត់បានមើលទៅខ្យល់ព្យុះនិងរលក ហើយក៏បានភ័យខ្លាច។ ពេត្រុសបានស្រែកឲ្យលោកយេស៊ូជួយ ហើយលោកក៏លូកដៃយ៉ាងលឿនទៅចាប់គាត់ រួចមានប្រសាសន៍ថា៖ «អ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាចាប់ផ្ដើមសង្ស័យ?»។—ម៉ាថាយ ១៤:២៤-៣២
២. តើឥឡូវនេះយើងនឹងពិចារណាអំពីអ្វីខ្លះ?
២ ស្តីអំពីជំនឿ យើងនឹងពិចារណាអ្វីបីយ៉ាងដែលយើងអាចរៀនពីបទពិសោធន៍របស់ពេត្រុសគឺ៖ (១) របៀបដែលពេត្រុសបានទុកចិត្តនៅដើមដំបូងថាព្រះយេហូវ៉ាអាចជួយគាត់ (២) មូលហេតុដែលជំនឿរបស់ពេត្រុសបានចាប់ផ្ដើមចុះខ្សោយ និង (៣) អ្វីដែលបានជួយពេត្រុសឲ្យមានជំនឿឡើងវិញ។ ការពិចារណាអំពីចំណុចទាំងនេះអាចជួយយើងឲ្យដឹងអំពីរបៀបដែលយើងអាច«កាន់ជំហរមាំមួនក្នុងជំនឿ»។—កូរិនថូសទី១ ១៦:១៣
ចូរមានជំនឿថាព្រះនឹងជួយយើង
៣. ហេតុអ្វីពេត្រុសបានចេញពីទូក ហើយតើតាមរបៀបណាយើងបានធ្វើអ្វីមួយដែលស្រដៀងគ្នានេះ?
៣ ពេត្រុសមានជំនឿមាំមួន។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ពេលលោកយេស៊ូបានហៅពេត្រុស គាត់បានចេញពីទូក ហើយដើរលើទឹក។ គាត់បានទុកចិត្តថាឫទ្ធានុភាពរបស់ព្រះនឹងឲ្យគាត់មានសមត្ថភាពដើរលើទឹកដូចបានធ្វើចំពោះលោកយេស៊ូ។ ស្រដៀងគ្នាដែរ ពេលលោកយេស៊ូបានអញ្ជើញយើងឲ្យទៅតាមលោក យើងបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយបានទទួលការជ្រមុជទឹក។ ហេតុអ្វី? ដោយសារយើងមានជំនឿលើព្រះយេហូវ៉ានិងលោកយេស៊ូ និងដោយសារយើងបានទុកចិត្តថាលោកទាំងពីរនឹងជួយយើង។—យ៉ូហាន ១៤:១; សូមអាន ពេត្រុសទី១ ២:២១
ជំនឿរបស់ពេត្រុសបានឲ្យគាត់នូវសមត្ថភាពធ្វើអ្វីដែលមើលទៅមនុស្សមិនអាចធ្វើបានឡើយ
៤, ៥. ហេតុអ្វីជំនឿគឺជាអ្វីដែលមានតម្លៃ?
៤ ជំនឿគឺជាអ្វីមួយដែលមានតម្លៃ។ ជំនឿរបស់ពេត្រុសបានឲ្យគាត់នូវសមត្ថភាពដើរលើទឹក ជាអ្វីមួយដែលមើលទៅមនុស្សមិនអាចធ្វើបានឡើយ។ ជំនឿក៏អាចជួយយើងឲ្យធ្វើអ្វីដែលមើលទៅមិនអាចធ្វើបានដែរ។ (ម៉ាថាយ ២១:២១, ២២) ពួកយើងខ្លះបានកែប្រែចិត្តគំនិតនិងការប្រព្រឹត្តច្រើនដល់ម្ល៉េះបានជាមនុស្សដែលធ្លាប់ស្គាល់យើងពីមុន មើលយើងលែងស្គាល់ទៀត។ យើងបានធ្វើការកែប្រែទាំងនេះ ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា និងដោយសារលោកបានជួយយើងធ្វើដូច្នេះ។ (សូមអាន កូឡុស ៣:៥-១០) ជំនឿបានជំរុញចិត្តយើងឲ្យប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយយើងបានទៅជាមិត្តរបស់លោក ជាអ្វីដែលយើងមិនអាចធ្វើបានឡើយ បើគ្មានជំនួយពីលោក។—អេភេសូរ ២:៨
៥ ជំនឿរបស់យើងធ្វើឲ្យយើងមាំមួន។ ជាឧទាហរណ៍ ជំនឿជួយយើងប្រយុទ្ធប្រឆាំងការវាយប្រហាររបស់មេកំណាចដែលជាសត្រូវដ៏ខ្លាំងក្លារបស់យើង។ (អេភេសូរ ៦:១៦) ម្យ៉ាងទៀត ដោយសារយើងទុកចិត្តព្រះយេហូវ៉ា យើងមិនចាំបាច់បារម្ភច្រើនទេ ពេលយើងមានបញ្ហា។ បើយើងមានជំនឿលើលោក ហើយចាត់ទុករាជាណាចក្ររបស់លោកជាអ្វីដែលសំខាន់បំផុត ព្រះយេហូវ៉ាបានសន្យាថាលោកនឹងផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការ។ (ម៉ាថាយ ៦:៣០-៣៤) មិនត្រឹមតែប៉ុណ្ណោះ ដោយសារយើងមានជំនឿ នោះព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនូវជីវិតដែលគ្មានទីបញ្ចប់ ដែលជាអំណោយដ៏អស្ចារ្យ។—យ៉ូហាន ៣:១៦
បើយើងលែងផ្ចង់អារម្មណ៍ នោះអាចនាំឲ្យយើងលែងមានជំនឿ
៦, ៧. (ក) តើយើងអាចប្រៀបប្រដូចខ្យល់និងរលកសមុទ្រដែលធ្វើឲ្យពេត្រុសភ័យខ្លាចទៅនឹងអ្វី? (ខ) ហេតុអ្វីយើងត្រូវយល់ថាជំនឿរបស់យើងអាចបាត់បង់?
៦ កាលដែលពេត្រុសដើរលើទឹកសមុទ្រកាលីឡេ គាត់បានចាប់ផ្ដើមភ័យខ្លាច។ ហេតុអ្វី? ដោយសារខ្យល់និងរលកសមុទ្រ។ យើងអាចប្រៀបប្រដូចអ្វីទាំងនេះទៅនឹងទុក្ខលំបាកនិងការល្បួងជាច្រើនដែលគ្រិស្តសាសនិកជួបប្រទះនៅសព្វថ្ងៃនេះ។ ទោះជាបញ្ហាទាំងនេះគឺពិបាកខ្លាំងក៏ដោយ យើងអាចកាន់ជំហរមាំមួនបានដោយមានជំនួយពីព្រះយេហូវ៉ា។ ប៉ុន្តែ សូមចាំអំពីអ្វីដែលបានកើតឡើងដល់ពេត្រុស។ គាត់មិនបានលិចទៅក្នុងទឹកដោយសារខ្យល់និងរលកសមុទ្របក់បោកមកលើគាត់ទេ។ ផ្ទុយទៅវិញ គម្ពីរចែងថា៖ «ដោយមើលទៅខ្យល់ព្យុះ គាត់ក៏បានភ័យខ្លាច»។ (ម៉ាថាយ ១៤:៣០) ពេត្រុសបានឈប់មើលទៅលោកយេស៊ូ ហើយបានផ្ចង់អារម្មណ៍ទៅលើកម្លាំងខ្យល់ព្យុះទៅវិញ។ បន្ទាប់មក ជំនឿរបស់គាត់បានចាប់ផ្ដើមចុះខ្សោយ។ ស្រដៀងគ្នាដែរ បើយើងផ្ចង់អារម្មណ៍ទៅលើបញ្ហារបស់យើង យើងអាចចាប់ផ្ដើមសង្ស័យថាព្រះយេហូវ៉ានឹងមិនជួយយើងទេ។
បើយើងផ្ចង់អារម្មណ៍ទៅលើអ្វីដែលខុស ជំនឿរបស់យើងអាចចុះខ្សោយយ៉ាងឆាប់រហ័ស
៧ យើងត្រូវយល់ថាជំនឿរបស់យើងអាចបាត់បង់។ ហេតុអ្វី? ពីព្រោះគម្ពីរចែងថាការបាត់បង់ជំនឿគឺជា«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ»។ (ហេប្រឺ ១២:១) ដូចពេត្រុសដែរ បើយើងផ្ចង់អារម្មណ៍ទៅលើអ្វីដែលខុស ជំនឿរបស់យើងអាចចុះខ្សោយយ៉ាងឆាប់រហ័ស។ ដូច្នេះ តើតាមរបៀបណាយើងដឹងថាជំនឿរបស់យើងកំពុងចុះខ្សោយ? សំណួរបន្តបន្ទាប់នេះនឹងជួយយើងពិចារណាអំពីខ្លួនយើង។
៨. តើតាមរបៀបណាសេចក្ដីសន្យារបស់ព្រះអាចមើលទៅមិនសូវពិតប្រាកដចំពោះយើងដូចពីមុន?
៨ តើឥឡូវនេះសេចក្ដីសន្យារបស់ព្រះគឺពិតប្រាកដចំពោះខ្ញុំដូចពីមុនឬទេ? ជាឧទាហរណ៍ ព្រះបានសន្យាថានឹងបំផ្លាញពិភពលោករបស់សាថាន។ ប៉ុន្តែ តើការកម្សាន្តជាច្រើនប្រភេទក្នុងពិភពលោកនេះបំបែរអារម្មណ៍យើងឬទេ? បើដូច្នេះ យើងប្រហែលជាចាប់ផ្ដើមសង្ស័យថាទីបញ្ចប់មិនមែនជិតមកដល់ទេ។ (ហាបាគុក ២:៣) សូមគិតអំពីឧទាហរណ៍មួយទៀត។ ព្រះយេហូវ៉ាបានផ្ដល់ថ្លៃលោះ ហើយលោកបានសន្យាថាលោកនឹងអភ័យទោសចំពោះកំហុសរបស់យើង។ ប៉ុន្តែ បើយើងបន្តផ្ចង់អារម្មណ៍ទៅលើកំហុសដែលយើងបានធ្វើនៅអតីតកាល យើងប្រហែលជាចាប់ផ្ដើមសង្ស័យថាព្រះយេហូវ៉ាមិនបានអភ័យទោសឲ្យយើងឡើយ។ (សកម្មភាព ៣:១៩) ជាលទ្ធផល យើងអាចលែងមានអំណរក្នុងកិច្ចបម្រើព្រះ ហើយឈប់ផ្សព្វផ្សាយដល់អ្នកឯទៀត។
៩. តើអ្វីអាចកើតឡើង បើយើងចាប់ផ្ដើមផ្ចង់អារម្មណ៍ច្រើនជាងទៅលើកិច្ចការដែលយើងចូលចិត្តធ្វើ?
៩ តើខ្ញុំនៅតែបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពឬទេ? ពេលយើងខំប្រឹងបម្រើព្រះយេហូវ៉ា នេះជួយយើងផ្ចង់អារម្មណ៍ទៅលើសេចក្ដីសង្ឃឹមចំពោះអនាគត។ ប៉ុន្តែ ចុះយ៉ាងណាបើយើងចាប់ផ្ដើមផ្ចង់អារម្មណ៍ច្រើនជាងទៅលើកិច្ចការដែលយើងចូលចិត្តធ្វើ? ជាឧទាហរណ៍ យើងប្រហែលជាព្រមធ្វើការងារដែលបានប្រាក់ខែច្រើន ប៉ុន្តែការងារនោះប៉ះពាល់ដល់កិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា។ នេះអាចធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ ហើយយើងអាច«ក្លាយទៅជាមនុស្សខ្ជិល»ដោយមិនបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពរបស់យើងទេ។—ហេប្រឺ ៦:១០-១២
ពួកអ្នកកាន់តាមលោកយេស៊ូបានរៀនថាដើម្បីអភ័យទោសឲ្យអ្នកឯទៀត ពួកគេត្រូវមានជំនឿ
១០. ហេតុអ្វីពេលយើងអភ័យទោសឲ្យអ្នកឯទៀត យើងបង្ហាញជំនឿលើព្រះយេហូវ៉ា?
១០ តើខ្ញុំពិបាកអភ័យទោសឲ្យអ្នកឯទៀតឬទេ? ពេលអ្នកឯទៀតធ្វើឲ្យយើងមិនសប្បាយចិត្តឬឈឺចិត្ត តើយើងចង់ស្តីឲ្យពួកគេ ឬចង់ឈប់និយាយជាមួយនឹងពួកគេឬទេ? បើដូច្នេះ យើងប្រហែលជាគិតច្រើនពេកអំពីអារម្មណ៍របស់យើង។ យើងបង្ហាញជំនឿលើព្រះយេហូវ៉ា ពេលយើងអភ័យទោសឲ្យអ្នកឯទៀត។ ហេតុអ្វីដូច្នេះ? បើបុគ្គលណាម្នាក់ធ្វើខុសនឹងយើង បុគ្គលនោះជំពាក់បំណុលយើង។ ពេលយើងធ្វើខុសនឹងព្រះយេហូវ៉ា យើងជំពាក់បំណុលលោកដែរ។ (លូកា ១១:៤) ដូច្នេះ ពេលយើងអភ័យទោសឲ្យអ្នកឯទៀត យើងទុកចិត្តព្រះយេហូវ៉ា។ យើងទុកចិត្តថាលោកនឹងឲ្យពរយើង ដោយសារយើងមានចិត្តគំនិតបែបនេះ ហើយពររបស់លោកមានតម្លៃច្រើនជាងការឲ្យបុគ្គលណាម្នាក់សងនូវអ្វីដែលគាត់បានធ្វើចំពោះយើង។ ពួកអ្នកកាន់តាមលោកយេស៊ូបានរៀនថាដើម្បីអភ័យទោសឲ្យអ្នកឯទៀត ពួកគេត្រូវមានជំនឿ។ ពេលលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យអភ័យទោសអ្នកឯទៀត សូម្បីតែពួកអ្នកដែលបានធ្វើខុសនឹងពួកគេជាច្រើនដង នោះពួកគេបានអង្វរសុំលោកថា៖ «សូមផ្ដល់ជំនឿមកយើងថែមទៀត»។—លូកា ១៧:១-៥
១១. ហេតុអ្វីយើងអាចបាត់បង់ឱកាសដើម្បីរៀនពីឱវាទដែលយើងទទួល?
១១ ពេលគេឲ្យឱវាទពីគម្ពីរដល់ខ្ញុំ តើខ្ញុំអាក់អន់ចិត្តឬទេ? ចូរស្វែងរកវិធីផ្សេងៗដើម្បីទទួលប្រយោជន៍ពីឱវាទនោះ ជាជាងរកកំហុសនៅក្នុងឱវាទនោះ ឬរកចំណុចខ្សោយរបស់អ្នកដែលឲ្យឱវាទ។ (សុភាសិត ១៩:២០) សូមកុំបាត់បង់ឱកាសដើម្បីរៀនឲ្យកាន់តែមានទស្សនៈដូចព្រះយេហូវ៉ា!
១២. បើបុគ្គលម្នាក់តែងតែត្អូញត្អែរអំពីពួកអ្នកនាំមុខ តើនេះអាចបង្ហាញអំពីអ្វី?
១២ តើខ្ញុំត្អូញត្អែរអំពីពួកអ្នកនាំមុខក្នុងក្រុមជំនុំឬទេ? ពេលជនជាតិអ៊ីស្រាអែលផ្ចង់អារម្មណ៍ទៅលើសេចក្ដីរាយការណ៍មិនល្អរបស់អ្នកស៊ើបការណ៍១០នាក់ ពួកគេបានត្អូញត្អែរអំពីម៉ូសេនិងអេរ៉ុន។ ហេតុនេះ ព្រះយេហូវ៉ាបានសួរម៉ូសេថា៖ «តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ»។ (ជនគណនា ១៤:២-៤, ១១) ពិតមែន ព្រះយេហូវ៉ាបានជ្រាបថា ជនជាតិអ៊ីស្រាអែលមិនបានទុកចិត្តលោកទេ ពីព្រោះពួកគេបានត្អូញត្អែរអំពីម៉ូសេនិងអេរ៉ុន ជាបុរសដែលលោកបានតែងតាំង។ ស្រដៀងគ្នាដែរ បើយើងតែងតែត្អូញត្អែរអំពីពួកអ្នកដែលព្រះយេហូវ៉ាប្រើដើម្បីនាំមុខរាស្ត្ររបស់លោកនៅសព្វថ្ងៃនេះ នោះអាចបង្ហាញថាជំនឿរបស់យើងលើព្រះបានចុះខ្សោយ។
១៣. ហេតុអ្វីយើងមិនគួរខកចិត្ត បើយើងឃើញចំណុចខ្សោយខ្លះក្នុងជំនឿរបស់យើង?
១៣ ក្រោយពីបានពិចារណាសំណួរទាំងនេះ សូមកុំខកចិត្តបើអ្នកឃើញថាជំនឿរបស់អ្នកបានចុះខ្សោយ។ សូមចាំថា សូម្បីតែសាវ័កពេត្រុសក៏បានភ័យខ្លាច ហើយបានចាប់ផ្ដើមសង្ស័យដែរ។ ម្យ៉ាងទៀតនៅពេលខ្លះ លោកយេស៊ូបានឲ្យឱវាទដល់ពួកសាវ័កទាំងអស់ ដោយសារពួកគាត់មាន«ជំនឿតិច»។ (ម៉ាថាយ ១៦:៨) ប៉ុន្តែ យើងអាចទាញយកមេរៀនដ៏សំខាន់មួយពីបទពិសោធន៍របស់ពេត្រុស។ សូមកត់សម្គាល់អ្វីដែលគាត់បានធ្វើក្រោយពីគាត់បានចាប់ផ្ដើមសង្ស័យ ហើយបានលិចទៅក្នុងសមុទ្រ។
ចូរផ្ដោតអារម្មណ៍ទៅលើលោកយេស៊ូ ដើម្បីពង្រឹងជំនឿរបស់អ្នក
១៤, ១៥. (ក) តើពេត្រុសបានធ្វើអ្វី ពេលគាត់ចាប់ផ្ដើមលិចទៅក្នុងទឹក? (ខ) តើតាមរបៀបណាយើងអាច«សម្លឹងមើល»ទៅលោកយេស៊ូ?
១៤ តើពេត្រុសបានធ្វើអ្វី ពេលគាត់ចាប់ផ្ដើមលិចទៅក្នុងទឹក? ពេត្រុសចេះហែលទឹកយ៉ាងស្ទាត់ ដូច្នេះ គាត់អាចសម្រេចចិត្តហែលត្រឡប់ទៅទូកវិញ។ (យ៉ូហាន ២១:៧) ប៉ុន្តែ ហេតុអ្វីគាត់មិនបានធ្វើដូច្នោះ? ពីព្រោះគាត់មិនបានទុកចិត្តលើខ្លួនគាត់ឡើយ។ គាត់បានផ្ចង់អារម្មណ៍ម្ដងទៀតទៅលើលោកយេស៊ូ ហើយបានព្រមឲ្យលោកជួយ។ បើយើងកត់សម្គាល់ថាជំនឿរបស់យើងចុះខ្សោយ យើងគួរយកតម្រាប់ពេត្រុស។ តើយើងអាចធ្វើដូច្នោះយ៉ាងដូចម្ដេច?
១៥ ដូចពេត្រុសបានផ្ចង់អារម្មណ៍ម្ដងទៀតទៅលើលោកយេស៊ូដើម្បីឲ្យលោកជួយ យើងក៏ត្រូវ«សម្លឹងមើល»ទៅលោកយេស៊ូដែរ។ (សូមអាន ហេប្រឺ ១២:២, ៣) ប៉ុន្តែ យើងមិនអាចឃើញលោកដោយភ្នែកផ្ទាល់ដូចពេត្រុសបានឃើញលោកទេ។ ដូច្នេះ តើតាមរបៀបណាយើងអាច«សម្លឹងមើល»ទៅលោកយេស៊ូ? យើងអាចសិក្សាអ្វីដែលលោកបានបង្រៀននិងធ្វើ ហើយបន្ទាប់មកយើងអាចយកតម្រាប់លោកយ៉ាងដិតដល់។ ពេលយើងធ្វើដូច្នេះ យើងនឹងទទួលជំនួយដែលយើងត្រូវការ ដើម្បីពង្រឹងជំនឿរបស់យើង។ យើងនឹងពិចារណារបៀបខ្លះដែលយើងអាចយកតម្រាប់លោកយេស៊ូ។
១៦. តើគម្ពីរអាចជួយពង្រឹងជំនឿរបស់យើងយ៉ាងដូចម្ដេច?
១៦ ចូរពង្រឹងទំនុកចិត្តរបស់អ្នកទៅលើគម្ពីរ។ លោកយេស៊ូបានជឿជាក់ថាគម្ពីរគឺជាបណ្ដាំរបស់ព្រះ ហើយបានជឿជាក់ថាគម្ពីរផ្ដល់ឲ្យយើងនូវឱវាទដ៏ប្រសើរបំផុត។ (យ៉ូហាន ១៧:១៧) ដើម្បីមានការជឿជាក់ដូចលោកយេស៊ូ យើងត្រូវអានគម្ពីរជារៀងរាល់ថ្ងៃ សិក្សាគម្ពីរ ហើយរំពឹងគិតអំពីមេរៀនដែលយើងរៀន។ យើងក៏ត្រូវស្វែងរកចម្លើយចំពោះសំណួរដែលយើងមានផងដែរ។ ជាឧទាហរណ៍ តើអ្នកជឿជាក់យ៉ាងខ្លាំងថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់ឬទេ? ចូរពង្រឹងជំនឿរបស់អ្នកថាទីបញ្ចប់គឺជិតមកដល់ ដោយសិក្សាទំនាយគម្ពីរដែលបង្ហាញថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់។ តើអ្នកចង់ពង្រឹងជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះស្តីអំពីអនាគតឬទេ? បើដូច្នេះ ចូរសិក្សាទំនាយគម្ពីរដែលបានសម្រេចរួចហើយ។ តើអ្នកពិតជាជឿថាគម្ពីរមានប្រយោជន៍នៅសព្វថ្ងៃនេះឬទេ? អ្នកអាចអានអំពីបទពិសោធន៍របស់បងប្អូនរួមជំនឿដែលបានកែប្រែជីវិតរបស់ពួកគាត់ឲ្យបានប្រសើរឡើងដោយមានជំនួយពីគម្ពីរa (សូមមើលកំណត់សម្គាល់)។—ថែស្សាឡូនិចទី១ ២:១៣
១៧. ហេតុអ្វីលោកយេស៊ូអាចស៊ូទ្រាំនឹងការល្បងលដ៏ខ្លាំងក្រៃលែង ហើយតើតាមរបៀបណាអ្នកអាចយកតម្រាប់លោក?
១៧ ចូរផ្ចង់អារម្មណ៍ទៅលើពរដែលព្រះយេហូវ៉ាបានសន្យា។ លោកយេស៊ូបានផ្ចង់អារម្មណ៍ទៅលើពរដែលលោកនឹងទទួលនៅអនាគត ហើយនេះបានជួយលោកស៊ូទ្រាំនឹងការល្បងលដ៏ខ្លាំងក្រៃលែង។ (ហេប្រឺ ១២:២) អ្វីដែលពិភពលោកនេះអាចផ្ដល់ឲ្យមិនបានបំបែរអារម្មណ៍លោកឡើយ។ (ម៉ាថាយ ៤:៨-១០) តើតាមរបៀបណាយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូ? ចូររំពឹងគិតអំពីសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ ចូរស្រមៃគិតថាខ្លួនអ្នកនៅក្នុងពិភពលោកថ្មី។ សូមសរសេរឬគូរអំពីអ្វីដែលអ្នកនឹងធ្វើនៅសួនឧទ្យាន ឬធ្វើបញ្ជីអំពីមនុស្សដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញដែលអ្នកចង់និយាយជាមួយនិងអ្វីដែលអ្នកចង់និយាយទៅកាន់ពួកគាត់។ ចូរចាត់ទុកសេចក្ដីសន្យាទាំងនេះរបស់ព្រះថាមិនគ្រាន់តែសម្រាប់មនុស្សជាទូទៅទេ តែគឺសម្រាប់អ្នកផ្ទាល់។
១៨. តើសេចក្ដីអធិដ្ឋានអាចជួយពង្រឹងជំនឿរបស់អ្នកយ៉ាងដូចម្ដេច?
១៨ ចូរអធិដ្ឋានសុំឲ្យមានជំនឿថែមទៀត។ លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យសុំព្រះយេហូវ៉ានូវសកម្មពលបរិសុទ្ធ។ (លូកា ១១:៩, ១៣) កាលដែលអ្នកសុំសកម្មពលបរិសុទ្ធ ចូរអធិដ្ឋានសុំឲ្យមានជំនឿថែមទៀត។ ជំនឿគឺជាលក្ខណៈមួយនៃផលដែលបង្កើតដោយសកម្មពលបរិសុទ្ធ។ អ្នកអាចអធិដ្ឋានយ៉ាងចំៗ។ ជាឧទាហរណ៍ បើអ្នកកត់សម្គាល់ថាអ្នកពិបាកអភ័យទោសឲ្យអ្នកឯទៀត ចូរសុំព្រះយេហូវ៉ាជួយរក្សាជំនឿរបស់អ្នកឲ្យនៅមាំមួន ហើយជួយអ្នកឲ្យចេះអភ័យទោស។
១៩. តើតាមរបៀបណាយើងអាចជ្រើសរើសមិត្តល្អ?
១៩ ចូរជ្រើសរើសមិត្តភក្ដិដែលមានជំនឿមាំមួន។ លោកយេស៊ូបានជ្រើសរើសមិត្តជិតស្និទ្ធដោយប្រុងប្រយ័ត្ន។ ពួកសាវ័កដែលជាមិត្តជិតស្និទ្ធបំផុតរបស់លោក មានចិត្តស្មោះត្រង់ ហើយស្ដាប់បង្គាប់លោក។ (សូមអាន យ៉ូហាន ១៥:១៤, ១៥) ចូរយកតម្រាប់លោកយេស៊ូ ហើយជ្រើសរើសមិត្តភក្ដិដោយប្រុងប្រយ័ត្ន។ ពួកគេគួរជាមនុស្សដែលមានជំនឿមាំមួនដែលស្ដាប់បង្គាប់លោកយេស៊ូ។ មិត្តភក្ដិពិតប្រាកដអាចនិយាយប្រាប់គ្នាដោយឥតលាក់លៀម សូម្បីតែពេលពួកគេត្រូវឲ្យឱវាទ ឬទទួលឱវាទក្ដី។—សុភាសិត ២៧:៩
២០. តើអ្វីនឹងកើតឡើង ពេលយើងជួយអ្នកឯទៀតឲ្យពង្រឹងជំនឿរបស់ពួកគេ?
២០ ចូរជួយអ្នកឯទៀតឲ្យពង្រឹងជំនឿរបស់ពួកគេ។ លោកយេស៊ូបានជួយពួកអ្នកកាន់តាមលោកឲ្យពង្រឹងជំនឿរបស់ពួកគាត់តាមរយៈអ្វីដែលលោកបានមានប្រសាសន៍និងអ្វីដែលលោកបានធ្វើ។ (ម៉ាកុស ១១:២០-២៤) យើងគួរធ្វើតាមគំរូរបស់លោកយេស៊ូ។ ពេលយើងធ្វើដូច្នេះ យើងនឹងពង្រឹងជំនឿរបស់យើងនិងជំនឿរបស់អ្នកឯទៀត។ (សុភាសិត ១១:២៥) តើអ្នកអាចជួយមនុស្សក្នុងតំបន់ផ្សាយរបស់អ្នកយ៉ាងដូចម្ដេច? ពេលអ្នកបង្រៀនគម្ពីរដល់អ្នកឯទៀត សូមបញ្ជាក់អំពីទីសំអាងថាពិតជាមានព្រះ ថាលោកយកចិត្តទុកដាក់ចំពោះយើង ហើយថាគម្ពីរជាបណ្ដាំរបស់ព្រះ។ តើតាមរបៀបណាអ្នកអាចជួយបងប្អូនរក្សាជំនឿរបស់ពួកគាត់ឲ្យមាំមួន? បើអ្នកកត់សម្គាល់ថាអ្នកណាម្នាក់កំពុងត្អូញត្អែរអំពីបងប្អូនប្រុសៗដែលនាំមុខ សូមកុំប្រញាប់ជៀសចេញពីគាត់។ សូមនិយាយតាមរបៀបដែលមិនធ្វើឲ្យគាត់អន់ចិត្ត ដើម្បីព្យាយាមជួយគាត់ឲ្យមានជំនឿឡើងវិញ។ (យូដាស ២២, ២៣) បើអ្នកនៅតែរៀននៅសាលា ហើយគ្រូបង្រៀនរបស់អ្នកនិយាយអំពីការវិវត្តន៍ ចូរមានចិត្តក្លាហាន ហើយនិយាយការពារជំនឿរបស់អ្នកទៅលើការបង្កើត។ ប្រតិកម្មរបស់គ្រូបង្រៀននិងសិស្សរួមថ្នាក់របស់អ្នកប្រហែលជាធ្វើឲ្យអ្នកភ្ញាក់ផ្អើលនិងពេញចិត្ត។
២១. តើព្រះយេហូវ៉ាបានសន្យាអ្វីចំពោះយើងម្នាក់ៗ?
២១ ព្រះយេហូវ៉ានិងលោកយេស៊ូបានជួយពេត្រុសយកឈ្នះការសង្ស័យនិងការភ័យខ្លាច។ នៅពេលក្រោយមកក្នុងជីវិតរបស់ពេត្រុស គាត់បានទៅជាគំរូដ៏ល្អចំពោះអ្នកឯទៀតស្តីអំពីជំនឿ។ ដូចគ្នាដែរ ព្រះយេហូវ៉ាជួយយើងម្នាក់ៗឲ្យកាន់ជំហរមាំមួនក្នុងជំនឿ។ (សូមអាន ពេត្រុសទី១ ៥:៩, ១០) ទោះជាយើងត្រូវខំព្យាយាមដើម្បីពង្រឹងជំនឿក៏ដោយ តែព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ឲ្យយើងពេលយើងខំធ្វើដូច្នោះ។
a ជាឧទាហរណ៍ សូមមើលអត្ថបទដែលមានចំណងជើងថា«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត»ដែលចេញជាបន្តបន្ទាប់ក្នុងទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយ។