បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/៤ ទំ. ១៣-១៧
  • «ចូរចាំយាមចុះ!»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរចាំយាមចុះ!»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ចូរ​ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំ​មួន​ក្នុង​សេចក្ដី​ជំនឿ»
  • សាវ័ក​បី​នាក់​ដែល​មិន​បាន​នៅ​ភ្ញាក់
  • គុណ​សម្បត្ដិ​ដ៏​សំខាន់​បី
  • ‹ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​អ្នក​មាន​ហើយ​ចុះ!›
  • ហេតុអ្វីយើងត្រូវ«ចាំយាម»?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរ«ចាំយាម»ចុះ! គ្រាជំនុំជម្រះបានមកដល់ហើយ!
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
  • សប្បាយហើយ អ្នកណាដែលនៅភ្ញាក់ជានិច្ច!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរទន្ទឹងរង់ចាំចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/៤ ទំ. ១៣-១៧

«ចូរ​ចាំ​យាម​ចុះ!»

«ឯ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នេះ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែរ គឺ​ថា ចូរ​ចាំ​យាម​ចុះ!»។—ម៉ាកុស ១៣:៣៧

១, ២. (ក) តើ​បុរស​ម្នាក់​បាន​រៀន​មេ​រៀន​អ្វី​អំពី​ការ​ការ​ពារ​ទ្រព្យ​សម្បត្ដិ​របស់​គាត់? (ខ) ស្តី​ពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ចោរ​នោះ តើ​យើង​រៀន​អ្វី​អំពី​ការ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ?

វ៉ាន​បាន​ទុក​របស់​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ផ្ទះ។ គាត់​បាន​ទុក​របស់​ទាំង​នោះ​នៅ​ក្រោម​គ្រែ​របស់​គាត់ ព្រោះ​តាម​មតិ​របស់​គាត់ នេះ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ផ្ទះ។ ប៉ុន្តែ នៅ​យប់​មួយ ក្នុង​កាល​ដែល​គាត់​និង​ភរិយា​កំពុង​តែ​សម្រាន្ត នោះ​ចោរ​ម្នាក់​បាន​ចូល​មក​ក្នុង​បន្ទប់​ដេក។ ពិត​ណាស់ ចោរ​ម្នាក់​នេះ​បាន​ដឹង​កន្លែង​លាក់​របស់​ដ៏​មាន​តម្លៃ​ទាំង​នោះ។ ចោរ​នោះ​បាន​យក​របស់​ដ៏​មាន​តម្លៃ​ទាំង​អស់​ចេញ​ពី​ក្រោម​គ្រែ​ដោយ​ស្ងៀម​ស្ងាត់ ព្រម​ទាំង​លួច​យក​លុយ​ដែល​វ៉ាន​បាន​ទុក​ក្នុង​ថត​ទូ​ជិត​គ្រែ​ដេក​ផង​ដែរ។ ដល់​ព្រឹក​ស្អែក នោះ​វ៉ាន​បាន​ដឹង​ថា​ចោរ​បាន​ចូល​មក​លួច។ គាត់​នឹង​មិន​ភ្លេច​នូវ​មេ​រៀន​ដ៏​ឈឺ​ចាប់​នេះ​ទេ គឺ​ថា៖ មនុស្ស​ដេក​លក់​ពុំ​អាច​ការ​ពារ​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​បាន​ឡើយ។

២ រឿង​ខាង​វិញ្ញាណ​ក៏​ដូច​គ្នា​ដែរ។ បើ​យើង​ដេក​លក់​ខាង​វិញ្ញាណ នោះ​យើង​ក៏​ពុំ​អាច​ការ​ពារ​សេចក្ដី​សង្ឃឹម​និង​ជំនឿ​របស់​យើង​បាន​ឡើយ។ ហេតុ​នេះ​ហើយ ប៉ុល​ដាស់​តឿន​ថា៖ «ហេតុ​នេះ យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀត​ៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជា​និច្ច»។ (ថែស្សាឡូនីច​ទី​១ ៥:៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ព្រះ​យេស៊ូ​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច​អំពី​ចោរ ដើម្បី​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ​ការ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ។ ទ្រង់​បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​នឹង​នាំ​ទៅ​ដល់​ពេល​ទ្រង់​យាង​មក​ជា​ចៅ​ក្រម ហើយ​រួច​មក​ទ្រង់​បាន​ព្រមាន​ថា៖ «ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ ចូរ​ដឹង​សេចក្ដី​នេះ​ចុះ! បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ជា​ចោរ​នឹង​មក​នៅ​យាម​ណា នោះ​គេ​នឹង​បាន​ចាំ​យាម​មិន​ឲ្យ​ចោរ​ទំ​លុះ​ចូល​ផ្ទះ​បាន​ទេ ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត»។ (ម៉ាថាយ ២៤:៤២​-​៤៤) ចោរ​មិន​ដែល​ប្រាប់​ទុក​ជា​មុន​នូវ​វេលា​ណា​ដែល​វា​នឹង​មក​នោះ​ទេ។ ចោរ​ចង់​មក​នៅ​វេលា​ណា​ដែល​មនុស្ស​ពុំ​បាន​គិត។ ស្រដៀង​គ្នា​ដែរ ដូច​ជា​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​មក នោះ​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​នឹង​មក​ដល់‹នៅ​វេលា​ដែល​យើង​រាល់​គ្នា​មិន​បាន​គិត›។

«ចូរ​ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំ​មួន​ក្នុង​សេចក្ដី​ជំនឿ»

៣. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ​ការ​ចាំ​យាម​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច​អំពី​ពួក​អ្នក​បំរើ​ដែល​រង់​ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ពិធី​មង្គល​ការ​វិញ?

៣ ពាក្យ​ដែល​មាន​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​លូកា នោះ​ព្រះ​យេស៊ូ​បាន​ប្រៀប​ប្រដូច​ពួក​គ្រីស្ទាន​ទៅ​នឹង​ពួក​អ្នក​បំរើ​ដែល​រង់​ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ពិធី​មង្គល​ការ​វិញ។ ពួក​គេ​ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច គឺ​នៅ​ពេល​ណា​ដែល​ម្ចាស់​នោះ​ត្រឡប់​មក​ដល់ នោះ​ពួក​អ្នក​បំរើ​ត្រូវ​ដឹង​ខ្លួន​ជា​និច្ច និង​ប្រុង​ប្រៀប​ទទួល​ស្វាគមន៍​ម្ចាស់​ខ្លួន។ តាម​របៀប​ស្រដៀង​គ្នា​នេះ​ដែរ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត»។ (លូកា ១២:៤០) អ្នក​ខ្លះ​ដែល​បាន​បំរើ​ព្រះ​យេហូវ៉ា​អស់​ច្រើន​ឆ្នាំ​មក​ហើយ អាច​បាត់​បង់​នូវ​គំនិត​អំពី​ភាព​បន្ទាន់​នៃ​គ្រា​ដែល​យើង​កំពុង​តែ​រស់​នៅ​នេះ។ ពួក​គេ​ប្រហែល​ជា​សន្និដ្ឋាន​ថា ទី​បញ្ចប់​នឹង​កើត​ឡើង​នៅ​អនាគត​ដ៏​យូរ​អង្វែង។ ប៉ុន្តែ គំនិត​បែប​នេះ​អាច​នាំ​យើង​ឲ្យ​លែង​ប្រុង​ស្មារតី​ទៅ​លើ​រឿង​ខាង​វិញ្ញាណ បែរ​ជា​ប្រុង​ស្មារតី​ទៅ​លើ​គោល​ដៅ​ខាង​សាច់​ឈាម​វិញ ដែល​អាច​បង្វែរ​អារម្មណ៍​យើង​ចេញ និង​ធ្វើ​ឲ្យ​យើង​ងុយ​ដេក​ខាង​វិញ្ញាណ។—លូកា ៨:១៤; ២១:៣៤, ៣៥

៤. តើ​ជំនឿ​ស៊ប់​អំពី​អ្វី​ដែល​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​នៅ​ចាំ​យាម? ហើយ​តើ​ព្រះ​យេស៊ូ​បង្ហាញ​រឿង​នេះ​យ៉ាង​ដូច​ម្ដេច?

៤ យើង​អាច​ទាញ​មេ​រៀន​មួយ​ទៀត​ពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ។ ទោះ​ជា​ពួក​អ្នក​បំរើ​មិន​ដឹង​វេលា​ណា​ដែល​ម្ចាស់​នឹង​វិល​ត្រឡប់​មក​វិញ​ក៏​ដោយ តែ​តាម​មើល​ទៅ ពួក​គេ​បាន​ដឹង​អំពី​យប់​មួយ​ណា​ដែល​លោក​នឹង​មក។ គឺ​ច្បាស់​ជា​ពិបាក​នៅ​ភ្ញាក់​ដឹង​ខ្លួន​មែន​ដោយ​អត់​ងងុយ​អស់​មួយ​យប់ ប្រសិន​បើ​ពួក​គេ​គិត​ថា​ម្ចាស់​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​យប់​មួយ​ផ្សេង​ទៀត​នោះ។ ប៉ុន្តែ ពួក​អ្នក​បំរើ​បាន​ដឹង​នូវ​យប់​មួយ​ណា​ដែល​លោក​នឹង​វិល​មក​វិញ ហើយ​នេះ​គឺ​ជា​ហេតុ​ល្អ​ដែល​មិន​ឲ្យ​ពួក​គេ​ដេក​លក់។ ស្រដៀង​គ្នា​ដែរ ទំនាយ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​កំពុង​តែ​រស់​នៅ​គ្រា​ចុង​បញ្ចប់ ប៉ុន្តែ​ទំនាយ​ទាំង​នេះ​មិន​ប្រាប់​យើង​ថា ថ្ងៃ​ណា​ឬ​ម៉ោង​ណា​នោះ​ឡើយ។ (ម៉ាថាយ ២៤:៣៦) កាលដែល​យើង​ជឿ​ថា​ទី​បញ្ចប់​កំពុង​តែ​មក នេះ​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ ប៉ុន្តែ​ប្រសិន​បើ​យើង​ពិត​ជា​ជឿ​ស៊ប់​ថា ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ​នោះ ជំនឿ​នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​នៅ​ចាំ​យាម​ជាង។—សេផានា ១:១៤

៥. តើ​យើង​អាច​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​ប៉ុល​ឲ្យ«ចាំ​យាម»យ៉ាង​ដូច​ម្ដេច?

៥ ពេល​ប៉ុល​សរសេរ​ទៅ​ពួក​គ្រីស្ទាន​នៅ​ក្រុង​កូរិនថូស គាត់​បាន​ដាស់​តឿន​ថា៖ «ចូរ​ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំ​មួន​ក្នុង​សេចក្ដី​ជំនឿ»។ (កូរិនថូស​ទី​១ ១៦:១៣) មែន​ហើយ ការ​នៅ​ចាំ​យាម​គឺ​ជាប់​ទាក់​ទង​គ្នា​នឹង​ការ​ឈរ​ឲ្យ​មាំ​មួន​ក្នុង​សេចក្ដី​ជំនឿ​ជា​គ្រីស្ទាន។ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ចាំ​យាម? គឺ​ដោយ​ក្រេប​យក​ចំណេះ​ដ៏​ត្រឹម​ត្រូវ​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ (ធីម៉ូថេ​ទី​២ ៣:១៤, ១៥) ទម្លាប់​ល្អ​ខាង​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​មក​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ នឹង​ជួយ​ពង្រឹង​ជំនឿ​របស់​យើង។ ការ​នឹក​ចាំ​ជា​និច្ច​នូវ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា គឺ​ជា​ទិដ្ឋភាព​ដ៏​សំខាន់​មួយ​នៃ​ជំនឿ​របស់​យើង។ យូរ​ៗ​ម្ដង ពេល​យើង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ភស្តុ​តាង​ក្នុង​ព្រះ​គម្ពីរ​ថា​យើង​ពិត​ជា​រស់​នៅ​ជិត​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ នឹង​ជួយ​យើង​កុំ​ឲ្យ​ភ្លេច​អំពី​សេចក្ដី​ពិត​សំខាន់​ៗ​ដែល​ទាក់​ទង​នឹង​ទី​បញ្ចប់​នៅ​នា​អនាគត​ខាង​មុខ​នេះ។a ហើយ​ក៏​ជា​ការ​ល្អ​ដែរ​បើ​យើង​កត់​សម្គាល់​នូវ​ព្រឹត្ដិការណ៍​ក្នុង​លោកីយ៍ ដែល​បំពេញ​ទំនាយ​ព្រះ​គម្ពីរ។ បង​ប្រុស​ម្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​សរសេរ​ថា៖ «រៀង​រាល់​ដង​ដែល​ខ្ញុំ​មើល​ពត៌មាន គឺ​ឃើញ​សង្គ្រាម ការ​កក្រើក​ដី អំពើ​ឃោរឃៅ និង​ភាព​កខ្វក់​នៃ​ភព​ផែនដី​របស់​យើង នេះ​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា​ទី​បញ្ចប់​គឺ​កាន់​តែ​ជិត​ហើយ»។

៦. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ពន្យល់​ថា​នឹង​មាន​ការ​ទោរ​ទន់​ទៅ​រក​ការ​បាត់​បង់​នូវ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខាង​វិញ្ញាណ​ក្នុង​កាល​ដែល​ពេល​វេលា​កន្លង​ទៅ​នោះ?

៦ នៅ​ម៉ាកុស​ជំពូក​ទី​១៣ យើង​រក​ឃើញ​កំណត់​ហេតុ​មួយ​ទៀត ពេល​ព្រះ​យេស៊ូ​ដាស់​តឿន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​នៅ​ចាំ​យាម។ យោង​ទៅ​តាម​ជំពូក​នេះ ព្រះ​យេស៊ូ​ប្រៀប​ធៀប​ស្ថានការណ៍​របស់​ពួក​គេ​ទៅ​នឹង​អ្នក​ឆ្មាំ​ទ្វារ ដែល​រង់​ចាំ​ម្ចាស់​ខ្លួន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ក្រៅ។ អ្នក​ឆ្មាំ​ទ្វារ​នេះ​ពុំ​បាន​ដឹង​នូវ​វេលា​ណា​ដែល​ម្ចាស់​ខ្លួន​វិល​ត្រឡប់​មក​វិញ​ទេ។ ពួក​គេ​ត្រូវ​តែ​ចាំ​យាម​ជា​និច្ច។ ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​វេន​យាម​បួន​ផ្សេង​គ្នា ដែល​ម្ចាស់​នេះ​អាច​វិល​ត្រឡប់​មក​វិញ។ វេន​យាម​ទី​បួន​គឺ​ពី​ម៉ោង​បី​ព្រឹក​រហូត​ដល់​ថ្ងៃ​រះ។ នៅ​វេន​យាម​ចុង​ក្រោយ​នេះ អ្នក​ឆ្មាំ​ទ្វារ​អាច​ទៅ​ជា​ងងុយ​ដេក​យ៉ាង​ស្រួល។ តាម​ដឹង​មក ពួក​ទាហាន​ចាត់​ទុក​ម៉ោង​មុន​ថ្ងៃ​រះ គឺ​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​វាយ​ឆ្មក់​ពួក​សត្រូវ​ដែល​កំពុង​តែ​ដេក​មិន​ដឹង​ខ្លួន។ ស្រដៀង​គ្នា​ដែរ ក្នុង​ផ្នែក​នៃ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នេះ នៅ​ពេល​មនុស្ស​ក្នុង​លោកីយ៍​កំពុង​តែ​ដេក​លក់​ស៊ប់​ខាង​វិញ្ញាណ នោះ​យើង​អាច​ប្រឈម​មុខ​នឹង​ការ​ពិបាក​បំផុត​ដើម្បី​នៅ​ភ្ញាក់​ខាង​វិញ្ញាណ។ (រ៉ូម ១៣:១១, ១២) ដូច្នេះ​ហើយ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​រឿង​ប្រៀប​ប្រដូច​ថា៖ «ចូរ​ប្រុង​ប្រយ័ត ឲ្យ​ចាំ​យាម . . . ដូច្នេះ ចូរ​ចាំ​យាម​ចុះ! . . . ឯ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នេះ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែរ គឺ​ថា ចូរ​ចាំ​យាម​ចុះ!»។—ម៉ាកុស ១៣:៣២​-​៣៧

៧. តើ​អ្វី​អាច​ជា​គ្រោះ​ថ្នាក់? ហើយ​ដោយ​ដឹង​អំពី​នេះ តើ​ការ​លើក​ទឹក​ចិត្ត​អ្វី​ដែល​យើង​អាន​ជា​ញឹក​ញាប់​ក្នុង​ព្រះ​គម្ពីរ?

៧ ជា​ច្រើន​ដង​ក្នុង​កំឡុង​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​និង​ក្រោយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​ទ្រង់​បាន​ដាស់​តឿន​ពួក​សិស្ស​ឲ្យ​ប្រុង​ប្រយ័ត្ន។ តាម​ការ​ពិត សឹង​តែ​រាល់​ដង​ដែល​បទ​គម្ពីរ​បញ្ជាក់​អំពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ នោះ​យើង​អាច​ឃើញ​មាន​ការ​ព្រមាន​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ​ឬ​ឲ្យ​នៅ​ចាំ​យាម​ជា​និច្ច។b (លូកា ១២:៣៨, ៤០; វិវរណៈ ៣:២; ១៦:១៤​-​១៦) យ៉ាង​ច្បាស់​ណាស់ ការ​ងងុយ​ដេក​ខាង​វិញ្ញាណ​គឺ​ជា​គ្រោះ​ថ្នាក់​ដែរ។ យើង​គ្រប់​គ្នា​ត្រូវ​ការ​ការ​ព្រមាន​នេះ!—កូរិនថូស​ទី​១ ១០:១២; ថែស្សាឡូនីច​ទី​១ ៥:២, ៦

សាវ័ក​បី​នាក់​ដែល​មិន​បាន​នៅ​ភ្ញាក់

៨. នៅ​ក្នុង​សួន​គែតសេម៉ានី តើ​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​បាន​ធ្វើ​យ៉ាង​ណា ចំពោះ​សំនើរ​របស់​ទ្រង់​ដែល​ឲ្យ​ពួក​គេ​នៅ​ចាំ​យាម​នោះ?

៨ ការ​មាន​បំណង​ល្អ​ដើម្បី​នៅ​ភ្ញាក់​តែ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ ដូច​ជា​យើង​ឃើញ​ក្នុង​ករណី​របស់​ពេត្រុស យ៉ាកុប និង​យ៉ូហាន។ ពួក​បុរស​ទាំង​បី​នាក់​នេះ​គឺ​ជា​បុរស​ដែល​មាន​ភាព​ខាង​វិញ្ញាណ​និង​កាន់​តាម​ព្រះ​យេស៊ូ​ដោយ​ស្មោះ​ត្រង់ ព្រម​ទាំង​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ទ្រង់​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ. ពួក​គេ​មិន​បាន​នៅ​ភ្ញាក់​ដោយ​ចាំ​យាម​ទេ។ ក្រោយ​ពេល​ចេញ​ពី​បន្ទប់​ខាង​លើ​ដែល​ជា​កន្លែង​ដែល​គេ​ធ្វើ​បុណ្យ​រំលង នោះ​សាវ័ក​បី​នាក់​នេះ​ដើរ​តាម​ព្រះ​យេស៊ូ​ទៅ​សួន​គែតសេម៉ានី។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​នៅ​ទី​នោះ​ថា៖ «ចិត្ត​ខ្ញុំ​ព្រួយ​ពន់​ពេក ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​សិន»។ (ម៉ាថាយ ២៦:៣៨) ព្រះ​យេស៊ូ​បាន​អធិស្ឋាន​អស់​ពី​ដួង​ព្រះ​ទ័យ​បី​ដង​ថ្វាយ​ព្រះ​វរបិតានៅ​ស្ថាន​សួគ៌ ហើយ​ទាំង​បី​ដង​ពេល​ទ្រង់​វិល​ត្រឡប់​មក​រក​មិត្ត​សំឡាញ់​របស់​ទ្រង់​វិញ លើក​ណា​ក៏​តែង​ឃើញ​ពួក​គេ​កំពុង​តែ​ដេក​លក់​ដែរ។—ម៉ាថាយ ២៦:៤០, ៤៣, ៤៥

៩. តើ​អ្វី​ដែល​ទំនង​ជា​ធ្វើ​ឲ្យ​ពួក​សាវ័ក​ងងុយ​ដេក​នោះ?

៩ ហេតុ​អ្វី​បាន​ជា​ពួក​បុរស​ដ៏​ស្មោះ​ត្រង់​បី​នាក់​នេះ ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​ខក​ព្រះ​ទ័យ​នៅ​យប់​នោះ? កត្ដា​សំខាន់​គឺ​ដោយ​សារ​ពួក​គេ​អស់​កម្លាំង​ពេក។ យប់​គឺ​កាន់​តែ​ជ្រៅ​ណាស់​ហើយ ប្រហែល​ជា​ក្រោយ​ពាក់​កណ្ដាល​អធ្រាត្រ និង«ភ្នែក​គេ​ធ្ងន់​ជ្រប់»។ (ម៉ាថាយ ២៦:៤៣) ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ! ដើម្បី​មិន​ឲ្យ​កើត​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។—ម៉ាថាយ ២៦:៤១

១០, ១១. (ក) ទោះ​ជា​ព្រះ​យេស៊ូ​អស់​កម្លាំង​ក៏​ដោយ តើ​អ្វី​ដែល​បាន​ជួយ​ទ្រង់​ឲ្យ​នៅ​ចាំ​យាម​ក្នុង​សួន​គែតសេម៉ានី? (ខ) តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​រឿង​ដែល​បាន​កើត​ឡើង​ដល់​សាវ័ក​បី​នាក់ ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​គេ​ឲ្យ​នៅ​ចាំ​យាម​នោះ?

១០ ព្រះ​យេស៊ូ​ក៏​ច្បាស់​ជា​អស់​កម្លាំង​ដូច​គ្នា​ដែរ​នៅ​រាត្រី​ដ៏​សំខាន់​នោះ។ ប៉ុន្តែ ជា​ជាង​ផ្ទំ​លក់ ព្រះ​យេស៊ូ​បាន​ចំណាយ​ពេល​ដ៏​សំខាន់​នេះ ជា​ពេល​ចុង​ក្រោយ​ដែល​ទ្រង់​មាន​សេរី​ភាព ដើម្បី​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​វរបិតា​វិញ។ បី​បួន​ថ្ងៃ​មុន​នេះ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន ដោយ​មាន​បន្ទូល​ថា៖ «ដូច្នេះ ចូរ​ចាំ​យាម​ចុះ! ហើយ​អធិស្ឋាន​ជា​និច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង»។ (លូកា ២១:៣៦; អេភេសូរ ៦:១៨) ប្រសិន​បើ​យើង​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ និង​យក​តម្រាប់​តាម​គំរូ​ដ៏​ល្អ​របស់​ទ្រង់​ស្តី​អំពី​ការ​អធិស្ឋាន នោះ​ការ​ទូល​អង្វរ​អស់​ពី​ចិត្ត​របស់​យើង​នឹង​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ។

១១ ពិត​មែន ព្រះ​យេស៊ូ​បាន​យល់​ថា មិន​យូរ​ប៉ុន្មាន​ទៀត គេ​នឹង​ចាប់​ទ្រង់​ហើយ​កាត់​ទោស​ដល់​ជីវិត ប៉ុន្តែ​នៅ​ពេល​នោះ​ពួក​សិស្ស​ឥត​បាន​យល់​អំពី​រឿង​នេះ​ទេ។ ការ​ល្បង​ល​របស់​ទ្រង់​នឹង​ឈាន​ទៅ​ដល់​កំរិត​ដែល​មាន​ការ​ឈឺ​ចាប់​ដល់​កំពូល​គឺ​នៅ​លើ​បង្គោល​ឈើ​ទារុណកម្ម។ ព្រះ​យេស៊ូ​បាន​ព្រមាន​ពួក​សាវ័ក​របស់​ទ្រង់​ទុក​ជា​មុន​អំពី​រឿង​នេះ តែ​ពួក​គេ​ពុំ​បាន​យល់​នូវ​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​ទេ។ ហេតុ​នេះ​ហើយ បាន​ជា​ពួក​គេ​បែរ​ជា​ដេក​លក់​ទៅ​វិញ ក្នុង​កាល​ដែល​ទ្រង់​នៅ​ចាំ​យាម​និង​អធិស្ឋាន​នោះ។ (ម៉ាកុស ១៤:២៧​-​៣១; លូកា ២២:១៥​-​១៨) ដូច​ពួក​សាវ័ក យើង​ក៏​ទន់​ខ្សោយ​ដែរ ហើយ​មាន​រឿង​ផ្សេង​ៗ​ដែល​យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ក្នុង​ព្រះ​គម្ពីរ។ ប៉ុន្តែ ប្រសិន​បើ​យើង​បាត់​បង់​នូវ​ភាព​បន្ទាន់​នៃ​គ្រា​ដែល​យើង​រស់​នៅ យើង​ក៏​អាច​ទៅ​ជា​ដេក​លក់​ខាង​វិញ្ញាណ​ដែរ។ មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ ទើប​យើង​អាច​នៅ​ភ្ញាក់​ខាង​វិញ្ញាណ​បាន។

គុណ​សម្បត្ដិ​ដ៏​សំខាន់​បី

១២. តើ​ប៉ុល​ប្រាប់​នូវ​គុណ​សម្បត្ដិ​បី​ណា ដែល​ជួយ​យើង​ឲ្យ​រក្សា​នូវ​ភាព​បន្ទាន់?

១២ តើ​យើង​អាច​រក្សា​ទុក​នូវ​ភាព​បន្ទាន់​របស់​យើង​យ៉ាង​ដូច​ម្ដេច? យើង​បាន​ឃើញ​រួច​ហើយ​នូវ​សារៈ​សំខាន់​នៃ​សេចក្ដី​អធិស្ឋាន និង​ភាព​ចាំ​បាច់​នៃ​ការ​ចាំ​ទុក​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត​នេះ ប៉ុល​រៀប​រាប់​នូវ​គុណ​សម្បត្ដិ​ដ៏​សំខាន់​បី ដែល​យើង​ត្រូវ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន។ គាត់​បាន​ពោល​ថា៖ «តែ​យើង​ដែល​ជា​ពួក​នៃ​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​ប្រដាប់​កាយ​ដោយ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ទុក​ជា​ប្រដាប់បាំង​ដើម​ទ្រូង ហើយ​សេចក្ដី​សង្ឃឹម​របស់​ផង​សេចក្ដី​សង្គ្រោះ ទុក​ជា​មួក​សឹក»។ (ថែស្សាឡូនីច​ទី​១ ៥:៨) សូម​ឲ្យ​យើង​ពិនិត្យ​មើល​យ៉ាង​សង្ខេប​នូវ​តួ​នាទី​នៃ​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ ដែល​ជួយ​ឲ្យ​យើង​នៅ​ភ្ញាក់​ខាង​វិញ្ញាណ។

១៣. តើ​ជំនឿ​មាន​តួ​នាទី​យ៉ាង​ណា ក្នុង​ការ​ជួយ​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន​នោះ?

១៣ យើង​ត្រូវ​តែ​មាន​ជំនឿ​ដ៏​មុត​មាំ​ថា​មាន​ព្រះ​យេហូវ៉ា ហើយ​ថា«ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ (ហេព្រើរ ១១:៦) សេចក្ដី​សម្រេច​ដំបូង​នៃ​ទំនាយ​របស់​ព្រះ​យេស៊ូ​អំពី​ទី​បញ្ចប់​នៅ​សតវត្ស​ទី​មួយ ក៏​ពង្រឹង​ជំនឿ​យើង ថា​ទំនាយ​នេះ​ក៏​នឹង​សម្រេច​តាម​របៀប​មួយ​ដ៏​ប្រសើរ​ជាង​ក្នុង​សម័យ​របស់​យើង។ ហើយ​ជំនឿ​របស់​យើង​នឹង​ជួយ​ឲ្យ​យើង​ទន្ទឹង​ចាំ​នូវ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា ដោយ​ប្រាកដ​ក្នុង​ចិត្ត​ថា«[ភាព​ជាក់​ស្តែង​ខាង​ទំនាយ​នេះ]នឹង​មក​ជា​ពិត ឥត​រា​រង់​ឡើយ»។—ហាបាគុក ២:៣

១៤. តើ​ដូច​ម្ដេច​ដែល​សេចក្ដី​សង្ឃឹម​គឺ​មាន​សារៈ​សំខាន់​ប្រសិន​បើ​យើង​ចង់​នៅ​ចាំ​យាម?

១៤ សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​របស់​យើង គឺ​ប្រៀប​ដូច«យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់​លាប់​មាំ​មួន» ដែល​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក​ផ្សេង​ៗ ទោះ​ជា​យើង​ត្រូវ​រង់​ចាំ​នូវ​សេចក្ដី​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ។ (ហេព្រើរ ៦:១៨, ១៩) បង​ស្រី​ម៉ាការិត គឺ​ជា​អ្នក​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​ហើយ​មាន​អាយុ​ជាង​៩០​ឆ្នាំ គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​៧០​ឆ្នាំ​មក​ហើយ ហើយ​បាន​សារភាព​ថា៖ «ពេល​ស្វាមី​របស់​ខ្ញុំ​ស្លាប់​ដោយ​រោគ​មហារីក​នៅ​ឆ្នាំ​១៩៦៣ ខ្ញុំ​គិត​ថា​បើ​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​ឆាប់​មក​ដល់ នោះ​គឺ​ជា​ការ​ល្អ​ណាស់។ ប៉ុន្តែ ឥឡូវ​នេះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ នៅ​ពេល​នោះ យើង​មិន​ដឹង​ថា​កិច្ច​ការ​របស់​ព្រះ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ទូទាំង​ផែនដី​ច្រើន​ប៉ុន​ណា​ទេ។ សូម្បី​តែ​សព្វ​ថ្ងៃ​នេះ​ក៏​នៅ​មាន​កន្លែង​ជា​ច្រើន ដែល​កិច្ច​ការ​របស់​ព្រះ​ទើប​តែ​មាន​សេរី​ភាព​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​នោះ។ ដូច្នេះ ខ្ញុំ​មាន​ចិត្ត​រីក​រាយ​ណាស់ ដែល​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​អត់​ធ្មត់»។ សាវ័ក​ប៉ុល​ធានា​រ៉ាប់​រង​យើង​ថា៖ ‹ការ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង។ បើ​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​យើង​នោះ​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម។ ហើយ​សេចក្ដី​សង្ឃឹម​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ›។—រ៉ូម ៥:៣​-​៥, ព.ថ.

១៥. តើ​សេចក្ដី​ស្រឡាញ់​នឹង​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី ទោះ​ហាក់​បី​ដូច​ជា​យើង​បាន​រង់​ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជា​យូរ​យារ​ណាស់​មក​ហើយ​នោះ?

១៥ សេចក្ដី​ស្រឡាញ់​ជា​គ្រីស្ទាន​គឺ​ជា​គុណ​សម្បត្ដិ​ដ៏​ប្រសើរ ពីព្រោះ​នេះ​ជា​មូលហេតុ​ដែល​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី​មួយ។ យើង​បំរើ​ព្រះ​យេហូវ៉ា​ពីព្រោះ​យើង​ស្រឡាញ់​ទ្រង់ ទោះ​ជា​ទ្រង់​បាន​កំណត់​ទុក​ពេល​ណា​ក៏​ដោយ។ សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​ក៏​ជំរុញ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ ទោះ​ជា​ព្រះ​មាន​បំណង​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​យូរ​យ៉ាង​ណា​ក៏​ដោយ ហើយ​ទោះ​ជា​យើង​ត្រឡប់​ទៅ​ផ្ទះ​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត​ប៉ុន្មាន​ដង​ក្ដី។ ប៉ុល​បាន​សរសេរ​ថា៖ «ឥឡូវ​នេះ​មាន​សេចក្ដី​បី​យ៉ាង គឺ ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ​បំផុត»។ (កូរិនថូស​ទី​១ ១៣:១៣, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​និង​ជួយ​ឲ្យ​នៅ​ចាំ​យាម។ «[សេចក្ដី​ស្រឡាញ់]សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់ . . . សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ»។—កូរិនថូស​ទី​១ ១៣:៧, ៨

‹ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​អ្នក​មាន​ហើយ​ចុះ!›

១៦. តើ​យើង​គួរ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ទឹក​ចិត្ត​យ៉ាង​ណា​ជា​ជាង​បង្អង់​នោះ?

១៦ យើង​រស់​នៅ​ក្នុង​គ្រា​ដ៏​សំខាន់ ដែល​ព្រឹត្ដិការណ៍​ក្នុង​លោកីយ៍​រំឭក​យើង​ជា​ញឹក​ញាប់ ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ផ្នែក​ចុង​បំផុត​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) នេះ​មិន​មែន​ជា​ពេល​ដែល​យើង​ត្រូវ​បង្អង់​ទេ តែ​ត្រូវ‹កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​យើង​មាន​ហើយ›។ (វិវរណៈ ៣:១១) បើ​យើង«ចាំ​យាម​ក្នុង​សេចក្ដី​អធិស្ឋាន» និង​បណ្ដុះ​នូវ​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ នោះ​យើង​នឹង​ស​ឲ្យ​ឃើញ​ថា​យើង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ពេល​មាន​គ្រា​សាក​ល្បង​ផ្ទុះ​ឡើង។ (ពេត្រុស​ទី​១ ៤:៧) យើង​មាន​ការ​យ៉ាង​បរិបូរ​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​កិច្ច​ការ​របស់​ព្រះ​អម្ចាស់។ ដោយ​យើង​រវល់​ក្នុង​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ នេះ​នឹង​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ​បាន។—ពេត្រុស​ទី​២ ៣:១១

១៧. (ក) ហេតុ​អ្វី​ក៏​សេចក្ដី​សង្ឃឹម​ដែល​មិន​ទាន់​មក​ដល់ ពុំ​គួរ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត? (សូម​មើល​ប្រអប់​នៅ​ទំព័រ​១៧) (ខ) តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? តើ​ពួក​អ្នក​ដែល​រង់​ចាំ​ទ្រង់​នឹង​ទទួល​ពរ​យ៉ាង​ណា​ខ្លះ?

១៧ យេរេមា​បាន​សរសេរ​ថា៖ «ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់ ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ទ្រង់ គឺ​ដល់​ព្រលឹង​នៃ​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់ បើ​មនុស្ស​នឹង​សង្ឃឹម​ដល់ ហើយ​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ»។ (បរិទេវ ៣:២៤​-​២៦) ចំពោះ​យើង​ខ្លះ​បាន​រង់​ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​គ្រាន់​តែ​មួយ​រយៈ​ខ្លី។ អ្នក​ឯ​ទៀត​បាន​រង់​ចាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​ឲ្យ​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា។ បើ​យើង​ប្រៀប​ធៀប​កំឡុង​ពេល​រង់​ចាំ​នេះ​ទៅ​នឹង​អនន្តភាព​នៅ​ខាង​មុខ​វិញ នោះ​ពេល​វេលា​រង់​ចាំ​នេះ​គឺ​ខ្លី​ណាស់! (កូរិនថូស​ទី​២ ៤:១៦​-​១៨) ហើយ​កាល​យើង​រង់​ចាំ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា យើង​អាច​បណ្ដុះ​បណ្ដាល​នូវ​គុណ​សម្បត្ដិ​ដែល​សំខាន់​ចាំ​បាច់ និង​ជួយ​អ្នក​ដទៃ​ឲ្យ​ឆ្លៀត​យក​ប្រយោជន៍​ពី​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​ពួក​គេ​ទទួល​យក​សេចក្ដី​ពិត​ដែរ។ ដូច្នេះ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​បន្ត​ចាំ​យាម​ចុះ! សូម​ឲ្យ​យើង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា និង​ចេះ​មាន​ចិត្ត​អត់​ធ្មត់ ព្រម​ទាំង​មាន​អំណរ​គុណ​ចំពោះ​សេចក្ដី​សង្ឃឹម​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង។ ហើយ​ក្នុង​កាល​ដែល​យើង​នៅ​ចាំ​យាម​ទាំង​មាន​ចិត្ត​ស្មោះ​ត្រង់ សូម​ឲ្យ​យើង​កាន់​ខ្ជាប់​នូវ​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​ជា​រៀង​រហូត​ដែរ។ រួច​មក សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ដែល​មាន​ជា​ទំនាយ​នោះ នឹង​ទាក់​ទង​ចំពោះ​យើង​ផ្ទាល់​ដែល​ចែង​ថា៖ «[ព្រះ​យេហូវ៉ា]នឹង​ដំកើង​អ្នក ឲ្យ​បាន​ផែនដី​ជា​មរដក។ នៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ នោះ​អ្នក​នឹង​បាន​ឃើញ​ហើយ»។—ទំនុក​ដំកើង ៣៧:៣៤

[កំណត់​សម្គាល់]

a គឺ​មាន​ប្រយោជន៍​ក្នុង​ការ​មើល​សា​ឡើង​វិញ​នូវ​ទី​សំអាង​ប្រាំ​មួយ​យ៉ាង ដែល​បញ្ជាក់​ថា​យើង​កំពុង​តែ​រស់​នៅ«ថ្ងៃ​ជាន់​ក្រោយ​បង្អស់» ដែល​បាន​កត់​ទុក​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០០ ទំព័រ ២០, ២១។—ធីម៉ូថេ​ទី​២ ៣:១

b យោង​ទៅ​តាម​លោក​វ៉ាញ ដែល​ជា​អ្នក​រៀបចំ​សទ្ទានុក្រម ពាក្យ​ក្រិច​ដែល​បក​ប្រែ​ថា«ចាំ​យាម» មាន​ន័យ​ចំ​ៗ​ថា‹បាត់​ងងុយ​ដេក› ហើយ​ពាក្យ​នេះ«មិន​គ្រាន់​តែ​មាន​ន័យ​ថា​នៅ​ភ្ញាក់​ប៉ុណ្ណោះ​ទេ តែ​អ្នក​នោះ​ត្រូវ​មាន​ស្មារតី​ចាំ​យាម​ផ្ចង់​អារម្មណ៍​មើល​អ្វី​មួយ»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​តាម​របៀប​ណា​ដែល​យើង​អាច​ពង្រឹង​ជំនឿ​ស៊ប់​របស់​យើង ថា​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ គឺ​ជិត​ដល់​ហើយ?

• តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​ពេត្រុស យ៉ាកុប និង​យ៉ូហាន?

• តើ​គុណ​សម្បត្ដិ​បី​ណា​នឹង​ជួយ​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន​ខាង​វិញ្ញាណ?

• ហេតុ​អ្វី​ក៏​សព្វ​ថ្ងៃ​នេះ​គឺ​ជា​ពេល​ដើម្បី‹កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​យើង​មាន​ហើយ›?

[ប្រអប់​នៅ​ទំព័រ​១៧]

«មាន​ពរ​ហើយ អ្នក​ណា​ដែល​រង់​ចាំ»។—ដានីយ៉ែល ១២:១២

ឧបមា​ថា អ្នក​យាម​ម្នាក់​សង្ស័យ​ថា​ចោរ​ម្នាក់​មាន​គម្រោង​មក​ប្លន់​ផ្ទះ ដែល​គាត់​កំពុង​តែ​យាម​នោះ។ ដល់​ពេល​យប់ អ្នក​យាម​នោះ​នឹង​ខំ​ប្រឹង​ស្ដាប់​សូរ​សម្លេង​ផ្សេង​ៗ ដែល​អាច​ជួយ​ឲ្យ​គាត់​ដឹង​ថា​មាន​ចោរ​ចូល​មក។ គាត់​ខំ​ប្រឹង​ស្ដាប់​និង​ខំ​ប្រឹង​មើល​អស់​ប៉ុន្មាន​ម៉ោង។ គាត់​អាច​ច្រឡំ​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​មាន​សម្លេង​បង្អើល​ខ្លះ​តែ​មិន​មែន​ជា​ចោរ​ទេ ដូច​ជា​ការ​បក់​បោក​របស់​ខ្យល់​ទៅ​លើ​ដើម​ឈើ ឬ​ក៏​ឆ្មា​ដើរ​ប៉ះ​អ្វី​មួយ​ឲ្យ​ដួល។—លូកា ១២:៣៩, ៤០

នេះ​ក៏​ស្រដៀង​គ្នា​ចំពោះ​អស់​អ្នក​ដែល«ចាំ​ទំរាំ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​លេច​មក»។ (កូរិនថូស​ទី​១ ១:៧) ពួក​សាវ័ក​បាន​គិត​ថា​ព្រះ​យេស៊ូ​នឹង‹ស្ដារ​ឡើង​វិញ​នូវ​ព្រះ​រាជាណាចក្រ​ដល់​សាសន៍​អ៊ីស្រាអែល› មិន​យូរ​ប៉ុន្មាន​ពី​ទ្រង់​មាន​ដំណើរ​រស់​ឡើង​វិញ។ (កិច្ច​ការ ១:៦) ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពួក​គ្រីស្ទាន​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ដឹង​ថា​វត្តមាន​របស់​ព្រះ​យេស៊ូ គឺ​នៅ​អនាគត​វិញ។ (ថែស្សាឡូនីច​ទី​២ ២:៣, ៨) ក៏​ប៉ុន្តែ សេចក្ដី​ទន្ទឹង​ចាំ​ដែល​ពុំ​បាន​ដូច​បំណង​អំពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា មិន​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បោះ​បង់​ផ្លូវ​ដែល​នាំ​ទៅ​ជីវិត​ឡើយ។—ម៉ាថាយ ៧:១៣

នៅ​សម័យ​យើង​នេះ ការ​ធ្លាក់​ទឹក​ចិត្ត ដោយ​ការ​គិត​ថា​ទី​បញ្ចប់​នៃ​របប​អាក្រក់​នេះ​កំពុង​តែ​បង្អង់​យូរ មិន​គួរ​ធ្វើ​ឲ្យ​យើង​ឈប់​ចាំ​យាម​នោះ​ឡើយ។ អ្នក​យាម​ដែល​ប្រុង​ប្រយ័ត្ន​ប្រហែល​ជា​ត្រូវ​បាន​បង្អើល​ដោយ​អ្វី​មួយ​ដែល​នាំ​ឲ្យ​ភាន់​ច្រលំ តែ​គាត់​ត្រូវ​តែ​បន្ត​ចាំ​យាម​វិញ។ នេះ​ហើយ​ជា​មុខ​ងារ​របស់​គាត់។ ពួក​គ្រីស្ទាន​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។

[រូប​ភាព​នៅ​ទំព័រ​១៥]

កិច្ច​ប្រជុំ សេចក្ដី​អធិស្ឋាន និង​ការ​មាន​ទម្លាប់​ល្អ​ខាង​ការ​សិក្សា ជួយ​យើង​ឲ្យ​បន្ត​ចាំ​យាម

[រូប​ភាព​នៅ​ទំព័រ​១៧]

ដូច​បង​ស្រី​ម៉ាការិត សូម​ឲ្យ​យើង​ខំ​ប្រឹង​ចាំ​យាម​ដោយ​ចិត្ត​អត់​ធ្មត់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក