ចូរទន្ទឹងរង់ចាំចុះ!
«បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ!»។—ហាបាគុក ២:៣
១, ២. តើអ្នកបម្រើព្រះយេហូវ៉ាមានចិត្តគំនិតបែបណា?
អ្នកបម្រើព្រះយេហូវ៉ាបានរង់ចាំដោយចិត្តអត់ធ្មត់នូវការសម្រេចនៃទំនាយផ្សេងៗ។ ជាឧទាហរណ៍ យេរេមាបានជឿជាក់ថាជនជាតិបាប៊ីឡូននឹងបំផ្លាញស្រុកយូដា ហើយនេះបានកើតឡើងនៅឆ្នាំ៦០៧មុន គ.ស.។ (យេរេមា ២៥:៨-១១) អេសាយបានប្រកាសទុកជាមុនថាព្រះយេហូវ៉ានឹងធ្វើឲ្យជនជាតិយូដាត្រឡប់ពីនិរទេសទៅស្រុកយូដាវិញ ហើយគាត់បាននិយាយថា៖ «មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់»។ (អេសាយ ៣០:១៨) មីកាក៏បានជឿជាក់ដែរថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ានឹងក្លាយទៅជាការពិត ហើយបាននិយាយថា៖ ‹ខ្ញុំទុកចិត្តដល់ព្រះយេហូវ៉ា›។ (មីកា ៧:៧) ម្យ៉ាងទៀត អស់រាប់រយឆ្នាំអ្នកបម្រើព្រះបានជឿជាក់ថាមេស្ស៊ី ឬគ្រិស្តដែលបានត្រូវសន្យានឹងមកដល់a (សូមមើលកំណត់សម្គាល់)។—លូកា ៣:១៥; ពេត្រុសទី១ ១:១០-១២
២ សព្វថ្ងៃនេះ យើងក៏រង់ចាំដែរនូវការសម្រេចនៃទំនាយអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ មិនយូរទៀត ក្នុងនាមជាស្តេចរបស់រាជាណាចក្រនោះ លោកយេស៊ូនឹងសង្គ្រោះអ្នកបម្រើព្រះពីពិភពលោកនេះដែលពោរពេញទៅដោយគ្រោះថ្នាក់។ លោកនឹងបំផ្លាញមនុស្សអាក្រក់ ហើយនឹងធ្វើឲ្យការឈឺចាប់ទាំងអស់លែងមានទៀត។ (យ៉ូហានទី១ ៥:១៩) ដូច្នេះ យើងត្រូវជឿជាក់ថាថ្ងៃរបស់ព្រះយេហូវ៉ាអាចមកដល់ដោយមិនដឹងថានៅពេលណាទេ ហើយយើងត្រូវធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃនោះ។
៣. បើយើងបានរង់ចាំអស់រយៈពេលជាយូរនូវការមកដល់នៃទីបញ្ចប់ តើយើងប្រហែលជាឆ្ងល់អំពីអ្វី?
៣ យើងពិតជាទន្ទឹងរង់ចាំថ្ងៃដែលបំណងប្រាថ្នារបស់ព្រះនឹងបានសម្រេចនៅផែនដី។ (ម៉ាថាយ ៦:១០) ប៉ុន្តែ បើយើងបានរង់ចាំទីបញ្ចប់អស់ជាច្រើនឆ្នាំហើយ យើងប្រហែលជាចាប់ផ្ដើមឆ្ងល់ថា ‹ហេតុអ្វីយើងគួរបន្តជឿជាក់ថាទីបញ្ចប់នឹងមកដល់នៅពេលឆាប់ៗនេះ?›។
ហេតុអ្វីយើងគួរបន្តជឿជាក់ថា ទីបញ្ចប់នឹងមកដល់នៅពេលឆាប់ៗនេះ?
៤. ហេតុអ្វីជាការសំខាន់ដែលយើង«ចាំយាម»?
៤ លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យ«ចាំយាម»។ នេះជាមូលហេតុសំខាន់ដែលយើងបន្តជឿជាក់ថាទីបញ្ចប់នឹងមកដល់នៅពេលឆាប់ៗនេះ។ (ម៉ាថាយ ២៤:៤២; លូកា ២១:៣៤-៣៦) ម្យ៉ាងទៀត អង្គការរបស់ព្រះយេហូវ៉ារំលឹកយើងជានិច្ចឲ្យ«ទន្ទឹងហើយចាំជាប់ជានិច្ចនូវការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា» ហើយបន្តផ្ដោតអារម្មណ៍ទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីពិភពលោកថ្មី។—សូមអាន ពេត្រុសទី២ ៣:១១-១៣
៥. តើយើងមានមូលហេតុអ្វីទៀតដើម្បីបន្តជឿជាក់ថាថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់?
៥ ប្រសិនបើអ្នកកាន់តាមលោកយេស៊ូនៅសតវត្សរ៍ទី១ត្រូវបន្តជឿជាក់ថាថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ នេះគឺរឹតតែសំខាន់សម្រាប់យើងសព្វថ្ងៃនេះ។ ហេតុអ្វី? ពីព្រោះសញ្ញាសម្គាល់ដែលលោកយេស៊ូបានផ្ដល់ឲ្យបង្ហាញថាលោកបានធ្វើជាស្តេចនៃរាជាណាចក្រព្រះតាំងពីឆ្នាំ១៩១៤ ហើយថាយើងកំពុងរស់នៅគ្រាចុងក្រោយឬ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ ជាឧទាហរណ៍ ស្ថានភាពពិភពលោកកាន់តែអាក្រក់ទៅៗ ហើយដំណឹងល្អអំពីរាជាណាចក្រកំពុងផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដូចលោកយេស៊ូបានប្រកាសទុកជាមុន។ (ម៉ាថាយ ២៤:៣, ៧-១៤) លោកយេស៊ូមិនបានមានប្រសាសន៍ថាគ្រាចុងក្រោយនឹងមានរយៈពេលប៉ុន្មានទេ ដូច្នេះយើងត្រូវប្រុងប្រៀបជានិច្ចសម្រាប់ការមកដល់នៃទីបញ្ចប់ ទោះជានោះមកដល់នៅពេលណាក៏ដោយ។
៦. ហេតុអ្វីយើងដឹងថាស្ថានភាពពិភពលោកនឹងកាន់តែអាក្រក់ទៅៗពេលដែលទីបញ្ចប់កាន់តែជិតមកដល់?
៦ តើ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»អាចសំដៅលើគ្រាមួយនាអនាគតពេលដែលពិភពលោកទៅជាអាក្រក់ជាងឥឡូវនេះឬទេ? គម្ពីរចែងថាមនុស្សនឹងកាន់តែអាក្រក់ទៅៗនៅ«គ្រាចុងក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១, ១៣; ម៉ាថាយ ២៤:២១; ការបើកបង្ហាញ ១២:១២) ដូច្នេះ ទោះជាស្ថានភាពពិភពលោកគឺអាក្រក់ណាស់នៅឥឡូវនេះក្ដី យើងដឹងថាពិភពលោកនេះនឹងកាន់តែអាក្រក់ទៅៗ។
៧. តើម៉ាថាយ ២៤:៣៧-៣៩បង្រៀនយើងអ្វីអំពីស្ថានភាពពិភពលោកក្នុងអំឡុងគ្រាចុងក្រោយបង្អស់?
៧ អ្នកខ្លះប្រហែលជាគិតថា មុន«គ្រាទុក្ខវេទនាដ៏ខ្លាំង»គ្រប់ប្រទេសនឹងមានសង្គ្រាម ហើយមនុស្សភាគច្រើននឹងឈឺឬអត់ឃ្លាន។ (ការបើកបង្ហាញ ៧:១៤) ប៉ុន្តែបើនេះកើតឡើង មនុស្សទាំងអស់អាចឃើញជាក់ស្តែងថាទំនាយគម្ពីរកំពុងក្លាយទៅជាការពិត ហើយសូម្បីតែមនុស្សដែលមិនចាប់អារម្មណ៍នឹងអ្វីដែលគម្ពីរចែងក៏នឹងឃើញច្បាស់ដែរ។ សូមចាំថា លោកយេស៊ូបានមានប្រសាសន៍ថានៅគ្រាចុងក្រោយបង្អស់មនុស្សភាគច្រើននឹង‹មិនយកចិត្តទុកដាក់សោះ›។ ពួកគេនឹងមានរបៀបរស់នៅប្រចាំថ្ងៃជាធម្មតា ប៉ុន្តែពួកគេនឹងតក់ស្លុតពេលដែលថ្ងៃរបស់ព្រះយេហូវ៉ាមកដល់។ (សូមអាន ម៉ាថាយ ២៤:៣៧-៣៩) យើងមិនគួររំពឹងទេថា មុន«គ្រាទុក្ខវេទនាដ៏ខ្លាំង»ស្ថានភាពពិភពលោកនឹងទៅជាអាក្រក់ខ្លាំងដល់ម្ល៉េះបានជាមនុស្សត្រូវជឿថាទីបញ្ចប់ជិតមកដល់។—លូកា ១៧:២០; ពេត្រុសទី២ ៣:៣, ៤
យើងជឿជាក់ថាយើងកំពុងរស់នៅ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»
៨. ដោយសារយើងយកចិត្តទុកដាក់នឹងសញ្ញាសម្គាល់ដែលលោកយេស៊ូបានផ្ដល់ឲ្យ តើយើងជឿជាក់អ្វី?
៨ លោកយេស៊ូបានផ្ដល់សញ្ញាសម្គាល់ឲ្យពួកអ្នកកាន់តាមលោកដើម្បីព្រមានពួកគេយ៉ាងច្បាស់អំពីគ្រាដែលពួកគេរស់នៅ។ ពួកអ្នកកាន់តាមលោកយេស៊ូបានចាំយាម។ (ម៉ាថាយ ២៤:២៧, ៤២) តាំងពីឆ្នាំ១៩១៤ លក្ខណៈផ្សេងៗនៃសញ្ញាសម្គាល់របស់លោកយេស៊ូកំពុងក្លាយទៅជាការពិត។ យើងជឿជាក់ថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់ដែលជា«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ ព្រះយេហូវ៉ាបានសម្រេចចិត្តរួចហើយអំពីពេលដែលលោកនឹងបំផ្លាញពិភពលោកដ៏អាក្រក់របស់សាថាន។
៩. ហេតុអ្វីយើងត្រូវបន្តជឿជាក់ថាទីបញ្ចប់នឹងមកដល់នៅពេលឆាប់ៗនេះ?
៩ ដូច្នេះ ហេតុអ្វីយើងត្រូវបន្តជឿជាក់ថាទីបញ្ចប់នឹងមកដល់នៅពេលឆាប់ៗនេះ? ពីព្រោះយើងស្ដាប់បង្គាប់លោកយេស៊ូគ្រិស្ត។ ម្យ៉ាងទៀត យើងឃើញច្បាស់ថាសញ្ញាសម្គាល់ដែលលោកយេស៊ូបានផ្ដល់ឲ្យស្តីអំពីថ្ងៃចុងក្រោយបង្អស់កំពុងកើតឡើង។ យើងជឿថាទីបញ្ចប់ជិតមកដល់ហើយ មិនមែនដោយសារយើងទុកចិត្តអ្វីទាំងអស់ដែលយើងឮទេ ប៉ុន្តែគឺដោយសារយើងជឿជាក់ថាទំនាយគម្ពីរកំពុងក្លាយទៅជាការពិត។ យើងត្រូវចាំយាមនិងប្រុងប្រៀបជាស្រេចសម្រាប់ការមកដល់នៃទីបញ្ចប់។
តើយើងត្រូវរង់ចាំយូរប៉ុន្មាន?
១០, ១១. (ក) ហេតុអ្វីលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរចាំយាម»? (ខ) តើលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យធ្វើអ្វី បើទីបញ្ចប់មិនមកដល់ភ្លាមៗដូចពួកគេនឹកស្មាន? (សូមមើលរូបភាពនៅដើមអត្ថបទ)
១០ យើងជាច្រើននាក់បានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ហើយអស់ជាច្រើនឆ្នាំយើងបានទន្ទឹងរង់ចាំដោយចិត្តរំភើបនូវការមកដល់នៃថ្ងៃរបស់លោក។ ទោះជាយើងបានរង់ចាំយូរយ៉ាងណាក្ដី យើងត្រូវបន្តជឿជាក់ថាថ្ងៃនោះជិតមកដល់។ យើងត្រូវប្រុងប្រៀបជាស្រេចមុនលោកយេស៊ូមកដើម្បីបំផ្លាញពិភពលោករបស់សាថាន។ សូមចាំអំពីអ្វីដែលលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យធ្វើ។ លោកបានមានប្រសាសន៍ថា៖ «ចូរឃ្លាំមើលជានិច្ច ចូរប្រុងប្រយ័ត្ន ព្រោះអ្នករាល់គ្នាមិនដឹងថាពេលណាជាពេលកំណត់ឡើយ។ រឿងនេះគឺដូចជាបុរសម្នាក់ដែលធ្វើដំណើរទៅក្រៅប្រទេស។ គាត់ចេញពីផ្ទះដោយប្រគល់សិទ្ធិអំណាចឲ្យពួកខ្ញុំបម្រើរបស់គាត់ ហើយកំណត់ការងារឲ្យពួកគេ រួចក៏បង្គាប់អ្នកយាមទ្វារឲ្យចាំយាមជានិច្ច។ ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណាឡើយ មិនដឹងថាពេលព្រលប់ ឬពេលអធ្រាត្រ ឬពេលមាន់រងាវ ឬពេលព្រលឹមទេ។ យ៉ាងនេះ ពេលដែលម្ចាស់ផ្ទះមកដល់ភ្លាម គាត់មិនឃើញថា អ្នករាល់គ្នាកំពុងដេកលក់ទេ។ ប៉ុន្តែអ្វីដែលខ្ញុំប្រាប់អ្នក ខ្ញុំក៏ប្រាប់គ្រប់គ្នាដែរថា ចូរចាំយាម»។—ម៉ាកុស ១៣:៣៣-៣៧
ការវាយប្រហារទៅលើសាសនាមិនពិតអាចកើតឡើងភ្លាមៗមិនថានៅពេលណាទេ
១១ ពេលពួកអ្នកកាន់តាមលោកយេស៊ូយល់ថាលោកបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ ពួកគេបានទទួលស្គាល់ថាទីបញ្ចប់អាចមកដល់ដោយមិនដឹងថានៅពេលណាទេ។ ដូច្នេះ ពួកគេបានត្រៀមខ្លួនសម្រាប់ទីបញ្ចប់ដោយបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយ។ លោកយេស៊ូបានមានប្រសាសន៍ថាលោកប្រហែលជាមកអស់មួយរយៈពេលក្រោយមក គឺ«ពេលមាន់រងាវ ឬពេលព្រលឹម»។ បើដូច្នេះ តើពួកអ្នកកាន់តាមលោកត្រូវធ្វើអ្វី? លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរចាំយាម»។ ហេតុនេះ បើយើងមានទស្សនៈថាយើងបានរង់ចាំអស់រយៈពេលជាយូរ នេះមិនមានន័យថាទីបញ្ចប់នៅយូរទៀត ឬថាទីបញ្ចប់នឹងមិនមកដល់ក្នុងជីវិតរបស់យើងឡើយ។
១២. តើហាបាគុកបានសួរព្រះយេហូវ៉ានូវសំណួរអ្វី ហើយតើលោកបានតបឆ្លើយយ៉ាងណា?
១២ អ្នកប្រកាសទំនាយហាបាគុកបានរង់ចាំដោយចិត្តអត់ធ្មត់ពេលដែលគាត់ផ្សព្វផ្សាយអំពីការបំផ្លាញក្រុងយេរូសាឡិម។ អ្នកប្រកាសទំនាយឯទៀតមុនគាត់ ក៏បានផ្សព្វផ្សាយដំណឹងនោះអស់ជាច្រើនឆ្នាំដែរ។ ហាបាគុកបានឃើញថាមានអំពើអាក្រក់និងអំពើអយុត្ដិធម៌ច្រើនជាងមុន។ គាត់បានអង្វរសុំជំនួយពីព្រះយេហូវ៉ាដោយសួរថា៖ «ឱព្រះយេហូវ៉ាអើយ តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត?»។ ទោះជាព្រះយេហូវ៉ាមិនបានប្រាប់ថាទីបញ្ចប់នឹងមកដល់នៅពេលណាក្ដី លោកបានសន្យានឹងហាបាគុកថា ទីបញ្ចប់នឹងមកដោយ«ឥតរារង់ឡើយ!»។ ព្រះយេហូវ៉ាក៏បានប្រាប់ហាបាគុកដែរថា៖ «ចូររង់ចាំចុះ»។—សូមអាន ហាបាគុក ១:១-៤; ២:៣
១៣. តើហាបាគុកអាចមានគំនិតបែបណា ហើយហេតុអ្វីគំនិតនោះនាំឲ្យមានគ្រោះថ្នាក់?
១៣ សូមស្រមៃគិតថាហាបាគុកធុញទ្រាន់នឹងរង់ចាំទីបញ្ចប់ ហើយគាត់និយាយថា ‹អស់ជាច្រើនឆ្នាំហើយ ខ្ញុំបានរង់ចាំការបំផ្លាញក្រុងយេរូសាឡិម។ ទីបញ្ចប់នៅយូរទៀត។ ខ្ញុំមិនចាំបាច់បន្តផ្សព្វផ្សាយអំពីអ្វីនេះទេ។ ទុកឲ្យអ្នកឯទៀតធ្វើចុះ›។ បើគាត់មានគំនិតបែបនេះ តើអ្វីនឹងកើតឡើង? គាត់នឹងលែងទទួលការពេញចិត្តពីព្រះយេហូវ៉ា។ ម្យ៉ាងទៀត បើគាត់មិនបានប្រុងប្រៀបខ្លួនពេលទីបញ្ចប់មកដល់ គាត់អាចបាត់បង់ជីវិត។
១៤. ហេតុអ្វីយើងនឹងសប្បាយចិត្ត ដោយសារព្រះយេហូវ៉ាបានព្រមានយើងឲ្យបន្តជឿជាក់និងរង់ចាំទីបញ្ចប់?
១៤ សូមស្រមៃគិតថាអ្នកនៅក្នុងពិភពលោកថ្មី។ ព្រឹត្ដិការណ៍ទាំងអស់ដែលបានត្រូវប្រកាសទុកជាមុនអំពីថ្ងៃចុងក្រោយបង្អស់បានកើតឡើងដូចព្រះយេហូវ៉ាបានមានប្រសាសន៍។ អ្នកទុកចិត្តព្រះយេហូវ៉ាខ្លាំងជាងពេលមុនទៅទៀត ហើយអ្នកជឿជាក់កាន់តែខ្លាំងថាលោកនឹងធ្វើអ្វីៗផ្សេងទៀតដែលលោកបានសន្យា។ (សូមអាន យ៉ូស្វេ ២៣:១៤) អ្នកសប្បាយចិត្តខ្លាំងណាស់ ដោយសារព្រះយេហូវ៉ាបានកំណត់ពេលត្រឹមត្រូវដើម្បីឲ្យទីបញ្ចប់មកដល់ ហើយក៏សប្បាយចិត្តដែរដោយសារលោកបានព្រមានរាស្ត្ររបស់លោកឲ្យបន្តជឿជាក់និងរង់ចាំថ្ងៃនោះ។—សកម្មភាព ១:៧; ពេត្រុសទី១ ៤:៧
កាលដែលយើងរង់ចាំ យើងបន្តផ្សព្វផ្សាយ
១៥, ១៦. ហេតុអ្វីយើងគួរខំអស់ពីសមត្ថភាពក្នុងកិច្ចការផ្សព្វផ្សាយនៅអំឡុងគ្រាចុងបញ្ចប់នេះ?
១៥ អង្គការរបស់ព្រះយេហូវ៉ានឹងបន្តរំលឹកយើងឲ្យចាត់ទុកការបម្រើព្រះយេហូវ៉ាជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ ការរំលឹកទាំងនេះមិនគ្រាន់តែជួយយើងបន្តជាប់រវល់ក្នុងការបម្រើព្រះ ប៉ុន្តែក៏ជួយយើងយល់ច្បាស់ថាយើងផ្សព្វផ្សាយដំណឹងជាបន្ទាន់។ យើងជឿជាក់ថាសញ្ញាសម្គាល់ដែលលោកយេស៊ូបានផ្ដល់ឲ្យកំពុងក្លាយទៅជាការពិតនៅឥឡូវនេះ ហើយថាមិនយូរប៉ុន្មានទៀតទីបញ្ចប់នឹងមកដល់។ ដូច្នេះ យើងចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើង ហើយបន្តផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រលោក។—ម៉ាថាយ ៦:៣៣; ម៉ាកុស ១៣:១០
១៦ ពេលយើងផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀត យើងជួយពួកគេឲ្យរួចជីវិតពីការបំផ្លាញនៃពិភពលោករបស់សាថានដែលនឹងកើតឡើងនៅពេលឆាប់ៗនេះ។ ការលិចកប៉ាល់ដ៏ល្បីមួយ(Wilhelm Gustloff) នៅឆ្នាំ១៩៤៥ គឺជាមហន្តរាយដ៏គួរឲ្យខ្លោចផ្សាមួយដែលធ្លាប់មាននៅសមុទ្រ។ មនុស្សរាប់ពាន់នាក់បានស្លាប់។ បងស្រីម្នាក់និងប្ដីគាត់បានរួចជីវិតពីការលិចកប៉ាល់នោះ។ គាត់នឹកចាំថា កាលដែលកប៉ាល់នោះកំពុងលិច ស្ត្រីម្នាក់យំស្រែកម្ដងហើយម្ដងទៀតថា៖ «វ៉ាលីសរបស់ខ្ញុំ! វ៉ាលីសរបស់ខ្ញុំ! គ្រឿងអលង្ការរបស់ខ្ញុំ! គ្រឿងអលង្ការទាំងអស់របស់ខ្ញុំនៅក្នុងបន្ទប់ខាងក្រោមនោះ។ ខ្ញុំបានបាត់បង់អ្វីៗទាំងអស់ហើយ!»។ ប៉ុន្តែ អ្នកដំណើរឯទៀតយល់អំពីអ្វីដែលសំខាន់បំផុត ហេតុនេះពួកគេខំប្រឹងសង្គ្រោះជីវិតអ្នកឯទៀត។ សព្វថ្ងៃនេះ ជីវិតរបស់មនុស្សស្ថិតក្នុងគ្រោះថ្នាក់។ យើងក៏ចង់ធ្វើដូចអ្នកដំណើរទាំងនោះដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួនដែរ ដោយផ្ដោតអារម្មណ៍ទៅលើកិច្ចផ្សព្វផ្សាយដែលជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់។ យើងត្រូវធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីជួយមនុស្សរួចជីវិតពីទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។
១៧. ហេតុអ្វីយើងគួរជឿថាទីបញ្ចប់អាចមកដល់មិនថានៅពេលណាទេ?
១៧ យើងអាចឃើញច្បាស់ថាទំនាយគម្ពីរកំពុងក្លាយទៅជាការពិត ហើយថាទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះគឺជិតណាស់ហើយ។ យើងកំពុងរង់ចាំ«ស្នែងទាំងដប់»និង«សត្វសាហាវ»បែរមកប្រឆាំងនឹងបាប៊ីឡូនដ៏ខ្លាំងក្លាដែលសំដៅលើសាសនាមិនពិត។ (ការបើកបង្ហាញ ១៧:១៦) យើងមិនគួរគិតថា មុនព្រឹត្ដិការណ៍នោះកើតឡើង គឺត្រូវមានពេលយូរនោះទេ។ សូមចាំថាព្រះនឹង«បណ្ដាលចិត្តពួកគេ»ឲ្យវាយប្រហារសាសនាមិនពិត ហើយនេះអាចកើតឡើងភ្លាមៗមិនថានៅពេលណាទេ! (ការបើកបង្ហាញ ១៧:១៧) ទីបញ្ចប់នៃពិភពលោកដ៏អាក្រក់របស់សាថានគឺជិតមកដល់។ ដូច្នេះ យើងគួរធ្វើតាមការព្រមានរបស់លោកយេស៊ូដែលថា៖ «កុំភ្លេចខ្លួនឲ្យសោះ ក្រែងការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិតពង្វក់ចិត្តអ្នករាល់គ្នា ស្រាប់តែថ្ងៃនោះមកដល់ភ្លាមមួយរំពេចដូចជាលប់»។ (លូកា ២១:៣៤, ៣៥; ការបើកបង្ហាញ ១៦:១៥) ចូរឲ្យយើងចាំយាមជានិច្ច ហើយជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា ដោយជឿជាក់ថាលោកជួយ«អ្នកដែលសង្ឃឹមដល់ទ្រង់»។—អេសាយ ៦៤:៤
១៨. ក្នុងអត្ថបទបន្ទាប់ តើយើងនឹងឆ្លើយសំណួរអ្វី?
១៨ កាលដែលយើងរង់ចាំទីបញ្ចប់នៃពិភពលោកដ៏អាក្រក់នេះ យើងគួរស្ដាប់ឱវាទពីយូដាសដែលជាអ្នកកាន់តាមលោកយេស៊ូ ដែលថា៖ «អ្នករាល់គ្នាជាទីស្រឡាញ់អើយ! ដោយធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក ព្រមទាំងអធិដ្ឋានដោយនូវសកម្មពលរបស់ព្រះ ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ កាលដែលអ្នកទន្ទឹងរង់ចាំទទួលនូវសេចក្ដីមេត្ដាករុណាពីលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង ដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ (យូដាស ២០, ២១) ប៉ុន្តែ តើយើងអាចបង្ហាញយ៉ាងណាថាយើងជឿជាក់ថាពិភពលោកថ្មីរបស់ព្រះនឹងមកដល់នៅពេលឆាប់ៗនេះ ហើយថាយើងទន្ទឹងរង់ចាំពេលនោះ? យើងនឹងពិចារណាចម្លើយចំពោះសំណួរនេះក្នុងអត្ថបទបន្ទាប់។
a ដើម្បីមើលទំនាយខ្លះក្នុងគម្ពីរអំពីមេស្ស៊ីនិងរបៀបដែលទំនាយនោះបានក្លាយទៅជាការពិត សូមមើលទំព័រ២៣១នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?