បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w00 ១/៤ ទំ. ១៧-២២
  • ចូរ«ចាំយាម»ចុះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ«ចាំយាម»ចុះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គំរូ​មួយ​ដែល​ព្រមាន
  • ការ​មិន​អើពើ​នឹង​ពួក​ព្យាការី​របស់​ព្រះ
  • ការ​សម្ដែង​នូវ​តម្រូវ​ការ​ឲ្យ​នៅ​ចាំ​យាម
  • ទី​សំអាង​ប្រាំ​មួយ​យ៉ាង​ដែល​ធ្វើ​ឲ្យ​ជឿ
  • តើ​មាន​អ្វី​នៅ​ខាង​មុខ?
  • ចូរទន្ទឹងរង់ចាំចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ព្រះយេហូវ៉ានឹងមិនបង្អង់យូរឡើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • តើនឹងនៅយូរប៉ុន្មានទៀតសំរាប់ពួកមនុស្សអាក្រក់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • អរសប្បាយនឹងព្រះដ៏ជួយសង្គ្រោះរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
w00 ១/៤ ទំ. ១៧-២២

ចូរ«ចាំ​យាម»ចុះ

«ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ»។—ម៉ាថាយ ២៤:៤២

១. តើ​ពួក​អ្នក​ដែល​បាន​បំរើ​ព្រះ​យេហូវ៉ា​ជា​យូរ​យារ​មក​ហើយ មាន​អារម្មណ៍​យ៉ាង​ណា​អំពី​កិច្ច​បំរើ​ជា​ច្រើន​ឆ្នាំ​របស់​គេ​នោះ? ប្រាប់​ឧទាហរណ៍​មួយ។

ពួក​អ្នក​បំរើ​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា បាន​រៀន​អំពី​សេចក្ដី​ពិត​នេះ​ក្នុង​កាល​ដែល​ពួក​គេ​ជា​យុវបុរស​និង​យុវនារី។ ដូច​ជា​ឈ្មួញ​ម្នាក់​ដែល​បាន​រក​ឃើញ​កែវ​មុក្ដា​ដ៏​ល្អ ហើយ​បាន​លក់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​ដែល​ខ្លួន​មាន​ដើម្បី​នឹង​ទិញ​វា នោះ​ពួក​សិស្ស​ព្រះ​គម្ពីរ​ទាំង​នោះ​ក៏​បាន​លះ​បង់​ខ្លួន ហើយ​បាន​ថ្វាយ​ជីវិត​ខ្លួន​ដល់​ព្រះ​យេហូវ៉ា​ដែរ។ (ម៉ាថាយ ១៣:៤៥, ៤៦; ម៉ាកុស ៨:៣៤) តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ដោយ​ត្រូវ​តែ​រង់​ចាំ​យូរ​ជាង​អ្វី​ដែល​គេ​បាន​គិត​ស្មាន ដើម្បី​ឲ្យ​ឃើញ​នូវ​គោល​បំណង​របស់​ព្រះ​សម្រេច​បាន ស្តី​អំពី​ផែនដី​នេះ? ពួក​គេ​ឥត​មាន​ចិត្ត​ស្ដាយ​នោះ​ទេ! ពួក​គេ​យល់​ស្រប​ជា​មួយ​នឹង​បង​ប្រុស​អាលេក្សានដឺ ម៉ាក់មីល្លិន ដែល​ក្រោយ​ពី​បាន​បំរើ​ព្រះ​យ៉ាង​ស្មោះ​អស់​រយៈ​ពេល​ជិត​៦០​ឆ្នាំ​នោះ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​ចិត្ត​ចង់​ប្ដេជ្ញា​ជាង​មុន​ៗ​ទៅ​ទៀត ដើម្បី​ស៊ូ​ទ្រាំ​កាន់​តាម​ជំនឿ​របស់​ខ្ញុំ។ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ហេតុ​ចង់​រស់​នៅ​ត​ទៅ​ទៀត។ នេះ​នៅ​តែ​ជួយ​ខ្ញុំ​ឲ្យ​ប្រឈម​មុខ​ចំពោះ​ពេល​អនាគត​ដោយ​ឥត​ភ័យ​ខ្លាច​ទេ»។

២. (ក) តើ​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​ពួក​អ្នក​កាន់​តាម​ទ្រង់ នូវ​ឱវាទ​អ្វី​ដែល​ត្រូវ​នឹង​ពេល​នោះ? (ខ) តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​នឹង​ពិចារណា​មើល​នៅ​ក្នុង​អត្ថបទ​នេះ?

២ ចុះ​អ្នក​វិញ យ៉ាង​ណា​ដែរ? មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ ចូរ​ពិចារណា​មើល​នូវ​បន្ទូល​របស់​ព្រះ​យេស៊ូ ដែល​ថា៖ «ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ»។ (ម៉ាថាយ ២៤:៤២) ពាក្យ​បន្ទូល​ដ៏​ស្រួល​យល់​នេះ មាន​សេចក្ដី​ពិត​យ៉ាង​ជ្រាល​ជ្រៅ​មួយ។ យើង​មិន​ដឹង​ថា​នៅ​ថ្ងៃ​ណា​ដែល​ព្រះ​អម្ចាស់​នឹង​យាង​មក ដើម្បី​ជំនុំ​ជំរះ​លើ​របប​ដ៏​អាក្រក់​នេះ​ទេ ហើយ​ក៏​មិន​ចាំ​បាច់​ឲ្យ​យើង​ដឹង​នោះ​ដែរ។ ប៉ុន្តែ​យើង​ត្រូវ​តែ​រស់​នៅ​តាម​បែបបទ ដែល​ថា ពេល​ដែល​ទ្រង់​យាង​មក​នោះ យើង​នឹង​មិន​មាន​ចិត្ត​ស្ដាយ​នោះ​ឡើយ។ រីឯ​សេចក្ដី​នេះ តើ​យើង​អាច​រក​ឃើញ​នូវ​ឧទាហរណ៍​ណា​ខ្លះ ដែល​អាច​ជួយ​យើង​ឲ្យ​នៅ​ចាំ​យាម? តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​សេចក្ដី​ត្រូវ​ការ​នេះ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​មាន​ទី​សំអាង​អ្វី​ខ្លះ​សព្វ​ថ្ងៃ​នេះ ដែល​ស​ឲ្យ​ឃើញ​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​របស់​លោកីយ៍​នេះ​ដែល​ឥត​គោរព​ព្រះ​នោះ?

គំរូ​មួយ​ដែល​ព្រមាន

៣. តើ​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ មាន​សភាព​ដូច​មនុស្ស​នៅ​សម័យ​របស់​លោក​ណូអេ​យ៉ាង​ដូច​ម្ដេច?

៣ ក្នុង​ប្រការ​ជា​ច្រើន នោះ​មនុស្ស​សព្វ​ថ្ងៃ​នេះ​គឺ​ដូច​នឹង​ពួក​បុរស​និង​ស្ត្រី ដែល​បាន​រស់​នៅ​ក្នុង​ជំនាន់​របស់​លោក​ណូអេ។ នៅ​គ្រា​នោះ ផែនដី​គឺ​បាន​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ ហើយ​គំនិត​ក្នុង​ចិត្ត​របស់​គេ​គឺ«សុទ្ធ​តែ​អាក្រក់​ជា​និច្ច​ដូច្នោះ»។ (លោកុប្បត្តិ ៦:៥) មនុស្ស​ភាគ​ច្រើន​គឺ​បាន​ជក់​ស្លុង​នឹង​រឿង​ប្រចាំ​ថ្ងៃ​នៃ​ជីវិត។ ប៉ុន្តែ​មុន​នឹង​ទ្រង់​បាន​នាំ​ឲ្យ​មាន​ទឹក​ជំនន់​ដ៏​ធំ នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មនុស្ស​មាន​ឱកាស​ប្រែ​ចិត្ត​សិន។ ទ្រង់​បាន​ប្រគល់​មុខ​ងារ​ដល់​លោក​ណូអេ​ឲ្យ​ផ្សព្វ​ផ្សាយ ហើយ​លោក​ណូអេ​ក៏​បាន​ស្ដាប់​តាម ដោយ​បំរើ​ជា«អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត» ប្រហែល​ជា​៤០​ឬ​ក៏​៥០​ឆ្នាំ ឬ​ក៏​ច្រើន​ជាង​នោះ​ទៅ​ទៀត។ (ពេត្រុស​ទី​២ ២:៥) ប៉ុន្តែ មនុស្សនោះ​បាន​ធ្វើ​កន្តើយ​នឹង​សារ​ព្រមាន​របស់​លោក​ណូអេ។ ពួក​គេ​ឥត​នៅ​ចាំ​យាម​នោះ​ទេ។ ដូច្នេះ​ហើយ​នៅ​ចុង​បំផុត គឺ​មាន​តែ​លោក​ណូអេ​និង​ក្រុម​គ្រួសារ​របស់​លោក​តែ​ប៉ុណ្ណោះ ដែល​បាន​រួច​រស់​ជីវិត​ពី​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា។—ម៉ាថាយ ២៤:៣៧​-​៣៩

៤. តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​អាច​ចាត់​ទុក​ថា​កិច្ច​បំរើ​របស់​លោក​ណូអេ​បាន​ជោគ​ជ័យ ហើយ​តើ​អាច​និយាយ​ដូច​គ្នា​យ៉ាង​ណា ស្តី​អំពីកិច្ច​ការផ្សព្វ​ផ្សាយ​របស់​អ្នក?

៤ តើ​កិច្ច​បំរើ​របស់​លោក​ណូអេ​បាន​ជោគ​ជ័យ​ឬ​ទេ? សូម​កុំ​វិនិច្ឆ័យ​ដោយ​គិត​ពី​ចំនួន​មនុស្ស​ដ៏​តិច​ដែល​បាន​ស្ដាប់​នោះ​ឡើយ។ តាម​ការ​ពិត ការ​ផ្សព្វ​ផ្សាយ​របស់​លោក​ណូអេ​បាន​បំពេញ​នូវ​គោល​បំណង​របស់​ខ្លួន ទោះ​ជា​មាន​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ។ ហេតុ​អ្វី? ពីព្រោះ​ការ​ផ្សព្វ​ផ្សាយ​នេះ​បាន​ផ្ដល់​ឲ្យ​មនុស្ស​នូវ​ឱកាស​ជា​ច្រើន ដើម្បី​សម្រេច​យក​ថា​តើ​គេ​នឹង​បំរើ​ព្រះ​យេហូវ៉ា​ឬ​ក៏​យ៉ាង​ណា? ចុះ​យ៉ាង​ណា​វិញ​ដែរ​ក្នុង​តំបន់​ផ្សព្វ​ផ្សាយ​របស់​អ្នក​នោះ? ទោះ​ជា​មាន​លទ្ធផល​ដ៏​វិជ្ជមាន​យ៉ាង​តិច​ក៏​ដោយ ក៏​អ្នក​នៅ​មាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ដែរ។ ហេតុ​អ្វី? ពីព្រោះ​ដោយ​ផ្សព្វ​ផ្សាយ នោះ​អ្នក​កំពុង​តែ​ប្រកាស​នូវ​សេចក្ដី​ព្រមាន​របស់​ព្រះ ដូច្នេះ​ហើយ អ្នក​ក៏​កំពុង​តែ​បំពេញ​នូវ​មុខ​ងារ​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​ពួក​អ្នក​កាន់​តាម​ទ្រង់​នោះ​ដែរ។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

ការ​មិន​អើពើ​នឹង​ពួក​ព្យាការី​របស់​ព្រះ

៥. (ក) តើ​សាសន៍​យូដា​មាន​សភាព​យ៉ាង​ណា​នៅ​ជំនាន់ហាបាគុក ហើយ​តើ​ប្រជារាស្ត្រ​នោះ​បាន​តប​ឆ្លើយ​នឹង​សារ​ដ៏​ជា​ទំនាយ​របស់​លោក​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ពួក​សាសន៍​យូដា​បាន​បង្ហាញ​នូវ​ភាព​សាហាវ​ឃោរ​ឃៅ​ចំពោះ​ពួក​ព្យាការី​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៥ ជា​ច្រើន​សតវត្ស​ក្រោយ​ពី​ទឹក​ជំនន់ នោះ​ព្រះ​រាជាណាចក្រ​យូដា​បាន​ប្រឈម​នឹង​សភាព​ការណ៍​ដ៏​ធ្ងន់​ធ្ងរ​មួយ។ ការ​ថ្វាយ​បង្គំ​រូប​ព្រះ ភាព​អយុត្ដិធម៌ ការ​ជិះ​ជាន់ ហើយ​ព្រម​ទាំង​ឃាតកម្ម​ក៏​មាន​ទូទៅ​ដែរ។ ព្រះ​យេហូវ៉ា​បាន​ចាត់​តាំងហាបាគុកឲ្យ​ព្រមាន​ប្រជារាស្ត្រ​ថា ប្រសិន​បើ​ពួក​គេ​មិន​កែ​ប្រែ​ចិត្ត នោះ​នឹង​មាន​វិបត្ដិ​ភ័យ​មក​លើ​គេ​ដោយ​ពួក​ខាល់ដេ ឬ​ក៏​ពួក​បាប៊ីឡូន។ (ហាបាគុក ១:៥​-​៧) ប៉ុន្តែ ប្រជារាស្ត្រ​នោះ​បាន​បដិសេធ​មិន​ស្ដាប់​តាម​ទេ។ ប្រហែល​ជា​ពួក​គេ​បាន​វែក​ញែក​ថា ‹យ៉ាង​ម៉េច ជាង​មួយ​រយ​ឆ្នាំ​ទៅ​ហើយ​ដែល​ព្យាការីអេសាយបាន​ប្រកាស​នូវ​ការ​ព្រមាន​ស្រដៀង​នេះ​ដែរ ក៏​ប៉ុន្តែ​គ្មាន​អ្វី​កើត​ឡើង​សោះ!›។ (អេសាយ ៣៩:៦, ៧) ពួក​មន្ត្រី​ជា​ច្រើន​នៃ​សាសន៍​យូដា មិន​គ្រាន់​តែ​ធ្វើ​កន្តើយ​នឹង​សារ​នេះ ក៏​ប៉ុន្តែ​បាន​ទៅ​ជា​ប្រឆាំង​យ៉ាង​សាហាវ​នឹង​ពួក​អ្នក​នាំ​សារ​នេះ​ទៀត​ផង។ នៅ​គ្រា​មួយ ពួក​គេ​បាន​ខំ​ប្រឹង​ធ្វើ​ឃាត​ដល់​ព្យាការីយេរេមា ហើយ​បើ​អ័ហ៊ីកាម​មិន​បាន​ធ្វើ​អន្តរាគមន៍​ទេ នោះ​ពួក​គេ​នឹង​បាន​ជោគ​ជ័យ​ហើយ។ ដោយ​បាន​ខ្ញាល់​នឹង​សារ​ដ៏​ជា​ទំនាយ​មួយ​ទៀត នោះ​ស្តេច​យេហូយ៉ាគីម​ក៏​បាន​សម្លាប់​ព្យាការី​អ៊ូរីយ៉ា​ទៅ។—យេរេមា ២៦:២១​-​២៤

៦. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា បាន​ពង្រឹង​លោកហាបាគុក?

៦ សារ​របស់ហាបាគុកគឺ​ខ្លាំង​ក្លា​ដូច​គ្នា ហើយ​ក៏​ឥត​ប្រជាប្រិយ​ដូច​សារ​របស់​លោកយេរេមាដែរ ដែល​បាន​បណ្ដាល​ដោយ​ព្រះ​ឲ្យ​ទាយ​ប្រាប់​អំពី​ការ​ហិនហោច​នៃ​ស្រុក​យូដា​អស់​រយៈ​ពេល​៧០​ឆ្នាំ។ (យេរេមា ២៥:៨​-​១១) ដូច្នេះ​ហើយ យើង​អាច​យល់​ដឹង​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​របស់ហាបាគុក កាល​ដែល​លោក​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ? ទូល​បង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ»? (ហាបាគុក ១:២) ដោយ​សុភាវធម៌ នោះ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹងហាបាគុក ដោយ​មាន​បន្ទូល​ដ៏​ពង្រឹង​ជំនឿ​ដូច​នេះ​ថា៖ «ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់​ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រា​រង់​ឡើយ»។ (ហាបាគុក ២:៣) ដូច្នេះ​ព្រះ​យេហូវ៉ា​មាន«វេលា​កំណត់» ដើម្បី​នាំ​ឲ្យ​មាន​ទី​បញ្ចប់​នៃ​ភាព​អយុត្ដិធម៌​និង​ការ​ជិះ​ជាន់។ ប្រសិន​បើ​ហាក់​ដូច​ជា​បង្អង់​យូរ នោះ​លោកហាបាគុកមិន​គួរ​ធ្លាក់​ទឹក​ចិត្ត​ឡើយ ហើយ​លោក​ក៏​មិន​ត្រូវ​បង្អង់​ដែរ។ ផ្ទុយ​ទៅវិញ លោក​ត្រូវ«រង់​ចាំ» ដោយ​រស់​នៅ​រៀង​រាល់​ថ្ងៃ​ដោយ​រក្សា​ឲ្យ​មាន​ភាព​បន្ទាន់។ ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​ឥត​រា​រង់​ឡើយ!

៧. ហេតុ​អ្វី​ក៏​មាន​សេចក្ដី​ហិន​វិនាស​មួយ​ទៀត ដែល​បាន​ទុក​បម្រុង​សំរាប់​ទី​ក្រុង​យេរូសាឡិម នៅ​ក្នុង​សតវត្ស​ទី​មួយ ស.យ.?

៧ ប្រមាណ​២០​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ដល់​លោកហាបាគុក នោះ​ទី​ក្រុង​យេរូសាឡិម​ដែល​ជា​រដ្ឋធានី​របស់​ស្រុក​យូដា ក៏​បាន​ហិន​វិនាស​ទៅ។ ក្រោយ​មក ទី​ក្រុង​នេះ​ក៏​បាន​សាង​សង់​ឡើង​វិញ ហើយ​អំពើ​ខុស​ជា​ច្រើន​ដែល​បាន​ធ្វើ​ឲ្យ​លោកហាបាគុកទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​នោះ ក៏​បាន​កែ​តំរង់​ឲ្យ​ត្រឹម​ត្រូវ​វិញ​ដែរ។ ប៉ុន្តែ នៅ​ក្នុង​សតវត្ស​ទី​មួយ ស.យ. ទី​ក្រុង​នេះ​ក៏​បាន​ទុក​បម្រុង​សំរាប់​បំផ្លាញ​ចោល​ជា​លើក​ម្ដង​ទៀត ដោយ​សារ​ពួក​អ្នក​នៅ​ក្នុង​ក្រុង​នោះ​ឥត​មាន​ចិត្ត​ស្មោះ​ត្រង់​ទេ។ ដោយ​សេចក្ដី​មេត្ដា​ករុណា នោះ​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ដើម្បី​ឲ្យ​មនុស្ស​ចិត្ត​ស្មោះ​អាច​រួច​រស់​ជីវិត​បាន។ នៅ​ពេល​នេះ ទ្រង់​បាន​ប្រើ​ព្យាការី​ដែល​មាន​ឋានៈ​ខ្ពស់​បំផុត គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ដើម្បី​ប្រគល់​ឲ្យ​សារ​នេះ។ នៅ​ក្នុង​ឆ្នាំ​៣៣ ស.យ. ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា៖ «កាល​ណា​ឃើញ​ពល​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្ដី​ហិន​វិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ គ្រា​នោះ ត្រូវ​ឲ្យ​អស់​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ»។—លូកា ២១:២០, ២១

៨. (ក) តើ​អ្វី​ដែល​ប្រហែល​ជា​បាន​កើត​ឡើង​ដល់​ពួក​គ្រីស្ទាន​ខ្លះ កាល​ដែល​ពេល​វេលា​កន្លង​ទៅ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​នោះ? (ខ) តើ​បន្ទូល​ជា​ទំនាយ​របស់​ព្រះ​យេស៊ូ​ដែល​ស្តី​អំពី​ទី​ក្រុង​យេរូសាឡិម​នោះ បាន​សម្រេច​យ៉ាង​ណា?

៨ កាល​ដែល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ នោះ​ពួក​គ្រីស្ទាន​ខ្លះ​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម​ប្រហែល​ជា​មាន​ចិត្ត​ឆ្ងល់​ថា នៅ​ពេល​ណា​ទៅ​ដែល​ទំនាយ​នេះ​របស់​ព្រះ​យេស៊ូ នឹង​បាន​ត្រូវ​សម្រេច​នោះ។ យ៉ាង​ណា​មិញ សូម​ពិនិត្យ​មើល​នូវ​ពលិកម្ម​ដែល​ពួក​គេ​ខ្លះ​បាន​ធ្វើ​នោះ។ ប្រហែល​ជា​ពួក​គេ​បាន​បដិសេធ មិន​ព្រម​ទទួល​នូវ​ចំណែក​ខាង​ពាណិជ្ជកម្ម​ទោះ​ជា​ទាក់​ចិត្ត​ក៏​ដោយ ពីព្រោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​គេ​គឺ​ដើម្បី​ចាំ​យាម។ កាល​ដែល​ពេល​វេលា​កន្លង​ទៅ តើ​ពួក​គេ​ទៅ​ជា​អស់​កម្លាំង​ឬ​ទេ? តើ​ពួក​គេ​សន្និដ្ឋាន​ថា ពួក​គេ​បាន​បង្ខាត​ពេល​វេលា​របស់​គេ ដោយ​វែក​ញែក​ថា​បន្ទូល​របស់​ព្រះ​យេស៊ូ​បាន​ទាក់​ទង​ទៅ​នឹង​ជំនាន់​នា​ពេល​អនាគត​កាល មិន​មែន​ជា​គ្រា​របស់​គេ​នោះ​ទេ​ឬ? នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ. ទំនាយ​របស់​ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​សម្រេច នៅ​ពេល​ដែល​ពួក​កង​ទ័ពរ៉ូមបាន​ឡោម​ព័ទ្ធ​ទី​ក្រុង​យេរូសាឡិម។ ពួក​អ្នក​ដែល​បាន​នៅ​ចាំ​យាម​នោះ បាន​ទទួល​ស្គាល់​ទី​សម្គាល់​នោះ​ក៏​បាន​រត់​ចេញ​ពី​ទី​ក្រុង ហើយ​មិន​បាន​ពិសោធ​នូវ​សេចក្ដី​ហិន​វិនាស​ដែល​បាន​មាន​មក​លើ​ទី​ក្រុង​យេរូសាឡិម​នោះ​ទេ។

ការ​សម្ដែង​នូវ​តម្រូវ​ការ​ឲ្យ​នៅ​ចាំ​យាម

៩, ១០. (ក) តើ​អ្នក​នឹង​សង្ខេប​យ៉ាង​ណា​នូវ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ ស្តី​អំពី​ពួក​បាវ​ដែល​បាន​រង់​ចាំចៅហ្វាយរបស់​គេ ត្រឡប់​ពី​ការ​រៀប​ការ​របស់​លោក​នោះ? (ខ) ហេតុ​អ្វី​ក៏​ការ​រង់​ចាំចៅហ្វាយរបស់​គេ ប្រហែល​ជា​ពិបាក​សំរាប់​ពួក​បាវ​នោះ? (គ) ហេតុ​អ្វី​ក៏​មាន​ប្រយោជន៍ ដោយ​ឲ្យ​ពួក​បាវ​មាន​ចិត្ត​អត់​ធ្មត់​នោះ?

៩ ក្នុង​ការ​បញ្ជាក់​នូវ​តម្រូវ​ការ​ឲ្យ​នៅ​ចាំ​យាម នោះ​ព្រះ​យេស៊ូ​បាន​ប្រៀប​ធៀប​ពួក​សិស្ស​របស់​ទ្រង់​ទៅ​នឹង​ពួក​បាវ ដែល​កំពុង​តែ​រង់​ចាំចៅហ្វាយរបស់​គេ​ឲ្យ​ត្រឡប់​មក​ពី​ការ​រៀប​ការ​របស់​លោក។ ពួក​គេ​បាន​ដឹង​ថា លោក​នឹង​ត្រឡប់​មក​វិញ​នៅ​យប់​មួយ​ដ៏​ជាក់​លាក់ ប៉ុន្តែ​តើ​នឹង​មក​ដល់​នៅ​ម៉ោង​ណា​ទៅ? តើ​នឹង​មក​ដល់​នៅ​កំឡុង​យាម​ដំបូង​នៅ​យប់​នោះ​ឬ​ទេ? តើ​នឹង​មក​ដល់​ក្នុង​យាម​ទី​ពីរ​ឬ? តើ​នឹង​មក​ដល់​ក្នុង​យាម​ទី​បី​ឬ? ពួក​គេ​ឥត​ដឹង​សោះ​ឡើយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «បើ​លោក[ចៅហ្វាយ]មកដល់​ក្នុង​យាម​ទី​២​ឬ​យាម​ទី​៣ ហើយ​ឃើញ​ពួក​បាវ​នៅ​ចាំ​យាម​ដូច្នោះ​ដដែល នោះ​គេ​មាន​ពរ​ហើយ!»។ (លូកា ១២:៣៥​-​៣៨) ចូរ​គិត​ពី​ការ​រង់​ចាំ​យ៉ាង​រំភើប​នៃ​ពួក​បាវ​ទាំង​នេះ។ គ្រប់​ទាំង​សម្លេង និង​ស្រមោល​ដែល​មាន​ភ្លឹប​ភ្លែត​ៗ នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ការ​ទន្ទឹង​ចាំ​របស់​ពួក​បាវ​មាន​រឹត​តែ​ខ្លាំង​ឡើង​ៗ ដែល​ថា៖ ‹តើ​នេះ​អាច​ជាចៅហ្វាយរបស់​យើង​ទេ​ដឹង?›

១០ ចុះ​យ៉ាង​ណា​វិញ​បើចៅហ្វាយបាន​មក​ដល់​ក្នុង​យាម​ទី​ពីរ ដែល​បាន​បន្ត​ពី​ម៉ោង​ប្រាំ​បួន​យប់​រហូត​ដល់​អធ្រាត្រ​នោះ? តើ​បាវ​ទាំង​អស់ ដែល​រួម​បញ្ចូល​ពួក​បាវ​ដែល​បាន​ខំ​ប្រឹង​ធ្វើ​ការ​តាំង​ពី​ព្រលឹម នឹង​ប្រុង​ប្រៀប​ដើម្បី​ទទួល​លោក ឬ​ក៏​នឹង​មាន​បាវ​ខ្លះ​ដែល​នឹង​ដេក​លក់​ទៅ​វិញ? ចុះ​យ៉ាង​ណា​វិញ បើចៅហ្វាយមក​ដល់​ក្នុង​យាម​ទី​បី ជា​ពេល​វេលា​ពី​យប់​អធ្រាត្រ​រហូត​ដល់​ម៉ោង​បី​ព្រឹក? តើ​បាវ​ខ្លះ​នឹង​ទៅ​ជា​ធ្លាក់​ទឹក​ចិត្ត ព្រម​ទាំង​អាក់​អន់​ចិត្ត​ដោយ​ឃើញ​ថា​ដូច​ជាចៅហ្វាយបង្អង់​យូរ​ផង​ឬ?a មាន​តែ​អស់​អ្នក​ដែល​នៅ​ចាំ​យាម​ក្នុង​កាល​ដែលចៅហ្វាយមក​ដល់​នោះ​ទេ ដែល​នឹង​ចាត់​ទុក​ថា​មាន​សុភមង្គល។ ពាក្យ​នៅ​សុភាសិត ១៣:១២ ច្បាស់​ជា​ទាក់​ទង​ពួក​គេ​ហើយ៖ «សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត តែ​កាល​ណា​បាន​ដូច​ប្រាថ្នា នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​នៃ​ជីវិត​វិញ»។

១១. តើ​សេចក្ដី​អធិស្ឋាន​អាច​ជួយ​យើង​ឲ្យ​បន្ត​រក្សា​ការ​ចាំ​យាម​យ៉ាង​ដូច​ម្ដេច?

១១ ក្នុង​កំឡុង​ពេល​ដែល​ហាក់​ដូច​ជា​បង្អង់​នោះ តើ​អ្វី​ដែល​នឹង​ជួយ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ឲ្យ​រក្សា​នូវ​ការ​ចាំ​យាម​នោះ? កាល​ដែល​នៅក្នុង​សួន​គែតសេម៉ានី បន្ដិច​មុន​នឹង​គេ​ចាប់​ទ្រង់ នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​សាវ័ក​បី​នាក់​របស់​ទ្រង់​ថា៖ «ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​មិន​ឲ្យ​កើត​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ»។ (ម៉ាថាយ ២៦:៤១) ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នោះ​ពេត្រុស​ដែល​មាន​វត្តមាន​នៅ​គ្រា​នោះ ក៏​បាន​ផ្ដល់​ឲ្យ​នូវ​ឱវាទ​ស្រដៀង​គ្នា​នេះ​ទៅ​ពួក​គ្រីស្ទាន​គ្នី​គ្នា​ដែរ។ គាត់​បាន​សរសេរ​ថា៖ «រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មាន​គំនិត​នឹង​ធឹង ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​អធិស្ឋាន​ចុះ»។ (ពេត្រុស​ទី​១ ៤:៧) យ៉ាង​ច្បាស់​ណាស់ ការ​អធិស្ឋាន​អស់​ពី​ចិត្ត​គួរ​តែ​ជា​ផ្នែក​នៃ​ទម្រង់​ការ​របស់​យើង​ជា​គ្រីស្ទាន។ ប្រាកដ​ហើយ យើង​ត្រូវ​តែ​បន្ត​អង្វរ​ព្រះ​យេហូវ៉ា​សូម​ឲ្យ​ទ្រង់​ជួយ​យើង​រក្សា​នូវ​ការ​ចាំ​យាម។—រ៉ូម ១២:១២; ថែស្សាឡូនីច​ទី​១ ៥:១៧

១២. តើ​មាន​ការ​ខុស​គ្នា​យ៉ាង​ណា រវាង​ការ​ស្មាន​និង​ការ​ចាំ​យាម​នោះ?

១២ ចូរ​កត់​សម្គាល់​ថា ពេត្រុស​ក៏​បាន​មាន​ប្រសាសន៍​ថា៖ «រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ»។ តើ​ជិត​ដល់​យ៉ាង​ណា​ទៅ? មនុស្ស​គឺ​គ្មាន​វិធី​បញ្ជាក់​ឲ្យ​បាន​ជាក់​លាក់ ស្តី​អំពី​ថ្ងៃ​និង​ម៉ោង​ចំ​ៗ​នោះ​ឡើយ។ (ម៉ាថាយ ២៤:៣៦) ប៉ុន្តែ​គឺ​មាន​ការ​ខុស​គ្នា​រវាង​ការ​ផ្ដេក​ផ្ដួល​ទៅ​តាម​ការ​ស្មាន ដែល​ព្រះ​គម្ពីរ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​ទេ និង​ការ​ទន្ទឹង​ចាំ​នូវ​ចុង​បំផុត ដែល​ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ធ្វើ​នោះ។ (ប្រៀប​មើល ធីម៉ូថេ​ទី​២ ៤:៣, ៤; ទីតុស ៣:៩) តើ​តាម​វិធី​ណា​មួយ ដែល​យើង​អាច​រក្សា​ការ​ទន្ទឹង​ចាំ​នូវ​ចុង​បំផុត​នោះ? នេះ​គឺ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​ដល់​ទី​សំអាង​ដែល​ថា ទី​បញ្ចប់​គឺ​ជិត​ហើយ​នោះ។ ដូច្នេះ​ហើយ សូម​ឲ្យ​យើង​ពិនិត្យ​សារ​ឡើង​វិញ​នូវ​ទី​សំអាង​ប្រាំ​មួយ​យ៉ាង ដែល​បញ្ជាក់​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​លោកីយ៍​នេះ​ដែល​ឥត​គោរព​ព្រះ។

ទី​សំអាង​ប្រាំ​មួយ​យ៉ាង​ដែល​ធ្វើ​ឲ្យ​ជឿ

១៣. តើ​ទំនាយ​របស់​ប៉ុល​ដែល​បាន​កត់​ទុក​នៅធីម៉ូថេ​ទី​២​ជំពូក៣​នោះ នាំ​ឲ្យ​អ្នក​ជឿ​ស៊ប់​យ៉ាង​ណា​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»?

១៣ ទី​មួយ យើង​ឃើញ​យ៉ាង​ជាក់​ច្បាស់​នូវ​សេចក្ដី​សម្រេច​នៃ​ទំនាយ​របស់​សាវ័ក​ប៉ុល ស្តី​អំពី ថ្ងៃ«ជាន់​ក្រោយ​បង្អស់»។ ប៉ុល​បាន​សរសេរ​ថា៖ «នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើល​ងាយ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មាន​ចិត្ត​មិន​បរិសុទ្ធ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ គេ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ចេស្ដា ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្ដិ​នោះ​ទេ ចូរ​បែរ​ពី​ពួក​មនុស្ស​យ៉ាង​នោះ​ចេញ។ ហើយ​ពួក​អាក្រក់ នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង»។ (ធីម៉ូថេ​ទី​២ ៣:១​-​៥, ១៣) តើ​យើង​ឃើញ​ទំនាយ​នេះ​កំពុង​តែ​សម្រេច នៅ​ក្នុង​សម័យ​យើង​នេះ​មែន​ឬ? មាន​តែ​អស់​អ្នក​ដែល​មិន​អើពើ​នឹង​ហេតុ​ការណ៍​ពិត ដែល​អាច​បដិសេធ​នូវ​រឿង​ទាំង​នេះ!b

១៤. តើ​ពាក្យ​នៅ​វិវរណៈ ១២:៩ ដែល​ស្តី​អំពី​អារក្ស​នោះ កំពុង​តែ​សម្រេច​សព្វ​ថ្ងៃ​នេះ​ដោយ​ដូច​ម្ដេច? ហើយ​តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​វា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ?

១៤ ទី​ពីរ យើង​ឃើញ​នូវ​ឥទ្ធិពល​ពី​ការ​ដេញ​សាតាំង​និង​ពួក​បិសាច​របស់​វា​ចេញ​ពី​ស្ថាន​សួគ៌ ដែល​ជា​សេចក្ដី​សម្រេច​នៃ​វិវរណៈ ១២:៩។ នៅ​ក្នុង​ខ​នេះ យើង​អាន​ថា៖ «នាគ​ធំ​ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង»។ នេះ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង​នៅ​លើ​ផែនដី​នេះ។ ពិត​ហើយ គឺ​មាន​សេចក្ដី​វេទនា​ជា​ច្រើន​សំរាប់​មនុស្ស​លោក ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ។ ប៉ុន្តែ ទំនាយ​នៅ​ក្នុង​សៀវភៅវិវរណៈចែង​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​អារក្ស​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ផែនដី នោះ​វា​ដឹង​ថា«ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ (វិវរណៈ ១២:១២) ក្នុង​កំឡុង​ពេល​នេះ សាតាំង​ច្បាំង​ទាស់​នឹង​ពួក​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ។ (វិវរណៈ ១២:១៧) ប្រាកដ​ហើយ យើង​បាន​ឃើញ​នូវ​ឥទ្ធិពល​នៃ​ការ​ពាធា​របស់​វា​នៅ​ក្នុង​សម័យ​យើង​នេះ។c ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ សាតាំង​នឹង​ត្រូវ​ជាប់​ក្នុង​ជង្ហុក​ធំ ដើម្បី«កុំ​ឲ្យ​វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត»។—វិវរណៈ ២០:១​-​៣

១៥. តើ​វិវរណៈ ១៧:៩​-​១១ ផ្ដល់​ទី​សំអាង​យ៉ាង​ណា​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ជាន់​ក្រោយ​បង្អស់?

១៥ ទី​បី យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​នៃ«ស្តេច»ទី​ប្រាំ​បី ដែល​ជា​ស្តេច​ចុង​ក្រោយ​គេ ដែល​បាន​រៀប​រាប់​នៅ​ក្នុង​ទំនាយ​ដែល​បាន​កត់​ទុក​មក​ក្នុង​វិវរណៈ ១៧:៩​-​១១។ នៅ​ទី​នេះ សាវ័កយ៉ូហានពិពណ៌នា​អំពី​ស្តេច​ប្រាំ​ពីរ​អង្គ ដែល​តំណាង​មហា​អំណាច​ទាំង​ប្រាំ​ពីរ​នៃ​លោកីយ៍នេះ គឺ​អេស៊ីប អាសស៊ើរ មេឌី​-​ពើស៊ី ក្រិច រ៉ូម និង​អង់គ្លេស​-​អាមេរិកាំង ដែល​ជា​មហា​អំណាច​ដែល​មាន​ពីរ​ជាប់​គ្នា។ លោក​ក៏​បាន​ឃើញ«ស្តេច​ទី​៨» ដែល​បាន«កើត​មក​ពី​ស្តេច​៧​អង្គ​នោះ»។ ស្តេច​ទី​៨​នេះ ដែល​ជា​ស្តេច​ចុង​ក្រោយ​ដែល​លោកយ៉ូហានបាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត ឥឡូវ​នេះ​គឺ​តំណាង​អង្គការ​សហប្រជាជាតិ។ យ៉ូហាននិយាយ​ថា ស្តេច​ទី​៨​នេះ«ត្រូវ​វិនាស​បាត់​ទៅ​វិញ» ដែល​ក្រោយ​មក ក៏​ឥត​មាន​ពិពណ៌នា​អំពី​ស្តេច​ខាង​ផែនដី​ទៀត​ឡើយ។d

១៦. តើ​ហេតុ​ការណ៍​ដែល​សម្រេច​តាម​សុបិន​របស់​ស្តេច​នេប៊ូក្នេសា​ស្តី​អំពី​រូប​មនុស្ស ចង្អុល​ប្រាប់​យ៉ាង​ដូច​ម្ដេច​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់?

១៦ ទី​បួន យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា ដែល​បាន​ត្រូវ​តំណាង​ដោយ​ជើង​នៃ​រូប​ខាង​សុបិន​របស់​ស្តេច​នេប៊ូក្នេសា។ ព្យាការីដានីយ៉ែលបាន​កាត់​ស្រាយ​សុបិន​ដ៏​អាថ៌​កំបាំង​នេះ ដែល​ស្តី​អំពី​រូប​មនុស្ស​ដ៏​ធំ​មួយ។ (ដានីយ៉ែល ២:៣៦​-​៤៣) រូប​នេះ​មាន​បួន​ផ្នែក​ដែល​ធ្វើ​ពី​លោហធាតុ ដែល​តំណាង​មហា​អំណាច​ផ្សេង​ៗ ដែល​ចាប់​ផ្ដើម​ពី​ក្បាល (ចក្រភព​បាប៊ីឡូន) និង​ចុះ​ទៅ​ក្រោម​ទៅ​ឯ​ជើង​និង​មេ​ជើង (គឺ​ជា​រដ្ឋាភិបាល​នានា​ដែល​កំពុង​តែ​គ្រប់​គ្រង​សព្វ​ថ្ងៃ​នេះ)។ មហា​អំណាច​ទាំង​អស់​ដែល​បាន​តំណាង​ដោយ​រូប​នេះ បាន​លេច​ខ្លួន​រួច​ហើយ។ យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ដែល​បាន​ត្រូវ​តំណាង​ដោយ​ជើង​នៃ​រូប​នេះ។ គឺ​គ្មាន​ការ​រៀប​រាប់​អំពី​មហា​អំណាច​ឯ​ណា​ទៀត​នោះ​ឡើយ។e

១៧. តើ​ដោយ​ដូច​ម្ដេច​ដែលកិច្ច​ការផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​របស់​យើង ផ្ដល់​នូវ​ទី​សំអាង​ថែម​ទៀត​ថា​យើង​កំពុង​តែ​រស់​នៅ​គ្រា​ចុង​បញ្ចប់?

១៧ ទី​ប្រាំ យើង​ឃើញ​នូវកិច្ច​ការផ្សព្វ​ផ្សាយ​ទូទាំង​ផែនដី​កំពុង​តែ​សម្រេច ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​នឹង​កើត​ឡើង​មុន​នឹង​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ (ម៉ាថាយ ២៤:១៤) នៅ​សព្វ​ថ្ងៃ​នេះ ទំនាយ​នេះ​គឺ​មាន​ដំណើរ​សម្រេច​តាម​ទំហំ​ដែល​មិន​ធ្លាប់​មាន​តាំង​ពី​ពេល​មុន​នោះ​ឡើយ។ ពិត​មែន គឺ​មាន​តំបន់​ជា​ច្រើន​ដែល​មិន​ទាន់​បាន​ទៅ​ដល់ ហើយ​ប្រហែល​ជា​ក្នុង​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា នោះ​ទ្វារ​ដ៏​ធំ​មួយ​នឹង​បើក​ឡើង ដែល​នាំ​ឲ្យ​មាន​សកម្មភាព​កាន់​តែ​ធំ​ឡើង​ដែរ​នោះ។ (កូរិនថូស​ទី​១ ១៦:៩) យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​មិន​ចែង​ថា​ព្រះ​យេហូវ៉ា​នឹង​រង់​ចាំ​រហូត​ដល់​មនុស្ស​ទាំង​អស់​លើ​ផែនដី​នេះ បាន​ទទួល​នូវ​ដំណឹង​ល្អ​នេះ​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ដំណឹង​ល្អ​នេះ​ត្រូវ​តែ​ឲ្យ​បាន​ផ្សព្វ​ផ្សាយ រហូត​ដល់​បាន​បំពេញ​នូវ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ រួច​មក ទើប​ទី​បញ្ចប់​នឹង​មក​ដល់។—ប្រៀប​មើល ម៉ាថាយ ១០:២៣

១៨. តាម​មើល​ទៅ នៅ​ពេល​ដែល​សេចក្ដី​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម តើ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ខ្លះ​នឹង​ទៅ​ជា​យ៉ាង​ណា ហើយ​តើ​អាច​ដឹង​អំពី​រឿង​នេះ​យ៉ាង​ដូច​ម្ដេច?

១៨ ទី​ប្រាំ​មួយ ចំនួន​នៃ​ពួក​សិស្ស​ចាក់​ប្រេង​តាំង​ដ៏​ពិត​របស់​ព្រះ​គ្រីស្ទ​គឺ​រលុះ​បន្ដិច​ម្ដង​ៗ ទោះ​ជា​តាម​មើល​ទៅ នឹង​នៅ​មាន​ខ្លះ​នៅ​លើ​ផែនដី​នៅ​ឡើយ ពេល​ដែល​សេចក្ដី​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម​ឡើង​នោះ។ ពួក​អ្នក​សំណល់​ភាគ​ច្រើន​គឺ​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ និង​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ចំនួន​នៃ​អស់​អ្នក​ដែល​ពិត​ជា​ពួក​អ្នក​ចាក់​ប្រេង​តាំង គឺ​មាន​កាន់​តែ​តិច​ឡើង​ៗ។ ប៉ុន្តែ​ពេល​សំដៅ​ទៅ​សេចក្ដី​វេទនា​ជា​ខ្លាំង នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដោយ​យល់​ដល់​ពួក​រើស​តាំង»។ (ម៉ាថាយ ២៤:២១, ២២) អ៊ីចឹង​ហើយ តាម​មើល​ទៅ នោះ«ពួក​រើស​តាំង»ខ្លះ​របស់​ព្រះ​គ្រីស្ទ​នឹង​នៅ​លើ​ផែនដី​នៅ​ឡើយ នៅ​ពេល​ដែល​សេចក្ដី​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម​ឡើង​នោះ។f

តើ​មាន​អ្វី​នៅ​ខាង​មុខ?

១៩, ២០. ហេតុ​អ្វី​ក៏​មាន​ភាព​បន្ទាន់​ជាង​មុន​ទៅ​ទៀត​ឲ្យ​យើង​រក្សា​ការ​ភ្ញាក់​រឭក ហើយ​ឲ្យ​នៅ​ចាំ​យាម​នោះ?

១៩ តើ​យើង​នឹង​មាន​អនាគត​យ៉ាង​ណា? ពេល​វេលា​ដ៏​រំភើប​នឹង​មកដល់។ ប៉ុល​បាន​ព្រមាន​ថា«ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់»។ ក្នុង​ការ​សំដៅ​ទៅ​ពួក​បុរស ដែល​មាន​ទំនង​ដូច​ជា​មាន​ប្រាជ្ញា​ខាង​លោកីយ៍ នោះ​គាត់​មាន​ប្រសាសន៍​ថា៖ «ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា​មាន​សេចក្ដី​សុខ​សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន​វិនាស​មក​លើ​គេ​ភ្លាម»។ ដូច្នេះ​ហើយ ប៉ុល​ដាស់​តឿន​ពួក​អ្នក​អាន​របស់​គាត់​ថា៖ «ត្រូវ​ឲ្យ​យើង​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ឲ្យ​ដេក​លក់ ដូច​ជា​មនុស្ស​ឯ​ទៀត​ទេ»។ (ថែស្សាឡូនីច​ទី​១ ៥:២, ៣, ៦) ពិត​មែន​ហើយ ពួក​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​គ្រឹះស្ថាន​របស់​មនុស្ស ដើម្បី​ឲ្យ​បាន​សន្ដិភាព​និង​សន្ដិសុខ គឺ​ធ្វើ​កន្តើយ​នឹង​ហេតុ​ការណ៍​ដែល​កើត​មាន​មែន​ទែន។ ពួក​បុគ្គល​បែប​នេះ​គឺ​ដេក​លក់​ស៊ប់​មែន!

២០ សេចក្ដី​ហិន​វិនាស​នៃ​របប​លោកីយ៍​នេះ​នឹង​មក​ដល់ ដោយ​មាន​ការ​ផ្ទុះ​ឡើង​មួយ​រំពេច។ ដូច្នេះ​ហើយ ចូរ​ចាំ​យាម​នឹង​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ចុះ។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់ហាបាគុកថា៖ ថ្ងៃ​នោះ​នឹង«ឥត​រា​រង់​ឡើយ»! ប្រាកដ​ហើយ គឺ​ពិត​ជា​មាន​ភាព​បន្ទាន់​ជាង​ពី​មុន​ទៅ​ទៀត សំរាប់​ឲ្យ​យើង​នៅ​ចាំ​យាម​នោះ។

[កំណត់​សម្គាល់]

a ចៅហ្វាយនេះ​ឥត​បាន​ណាត់​ពេល​ណា នឹង​ជួប​ជា​មួយ​នឹង​ពួក​បាវ​របស់​លោក​នោះ​ទេ។ ដូច្នោះ​ហើយ លោក​មិន​បាច់​ដោះ​សា​ពី​ការ​ចេញ​ចូល​របស់​គាត់​ទេ ហើយ​លោក​ក៏​មិន​ចាំ​បាច់​ពន្យល់​ប្រាប់​ពួក​បាវ​ពី​ហេតុ ដែល​ហាក់​ដូច​ជា​បាន​បង្អង់​យូរ​នោះ​ដែរ។

b បើ​ចង់​បាន​ការ​ពិគ្រោះ​យ៉ាង​ល្អិត​ល្អន់​អំពី​ទំនាយ​នេះ សូម​មើលជំពូកទី​១១​នៃ​សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

c បើ​ចង់​បាន​ពត៌មាន​ថែម​ទៀត សូម​មើល​ទំព័រ​១៨០​-​១៨៦​ក្នុង​សៀវភៅ វិវរណៈ—ការ​សម្រេច​ផ្ដាច់​ព្រាត់​ជិត​មក​ដល់​ហើយ! (ភាសា​អង់គ្លេស) ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

d សូម​មើល​សៀវភៅ វិវរណៈ—ការ​សម្រេច​ផ្ដាច់​ព្រាត់​ជិត​មក​ដល់​ហើយ! ទំព័រ ២៥១​-​២៥៤ (ភាសា​អង់គ្លេស)

e សូម​មើលជំពូកទី​៤​នៃ​សៀវភៅ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ទំនាយ​របស់ដានីយ៉ែល! (ភាសា​អង់គ្លេស) ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

f នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​ចៀម​និង​ពពែ នោះ​កូន​មនុស្ស​មក​ដល់​ក្នុង​សិរី​រុង​រឿង​របស់​ទ្រង់ ក្នុង​កំឡុង​ពេល​សេចក្ដី​វេទនា​ជា​ខ្លាំង ហើយ​និង​គង់​ដើម្បី​ធ្វើ​ការ​ជំនុំ​ជំរះ។ ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្ស​ដោយ​មាន​មូលដ្ឋាន​លើ​នេះ បើ​គេ​បាន​គាំ​ទ្រ​បង​ប្អូន​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ​ឬ​ក៏​យ៉ាង​ណា។ ខ្នាត​តម្រា​នេះ​សំរាប់​ការ​ជំនុំ​ជំរះ នោះ​នឹង​គ្មាន​អត្ថន័យ​ទេ បើ​ក្នុង​កំឡុង​ពេល​ការ​ជំនុំ​ជំរះ​នោះ​ពួក​បង​ប្អូន​របស់​ព្រះ​គ្រីស្ទ បាន​ចាក​ចេញ​ពី​ផែនដី​ជា​យូរ​យារ​មក​ហើយ​នោះ។—ម៉ាថាយ ២៥:៣១​-​៤៦

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• តើ​គំរូ​អ្វី​ក្នុងបទគម្ពីរ ដែល​អាច​ជួយ​យើង​ឲ្យ​នៅ​ចាំ​យាម?

• តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​តម្រូវ​ការ​ឲ្យ​ចាំ​យាម​យ៉ាង​ដូច​ម្ដេច?

• តើ​មាន​ទី​សំអាង​ប្រាំ​មួយ​យ៉ាង​ណា ដែល​ស​ឲ្យ​ឃើញ​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់?

[រូប​ភាព​នៅ​ទំព័រ​១៧]

អាលេក្សានដឺ ម៉ាក់មីល្លិន​បាន​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ជិត​៦​ទសវត្ស​មក​ហើយ

[រូប​ភាព​នៅ​ទំព័រ​១៨]

ព្រះ​យេស៊ូ​បាន​ប្រដូច​ពួក​សិស្ស​របស់​ទ្រង់​ទៅ​នឹង​ពួក​បាវ ដែល​បាន​នៅ​ចាំ​យាម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក