បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w09 ១/៦ ទំ. ៧-៨
  • ៣ រៀនឲ្យស្គាល់ការពិតអំពីលោកយេស៊ូ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៣ រៀនឲ្យស្គាល់ការពិតអំពីលោកយេស៊ូ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • អត្ថបទស្រដៀងគ្នា
  • សិស្សដំបូងរបស់ព្រះយេស៊ូ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូចាប់ផ្ដើមមានអ្នកកាន់តាម
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ពួកអ្នកដែលបានទៅជាអ្នកកាន់តាមលោកយេស៊ូ
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ភស្តុតាងដែលបង្ហាញថាព្រះយេស៊ូគ្រីស្ទធ្លាប់គង់នៅផែនដី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
w09 ១/៦ ទំ. ៧-៨

៣ រៀន​ឲ្យ​ស្គាល់​ការ​ពិត​អំពី​លោក​យេស៊ូ

​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។—យ៉ូហាន ៣:១៦

​ហេតុ​អ្វី​ពិបាក​ធ្វើ? មនុស្ស​ខ្លះ​ជឿ​ថា លោក​យេស៊ូ​មិន​ជា​បុគ្គល​ដែល​មាន​ពិត​មែន​ទេ។ មនុស្ស​ឯ​ទៀត​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​លោក​យេស៊ូ​មែន តែ​គេ​អះអាង​ថា​លោក​គ្រាន់តែ​ជា​មនុស្ស​ធម្មតា​ដែល​បាន​ស្លាប់​យូរ​យារ​ណាស់​មក​ហើយ។

​តើ​លោក​អ្នក​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នេះ​ដោយ​វិធី​ណា? សូម​យក​តម្រាប់​តាម​អ្នក​កាន់​តាម​លោក​យេស៊ូ​ម្នាក់​ឈ្មោះ​ណាថាណែល។a មិត្ត​របស់​ណាថាណែល​ឈ្មោះ​ភីលីព​បាន​ប្រាប់​គាត់​ថា បាន​រក​ឃើញ​លោក​ដែល​ជា​មេស្ស៊ី​ហើយ គឺ​«​លោក​យេស៊ូ​ជា​កូន​យ៉ូសែប ពី​ក្រុង​ណាសារ៉ែត​»។ ក៏​ប៉ុន្តែ ណាថាណែល​មិន​មែន​ជឿ​ដោយ​ងងឹត​ងងុល​ទៅ​លើ​អ្វី​ដែល​ភីលីព​អះអាង​នោះ​ឡើយ។ តាម​ពិត គាត់​បាន​ឆ្លើយ​តប​ថា​៖ ​«​តើ​អាច​មាន​អ្វី​ល្អ​ចេញ​មក​ពី​ក្រុង​ណាសារ៉ែត​ឬ?​»។ ទោះ​បី​ណាថាណែល​សង្ស័យ​ក៏​ដោយ គាត់​ព្រម​ទទួល​សេចក្ដី​អញ្ជើញ​របស់​ភីលីព​ឲ្យ​«​មក​មើល​»​ដោយ​ខ្លួន​ឯង។ (​យ៉ូហាន ១:៤៣​-​៥១​) លោក​អ្នក​ក៏​នឹង​ទទួល​ប្រយោជន៍​ដែរ​ពី​ការ​ពិនិត្យ​មើល​ទី​សំ​អាង​អំពី​លោក​យេស៊ូ​ដោយ​ខ្លួន​ឯង។ តើ​លោក​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ? 

ចូរ​ស្រាវជ្រាវ​ទី​សំ​អាង​ពី​ប្រវត្ដិសាស្ត្រ​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​ជា​បុគ្គល​ដែល​មាន​ពិត​មែន។ នៅ​សតវត្សរ៍​ទី​១ យ៉ូសេហ្វឺស​និង​ថាស៊ីថឹស​ជា​អ្នក​ប្រវត្ដិសាស្ត្រ​ពីរ​រូប​ដែល​មាន​គេ​គោរព។ ពួក​គាត់​មិន​មែន​ជា​គ្រិស្ត​សាសនិក​ទេ តែ​បាន​រៀប​រាប់​ថា​លោក​យេស៊ូ​គ្រិស្ត​ជា​បុគ្គល​ដែល​មាន​ពិត​មែន។ ថាស៊ីថឹស​បាន​រៀប​រាប់​អំពី​វិធី​ដែល​អធិរាជ​រ៉ូម​ឈ្មោះ​នីរ៉ូ ទម្លាក់​កំហុស​ទៅ​លើ​ពួក​គ្រិស្ត​សាសនិក អំពី​រឿង​អគ្គិភ័យ​ដែល​បាន​ឆេះ​រង្គាល​នៅ​ទី​ក្រុង​រ៉ូម​នៅ​ឆ្នាំ​៦៤ គ.ស.។ ថា​ស៊ី​ថឹ​ស​បាន​សរសេរ​ថា​៖ ​«​នីរ៉ូ​បាន​បន្ទោស​និង​ដាក់​ទារុណកម្ម​យ៉ាង​សាហាវ​ទៅ​លើ​ក្រុម​មួយ​ដែល​គេ​ស្អប់ ដោយ​សារ​ទំនៀម​ទម្លាប់​សាសនា​របស់​ពួក​គាត់។ ប្រជាជន​បាន​ហៅ​ក្រុម​នេះ​ថា​ពួក​គ្រិស្ត​សាសនិក។ ឈ្មោះ​នេះ​មក​ពី​គ្រិស្តុស​[​គ្រិស្ត​] ដែល​គាត់​បាន​ទទួល​ទណ្ឌកម្ម​ដ៏​ធ្ងន់​បំផុត​នៅ​ក្នុង​កណ្ដាប់​ដៃ​លោក​ប៉ុនទាស​ពីឡាត ដែល​ជា​អភិបាល​ខេត្ត​របស់​យើង​ក្នុង​រាជ្យ​របស់​ទីប៊ែរ​»។

ស្តី​អំពី​ការ​រៀប​រាប់​របស់​អ្នក​ប្រវត្ដិសាស្ត្រ​ពី​សតវត្សរ៍​ទី​១​និង​ទី​២ អំពី​លោក​យេស៊ូ​និង​ពួក​គ្រិស្ត​សាសនិក​សម័យ​ដើម នោះ​សព្វវចនាធិប្បាយ​មួយ​បាន​ចែង​ថា​៖ ​«​កំណត់​ហេតុ​ផ្សេង​ៗ​ដែល​បាន​សរសេរ​ដោយ​ឡែក​ពី​គ្នា ជា​ភ័ស្តុតាង​ដែល​ស​ឲ្យ​ឃើញ​ថា សត្រូវ​របស់​ពួក​គ្រិស្ត​សាសនិក​នៅ​សម័យ​បុរាណ មិន​ដែល​សង្ស័យ​អំពី​ការ​ពិត​ដែល​ថា លោក​យេស៊ូ​ជា​បុគ្គល​ដែល​មាន​ពិត​មែន​ទេ។ ប៉ុន្តែ ចំណុច​នេះ​គេ​បាន​ជំទាស់​ដោយ​គ្មាន​ទី​សំ​អាង ជា​លើក​ដំបូង​នៅ​ដំណាច់​សតវត្សរ៍​ទី​១៨ ក្នុង​អំឡុង​សតវត្សរ៍​ទី​១៩ និង​នៅ​ដើម​សតវត្សរ៍​ទី​២០​»។ (​Encyclopædia Britannica, 2002 Edition​) នៅ​ឆ្នាំ​២០០២ អ្នក​បោះពុម្ព​ផ្សាយ​ក្នុង​កាសែត​មួយ​បាន​បញ្ចេញ​មតិ​ថា​៖ ​«​បណ្ឌិត​ភាគ​ច្រើន​លើក​លែង​តែ​បុគ្គល​ខ្លះ​ដែល​មិន​ជឿ​ថា​មាន​ព្រះ បាន​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ថា​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត ជា​បុគ្គល​ដែល​មាន​ពិត​មែន​»​ (​The Wall Street Journal​)។

ចូរ​ពិចារណា​ទី​សំ​អាង​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ពេល​ដែល​អ្នក​ប្រឆាំង​បាន​ចាប់​លោក​យេស៊ូ នោះ​គូ​កន​ដ៏​ជិត​ស្និទ្ធ​របស់​លោក​បាន​រត់​ចោល​លោក។ ណា​មួយ​ទៀត ពេត្រុស​ដែល​ជា​មិត្ត​របស់​លោក បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ដោយ​សារ​ភ័យ​ខ្លាច។ (​ម៉ាថាយ ២៦:៥៥, ៥៦, ៦៩​-​៧៥​) ក្រោយ​ពី​ពេល​គេ​បាន​ចាប់​លោក​យេស៊ូ នោះ​អ្នក​កាន់​តាម​លោក​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​កន្លែង​ផ្សេង​ៗ។ (​ម៉ាថាយ ២៦:៣១​) ស្រាប់​តែ​ក្រោយ​មក អ្នក​កាន់​តាម​លោក​បាន​ចាប់​ផ្ដើម​មាន​សកម្មភាព​យ៉ាង​ច្រើន។ ពេត្រុស​និង​យ៉ូហាន​បាន​ប្រឈម​មុខ​យ៉ាង​ក្លាហាន នឹង​បុរស​ដែល​រៀប​ផែនការ​សម្លាប់​លោក​យេស៊ូ។ អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ ដែល​ពួក​គាត់​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​បង្រៀន​របស់​លោក​នៅ​ទូ​ទាំង​ចក្រភព​រ៉ូម ហើយ​ពួក​គាត់​សុខ​ចិត្ត​ស្លាប់​ជា​ជាង​លះ​ចោល​ជំនឿ​របស់​ខ្លួន។

តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​ពួក​គាត់​បាន​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​យ៉ាង​លឿន​ដូច្នេះ? សាវ័ក​ប៉ូល​ពន្យល់​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​បាន​«​លេច​មក​ជួប​កេផាស​[​ពេត្រុស​] រួច​សាវ័ក​ទាំង​ដប់​ពីរ​នាក់​»។ ប៉ូល​បន្ត​ថា​៖ ​«​បន្ទាប់​មក លោក​លេច​មក​ជួប​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​នៅ​ពេល​តែ​មួយ​»។ សាក្សី​ភាគ​ច្រើន​ដែល​បាន​ឃើញ​លោក​យេស៊ូ​រស់​ឡើង​វិញ នៅ​រស់​នៅ​ឡើយ​ពេល​ប៉ូល​សរសេរ​ពាក្យ​ទាំង​នេះ។ (​កូរិនថូស​ទី​១ ១៥:៣​-​៧​) បើ​មាន​ការ​បញ្ជាក់​ពី​សាក្សី​ម្នាក់​ឬ​ពីរ​នាក់ ប្រហែល​ជា​ងាយ​ឲ្យ​អ្នក​សង្ស័យ​បដិសេធ។ (​លូកា ២៤:១​-​១១​) ប៉ុន្តែ ការ​បញ្ជាក់​ពី​សាក្សី​ជាង​ប្រាំ​រយ​នាក់​បង្ហាញ​ថា លោក​យេស៊ូ​ពិត​ជា​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​មែន។

​តើ​មាន​ផល​ប្រយោជន៍​អ្វី? អស់​អ្នក​ដែល​មាន​ជំនឿ​ទៅ​លើ​លោក​យេស៊ូ​ហើយ​ស្ដាប់​តាម​លោក អាច​ទទួល​ការ​អភ័យទោស​ចំពោះ​អំពើ​ខុស​ឆ្គង ព្រម​ទាំង​មាន​ចិត្ត​ដែល​មិន​វិនិច្ឆ័យ​ថា​ខ្លួន​មាន​ទោស។ (​ម៉ាកុស ២:៥​-​១២; ធីម៉ូថេទី១ ១:១៩; ពេត្រុសទី១ ៣:១៦​-​២២​) ប្រសិនបើ​ពួក​គាត់​ស្លាប់ លោក​យេស៊ូ​សន្យា​ថា​នឹង​ប្រោស​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ​នៅ​«​ថ្ងៃ​ចុង​ក្រោយ​»។—យ៉ូហាន ៦:៤០

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ ពិត​ជា​បង្រៀន​យ៉ាង​ណា?b ជំពូក​ទី​៤​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អ្នក​ណា?​»​ និង​ជំពូក​ទី​៥​ដែល​មាន​ចំណង​ជើង​ថា ​«​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ជា​អំណោយ​វិសេស​បំផុត​របស់​ព្រះ​»។

[កំណត់​សម្គាល់]

a តាម​មើល​ទៅ អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ម៉ាថាយ ម៉ាកុស និង​លូកា​ហៅ​ណាថាណែល​ថា បាថូឡូម៉េ។

b បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[រូបភាព​នៅ​ទំព័រ​៧]

ដូច​ណាថាណែល​ដែរ សូម​ស្រាវជ្រាវ​ទី​សំ​អាង​អំពី​លោក​យេស៊ូ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក